30 C
Phnom Penh

សាកលវិទ្យាល័យ​​​ភូមិន្ទ​​​វិចិត្រ​​​សិល្បៈ​​​​​​នឹ​​ង​​​ត្រូវ​​​ផ្លាស់​​​ប្តូរ​​​ទៅ​​​កាន់​​​ទីតាំង​​​ថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

Siv Channa25

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យដ​​​ឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្រសួង​​​វប្បធម៌ និង​​​វិចិត្រ​​​សិល្បៈ​​​បាន​​​សម្រេច​​​​​​ប្តូរទីតាំង​​​សាកល​​​វិទ្យាល័យ​​​ភូមិន្ទ​​​វិចិត្រ​​​សិល្បៈ​​​ពី​​​ទី​​​តាំង​​​នៅ​​​​​​កណ្តាល​​​រាជ​​​ធានីភ្នំពេញ​​​ទៅ​​​កាន់​​​ជាយ​​​រាជ​​​ធានី​​​ដើម្បី​​​ពង្រីក​​​សារមន្ទីរជាតិ។

លោក ថៃ នរសត្យា អ្ន​​​ក​​​នាំ​​​ពាក្យក្រសួង​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា សារមន្ទីរជាតិ​​​ដែល​​​នៅ​​​ជាប់​​​សាកល​​​វិទ្យាល័យ​​​នេះ​​​​​​នឹង​​​​​​ត្រូវ​​​ពង្រីក​​​​​​ចូល​​​ដី​​​សាលកវិទ្យាល័យ​​​ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ​​​ ហើយ​​​ថា ទី​​​តាំង​​​ថ្មី​​​នៃ​​​អគារ​​​​​​សាកល​​​វិទ្យាល័យ​​​នឹង​​​ត្រូវ​​​សាង​​​សង់​​​នៅ​​​ក្នុង​​​តំបន់​​​ជ្រោយ​​​ចង្វា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ចង់​​​ពង្រីក​​​សារមន្ទីរជាតិ​​​ ព្រោះ​​​ឥឡូវ​​​នេះ​​​មាន​​​ទី​​​ធ្លា​​​តូច​​​អង្អៀត​​​។ គ្មាន​​​បន្ទប់​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ភ្ញៀវ​​​ទេចរ​​​ចំណាយ​​​ពេល​​​ដើរ​​​មើល​​​ឡើយ​​​”។

លោក​​​ នរសត្យា​​​ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ការ​​​ចំណាយ​​​លើ​​​ការ​​​សាង​​​សង់​​​អគារ​​​សាកលវិទ្យាល័យ​​​ថ្មី​​​ដែល​​​នឹង​​​ត្រូវ​​​សាង​​​សង់​​​នៅ​​​លើ​​​ដី​​​​​​ផ្តល់​​​ដោយ​​​សាលា​​​រាជធានីភ្នំពេញ​​​ នៅ​​​មិន​​​ទាន់​​​កំណត់​​​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ចំណាយ​​​លើការ​​​សាង​​​សង់​​​​​​​​​​​​នឹង​​​ត្រូវ​​​ប្រើ​​​ថវិកា​​​ជាតិ​​​ ហើយ​​​យើង​​​នៅ​​​មិន​​​ទាន់​​​ដឹង​​​អំពី​​​ខ្ទង់​​​ចំណាយ​​​នៅ​​​ឡើយ​​​ទេ​​​ ព្រោះ​​​យើង​​​ត្រូវ​​​ការ​​​បញ្ចប់​​​ការ​​​សិក្សា​​​ជាមុន​​​សិន​​​”។

លោកស្រី ភឿង សក្កណា រដ្ឋមន្ត្រី​​​ក្រសួង​​​វប្បធម៌​​​ និង​​​វិចិត្រ​​​សិល្បៈ​​​បាន​​​​​​លើក​​​​​​ឡើង​​​ថា ដេប៉ាតឺម៉ង់​​​ស្ថាបត្យកម្ម​​របស់​​​សាកល​​​វិទ្យាល័យ​​​ភូមិន​​​្ទ​​​វិចិត្រ​​​សិល្បៈ​​​បាន​​​ជួយ​​​ព្រាង​​​រចនា​​​ប្លង់​​​ជំហាន​​​ដំបូង​​​​​​រួច​​​ហើយ​​​សម្រាប់​​​អគារ​​​ថ្មី​​​ ប៉ុន្តែ​​​ថា ការ​​​សាង​​​សង់​​​​​​នៅ​​​មិន​​​ទាន់​​​ចាប់​​​ផ្តើម​​​នៅ​​​ឡើយ​​​ទេ​​​រហូត​​​ដល់​​​ចុង​​​ឆ្នាំ​​​នេះ ឬ​​​ដើម​​​ឆ្នាំ​​​ក្រោយ​​​។

លោក​​​ស្រី សក្កណា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា សារមន្ទីរជាតិ​​​នឹង​​​ប្រើ​​​ប្រាស់​​​អគារ​​​ដែល​​​មាន​​​ស្រាប់​​​របស់​​​សាកល​​​វិទ្យាល័យ​​​សម្រាប់​​​ការ​​​ពង្រីក​​​របស់​​​ខ្លួន​​​។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​ស្ថិត​​​នៅ​​​​​​ក្នុង​​​ថវិកា​​​របស់​​​រដ្ឋាភិបាល​​​ទេ ប៉ុន្តែ រដ្ឋាភិបាល​​​នឹង​​​រក​​​ប្រាក់​​​។ វា​​​ប្រហែល​​​​​​មក​​​ពី​​ក្រសួង​​​អប់​​​រំ​​​ យុវជន និង​​​កីឡា ឬ​​​ក្រសួង​​​វប្បធម៌​​​ និង​​​វិចិត្រ​​​សិល្បៈ​​​… ខ្ញុំ​​​​​​នៅ​​​មិនទាន់​​​​​អាច​​​និយាយ​​​បាន​​​ឡើយ​​​​​​​​​​​​”។

លោក ប៉ា សុជាតិវង្ស អភិបាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​​​​លើក​​​ឡើង​​​ថា ​​​ចំណាត់​​​ការ​​​នេះ​​​គឺ​​​មាន​​​សារៈ​​​សំខាន់​​​ក្នុ​​​ងការ​​​ធ្វើ​​​ឲ្យ​​​អគារ​​​សារមន្ទីរ​​​ជាតិ​​​ដែល​​​ជា​​​តំបន់​​​ទេសចរណ៍​​​មួយ​​​ក្នុង​​​ចំណោម​​​តំបន់​​​ទេសចរណ៍​​​សំខាន់​​​ៗ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​កាន់​​​តែ​​​ប្រសើរ​​​ឡើង​​​ ។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​នឹង​​​ពង្រីក​​​សារមន្ទីរ​​ ​ព្រោះ​​​បច្ចុប្បន្ន​​​មាន​​​ភ្ញៀវ​​​ទេស​​​ចរ​​​ជា​​​ច្រើន​​​​​​មក​​​ទស្សនា​​​”។

នៅ​​​ឯសាកលវិទ្យាល័យ​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ និស្សិត​​​បាន​​​សំដែង​​​ការ​​​ខក​​​ចិត្ត​​​ចំពោះ​​​ការ​​​ប្តូរ​​​ទី​​​តាំង​​​នេះ​​​។

ម៉ុយ​​​ បញ្ញា អាយុ​​​២០​​​ឆ្នាំ និស្សិត​​​ផ្នែក​​​បុរាណ​​​វិទ្យា​​​បាន​​​លើក​​​ឡើង​​​ថា នាង​​​​​​​​​ចង់​​​បន្ត​​​សិក្សា​​​នៅ​​​អគារ​​​ចាស់​​​ស្ថិត​​​នៅ​​​កណ្តាល​​​រាជ​​​ធានីភ្នំពេញ​​​ជាង​​​អគារ​​​ថ្មី​​​​​​​​​ដែល​​​ត្រូវ​​​ឆ្លង​​​កាត់​​​ទន្លេ។

និស្សិត​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “នៅ​​​ឆ្នាំ​​​ក្រោយ​​​សាលា​​​នេះ​​​នឹង​​​មាន​​​អាយុ​​​១០០​​​ឆ្នាំ​​​ហើយ​​​។ ប្រសិន​​​បើ​​​ក្រសួង​​​ប្តូរ​​​ទីតាំង​​​​​​សាលា​​​នេះ​​​យើង​​​នឹង​​​បាត់​​​បង់​​​វប្បធម៌​​​ដ៏​​​មាន​​​តម្លៃ​​​”។

បញ្ញា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ទីតាំង​​​បច្ចុប្បន្ន​​​របស់​​​សាកល​​​វិទ្យាល័យ​​​នេះ​​លំបាក​​​​​​ក្នុង​​​ការ​​​ធ្វើ​​​ដំណើរ​​​មក​​​សិក្សា​​​បន្តិច​​​មែន​​​ ប៉ុន្តែ វា​​​ស្ថិត​​​នៅ​​​ក្នុង​​​តំបន់​​​មួយ​​​ដែល​​​ផ្តល់​​​ភាព​​​ងាយ​​​ស្រួល​​​ដល់​​​និស្សិត​​​។

បញ្ញា​​​ បាន​​​និយាយ​​​ទៀតថា “សាលា​​​បច្ចុប្បន្ន​​​ គឺ​​​នៅ​​​ជាប់​​​សារមន្ទីរជាតិ និង​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​​​​។ វា​​​ងាយស្រួល​​​សម្រាប់​​​យើង​​​ក្នុង​​​ការ​​​មក​​​សិក្សា​​​ និង​​​ស្រាវ​​​ជ្រាវ​​​”។

ពេជ្រ ករុណា អាយុ​​​២០​​​ឆ្នាំ​​​ និស្សិត​​​ផ្នែក​​​ស្ថាបត្យកម្ម​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​ក្រែង​​​និស្សិត​​​ប្រហែល​​​ជា​​​មិន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ទី​​​តាំង​​​ថ្មី​​​ឡើយ។

និស្សិត​​​រូប​​​េនះ​​​បាន​​​​​​និយាយ​​​ថា “ប្រសិន​​​បើ​​​មា​​​នការ​​​ប្តូរ​​​ទីតាំង​​​មែន​​​ និស្សិត​​​នឹង​​​មិន​​​ទៅ​​​សិក្សា​​​ឡើយ​​​។ តាម​​​​​​ការ​​​យល់​​​ឃើញ​​​របស់​​​ខ្ញុំ វា​​​មិន​​​មែន​​​ជា​​​គំនិត​​​ល្អ​​​ទេ ខ្ញុំ​​​មិនយល់​​​ស្រប​​​ឡើយ​​​”។

នៅ​​​ពេល​​​​​​រដ្ឋាភិបាល​​​​​​កែ​​​ទម្រង់​​​រចនាសម្ព័ន្ធ​​​សាកល​​​វិទ្យាល័យ​​​ភូមិន្ទ​​​វិចិត្រ​​​សិល្បៈ​​​​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​នេះ​​​ដោយ​​​ប្តូរ​​​ទី​​​តាំង​​​ដេប៉ាតឺម៉ង់​​​មួយ​​​ចំនួន​​​ទៅ​​​កាន់​​​សង្កាត់​​​ភ្នំពេញ​​​ថ្មី​​​ក្នុង​​​ខណ្ឌ​​​ឫស្សី​​​កែវ​​​ ការ​​​ចុះ​​​ឈ្មោះ​​​ចូល​​​រៀន​​​នៅ​​​ក្នុង​​​​​​ដេប៉ាតឺម៉ង់​​​ទាំង​​​នេះ​​​មាន​​​ការ​​​ធ្លាក់​​​ចុះ​​​។

លោក​​​ ប៊ុង​​​ សុវត្ថិ សាកលវិទ្យាធិការ​​​នៃ​​​សាកល​​​វិទ្យាល័យ​​​ភូមិន្ទ​​​វិចិត្រ​​​សិល្បៈ​​​បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​រំពឹង​​​ថា​​​អ្វ​​​ីៗ​​​នឹង​​​មិន​​​កើត​​​ឡើង​​​ដូច​​​​​​មុន​​​ឡើយ​​​ នៅពេល​​​សាកល​​​វិទ្យាល័យ​​​ទាំង​​​មូល​​​ត្រូវ​​​បាន​​​ប្តូរទី​​​តាំង​​​នៅ​​​ប៉ុន្មាន​​​ខែ​​​ខាង​​​មុខ​​​នេះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សិស្ស​​​បច្ចុប្បន្ន​​​ទាំង​​​អស់​​​របស់​​​យើង​​​មិន​​​មែន​​​សុទ្ធ​​​តែ​​​រស់​​​នៅ​​​ក្បែរ​​​សាលា​​​នេះ​​​ឡើយ​​​។ អ្នក​​​ខ្លះ​​​បាន​​​ធ្វើ​​​ដំណើរ​​​រួច​​​ទៅហើយ​​​”។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា គេ​​​បាន​​​ធានា​​​ចំពោះ​​​លោក​​​ថា គេ​​​នឹង​​​មិន​​​វាយ​​​កម្ទេច​​​ចោល​​​អគារ​​​បច្ចុប្បន្ន​​​របស់​​​សាកល​​​វិទ្យាល័យ​​​នេះ​​​​​​​​​ឡើយ​​​ ហើយ​​​ថា​​​ទី​​​តាំង​​ថ្មី​​​របស់​​​សាកល​​​វិទ្យាល័យ​​​នឹង​​​ផ្តល់​​​ទី​​​ធ្លា​​​ធំជាង​​​មុន​​​សម្រាប់​​​និស្សិត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គេ​​​នឹង​​​​​​រក្សា​​​អគារ​​​ទុក​​​នៅ​​​ដដែល​​​ គឺ​​​គ្រាន់តែ​​​ផ្លាស់​​​ប្តូរ​​​​​​មុខ​​​ងារ​​​ប៉ុណ្ណោះ​​​។ យើង​​​មាន​​​ទី​​​ធ្លា​​​តូច​​​ដែល​​​មាន​​​កំណត់​​​នៅ​​​ទី​​​នេះ​​​ ប្រសិន​​​បើ​​​ើយើង​​​មាន​​​អគារ​​​កាន់​​​តែ​​​ធំ ខ្ញុំ​​​គិត​​​ថា វា​​​ជា​​​ដំណឹង​​​ល្អ​​​សម្រាប់​​​យើង​​​”៕ ស៊ុយឈាង​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស