35 C
Phnom Penh

លោក​​​ នីកូឡៃ ដូរ៉ូសិន​​​កូ ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​ខេត្ត​​​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក នីកូឡៃ ដូរូ៉សិនកូ ជា​​​អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​រុស្សី ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​ខេត្ត​​​ព្រះសីហនុ​​​​​​ កាល​​​ពី​​​ចុង​​​សប្តាហ៍​​​បន្ទាប់ពី​​​តុលាការ​​​កំពូល​​​បាន​​​​​​អនុញ្ញាត​​​ឲ្យ​​​លោក​​​ស្ថិត​​​នៅ​​​ក្រៅ​​​ឃុំ​​​ដោយ​​​សារ​​​បញ្ហា​​​សុខភាព​​​ ជាង​​​ពីរ​​​ខែ បន្ទាប់​​​ពី​​​លោក​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ពីបទ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ជម្លោះ​​​មួយ​​​​​​​ជាមួយ​​​លោក សេរហ្គេ បូ៉លុនស្គី ជា​​​ដៃ​​​​​​គូ​​​វិនិយោគ​​​របស់​​​លោក​​​ដែល​​​ទើបតែ​​​ត្រូវ​​​បាន​​​​​​និរទេស​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​។

ឧត្តមសេនីយ៍​​​ត្រី ជួន ណារិន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក ដូរូ៉សិនកូ​​​ ដែល​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៥ ខែ​​​មីនា បន្ទាប់​​​ពី​​​​​​លោក​​​មិន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ចំនួន​​​ពីរ​​​លើក​​​​​​សម្រាប់​​​​​​ការ​​​​​​សាក​​​សួរ​​​ជុំ​​​វិញ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​ឆបោក​​​​​​​​​​​​​​​នោះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​ខេត្ត​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​គាត់​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ គាត់​​​ទទួល​​​បាន​​​សេរីភាព​​​ត្រឡប់​​​មក​​​វិញ​​​”។

លោក ឃឹម ប៉ុណ្ណ អនុ​​​ប្រធាន​​​តុលាការ​​​កំពូល​​​បាន​​​​​​លើក​​​ឡើង​​​ថា តុលាការ​​​បាន​​​ដោះ​​​លែង​​​លោក ដូរ៉ូសិនកូ ព្រោះ​​​លោក​​​មាន​​​ជំងឺ​​​បេះ​​​ដូង​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​សម្រេច​​​ដោះ​​​លែង​​​គាត់​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ ព្រោះ​​​គាត់​​​មាន​​​ជំងឺ​​​”។

ការ​​​ចោទ​​​ប្រកាន់​​​លើ​​​លោក ដូរ៉ូសិនកូ អាយុ​​​៥៤​​​ឆ្នាំ​​​ ដែល​​​រស់​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ​​​ជា​​​យូរ​​​មក​​​ហើយ និង​​​ដែល​​​មាន​​​សញ្ជាតិ​​​ខ្មែរ​​​គឺ​​​កើត​​​ចេញ​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​ដោយ​​​លោក ប៉ូលុន​​​ស្គី ដែល​​​ថា លោក​​​​​​បាន​​​ក្លែង​​​ហត្ថលេខា​​​​​លើ​​​ឯកសារ​​​ក្លែង​​​បន្លំ​​​​​​ដើម្បី​​​លួច​​​ប្រាក់​​​ចំនួន​​​១០​​​លាន​​​ដុល្លារ​​​​​​ពី​​​ក្រុមហ៊ុន​​​ Sea Snake Investment Group ដែល​​​ជន​​​ជាតិ​​​រុស្សី​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​វិនិយោគ​​​រួម​​​គ្នា​​​។ លោក ដូរ៉ូសិន​​​កូ ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ដោយ​​​សាលា​​​ឧទ្ធរណ៍​​​​​​កាល​​​ពី​​​ខែ​​​មេសា ប៉ុន្តែ អគ្គព្រះរាជ​​​អាជ្ញា​​តុលាការ​​​ បាន​​​ច្រាន​​​ចោល​​​សេចក្តី​​​សម្រេច​​​នេះ​​​ ហើយ​​​លោក​​​នៅ​​​តែ​​​នៅ​​​ជាប់​​​ឃុំ​​​​​​ដដែល​​​។

លោក ទូច ឆាយ​​​ មេធាវី​​​របស់​​​លោក ដូរ៉ូសិនកូ បាន​​​លើក​​​ឡើង​​​ថា គ្រូពេទ្យ​​​នៅ​​​ក្នុង​​​ពន្ធនាគារ​​​មិន​​​អាច​​​ព្យាបាល​​​ជំងឺ​​​បេះ​​​ដូង​​​របស់​​​កូន​​​ក្តី​​​លោក​​​​​​​​​បាន​​​​​ត្រឹម​​​ត្រូវ​​​ឡើយ​​​ ហេតុ​​​ដូច្នេះ​​​លោក​​​ត្រូវ​​​បាន​​​​​​ដោះ​​​លែង​​​ បន្ទាប់​​​ពី​​​តុលាការ​​​កំពូលគិត​​​​​​ថា លោក​​​នឹង​​​មិន​​​ចាក​​​​​​ចេញ​​​ពី​​​ប្រទេស​​​ឡើយ​​​។

លោក ទូច ឆាយ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​មាន​​​ការ​​​សប្បាយ​​​រីករាយ​​​ដែល​​​តុលាការ​​​បាន​​​ដោះ​​​លែង​​​គាត់​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​។ យើង​​​នឹង​​​រង់​​​ចាំ​​​មើល​​​ការ​​​សម្រេច​​​របស់​​​តុលាការ​​​នៅ​​​​​ក្នុង​​​សំណុំ​​​រឿង​​​​​​ថា តើ​​​​​​គាត់​​​នឹង​​​ត្រូវ​​​បាន​​​គេ​​​​​​រក​​​ឃើញ​​​ថា មាន​​​ទោស​​​កំហុស​​​ឬអត់”។

ជម្លោះ​​​ផ្លូវ​​​ច្បាប់​​​​​​រវាង​​​លោក ដូរ៉ូសិនកូ និង​​​លោក ប៉ូលុន​​​ស្គី​​​ ​​​មាន​​​ការល្បីសុះសាយ​​​យ៉ាង​​​ខ្លាំង​​​នៅ​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ពីរ​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​ ដោយ​​​​​​អ្នក​​​ដែល​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ស្ដុកស្ដម្ភ​​​ទាំងពីរ​​​នាក់​​​នេះ​​​បាន​​​ចោទ​​​ប្រកាន់​​​គ្នា​​​ទៅវិញ​​​ទៅមក​​​ពីបទ​​​ឆបោក ចោរកម្ម បរិហារកេរ្តិ៍ និង​​​ពីបទ​​​ប៉ុនប៉ង​​​មនុស្ស​​​ឃាត​​​​​​​​​​​​។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧​​​ ខែ​​​ឧសភា​​​ លោក​​​ ប៉ូលុន​​​ស្គី​​​ ជា​​​បុរស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​បុរស​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ច្រើន​​​បំផុត​​​នៅ​​​រុស្សី​​​ ត្រូវ​​​បាន​​​និរទេស​​​ទៅ​​​ទីក្រុង​​​មូស្គូ​​​វិញ​​​ ដើម្បី​​​រង់​​​ចាំ​​​ការ​​​បើក​​​សវនាការ​​​ជុំ​​​វិញ​​​ការ​​​ចោទ​​​ប្រកាន់ពីបទ​​​កិប​​​កេង​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​។

លោក​​​ បែនសុន សម័យ មេធាវី​​​របស់​​​លោក​​​ ប៉ូលុន​​​ស្គី​​​​​​ បាន​​​លើក​​​ឡើង​​​ថា ចាប់​​​តាំង​​​ពី​​​កូន​​​ក្តី​​​របស់​​​លោក​​​ត្រូវ​​​បាន​​​និរទេស​​​មក​​​​​​ លោក​​​​​​មិន​​​ដឹង​​​ថា ​​​ត្រូវ​​​ជួយ​​​កូន​​​ក្តី​​​របស់​​​លោក​​​តាម​​​វិធី​​​ណា​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ថា ត្រូវ​​​ធ្វើ​​​អ្វី​​​ឡើយ​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ថា ត្រូវ​​​ទាក់​​​ទង​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​តាម​​​របៀប​​​ណា​​​ឡើយ​​​ ហើយ​​​យើង​​​មិន​​​អាច​​​ចាត់​​​វិធាន​​​ការ​​​បាន​​​ឡើយ​​ ​លុះ​​​ត្រា​​​តែ​​​​​​​​​មាន​​​ការ​​​ណែនាំ​​​ពី​​​កូន​​​ក្តី​​​”។

លោក​​ អូសថេប ដូរ៉ូសិន​​​កូ អាយុ​​​៣៦​​​ឆ្នាំ​​​ជា​​​កូន​​​ប្រុស​​​របស់​​​លោក ដូរ៉ូសិន​​​កូ  និង​​​ដែល​​​​​​ជា​​​អនុ​​​សេនីយ៍​​​ឯក​​​ក្នុង​​​កង​​​កម្លាំង​​​នគរបាល​​​អន្តោប្រវេសន៍​​​ខេត្ត​​​​​បាន​​​លើក​​​ឡើង​​​ថា  លោក​​​មាន​​​ការ​​​ធូរ​​​ស្រាល​​​ក្នុង​​​អារម្មណ៍​​​ដែល​​​ឪពុក​​​របស់​​​លោក​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​សប្បាយ​​​ចិត្ត​​​ខ្លាំង​​​ណាស់​​​ដែល​​​ឪពុក​​​របស់​​​ខ្ញុំ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ ហើយ​​​គាត់​​​នឹង​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​ដូច​​​ធម្មតា​​​វិញ​​​”។

ទាក់​​​ទិននឹង​​​​​​ការ​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​នេះ​​​ លោក​​​ អូសថេប បាន​​​លើក​​​ឡើង​​​ថា ឪពុក​​​របស់​​​លោក​​​​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ក្រៅ​​​ប្រទេស​​​ ឬ​​​ក៏​​​ប្តូរ​​​សញ្ជាតិ​​​ឡើយ​​​។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​ជឿ​​​ជាក់​​​ថា​​​ ឪពុក​​​របស់​​​លោក​​​នឹង​​​​​​រួចផុត​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​បង្ហាញឲ្យ​​​ឃើ​​​ញ​​​​​​ថា  យើង​​​មិន​​​បានក្លែង​​​​​​បន្លំ​​​ឯកសារ​​​ឡើយ​​​”៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស