អ្នកតវ៉ាជាង១០០នាក់បាននាំគ្នាតវ៉ានៅខាងក្រៅរដ្ឋសភាកាលពីព្រឹកម្សិលមិញ ខណៈសមាជិកសភាមកពីគណបក្សប្រឆាំងទទួលបរាជ័យក្នុងការរារាំងគណបក្សកាន់អំណាចមិនឲ្យមានដំណើរការទៅមុខទាក់ទិននឹងច្បាប់ដ៏ចម្រូងចម្រាសដែលនឹងគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលរាប់រយនៅក្នុងប្រទេស។
លោក វន់ ពៅ មេដឹកនាំសហជីពដ៏លេចធ្លោមួយរូបដែលស្ថិតក្នុងចំណោមអ្នកដឹកនាំការតវ៉ាបានមានប្រសាសន៍ថា “យើងនឹងមិនបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយដែលលើកដៃបោះឆ្នោតគាំទ្រច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះឡើយ”។

ប៉ុន្តែ ខណៈទីស្តីការគណៈរដ្ឋមន្ត្រីបានអនុម័តច្បាប់នេះកាលពីដើមខែនេះទោះបីមានការប្រឆាំងពីមេដឹកនាំអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍អន្តរជាតិក្តីនោះ សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាដែលស្ថិតនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៅរដ្ឋសភាដែលមានសមាជិកចំនួន១៣រូបបានសម្រេចបន្តដំណើរការច្បាប់ដ៏សម្រូងចម្រាសនេះតទៅមុខទៀតកាលពីម្សិលមិញ។
ក្រោយមក លោក ឈាង វ៉ុន អ្នកនាំពាក្យរដ្ឋសភាបានលើកឡើងតាមរយៈទូរស័ព្ទថា “ខ្ញុំសូមជូនដំណឹងដល់អស់លោកថា ទោះបីជាមានក្រុមមួយចំនួនដែលព្យាយាមប្រឆាំងមិនឲ្យសេចក្តីព្រាងច្បាប់នេះមានដំណើរការទៅមុខក្តី តែគណៈកម្មាធិការបានអនុម័តសេចក្តីព្រាងច្បាប់នេះក្នុងសំឡេងឆ្នោត៩សំឡេងទល់នឹង៤សំឡេង”។
លោកបានបន្ថែមថា “អំឡុងកិច្ចប្រជុំ សមាជិកមួយចំនួនបានលើកឡើងថា ច្បាប់នេះគ្មានសារៈសំខាន់ទេ រីឯអ្នកផ្សេងទៀតបានជំទាស់ថា ច្បាប់នេះមានសារៈសំខាន់ណាស់”។
គណៈកម្មាធិការអចិន្ត្រៃយ៍ត្រូវបានបង្កើតឡើងដោយមានសមាជិកសភាចំនួនប្រាំពីររូបមកពីគណបក្សប្រជាជនកម្ពុជា និងប្រាំមួយរូបមកពីគណបក្សសង្គ្រោះជាតិក្នុងនោះ១០រូបជាប្រធានគណៈកម្មការទាំង១០នៅរដ្ឋសភា មួយរូបជាប្រធានសភា និងពីររូបទៀតជាអនុប្រធានរដ្ឋសភា។ ទោះជាយ៉ាងណា ប្រធានគណៈកម្មការនៅរដ្ឋសភាចំនួនពីររូបដែលមកពីគណបក្សសង្គ្រោះជាតិគ្មានវត្តមានឡើយកាលពីម្សិលមិញ ហើយអនុប្រធាននៃគណៈកម្មការទាំងពីរនេះដែលមកពីគណបក្សប្រជាជនកម្ពុជាជាអ្នកជំនួសតំណែងក្នុងការបោះឆ្នោត។
សេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលនេះបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាពីអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ ចំពោះបទបទបញ្ញត្តិ ដែលនឹងផ្តល់ឲ្យរដ្ឋាភិបាលនូវអំណាចក្នុងការរារាំងអង្គការមិនឲ្យចុះបញ្ជី និងការចាត់វិធានការយ៉ាងតឹងរឹងលើអង្គការណាដែលត្រូវបានចាត់ទុកថា រំលោភបំពាន “ប្រពៃណី និងទំនៀមទម្លាប់សង្គមជាតិកម្ពុជា”។
លោក ឈាង វ៉ុន បានលើកឡើងទៀតថា គណៈកម្មការនៅរដ្ឋសភាចំនួនបីដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងពិនិត្យច្បាប់នេះឡើងវិញក្នុងនោះរួមទាំងគណៈកម្មការកិច្ចការបរទេសរបស់លោក គណៈកម្មការមហាផ្ទៃការពារជាតិ និងមុខងារសាធារណៈ និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ផងដែរ។
គណៈកម្មការសិទ្ធិមនុស្ស និងគណៈកម្មការសង្គមកិច្ច ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិនឹងមិនពាក់ព័ន្ធក្នុងដំណើរការពិនិត្យឡើងវិញនេះឡើយ។
លោក យ៉ែម បុញ្ញឫទ្ធ អ្នកនាំពាក្យគណបក្សប្រឆាំង និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ដែរនោះបានលើកឡើងថា សមាជិកសភាចំនួនបួនរូបមកពីគណបក្សសង្គ្រោះជាតិដែលមានវត្តមានអំឡុងកិច្ចពិភាក្សាកាលពីម្សិលមិញបានជំរុញឲ្យបញ្ជូនច្បាប់នេះត្រឡប់ទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យឡើងវិញ។
លោកបានមានប្រសាសន៍ថា “តាមពិតទៅ មានការពិភាក្សាដ៏ចម្រូងចម្រាសដ៏ច្រើនអំឡុងកិច្ចប្រជុំព្រោះសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិរបស់យើងចង់ឲ្យបញ្ជូនសេចក្តីព្រាងច្បាប់េនះត្រឡប់ទៅរដ្ឋាភិបាលដើម្បីពិភាក្សាឲ្យបានទូលំទូលាយជាមួយអង្គការមិនមែនរដ្ឋាភិបាលដែលពាក់ព័ន្ធ”។
ដោយនិយាយបែបលួងលោមនោះ លោក ឈាង វ៉ុន បានលើកឡើងថា គណៈកម្មការរបស់លោកនឹងអញ្ចើញអ្នកការទូត មេដឹកនាំអង្គការមិនមែនរដ្ឋាភិបាល និងសមាជិកសភាមកចូលរួមនៅក្នុងសិក្ខាសាលាស្តីអំពីសេចក្តីព្រាងច្បាប់េនះ។ លោកបានលើកឡើងថា លោក មិនដឹងថា តើពេលណាដែលសិក្ខាសាលានេះនឹងត្រូវធ្វើឡើងនោះឡើយ។
ទោះបីជាក្នុងពេលកន្លងមកនេះ រដ្ឋាភិបាលបានលើកឡើងថា ច្បាប់នេះមានសារៈសំខាន់ក្នុងការរារាំងហិរញ្ញប្បទានភេរវកម្មមិនឲ្យហូរចូលក្នុងប្រទេសតាមរយៈអង្គការមិនមែនរដ្ឋាភិបាលក្តី តែលោក ឈាង វ៉ុន បានចង្អុលបង្ហាញថា ច្បាប់នេះក៏នឹងត្រូវបានប្រើដើម្បីធ្វើនូវអ្វីដែលគណបក្សប្រឆាំងព្រួយបារម្ភបំផុតផងដែរ នោះគឺការដាក់សំពាធលើការបញ្ចេញមតិយោបល់រិះគន់រដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា “ច្បាប់នេះមានសារៈសំខាន់ណាស់។ យើងមានការរីករាយពេញចិត្ត ហើយមានអង្គការសង្គមស៊ីវិលមួយចំនួនដែលមានបំណងល្អ។ ប៉ុន្តែ អង្គការមិនមែនរដ្ឋាភិបាលផ្សេងៗមួយចំនួនទៀតមានបំណងមិនល្អ ព្រោះពួកគេបានស្រែកនៅតាមផ្លូវ នៅពេលទទួលបានប្រាក់ពីម្ចាស់ជំនួយ ហើយចេញសេចក្តីថ្លែងការណ៍មិនត្រឹមត្រូវ ដោយបង្កឲ្យមានអស្ថិរភាពសង្គម”៕ស៊ុយឈាង