30 C
Phnom Penh

លោក មឿង សុន សកម្មជន​នយោបាយ​និរទេស​ខ្លួន ​ត្រូវ​បាន​​​ព្រះ​មហាក្សត្រ​​​​ព្រះរាជទាន​​លើក​​លែង​​ទោស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ច្បាប់​​​ចម្លង​​​នៃ​​​ព្រះរាជក្រឹត្យ​​​ដែល​​​ទទួល​​​បាន​​​កាលពី​​​ម្សិលមិញ​​​មាន​​​ខ្លឹមសារ​​​ថា លោក មឿង សុន សកម្មជន​​​នយោបាយ​​​និរទេស​​​ខ្លួន​​​ដែល​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ពិរុទ្ធភាព​​​ពី​​​បទ​​​ផ្សព្វ​​​ផ្សាយព័ត៌មាន​​​មិន​​​ពិត​​​កាលពី​​​ខែ​​​កក្កដា ឆ្នាំ២០០៩ ជុំវិញ​​​ការ​​​អះ​អាង​​​ថា ការ​​​ដាក់​​​​​​អំពូល​​​បំភ្លឺ​​​​​​នៅ​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​អាច​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ប្រាសាទ​​​នោះ ត្រូវ​​​បាន​​​​​​​ព្រះមហាក្សត្រ​​​ នរោត្តម សីហមុនី ​​​ព្រះរាជ​ទាន​​​​លើក​​​​លែង​​​​ទោស​​​​ជា​​​​ផ្លូវ​​​ការ​​​ហើយ​​​។

លោក មឿង សុន ជា​​​អតីត​​​​​​បេក្ខជន​​​សមាជិកសភា​​​​គណបក្ស​​​ប្រឆាំង​​​ និង​​​ជា​​​ប្រធាន​​​អង្គការ​មូលនិធិទ្រទ្រង់​​​អរិយ​​​ធម៌ខ្មែរ ​​​ដែល​​​បាន​​​ភៀស​​​ខ្លួន​​​ចេញពី​​​ប្រទេស​​​កម្ពុជា​​​មុន​​​ពេលលោក​​​ត្រូវ​​​បាន​​​ផ្ដន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​២​​​ឆ្នាំ​​​ជុំវិញ​​​ការ​​​អត្ថាធិប្បាយ​​​​​​នៅ​​​សន្និសីទ​​​កាសែត​​​មួយ​​​កាលពី​​​ខែ​​​ឧសភា ឆ្នាំ​​​២០០៩។

ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក លោក​​​បាន​​​រស់​​​នៅ​​​ប្រទេស​​​បារាំង និង​​​ប្រទេស​​​ថៃ​​​ ប៉ុន្តែ​​​​​​បាន​​​មក​​​ជួប​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​​​ក្នុង​​​ទីក្រុង​​​គូឡាឡាំពួ​​​កាលពី​​​ខែ​​​មុន បន្ទាប់ពី​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​បាន​​​រៀបចំ​​​ជំនួប​​​ជាសាធារណៈ​​​មួយ​​​​​​នៅ​​​ក្នុង​​​រដ្ឋធានី​​​ម៉ាឡេស៊ី​​​ជាមួយ​​​លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ ដោយ​​​សន្យាថា​​​លោក​​​អាច​​​ត្រឡប់​​​មកកាន់​​​​ប្រទេស​​​វិញ។

យោង​​​តាម​​​លោក សម រង្ស៊ី បាន​​​ឲ្យ​​​ដឹង​​​ថា ស្ថិតក្នុង​ស្មារតីខ្ពស់​​​​​បន្ទាប់ពី​​​ជំនួប​​​ប្រកប​​​ដោយ​ជោគ​​​ជ័យ​​​ជាមួយ​​​ប្រជាជន​​​ខ្មែរ​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី លោក ហ៊ុន សែន បាន​​​សន្យា​​​​​​ជាមួយ​​​លោក មឿង សុន ថា លោក​​​នឹង​​​​​​​ទូល​​​ថ្វាយ​​​ព្រះមហាក្សត្រ​​​ នរោត្តម សីហមុនី ឲ្យ​​​ព្រះ​រាជទាន​​​លើក​​​លែង​​​ទោស​​​ដល់​​​រូប​​​លោក។ យោងតាម​ព្រះរាជក្រឹត្យ​បានឲ្យ​ដឹង​ថា ​​​ បន្ទាប់​​​មក​​​ ព្រះរាជទាន​​​លើក​​​លែង​​​ទោស​​​​​​​ត្រូវ​បាន​ធ្វើឡើង​​​​នៅ​​​ថ្ងៃ​​​ទី​​​៨ ខែ​​​ឧសភា​​​។

ដោយសំដៅដល់​សេចក្តីសម្រេច​របស់តុលាការ​ដែលបាន​បិទការ​ប្តឹង​ទាស់ចុងក្រោយ​របស់​លោក មឿង​ សុន ​ព្រះរាជក្រឹត្យ​​​មាន​​​ខ្លឹមសា​រ​​​​​ថា “​​​ព្រះរាជទាន​​​លើក​​​លែង​​​ទោស​​​ដល់​​​​​​ទណ្ឌិត​​​ មឿង សុន អាយុ៦២​​​ឆ្នាំ ដែល​​​តុលាការ​​​បាន​​​ផ្ដន្ទាទោស​​​តាម​​​រយៈ​​​​​​សាល​​​ដីកា​​​របស់​​​តុលាការ​​​កំពូល​​​ចុះ​​​ថ្ងៃទី​​​២១ ខែ​​​មេសា ឆ្នាំ​​​២០១៣”។

ព្រះរាជក្រឹត្យ​​បន្ត​ថា “លោក ហ៊ុន សែន នាយក​​​រដ្ឋមន្ត្រី​​​នៃ​​​ព្រះរាជាណាចក្រ​​​កម្ពុជា​​​ត្រូវ​​​អនុវត្តតាម​​​ព្រះរាជក្រឹត្យ​​​នេះ។ ព្រះរាជក្រឹត្យ​​​មាន​​​ប្រសិទ្ធភាព​​​ចាប់​​​ពី​​​ថ្ងៃ​​​ឡាយ​​​ព្រះហស្ត​លេខា​​​តទៅ”។

ថ្លែង​​​តាម​​​ទូរស័ព្ទ​​​ពី​​​ប្រទេស​​​ថៃ​​​កាលពី​​​ម្សិលមិញ លោក មឿង សុន បាន​​​មាន​​​ប្រសាសន៍​​​ថា ឥឡូវ​​​នេះ​​​លោក​​​មាន​​​គម្រោង​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​នៅ​​​ថ្ងៃ​​​ច័ន្ទ ហើយ​​​លោក​​​នឹង​​​ទៅ​​​គោរព​​​អដ្ឋិធាតុ​​​របស់​​​ឪពុក​​​ម្ដាយ​​​លោក​​​នៅ​​​ពិធី​​​មួយ​​​ក្នុង​​​ក្រុង​​​តាខ្មៅ ស្ថិត​​​ក្នុង​​​ខេត្ត​​​កណ្ដាល។

លោក​​​បាន​​​មា​​ន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​រំភើប​​​រីក​​​រាយ​​​ណាស់។ ខ្ញុំ​​​រង់ចាំ​​​រយៈ​​​ពេល​​​៥ឆ្នាំ និង​​​១១​​​ខែហើយ ឥឡូវ​​​នេះ​​​សុបិន​​​របស់​​​ខ្ញុំ​​​ក្លា​​យ​​​ជាការ​​​ពិតហើយ​។ យើង​​​ជា​​​ជន​​​ជាតិ​​​ខ្មែរ​​​ត្រូវ​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កំណើត​​​របស់​​​ខ្លួន”។

លោក មឿង សុន បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​ងារ​​​ដំបូង​​​របស់​​​លោក​​​ពេល​​​ត្រឡប់​​​មក​​​ដល់​​​មាតុ​​​ប្រទេស​​​វិញ​​​នឹង​​​ត្រូវ​រៀបចំ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ជាតិ​​​និយម​​​​​​ ដែល​​​លោក​​​និយាយ​​​​​​ជំនួស​​​មុខ​​​ឲ្យ​​​ពេល​​​ដែល​​​លោក​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់ពី​​​បទ​​​ផ្សព្វ​​​ផ្សាយព័ត៌មាន​​​មិន​​​ពិត​​​​​​កាលពី​ខែ​ឧសភា ​​​ឆ្នាំ​​​២០០៩។

លោក មឿង សុន បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​ខ្ញុំ​​​មក​​​ដល់​​​ប្រទេស​​​វិញ ការ​​​ងារ​​​ដំបូង​​​របស់​​​ខ្ញុំ​​​គឺ​​​ត្រូវ​​​រៀបចំ​​​អង្គការមូលនិធិទ្រទ្រង់​​​​អរិយធម៌ខ្មែរ​​​ឡើង​​​វិញ ដើម្បី​​​ពង្រឹង​​​​​​ និង​​​ការ​​​ពារ​​​វប្បធម៌​​​ខ្មែរ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ត្រូវ​​​ធ្វើ​​​ឲ្យ​​​​​​អង្គការ​​​មូលនិធិ​​​ទ្រទ្រ់អរិយធម៌​​​ខ្មែរ​​​រស់​​​ឡើង​​​វិញ។ ប្រទេស​​​កម្ពុជា​​​នឹង​​​ធ្វើ​​​សមាហរណកម្ម​​​ចូល​​​អាស៊ាន ដូច្នេះ​​​នឹង​​​មាន​​​ជន​​​បរទេស​​ច្រើនណាស់​​​​​​​មក​​​កាន់​​​ប្រទេស​​​របស់​​​យើង ដូច្នេះ​​​ប្រសិន​​​បើ​​​យើង​​​មិន​​​ការ​​​ពារ​​​វ​​​ប្បធម៌​​​ខ្មែរ​​​ទេ​​​នោះ វប្បធម៌​​​នឹង​​​ត្រូវ​​​បាត់​​​បង់​​​ជាមិន​​​ខាន​​​”៕ សារុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស