27 C
Phnom Penh

ក្មេងប្រុស​ជំទង់​ម្នាក់សារភាព​ថា បាន​រំលោភ​ក្មេងស្រី​ក្បែរខាង​នៅវាលស្រែ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​មូល​ដ្ឋាន​បាន​លើកឡើង​​កាលពី​ម្សិលមិញ​ថា ក្មេង​ប្រុស​ជំទង់​ម្នាក់​សារភាព​ថា បាន​រំលោភ​ក្មេងស្រី​ជិត​ខាង​ខ្លួន​អាយុ​១០​ឆ្នាំ​នៅ​ក្នុង​វាលស្រែ​មួយ​កាលពី​ខែ​មុន បន្ទាប់ពី​ក្មេង​ប្រុស​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​វាតែ​ម្ដងនៅក្នុង​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃពុធ។

យោង​តាម​លោក សេង លុច នាយ​រង​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១៦​ឆ្នាំ​រូប​នេះ​តាម​ចោទ​ថា បាន​រំលោភ​​ក្មេង​ស្រី​េនះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា ខណៈ​ដែល​នាង​បាន​ដើរ​រក​ខ្យង​​នៅ​វាល​ស្រែ​មួយ​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពីភូមិ​របស់ពួក​គេនៅ​ក្នុង​ស្រុក​មោងឫស្សី។

ដោយ​ពន្យល់​ថា ក្មេងស្រី​រូប​នេះ​មិន​ដែល​និយាយ​ពី​ហេតុការណ៍​នោះ​ប្រាប់​ឪពុក​ម្ដាយ​របស់​ខ្លួន​ដែល​​ពួកគាត់បាន​ទូរស័ព្ទ​នៅ​នគរ​បាល​ បន្ទាប់ពី​កត់​សម្គាល់​ឃើញ​មាន​ស្នាម​របួស​នៅ​លើ​ប្រដាប់​ភេទ​របស់​នាង​១សប្ដាហ៍​ក្រោយ​មក​នោះ លោក​បាន​មាន​​ប្រសាសន៍​ថា
“​យើង​បាន​ចាប់​ខ្លួន​​ជន​នេះ​នៅ​ម៉ោង​ប្រហែល​៥ល្ងាច​ថ្ងៃពុធ បន្ទាប់ពី​មាន​ពាក្យ​បណ្ដឹង​ពី​ក្រុម​គ្រួសារ​ក្មេងស្រី​រងគ្រោះ​” ។

លោក​ សេង លុច បានមាន​ប្រសាសន៍​ថា ជន​សង្ស័យ​រូប​នេះ​បាន​សារភាពភ្លាម​បន្ទាប់ពី​ការ​សាក​សួរ​។ លោក​បាន​បន្ថែម​ថា ក្មេង​ប្រុស​ជំទង់រូប​នេះ​ “​បាន​ឃើញ​ឱកាស​ល្អ ពីព្រោះ​ក្មេងស្រី​រូប​នេះ​នៅ​ក្នុង​វាល​ស្រែ​តែ​ម្នាក់​ឯង”។

លោក​បានមាន​ប្រសាសន៍​ថា ការ​ធ្វើ​កោសល្យ​វិច័យ​បញ្ជាក់​ថា នាង​ពិត​ជា​ត្រូវ​បាន​រំលោភ​មែន។ លោក​បាន​បន្ថែម​ថា “​ក្មេងស្រី​រូប​នេះ​នៅ​ស្ងៀម​ នាង​មិន​និយាយ​រក​នរណា​ទេ​ឥឡូវ​នេះ”។

លោក ចិត្រ វន្នី ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ក្មេង​ប្រុស​រូប​នេះ​ត្រូវ​បាន​សាកសួរ​នៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​កាលពី​ម្សិលមិញ ប៉ុន្តែ​ថា លោក​ព្រះរាជអាជ្ញា​រង ហេង លុយ ​​​មិន​ទាន់​បាន​សម្រេច​ថា តើ​ត្រូវ​ធ្វើការ​ចោទ​ប្រកាន់​ឬយ៉ាង​ណា​នោះ​ឡើយ។ លោក​ ហេង លុយ បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ទេ៕ សារុន​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស