34 C
Phnom Penh

ការសម្តែង​​​ជា​​​សាកល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សម្តែង​មក​ពី​ក្រុមសៀក​បារាំង​ អូ អាល់​ទីម៉ូ ម៉ូមិនតូ នឹង​សម្តែង​នៅ​ក្នុង​មហោស្រព​ទីនេះ​ ទីនោះ។ រូប​ថតៈ Milan Szypura
អ្នក​សម្តែង​មក​ពី​ក្រុមសៀក​បារាំង​ អូ អាល់​ទីម៉ូ ម៉ូមិនតូ នឹង​សម្តែង​នៅ​ក្នុង​មហោស្រព​ទីនេះ​ ទីនោះ។ រូប​ថតៈ Milan Szypura

ក្រុមហ៊ុន​​​​​​សម្តែង​​​សៀក​​​មកពី​​​ប្រទេស​​​៥​​​ សម្តែង​​​ក្នុង​​​ក្រុង​​​បី​​​ក្នុង​​​រយៈ​​​ពេល​​​ជាង​​​១០​​​ថ្ងៃ

នេះ​​​ជា​​​អ្វី​​​ដែល​​​មហោស្រព​​​សៀក​​​អន្តរ​​​ជាតិ​ ទី​​​នេះ ទី​​​នោះ នឹង​​​សម្តែង​​​ជូន​​​នៅ​ខែ​​​នេះ​​​ ដោយ​​​ចាប់​​​ផ្តើម​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​ និង​​​បញ្ចប់​​​ក្នុង​​​ក្រុង​​​បាត់​​​ដំបង​​​​​​នៅ​​​ថ្ងៃ​​​ទី​​​១៦​​​ខែ​​​ឧសភា។ សម្រាប់​​​ឆ្នាំ​​​ទី​​​ពីរ​​​ជា​​​បន្ត​​​បន្តាប់​​​ ក្រុម​​​ហ៊ុន​​​សៀក​​​ហ្វារពន្លឺ​​​សិល្បៈ​​​​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​និង​​​សាលា​​​បណ្តុះ​​​បណ្តាល​​​ក្នុង​​​ក្រុង​​​បាត់​​​ដំបង​​​ កំពុង​​​តែ​​​រួម​​​គ្នា​​​ជាមួយ​​​សាលាសៀកជាតិ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ ដើម្បី​​​សម្តែង​​​សិល្បៈ​​​នេះ។

លោក ហួត ដារ៉ា នាយក​​​ប្រតិបត្តិ​​​ក្រុម​​​ហ៊ុន​​​សៀក​​​ហ្វារ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​សម្តែង​​​ដែល​​​លក់​​​សំបុត្រអស់​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ បាន​​​ជំរុញ​​​ឲ្យ​​​អ្នក​​​ចាត់​​​ចែង​​​គិត​​​គូរ​​​បន្ថែម​​​ទៀត​​​ នៅ​​​ពេល​​​ដែល​​​មាន​​​គម្រោង​​​រៀប​​​ចំ​​​ព្រឹត្តិការណ៍​​​នៅ​​​ខែ​​​នេះ​​​ ដោយ​​​អញ្ជើញ​​​ក្រុម​​​ហ៊ុន​​​សៀក​​​ទាំង​​​ឡាយ​​​ពី​​​​​​តៃ​​​វ៉ាន់​​​ ប្រទេស​​​បារាំង​​​ ស្វីស និង​​​វៀត​​​ណាម​​​​​​ដើម្បី​​​ចូល​​​រួម។ ​​​​​​

អ្នក​សម្តែង​មក​ពី​សាលាសៀក​ជាតិ​។ រូបថត​ៈ Anders Jiras
អ្នក​សម្តែង​មក​ពី​សាលាសៀក​ជាតិ​។ រូបថត​ៈ Anders Jiras

នាយក​​​ប្រតិបត្តិ​​​ក្រុម​​​ហ៊ុន​​​សៀក​​​ហ្វាររូប​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​ន័​​​យ​​​ច្រើន​​​ណាស់​​​សម្រាប់​​​កម្ពុជា ពីព្រោះ​​​វាមាន​​​តែ​​​មួយ គឺ​​​វា​​​ជា​​​មហោស្រព​​​សៀក​​​អន្តរជាតិ​​​តែមួយ ដែល​​​ប្រារព្វ​​​ឡើង​​​នៅ​​​អាស៊ី​​​អា​​​គ្នេយ៍។ ជា​​​ឱកាសដើម្បី​​​លើក​​​មុខ​​​មាត់​​​​​​កម្ពុជា​​​​​​ជា​​​គោលដៅ​​​សិល្បៈ”។ លោក ដារ៉ា​​​បាន​​​និយាយ​​​ថា លោក​​​ជឿ​​​ថា​​​ ព្រឹត្តិការណ៍​​​នេះ​​​នឹង​​​ជា​​​មហោស្រព​​​សៀក​​​តែមួយ​​​គត់​​​ ដែល​​​បញ្ជាក់​​​នូវ​​​សៀក​​​សហ​​​សម័យ ដែលលាយ​​​បញ្ចូល​​​គ្នា​​​នូវ​​​ល្ខោន​​​ និង​​​សៀក​​​នៅ​​​ក្នុង​​​តំបន់។

លោកស្រី ហេឌី ប៊ឺឆីបណែធ័រ នៃ​​​ក្រុម​​​ហ៊ុនឡឺ ប៉ាពី​​​លឡុង​​​ស៍ (ឌឹ បាត់ធឺហ្វ្លាយ​​​) ជា​​​ក្រុមហ៊ុន​​​ស្វីស​​​​​​ដែល​​​មានអ្នកហាត់​​​កាយសម្ពន្ធ​​​ចង្វាក់​​​ រួមបញ្ចូល​​​​​​​​​ការ​​​លោត​​​ហក់​​ជាមួយ​​​នឹង​​​​​​ការ​​​រាំ​​​ដែល​​​មាន​​​តាំង​​​ពី​​​ហ៊ិបហប់​​​​​​រហូត​​​ដល់​​​របាំ​​​បាឡេ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន​​​របស់​​​អ្នក​​​ស្រី​​​ បាន​​​ចូល​​​រួម​​​ក្នុង​​​មហោ​​​ស្រព​​​ បន្ទាប់​​​ពី​​​អ្នក​​​ស្រីបាន​​​ឃើញ​​​សិល្បករ​​​ហ្វា​​​រសម្តែង​​​នៅ​​​ក្នុង​​​ប្រទេស​​​ស្វីស និង​​​កម្ពុជា។

អ្នក​សម្តែង​សៀក​មក​ពី​ក្រុម​ហ៊ុន​ស្វីស ឡេ ប៉ាពិល​ឡុន​ នឹង​សម្តែង​នៅ​ក្នុង​មហោស្រព​ទី​នេះ​ទីនោះ​​នៅ​ខែ​នេះ​។ រូប​ថតៈ​ Chris Santafe
អ្នក​សម្តែង​សៀក​មក​ពី​ក្រុម​ហ៊ុន​ស្វីស ឡេ ប៉ាពិល​ឡុន​ នឹង​សម្តែង​នៅ​ក្នុង​មហោស្រព​ទី​នេះ​ទីនោះ​​នៅ​ខែ​នេះ​។ រូប​ថតៈ​ Chris Santafe

អ្នក​​​ស្រី ប៊ឺឆីបណែធ័រ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​សង្ឃឹម​​​ថា​​​ ការ​​​ចូល​​​រួម​​​របស់​​​ពួក​​​គេ​​​នឹង​​​ជួយ​​​ឲ្យ​​​អ្នក​​​ចាត់​​​ចែង​​​​​​បង្កើត​​​​​​ឡើង​​​នូវ​​​មហោ​​​ស្រព​​​ជា​​​ព្រឹត្តិការណ៍​​​ប្រចាំ​​​ឆ្នាំ។

ក្រុមហ៊ុន​​​អន្តរ​​​ជាតិ​​​ផ្សេង​​​ទៀត​​​​​​មាន​​​នៅ​​​ក្នុង​​​មហោ​​​ស្រព​​​នេះ គឺ​​​ក្រុម​​​ហ៊ុន​​​​​​សៀក​​​ហ្វ័រ​​​ម៉ូ​​​សា​​​របស់​​​តៃ​​​វ៉ាន់ ដែល​​​មាន​​​ឯក​​​ទេស​​​ក្នុង​​​ការ​​​រួម​​​បញ្ចូលស្ទីល​​​រាំ​​​តាម​​​ផ្លូវ​​​​​​ជាមួយ​​​ការ​​​លោត​​​ហក់​​​ និង​​​ការ​​​ត្រេះ​​​បាល់ មាន​​​ក្រុមហ៊ុន​​​​​អូ​​​អាល់ទី​​​ម៉ូ មូ៉មិនតូ របស់​​​ប្រទេស​​​បារាំង ដែល​​​រួម​​​បញ្ចូល​​​បច្ចេក​​​ទេស​​​រាំ​​​នឹង​​​បង្គោល​​​ចិន​​​​​​និង​​​ពហុ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ និងក្រុមហ៊ុន​​​ក្រុង​​​ហូជីមិញសង្គម​​​បេតិកភណ្ឌ ដែល​​​មាន​​​ការ​​​​​​សម្តែង​​​​​​សៀក​​​ក៏​​​ដូច​​​ជា​​​ការ​ថ្ពឹន​​ភ្នែក​​​ផង​​​ដែរ។​​

​ចំពោះលោក​​​ស្រី​​​ ភោគ​​​ ណារិន នាយិកា​​​​​​សាលាសៀក​​​ជាតិ​​​​​​ និយាយ​​​ថា មានរឿង​​​ជា​​​ច្រើន​​​ដែល​​​ត្រូវ​​​ដោះ​​​ស្រាយ​​​ជាមួយ​​​មហោស្រពនេះ។

លោក​​​ស្រី ណារិន បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រពៃ​​​ណី​​​សៀក​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ អាច​​​​​​មាន​​​ប្រវត្តិ​​​ជាង​​​១០០០​​​ឆ្នាំ​​​ ដោយ​​​​​​ចម្លាក់​​​អ្នក​​​សម្តែង​​​សៀក​​​​​​មាន​​​ឆ្លាក់​​​​​នៅ​​​លើ​​​ជញ្ជាំង​​​ប្រាសាទ​​​នាសតវត្សរ៍​​​ទី​​​៧​​​នៅ​​​ឯ​​​សម្បូណ៍​​​ព្រៃ​​​គុក​​​ក្នុង​​​​​​ខេត្ត​​​កំពង់​​​ធំ។​​​ ប៉ុន្តែ​​​​​​ទម្រង់​​​សិល្បៈ​​​នេះ​​​ប្រឈម​​​មុខ​​​នឹង​​​ការ​​​បាត់​​​បង់​​​។​​​ លោក​​​ស្រី​​​នាយិកា​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍ថា មាន​​​តែ​​​សិស្ស​​​បួន​​​នាក់​​​ប៉ុណ្ណោះ​​​ បាន​​​ចុះ​​​ឈ្មោះ​​​ចូល​​​រៀន​​​នៅ​​​សាលា​​​សៀក​​​នៅ​​​ឆ្នាំ​​​នេះ​​​ ដោយ​​​សារ​​​តែ​​​ខ្វះ​​​ឱកាស​​​ការងារ។

ការ​​​ប្រារព្ធ​​​​​​មហោស្រព​​​នេះ ​​​អាច​​​ជួយធ្វើ​​​ឲ្យ​​​ចំណាប់​​​អារម្មណ៍​​​ជន​​​ជាតិ​​​ខ្មែរ​​​និយម​​​ឡើង​​​វិញ​​​នូវ​​​ទម្រង់​​​សិល្បៈ​​​នេះ​​​ ហើយ​​​​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​សម្តែង​​​សៀក​​​ជា​​​ទៀង​​​ទាត់​​​នៅ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ ដែលកម្រ​​​​​​មាន​​​ឱកាស​​​សម្តែងនោះ​​​។

អ្នក​សម្តែង​មក​ពី​ក្រុម​សៀក​ហ្វា​រពន្លឺ​សិល្បៈ​ ពេល​សម្តែង​កាលពី​ឆ្នាំ​មុន​ ក្នុង​មហោស្រព​ទីនេះ​ទីនោះ ក្នុង​ក្រុង​ភ្នំពេញ​។ រូប​ថតៈ Film Noir Studio

លោក​​​ស្រី ការ៉េន ចាង​​​ មន្ត្រី​​​សិល្បៈ​​​នៃ​​​ក្រុម​​​ហ៊ុន​​​សៀក​​​ហ្វ័រ​​​ម៉ូសា ជឿថា​​​មហោ​​​ស្រព​​​ទី​​​នេះ​​​ទី​​​នោះ​​​ អាច​​​ផ្តល់​​​ផល​​​ប្រយោជន៍​​​ដល់​​​សៀក​​​នៅ​​​ក្នុង​​​តំបន់​​​ទាំង​​​មូល។​​​

លោក​​​ស្រី​​​ បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​បទ​​​សម្ភាស​​​តាម​​​អីុ​ម៉ែល​​​ថា “មហោ​​​ស្រព​​​សៀក​​​អន្តរ​​​ជាតិ​​​ នឹង​​​មាន​​​ភាព​​​អស្ចារ្យ​​​ណាស់។​​​ ទីមួយ​​​​​​ យើង​​​យល់​​​ស្រប​​​ជាមួយ​​​គំនិត​​​នេះ​​​….ទី​​​ពីរ យើង​​​គិត​​​ថា សាលា​​​សៀកនៅ​​​ទ្វីប​​​​​​អាស៊ី ឬ​​​ក្រុម​​​ហ៊ុននានា​​​ គួរ​​​មាន​​​ការ​​​​​​ប្រាស្រ័យ​​​ទាក់​​​ទង​​​គ្នាឲ្យ​​​បាន​​​ច្រើន”។

លោក ហួត ដារ៉ា នាយក​​​ប្រតិបត្តិ​​​​​​ហ្វារ​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា សម្រាប់​​​​​ហេតុ​​​ផល​​​នេះ មហោ​​​ស្រព​​​ នឹង​​​រួម​​​មាន​​​​​​ការ​​​រៀប​​​ចំ​​​សិក្ខា​​​សាលា​​​នៅ​​​ក្នុង​​​ក្រុង​​​នីមួយៗ​​​ក្នុង​​​បណ្តា​​​ក្រុង​​​ទាំង​​​បី​​​ ដើម្បី​​​ឲ្យ​​​សិល្បករ​​​មក​​​ពី​​​ប្រទេស​​​ទាំង​​​ប្រាំ​​​​​​ អាច​​​ចែក​​​រំលែក​​​បច្ចេក​​​ទេស​​​ ហើយ​​​បង្កើត​​​​​​បាន​​​នូវ​​​ទំនាក់​​​ទំនងគ្នា​​​។

ក្នុង​​​អំឡុង​​​ពេល​​​​​​ធ្វើ​​​មហោ​​​ស្រពនេះ សាលា​​​សៀក​​​ជាតិ​​​ នឹង​​​សម្តែង​​​រឿង​​​ខ្មែរ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា “ព្រះ​​​សុធន នាង​​​កែវ មនោរា” តាមរយៈ​​​​​​ការ​​​សម្តែង​​​សៀក។ ហើយ​​​ក្រុមហ៊ុន​​​ហ្វារ​​​ នឹង​​​សម្តែង​​​​​​សៀក​​​សហ​​​សម័យ​​​មាន​​​ចំណង​​​ជើង​​​ថា “សុខា” ដែល​​​ទាក់​​​​​​ទង​​​នឹង​​​ស្ត្រី​​​ម្នាក់​​​ ដែល​​​រស់​​​រាន​​​មាន​​​ជីវិត​​​ពី​​​របប​​​ប៉ុល​​​ ពល ត្រូវ​​​លង​​​ដោយ​​​ការ​​​មើល​​​ឃើញ​​​ភាព​​​សាហាវ​​​យង់​​​ឃ្នង​​​នៃ​​​សម័យ​​​នោះ​​​ ប៉ុន្តែ​​​នាង​​​​​​អាច​​​ជម្នះ​​​លើ​​​បញ្ហា​​​នេះបាន ដោយ​​​ចាប់​​​ផ្តើម​​​ជួយ​​​ជ្រោម​​​ជ្រែងក្រុម​​​​​​យុវវ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហោស្រព​​​នឹង​​​ប្រាព្ធ​​​ធ្វើ​​​នៅ​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​​នៅ​​​ថ្ងៃ​​​ទី​​​៧ ទី៨ និង​​​៩​​​ខែ​​​ឧសភា​​​នៅ​​​ឯ​​​ប៊ិចថប់ សាលា​​​សៀក​​​ជាតិ​​​​​​តាម​​​វិថី​​​រដ្ឋ​​​សភាជាតិ ធ្វើ​​​នៅ​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​នៅ​​​ថ្ងៃ​​​ទី​​​១១ ទី​១២ និង​​​១៣ខែ​​​ឧសភា​​​នៅ​​​ឯអគារ​​​​​​សៀក​​​ហ្វា​​​រ នៅ​​​ក្រោយ​​​សារមន្ទីរ​​​ជាតិ​​​អង្គរ និង​​​នៅ​​​ក្នុង​​​ក្រុង​​​បាត់​​​ដំបង​​​នៅ​​​ថ្ងៃ​​​ទី​​​១៥ និង​​​១៦​​​នៅ​​​ឯ​​​បរិវេណហ្វារពន្លឺ​​​សិល្បៈ៕ រើន

ទស្សនិកជន​មើល​ការ​សម្តែង​នៅ​ឯ​ប៊ិច​ថប់​ នៃ​សាលា​សៀក​ជាតិ​ ក្នុង​ក្រុង​ភ្នំពេញ​ ពេល​សម្តែង​នៅ​ក្នុង​មហោស្រព​ទីនេះ​ទីនោះ កាលពីឆ្នាំ​មុន​។ រូប​ថត​ៈ Jeremie Montessuis
ទស្សនិកជន​មើល​ការ​សម្តែង​នៅ​ឯ​ប៊ិច​ថប់​ នៃ​សាលា​សៀក​ជាតិ​ ក្នុង​ក្រុង​ភ្នំពេញ​ ពេល​សម្តែង​នៅ​ក្នុង​មហោស្រព​ទីនេះ​ទីនោះ កាលពីឆ្នាំ​មុន​។ រូប​ថត​ៈ Jeremie Montessuis

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស