
ប្រទេសកម្ពុជាបានទទួលពិន្ទុទាបបំផុតក្នុងសន្ទស្សន៍នីតិរដ្ឋរបស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) ឆ្នាំ២០១៥ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ដោយជាប់លំដាប់ទី៩៩ក្នុងចំណោម១០២ប្រទេសដែលគម្រោងនេះស្ទង់មតិ។
មានតែប្រទេសអាហ្វហ្គានីស្ថាន និង ប្រទេសវេណេហ្សូអេឡា ប៉ុណ្ណោះជាប់លំដាប់ទាបជាងប្រទេសកម្ពុជាក្នុងរបាយការណ៍ WJP ដែលវាស់ស្ទង់អំពីរបៀបដែលសាធារណជនជួបប្រទះផ្នែកនីតិរដ្ឋ រីឯប្រទេសហ្សីមបាបវេបានទទួលពិន្ទុ០,៣៧ស្មើគ្នា ប៉ុន្តែជាប់លំដាប់ទី១០០។
តាមការប្រៀបធៀប ផ្នែកលើនៃសន្ទស្សន៍ ប្រទេសដាណឺម៉ាក និងប្រទេសណ័រវេបានទទួលពិន្ទុ០.៨៧។
គ្រប់ ផ្នែក រួមមានសណ្តាប់ធ្នាប់និងសន្តិសុខ ការគ្មានអំពើពុករលួយ រដ្ឋាភិបាលចំហ សិទ្ធិមូលដ្ឋាន ការអនុវត្តច្បាប់បទបញ្ជា និងយុត្តិធម៌ព្រហ្មទណ្ឌ ប្រទេសកម្ពុជាជាប់លំដាប់បាតទី៣។
ប្រទេស នេះក៏ស្ថិតនៅក្រោមប្រទេសស្ទង់មតិផ្សេងទៀតនៅក្នុងតំបន់ដែរ ក្នុងនោះមានប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសភូមា លើស្ទើរគ្រប់សូចនាករទាំងអស់។
លោក អ៊ូ វីរៈ សកម្មជនសិទ្ធិមនុស្ស និងជាស្ថាបនិកនៃក្រុមប្រឹក្សាយោបល់វេទិកាអនាគត (Future Forum) បានរួមចំណែកក្នុងរបាយការណ៍នេះ ប៉ុន្តែបានមានប្រសាសន៍ថា លោកមិននឹកស្មានថា ប្រទេសកម្ពុជាជាប់លំដាប់ទាបដូច្នេះទេ។
លោក វីរៈ បានមានប្រសាសន៍ថា “កម្ពុជា ក្នុងក្រមខណ្ឌច្បាប់ មានលំដាប់ទាបមែន ប៉ុន្តែតាមពិត ខ្ញុំភ្ញាក់ផ្អើលណាស់ដែលវាជាប់លំដាប់ទាបមែនទែន”។
លោក បានបន្ថែមថា “ខ្ញុំមិនភ្ញាក់ផ្អើលដែលកម្ពុជាស្ថិតក្នុងលំដាប់ទាបបំផុតនោះទេ ពីព្រោះ ខ្ញុំគិតថា ជាទូទៅមានកង្វះនីតិរដ្ឋក្នុងប្រទេសនេះ” ដោយ លោកលើកឡើងនូវភាពមិនអាចដឹងជាមុននូវការធ្វើសេចក្តីសម្រេចរបស់ រដ្ឋាភិបាលដដែលៗ អំពើពុករលួយ និងប្រព័ន្ធតុលាការទន់ខ្សោយ ដែលជាបញ្ហាធំបំផុតមួយចំនួន។
យោងតាមរបាយការណ៍នោះបានឲ្យដឹងថា WJP ពិនិត្យមើលប្រចាំឆ្នាំលើសមាជិកសាធារណៈ១.០០០ នាក់ក្នុងប្រទេសនីមួយៗ និងសម្ភាសអ្នកជំនាញច្បាប់ក្នុងស្រុក ក្នុងការខិតខំវាស់វែងវាយតម្លៃនីតិរដ្ឋ ដោយបានធ្វើឲ្យវាជាសន្ទស្សន៍គ្រប់ជ្រុងជ្រោយបំផុត និងឆ្លើយតបទៅនឹងទិន្នន័យបឋមប៉ុណ្ណោះ”។
នៅប្រទេសកម្ពុជា ២៨ភាគរយប៉ុណ្ណោះនៃអ្នកដែលគេស្ទង់មតិបាននិយាយថា ពួកគេ “យល់ស្រប” ឬ “យល់ស្របយ៉ាងខ្លាំង” ដែល ប៉ូលិសអនុវត្តតាមច្បាប់ ហើយ៣០ភាគរយបាននិយាយថា ប៉ូលិសគោរពសិទ្ធិមូលដ្ឋានរបស់ជនសង្ស័យ និងតែ២២ភាគរយប៉ុណ្ណោះបាននិយាយថា ប៉ូលិសបានទទួលរងទណ្ឌកម្មព្រោះរំលោភច្បាប់។
ខណៈ ដែលប្រហែលពាក់កណ្តាលនៃអ្នកឆ្លើយតបបាននិយាយថា ប្រជាជន សង្គមស៊ីវិល និងគណបក្សនយោបាយ អាចបញ្ចេញមតិដែលរិះគន់គោលនយោបាយរដ្ឋាភិបាល និងសកម្មភាពដោយមិនខ្លាចការសងសឹក មានតែ២៦ភាគរយប៉ុណ្ណោះបាននិយាយថា រឿងទាំងនេះមានតែបណ្តាញព័ត៌មានទេអាចធ្វើបាន។
ប្រទេសកម្ពុជាជារឿយៗទទួលបានសន្ទស្សន៍អន់ស្រដៀងៗ គ្នានេះ។ ប្រទេសនេះបានជាប់លំដាប់១៥៦ក្នុងចំណោម១៧៥ប្រទេសក្នុងសន្ទស្សន៍យល់ ដឹងអំពីអំពើពុករលួយឆ្នាំ២០១៤របស់អង្គការតម្លាភាពអន្តរជាតិ ហើយកាលពីដើមឆ្នាំនេះ ហ្វ្រីដុម ហាវ (Freedom House) ជាអង្គការមិនមែនរដ្ឋាភិបាលមានមូលដ្ឋាននៅអាមេរិក បានវាយតម្លៃប្រទេសកម្ពុជា ថាស្ថិតក្នុង “ប្រភេទគ្មានសេរីភាព” ពេលនិយាយពីសេរីភាពសារព័ត៌មាន៕ និត