នៅក្នុងកិច្ចប្រជុំជាសាធារណៈដ៏ពិសេសមួយជាមួយលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនៅក្នុងទីក្រុងគូឡាឡាំពួ កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា លោក សម រង្ស៊ី អាចនឹងជំនួសលោកនៅក្នុង២០១៨ ប៉ុន្តែបានព្រមានថា “កងកម្លាំង” ដែលស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជានឹងរារាំងមិនឲ្យកើតមានទង្វើសងសឹកណាមួយឡើយ ប្រសិនបើលោក សម រង្ស៊ី គ្រោងធ្វើដូច្នេះនោះ។

លោក ហ៊ុន សែន បានលើកឡើងពេលថ្លែងនៅក្នុងព្រឹត្តិការណ៍ផ្លូវការមួយរវាងមេដឹកនាំទាំងពីរនៅសណ្ឋាគារ Hilton Double Tree ក្នុងទីក្រុងគូឡាឡាំពួថា លោក សម រង្ស៊ី នឹងមិនអាចគេចផុតពីផលប៉ះពាល់បានឡើយ ប្រសិនបើលោកឡើងកាន់អំណាច ហើយបន្ទាប់មកចាប់ផ្តើមធ្វើបាបអ្នកកាន់តំណែងមុនលោកនោះ។
លោក ហ៊ុន សែន បានមានប្រសាសន៍នៅចំពោះមុខពលរដ្ឋខ្មែរប្រហែល២០០នាក់ក្នុងប្រទេសម៉ាឡេស៊ីពេលអង្គុយជាប់លោក សម រង្ស៊ី ថា “ឥឡូវនេះខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រី ទាំងអស់គ្នានៅជាមួយគ្នាបាន ប៉ុន្តែ ស្រាប់តែដល់ពេលណាមួយ ស្រាប់តែឯកឧត្តម សម រង្ស៊ី ធ្វើជានាយករដ្ឋមន្ត្រីម្តង ឧទាហរណ៍ទេណា! ស្រាប់តែដល់ពេលហ្នឹងឯកឧត្តមអត់ឲ្យខ្ញុំរស់នៅ ស្រាប់តែទៅធ្វើបាបខ្ញុំ ហើយខ្ញុំមានកងកម្លាំងដែលអាចវាយបកវិញ នោះវានឹងធ្វើឲ្យឯកឧត្តមក៏មិនអាចរស់នៅបានដែរ”។
លោក ហ៊ុន សែន ក៏បានរិះគន់ខ្លាំងៗចំពោះអ្នករិះគន់ [វប្បធម៌នៃការសន្ទនា] ដែលលោក និងលោក សម រង្ស៊ី បានផ្សព្វផ្សាយចាប់តាំងពីមានភាពរីកចម្រើនផ្អែកនយោបាយកាលពីឆ្នាំមុនមក។ មេដឹកនាំទាំងពីរចាត់ទុកវប្បធម៌នៃការសន្ទនានេះជាការបញ្ចប់វប្បធម៌នយោបាយហិង្សា ដែលកើតមកជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ អ្នករិះគន់បានលើកឡើងថា លោក ហ៊ុន សែន ឲ្យតម្លៃដល់វប្បធម៌នៃការសន្ទនានេះគឺគ្រាន់តែនៅពេលវាផ្តល់ប្រយោជន៍ដល់លោកប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យមានភាពអត់ធ្មត់ ដោយលើកឡើងថា មានតែពេលវេលាទេ ដែលនឹងអាចប្រាប់ថា តើវប្បធម៌ថ្មីនេះពិត ឬយ៉ាងណា?។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “សូមរង់ចាំមើលសិន។ ប្រសិនបើយើងមិនចុះទឹកទេ យើងនឹងមិនដឹងថា ត្រូវហែលទឹកដូចម្តេចឡើយ ហើយមិនដឹងថា តើវាជ្រៅ ឬក៏រាក់ ក្តៅ ឬត្រជាក់ឡើយ”។
លោក សម រង្ស៊ី ដែលបានទៅដល់ប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍មុនជាមួយសមាជិកសភាមកពីគណបក្សប្រឆាំងមួយចំនួនទៀតសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សានៃអ្នកប្រជាធិបតេយ្យសេរីអាស៊ីបានសាទរចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងលោក និងលោកនាយករដ្ឋមន្ត្រី។
លោក សម រង្ស៊ី បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាមួយលោក ហ៊ុន សែន ថា “នេះគឺជានិមិត្តរូបនៃការរួបរួមជាតិ។ អ្វីដែលយើងបានចាប់ផ្តើម រវាងលោក ហ៊ុន សែន និងខ្ញុំ គឺត្រូវចាប់ផ្តើមវប្បធម៌នៃការសន្ទនា ដែលជាទំព័រប្រវត្តិសាស្ត្រផ្នែកនយោបាយនៅក្នុងឆាកនយោបាយកម្ពុជា “។ លោកបានមានប្រសាសន៍ថា “ឥឡូវនេះ សហគមន៍អន្តរជាតិ ប្រទេសជិតខាងរបស់យើង និងអ្នកកាសែតកំពុងសំដែងការគាំទ្រ ការសរសើរ ហើយទទួលស្គាល់ថា ឥឡូវខ្មែរយើងដឹងអំពីរបៀបស្វែងរកវិធីសាស្ត្រដើម្បីពិភាក្សា និងគោរពគ្នាទៅវិញទៅមកហើយ”។
លោក សម រង្ស៊ី បានអះអាងថា “មានប្រទេសជាច្រើនបាននិយាយថា ពួកគេចង់យកកម្ពុជាជាគំរូ”។
“វប្បធម៌នៃការសន្ទនា” ថ្មីមួយត្រូវបានប្រកាសឡើងជាលើកដំបូងដោយលោក សម រង្ស៊ី បន្ទាប់ពីភាពរីកចម្រើនផ្នែកនយោបាយស្រដៀងគ្នានេះជាមួយលោក ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០០៦ ប៉ុន្តែ ទីបំផុតវាបានរលាយសាបសូន្យទៅវិញ ដោយលោក សម រង្ស៊ី បានភៀសខ្លួនទៅប្រទេសបារាំងអស់រយៈពេលបីឆ្នាំ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទល្មើសមួយចំនួនពាក់ព័ន្ធនឹងការដកបង្គោលព្រំដែន។
ទោះបីជាយ៉ាងដូច្នេះក្តី តែកាលពីថ្ងៃសៅរ៍ លោក សម រង្ស៊ី ក៏បានអំពាវនាវស្រដៀងនឹងការអំពាវនាវរបស់លោក ហ៊ុន សែន ដែលស្នើឲ្យមានការអត់ធ្មត់ដែរ ខណៈវប្បធម៌នៃការសន្ទនាកំពុងរីកចម្រើន។
លោកបានមានប្រសាសន៍ថា “យើងបានឃើញវត្តមានរបស់អ្នកកាសែត ដែលបានតាមដានយើងរហូតមក។ ពួកគេកំពុងឆ្ងល់ថា តើយើងអនុវត្តវប្បធម៌នៃការសន្ទនាពិតប្រាកដ ឬលេងសើច”។
មេដឹកនាំគណបក្សប្រឆាំងរូបេនះបានមានប្រសាសន៍បន្ថែមទៀតថា “សូមរង់ចាំមើលសិន។ វានឹងមានភាពរីកចម្រើនកាន់តែខ្លាំងឡើង”។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានលើកឡើងថា វាគ្មានអ្វីប្លែកទេសម្រាប់ លោក ហ៊ុន សែន ដែលសន្យាថា នឹងមានការផ្ទេរអំណាចនៅពេលប្រឈមនឹងការប្រឆាំង ដ៏ខ្លាំងក្លា ហើយក្រោយមកធ្វើការរិះគន់ និងអះអាងពីភាពខ្លាំងរបស់ខ្លួនសាជាថ្មីនោះ។
លោកបានមានប្រសាសន៍ថា ” លោក ហ៊ុន សែន ធ្លាប់បាននិយាយជាច្រើនលើកច្រើនសាបែបនេះជាមួយលោក សម រង្ស៊ី រួចមកហើយ ដូចជានៅក្នុងឆ្នាំ២០០៦ជាដើម ដោយលោកលើកឡើងថា លោកនឹងផ្ទេរអំណាចប្រសិនបើលោកចាញ់ឆ្នោត ប៉ុន្តែ បន្ទាប់មកលោកព្យាយាមគ្រប់គ្រង និងដាក់សម្ពាធផ្នែកនយោបាយ។វាមិនមែនជាលើកទី១ទេដែលបញ្ហានេះបានកើតឡើង។ វាកើតឡើងនៅពេលលោកត្រូវការចរចា”។
នៅក្នុងសន្ទរកថាមួយពីរខែមុនការបោះឆ្នោតជាតិលើកចុងក្រោយ លោក ហ៊ុន សែន បានប្តេជ្ញាថា នឹងធ្វើជានាយករដ្ឋមន្ត្រីរហូតដល់អាយុ៧៤ឆ្នាំ ប៉ុន្តែ លោក បានដកពាក្យសម្តីនេះវិញកាលពីខែមីនា ដោយលើកឡើងថា វាគ្រាន់តែជាកំហឹងមួយពេលរបស់លោកប៉ុណ្ណោះ។
លោក គល់ បញ្ញា បានលើកឡើងថា ការគំរាមប្រើកម្លាំងជាសាធារណៈរបស់លោក ហ៊ុន សែន ឥឡូវនេះអាចងាកទៅខាំលោកវិញ ប្រសិនបើការក្តោបអំណាចរបស់លោកមិនធ្លាក់ចុះនៅក្នុងការបោះឆ្នោតជាតិនៅក្នុងឆ្នាំ២០១៨ទេនោះ។
លោកបានមានប្រសាសន៍ថា “លោកមិនគួរគំរាមសងសឹកដោយប្រើយោធា ឬអ្វីផ្សេងណាមួយឡើយ ហើយគួរតែដកពាក្យសម្តីបែបនេះចេញដើម្បីកុំធ្វើឲ្យពលរដ្ឋមានអារម្មណ៍សុវត្ថិភាពជាងមុន និងមានការអត់ឱន”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “លោកស្មានថាអ្វីៗនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់លោក ប៉ុន្តែ វាប្រហែលជាមិនពិតឡើយ។ មានតែការគាំទ្រ និងការអត់ឱនរបស់ពលរដ្ឋទេ ដែលអាចធានាសុវត្ថិភាពរបស់លោកបាន”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Alex Willemyns)