លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា គណបក្សសង្គ្រោះជាតិចង់ឲ្យសភាជាតិពិនិត្យឡើងវិញនូវសន្ធិសញ្ញាព្រំដែនឆ្នាំ២០០៥ដ៏ចម្រូងចម្រាសជាមួយវៀតណាម ដោយមានលទ្ធភាពនៅចំហដើម្បី “ចរចាឡើងវិញពីដំបូង”។
សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមនេះទទួលរងការប្រឆាំងយ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំងនៅពេលអនុម័តកាលពីឆ្នាំ២០០៥ ដោយមានការរិះគន់កិច្ចព្រមព្រៀងនេះ ដែលនាំឲ្យឈានទៅដល់ការចាប់អ្នកប្រឆាំងបួននាក់ដាក់ពន្ធនាគារ និងមានការគំរាមកំហែងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថានឹងរំលាយរបបរាជានិយមទៀតផង។
មួយទសវត្សរ៍ក្រោយមក លោក រង្ស៊ី បានមានប្រសាសន៍ថា ចំណុចមួយចំនួននៃសន្ធិសញ្ញានោះមិនត្រូវបានអនុវត្តត្រឹមត្រូវនៅឡើយទេ ជាពិសេសចំណុចដែលចង់ការពារសហគមន៍ដែលមានស្រាប់នៅតាមតំបន់មានជម្លោះ ដោយអនុញ្ញាតឲ្យមន្ត្រីគូសព្រំដែនជុំវិញតំបន់ទាំងនោះ។
លោក រង្ស៊ី បានមានប្រសាសន៍ថា “ជាឧទាហរណ៍មួយ ក្នុងខជាច្រើននៃសន្ធិសញ្ញាដែលគូសព្រាងព្រំដែន និយាយថា ព្រំដែនគួរ ‘មានលក្ខណចេញចូល’ និងឡើងចុះ ឡើងចុះ ដើម្បីបញ្ចៀសចំណុចចម្រូងចម្រាស ត្រង់កន្លែងដែលមានភូមិខ្មែរ និងបត់បែន ដើម្បីកុំឲ្យប៉ះពាល់ដល់ប្រជាជនមូលដ្ឋាន”។
“ប៉ុន្តែ វិធីដែលគេបានគូសព្រំដែន ពួកគេបានកាត់ភូមិខ្មែរ[ចូលទឹកដីវៀតណាម] ដែលផ្ទុយនឹងស្មារតីនៃសន្ធិសញ្ញានេះ ហេតុដូច្នេះហើយ យើងត្រូវពិនិត្យសន្ធិសញ្ញានេះដោយប្រុងប្រយ័ត្នឡើងវិញ ដើម្បីឲ្យដឹងថា ហេតុអ្វីខទាំងនេះមិនត្រូវបានអនុវត្តដោយត្រឹមត្រូវ”។
លោក រង្ស៊ី បានមានប្រសាសន៍ទាក់ទិននឹងការធ្វើដំណើរនាពេលថ្មីៗទៅតំបន់ព្រំដែនមានជម្លោះដោយតំណាងរាស្ត្របក្សប្រឆាំង ដែលដឹកនាំដោយលោក ម៉ៅ មុនីវណ្ណ និងលោក អ៊ុំ សំអាន ថា “នេះជាអ្វីដែល[តំណាងរាស្ត្រ]បក្សប្រឆាំងកំពុងធ្វើ ដោយបង្ហាញឲ្យឃើញនូវអ្វីដែលមិនត្រូវបានអនុវត្តតាមក្នុងសន្ធិសញ្ញានេះ”។
លោករង្ស៊ី បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិនឹងពិនិត្យមើល ថាតើការអនុវត្តត្រឹមត្រូវនៃសន្ធិសញ្ញានេះជាមួយវៀតណាម អាចការពារសហគមន៍ខ្មែរពីការបាត់បង់ដី មុនការស្វះស្វែងឲ្យកែប្រែសន្ធិសញ្ញានេះឬយ៉ាងណា។
លោក រង្ស៊ី បានមានប្រសាសន៍អំពីសន្ធិសញ្ញានេះ ដោយមិនប្រាប់ពេលវេលា ឬពេលណាដែលការខិតខំបែបនេះអាចកើតឡើងនោះថា “ប្រសិនបើគ្មានវិធីដោះស្រាយវាទេ យើងត្រូវចរចាវាឡើងវិញចាប់ពីដំបូង”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គណបក្សកាន់អំណាចអាចគាំទ្រកិច្ចខំប្រឹងប្រែងណាដើម្បីកែប្រែសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ប្រសិនបើលោក ហ៊ុន សែន និងលោក រង្ស៊ី ធ្វើកិច្ចព្រមព្រៀងមួយជាផ្នែកនៃ”វប្បធម៌សន្ទនា”។
លោក ឥសាន បានមានប្រសាសន៍ទាក់ទិននឹងការចរចាជាថ្មីណាមួយថា “វាអាស្រ័យលើថ្នាក់ដឹកនាំទេ។ អំពីបញ្ហាធ្វើការស៊ើបអង្កេតវិញ…គាត់អាចទៅពិនិត្យមើល មានន័យថា គាត់អាចទៅនិងពិនិត្យផ្ទៀងផ្ទាត់ថាតើបង្គោលព្រំដែនត្រូវគេបោះត្រឹមត្រូវឬអត់”។
ក៏ប៉ុន្តែ លោក ឥសាន បានច្រានចោលការអះអាងរបស់លោក រង្ស៊ី ថាមន្ត្រីកម្ពុជានិងវៀតណាមមិនបានបង្ហាញលក្ខណៈបត់បែនព្រំដែនជុំវិញសហគមន៍ដែលមានស្រាប់ ចាប់តាំងពីសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ត្រូវបានអនុម័ត។
លោក ឥសាន បានពន្យល់ថា “ដើម្បីការពារផលប្រយោជន៍របស់ប្រជាជននៃជនជាតិទាំងពីរ ភាគីទាំងពីរបានចុះហត្ថលេខាដោះដូរដី ដែលយើងបានចូលទៅគេ២.០០០ហិកតា ហើយវៀតណាមចូលមកយើងតែ១.០០០ហិកតា។ ហើយការងារដោះដូរមិនទាន់ចប់ទេ”។
លោកបានបន្ថែមថា “រឿងស្រឡាញ់មិនមែនមានតែគណបក្សដទៃទេ គណបក្សប្រជាជនកម្ពុជាស្រឡាញ់ទឹកដីជាងគណបក្សនយោបាយដទៃទៀត”។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនរួមកម្ពុជាជាមួយវៀតណាម បានមានប្រសាសន៍ថា បញ្ហានេះគឺស្មុគស្មាញជាងដែលបានលើកឡើងដោយលោក រង្ស៊ី ទៅទៀត។ លោកមានប្រសាសន៍ថា មន្ត្រីព្រំដែនគិតគូរទាំងការកាន់កាប់ដីពិតប្រាកដដោយសហគមន៍ និងទាំងការកំណត់លើផែនទីផ្លូវការ។
លោក គឹមហុង បានមានប្រសាសន៍ថា “ខ្ញុំមិនអាចនិយាយអំពីបញ្ហានេះតែក្នុងពេលមួយឬពីរនាទីបានទេ។ ចំពោះបញ្ហាព្រំដែន យើងអនុវត្តផ្អែកលើច្បាប់ក្នុងស្រុក ច្បាប់អន្តរជាតិ ផែនទីនិងគោលការណ៍នៃខ្សែបន្ទាត់ព្រំដែនដែលមិនអាចកែប្រែបាន។ ចំពោះការកាន់កាប់[ដីដោយពលរដ្ឋខ្មែរ]ជាក់ស្តែង នោះជាអាទិភាពបន្ទាប់”។
សន្ធិសញ្ញាព្រំដែនឆ្នាំ២០០៥ដ៏ចម្រូងចម្រាសដែលបំពេញបន្ថែមឲ្យសន្ធិសញ្ញាឆ្នាំ១៩៨៥ជាមួយប្រទេសវៀតណាម ដែលចុះហត្ថលេខានៅពេលដែលប្រទេសកម្ពុជាកាន់កាប់ដោយប្រទេសវៀតណាមក្រោយរបបប៉ុល ពត ដួលរលំ ជាកិច្ចព្រមព្រៀងមួយដែលសម្តេច ព្រះនរោត្តម សីហនុ និងមន្ត្រីជាច្រើនក្នុងក្រុមនយោបាយប្រឆាំងបានលើកហេតុផលជំទាស់យូរមកហើយថា ខ្វះភាពត្រឹមត្រូវតាមច្បាប់ថាជាផលវិបាក។
អំឡុងការពិភាក្សាអំពីសន្ធិសញ្ញាបំពេញបន្ថែមកាលពីខែតុលាឆ្នាំ២០០៥ សម្តេចព្រះនរោត្តម សីហនុ រយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីព្រះអង្គបានដាក់រាជ្យ បានពណ៌នាអំពីសន្ធិសញ្ញាឆ្នាំ១៩៨៥ថា “ខុសច្បាប់និងផ្ទុយទាំងស្រុងទៅនឹងកិច្ចព្រមព្រៀងក្រុងប៉ារីសអំពីប្រទេសកម្ពុជា” និងបានរិះគន់ការប្រឹងប្រែងរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលធ្វើសន្ធិសញ្ញានេះ។
ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះមហាក្សត្រ នរោត្តម សីហមុនី បន្ទាប់មក ទំនងជាជំទាស់ នៅពេលដែលតម្រូវឲ្យចុះព្រះហស្ថលេខាលើសន្ធិសញ្ញាថ្មីនេះឲ្យក្លាយជាច្បាប់ ជាហេតុនាំឲ្យមានការគំរាមពីលោក ហ៊ុន សែន ថានឹងរំលាយរាជានិយម។
លោក ហ៊ុន សែន បានមានប្រសាសន៍នៅខែតុលាឆ្នាំ២០០៥ថា “ខ្ញុុំបាននិយាយទៅសម្តេចក្រុមព្រះ [នរោត្តម] រណឫទ្ធិ តាមទូរស័ព្ទថា ប្រសិនបើពិបាកចុះព្រះហស្ថលេខានៅពេលនេះ យើងត្រូវពិនិត្យឡើងវិញ តើយើងគួរទុករាជានិយម ឬបង្កើតសាធារណរដ្ឋ? ប្រសិនបើព្រះមហាក្សត្រមិនឡាយព្រះហស្ថលេខា ព្រះអង្គគួរប្រាប់ហេតុផល។ ហេតុអ្វីយើងទុករាជានិយម?”។
នៅពេលដែលសេចក្តីលម្អិតនៃសន្ធិសញ្ញាបំពេញបន្ថែមមិនទាន់បញ្ចេញឲ្យដឹងជាសាធារណៈ រហូតទាល់តែសភាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានអនុម័តច្បាប់នេះនៅខែវិច្ឆិកាឆ្នាំ២០០៥ សកម្មជនមាននិន្នាការប្រឆាំងជាច្រើននាក់ត្រូវចាប់ដាក់ពន្ធនាគារ ព្រោះហ៊ានរិះគន់សន្ធិសញ្ញានេះ បន្ទាប់ពីមានបណ្តឹងបរិហារកេរ្តិ៍ ដែលប្តឹងដោយលោក ហ៊ុន សែន។
អ្នកដែលជាប់ពន្ធនាគារព្រោះការរិះគន់របស់ខ្លួនចំពោះកិច្ចព្រមព្រៀងនេះមានលោក កឹម សុខា ឥឡូវជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក រ៉ុង ឈុន មេដឹកនាំសហជីព ឥឡូវជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប៉ា ងួនទៀង សព្វថ្ងៃជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងលោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុឯករាជ្យ។
អ្នកទាំងអស់នេះបានបដិសេធសន្ធិសញ្ញាបំពេញបន្ថែមនេះ និងបានចោទលោក ហ៊ុន សែន ថាបានប្រើវាដើម្បីប្រគល់ទឹកដីកម្ពុជាអធិបតេយ្យតាមបណ្តោយព្រំដែនទៅឲ្យវៀតណាម ជាការអះអាងដែលលោក ហ៊ុន សែន បានបដិសេធ។
លោក រង្ស៊ី បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកបានគិតថា ទំនាក់ទំនងនយោបាយរវាងរដ្ឋាភិបាលនិងបក្សប្រឆាំង ឥឡូវនេះមានលក្ខណៈស្ថាបនាច្រើន និងបានកោតសរសើរលោក ហ៊ុន សែន ពីព្រោះបានស្នើមន្ត្រីការិយាល័យនយោបាយវៀតណាមម្នាក់នៅដើមសប្តាហ៍នេះ ឲ្យមានសេចក្តីអត់ធ្មត់នៅពេលដែលសកម្មជនគណបក្សសង្គ្រោះជាតិទៅបំពេញបេសកកម្មនៅតាមព្រំដែន។
លោកបានមានប្រសាសន៍ថា “យើងគិតថា រដ្ឋាភិបាលមានការអត់ឱនច្រើនដោយអនុញ្ញាតឲ្យយើងទៅមើលព្រំដែន ហើយយើងចាត់ទុកថា ជាការវិវត្តវិជ្ជមាន ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើមន្ត្រីជាន់ខ្ពស់ម្នាក់មកពីវៀតណាមឲ្យនៅស្ងៀម និងកុំប្រើអំពើហិង្សាលើក្រុមសកម្មជនរបស់បក្សប្រឆាំង”៕ និត