33.3 C
Phnom Penh

កម្ពុជា​​​តវ៉ា​​​ចំពោះ​​​គម្រោង​​​សាង​​​សង់​​​ដែល​​​ចម្លង​​​តាម​​​រចនាប័ទ​្ម​​​​​ប្រាសាទ​​​អង្គរវត្ត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

cam-photo-angkor-wat-reuters

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ក្រសួង​​​ការ​​​បរទេស​​​បាន​​​ផ្ញើ​​​កំណត់​​​ទូតទៅ​​​​​​ក្រសួង​​​ការបរទេស​​​ឥណ្ឌា​​​​​​​​​ ដោយ​​​សំដែង​​​ពី​​​ការ​​​ព្រួយ​​​បារម្ភ​​​របស់​​​ខ្លួន​​​ចំពោះ​​​គម្រោង​​​សាង​​​សង់​​​ប្រាសាទ​​​ដែល​​​ចម្លង​​​តាម​​​​​រចនា​​​ប័ទ្ម​​​ដូច​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ និង​​​​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការបញ្ឈប់​​​គម្រោង​​​សាងសង់​​​នេះ​​​។

គម្រោង​​​សាង​​​សង់​​​ប្រាសាទ​​​នេះ​​​​​​ដែល​​​គ្រោង​​​សាង​​​សង់​​​​​​នៅ​​​​​​ក្នុង​​​ខេត្តប៊ីហា (Bihar)ប្រទេស​​​ឥណ្ឌា​​​មាន​​​ដំណើរ​​​ការ​​​តាំង​​​ពីឆ្នាំ​​​២០១២​​​មក​​​​​​ម្លេ៉ះ​​​ នៅ​​​ពេល​​​ក្រុមហ៊ុន​​​ឯកជន​​​មួយ​​​ឈ្មោះ​​​ថា Mahavir Mandir Trust ​​​បាន​​​ប្រកាស​​​ពី​​​គម្រោង​​​សាង​​​សង់​​​ប្រាសាទ​​​ដែល​​​ចម្លង​​​តាម​​​រចនាប័ទ្ម​​​​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ដោយ​​​ធ្វើ​​​ឲ្យ​​​​​​រដ្ឋាភិបាល​​​កម្ពុជា​​​បញ្ចេញ​​​ប្រតិកម្ម​​​​​​យ៉ាង​​​ខ្លាំង​​​។

ដើម្បី​​​ដោះ​​​ស្រាយ​​​ចំពោះ​​​ការ​​​​ព្រួយ​​​បារម្ភ​​​របស់​​​ប្រទេសកម្ពុជា​​​អំឡុង​​​ពេល​​​នោះ​​​ រដ្ឋាភិបាល​​​​​​ឥណ្ឌា​​​បាន​​​បង្ខំ​​​ក្រុម​​​ស្ថាបត្យករ​​​​​ឲ្យ​​​កែ​​​ប្រែ​​​រចនា​​​បទ​​​របស់​​ពួក​​​គេ​​​ចេញ​​​​​​ ប៉ុន្តែ លោក ហ៊ុន ហាន ឯក​​​អគ្គរាជ​​​ទូត​​​កម្ពុជា​​​ប្រចាំ​​​ប្រទេស​​​ឥណ្ឌា​​​បាន​​​លើក​​​ឡើង​​​អំឡុង​​​ពេល​​​ចុះទៅ​​​ពិនិត្យ​​​មើល​​​នៅ​​​ការដ្ឋាន​​​សាង​​​សង់​​​ប្រាសាទ​​​​​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា ប្លង់ថ្មី​​​នៅ​​​តែ​​​ដូច​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ដែល​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មិនអាច​​​ទទួល​​​យក​​​បាន​​​”។

យោង​​​តាម​​​គេ​​​ហទំព័រ​​​ព័ត៌​​​មាន​​​​​​ India Today បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ ហ៊ុន ហាន បាន​​​ថ្លែង​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា “នេះ​​​គឺ​​​ជា​​​បញ្ហា​​​ដ៏​​​រសើុប​​​សម្រាប់​​​កម្ពុជា​​​ ហើយ​​​រដ្ឋាភិបាល​​​របស់​​​​​​យើង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ណាស់​​​ចំពោះ​​​ការ​​​ចុះ​​​ផ្សាយ​​​​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​អំពី​​​ការ​​​ចម្លង​​​រចនាប័ទ្ម​​​​​​អង្គរ​​​វត្ត​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “យើង​​​នឹង​​​លើក​​​យក​​​បញ្ហា​​​នេះ​​​ទៅ​​​ពិភាក្សា​​​ជាមួយ​​​​​​ក្រសួង​​​ការបរទេស​​​ឥណ្ឌា​​​”។

នៅ​​​ក្នុង​​​កំណត់​​​ទូត​​​ដែល​​​ផ្ញើ​​​កាល​​​ពី​​​ម្សិលមិញ​​​ ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ចម្លង​​​តាម​​​រចនា​​​បថ​​​​​អង្គរវត្ត​​​គឺ​​​វា “រំលោភ​​​​បំពាន​​​”  ដល់​​​រចនា​​​ប័ទ្ម​​​អង្គរ​​​វត្ត​​​ដែល​​​ជា​​​សម្បត្តិ​​​បេតិកភណ្ឌ​​​ពិភព​​​លោក​​​​​​ចុះ​​​បញ្ជី​​​​​ទទួល​​​ស្គាល់ និង​​​ការ​​​ពារ​​​ដោយ​​​អង្គការ​​​យូណេស្កូ។

កំណត់​​​ទូត​​​នេះ​​​មាន​​​​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ចាត់​​​ទុក​​​ថា ការ​​​ចម្លង​​​តាម​​​រចនាបទ​​​ប្រាសាទ​​​អង្គរវ​​​ត្ត​​​សម្រាប់​​​ប្រយោជន៍​​​ពាណិជ្ជកម្ម​​​ គឺ​​​ជា​​​ការ​​​រំលោភ​​​បំពាន​​​យ៉ាង​​​​​​ធ្ងន់​​​ធ្ងរ​​​ដល់​​​សម្បត្តិ​​​បេតិកភណ្ឌ​​​ពិភព​​​លោក​​​ ដែល​​​មាន​​​តម្លៃ​​​ជា​​​សាកល​​​ និង​​​មិន​​​អាច​​​កាត់​​​ថ្លៃ​​​បាន​​​សម្រាប់​​​មនុស្ស​​​ជាតិ​​​”។

កំណត់​​​ទូត​​​នេះ​​​មាន​​​ខ្លឹម​​​​​សារ​​​បន្ត​​​ថា ​​​”ទាក់​​​ទិន​​​នឹង​​​បញ្ហា​​​េនះ​​​ ក្រសួង​​​ការ​​​បរទេស​​​និង​​​កិច្ច​​​​សហប្រតិបត្តិការ​​​អន្តរជាតិ​​​នៃ​​​កម្ពុជា​​​ សូម​​​ស្នើ​​​ឲ្យ​​​ក្រសួង​​​ការ​​​បរទេស​​​ឥណ្ឌា​​​ពិចារណា​​​ជា​​​បន្ទាន់​​​ និង​​​ឲ្យ​​​បាន​​​ហ្មត់ចត់​​​ចំពោះ​​​គម្រោង​​​សាង​​​សង់​​​ដែល​​​ចម្លង​​​តាម​​​រចនាប័ទ្ម​​​ប្រាសាទ​​​អង្គរវត្ត ដើម្បី​​​រក្សា​​​ទំនាក់​​​ទំនង​​​​​​ជា​​​យូរ​​​មក​​​ហើយ​​​រវាង​​​ប្រជា​​​ជាតិ និង​​​ប្រទេស​​​ទាំង​​​ពីរ​​​ឲ្យ​​​កាន់​​​តែ​​​​​​ប្រសើរ​​​ឡើង​​​”។

លោក ឌីណេស ប៉ាតណាអីុក (Dinesh Patnaik) ឯកអគ្គរដ្ឋ​​​ទូត​​​ឥណ្ឌា​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រុមហ៊ុន​​​ Mahavir Mandir Trust ទំនង​​​ជា​​​ព្យាយាម​​​ធ្វើ​​​ឲ្យ​​​កើត​​​មាន​​ភាព​​​ចម្រូង​​​ចម្រាស​​​នេះ​​​ដើម្បី​​​ទាក់ទាញ​​​ម្ចាស់​​​ជំនួយ​​​ដែល​​​មាន​​​សក្ដានុពល​​​ចំពោះ​​​គម្រោង​​​របស់​​​ខ្លួន​​​ដែលគ្រោង​​​នឹង​​​ចំណាយ​​​ប្រាក់​​​ចំនួន​​​២០​​​លាន​​​ដុល្លារ និង​​​ចំណាយ​​​ពេល​​​១០​​​ឆ្នាំ​​​ដើម្បី​​​សាង​​​សង់​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ក្រុមហ៊ុន​​​​​​​​​ឆ្លាត​​​ណាស់​​​។ ពួក​​​គេ​​​មាន​​​ចេតនា​​​ធ្វើ​​​ដូច្នេះ​​​ព្រោះ​​​វា​​​ជួយ​​​ក្នុង​​​ការ​​​រៃ​​​អង្គាស​​​មូល​​​និធិ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ខ្ញុំ​​​​​​បាន​​​និង​​​កំពុង​​​ធ្វើ​​​យ៉ាង​​​ណា​​​កុំ​​​ឲ្យ​​​វា​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​យ៉ាង​​​ខ្លាំង​​​ពីសាធារណៈជន​​​”។

លោក ប៉ាតណាអីុក​​​ បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា ក្រុមហ៊ុន​​​ Mahavir Mandir Trust បាន​​​ប្រាប់​​​រដ្ឋាភិបាល​​​ឥណ្ឌា​​​ថា​​​ ខ្លួន​​​មិន​​​មែន​​​ព្យាយាម​​​ចម្លង​​​តាម​​​រចនាបថ​​​​​​ប្រាសាទ​​​​​​អង្គរវត្ត​​​ឡើយ​​​ គឺ​​​គ្រាន់​​​តែ​​​ធ្វើ​​​តាម​​​គំនិត​​​ដែល​​​​ផុស​​​ឡើង​​​ បន្ទាប់​​​ពី​​​បាន​​​ឃើញ​​​ប្រាសាទ​​​អង្គរវត្ត​​​ប៉ុណ្ណោះ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា រដ្ឋាភិបាល​​​ឥណ្ឌា​​​នឹ​​​ង​​​មិន​​​​​​​​​​​​អនុញ្ញាត​​​ឲ្យ​​​ការ​​​សាង​​​សង់​​​ដែល​​​ចម្លង​​​តាម​​​រចនាបថ​​​អង្គរ​​​វត្ត​​​សុទ្ធ​​​សាធ​​​មាន​​​ដំណើរ​​​ការ​​​​​​ទៅ​​​មុខ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មាន​​​ទំនាក់​​​ទំនង​​​ល្អ​​​ខ្លាំង​​​ណាស់​​​ជាមួយ​​​កម្ពុជា ហើយ​​​យើង​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​នរណា​​​ម្នាក់​​​ធ្វើ​​​អ្វី​​​ដែល​​​បង្កើត​​​បញ្ហា​​​នោះ​​​ឡើយ​​​”។

ទោះ​​​ជាយ៉ាង​​​ណា លោក​​​ ប៉ាតណាអីុក បាន​​​គូស​​​បញ្ជាក់​​​ថា ក្រុមហ៊ុន Mahavir Mandir Trust ​​​ នៅ​​​​​​មិន​​​ទាន់​​​​​​សូម្បី​​​តែ​​​ទទួល​​​បាន​​​ដី​​​សម្រាប់​​​គម្រោង​​​​​​សាង​​​សង់​​​​​​ប្រាសាទ​​​នេះ​​​នៅ​​​ឡើយ​​​ទេ​​​។ អ្វី​​​ៗ​​​ទាំង​​​អស់​​​នេះ​​​គឺ​​​គ្រាន់​​​តែ​​នៅ​​​លើ​​​ក្រដាស​​​ប៉ុណ្ណោះ​​​។

លោក​​​ថៃ នរៈសត្យា អ្នក​​​នាំពាក្យ​​​ក្រសួង​​​វប្បធម៌ និង​​​វិចិត្រ​​​សិល្បៈ​​​បាន​​​លើក​​​ឡើង​​​ថា កំណត់​​​ទូត​​​នេះ​​​ គឺ​​​ចាំ​​​បាច់​​​ណាស់​​​ព្រោះ​​​ក្រុមហ៊ុន​​​Mahavir Mandir Trust ​​​​​​បាន​​​ធ្វើ​​​មិន​​​ត្រឹម​​​ត្រូវ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”ប្រសិន​​​បើ​​​ពួក​​​គេ​​​ចង់​​​ចម្លង​​​តាម​​​សម្បត្តិវប្បធម៌​​​ដ៏​​​​​​អស្ចារ្យ​​​​​​គួរ​​​ឲ្យ​​​ស្ញប់​​​ស្ញែង​​​របស់​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​​​​ ពួក​​​គេ​​​គួរ​​​តែ​​​បាន​​​យ៉ាង​​​ហោច​​​ណាស់​​​សុំ​​​ការ​​​អនុញ្ញាត​​​ ឬក៏​​​ទាក់​​​ទង​​​​​​ឲ្យ​​​បាន​​​ច្បាស់​​​លាស់​​​ជា​​​មុន​​​ ទើប​​​សម​​​”។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក​​​បាន​​​បន្ថែម​​​ថា ប្រសិនបើ​​​ទីបំផុត​​​ប្រាសាទ​​​ដែល​​​ចម្លង​​​​​​តាម​​​រចនាបថ​​​អង្គរវត្ត​​​ត្រូវ​​​បាន​​​សាង​​​សង់​​​រួច​​​រាល់​​​នោះ​​​ វាអាច​​​ជា​​​ប្រយោជន៍​​​របស់​​​ប្រទេស​​​កម្ពុជា​​​។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​នឹង​​​ធ្វើ​​​ឲ្យ​​​គេ​​​ចង់​​​មក​​​មើល​​​ប្រាសាទ​​​ពិត​​​ប្រាកដ​​​កាន់​​​តែ​​​ច្រើន​​​ថែម​​​ទៀត​​​”៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស