យោងតាមការសិក្សាថ្មីមួយឲ្យដឹងថា គម្រោងរយៈពេល៧ឆ្នាំ ដែលផ្តល់ថវិកាដោយអាល្លឺម៉ង់ និងធនាគារពិភពលោកដើម្បីផ្តល់ដីធ្លីប្រកបដោយសុវត្ថិភាពនិងមានជីជាតិដល់អ្នកភូមិក្រីក្របំផុតមួយចំនួននៃប្រទេសកម្ពុជា គឺរហូតមកដល់ពេលនេះ ខកខានមិនបានដល់គោលដៅរបស់ខ្លួនទេ ហើយបានធ្វើឲ្យអ្នកភូមិភាគច្រើននៅតែក្រីក្រ។
ការសិក្សាដោយអង្គការសិទ្ធិមនុស្សលីកាដូ ដែលមានចំណងជើងថា “ដីដែលមិនអាចដាំដំណាំបាន៖ ការពិនិត្យលើសម្បទានដីសង្គមកិច្ច” ផ្ទុយគ្នាទៅនឹងរបាយការណ៍ពិនិត្យមើលការងារផ្ទាល់ដ៏ល្អរបស់ធនាគារពិភពលោក។
អង្គការលីកាដូ ជំរុញមិនឲ្យប្រើគម្រោងនេះជាគំរូសម្រាប់គម្រោងដំណាក់ការទីពីរ ដែលប្រសិនបើទទួលបានការយល់ព្រម នឹងបើកឲ្យមានការខ្ចីប្រាក់ជាថ្មីដល់ប្រទេសកម្ពុជា ដែលធនាគារពិភពលោកបានដាក់កាលពីបួនឆ្នាំមុន គឺដោយសារតែកំណត់ត្រាមិនគោរពសិទ្ធិដីធ្លីរបស់រដ្ឋាភិបាល។
របាយការណ៍នោះសរសេរថា “ចំណែកឯការគាំទ្របន្ថែមគឺត្រូវការជាចាំបាច់ ដើម្បីបំពេញការសន្យាក្នុងការកាត់បន្ថយភាពក្រីក្រនិងបង្កើនសន្តិសុខស្បៀងសម្រាប់គ្រួសារជាច្រើន ដែលឧបត្ថម្ភគាំទ្រដោយ[ការបែងចែកដីដើម្បីសង្គមនិងអភិវឌ្ឍសេដ្ឋកិច្ច]នោះ ធនាគារពិភពលោក និងជីអាយហ្សិត [ភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់] ដំបូងត្រូវទទួលស្គាល់ថា គម្រោងនេះមិនអាចយកធ្វើជាគំរូបានទេ ហើយក៏មិនមានជោគជ័យតាមស្តង់ដាណាមួយដែរ”។
ក្នុងឆ្នាំ២០០៨ ប្រទេសអាល្លឺម៉ង់និងធនាគារពិភពលោក បានដាក់ថវិកា១២,៧លានដុល្លារ គឺភាគច្រើននៃថវិកានេះបានមកពីធនាគារពិភពលោក ដើម្បីរកដី១០.០០០ហិកតាទូទាំងប្រទេសក្នុងការប្រគល់ឲ្យអ្នកភូមិក្រីក្រជាង៣.០០០គ្រួសារ ដែលមានដីតិចតួច ឬក៏គ្មានដីសោះ។ ដោយមានការជួយពីក្រសួងរៀបចំដែនដី ពួកគេជាយថាហេតុរកបានសម្បទានដីសង្គមកិច្ចប្រាំបីកន្លែងនៅក្នុងខេត្តចំនួនបី គឺខេត្តកំពង់ចាម កំពង់ធំ និងក្រចេះ។
នៅក្នុងរបាយការណ៍ពិនិត្យមើលចុងក្រោយនៃគម្រោងនេះនៅក្នុងខែធ្នូ ពោលគឺរយៈពេលបីខែមុននឹងគម្រោងនេះបានចប់ ធនាគារពិភពលោក បានឲ្យពិន្ទុខ្លួនឯងល្អទាំងស្រុង។ របាយការណ៍បាននិយាយថា គោលដៅសំខាន់ៗបួនក្នុងបណ្តាគោលដៅសំខាន់ទាំងអស់ ត្រូវបានបំពេញ។ អ្នកភូមិជាង៣.០០០គ្រួសារ ត្រូវបានបែងចែកដីធ្លីជូនសម្រាប់ផ្ទះសំបែង ស្រែចម្ការ ឬដីធ្លីទាំងពីរ ហើយស្ទើរតែ៦០ភាគរយនៃអ្នកភូមិទាំងនោះបានចូលមកនៅលើដីនោះ។ ក្នុងបណ្តាគ្រួសារដែលបានចូលមកនៅ ធនាគារពិភពលោកបាននិយាយថា អ្នកភូមិទាំងអស់ បានចាប់ផ្តើមធ្វើស្រែចម្ការ ហើយថា ប្រាក់ចំណូលជាមធ្យមរបស់ពួកគេ បានកើនឡើងមួយជាបួន។
ធនាគារពិភពលោកបាននិយាយនៅពេលនោះថា “សកម្មភាពនិងការទទួលបានជោគជ័យបានផ្តល់នូវមេរៀនល្អៗ ដើម្បីធ្វើអត្តសញ្ញាណកម្ម អភិវឌ្ឍ និងធ្វើឲ្យមានចិរភាពនូវទីតាំង [សម្បទានដីសង្គមកិច្ច] នាពេលអនាគត”។
ប៉ុន្តែ អង្គការលីកាដូ ដែលបានចុះទៅដល់សម្បទានដីសង្គមកិច្ចទាំងប្រាំបីកន្លែងនៅរវាងខែតុលានិងខែមីនា និយាយថា ធាតុពិតនៃអ្នកភូមិភាគច្រើនលើកលែងតែទីតាំងមួយប៉ុណ្ណោះ គឺមិនមានក្តីសង្ឃឹមទេ។ អង្គការសិទ្ធិមនុស្សនេះ និយាយថា អ្នកភូមិជាច្រើនត្អួញត្អែរអំពីដីនោះថា សុទ្ធតែខ្សាច់ ឬថ្មច្រើនពេក មិនអាចធ្វើស្រែចម្ការបានទេ ឬដីទាំងនោះគ្របដណ្តប់ទៅដោយព្រៃដែលពួកគេមិនមានឧបករណ៍កាប់ឆ្ការបាន ដីទាំងនោះជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លី ហើយទីតាំងទាំងនោះទៀតសោតក៏មិនមានហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ឬគ្លីនិក ដូចដែលគេសន្យានោះទេ។
អង្គការសិទ្ធិមនុស្សនេះ បាននិយាយបន្តថា “អ្នកភូមិជាច្រើនដែលនៅក្នុងទីតាំងប្រាំពីរកន្លែងក្នុងបណ្តាប្រាំបីកន្លែង បានរាយការណ៍អំពីការមានសមត្ថភាពតិចតួចក្នុងការប្រើប្រាស់ដីធ្លីកសិកម្មដែលគេចែកឲ្យ ហើយដូច្នេះធ្វើឲ្យពួកគេមិនទទួលបានភាពល្អប្រសើរជាដុំកំភួនក្នុងសន្តិសុខស្បៀងនោះទេ។ ជាលទ្ធផល ការកាត់បន្ថយភាពក្រីក្រ មិនទទួលបានជោគជ័យនៅចុងបញ្ចប់នៃគម្រោងចំពោះអ្នកទទួលបានដីធ្លីភាគច្រើនឡើយ”។
យោងតាមរបាយការណ៍៍ឲ្យដឹងថា រដ្ឋាភិបាលបានដឹងថា យ៉ាងហោចណាស់ទីតាំងពីរកន្លែងដែលត្រូវបានជ្រើសរើស គឺភាគច្រើនជាដីគ្មានជីជាតិនៅដើមឆ្នាំ២០០៦ ពោលគឺរយៈពេលពីរឆ្នាំមុននឹងគម្រោងនោះបានចាប់ផ្តើម ដោយសារតែមានការសិក្សារួមគ្នាពីសំណាក់ប្រឹក្សាអន្តរជាតិ និងមន្ត្រីមូលដ្ឋាន។
អង្គការលីកាដូ និយាយថា អ្នកភូមិមួយចំនួន ត្រូវបង្ខំចិត្តខ្ចីបំណុលថ្មីដើម្បីរស់រានបាន ស្វែងរកការងារជាកម្មករប្រចាំថ្ងៃ ពីព្រោះស្រែចម្ការថ្មីរបស់ពួកគេ មិនបានហុចផលល្អ ឬក៏បែរទៅរកស៊ីកាប់ឈើជាដើម។
អង្គការសិទ្ធិមនុស្សនេះ និយាយថា ជាផលវិបាក គ្រួសារមួយចំនួន បានលះបង់ចោលសម្បទានដី ហើយចាកចេញទៅ។ យោងតាមការចុះដល់ទីកន្លែងរបស់អង្គការនេះ អង្គការនេះប៉ាន់ប្រមាណថា តិចជាងពាក់កណ្តាលនៃគ្រួសារទាំងអស់ដែលទទួលបានដីធ្លី បានចូលកាន់កាប់ដីនោះ គឺស្ថិតនៅក្រោមប្រហែល៦០ភាគរយដែលអះអាងពីមុនដោយធនាគារពិភពលោក។
គោលដៅចម្បងមួយក្នុងបណ្តាគោលដៅចម្បងទាំងអស់នៃគម្រោងបែងចែកដីដើម្បីសង្គមនិងអភិវឌ្ឍសេដ្ឋកិច្ច គឺផ្តល់ជូនគ្រួសារទាំងនោះនូវដីមួយប្លង់ៗ ដែលពួកគេអាចកាន់កាប់ជាកម្មសិទ្ធិ។ ប៉ុន្តែ អង្គការលីកាដូនិយាយថា គម្រោងនេះ ទទួលបរាជ័យតាំងពីដំបូងម្លេ៉ះ។
តាមច្បាប់ មួយគ្រួសារត្រូវកាន់កាប់ដីមួយប្លង់នៅក្នុងសម្បទានដីសេដ្ឋកិច្ចក្នុងរយៈពេលប្រាំឆ្នាំ ដើម្បីមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី។ ប៉ុន្តែ អ្នកភូមិដែលកំពុងរស់នៅលើទីតាំងទាំងនោះអស់រយៈពេលប្រាំមួយឆ្នាំមកហើយ កំពុងតែរង់ចាំនៅឡើយ។ ក្រុមគ្រួសារដែលបោះបង់ដីនោះចោល ហើយបានចាកចេញទៅ ឬមានបំណងបែបហ្នឹង ពីព្រោះដីរបស់ពួកគេគ្មានជីជាតិ អាចមិនដែលទទួលបានប័ណ្ណកម្មសិទ្ធិឡើយ។
ក្រុមគ្រួសារខ្លះតស៊ូប្រើប្រាស់ដីទាំងនោះ ដោយសារតែមានអ្នកផ្សេងទាមទារយក។
អង្គការលីកាដូ បាននិយាយថា “ដោយមានអាត្រាចូលតាំងទីលំនៅទាបនិងការប្រើដីកសិកម្មតិចតួច ដែលឃ្លាំមើលដោយអង្គការលីកាដូ អ្នកទទួលបានដីធ្លីយ៉ាងច្រើន ប្រឈមមុខនឹងការខកខានមិនបានបំពេញលក្ខខណ្ឌទាំងនេះ ដោយសារតែការអនុវត្តទន់ខ្សោយនូវគម្រោងនេះ។ សន្តិសុខនៃការកាន់កាប់ដីធ្លី មិនត្រូវបានធានាចំពោះមួយភាគធំនៃអ្នកទទួលបានដីធ្លីជាង៣.០០០គ្រួសារនោះទេ”។
មន្ត្រីក្រសួងដែនដី មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ ចំណែកឯធនាគារពិភពលោក និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ មិនបានឆ្លើយតបនឹងការសុំធ្វើអត្ថាធិប្បាយដែរ។
អង្គការលីកាដូ បាននិយាយថា ដោយសារតែកង្វះខាតនេះ គម្រោងនេះ “ខកខានមិនបានសម្រេចបាននូវកម្រិតនៃជោគជ័យដែលតម្រូវឲ្យមានការពិចារណាថា ជាគំរូសម្រាប់ការកាត់បន្ថយភាពក្រីក្រ ហើយបង្កើនសន្តិសុខស្បៀងសម្រាប់ប្រជាជនកម្ពុជាដែលគ្មានដីធ្លីតាមជនបទ និងក្រីក្រនោះទេ”។
ប៉ុន្តែ នេះជាអ្វីដែលកំពុងកើតឡើង។
នៅក្នុងរបាយការណ៍នាឆ្នាំ២០១៤ ស្តីពីគម្រោងនេះ អាល្លឺម៉ង់បាននិយាយថា រដ្ឋាភិបាលកម្ពុជាបានអនុវត្តតាមវិធីសាស្ត្របែបនេះនៅក្នុងខេត្តចំនួនប្រាំមួយ។
ធនាគារពិភពលោក ក៏កំពុងត្រៀមដំណាក់ការទី២ ក្នុងទឹកប្រាក់២៧លានដុល្លារសម្រាប់គម្រោងនោះ ដែលនឹងធ្វើឲ្យល្អប្រសើរនូវទីតាំងទាំងប្រាំបីកន្លែងដែលបានបង្កើតរួចហើយ និងបន្ថែមប្រាំពីរកន្លែងទៀត។
ទោះជាយ៉ាងនេះក៏ដោយ ដើម្បីចាប់ផ្តើមគម្រោងនេះ ធនាគារពិភពលោក នឹងលើកបម្រាមរបស់ខ្លួនទៅលើកម្ចីថ្មីដល់ប្រទេសកម្ពុជា ជាសំណើដែលជាប់ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសរបស់ខ្លួន។
ធនាគារពិភពលោក បានបង្កកកម្ចីនៅក្នុងឆ្នាំ២០១១ ជាការតវ៉ាទៅនឹងរបៀបដែលក្រសួងរៀបចំដែនដី ជាដៃគូអនាគតរបស់ធនាគារពិភពលោកនៅក្នុងដំណាក់ការទី២នៃគម្រោងបែងចែកដីដើម្បីសង្គមនិងអភិវឌ្ឍសេដ្ឋកិច្ច គឺបានកំពុងចែកប័ណ្ណកម្មសិទ្ធិដីធ្លី។ អ្នកភូមិប្រមាណ៣.០០០គ្រួសារ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសំបែងរបស់ខ្លួននៅក្នុងតំបន់បឹងកក់ ក្រុងភ្នំពេញ ពីព្រោះក្រសួងនេះ បានបដិសេធមិនឲ្យពួកគេដាក់ពាក្យសុំប័ណ្ណកម្មសិទ្ធិ។
ធនាគារពិភពលោក បាននិយាយថា ខ្លួននឹងមិនលើកការផ្អាកកម្ចីទេ ប្រសិនបើជម្លោះនៅបឹងកក់មិនទាន់បានដោះស្រាយរួចស្រេចទេនោះ គឺជាលក្ខខណ្ឌដែលរដ្ឋាភិបាលទំនងមិនមានឆន្ទៈអនុវត្តតាមទេ៕រើន