
ក្រុងបាត់ដំបង-មួយសប្តាហ៍មុន វិចិត្រករមួយក្រុមនៅទីនេះ បានប្រារព្ធខួបទីបួននៃសាមគ្គី ជាមជ្ឈមណ្ឌលសហគមន៍ប្រកបដោយមហិច្ឆតា ដែលបើកសម្រាប់អ្នកចាប់អារម្មណ៍ក្នុងសិល្បៈ។
សាមគ្គី គឺជាការឆ្លុះបញ្ចាំងនៃវិចិត្រករនៅក្នុងទីក្រុង ពោលគឺរស់រវើក ជោគជ័យ ប៉ុន្តែខ្វះខាតថវិកា។
ដោយរក្សាបាននូវធនធានមានកម្រិតបំផុត មជ្ឈមណ្ឌលដែលរៀបចំការតាំងពិព័រណ៍ សិក្ខាសាលា ផ្តល់នូវការបណ្តុះបណ្តាលផ្នែកសិល្បៈ និងធ្វើជាទីតាំងប្រជុំសម្រាប់គំនិតច្នៃប្រឌិត បានឆ្លងកាត់ឧបសគ្គជាច្រើនប៉ុន្មានឆ្នាំកន្លងមកនេះ បានជួយសង្គ្រោះនៅចំណុចមួយបន្ទាប់ពីវិចិត្រករ បានបរិច្ចាគការងារសិល្បៈរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍រៃអង្គាសប្រាក់។
រយៈពេលពីរបីខែបន្ទាប់មក ដំណើរការនៃមជ្ឈមណ្ឌលនេះនឹងកាន់តែរង្គោះរង្គើចាប់តាំងពីអង្គការមូលនិធិកុមារកម្ពុជា ដែលទទួលខុសត្រូវលើមជ្ឈមណ្ឌលនេះអស់រយៈពេល១ឆ្នាំ ឥឡូវនេះ បានដកខ្លួនចេញដោយសារតែបញ្ហាថវិកា។
សាមគ្គី មានសារៈសំខាន់ជាងមុន ពីព្រោះបាត់ដំបងមានតែទីតាំងពីរកន្លែងផ្សេងទៀតប៉ុណ្ណោះសម្រាប់តាំងពិព័រណ៍សិល្បៈសហសម័យ ទោះបីជាមានវិចិត្រករភាគច្រើនដែលចាត់ទុកទីក្រុងនេះជាផ្ទះរបស់ខ្លួនក៏ដោយ។
ដោយសារតែអង្គការហ្វារពន្លឺសិល្បៈ ដែលបានបង្រៀនសិល្បៈដល់យុវជនមកពីក្រុងបាត់ដំបងចាប់តាំងពីពាក់កណ្តាលឆ្នាំ១៩៩០នោះ ទីក្រុងនេះមានធនធាននៃវិចិត្រករចំណានៗ ដែលអន្ទះសាចង់តាំងពិព័រណ៌៍នៅក្នុងក្រុងរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ អ្នកទិញសិល្បៈសហសម័យខ្មែរភាគច្រើន គឺសុទ្ធតែជនបរទេស ហើយអ្វីៗដែលធ្វើឲ្យទើសផ្លូវភ្ញៀវទេសចរក្នុងក្រុងបាត់ដំបង មានដូចជាការសាងសង់ផ្លូវថ្នល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ អាចប៉ះពាល់ដល់ទីផ្សារសិល្បៈ។

វិចិត្រករ ស្រី បណ្តូល ជាស្ថាបនិកម្នាក់ក្នុងបណ្តាស្ថាបនិកទាំងអស់របស់អង្គការហ្វារ ដែលបានបណ្តុះបណ្តាលវិចិត្រករស្ទើរតែទាំងអស់នៅក្នុងបាត់ដំបង បាននិយាយថា ទោះជាយ៉ាងនេះក្តី វិចិត្រករនៅតែប្រឹងធ្វើការ។
លោក បណ្តូល បាននិយាយថា “វិចិត្រករមិនមានទ្រព្យធនច្រើនទេក្នុងពិភពលោកនេះ។ វិចិត្រករនៅក្នុងខេត្តបាត់ដំបងក្រីក្រណាស់ ប៉ុន្តែពួកគេខ្លាំង…. ពួកគេមិនមានមហិច្ឆតាធំទេ គឺពួកគេគ្រាន់តែត្រូវការប្រាក់កាស់តិចតួច ដើម្បីទិញអាហារ ពណ៌និងរបស់របរធ្វើការប៉ុណ្ណោះ”។
លោក បណ្តូល ដែលជាសមាជិកគណៈកម្មការនាយកសាមគ្គី ដែលសង្ឃឹមថានឹងប្រែក្លាយអ្វីដែលជាការប្រមូលផ្តុំមិនផ្លូវការទៅជាអង្គការមានលក្ខណៈជាប្រព័ន្ធសម្រាប់សិល្បៈ និយាយថា កិច្ចនេះធ្វើឲ្យវាមានសារៈសំខាន់ដើម្បីបើកមជ្ឈមណ្ឌលមួយដូចជាសាមគ្គីជាដើម។
លោក បេន វ៉ាឡែនទីន ជាវិចិត្រករ និងអ្នកគ្រប់គ្រងមជ្ឈមណ្ឌល ដែលមានតាំងពិព័រណ៍រូបថតមានចំណងជើងថា “បាត់ដំបង ការងារថ្មីៗ” បាននិយាយថា “យើងនឹងក្លាយជាទីកន្លែងមួយ ដែលវិចិត្រករវិជ្ជាជីវៈខ្មែរអាចរៀន អាចតាំងពិព័រណ៍ ដែលបន្ថែមលើជីវប្រវត្តិរបស់ខ្លួន និងជាទីកន្លែងមួយ ដែលអ្នកផ្សេងទៀត….អាចមក អាចសប្បាយ និងបញ្ចេញគំនិតច្នៃប្រឌិត”។
“បាត់ដំបង” រៀបរាប់អំពីរូបថតខ្មៅស ដែលលោក វ៉ាឡែនទីន បានថតដើម្បីឆ្លុះបញ្ចាំងឲ្យឃើញនូវសកម្មភាពខ្លះៗរបស់សាមគ្គី គឺកុមារអាចចូលមកគូរគំនូរ សួរសំណួរវិចិត្រករ ឬមើលរូបតាំងពិព័រណ៍។
លោក ដារ៉េន ស្វលឡូ ជាសមាជិកគណៈកម្មាធិការនាយកសាមគ្គី ជាមួយនឹងប្រពន្ធរបស់លោក ជាវិចិត្រករ គឺ អ្នកស្រី ខ្ចៅ ទូច គ្រប់គ្រងទីតាំងមួយក្នុងបណ្តាទីតាំងសិល្បៈសហសម័យពីរកន្លែងផ្សេងទៀតនៅក្នុងទីក្រុង គឺបទុម បាននិយាយថា ” យើងកំពុងគិតបន្ថែមពាក្យ’សិល្បៈសហគមន៍’ថែមលើឈ្មោះវិចិត្រសាល ពីព្រោះវាមានសារៈសំខាន់ចំពោះយើងដែលថា សហគមន៍ជាប់ពាក់ព័ន្ធនឹងសិល្បៈ”។
លោក ស្វលឡូ បាននិយាយថា “វិចិត្រករ ចូវ ធានលី គឺជាឧទាហរណ៍នៃការជាប់ទាក់ទងជាមួយសហគមន៍នេះ។ ធានលីនឹងផ្អាកការគូររបស់គាត់ ដោយមិនគិតផលប្រយោជន៍ខ្លួនឯង គឺគាត់ប្រើមណ្ឌលសាមគ្គីជាស្ទូឌីយ៉ូនៅពេលនេះ ប្រសិនបើមានយុវជនដែលចាប់អារម្មណ៍ បើកមើលសៀវភៅស្តីពីសិល្បៈ ហើយបន្ទាប់មកបង្រៀនមេរៀនអំពីប្រវត្តិសិល្បៈមួយម៉ោង”។

ទីតាំងសិល្បៈទីបីនៅក្នុងទីក្រុងកើតឡើងតាមរយៈកិច្ចខំប្រឹងប្រែងដើម្បីជួយវិចិត្រករ ទោះបីជាអត្តខាត់យ៉ាងណាក៏មិនបោះបង់ចោលដែរ។ បង្កើតឡើងដោយ អាឡាំង ត្រូឡេ អតីតនាយកវិទ្យាស្ថានបារាំងក្នុងក្រុងភ្នំពេញ រំចេក៥ផ្តល់ឲ្យវិចិត្រករបួនរូបនូវស្ទូឌីយ៉ូ និងកន្លែងស្នាក់នៅ។ បច្ចប្បន្ននេះ អ្នកស្នាក់នៅទីនោះ រួមមាន បូរ ហាក់ ហោ សីហា ង៉ែត ចាន់ពេញ និងមិល ចាន់ក្រឹម។
ទីតាំងសាមញ្ញនេះ ត្រូវបានពង្រីកថ្មីៗនេះដើម្បីបន្ថែមវិចិត្រសាលសិល្បៈដោយមានកម្មវិធីតាំងពិព័រណ៍ទូលំទូលាយ បន្ថែមលើបន្ទប់នៅជាន់លើ ដែលវិចិត្រករបួនរូបតាំងបង្ហាញការងាររបស់គេ។
លោក ត្រូឡេ បាននិយាយថា “រឿងនេះខ្ញុំបានគិតតាំងពីដំបូងមកម្លេ៉ះ គឺឲ្យពួកគេរក្សាទុកកំណត់ត្រាដែលឆ្លុះបញ្ចាំងនូវការវិវត្តិនៃការងាររបស់គេ។
លោក ស្វលឡូ បាននិយាយថា ការធ្វើឲ្យវិចិត្រករយល់ដឹងអំពីសេចក្តីត្រូវការក្នុងការចងក្រងជាឯកសារនូវការធ្វើដំណើរពួកគេ គឺជាគំរូនៃការឧបត្ថម្ភដែលពួកគេត្រូវការ។ ការជួយពួកគេកំណត់តម្លៃ គឺជារឿងមួយ ក្នុងពេលដែលវិចិត្រករខ្លះទម្លាក់តម្លៃរបស់ខ្លួន ចំណែកឯវិចិត្រករផ្សេងទៀតឲ្យតម្លៃខ្ពស់ពេក។
អ្នកស្រី ទូច និយាយថា “វិចិត្រករគ្រប់រូប កំពុងព្យាយាមស្វែងរកថាពួកគេជានរណា និងប្រឹងបន្តទៀត។ ដោយមានមណ្ឌលសាមគ្គីស្ថិតក្រោមការគ្រប់គ្រងរបស់យើង យើងត្រូវបន្តធ្វើឲ្យកន្លែងនេះក្លាយជាកន្លែងសម្រាប់វិចិត្រករដើម្បីចែករំលែក រៀនសូត្រ និងតាំងពិព័រណ៍”៕រើន