26 C
Phnom Penh

អតីត​សាមណេរ​អះអាង​ថា ជា​ការ​ការ​ពារ​ខ្លួន​ក្នុង​សំណុំរឿង​ចាក់​សម្លាប់​គ្រូសូត្រ​នៅ​វត្ត​សាមគ្គីរង្សី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតសោមណេរ​ ចាន់ សុភក្ត្រ ត្រូវ​ប៉ូលិស​បណ្តើរចេញ​ពី​រថយន្ត​ពន្ធនាគារ​នៅឯ​តុលាការ​ក្រុង​ភ្នំពេញ​ កាលពី​ម្សិលមិញ។​ រូបថតៈ ស៊ីវ ចាន់ណា​/The Cambodia Daily

អតីត​សាមណេរ​​​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ផ្សឹក​​ បាន​ប្រាប់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា រូប​គេ​គ្រាន់​តែ​ការ​ពារ​ខ្លួន​ប៉ុណ្ណោះ​​​ នៅ​ពេល​​ខ្លួន​​ចាប់​សម្លាប់​​គ្រូសូត្រ​មួយ​អង្គ​គង់​នៅ​វត្ត​សាមគ្គីរង្សី​កាលពី​ខែ​មករា។

អតីត​សង្ឃ​ ចាន់ សុភ័ក្ត្រ ​អាយុ​១៨​ឆ្នាំ​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ចំពោះការ​សម្លាប់​ព្រះតេជគុណ ថាច់ ខាន់ ព្រះជន្ម​៣៧​វស្សា​ ជា​គ្រូសូត្រ​​ឆ្វេង​គង់​នៅ​វត្ត​នេះ​ ដែល​ជា​កន្លែង​គង់​អាស្រ័យ​របស់​ក្រុម​ព្រះសង្ឃ​ដែល​ធ្វើ​សកម្មភាព​សកម្មបំផុត​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បទ​ចោទ​ប្រកាន់​នេះ​ត្រូវ​មាន​ទោស​ជាប់ពន្ធនាគារ​ពី​៧ឆ្នាំ​ដល់​១៥​ឆ្នាំ​។

ចៅក្រម​ជំនុំជម្រះ​ តុប ឈុនហេង បាន​មាន​ប្រសាសន៍នៅពេល​បិទ​សវនាការ​​ក្នុង​សំណុំ​រឿង​នេះ​កាលពី​ម្សិលមិញ​ថា “​តុលាការ​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​។ អាជ្ញាធរ​​ក៏​បាន​ដក​ហូត​កាំបិត​ និង​ស្បង់ចីពរ​​របស់​ជន​សង្ស័យ​​ដែរ បន្ទាប់ពី​ជន​សង្ស័យ​បាន​ប្រព្រឹត្ត​បទ​ល្មើស”។

នគរ​បាល​និយាយ​ថា ចាន់ សុភ័ក្ត្រ ជា​ព្រះសង្ឃ​ខ្មែរ​ក្រោម​​ដែល​ប្រើ​ឈ្មោះ​ លី ទឹង បាន​ចាក់​​ព្រះតេជគុណ ថាច់ ខាន់ បន្ទាប់ពី​​គ្រូសូត្រ​អង្គ​នេះ​បាន​​ដាល់​​ចំ​ថ្គាម​ជនល្មើស​នៅ​វត្ត​សាមគ្គីរង្សី។

ភ្លាមៗ​ក្រោយពី​ចាក់ជន​រងគ្រោះ​ ចាន់ សុភ័ក្ត្រ ត្រូវ​បាន​ចាប់​ខ្លួន​ខណៈ​កំពុង​​ពួន​សម្ងំ​​នៅ​ផ្ទះ​មួយ​ក្បែរ​វត្ត​នេះ​ ហើយ​ភ្លាម​ៗ​​ក៏បាន​សារភាព​​​​ថា ខ្លួន​ពិត​ជា​បាន​ប្រើ​អំពើ​​ហិង្សាមែន​ ដោយ​​​​​ប្រាប់​នគរ​បាល​ថា ខ្លួន​ធ្វើ​បែប​នេះ​​គ្រាន់​តែ​ជា​ការ​​តប​ត​​ទៅ​នឹង​​​សកម្មភាព​របស់​​គ្រូសូត្រ​ឆ្វេង​ដែល​ព្យាយាម​​ដាក់​វិន័យ​ខ្លួន​ប៉ុណ្ណោះ​​ ហើយ​នៅ​ក្នុង​តុលាការ​កាលពី​ម្សិលមិញ​ ជន​ល្មើស​ក៏​​នៅ​តែ​អះអាង​បែប​នេះ​​ដដែល​។

ជន​ល្មើស​រូប​េនះ​បាន​និយាយ​ថា “នៅ​ម៉ោង​ប្រហែល​៧ព្រឹក [ព្រះតេជគុណ ថាច់ ខាន់​] បាន​មក​បន្ទប់​របស់​ខ្ញុំ ហើយ​វ៉ៃ​ខ្ញុំ​ពេញ​វត្ត។​ ខ្ញុំ​សួរ​លោក​ថា ‘​ហេតុ​អី​វ៉ៃ​កូណា​?​’ ប៉ុន្តែ​លោក​បាន​​រុញ​ខ្ញុំ​ ហើយ​ដាល់​មុខ​ខ្ញុំ។ ខ្ញុំ​បាន​ព្យាយាម​គេច​​ចេញពី​លោក ប៉ុន្តែ​លោក​នៅ​តែ​ដេញ​តាម​ខ្ញុំ ដូច្នេះ​​ហើយ​ខ្ញុំ​ក៏ទាញ​កាំបិត​ពី​លើ​តុ​ក្បែរ​នោះ ដើម្បី​តបត​ទៅ​វិញ​”។

វត្ត​សាមគ្គីរង្សី​បាន​ក្លាយ​ជា​កន្លែង​ស្នាក់​អាស្រ័យ​របស់​ព្រះសង្ឃ​​ប្រឆាំង​ និង​ជា​កន្លែង​ស្នាក់​អាស្រ័យ​បណ្ដោះ​អាសន្ន​​សម្រាប់​ប្រជាពលរដ្ឋ​រង​​ភាព​អយុត្តិធម៌​​​នៅ​តាម​បណ្ដា​ខេត្ត​ដែល​​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​​សុំ​ជំនួយ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ឬ​រដ្ឋសភា។

​ព្រះសង្ឃ​ភាគ​ច្រើន​ដែល​គង់​នៅ​វត្ត​នេះ​គឺ​ជា​ព្រះសង្ឃ​​ខ្មែរ​កម្ពុជាក្រោម​ ដែល​ភាគ​ច្រើន​​​អះអាង​ថា បាន​ភៀស​ខ្លួន​មក​កម្ពុជា​ដើម្បី​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ខាង​សាសនា​​​នៅ​ក្នុង​ប្រទេស​វៀតណាម​។

ចលនា​តវ៉ា​ផ្សេងៗ​ដូច​ជា​ការ​ប្រឆាំង​ការ​ចាប់​យក​ដីធ្លី​ ឥទ្ធិពល​​របស់​​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​វៀតណាម​ជា​ដើម​​បាន​កើត​ចេញ​ពី​ក្នុង​វត្ត​នេះ ហើយ​អតីត​សង្ឃ ចាន់ សុភ័ក្ត្រ បាន​ប្រាប់​តុលាការ​កាលពី​ម្សិលមិញ​ថា ​ព្រះតេជគុណ ថាច់ ខាន់ បានព្យាយាម​បង្ខំ​ខ្លួន​ឲ្យ​ចូល​រួម​ក្នុង​បាតុកម្ម​។

ជន​ល្មើស​រូប​នេះ​បាន​និយាយ​អំពី​ការ​វាយ​តប់​គ្នា​ដែល​បាន​ឈាន​ដល់​ការ​ចាក់​សម្លាប់​នោះ​ថា “​លោក​ខឹង​​ខ្ញុំ​ ព្រោះ​ខ្ញុំ​មិន​បាន​ចូល​រួម​បាតុកម្ម​ជាមួយ​ព្រះសង្ឃ​ផ្សេង​ទៀត”។

ទោះ​ជាយ៉ាង​ណា ព្រះតេជគុណ ថាច់ សុគន្ធ ដែល​គង់​នៅ​វត្ត​សាមគ្គីរង្សី​ដែរ និង​​ត្រូវ​​​ជា​បង​ប្អូន​ជីដូន​របស់​​ព្រះសង្ឃ​ដែល​សុគត​ បាន​ជំទាស់​ការ​អះអាង​ទាំង​នេះ។​ ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា “​សក្ខីកម្ម​របស់​ ចាន់ សុភ័ក្ត្រ មិន​មែន​ជា​ការ​ពិត​ទេ។ ​ព្រះតេជគុណ ថាច់ ខាន់ គ្រាន់​តែ​ស្ដីបន្ទោស​សាមណេរ​​​នេះ​ប៉ុណ្ណោះ ដោយ​សារ​តែសាមណេរ​​នេះ​ប្រព្រឹត្ត​មិន​ល្អ​។ លោក​មិន​ដែល​បង្ខំ​ព្រះសង្ឃ​អង្គណា​ឲ្យ​ចូលរ​ួម​បាតុកម្ម​នោះ​ទេ វា​ជា​ការ​ស្ម័គ្រចិត្ត”។

ព្រះតេជគុណ​អង្គ​នេះ​បាន​មាន​សង្ឃដីកា​បន្ត​ថា ​​ព្រះតេជគុណ ថាច់ ខាន់ បាន​ហៅ​សាមណេរ​ ចាន់ សុភ័ក្ត្រ ទៅ​ទទួល​ការ​​ដាក់​វិន័យ ​បន្ទាប់​ពី​ ចាន់ សុភ័ក្ត្រ ​បាន​ហែក​​ផ្ទាំង​ប្រកាស​​មួយ​​ដែល​សរសេរ​ថា បុគ្គល​ម្នាក់​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​​​ប្រើ​ឈ្មោះ​វត្ត​នេះ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​មាន​បាន។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​​ការ​ចាក់​សម្លាប់​នេះ ព្រះតេជគុណ ថាច់ ហាសំអាង ​ព្រះចៅអធិការ​ស្ដីទី​នៃ​វត្ត​នេះ​​​​បាន​មាន​សង្ឃដីកា​ថា ទង្វើ​នេះ​ជា​ការ​រៀបចំ​ទុក​ជាមុន​ ហើយ​បាន​លើក​ឡើង​ថា មាន​ការ​ជ្រៀតជ្រែក​ពី​ខាង​​ក្រៅ​។ ព្រះអង្គ​បាន​​​​មាន​សង្ឃដីកា​នៅ​ពេល​នោះ​ថា “​​វា​អាច​មាន​នរណា​ម្នាក់​​​នៅ​ខាង​ក្រៅ​វត្ត​ញុះញង់​​ឲ្យ​​សាមណេរ​​នេះ​បង្ក​បញ្ហា​នៅ​​ក្នុង​វត្ត​ ពីព្រោះ​បើ​វត្ត​​​មាន​រឿង​កើត​ឡើង [​អាជ្ញាធរ​]​ ​​អាច​បិទ​វត្ត​នេះចោល​​បាន​”​។

​ពេល​ទាក់​ទង​កាលពី​ម្សិលមិញ ​​​លោក ណៃ វណ្ណដា​ មន្ត្រី​ឃ្លាំ​មើល​ជាន់​ខ្ពស់​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ស៊ើបអង្កេត​ករណី​នេះ​ ហើយ​លោក​មិន​ពេញ​ចិត្ត​ឡើយ​ចំពោះ​ការ​អះអាង​ថា ចាន់ សុភ័ក្ត្រ ​សម្លាប់​ព្រះតេជគុណ ថាច់ ខាន់ ដោយ​ចៃដន្យ​។

លោក​បាន​ថ្លែង​ថា “​យើង​សង្ស័យ​ថា ករណី​នេះពាក់​ព័ន្ធ​​ការ​ញុះញង់​។ ប្រជាពល​រដ្ឋ​ជាច្រើន​ដែល​ចាញ់​ក្ដី​នៅ​ក្នុង​វិវាទ​ដីធ្លី​​បាន​​មក​វត្ត​នេះ។ នៅ​ជ្រុង​ម្ខាង​ទៀត​នៃ​វិវាទ​ទាំង​នោះ គឺ​ជា​អ្នក​មាន​​ទ្រព្យ​ស្ដុកស្ដម្ភ ដែល​ប្រហែល​ជាមិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​វត្ត​នេះ។​ នោះ​ជា​មូលហេតុ​ដែល​យើង​អំពាវ​នាវ​​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​​ពេញលេញ និង​ឯករាជ្យ”។

ចៅក្រម​ជំនុំជម្រះ​ តុប ឈុនហេង បាន​បញ្ជាក់​ថា សាលា​ដំបូង​នឹង​ចេញ​សាល​ក្រម​ក្នុង​សំណុំរឿង​នេះ​​នៅ​ថ្ងៃទី២៣ ខែ​មិថុនា៕ សុខុម (រាយការណ៍​បន្ថែម​ដោយ Matt Blomberg)​​​​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស