28 C
Phnom Penh

ឧត្តមសេនីយ៍​​​ឧកញ៉ា ថោង​​​ សារ៉ាត់ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​បញ្ជូន​​​ទៅ​​​ពន្ធ​​​នាគារ​​​ព្រៃស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧត្តម​​​សេនីយ៍​​​ទោ​​​ ថោង សារ៉ាត់ ដែល​​​បាន​​​រត់​​​គេច​​​ខ្លួន​​​តាំង​​​ពី​​​​​​​​ជាប់​​​ចោទ​​​ពី​​​បទ​​​​​​រៀប​​​ចំផែន​​​ការ​​​ធ្វើ​​​ឃាត​​​​​ឧក​​​ញ៉ា អឹុង ម៉េងជឺ កាល​​​ពី​​​ខែ​​​​​​វិច្ឆិកាមក​​​នោះ បាន​​​ជាប់​​​ពន្ធ​​​នាគារ​​​ព្រៃ​​​ស​​​ហើយ​​​​​​​​​ក្រោយ​​​​​​ពី​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ នេះ​​​បើ​​​យោង​​​តាមមន្ត្រី​​​ដែល​​​​​​បាន​​​​លើក​​​ឡើង​​​ផ្ទុយគ្នា​​​អំពី​​​ការ​​​ចាប​​់​​​ខ្លួន​​​ឧត្តមសេនីយ៍​​​ឧកញ៉ា​​​រូប​នេះ។

លោក អេង សោភា ​​​នាយ​​​ការិយាល័យ​​​​​ព្រហ្ម​​​ទណ្ឌ​​​កម្រិត​​​ធ្ងន់​​​​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ បានមាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ទទួល​​​យក​​​លោក ថោង សារ៉ាត់ នៅ​​​វេលា​​​ម៉ោង​​​​​​ប្រហែល ៩ ព្រឹក​​​​​​ថ្ងៃ​​​សុក្រ ហើយ​​​បាន​​​​​​បញ្ជូន​​​​​​​ខ្លួន​​​គាត់​​​ទៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​ភ្នំ​​​ពេញ​​​​​​នៅ​​វេលា​​​ម៉ោង​​​ប្រហែល​​​ ១ រសៀល។

ឧត្តមសេនីយ៍ទោ​ ថោង សារ៉ាត់ ត្រូវ​គេ​នាំ​ខ្លួន​ចេញ​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​សាកសួរទាក់​ទិន​នឹង​ឃាតកម្ម​លើលោក អុឹង​ ម៉េង​ជឺ កាលពី​ខែវិច្ឆិកា​។​ Satoshi Takahashi
ឧត្តមសេនីយ៍ទោ​ ថោង សារ៉ាត់ ត្រូវ​គេ​នាំ​ខ្លួន​ចេញ​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​សាកសួរទាក់​ទិន​នឹង​ឃាតកម្ម​លើលោក អុឹង​ ម៉េង​ជឺ កាលពី​ខែវិច្ឆិកា​។​ Satoshi Takahashi

លោក​​​​​​បានមាន​​​ប្រសាសន៍​​​ក្រោយការ​​​សាក​​​សួរ​​​របស់​​​តុលាការ​​​ថា “ថោង សារ៉ាត់ ត្រូវបាន​​​បញ្ជូន​​​ខ្លួន​​​ទៅ​​​​​​ពន្ធ​​​នាគារ​​​ព្រៃ​​​សហើយ។ ​​​​​​គាត់​​​ត្រូវបានចាប់​​​ខ្លួន​​​ដោយ​​​​​​ក្រសួង​​​មហា​​​ផ្ទៃដែល​​​បាន​​​​​​អនុវត្ត​​​តាមដីកាបង្គាប់​​​របស់​​​​​​តុលាការ និង​​​បាន​​​ប្រគល់​​​​​​ [ខ្លួន​​​គាត់​​​] ឲ្យ​​​ទៅ​​​​​​នគរ​​​បាល​​​រាជ​​​ធានី​​​​​​ហើយ”។

ចៅ​​​ក្រម​​​ស៊ើប​​​សួរ​​​ លី សុខឡេង ដែល​​​បាន​​​សាកសួរ​​​​​​ឧត្តម​​​សេនីយ៍​​រូប​​​​​​នេះ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​។ ចំណែកឯ​​​លោក គា​​​ អ៊ាវ ​​​ជា​​មេធាវី​​​មួយ​​​រូប​​​​​ក្នុង​​​ចំណោមមេធាវី​​​ការ​​ពារ​​​​​​​​​របស់​​​លោក ថោង សារ៉ាត់ ​​​បានមាន​​​ប្រសាសន៍​​​ថា ​​​លោក​​​​​​ជាប់​​​រវល់​​​​​​នៅ​​​ក្រៅ​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ ​​​ហើយ​​​​​​គ្មាន​​​ព័ត៌​​​មាន​​​​​​បន្ថែម​​​ទៀតទេ។

ការ​​​បាញ់​​​សម្លាប់​​​​​​យ៉ាង​​​សាហាវ​​​លើ​​​ឧក​​​ញ៉ា អឹុង ម៉េងជឺ ដែល​​​​​​ជា​​​ប្រធាន​​​ក្រុម​​​ហ៊ុន​​​​​​ស៊ីម៉ិុច​​គ្រុប ​​​​​បាន​​​ធ្វើ​​​ឡើង​​​នៅ​​​ខាង​​​​​​ក្រៅ​​​ហាង​​​លក់​​​ផ្លែ​​​ឈើ​​​មួយ​​​កន្លែង​​​​​​នៅ​​​កណ្តាល​​​រាជធានីភ្នំពេញ​​​ ហើយ​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​​​​​​ករណី​​​ធ្វើ​​​ឃាត​​​លោក​​​ត្រូវ​​​​​​បាន​​​​​​​​បណ្តា​​​​​ស្ថាប័ន​​​ព័ត៌​​​មាន និង​​​​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​សង្គម​​​​​​ចាំ​​​អង្កេត​​​តាម​​​ដាន​​​យ៉ាង​​​​​ស្អិត។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​ធ្នូ ជា​​​ថ្ងៃ​​​ដែល​​​​​​ឧត្តមសេនីយ៍​​​​​​ទោ ថោង សារ៉ាត់ ​​ត្រូវ​​​បាន​​​ចុច​​​ឈ្មោះ​​​ជា​​​​​​ជន​​​សង្ស័យ​​ដ៏សំខាន់​​​នៅ​​​ក្នុង​​​ករណី​​​នេះ ​​​ឪពុក​​​ម្តាយ​​​របស់​​​​គាត់​​​​​​​​​​​បាន​​​បើក​​​សន្និសីទ​​​​​​កាសែត​​​​​​​នៅ​​​វីឡា​​​ស្កឹម​​​ស្កៃ​​​របស់​​​​​​ខ្លួន​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ​​​​​​​​​​​​ដើម្បី​​​ប្រកាស​​​​​ពី​​​​ភាព​​​គ្មាន​​​ទោស​​​កំហុស​​​​​​របស់​​​លោក ថោង សារ៉ាត់ ហើយ​​​បាន​​​ប្រកាស​​​ថា ពួក​​​គាត់​​​បាន​​​បញ្ជូនខ្លួន​​​លោក ថោង សារ៉ាត់
ឲ្យ​​ទៅ​​​លាក់​​​ខ្លួន​​​បាត់​​​ហើយ​​​​​​។

​​​ក្នុង​​​រយៈ​​​ពេលតែ​​​ប៉ុន្មាន​​​ថ្ងៃ​ ​​​​​​លោក​​​ថោង សារ៉ាត់ ជា​​​ឧក​​​ញ៉ា​​ដ៏ជោគ​​​ជ័យ​​​​​​ខាង​​​មុខ​​​ជំនួញ បាន​​​ជាប់​​ក្នុង​​​បញ្ជី​​​ឈ្មោះ​​​ឧក្រិដ្ឋ​​​ជន​​​ដែល​​​​​​​​នគរ​​​បាល​​​អន្តរ​​​ជាតិ​​​អាំង​​​ទែប៉ូលចង់​​​ចាប់​​​ខ្លួន​​​បំផុត។​​​

កាល​​​ពីព្រឹក​​​ថ្ងៃ​​​សុក្រ លោក លឹម សុខារស្មី ​​ប្រធាន​​​ស្តី​​​ទី​​​នៃ​​​​​​​ការិយាល័យ​​​​​​នគរ​​​បាល​​​អន្តរ​​​ជាតិ​​​​​​អាំងទែប៉ូល​​​​​ប្រចាំ​​​កម្ពុជា​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​អាជ្ញាធរ​​​​​​វៀតណាម ចាប់​​​​​​មន្ត្រី​​​​​​ក្រសួង​​​ការពារ​​​ជាតិដែល​​​រត់​​​គេច​​​ខ្លួន​​​រូប​​​នេះបាន​​​​​​​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​វៀតណាម ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​​​​ មុនពេល​​​​​​ប្រគល់​​​ខ្លួន​​​គាត់​​​​​​ឲ្យ​​​មក​​​អាជ្ញា​​​ធរ​​​កម្ពុជា។

​​​​​មុន​​​ពេល​​​​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៀត​​​​​​ទៅ​​​​​លោក គៀត ច័ន្ធថារិទ្ធ អ្នក​​​នាំ​​​ពាក្យ​​​​​​នគរ​​​បាល​​​ជាតិ​​​ដែល​​​បាន​​​លើក​​​ឡើង​​​ថាការ​​​ចាប់​​ខ្លួន​​​លោក​​​ ថោង សារ៉ាត់ ធ្វើ​​​ឡើង​​​នៅ​​​ក្នុង​​​ទឹក​​​ដី​​​​​​របស់​​​កម្ពុជា លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “គាត់ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​វៀតណាម ​​​ហើយ​​​ប្រគល់​​​ឲ្យ​​មក​​​​​នាយកដ្ឋាន​​​កណ្តាល​​​​​​​​​​​​សន្តិសុខ [​​​នៃ​​​ក្រសួង​​​មហា​​​ផ្ទៃ]”។

ចំណែក​​​ឯឧត្តម​​​សេនីយ៍​​​ឯក​​​ គៀត ច័ន្ទថារិទ្ធ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “[ឧត្តមសេនីយ៍​​​ទោ ថោង សារ៉ាត់] ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ជិត​​​ព្រំ​​​ដែន​​​វៀតណាម​​​។ នគរ​​​បាល​​​ខេត្តស្វាយរៀង ​​​បាន​​​​​​ធ្វើ​​​ការ​​​ចាប់​​ខ្លួន​​​​​​នៅ​​​ជិត​​​​​​ក្រុង​​បាវិត ដោយ​​​​​​មាន​​​ការ​​​សហ​​​ការ​​​​​​ជា​​​មួយ​​​​​​នគរ​​​បាល​​​ជាតិ​​​”។

ពេល​​​ទាក់​​​ទង​​​ដើម្បី​​​សុំ​​​ការ​​​បញ្ជាក់​​ លោក លឹម សុខា​​​រស្មី ​​​បានមាន​​​ប្រសាសន៍​​​ថា ​​​​​​ការ​​​​​​ថ្លែង​​​ការណ៍​​បឋម​​​របស់លោក​​​​​​គឺ​​​​​​ធ្វើ​​​ឡើង​​​ផ្អែក​​​​​​​​តាម​​​​​​​​​ព័ត៌​​​មាន​​​​​​ដែល​​​គ្មាន​​​ការ​​​បញ្ជាក់​​​ច្បាស់​​​លាស់។ លោក​​​​​​​​​មាន​​​ប្រសាសន៍​​​ថា “​​​ខ្ញុំ​​​មិន​​​ទទួល​​​បាន​​​​​​ព័ត៌មាន​​​​​​​​​ណាមួយ​​​​​​ពី​​អាំង​​​ទែប៉ូល​​​នៅ​​​វៀតណាម ​​​ឬ​​​អ្នក​​​ណា​​​ផ្សេង​​​ទៀត​​​ទេ​​​។ ខ្ញុំ​​​ទទួល​​​​​បាន [ដំណឹង​​​] ពីព័ត៌​​​មាន​​ដូច​​​អស់​​​លោក​​​ដែរ​​​ហ្នឹង”។

​​​នៅ​​​ក្នុង​​ខេត្ត​​​​​​ស្វាយ​​​រៀង ​​​អាជ្ញា​​​ធរ​​​​​​សុទ្ធ​​​តែ​​​មិនដឹង​​​​​​ដូចគ្នា​​​អំពី​​​​​​កន្លែង​​​ចាប់​​​ខ្លួន​​​លោក ថោង
សារ៉ាត់។ ​​​លោក ហេន សាបាន ​​​ស្នង​​​ការ​​​រង​​​ខេត្ត​​​​​​ស្វាយ​​​រៀង បាន​​​មាន​​​ប្រសាសន៍អំពី​​​ការ​​​​​​ចាប់ខ្លួន​​​នេះ​​​ថា “​​​ខ្ញុំ​​​​​​ទើប​​​តែ​​​បាន​​​អាន​ព័ត៌​​​មាន​​​ថ្មីៗអំពី​​​គាត់​​​​​​ប៉ុណ្ណោះ​​​ ហើយ​​​ខ្ញុំ​​​​​​មិន​​​ដឹង​​​​​​រឿង​​​នោះ​​​ទេ​​​”​​​។

​​​ចំណែកឯ​​​លោក សេង សិលា អភិបាល​​​ក្រុង​​​​​​បាវិត​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​ថា ​​​លោក​​​ក៏​​​មិន​​​​​​ដឹង​​​ថា​​​ លោក ថោង សារ៉ាត់​​​ ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​នៅ​​​ក្នុង​​​ក្រុង​​​នេះ​​​ដែរ។

លោក អេង សោភា ដែល​​​បាន​​​បញ្ជូន​​​ខ្លួន​​​លោក​​​ ថោង សារ៉ាត់ ទៅ​​​​​​​​តុលាការ​​​​​​កាល​​​ពី​​​​​​ថ្ងៃ​​​សុក្រ​​​ បានមាន​​​ប្រសាសន៍ថា “ខ្ញុំ​​​ឮថា ​​​គាត់​​​​​​លាក់​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​វៀតណាម”។

ពេល​​​នេះ​​​លោក ថោង សារ៉ាត់ កំពុង​​​ជាប់​​​ពន្ធ​​​នាគារ​​​ជា​​​​​​មួយ​​​អង្គ​​​រក្ស​​​​​​ប្រាំ​​​នាក់​​​របស់​​គាត់​​​។ យោង​​​​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​អង្គ​​​រក្ស​​​ទាំង​​​នេះ​​​បាន​​​សារភាព​​​ថា​​​ខ្លួន​​​​​​ពិត​​​ជា​​​​​​បាន​​​​ធ្វើ​​​ឃាត​​ឧកញ៉ា អឹុង ម៉េងជឺ តាម​​​បញ្ជា​​​​​​មែន។ ទោះ​​​ជា​​​យ៉ាង​​​ណា ​​​​​​ក្រោយ​​​មក​​​​​​អង្គ​​​រក្ស​​​​​ខ្លះ​​​ក្នុង​​​ចំណោម​​​អង្គ​​​​​​រក្ស​​​ទាំង​​​​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ថា ​​​ពួក​​​​​​គេ​​​ឆ្លើយ​​​​​​សារ​​​ភាព​​​​​​ដោយ​​​សារ​​​មាន​​​ការ​​​បង្ខិត​​​បង្ខំ​ ក្នុង​​​នោះ​​​រួម​​​ទាំង​​​អង្គ​​​រក្ស​ម្នាក់​​​ដែ​​ល​​​បាន​​​និយាយ​​​ថា ​​​ជើង​​​ម្ខាង​​​របស់​​​ខ្លួន​​​ត្រូវ​​​នគរ​​​​​បាល​​​ធ្វើ​​​ឲ្យ​​​បាក់​​​ផងដែរ។

ពេល​​​នេះ​​​លោក ថោង ចំរើន និង​​​អ្នក​​​ស្រី កែវ សារី ដែល​​​ត្រូវ​​​ជា​​​ឪពុក​​​ម្តាយ​​​បង្កើត​​​របស់​​​លោក ថោង សារ៉ាត់ ​​​ក៏​​​កំពុង​​​ជាប់​​​ពន្ធ​​​នាគារ​​​ដែរ​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​​​​រក្សា​​​ទុក​​​អាវុធ​​​​​​ខុស​​​ច្បាប់​​​​​​ក្រោ​​យ​​​ការ​​​​​​ឆ្មក់​​​ចូល​​​ឆែក​​ឆេរ​​​​​​វីឡា​​​របស់​​​គ្រួសារ​​​នេះ​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពី​​​ខែ​​​ធ្នូ។

​​​បន្ទាប់​​​ពី​​​​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​ដំបូង​​​ សាលា​​​រាជធានី​​​ភ្នំពេញ​​​បាន​​​កែប្រែ​​
សេច​​​ក្តីសម្រេច​​​របស់ខ្លួន​​​​​​ភ្លាមៗ​​​​​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​កាល​​ពី​​​​​​ខែ​​​កុម្ភៈ ជាសេច​​​ក្តី​​​សម្រេច​​​មួយ​​​ដែលបាន​​​​​​នាំឲ្យ​​​លោក អាំង​​​មាលតី ប្រធាន​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​តំណែង​​​ ក្រោយ​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ទទួល​​​​​​​​ប្រាក់​​​​​​សូក​​​ប៉ាន់​​​​​​​​​​ជា​​​​ច្រើន​​​លាន​​​ដុល្លារ​​​​​​​​ជា​​ថ្នូរ​​​នឹង​​​ការ​​​ដោះ​​​លែង​​​អ្នក​​​ទាំង​​​ពីរ​​​។

​​​ប៉ុន្មាន​​​ថ្ងៃ​​​ក្រោយ​​​ពី​​​ការ​​​ដោះ​​​លែង លោក ថោង ចំរើន និង​​​អ្នក​​​ស្រី​​​ កែវ សារី ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ឡើង​​​វិញ​​​​​​ពី​​​បទ​​​​​​បំពាន​​​​​​លក្ខ​​​ខណ្ឌ​​​ដោះ​​​លែង​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​​​​ដោយ​​​ការ​​​​​​ប៉ុន​​​ប៉ង​​​ភៀស​​​ខ្លួន​​​ចេញពី​​​ប្រទេស​​​កម្ពុជា ​​​តាម​​​រថ​​​យន្ត​​​សង្គ្រោះ​​​បន្ទាន់​​​ឆ្ពោះ​​​ទៅ​​​ប្រទេស​​​វៀតណាម៕ សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស