33 C
Phnom Penh

មេធាវី​តំណាង​ឲ្យ​មេឃុំ​​ជាប់​ចោទ​​ថា វា​ជា​​ប្រាក់​បរិច្ចាគ​សម្រាប់​យុទ្ធនាការ​ឃោស​នា​បោះ​​ឆ្នោត មិន​មែន​​ប្រាក់​សូក​ប៉ាន់​ដូច​ការ​ចោទ​ប្រកាន់​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​​តំណាង​ឲ្យ​មេឃុំ​​ម្នាក់​​​នៅ​ក្នុង​ខេត្ត​កំពង់​ធំ ដែល​ជាប់​ចោទ​ពីបទ​ទទួល​ការ​សូកប៉ាន់​ពី​កសិករ​បី​នាក់​​​ដើម្បី​អនុញ្ញាត​ការ​សាង​សង់​​អាង​ស្តុក​ទឹក​ខុស​ច្បាប់​កាល​ពី​ឆ្នាំ​២០១២ បាន​អះអាង​អំឡុង​សវនាការ​​ជំនុំ​ជម្រះ​​​​ទោស​ខ្លួន​​កាលពី​ម្សិលមិញ​ថា ​នោះ​គ្រាន់​តែ​ជា​​​ប្រាក់​​បរិច្ចាគ​​សម្រាប់​ធ្វើ​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​កូនក្ដី​លោក​នៅ​ឆ្នាំ​នោះ​ប៉ុណ្ណោះ។

លោក ហ៊ុំ ធី មេឃុំ​ចំណារ​ក្រោម​ ក្នុង​ស្រុក​ស្ទោង​ ខេត្តកំពង់ធំ ត្រូវ​បាន​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ចោទ​ប្រកាន់​​ពីបទ​ទទួល​ការ​សូកបា៉ាន់​រួម​ជាមួយ​លោក ជាតិ ស៊ីវុត្ថា ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត​​​​នេះ​កាលពី​ឆ្នាំ​២០១២ ក្រោយ​ការ​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​។

កសិករ​ទាំង​បីនាក់​ដែល​មាន​ឈ្មោះ ធាង ធា អាយុ​៣៥​ឆ្នាំ ឈ្មោះ ថាវ ទុំ​ អាយុ​៣៤​ឆ្នាំ និង​ឈ្មោះ​ ម៉េង ផល្លី អាយុ​៥៤​ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​សូកបាន់​។ មន្ត្រី​មូលដ្ឋាន​ប្រាំបួន​នាក់​ផ្សេង​ទៀតរួម​ទាំង​អភិបាល​ស្រុក​​ និង​មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ស្រុក​ស្ទោង​ផង​ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​កឹប​កេង​មូលនិធិ​សាធារណៈ។

ក្នុង​ចំណោម​ចុង​ចោទ​ទាំង​នេះ ​គ្មាន​នរណា​ម្នាក់​ត្រូវ​បានបញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ទេ ហើយ​មាន​តែ​អ្នក​នេសាទ​បីនាក់​នេះ​ប៉ុណ្ណោះ​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​កាលពី​ម្សិលមិញ​ ចំណែក​ឯ​មន្ត្រី​ទាំង​អស់​នោះ​សុទ្ធ​តែ​មាន​មេធាវី​​ចូលខ្លួន​តំណាង​ឲ្យ​ពួកគេ។

លោក តេង វណ្ណារិទ្ធ មេធាវី​តំណាង​ឲ្យ​​លោក ហ៊ុំ ធី ​​បាន​​ប្រាប់​តុលាការ​ថា ប្រាក់​ដែល​គេ​ឲ្យ​ទៅ​កូន​ក្ដី​របស់​លោក​ គឺ​គ្មាន​អ្វី​​ក្រៅ​ពី​ប្រាក់​បរិច្ចាគ​សម្រាប់​ធ្វើ​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​​​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​​ថា ” គាត់​បាន​ទទួល​យក​ប្រាក់​នោះ​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ-សង្កាត់​​ក្នុង​ឆ្នាំ​២០១២។ វា​មិន​មែន​ជា​ថ្នូរ​នឹង​ការ​ចុះ​ហត្ថ​លេខា​ដើម្បី​អនុម័ត​អាង​ស្តុក​ទឹក​ទាំង​នោះ​ទេ”។

លោក​ កុយ គន្ធី មេធាវី​តំណាង​ឲ្យ​កសិករ​ទាំង​បី​នាក់​​ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រាក់​នោះ​គឺ​សម្រាប់​បរិច្ចាគ​ដល់​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​​ឆ្នោត​របស់​មេឃុំ​រូប​នេះ។ លោក​មាន​​​ប្រសាសន៍​ថា “ពួកគេ​គ្មាន​បំណង​​សូកប៉ាន់​គាត់​ដើម្បី​​បំពេញ​បំណង​របស់​ខ្លួន​ [នៃ​ការ​​សង់​អាង​ស្តុក​ទឹក​] នោះ​ទេ”។

មេធាវី​ទាំង​នេះ​មិន​បាន​លើក​ឡើង​ថា ប្រាក់​នោះ​មាន​ចំនួន​ប៉ុន្មាន​​​ទេ ប៉ុន្តែ​កសិករ​ទាំង​នេះ​​បាន​អះអាង​ថា ពួកគេ​បាន​​ឲ្យ​ប្រាក់​ទៅ​លោក ហ៊ុំ ធី ​ក្នុង​ម្នាក់ៗចន្លោះ​ពី​៥០​ម៉ឺន​រៀល​ ទៅ​១លាន​រៀល។

ព្រះរាជអាជ្ញារង​ តុប ឈុនឡុង បាន​មាន​​ប្រសាសន៍​ថា អាង​ស្តុក​ទឹក​ទាំង​នោះ​ត្រូវ​បាន​​សង់​នៅ​លើ​ដីហាម​ឃាត់​ជិត​មាត់បឹង​​ទន្លេសាប។ លោក​​មិន​បាន​​លើក​ឡើង​ថា អាង​ស្តុក​ទឹក​ដែល​ត្រូវបាន​សាង​សង់​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។

លោក​បាន​ប្រាប់​តុលាការ​ថា ” ទង្វើ​របស់​ជន​ជាប់​ចោទ​​ ហ៊ុំ ធី និង​ ជាតិ ស៊ីវុត្ថា បង្ហាញ​ពី​បំណង​មិន​ស្មោះ​ត្រង់​​នៅ​ក្នុង​ការ​ទទួល​ការ​សូកបា៉ន់ពី​ជន​ជាប់​ចោទ ធាង ធា ថាវ ទុំ និង​ ម៉េង ផល្លី ខណៈ​ពេលបំពេញ​ភារកិច្ច​ និង​ការ​ងារ​​របស់​ខ្លួន​ជាមន្ត្រី​សាធារណៈ”។

ចៅក្រម​ជំនុំជម្រះ​ ហេង កេសារ៉ូ បាន​មាន​ប្រសាសន៍​ថា សាល​ក្រម​នៅ​ក្នុង​សំណុំរឿង​នេះ​នឹង​ចេញ​នៅ​ថ្ងៃទី​២៨ ខែ​ឧសភា៕ សុខុម​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស