
គោឧសភរាជមិនបរិភោគស្មៅដែលជាអាហារប្រចាំថ្ងៃរបស់វាទេអំឡុងព្រះរាជពិធីច្រត់ព្រះនង្គ័លធ្វើឡើងនៅក្នុងក្រុងបាត់ដំបង កាលពីម្សិលមិញ ហើយបានងាកទៅបរិភោគពោត និងសណ្តែកជំនួសវិញ ដែលនេះជាទំនាយថា កសិករនឹងទទួលបានទិន្នផលដំណាំពោត និងសណ្តែកខ្ពស់នៅឆ្នាំនេះ។
លោក ចាន់ សុផល អភិបាលខេត្តបាត់ដំបង និងលោកស្រី គីម ប៊ុណ្ណារ៉ា ដែលជាភរិយារបស់លោក បានដើរតួតំណាងឲ្យស្តេចមាឃ និងព្រះមេហួរ ក្នុងព្រះរាជពិធីដ៏ឱឡារិកនៅលើទីលានបាត់ទាត់ក្នុងក្រុងនាភាគឧត្តរនេះ និងបាចពូជស្រូវតាមគន្លងនង្គ័ល ខណៈព្រះមហាក្សត្រ នរោត្តម សីហមុនី និងក្រុមមន្ត្រីជាន់ខ្ពស់កំពុងតែយាងទត និងទស្សនា។
ប៉ុន្តែពួកគេមកចូលរួមដើម្បីមើលថា តើគោឧសភរាជដែលមានតួនាទីសម្រេចជោគវេសនាភោគផលកសិកម្មទូទាំងប្រទេសកម្ពុជា នឹងបរិភោគអាហារណាខ្លះក្នុងចំណោមអាហារទាំង៧មុខដែលមានដូចជាពោត សណ្តែក ស្រូវ ល្ង ទឹក ស្រា និងស្មៅ។
លោក កង កេន ប្រធានអាចារ្យព្រហ្មបុរោហិត និងហោរាប្រចាំព្រះបរមរាជវាំង បានប្រកាសទៅកាន់អ្នកចូលរួមប្រមាណ ១.០០០ នាក់តាមឧគ្ឃោសនសព្ទថា “ឆ្នាំនេះ ដំណាំទាំងនោះនឹងទទួលបានទិន្នផលច្រើន”។
ទោះជាយ៉ាងណា បើក្រឡេកមើលមួយភ្លែតទៅលើចំណូលចិត្តរបស់គោឧសភរាជក្នុងរយៈពេលប្រាំឆ្នាំមកនេះ ប្រហែលជាធ្វើឲ្យប្រជាកសិករពិចារណាឡើងវិញចំពោះការផ្លាស់ប្តូរមុខដំណាំតាមការទស្សន៍ទាយបែបនេះ។ ក្នុងឆ្នាំ២០១៤ គោឧសភរាជបានបរិភោគពោត និងសណ្តែក ក្រោយមកក៏បរិភោគស្រូវបន្តិចបន្តួច។ នៅឆ្នាំ២០១៣ គោឧសភរាជបានបរិភោគពោត និងស្មៅ ហើយនៅឆ្នាំ២០១២ ២០១១ និង២០១០ គោឧសភរាជ
សុទ្ធតែបរិភោគពោត និងសណ្តែក។
ប៉ុន្តែ ដោយសារតែពេលនេះជារដូវបង្កបង្កើតផលដំណាំស្រូវនៅក្នុងខេត្តមួយចំនួន ហើយភ្លៀងនឹងបង្អុរចុះមកក្នុងពេលឆាប់ៗនោះ ការចាប់អារម្មណ៍កាលពីម្សិលមិញ បានផ្តោតទៅលើដំណាំស្រូវដែលជាស្បៀងដ៏សំខាន់របស់ប្រទេសកម្ពុជា ដោយកសិករមួយចំនួនព្រួយបារម្ភចំពោះការទស្សន៍ទាយអំពីពេលអនាគតដោយគោឧសភរាជ។
លោក កង កេន បានមានប្រសាសន៍តាមទូរស័ព្ទជាក្រោយថា “កុំបារម្ភរឿងគោមិនបរិភោគស្រូវអី។ គោទាំងនេះបរិភោគពោត និងសណ្តែកស្ទើរតែទាំងអស់ ដូច្នេះដំណាំទាំងនោះនឹងទទួលបានទិន្នផលខ្ពស់”។
ប៉ុន្តែ សម្រាប់អ្នកស្រី អុីម សាឃឿន អាយុ៥៩ឆ្នាំ ដែលជាកសិករម្នាក់នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបងវិញ ទិន្នផលពោត និងសណ្តែកគ្មានន័យអ្វីទាំងអស់សម្រាប់គាត់ ដោយសារតែដីទំហំ៥ហិកតារបស់គាត់សុទ្ធតែប្រើសម្រាប់បង្កបង្កើនផលដំណាំ
ស្រូវ។
អ្នកស្រីនិយាយថា “ខ្ញុំព្រួយបារម្ភថា ដំណាំស្រូវនៅឆ្នាំនេះនឹងមិនទទួលបានទិន្នផលច្រើនទេ ដោយសារគ្មានទឹកគ្រប់គ្រាន់។ កាលពីឆ្នាំមុន ដំណាំស្រូវលូតលាស់បានល្អ ពីព្រោះភ្លៀងបានធ្លាក់នៅដើមឆ្នាំ និងកណ្តាលឆ្នាំ។ ប៉ុន្តែ ឆ្នាំនេះ ភ្លៀងមិនទាន់ចាប់ផ្តើមធ្លាក់ទេ។ ទន្ទឹមនឹងនេះ [នៅឆ្នាំនេះ] គោក៏មិនស៊ីស្រូវទៀត”។
អ្នកស្រីជឿថា ការបកស្រាយរបស់ហោរារូបេនះចំពោះចំណូលចិត្តរបស់គោឧសភរាជ គឺត្រូវណាស់។ អ្នកស្រីលើកឡើងទៀតថា ” ខ្ញុំជឿលើការទស្សន៍ទាយនេះ ព្រោះវាជាប្រពៃណីរបស់ខ្មែរ។ នៅពេលគេទស្សន៍ទាយដោយផ្អែកលើអ្វីដែលគោស៊ី យើងអាចមើលឃើញថា អ្វីដែលពួកគាត់និយាយគឺដូចអ្វីដែលកើតឡើងអ៊ីចឹង”។
លោក សឿង សៀម អាយុ៣៩ឆ្នាំដែលជាកសិករម្នាក់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មិនសូវមានអបិយជំនឿដូចនេះឡើយ។គាត់និយាយថា “រឿងដែលសំខាន់គឺថា ដំណាំស្រូវពឹងផ្អែកលើអាកាសធាតុ និងទឹកភ្លៀងគ្រប់គ្រាន់”។ គាត់បានបញ្ជាក់ថា គាត់មានជំនឿតែប្រហែល៥ភាគរយប៉ុណ្ណោះសម្រាប់ការទស្សន៍ទាយរបស់គោឧសភរាជអំឡុងព្រះរាជពិធីច្រត់ព្រះនង្គ័ល។
លោក ហ៊ាន វ៉ាន់ហ៊ន អនុប្រធាននាយកដ្ឋាននៅក្រសួងកសិកម្ម ក៏មិនសូវមានអបិយជំនឿដែរ។ នៅពេលទាក់ទងតាមទូរស័ព្ទ លោកបានមានប្រសាសន៍ថា ទោះបីជាគោឧសភរាជចូលចិត្តពោត និងសណ្តែកក្តី ក៏កសិករគួរតែប្រើសុភនិច្ឆ័យ។
លោកបានលើកឡើងបន្ថែមទៀតថា “ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាផ្នែកមួយនៃជំនឿ និងប្រពៃណីរបស់យើង។ ប្រសិនបើយើងជឿទៅលើវាទាំងស្រុង ហើយបោះបង់ការដាំដំណាំផ្សេងៗទៀត នោះវានឹងគ្មានទិន្នផលឡើយ”៕ សុខុម