36 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​រិះគន់​ការ​បដិសេធ​របស់​រដ្ឋាភិបាល​មិន​ផ្តល់​ផែនទី​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​បន្ទោស​រដ្ឋាភិបាល​ទាក់ទិន​នឹង​ការ​បដិសេធ​ជាច្រើន​លើក​មិន​បញ្ចេញ​ជា​សាធារណៈ​នូវ​ផែនទី​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម ដោយ​និយាយ​ថា លោក​នឹង​បន្ត​ជំរុញ​ធ្វើ​សន្និសីទ​កាសែត​ដែល​ត្រូវ​គេ​ហាមប្រាម ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ដឹង​អំពី​កង្វះ​តម្លា​ភាព​អំពី​បញ្ហា​នេះ។

លោក មុនីវណ្ណ កាលពី​ខែ​មុន បាន​ដឹកនាំ​យុទ្ធនាការ​ក្រុម​ប្រឆាំង​ដើម្បី​ឲ្យ​ដឹង​ឮ​អំពី​ការ​រំលោភ​បំពាន​ព្រំដែន​ខាង​កើត​របស់​ប្រទេស​កម្ពុជា​ពី​សំណាក់​ប្រទេស​វៀតណាម ប៉ុន្តែ​លោក​លើក​ហេតុ​ផល​ថា ការ​ប្រឹងប្រែង​នេះ​ត្រូវ​រារាំង​ដោយ​ការ​បដិសេធ​របស់​រដ្ឋាភិបាល មិន​ព្រម​ផ្តល់​ផែនទី​ដែល​ខ្លួន​ប្រើ​ក្នុង​ការ​ចរចា​កំណត់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

ដោយ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​រួម​កម្ពុជា​ជាមួយ​វៀតណាម ច្រានចោល​លិខិត​ជាច្រើន​របស់​លោក​ស្នើ​សុំ​ផែនទី​នោះ តំណាង​រាស្ត្រ​រូប​នេះ​មាន​ផែនការ​ធ្វើ​សន្និសីទ​កាសែត​នៅ​សភា​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​បាន​បដិសេធ​មិន​ផ្តល់​ការ​អនុញ្ញាត​ដោយ​លោក ហេង សំរិន ប្រធាន​សភា​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សំរិន បាន​សរសេរ​លើ​លិខិត​នោះ​ដែល​លោក មុនីវណ្ណ បាន​ផ្ញើ​ឲ្យ​លោក​ជូន​ដំណឹង​លោក​អំពី​សន្និសីទ​កាសែត​គ្រោងទុក​នៅ​ព្រឹក​នេះ​ថា “សភា​មិន​ដែល​ចេញ​លិខិត​បេសកកម្ម​ឲ្យ​ឯកឧត្តម​ធ្វើការ​អំពី​បញ្ហា​នេះ​ទេ ដូច្នេះ​ខ្ញុំ​មិន​អាច​អនុញ្ញាត​ឲ្យ​មាន​សន្និសីទ​កាសែត​នៅ​សភា​បាន​ទេ”។

លោក មុនីវណ្ណ បាន​មាន​ប្រសាសន៍​ថា ឥឡូវ​នេះ​លោក​មាន​ផែនការ​នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ច័ន្ទ ដោយ​និយាយ​ថា លោក​ប្រហែល​ធ្វើ​សន្និសីទ​នៅ​មុខ​អគារ​សភា ប្រសិនបើ​គាត់​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ទីតាំង​របស់​សភា​ដើម្បី​ផ្សព្វផ្សាយ​ការ​បដិសេធ​របស់​លោក គឹមហុង។

លោក មុនីវណ្ណ បាន​និយាយ​ថា “ប្រសិនបើ​គាត់​មិន​បញ្ចេញ [ផែនទី​ព្រំដែន] មាន​ន័យ​ថា អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ទាក់ទិន​នឹង​ការ​បោះ​បង្គោល​ព្រំដែន មាន​ភាព​សម្ងាត់។ អ្នក​ខ្លះ​មាន​មតិ​ថា គាត់​បាន​បោះ​បង្គោល​ព្រំដែន​ដោយ​មិន​ប្រើ​ផែនទី​ខ្នាត​១​លើ​១០០.០០០ ដែល​រក្សា​ទុក​នៅ​អង្គការ​សហ​ប្រជាជាតិ​ទេ”។

រដ្ឋធម្មនុញ្ញ​ចែង​ថា ផែនទី​ខ្នាត​១លើ​១០០.០០០​ទទួល​ស្គាល់​ដោយ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដែល​ផ្ទុយ​ពី​ផែនទី​ផ្សេងៗ ដូចជា​ផែនទី​ខ្នាត​១​លើ​៥០.០០០ ដែល​ក្រុម​ប្រឆាំង​និយាយ​ថា របប​ក្រុង​ភ្នំពេញ​ដែល​គាំទ្រ​ដោយ​វៀតណាម​បាន​ប្រើ​ខុស​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​នោះ ចាំបាច់​ត្រូវ​ប្រើ​ជា​មូលដ្ឋាន​សម្រាប់​ព្រំដែន។

ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ តវ៉ា​ថា ខ្លួន​មិន​អាច​ពិនិត្យ​ផ្ទៀងផ្ទាត់​ថាតើ រដ្ឋាភិបាល​កំពុង​ប្រើ​ផែនទី​ត្រឹមត្រូវ​យ៉ាងណា​ទេ ព្រោះ​ខ្លួន​មិន​មាន​ផែនទី​សោះ។

លោក មុនីវណ្ណ បាន​និយាយ​ថា “ប្រសិនបើ​ផែនទី​ខ្នាត​១​លើ​១០០.០០០​ពិត​ប្រាកដ​ដែល​រក្សា​ទុក​នៅ​អង្គការ​សហ​ប្រជាជាតិ អ៊ីចឹង​យើង​អាច​ផ្ទៀងផ្ទាត់​លេខ​ស៊េរី​និង​លេខ​កូដ​លើ​ផែនទី​ជាមួយ​នឹង​បង្គោល​ព្រំដែន​ជាក់ស្តែង”។

លោក គឹមហុង បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អំពី​មូលហេតុ​ដែល​មិន​អាច​បញ្ចេញ​ផែនទី​ព្រំដែន​ជា​សាធារណៈ ដោយ​លោក​បាន​និយាយ​ថា ក្រុម​មន្ត្រី​បាន​បង្ហាញ​ផែនទី​អំឡុង​ការ​ពិភាក្សា​តុ​មូល​ផ្សាយ​តាម​ទូរទស្សន៍​ជាច្រើន​លើក ទៅ​នឹង​ការ​ឆ្លើយ​តប​តិចតួច​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក គឹមហុង បាន​និយាយ​ថា “​វា​ជា​ករណី​ចាស់ ហើយ​យើង​បាន​ផ្តល់​ចម្លើយ​ជាច្រើន​ដង ដូច្នេះ​ខ្ញុំ​មិន​ចង់​បន្ថែម​ទៀត​ទេ”។

លោក​បាន​ពន្យល់​ថា “ពួកគេ​មិន​ស្តាប់​អ្វី​ដែល​យើង​បាន​បង្ហាញ​នៅ​ឯ​ការ​ពិភាក្សា​តុ​មូល។ យើង​បាន​បង្ហាញ​ផែនទី​នោះ​តាម​កញ្ចក់​ទូរទស្សន៍ ហើយ​សម្តេច [លោក ហ៊ុន សែន] បាន​ពន្យល់​វា​ជាច្រើន​លើក ប៉ុន្តែ​ពួកគេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​វា​ទេ”។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​និយាយ​ថា មិន​មែន​ជា​រឿង​ប្រុង​ប្រយ័ត្ន​ធម្មតា​ទេ​ក្នុង​ការ​បញ្ចេញ​ផែនទី​ផ្លូវការ នៅ​ពេល​ដែល​ការ​ដោះដូរ​ទឹកដី​ទំហំ​តូច​បន្ត​ចរចា​នោះ។ ការ​ដោះដូរ​ទាំង​នេះ​ទទួល​បាន​​អាណត្តិ​ពី​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​ជាមួយ​ប្រទេស​វៀតណាម ដើម្បី​កាត់​បន្ថយ​ភាព​ចលាចល​សង្គម។ ការ​ដោះ​ដូរ​អនុញ្ញាត​ឲ្យ​ភូមិ​ខ្មែរ​និង​វៀតណាម​ដែល​ស្ថិត​នៅ​លើ​ទីតាំង​ខុស​នៃ​បន្ទាត់​ព្រំដែន​ផ្លូវការ ត្រូវ​ប្រគល់​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ។

លោក ស៊ីផាន បាន​និយាយ​ថា “ព្រំដែន​វៀតណាម​ជា​បញ្ហា​រសើប​ណាស់ ហើយ​ទោះបី​ជា​យើង​មាន​សន្ធិសញ្ញា​និង​អនុសញ្ញា​ជាច្រើន​ក៏​ដោយ ក៏​ការ​កំណត់​ព្រំដែន​នៅ​តែ​ជា​បញ្ហា​បន្ត និង​កំពុង​ត្រូវ​ចរចា​គ្នា។ ពួកគេ​កំពុង​ធ្វើ​កិច្ចការ​នេះ​យោង​តាម​អនុសញ្ញា​នានា”។

លោក​បាន​និយាយ​ថា “សូម្បី​ខាង​វៀតណាម​ក៏​មិន​ចេះ​តែ​បញ្ចេញ​ផែនទី​ឲ្យ​សាធារណជន​របស់​គេ​ឃើញ​អំឡុង​ការ​កំណត់​ព្រំដែន​ដែរ។ នេះ​ជា​បទដ្ឋាន​អន្តរជាតិ។ ព្រំដែន​ដែល​កំណត់​រួច​ហើយ យើង​អាច​បញ្ចេញ​ឲ្យ​ដឹង ប៉ុន្តែ​យើង​មិន​ចង់​ឲ្យ​បញ្ហា​នយោបាយ​កើត​ចេញ​ពី​តំបន់​នានា​ដែល​នៅ​កំពុង​កំណត់​ព្រំដែន​នៅ​ឡើយ​នោះ​ទេ”។

លោក​បាន​និយាយ​ថា “យើង​មិន​ចង់​មាន​ជម្លោះ​ទឹកដី​ទេ យើង​ចង់​បាន​ស្ថិរភាព​តាម​ព្រំដែន​ដើម្បី​កំណត់​ព្រំដែន”។

ក៏​ប៉ុន្តែ លោក អ៊ូ វីរៈ អ្នក​ប្រឹក្សា​នយោបាយ និង​ជា​ស្ថាបនិក​នៃ​ស្ថាប័ន​ប្រឹក្សា​យោបល់ វេទិកា​អនាគត បាន​និយាយ​ថា តម្លាភាព​ច្រើន​អំពី​ការ​កំណត់​ព្រំដែន​អាច​មាន​ប្រយោជន៍ ហើយ​ការ​ដោះស្រាយ​ប្រតិកម្ម​តប​ដែល​អាច​មាន​ជា​ការ​ធម្មតា​នៃ​ការ​គ្រប់គ្រង​បែប​ប្រជាធិបតេយ្យ។

លោក វីរៈ បាន​និយាយ​ថា “មិន​មាន​ខុស​ទាស់​អ្វី​នឹង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សាធារណជន​ទេ ហើយ​ខ្ញុំ​មិន​មើល​ឃើញ​អ្វី​ដែល​ជា​បញ្ហា​ជាមួយ​នឹង​ការ​ឲ្យ​ដឹង​ជា​សាធារណៈ​នោះ​ឡើយ”។

លោក​បាន​បន្ថែម​ថា “ខ្ញុំ​អាច​យល់​ភាព​រសើប​នៃ​បញ្ហា​នេះ ប៉ុន្តែ​ដំណើរការ​នេះ​ខ្លួន​ឯង​ក៏​សំខាន់​ដែរ។ អ្នក​មិន​អាច​គ្រាន់​តែ​សន្មត​ថា អ្នក​អាច​ធ្វើ [ការ​កំណត់​ព្រំដែន] ហើយ​មិន​ខ្វល់​នឹង​មតិ​សាធារណៈ​នោះ​ទេ។ ពួកគេ​ធ្វើ​វា​កាន់តែ​សម្ងាត់ សាធារណជន​អាច​មាន​បញ្ហា​ក៏​កាន់តែ​ច្រើន”។

លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង បាន​និយាយ​ថា លោក​គាំទ្រ​ការ​ខំ​ប្រឹងប្រែង​របស់​លោក មុនីវណ្ណ ក្នុង​ការ​ជំរុញ​រដ្ឋាភិបាល​ឲ្យ​បញ្ចេញ​ផែនទី​នេះ ដោយ​លោក​បាន​បន្ថែម​ថា ការ​អះអាង​ដែល​ថា​គណៈកម្មាធិការ​ព្រំដែន​មិន​បាន​ប្រើ​ផែនទី​ខ្នាត​១​លើ​១០០.០០០ មិន​អាច​បដិសេធ​ចោល​បាន​ឡើយ លុះត្រាតែ​រដ្ឋាភិបាល​លាត​ត្រដាង​ព្រំដែន​កម្ពុជា​ជាមួយ​វៀតណាម។

លោក រង្ស៊ី បាន​និយាយ​ថា “នេះ​ជា​លទ្ធភាព​មួយ ហើយ​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ណាមួយ​នោះ រដ្ឋាភិបាល​គួរ​និយាយ​ថា យើង ខាង​ភាគី​កម្ពុជា កំពុង​ប្រើ​ផែនទី​ណា​មួយ។ មាន​តំបន់​ជាច្រើន​ដែល​ព្រំដែន​នៅ​មិន​ទាន់​គូស​នៅ​ឡើយ ដូច្នេះ​យើង​ចង់​ដឹង គឺ​ការ​គូស​ព្រំដែន ផែនទី​ណា​ដែល​ពួកគេ​នឹង​ប្រើ? លោក រង្ស៊ី បាន​និយាយ​ថា គណបក្ស​ប្រឆាំង ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុន​នេះ នឹង​បង្កើន​យុទ្ធនាការ​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ​២០០៥​ដ៏​ចម្រូង​ចម្រាស​ជាមួយ​ប្រទេស​វៀតណាម ដែល​ក៏​ត្រូវ​បាន​ចរចា​ដោយ​រដ្ឋាភិបាល​ជា​សម្ងាត់ ដោយ​ផ្តោត​លើ​ការ​ចរចា​វា​ឡើង​វិញ ប្រសិនបើ​ពួកគេ​រក​ឃើញ​ថា វា​មិន​អាច​ការពារ​ប្រជា​ពលរដ្ឋ​សហគមន៍​ព្រំដែន​កម្ពុជា​បាន​ទេ​នោះ។

លោក​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ផែនការ​មួយ​ដែល​ប្រកាស​ឲ្យ​ដឹង​នៅ​ដើម​សប្តាហ៍​នេះ​ដោយ​លោក មុនីវណ្ណ និង​លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​កោះហៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក គឹមហុង មក​សាកសួរ​ជុំវិញ​បញ្ហា​ព្រំដែន ត្រូវ​បាន​វេតូ​ដោយ​ថ្នាក់​ដឹកនាំ​គណបក្ស។

លោក រង្ស៊ី បាន​និយាយ​ថា “កាលពី​ម្សិលមិញ យើង​មាន​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​នាយក​របស់​យើង ហើយ​យើង​បាន​ប្រាប់​ពួកគេ​ថា យើង​ចង់​សម្រប​សម្រួល​ការ​ផ្តួចផ្តើម​ម្នាក់ៗ​ទាំងអស់​ពី​តំណាង​រាស្ត្រ​ម្នាក់ៗ​របស់​យើង។ យើង​ត្រូវ​ធ្វើ​កិច្ចការ​នេះ​មួយ​ជំហាន​ម្តងៗ”។

លោក​បាន​ពន្យល់​ថា “គ្រាន់តែ​ហៅ​អ្នក​ទាំង​នេះ​ឲ្យ​ឆ្លើយ​ទៅ​នឹង​ការ​ចោទ​ប្រកាន់ មិន​មាន​លទ្ធផល​ទេ ហើយ​មិន​ស្ថិត​ក្នុង​ស្មារតី​នៃ​វប្បធម៌​សន្ទនា​ឡើយ។ យើង​មិន​ចង់​ប្រឈម​មុខ​ដែល​មិន​ចាំបាច់​នឹង​គណបក្ស​កាន់​អំណាច ដើម្បី​ប្រយោជន៍​នយោបាយ​បោះ​ឆ្នោត​ទេ”។

លោក រង្ស៊ី បាន​និយាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ដំបូង​នឹង​ផ្តោត​លើ​ការ​ឲ្យ​បញ្ចេញ​ផែនទី ជាមួយ​នឹង​ការ​បង្កើត​ឡើង​វិញ​នូវ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​ស្តីពី​កិច្ចការ​ព្រំដែន ដោយ​មាន​បក្ស​នយោបាយ​ច្រើន ដែល​នឹង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​ក្នុង​ការ​កំណត់​ព្រំដែន៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស