28 C
Phnom Penh

ទាយាទឧទ្ទាម​​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​​​តេជគុណ សុត ឆាយ៉ា មាន​​​សង្ឃ​​​ដីកា​​​ទាក់​​​ទង​​​នឹង​​​ប្រវត្ត​​​ិ​​​ធ្វើ​​​ជា​​​ទាហាន​​​ក្នុង​​​កុដិ​​​​​​នៅ​​​ក្នុង​​​វត្ត​​​សាមគ្គី​​​រង្សី ក្រុង​​​ភ្នំពេញ។ រូប​​​ថត ស៊ីវ ចាន់ណា/The Cambodia Daily
ព្រះ​​​តេជគុណ សុត ឆាយ៉ា មាន​​​សង្ឃ​​​ដីកា​​​ទាក់​​​ទង​​​នឹង​​​ប្រវត្ត​​​ិ​​​ធ្វើ​​​ជា​​​ទាហាន​​​ក្នុង​​​កុដិ​​​​​​នៅ​​​ក្នុង​​​វត្ត​​​សាមគ្គី​​​រង្សី ក្រុង​​​ភ្នំពេញ។ រូប​​​ថត ស៊ីវ ចាន់ណា/The Cambodia Daily

អ្នក​​​ជ្រៀត​​​ចូល​​​ទៅ​​​ក្នុង​​​វត្ត​​​ប្រឆាំង​​​

ព្រះ​​​តេជ​​​គុណ សុត​​​ ឆាយ៉ា គង់​​​ពែន​​​ភ្នែន​​​នៅ​​​ក្នុង​​​កុដិ​​​នៅ​​​ឯ​​​វត្ត​​​សាមគ្គី​​​រង្សី​​​នៅ​​​ជាយ​​​ក្រុង​​​ភ្នំ​​​ពេញ បាន​​​មាន​​​សង្ឃដីកា​​​ថា “នៅ​​​ក្នុង​​​ប្រទេស​​​ឥណ្ឌូណេស៊ី គេ​​​បង្រៀន​​​យើង​​​​​​ជំនាញ​​​បី គឺ​​​កម្ម៉ង់ដូពិសេស លោត​​​ឆត្រ​​​យោង និង​​​សង្គ្រាម​​​ទ័ព​​​ព្រៃ”។​​​

សព្វ​​​ថ្ងៃ ព្រះ​​​តេជគុណ សុត​​​ ឆាយ៉ា មាន​​​លក្ខណៈ​​​ដូច​​​ជា​​​ព្រះ​​​សង្ឃ​​​ផ្សេង​​​ទៀត​​​ដែរ គឺ​​​គ្រង​​​ស្បង់​​​ចីពរ​​​ អត់ធ្មត់ និង​​​កោរ​​​សក់។​​​ ប៉ុន្តែ​​​​​​នៅ​​​ខាង​​​ក្រោមស្បង់​​​​​​ចីពរ គឺ​​​ជា​​​ទាហានម្នាក់។

ក្នុង​​​ឆ្នាំ​​​១៩៩៥ មាន​​​វ័យ​​​២៦​​​ឆ្នាំ ឆាយ៉ា​​​ ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ពី​​​កង​​​​​​អង្គ​​​រក្ស​​​​​​សម្តេច​​​​​​ក្រុម​​​ព្រះ​​​នរោត្តម​​​​​​ រណឫទ្ធិ ហើយ​​​បញ្ជូន​​​ទៅ​​​ប្រទេស​​​ឥណ្ឌូ​​​ណេស៊ី​​​រយៈ​​​ពេល១៨ខែ​​​ដើម្បី​​​​​​​​​ទទួល​​​ការ​​​ហ្វឹក​​​ហាត់​​​​​​ជំនាញ​​​​​​ជាមួយ​​​ក្រុម​​​ដំបូង​​​នៃ​​​កង​​​ពល​​​តូច​​​ឆត្រយោង​​​លេខ​​​៩១១ ដែល​​​នឹង​​​ក្លាយ​​​ជា​​​កងកម្លាំង​​​គ្មាន​​​មេត្តា​​​​​​និង​​​សម្ងាត់​​​បំផុត​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។​​​​​​​​​​​​ ព្រះ​​​តេជគុណ សុត ឆាយ៉ា បាន​​​មាន​​​សង្ឃដី កា​​​​​​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា “ការ​​​ហ្វឹក​​​ហាត់​​​ធ្វើ​​​ឥត​​​ឈប់​​​ឈរ​​​។​​​ វា​​​មិន​​​ងាយ​​​ស្រួល​​​ទេ វា​​​មិន​​​មែន​​​ជា​​​ការ​​​សប្បាយ​​​ដែរ​​​។ មាន​​​គ្នា​​​១៣២​​​នាក់​​​បាន​​​ទៅ​​​ហ្វឹក​​​ហាត់ មាន​​​តែ​​​៩០​​​នាក់​​​ប៉ុណ្ណោះ​​​បាន​​​បញ្ចប់”។

ឥឡូវ​​​នេះ មាន​​​ព្រះ​​​ជន្ម​​​៤៦​​​វស្សា ហើយ​​​បួស​​​បាន​​​៨​​​ខែហើយ​​​ ព្រះ​​​សង្ឃ​​​ខ្មែរ​​​ក្រោម​​​អង្គ​​​នេះ​​​ មាន​​​សង្ឃ​​​ដី​​​កា​​​អំពី​​​ការងារ​​​ដែល​​​ប្រែ​​​ប្រួល​​​ដោយ​​​ចរន្ត​​​នយោ​​​បាយ​​​ និង​​​ការ​​​បង្ហូរ​​​ឈាម គឺ​​​ជា​​​ទី​​​បញ្ចប់​​​បាន​​​នាំ​​​ឲ្យ​​​លោក​​​​​​ត្រឡប់​​​មក​​​វត្ត​​​សាមគ្គី​​​រង្សី​​​វិញ ដែល​​​ជា​​​វត្ត​​​អារាម​​​ឪពុក​​​លោក គឺ​​​​​​ព្រះតេជគុណ​​​ យឿង ស៊ិន បាន​​​បង្កើត​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​១៩៩៧​​​ ជា​​​ទី​​​​​​ស្នាក់​​​អាស្រ័យ​​​​​​សម្រាប់​​​អ្នក​​​ដែល​​​គ្មាន​​​កន្លែង​​​ស្នាក​​​់​​​នៅ។

លោក​​​អាចារ្យ ងៃ សុខរិន និយាយ​​​អំពី​​​ការ​​​មកដល់​​​របស់​​​ព្រះតេជគុណ សុត ឆាយ៉ា។ រូប​​​ថត ស៊ីវ ចាន់ណា/The Cambodia Daily
លោក​​​អាចារ្យ ងៃ សុខរិន និយាយ​​​អំពី​​​ការ​​​មកដល់​​​របស់​​​ព្រះតេជគុណ សុត ឆាយ៉ា។ រូប​​​ថត ស៊ីវ ចាន់ណា/The Cambodia Daily

ព្រះសង្ឃ​​​អង្គ​​​នេះ បាន​​មាន​​​សង្ឃដីកា​​​ថា “អាត្មា​​​បាន​​​ធ្វើ​​​ទាហាន​​​ក្នុង​​​ឆ្នាំ​​​១៩៨៨ ពី​​​ព្រោះ​​​វា​​​ជា​​​កាតព្វកិច្ច​​​របស់​​​អាត្មា​​​​​​។ នៅ​​​ពេល​​​នោះ ប្រ​​​ជាជន​​​ត្រូវ​​​បាន​​​បង្ខិត​​​បង្ខំ​​​ឲ្យ​​​ចូល​​​ធ្វើ​​​ទាហាន​​​។ ប្រសិន​​​បើ​​​អ្នក​​​ប្រឡង​​​ធ្លាក់​​​ អ្នក​​​ត្រូវ​​​ចូល​​​ធ្វើ​​​ទាហាន”។​​​​​​​​​

ដំបូង​​​ត្រូវ​​​ដាក់​​​ពង្រាយ​​​នៅ​​​សមរភូមិ​​​ជា​​​អ្នក​​​បាញ់​​​កាំ​​​ភ្លើង​​​ធំ​​​ ដើម្បី​​​បញ្ចប់​​​ចលនា​​​តស៊ូ​​​ភាគ​​​ពាយព្យ​​​របស់​​​ខ្មែរ​​​ក្រហម​​​​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០ ព្រះ​​​តេជគុណ សុត ឆាយ៉ា បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា លោក​​​បាន​​​បាញ់​​​កាំ​​​ភ្លើង​​​ស្ទើរ​​​តែ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​ មុន​​​ត្រូវ​​​គេ​​​បាញ់​​​ចំ​​​ក្បាល​​​ជង្គង់​​​ ហើយ​​​ត្រូវ​​​បញ្ជូន​​​ត្រឡប់​​​មក​​​ភ្នំ​​​ពេញ​​​ដើម្បី​​​ទទួល​​​ការព្យាបាល។

នៅ​​​ពេល​​​ជា​​​សះ​​​ស្បើយ លោក​​​ត្រូវ​​​គេ​​​​​​ឲ្យ​​​ចូល​​​ធ្វើ​​​ការ​​​ក្នុង​​​កង​​​អង្គ​​​រក្ស​​​សម្តេច​​​ក្រុម​​​ព្រះ​​​រណឫទ្ធិ ហើយ​​​ទទួ​​​លការ​​​ហ្វឹក​​​ហាត់​​​ពី​​​យោធា​​​ថៃ។​​​​​​

ព្រះសង្ឃ​​​អង្គ​​​នេះ បាន​​មាន​​​សង្ឃដីកា​​​ថា “មុននឹង​​​ចូល​​​នឹង​​​សម្តេច​​​ក្រុម​​​ព្រះ​​​ យើង​​​ទទួល​​​បាន​​​អាវុធ​​​ពិសេស​​​និង​​​ការ​​​ហ្វឹក​​​ហាត់​​​ការ​​​ពារ​​​ពី​​​កង​​​ទ័ព​​​ពិសេស​​​ថៃ​​​។ ការ​​​ហ្វឹក​​​ហាត់​​​ទាំង​​​អស់​​​ទាក់​​​ទង​​​នឹង​​​ការ​​​ពលី​​​ជីវិត​​​ដើម្បី​​​ការ​​​ពារ​​​មេ​​​ដឹក​​​នាំ”។

ប្រហែល​​​ពីរ​​​ឆ្នាំបន្ទាប់​​​ពី​​​សម្តេច​​​ក្រុម​​​ព្រះ​​​រណឫទ្ធិ​​​ បាន​​​យល់​​​ព្រម​​​ធ្វើ​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ទី​​​មួយ ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​បែង​​​ចែក​​​អំណាច​​​​​​ជាមួយ​​​អតីត​​​នាយករដ្ឋ​​​មន្ត្រី​​​ទី​​​ពីរ លោក​​​ ហ៊ុន សែន ក្រោយ​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​នា​​​ឆ្នាំ​​​១៩៩៣ សុត ឆាយ៉ា ទទួល​​​បាន​​​ការ​​​ហ្វឹក​​​ហាត់​​​ផ្នែក​​​​​​ប្រយុទ្ធជាមួយ​​​យោធា​​​ឥណ្ឌូ​​​ណេ​​​ស៊ី​​​ ជា​​​កងទ័ព​​ឃោរ​​​ឃៅ​​​ក្នុង​​​អំឡុង​​​ពេល​​​ការ​​​កាន់​​​អំណាច​​​រយៈ​​​ពេល​​​៣១​​​ឆ្នាំរបស់​​​មេដឹក​​​នាំ​​​ផ្តាច់​​​ការ ស៊ូ​​​ហាតូ។​​​​​​

បន្ទាប់​​​មក រយៈពេល​​​ប៉ុន្មាន​​​សប្តាហ៍​​​​​​មុនមាន​​​​​​ការ​​​​​​ប្រយុទ្ធ​​​គ្នា​​​នា​​​ឆ្នាំ​​​១៩៩៧ដែល​​​ឃើញ​​​លោក​​​ ហ៊ុន សែន ដណ្តើម​​​បាន​​​អំណាច​​​ ដែល​​​លោក​​​រក្សា​​​បាន​​​រហូត​​​ដល់​​​សព្វ​​​ថ្ងៃ​​​នេះ​​​ សុត​​​ ឆាយ៉ា បាន​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ដោយ​​​ក្លាយ​​​ជា​​​ឃាតករ​​​ជំនាញ​​​។​​​​​​​​​

ព្រះ​​​តេជគុណ សុត ឆាយ៉ា បាន​​​មាន​​​​​​សង្ឃ​​​ដីកា​​​ថា “អាត្មា​​​​​បាន​​​វិល​​​ត្រឡប់​​​មក​​​ចូល​​​រួម​​​ប្រយុទ្ធ”។

ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី នៅ​​​ពេល​​​មកដល់​​​មូលដ្ឋាន​​​យោធា​​​ក្នុង​​​ខេត្ត​​​កំពង់​​​​​​ស្ពឺ សុត​​​ ឆាយ៉ា បាន​​​ដឹង​​​ថា​​​ភក្តី​​​​​​​​​ភាព​​​របស់​​​លោក​​​ចំពោះ​​​សម្តេច​​​ក្រុមព្រះរណឫទ្ធិ អាចធ្វើ​​​ឲ្យ​​​រូប​​​លោក​​​មាន​​​គ្រោះ​​​ថ្នាក់។ កងទ័ព​​​ដែល​​​ស្មោះ​​​ត្រង់​​​នឹង​​​លោក ហ៊ុន សែន​​​ រួម​​​មាន​​​ក្រុម​​​កងពល​​​តូច​​​លេខ​​​៩១១ បាញ់​​​រាត​​​ត្បាត ដោយ​​​មាន​​​សេចក្តី​​​រាយ​​​ការណ៍​​​អំ​​​ពី​​​ការ​​​ធ្វើ​​​ទារុណកម្ម​​​និង​​​ការ​​​សម្លាប់​​​មនុស្ស​​​ដែល​​​ស្មោះ​​​នឹង​​​គណបក្ស​​​ហ៊្វុន​​​ស៊ិន​​​​​​ប៉ិចរាប់​​​សិប​​​នាក់​​​។​​​​​​​​​​​​

សុត​​​ ឆាយ៉ា បាន​​​​​​មាន​​​សង្ឃ​​​ដីកា​​​ថា ដោយ​​​មាន​​​កងទ័ព​​​ភាគ​​​ច្រើននៅ​​​តែ​​​បែង​​​ចែក​​​គ្នា​​​តាម​​​ខ្សែ​​​បក្ស ដែល​​​បាន​​​បំបែក​​​ពួកគេ​​​មុន​​​នឹង​​​ការ​​​បោះ​​​ឆ្នោត​​​នា​​​ឆ្នាំ​​​១៩៩៣ ឧត្តមសេនីយ៍​​​ជាន់​​​ខ្ពស់​​​របស់​​​គណបក្ស​​​ហ៊្វុនស៊ិន​​​ប៉ិច គឺ​​​លោក ញឹក ប៊ុនឆៃ បាន​​​ប៉ុនប៉ង​​​បង្ក​​​ការ​​​បះបោរ។ ប៉ុន្តែ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា ដែល​​​ក្តោប​​​ក្តាប់​​​​​​កម្លាំង​​​យោធា​​​ភាគច្រើន​​​ អាច​​​បង្រ្កាប​​​ការ​​​បះ​​​បោរនោះ។​​​​​​​​​

សុត ឆាយ៉ា បាន​​​មាន​​​​​​សង្ឃ​​​ដីកា​​​ថា “នៅ​​​ពេល​​​នោះ អាត្មាបាន​​​ដឹង​​​ថាអាត្មា​​​មាន​​​គំនិត​​​ខុស​​​គ្នា​​​[ចំពោះ​​​រដ្ឋាភិបាល] ហើយ​​​អាត្មាបាន​​​ព្យាយាម​​​ចាក​​​​​​ចេញ”។

ព្រះ​​​តេជគុណ​​​ ថាច់​​​ ហា​​​សំអាង ចៅ​​​អធិការ​​​វត្ត​​​សាមគ្គី​​​រង្សី ​​​មាន​​​សង្ឃ​​​ដី​​​កា​​​អំពីព្រះតេជគុណ សុត ឆាយ៉ា។ រូប​​​ថត ស៊ីវ ចាន់ណា/The Cambodia Daily
ព្រះ​​​តេជគុណ​​​ ថាច់​​​ ហា​​​សំអាង ចៅ​​​អធិការ​​​វត្ត​​​សាមគ្គី​​​រង្សី ​​​មាន​​​សង្ឃ​​​ដី​​​កា​​​អំពីព្រះតេជគុណ សុត ឆាយ៉ា។ រូប​​​ថត ស៊ីវ ចាន់ណា/The Cambodia Daily

សុត ឆាយ៉ា បាន​​​ចាក​​​ចេញ​​​ទៅ។ ប៉ុន្តែ​​​បី​​​ខែ​​​ក្រោយ​​​មក​​​ នៅពេល​​​ដែល​​​ការ​​​ប្រយុទ្ធ​​​ប្រដាប់​​​អាវុធ​​​បាន​​​បញ្ចប់​​​ ហើយ​​​លោក ហ៊ុន សែន​​​ ក្លាយ​​​ជា​​​មេដឹក​​​នាំ​​​តែ​​​ម្នាក់​​​ឯង​​​ ទាហាន​​​អាជីពរូប​​​នេះ​​​ត្រូវ​​​បានជ្រើស​​​រើស​​​បញ្ចូល​​​ក្នុង​​​កងពល​​​តូច​​​លេខ​​​៩១១ ដែល​​​លោក​​​បាន​​​ធ្វើការរហូត​​​ដល់​​​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​ក្នុង​​​ឆ្នាំ​​​២០០៥​​​ទៅ​​​កាន់​​​កងពលតូច​​​លេខ​​​៧០ ដែល​​​ប្រតិបត្តិការ​​​ជា​​​កងអង្គរក្ស​​​ផ្ទាល់​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ហ៊ុន សែន​​​។​​​​​​

ព្រះតេជគុណ សុត ឆាយ៉ា បាន​​​មាន​​​សង្ឃ​​​ដីកា​​​​​​ថា “នៅ​​​ពេល​​​ដែល​​​ពួក​​​គេ​​​បញ្ជូន​​​អាត្មា​​​ទៅ​​​កងពល​​​តូច​​​៧០​​​ គេ​​​បញ្ជូន​​​អាត្មា​​​ទៅ​​​ទទួល​​​ការ​​​ហ្វឹក​​​ហាត់​​​បន្ថែម​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ គឺ​​​ការ​​​ហ្វឹក​​​ហាត់​​​ផ្នែក​​​សន្តិសុខ​​​ពិសេស អន្តរាគមន៍ និង​​​ប្រតិបត្តិការ​​​និង​​​ការ​​​ពារ​​​ក្បួន[រថ​​​យន្ត] “។

ក្នុង​​​ឆ្នាំ​​​២០០៨ នៅ​​​ពេល​​​ដែល​​​លោក​​​មាន​​​អាយុ​​​៤០​​​ឆ្នាំ ព្រះ​​​សង្ឃ​​​អង្គ​​​នេះ មាន​​​សង្ឃដីកា​​​ថា លោក​​​ត្រូវ​​​បាន​​​គេ​​​ផ្លាស់​​​ប្តូរ​​​ទៅ​​​ក្នុង​​​កង​​​ពល​​​ធំ​​​លេខ​​​២នៃ​​​កង​​​យោធពល​​​ខេមរ​​​ភូមិន្ទ ជា​​​ការ​​​ងារ​​​ដែល​​​ព្រះ​​​សង្ឃ​​​អង្គ​​​នេះ​​​បដិ​​​សេធ​​​មិន​​​ទម្លាយ​​​ឲ្យ​​​ដឹង។​​​

ព្រះ​​​តេជគុណ បាន​​​មាន​​​សង្ឃដីកា​​​ថា “អាត្មា​​​នៅ​​​តែ​​​ជា​​​កងពលធំ​​​​​​​​​ទី​​​២​​​រហូត​​​ដល់​​​សព្វ​​​ថ្ងៃ​​​នេះ។ ប្រសិន​​​បើ​​​ប្រទេស​​​ជាតិ​​​ប្រឈម​​​​​​នឹង​​​ការ​​​គំរាម​​​គំហែង​​​ធ្ងន់ ឬអាត្មា​​​ទទួល​​​បាន​​​ការ​​​ស្នើ​​​[ពី​​​រដ្ឋាភិបាល] អាត្មា​​​នឹង​​​ឆ្លើយ​​​តប”។​​​

ព្រះ​​​សង្ឃ​​​អង្គ​​​នេះ បាន​​​បម្រើ​​​ការ​​​ងារ​​​យោធា​​​ពេញ​​​ម៉ោង​​​រហូត​​​ដល់​​​​​​ចុង​​​ឆ្នាំ​​​មុន​​​ នៅ​​​ពេល​​​ដែល​​​លោក​​​ប្តេជ្ញ​​​ និង​​​សម្រេច​​​ចិត្ត​​​ចូល​​​មក​​​ក្នុង​​​វត្ត​​​ឪពុក​​​លោក។ ព្រះ​​​សង្ឃ​​​អង្គ​​​នេះ បាន​​​មាន​​​សង្ឃដីកា​​​ថា ឥឡូវ​​​នេះ​​​ ត្រូវ​​​រស់​​​នៅ​​​ទី​​​នេះ។​​​

ព្រះ​​​តេជគុណ យឿង ស៊ិន ស៊ូ​​​ស្លាប់​​​ដើម្បី​​​បុព្វ​​​ហេតុ​​​ខ្មែរ​​​ក្រោម​​​។ កើត​​​ក្នុង​​​ឆ្នាំ​​​១៩៣៥​​​ក្នុង​​​ខេត្ត​​​កាន់ថូ ប្រទេស​​​វៀត​​​ណាម​​​ ជា​​​ផ្នែក​​​នៃ​​​កម្ពុជា​​​ក្រោម​​​ ដែល​​​ខ្មែរ​​​ហៅ​​​ថា ព្រែកឫស្សី ការ​​​ប្តេជ្ញា​​​របស់​​​លោក​​​ចំពោះ​​​បុព្វ​​​ហេតុនោះ​​​ នឹង​​​​​​​​​បង្កើត​​​​​​នូវ​​​ឆាក​​​ជីវិត​​​របស់​​​យឿង ស៊ិនទាំង​​​ស្រុង។

ជា​​​ជន​​​ជាតិ​​​ដើម​​​​​​នៅ​​​ក្នុង​​​តំបន់​​​ដី​​​សណ្តក្នុង​​​វៀត​​​ណាម​​​ខាង​​​ត្បូង ខ្មែរ​​​ក្រោម​​​មាន​​​សាសនា​​​ វប្បធម៌ និង​​​ភាសា​​​របស់​​​ខ្លួន​​​ដែល​​​​​​ហាម​​​ប្រាម​​​ដោយ​​​ក្រុង​​​ហាណូយ។​​​ ប៉ុន្តែ សឿង ស៊ិន​​​ បំពាន​​​លើ​​​​​​​​​ការ​​​ដាក់​​​កំហិត​​​ទាំង​​​នេះ។​​​ លោក​​​ជា​​​អ្នក​​​តស៊ូ​​​មតិដែល​​​មិន​​​រាថយ​​​​​​សម្រាប់​​​ខ្មែរ​​​ក្រោម។​​​​​​​​​

លោក ថាច់ សេដ្ឋា អ្នក​​​តស៊ូ​​​មតិនិង​​​ជា​​​អ្នក​​​នយោ​​​បាយ​​​បក្ស​​​ប្រ​​​ឆាំង​​​​​​ ដែល​​​ឈរ​​​ជាមួយ​​​ព្រះ​​​តេជ​​​គុណ សឿង ស៊ិន​​​ ហើយ​​​បន្ទាប់​​​មក​​​បាន​​​ក្លាយ​​​ជា​​​ប្រធាន​​​សមាគមខ្មែរ​​​កម្ពុជា​​​ក្រោម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា បាន​​​និយាយ​​​ថា “លោក​​​ជា​​​វីរជន​​​នៃ​​​ព្រះ​​​សង្ឃ។ រហូត​​​ដល់​​​សព្វថ្ងៃ​​​នេះ យើង​​​មិន​​​បាន​​​ឃើញ​​​ព្រះ​​​សង្ឃ​​​ដូច​​​ជា​​​លោក​​​ទេ។ លោក​​​បូជា​​​ពេល​​​វេលា ការ​​​ប្រឹង​​​ប្រែង​​​ និង​​​ស្មារតី​​​ដើម្បី​​​ជាតិ​​​និង​​​ខ្មែរ​​​ក្រោម”។

ការ​​​ប្តេជ្ញា​​​មោះមុត​​​របស់​​​​​​​​​​​​ យឿង ស៊ិន​​​ បាន​​​ធ្វើ​​​ឲ្យ​​​លោក​​​​​​បាត់​​​បង់​​​សេរី​​​ភាព​​​ពីរ​​​ដង។ ក្នុង​​​ឆ្នាំ​​​១៩៧៦ នៅ​​​ក្នុង​​​ខេត្ត​​​កំណើត​​​របស់​​​លោក លោក​​​ត្រូវ​​​ជាប់ពន្ធនាគារ​​​រយៈ​​​ពេល​​​៣​​​ឆ្នាំ​​​កន្លះពី​​​បទ​​​ចោទ​​​ប្រកាន់​​​ថា​​​មាន​​​ផែនការ​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល។​​​ ក្នុង​​​ឆ្នាំ ១៩៨៤​​​ លោក​​​ត្រូវ​​​បាន​​​គេ​​​ចាប់​​​ខ្លួន​​​​​​ក្នុង​​​ខេត្ត​​​តាកែវ ហើយ​​​ត្រូវ​​​បញ្ជូន​​​ចូល​​​គុក​​​​​​រយៈ​​​ពេល​​​២​​​ឆ្នាំ ដោយ​​​សារ​​​តែ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ដឹក​​​នាំចលនា​​​ខ្មែរ​​​សេរី​​​ក្នុង​​​ប្រទេស​​​កម្ពុជា។

ព្រះ​​​តេជ​​​គុណ យឿង ស៊ិន ​​​គាល់​​​ព្រះ​​​អង្គម្ចាស់​​​​ នរោត្ត​​​ម សីហមុនី​​​ ក្នុង​​​រូប​​​ថត​​​ដែល​​​គ្មាន​​​កាល​​​បរិច្ឆេទ។ រូប​​​ថត ស៊ីវ ចាន់ណា/The Cambodia Daily
ព្រះ​​​តេជ​​​គុណ យឿង ស៊ិន ​​​គាល់​​​ព្រះ​​​អង្គម្ចាស់​​​​ នរោត្ត​​​ម សីហមុនី​​​ ក្នុង​​​រូប​​​ថត​​​ដែល​​​គ្មាន​​​កាល​​​បរិច្ឆេទ។ រូប​​​ថត ស៊ីវ ចាន់ណា/The Cambodia Daily

លោក ងៃ សុខរិន អាចារ្យ​​​វត្ត​​​សាមគ្គី​​​រង្សី អាយុ​​​៦១​​​ឆ្នាំ បាន​​​និយាយ​​​ថា “នេះ​​​ជា​​​ជីវិត​​​ខ្មែរ​​​ក្រោម​​​ដែល​​​ព្យា​​​យាម​​​អនុវត្ត​​​តាម​​​​​​វប្បធម៌​​​របស់​​​យើង។ ប្រសិន​​​បើ​​​អ្នក​​​ជា​​​សកម្ម​​​ជន​​​ខ្មែរ​​​ក្រោម​​​​​​ រដ្ឋាភិបាល​​​វៀត​​​ណាម​​​​​​តែង​​​តែ​​​ឃ្លាំ​​​មើល​​​​​​​​​​​​សកម្ម​​​ភាព​​​អ្នក​​​ ហើយ​​​នេះ​​​ជា​​​ហេតុ​​​ដែល​​​មនុស្ស​​​ជា​​​ច្រើន​​​មក​​​ស្នាក់​​​នៅ​​​វត្ត​​​សាមគ្គី​​​រង្សី”។

​​​ក្នុង​​​ឆ្នាំ​​​១៩៩៣ព្រះ​​​តេជគុណ យឿង ស៊ិន​​​ បាន​​​បង្កើត​​​សមាគម​​​ព្រះ​​​​​​សង្ឃ​​​ខ្មែរ​​​ក្រោម​​​​​​ក្នុង​​​កម្ពុជា ហើយ​​​សកម្ម​​​ភាព​​​ប្រ​​​ឆាំង​​​នឹង​​​វៀតណាម​​​​​​​​​ធ្វើ​​​ឲ្យ​​​លោក​​​នៅ​​​ដាច់​​​ឆ្ងាយ​​​ពី​​​​​​ថ្នាក់​​​ដឹកនាំ​​​ពុទ្ធ​​​សាសនា​​​ផ្សេង​​​ទៀត​​​​​​ដែល​​​មើល​​​ទៅ​​​គ្មាន​​​ពាក់​​​ព័ន្ធ​​​នឹង​​​គណបក្ស​​​នយោ​​​បាយទេ​​​ ប៉ុន្តែ​​​តាម​​​ពិត​​​ មាន​​​និន្នា​​​ការ​​​ជិត​​​ស្និទ្ធនឹង​​​គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា។​​​​​​

បន្ទាប់​​​មក ក្នុង​​​ឆ្នាំ​​​១៩៩៧ ដោយ​​​មាន​​​ចៅអធិការ​​​វត្ត​​​​​​​​​ពី​​​ខេត្ត​​​តាកែវមក​​​ភ្នំ​​​ពេញ​​​ដែល​​​មិន​​​សុខ​​​ចិត្ត​​​ប្រគល់​​​កុដិ​​​ឲ្យ​​​ព្រះ​​​សង្ឃ​​​ដែល​​​និយាយ​​​ឥត​​​សំ​​​ចៃ យឿង ស៊ិន​​​​​​បាន​​​ទិញ​​​ដី​​​មួយ​​​ប្លង់​​​នៅ​​​ជាយ​​​ខាង​​​លិច​​​ក្រុង​​​ភ្នំ​​​ពេញ​​​ ហើយ​​​បាន​​​ចាក់​​​គ្រឹះ​​​សម្រាប់​​​អ្វី​​​ដែល​​​​​​ក្លាយ​​​ជា​​​វត្ត​​​សកម្ម​​​បំផុត​​​ផ្នែក​​​នយោ​​​បាយ​​​នៅ​​​ក្នុង​​​ប្រទេស។​​​​​​​​​

ព្រះ​​​តេជគុណ សុត ឆាយ៉ា បាន​​​មាន​​​សង្ឃដីកា​​​នៅ​​​ក្នុង​​​កុដិ​​​ធម្មតា​​​មួយ​​​​​​មាន​​​ចម្ងាយ​​​ប្រហែល​​​១០០​​​ម៉ែត្រ​​​ពី​​​កន្លែង​​​តម្កល់​​​សពឪពុក​​​លោក ដែល​​​រក្សា​​​ទុក​​​ក្នុង​​​មឈូស​​​កញ្ចក់​​​ថា​​​ “ញោម​​​របស់​​​អាត្មា​​​បាន​​​លក់​​​អ្វី​​​គ្រប់​​​យ៉ាង​​​ដើម្បី​​​កសាង​​​ទី​​​នេះ។ ពេល​​​គាត់​​​សុគត​​​ទៅ​​​ ញោម​​​មាន​​​តែ​​​ប្រាក់​​​២ដុល្លារ​​​​​​ប៉ុណ្ណោះ​​​នៅ​​​​​​​​​ក្នុង​​​កាបូប”។​​​​​​

នៅ​​​ថ្ងៃ​​​ទី​​​១​​​ ខែ​​​មករា សុត​​​ ឆាយ៉ា ដែល​​​បាន​​​បួ​​​ស​​​នៅ​​​ក្នុង​​​វត្ត​​​មួយ​​​ក្នុង​​​ខេត្ត​​​កំពត​​​រយៈ​​​ពេល​​​៦​​​សប្តាហ៍​​​មុន​​​ បាន​​​ចូល​​​មក​​​នៅ​​​ក្នុង​​​វត្ត​​​សាមគ្គី​​​រង្សី​​​ គឺ​​​ជា​​​កន្លែង​​​ដែល​​​លោក​​​​​​ធ្លាប់​​​មក​​​លេង​​​ឪពុក​​​លោក​​​។​​​

១២​​​ថ្ងៃបន្ទាប់​​​ពី​​​អតីត​​​ទាហានរូប​​​នេះ​​​​​​​​​ចូល​​​មក​​​ដល់ សាមណេរ​​​មួយ​​​អង្គបាន​​​ចាក់​​​សម្លាប់​​​គ្រូ​​​សូត្រ​​​មួយ​​​អង្គ​​​ គឺ​​​ព្រះ​​​តេជគុណ ថាច់ ខាន់ ក្រោយ​​​ពី​​​ត្រូវ​​​ដាក់​​​ពិន័យ​​​ដោយ​​​សារ​​​តែ​​​ភាព​​​មានះ។ សាក្សី​​​និយាយ​​​ថា ថាច់ ខាន់​​​​​​ បាន​​​វាយ​​​ទៅ​​​លើ​​​សាមណេរ​​​នោះ។​​​​​​​​​​​​​​​

នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​​ក្រោយ​​​មក​​​ទៀត ព្រះ​​​តេជ​​​គុណ ស៊ាង សុវណ្ណារ៉ា ដែល​​​បាន​​​ក្លាយ​​​ជា​​​ចៅ​​​អធិការ​​​ នៅ​​​ពេល​​​ដែល​​​ព្រះ​​​តេជគុណ យឿង ស៊ិន បាន​​​សុគត​​​ក្នុង​​​ឆ្នាំ​​​២០១០ បាន​​​ទៅ​​​នៅ​​​ប្រទេស​​​បារាំង។ គ្រូសូត្រ​​​របស់​​​លោក គឺ​​​ថាច់ ហា​​​សំអាង​​​ ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ក្នុង​​​វត្ត។

ព្រះ​​​តេជ​​​គុណ យឿង ស៊ិន​​​ មាន​​​សង្ឃ​​​ដី​​​កា​​​នៅ​​​ក្នុង​​​វត្ត​​​សាមគ្គី​​​រង្សី​​​ក្នុង​​​ទសវត្សរ៍​​​ដើម​​​ឆ្នាំ​​​២០០០។ រូប​​​ថត ស៊ីវ ចាន់ណា/The Cambodia Daily
ព្រះ​​​តេជ​​​គុណ យឿង ស៊ិន​​​ មាន​​​សង្ឃ​​​ដី​​​កា​​​នៅ​​​ក្នុង​​​វត្ត​​​សាមគ្គី​​​រង្សី​​​ក្នុង​​​ទសវត្សរ៍​​​ដើម​​​ឆ្នាំ​​​២០០០។ រូប​​​ថត ស៊ីវ ចាន់ណា/The Cambodia Daily

ព្រះ​​​តេជគុណ សុត ឆាយ៉ា បាន​​​មាន​​​សង្ឃ​​​​​​ដីកា​​​​​​អំពី​​​​​​ព្រះ​​​តេជ​​​គុណ ស៊ាង សុវណ្ណារ៉ាថា “ប្រហែល​​​ជា​​​លោក​​​ចាក​​​ចេញ​​​ទៅ​​​​​​ដោយ​​​សារ​​​តែ​​​ឃាត​​​កម្ម​​​នោះ។ លោក​​​គឺ​​​ជា​​​ចៅ​​​អធិការ​​​នៅ​​​ទី​​​នេះ ហើយ​​​គ្រូ​​​សូត្រ​​​មួយអង្គ​​​របស់​​​លោក​​​​​​ធ្លាប់​​​ប្រើ​​​ហិង្សា ហេតុ​​​ដូច្នេះ លោក​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ឧក្រិដ្ឋ​​​កម្ម​​​នោះ។​​​ ក្នុង​​​ព្រះ​​​ពុទ្ធ​​​សាសនា មិន​​​ប្រើ​​​ហិង្សា​​​ទេ”។​​​​​​

ការតែង​​​តាំង​​​ព្រះ​​​តេជគុណ ស៊ាង សុវណ្ណារ៉ា​​​ជំនួស​​​ព្រះ​​​តេជគុណ​​​ យឿង ស៊ិន គឺ​​​ជា​​​ចំណុច​​​មាន​​​ជម្លោះ​​​​​​សម្រាប់​​​ព្រះ​​​តេជគុណ សុត​​​ ឆាយ៉ា។​​​ ដោយមាន​​​សកម្ម​​​ភាព​​​កើត​​​មាន​​​ជា​​​ទូ​​​ទៅ ហើយ​​​ភាគ​​​ច្រើន​​​​​​ប្រឆាំង​​​នឹង​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា គណ​​​បក្ស​​​កាន់​​​អំណាច​​​​​​បាន​​​ឃើញ​​​​​​ការ​​​សុគត​​​របស់​​​ព្រះ​​​តេជគុណ យឿង ស៊ិន​​​ជា​​​ឱកាស​​​មួយ ដើម្បី​​​ធ្វើ​​​ឲ្យ​​​វត្ត​​​សាមគ្គី​​​រង្សី​​​ដើរ​​​តាម​​​គន្លង​​​វត្ត​​​អារាម​​​ផ្សេង​​​ទៀត​​​ក្នុង​​​ប្រទេស​​​នេះ។​​​​​​

សង្ឃ​​​ប្រកាស​​​ដែល​​​បាន​​​ផ្សព្វផ្សាយ​​​កាល​​​ពី​​​ខែ​​​តុលា​​​ ឆ្នាំ​​​២០១០​​​ និង​​​ចុះ​​​ហត្ថលេ​​​ខា​​​ដោយ​​​​​​ព្រះ​​​តេជគុណ នន្ទ ង៉ែត ពេល​​​នោះ​​​ជា​​​​​​​​​​​មេគណ​​​​​​​​​ក្រុង​​​ភ្នំ​​​ពេញ​​​ សរសេរ​​​ថា ព្រះ​​​សង្ឃ​​​មិន​​​មែន​​​ជា​​​ខ្មែរ​​​ក្រោម គឺ​​​ព្រះ​​​តេជគុណ ឃិន វាសនា គួរ​​​​​​​​​គ្រប់​​​គ្រង​​​ក្នុង​​​វត្ត​​​នេះ។

ព្រះ​​​តេជ​​​គុណ សុត ឆាយ៉ា ដែល​​​វិល​​​ត្រឡប់​​​ពី​​​​​​ធ្វើ​​​ការ​​​ជា​​​មួយ​​​កង​​​ពល​​​ធំ​​​លេខ​​​២​​​​​​ដើម្បី​​​តាម​​​ដាន​​​មើល​​​ការ​​​ផ្ទេរ​​​អំណាច​​​នេះ​​​ បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា “នេះ​​​មិន​​​អាច​​​កើត​​​មាន​​​បាន​​​ទេ។ ចៅ​​​អធិការ​​​ត្រូវ​​​តែ​​​ជា​​​ខ្មែរ​​​ក្រោម​​​។ នេះ​​​ជា​​​បំណង​​​របស់​​​ញោម​​​អាត្មា”។​​​​​​​​​

ព្រះ​​​តេជគុណ ស៊ាង សុវណ្ណារ៉ា បាន​​​យល់​​​ស្រប ហើយ​​​រឿង​​​រ៉ាវ​​​ទាំង​​​អស់​​​​​​បាន​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​រុញ​​​ច្រាន​​​ការ​​​ជ្រៀត​​​ជ្រែក​​​ពី​​​ខាង​​​ក្រៅ ដោយ​​​គំរាម​​​កំហែង​​​ហែក​​​ចោល​​​​​​ស្លាក​​​សញ្ញា​​​ពណ៌​​​ខៀវ​​​ដ៏​​​ធំរបស់​​​សមាគមព្រះ​​​សង្ឃ​​​ខ្មែរ​​​ក្រោម​​​​​​ព្រះ​​​តេជគុណ​​​​​​ យឿង ស៊ិន ដែល​​​ចង​​​នៅ​​​ក្នុង​​​ទី​​​ធ្លា​​​វត្ត​​​​​​ ប្រសិន​​​បើ​​​អ្នកក្រៅ​​​ចូល​​​មក​​​គ្រប់​​​គ្រង​​​វត្ត​​​នេះ។​​​

ព្រះ​​​តេជគុណ សុត ឆាយ៉ា បាន​​​មាន​​​សង្ឃ​​​ដី​​​កា​​​ថា “ព្រះ​​​សង្ឃ​​​បាន​​​គាំទ្រ​​​លោកបន្ទាប់​​​ពី​​​រឿង​​​នោះ​​​មក ហើយ​​​នេះ​​​​​​ជា​​​ហេតុ​​​ដែល​​​លោក​​ទទួល​​​បាន​​​អំណាច។ អាត្មា​​​មិន​​​យល់​​​ស្រប​​​ទេ ប៉ុន្តែ​​​អាត្មា​​​មិន​​​ទុក​​​ចិត្ត​​​អ្នក​​​ដទៃ​​​ ហើយ​​​អាត្មាត្រូវ​​​តែ​​​វិល​​​មក​​​វិញ”។

ព្រះ​​​តេជគុណ សុត ឆាយ៉ា មិន​​​បាន​​​មាន​​​សង្ឃ​​​ដី​​​កា​​​ដោយ​​​ចំហ​​​ទេ ប៉ុន្តែ​​​ព្រ​​​ះសង្ឃ​​​អង្គ​​​នេះ​​​ចង់​​​គ្រប់​​​គ្រង​​​វត្ត​​​ដែល​​​ឪពុក​​​លោក​​​បាន​​​កសាង​​​ឡើង។​​​

ព្រះ​​​សង្ឃ​​​អង្គ​​​នេះ បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា “​​​សព្វ​​​ថ្ងៃ​​​ ទី​​​នេះ​​​​​​មាន​​​ការ​​​គ្រប់​​​គ្រង​​​ដូច​​​​​​​​​ផ្តាច់​​​ការ។ មេដឹកនាំ​​​មិន​​​មាន​​​គុណធម៌​​​ក្នុង​​​ការ​​​រក្សា​​​បាន​​​នូវ​​​​​​បំណង​​​ញោម​​​អាត្មា​​​ទេ។ មាន​​​ទម្លាប់​​​ប្រើ​​​ហិង្សា​​​ក្នុង​​​ការ​​​ដាក់​​​វិន័យ​​​ ហើយ​​​មិន​​​មែន​​​ជា​​​ពុទ្ធ​​​សាសនាទេ​​​”។​​​

គង់​​​នៅ​​​ក្នុង​​​កុដិ ដែលមាន​​​ក្រដាស​​​ខ្មែរ​​​ក្រោម​​​ពីរ​​​បី​​​សន្លឹក និងបដា​​​​​បិទ​​​តុប​​​តែង​​​ជញ្ជាំង​​​កុដិ ព្រះ​​​តេជគុណ សុត ឆាយ៉ា បាន​​​​​​ទាញ​​​យក​​​រូប​​​ថត​​​ពី​​​ស្រោម​​​សំបុត្រ​​​ ពោលគឺ​​​ភ័ស្តុតាង​​​ ដែល​​​ព្រ​​​ះ​​​សង្ឃ​​​​​​អង្គ​​​នេះ បាន​​​មាន​​​សង្ឃ​​​ដី​​​កា​​​ថា ជា​​​ការវាយ​​​ប្រ​​​ហារ​​​លើរូប​​​​​​លោកនៅ​​​ថ្ងៃ​​​ដែល​​​លោក​​​បាន​​​មក​​​ដល់​​​វត្ត​​​សាមគ្គី​​​រង្សី​​​។​​​​​​

រូប​​​ថត​​​បាន​​​បង្ហាញ​​​​​​ទ្វារ​​​កញ្ចក់​​​បែកនិង​​​ដុំ​​​ឥដ្ឋ​​​ដែល​​​គេ​​​គ្រវែងធ្លុះ​​​ជញ្ជាំង​​​​​​ចូល​​​ក្នង​​​កុដិ​​​របស់​​​លោក ជា​​​ទង្វើ​​​ដែល​​​ព្រ​​​ះ​​​សង្ឃ​​​អង្គ​​​នេះ​​​ ជឿ​​​ថា វា​​​មាន​​​បំណង​​​ដេញ​​​រូប​​​លោក​​​ចេញ​​​ពី​​​វត្ត។

ព្រះ​​​សង្ឃ​​​អង្គ​​​នេះ បាន​​​មាន​​​សង្ឃ​​​ដីកា​​​ដោយ​​​កំហឹង​​​​​​និង​​​ចោទ​​​ ព្រះ​​​តេជគុណ ស៊ាង សុវណ្ណារ៉ា​​​និង​​​ថាច់ ហា​​​សំអាង​​​បាន​​​ស្ថិត​​​​​​នៅ​​​ពីក្រោយការ​​​វាយ​​​ប្រហារ​​​នោះថា “គេ​​​ខ្លាច​​​អាត្មា ហើយ​​​គេ​​​មាន​​​គម្រោង​​​លើ​​​អាត្មា​​​។ គេ​​​ចាត់ទុក​​​អាត្មា​​​ដូចជា​​​សត្វ ប៉ុន្តែ​​​អាត្មា​​​ជា​​​មនុស្ស។ នេះ​​​ជា​​​កន្លែង​​​អាត្មា។ ហេតុ​​​អី​​​អាត្មា​​​ត្រូវ​​​ចេញ?”។

ព្រះតេជគុណ ថាច់ ហាសំអាង មាន​​​គម្រោង​​​ធំ​​​សម្រាប់​​​វត្ត​​​សាមគ្គី​​​រង្សី​​​។

ព្រះ​​​សង្ឃ​​​ឆាន់​​​បារី​​​ក្នុង​​​វត្ត​​​សាមគ្គី​​​រង្សី។​​​ រូប​​​ថត ស៊ីវ ចាន់ណា/The Cambodia Daily
ព្រះ​​​សង្ឃ​​​ឆាន់​​​បារី​​​ក្នុង​​​វត្ត​​​សាមគ្គី​​​រង្សី។​​​ រូប​​​ថត ស៊ីវ ចាន់ណា/The Cambodia Daily

មាន​​​ព្រះ​​​ជន្ម​​​២៧​​​វស្សា ព្រះតេជគុណ​​​ជា​​​ចៅ​​​អធិការ​​​ដ៏​​​ក្មេង​​​បំផុត​​​ក្នុង​​​ចំណោម​​​​​​បីអង្គ​​​ដែល​​​គ្រប់គ្រង​​​វត្ត​​​នេះ​​​។ ទោះ​​​ជា​​​ព្រះសង្ឃ​​​អង្គនេះ​​​ទទួល​​​ស្គាល់​​​ការងារ​​​របស់​​​ចៅ​​​អធិការ​​​មុនៗក៏ដោយ​​​ ប៉ុន្តែ​​​ព្រះ​​​សង្ឃ​​​អង្គនេះធ្វើទៅ​​​ដោយ​​​ចំអក​​​ប៉ុណ្ណោះ​​​ ហើយ​​​ក៏​​​ចាប់​​​និយាយ​​​រឿង​​​អ្វី​​​ផ្សេង​​​ទៀត។​​​​​​

ព្រះសង្ឃអង្គ​​​នេះ​​​មាន​​​សង្ឃដីកា​​​ថា “យើង​​​ឃើញ​​​ថា ស៊ាង សុវណ្ណារ៉ា មាន​​​ចំណុច​​​ខ្សោយ​​​ក្នុង​​​ការ​​​ដឹក​​​នាំ​​​ ដូច្នេះ​​​យើង​​​នឹង​​​យក​​​តែ​​​ចំណុច​​​ខ្លាំង​​​របស់​​​លោក​​​ប៉ុណ្ណោះ​​​។ ចំពោះ​​​ព្រះ​​​តេជគុណ​​​ យឿង​​​ ស៊ិន វិញ របៀប​​​ដឹក​​​នាំ​​​របស់​​​អាត្មា​​​គឺ​​​ខុស​​​គ្នា​​​ ប៉ុន្តែ ទៅ​​​ដល់​​​គោល​​​ដៅ​​​ដូចគ្នា​​​ គឺ​​​ការ​​​នាំ​​​ត្រឡប់​​​មក​​​វិញ​​​នូវ​​​ដី​​​កម្ពុជា​​​ក្រោម​​​”។

​​​ចាប់​​​តាំង​​​ពី​​​ព្រះ​​​តេជគុណ​​​ ថាច់ ហាសំអាង ទទួល​​​តំណែង​​​ជា​​​ព្រះចៅ​​​អធិការ​​​មក ​​​​​​ទីធ្លា​​​ដីគ្រួស​​​​​​ក្រហម​​​នៅ​​​ក្នុង​​​វត្ត ត្រូវ​​​បាន​​​ចាក់​​​ក្រាល​​​ដោយ​​​បេតុង ការ​​​សាង​​​សង់​​​ចេតិយ​​​សម្រាប់​​​ឈាបនកិច្ច​​​របស់​​​ព្រះ​​​តេជគុណ​​​ យឿង ស៊ិន ត្រូវ​​​ពន្លឿន​​​ ហើយ​​​អគារ​​​សំខាន់​​​នៅ​​​ជាន់​​​ទី​​​៣​​​របស់​​​វត្ត​​​កំពុង​​​លេច​​​ធ្លោ​​​ឡើង​​​។

ព្រះ​​​តេជគុណ​​​អង្គនេះ​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា ស្ថិត​​​ក្រោម​​​ការ​​​ដឹក​​​នាំ​​​របស់​​​ព្រះ​​​​​​អង្គ​​​ វត្ត​​​នេះ​​​ “នឹងមាន​​​ការ​​​អភិវឌ្ឍ​​​និង​​​រីកចម្រើន​​​កាន់​​​តែ​​​ច្រើន⁣”។

ដោយ​​​មាន​​​ការ​​​​​​​​​​​​​​​​​​ព្រងើយពី​​​​​​​​​​​​ឋានានុក្រម​​​ព្រះពុទ្ធសាសនា​​​ និង​​​ដោយ​​​បណ្តាញ​​​នៃ​​​ក្រុម​​​មនុស្ស​​​ជាន់​​​ខ្ពស់​​​ដែល​​​ធ្វើ​​​ការ​​​ទាក់​​​ទង​​​ជាមួយ​​​នឹង​​​រដ្ឋាភិបាល​​​ ហើយដែល​​​​​​បរិច្ចាគ​​​ដល់​​​វត្ត​​​អារាម​​​ណាដែល​​​គេ​​​ចូល​​​ចិត្ត​​​នោះ ​​​វត្ត​​​សាមគ្គី​​​រង្សី ប្រមូល​​​បច្ច័យ​​​ភាគ​​​ច្រើន​​​ពី​​​អន្តរជាតិ​​​ ជា​​​រឿយៗ​​​តាម​​​រយៈ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ជាច្រើន​​​ដែល​​​គាំទ្រ​​​ខ្មែរ​​​ក្រោម​​​។​​​

ប៉ុន្តែ មនុស្ស​​​ដែល​​​ចូលរួម​​​វិភាគទាន​​​ពីក្រៅ​​​ប្រទេស​​​ចង់​​​ដឹង​​​ថា​​​ ប្រាក់​​​របស់​​​គេ​​​ទៅ​​​ណា​​​ ហើយ​​​ចំណែកឯ​​​ម្ចាស់​​​ជំនួយ​​​យល់​​​ថា វត្តសាមគ្គីរង្សី​​​ នឹង​​​​​​បង្កើត​​​​​​ព័ត៌មាន​​​អវិជ្ជមាន​​​ គេ​​​មិន​​​គិតថា​​​នឹង​​​មាន​​​ការ​​​ផ្សាយ​​​ជា​​​សាធារណៈ​​​​​​ ​​ដែល​​​កើត​​​ចេញ​​​ពី​​​ជម្លោះ​​​ផ្ទៃ​​​ក្នុង​​​ទេ​​​។

ព្រះ​​​តេជគុណ​​​ ថាច់ ហាសំអាង បាន​​​មាន​​​សង្ឃដីកា​​​ទាក់​​​ទង​​​នឹងព្រះ​​​តេជគុណ​​​ សុត ឆាយ៉ា​​​ ថា “ចាប់​​​តាំង​​​ពី​​​លោក​​​មក​​​ដល់​​​ មាន​​​បញ្ហា​​​ មាន​​​បញ្ហា​​​រហូត​​​។ លោក​​​បាន​​​ក្លាយ​​​ជា​​​ព្រះសង្ឃ​​​មិន​​​មាន​​​សន្តិភាព​​​ ប៉ុន្តែទៅ​​​ជា​​​បំផ្លាញ​​​វត្ត​​​របស់​​​យើង​​​ទៅ​​​វិញ​​​។ លោក​​​ចង់​​​បាន​​​តែ​​​អំណាច​​​ ហើយ​​​ល្ងង់​​​”។

ក្នុង​​​ខែ​​​កុម្ភៈ លោក​​​ ឃួង​​​ ស្រេង អភិបាល​​​រង​​​ក្រុង​​​ភ្នំពេញ​​​ បានចុះ​​​​​​មក​​​វត្ត​​​សាមគ្គី​​​រង្សី​​​ជាមួយ​​​នឹង​​​មន្ត្រី​​​សាលាក្រុង​​​ ដែល​​​ចុះស្រង់​​​រដ្ឋបាល​​​លើ​​​ព្រះ​​​សង្ឃ​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​វត្ត​​​ ហើយ​​​ដាក់​​​បញ្ជា​​​ថា អ្នក​​​ចំណូល​​​ថ្មី​​​ត្រូវ​​​តែ​​​រាយ​​​ការណ៍​​​ជូន​​​សាលា​​​ក្រុងភ្នំពេញ​​​​​​។

ការ​​​​​​ស្រង់​​​រដ្ឋបាល​​​បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​អ្នកនាំ​​​ពាក្យ​​​សាលា​​​ក្រុង​​​គឺ​​​លោក​​​ ឡុង ឌីម៉ង់ បាន​​​ប្រដូច​​​សកម្មភាព​​​នៅ​​​ក្នុង​​​វត្ត​​​សាមគ្គី​​​រង្សី​​​ទៅ​​​នឹង​​​ការ​​​ចាប់​​​ផ្តើម​​​ធ្វើ​​​អបគមន៍​​​។

ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី​​​ លោក​​​ ស្រេង បាន​​​និយាយ​​​ថា ការ​​​ចុះ​​​ស្រង់​​​រដ្ឋបាល​​​គឺ​​​ដើម្បី​​​សិក្សា​​​ភាព​​​ស្រប​​​ច្បាប់​​​នៃ​​​វត្ត​​​សាមគ្គី​​​រង្សី​​​ និង​​​ឃាត​​​កម្ម​​​លើ​​​ព្រះ​​​តេជគុណ​​​ ថាច់ ខាន់​​​ ដែល​​​ជា​​​ព្រះសង្ឃ​​​ដ៏​​​សកម្ម​​​បំផុត​​​មួយ​​​អង្គ​​​នៅ​​​ក្នុង​​​វត្ត​​​សាមគ្គី​​​រង្សី​​​ ហើយ​​​តែង​​​តែ​​​ឈរ​​​ជួរ​​​មុខគេ​​​ក្នុង​​​​​​ការ​​​តវ៉ា​​​ រួម​​​​​​មាន​​​កាលពី​​​ឆ្នាំ​​​មុន​​​ នៅ​​​​​​ពេល​​ដែល​​​ព្រះសង្ឃ​​​ខ្មែរ​​​ក្រោម​​​ដុត​​​ទង់​​​ជាតិ​​​វៀតណាម​​​នៅ​​​ខាង​​​មុខ​​​ស្ថានទូត​​​វៀតណាម​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​។

ព្រះ​​​តេជគុណ​​​ ថាច់ ហាសំអាង មិន​​​បាន​​​​​​មាន​​​សង្ឃ​​​ដីកា​​​​​​ថា សុត ឆាយ៉ា បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ឃាតកម្ម​​​នេះ​​​ទេ​​​ ប៉ុន្តែ បាន​​​ចោទ​​​ប្រកាន់​​​ដែល​​​ចង្អុល​​​ទៅ​​​កាន់​​​គោល​​​ដៅ​​​នោះ​​​។

ព្រះសង្ឃ​​​អង្គ​​​នេះ​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​​​​អំពី​​​ការ​​​ដាក់​​​វិន័យ​​​ដែល​​​​​​ឈាន​​​ដល់​​​ឃាតកម្ម​​​នោះ​​​ថា “យើង​​​មិន​​​ជឿ​​​ថា ការ​​​ប្រៀន​​​ប្រដៅ​​​តូច​​​តាច​​​បាន​​​បណ្តាល​​​ឲ្យ​​​មាន​​​សោកនាដកម្ម​​​នោះ​​​ទេ​​​”។

ព្រះសង្ឃ​​​អង្គនេះ​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​សំដៅ​​​ទៅ​​​លើ​​​ក្រុង​​​ហាណូយ​​​ថា “វា​​​ជារឿង​​​នយោបាយ​​​ដែល​​​អាច​​​មាន​​​បញ្ជា​​​ពី​​​រដ្ឋាភិបាល​​​យួន​​​”។

មេដឹកនាំ​​​វត្ត​​​ដ៏​​​ក្មេង​​​ខ្ចី​​​អង្គនេះ​​​​​​បាន​​​បញ្ជាក់​​​ថា ព្រះតេជគុណ​​​ សុត ឆាយ៉ា គឺ​​​គ្រាន់​​​តែ​​​ជា​​​កូន​​​អុក​​​នៅ​​​ក្នុង​​​គម្រោង​​​ធំ​​​មួយ​​​ដើម្បី​​​បង្ក​​​ឲ្យ​​​មាន​​​អស្ថិរភាព​​​ដល់​​​វត្ត​​​នេះ​​​ប៉ុណ្ណោះ​​​។

ព្រះសង្ឃ​​​អង្គនេះ​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា “លោក​​​ត្រូវ​​​​​​ពង្វក់​​​ដោយ​​​អាជ្ញាធរ​​​មូលដ្ឋាន​​​។ ពួកគេ​​​ប្រើ​​​កូន​​​ប្រុស​​​ យឿង ស៊ិន ដើម្បី​​​ព្យាយាម​​​ផ្លាស់​​​ប្តូរ​​​ថ្នាក់​​​ដឹក​​​នាំ​​​ ដើម្បី​​​បំផ្លាញ​​​យើង​​​។ យួន​​​បាន​​​សន្យា​​​នឹង​​​គាត់​​​ថា គាត់​​​នឹង​​​អាច​​​គ្រប់​​​គ្រង​​​វត្ត​​​នេះ​​​។ យើង​​​បាន​​​រស់​​​នៅ​​​ជាមួយ​​​នឹង​​​គាត់​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​មក​​​ហើយ​​​ យើង​​​ឃ្លាំ​​​មើល​​​គាត់​​​ ហើយ​​​ដឹង​​​ថា គាត់​​​មានការ​​​​​​ប្រាស្រ័យ​​​ទាក់​​​ទង​​​ជាមួយ​​​នឹង​​​នរណា​​​ហើយ​​​ “។

ទ្រឹស្តី​​​បែប​​​នេះ​​​ គឺ​​​ដូច​​​ជា​​​ទ្រឹស្តី​​​ច្រើន​​​ទៀត​​​នៅ​​​ក្នុង​​​ពិភព​​​​ជំងឺ​​​មន្ទិល​​​សង្ស័យ​​​​​​របស់​​​ខ្មែរ​​​ក្រោម​​​ បាន​​​កើត​​​ឡើង​​​យ៉ាង​​​រហ័ស​​​នៅ​​​ក្នុង​​​វត្ត​​​នេះ​​​។ តាម​​​ពិត​​​ ការ​​​រក​​​មនុស្ស​​​ណា​​​ម្នាក់​​​​​​​​​​ដែល​​​មិន​​​ជឿ​​​ថា ព្រះ​​​តេជគុណ​​​ សុត ឆាយ៉ា មាន​​​គោល​​​បំណង​​​អាក្រក់​​​ ដើម្បី​​​កាន់​​​កាប់​​​វត្ត​​​នេះ ​​​គឺ​​​ស្ទើរ​​​តែ​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​។

ព្រះតេជគុណ​​​ ថាច់ សុធន ​​​ជា​​​ក្មួយ​​​ប្រុស​​​របស់​​​ព្រះតេជគុណ​​​ ថាច់ ខាន់ បាន​​​មាន​​​សង្ឃដីកា​​​ថា “រយៈពេល​​​ជិត​​​មួយ​​​ខែ​​​បន្ទាប់​​​ពី​​​គាត់​​​មក​​​ដល់ គេ​​​សម្លាប់​​​ពូ​​​របស់​​​អាត្មា​​​​​​។ វា​​​ហាក់​​​ដូច​​​ជា​​​វាសនា​​​អាក្រក់​​​។ ចាប់​​​តាំង​​​ពី​​​គាត់ចូល​​​មក​​​នៅ​​​ក្នុង​​​វត្ត​​​នេះ​​​ យើង​​​មាន​​​បញ្ហា​​​ច្រើន​​​ណាស់​​​។ ព្រះសង្ឃ​​​និង​​​គ្រហស្ថ​​​មិន​​​ចូល​​​ចិត្ត​​​គាត់​​​ទេ”​​​។

សម្រាក​​​ពី​​​ការ​​​រៀប​​​ចំ​​​ចង្ហាន​​​់​​​ឲ្យ​​​ព្រះ​​​សង្ឃ​​​ឆាន់​​​ លោក​​​អាចារ្យ​​​ សុខរិន​​​បាន​​​ត្អូញ​​​ត្អែ​​​រថា សុត ឆាយ៉ា​​​បាន​​​ប្រាប់​​​ពួកគេ​​​ថា លោក​​​នឹង​​​រស់​​​នៅ​​​​​​ក្នុង​​​វត្ត​​​នេះ​​​មួយ​​​រយៈ​​​ពេល​​​ប៉ុណ្ណោះ​​​។

លោក​​​អាចារ្យ​​​ សុខរិន​​​បាន​​​និយាយ​​​ថា “លោក​​​បាន​​​និយាយ​​​ថា​​​លោក​​​ចង់​​​បួស​​​បី​​​ខែ​​​ ដើម្បី​​​បញ្ជាក់​​​ថា លោក​​​ជា​​​កូន​​​ល្អ។ ឥឡូវ​​​ ផុត​​​កំណត់​​​ហើយ។​​​ បួសក៏​​​បួស​​​ចុះ តែ​​​សូម​​​កុំ​​​បង្ក​​​រឿង”។

មិន​​​មាន​​​នរណា​​​ម្នាក់​​​នៅ​​​ឯ​​​វត្ត​​​នេះ​​​និយាយ​​​ថា ពួកគេ​​​អាច​​​គិត​​​ថា ចាន់ សុភ័ក្រ អាយុ​​​១៨​​​ឆ្នាំ​​​ដែល​​​ជាប់​​​ចោទ​​​ជា​​​ឃាតករ​​​ មាន​​​ប្រវត្តិ​​​ប្រើហិង្សា​​​ទេ។ អ្នក​​​ខ្លះ​​​ចាត់ទុក​​​គាត់​​​ថាជា “ស្វា​​​រពឹស” ចំណែក​​​អ្នក​​​ខ្លះ​​​ទៀត​​​និយាយ​​​ថា​​​គាត់​​​ជា​​​”ក្មេង​​​ស្លូត”។

⁣ចំពោះ​​​ការវាយប្រហារលើ​​​កុដិ​​​សុត​​​ ឆាយ៉ា ចៅអធិការ ថាច់ ហាសំអាង មាន​​​សង្ឃ​​​ដី​​​កា​​​ថា ទោះបី​​​ជា​​​​​​មាន​​​អារម្មណ៍​​​ស្វាគមន៍​​​តិច​​​តួច​​​ចំពោះ​​​កូន​​​ប្រុស​​​​​​ស្ថាបនិក​​​វត្ត​​​នេះ​​​ក៏​​​ដោយ ក៏​​​លោក​​​មិន​​​បាន​​​បញ្ជា​​​ឲ្យ​​​មាន​​​អំពើ​​​ហិង្សា​​​ដែរ។​​​​​​ ព្រះ​​​សង្ឃ​​​អង្គ​​​នេះ​​​បាន​​​មាន​​​សង្ឃ​​​ដី​​​កា​​​ទាក់​​​ទង​​​នឹង​​​យប់​​​ថ្ងៃ​​​ទី​​​២​​​ ខែ​​​មករា​​​ថា “គាត់​​​មក​​​រស់​​​នៅ​​​ទី​​​នេះ​​​ដោយ​​​គ្មាន​​​គេ​​​ហៅ​​​មក ឬ​​​គ្មាន​​​ការ​​​អនុញ្ញាត ដូច្នេះ​​​គេ​​​បាន​​​ទៅ​​​សួរ​​​គាត់​​​អំពី​​​រឿង​​​នោះ។ អាត្មា​​​មិន​​​ដឹង​​​ថា​​​មាន​​​អ្វី​​​កើត​​​ឡើង​​​ទេ”។

ស្វាគមន៍ ឬ​​​មិន​​​ស្វាគមន៍ ព្រះ​​​តេជគុណ សុត​​​ ឆាយ៉ា​​​មិន​​​ចាក​​​ចេញ​​​ទៅ​​​ណា​​​ទេ។ ដោយ​​​មាន​​​ស្រោម​​​សំបុត្រ​​​ពេញ​​​ទៅ​​​ដោយ​​​ឯកសារ​​​ប្រវត្តិសាស្ត្រ​​​ និង​​​រូប​​​ថត​​​ដែល​​​ទាក់ទង​​​នឹង​​​ការ​​​បង្កើត​​​ឡើង​​​និង​​​ប្រវត្តិ​​​​​​នៃ​​​វត្ត​​​ឧទ្ទាម​​​នេះ ទាហាន​​​អាជីព​​​រូប​​​នេះ មាន​​​ចំណាប់​​​អារម្មណ៍​​​ថា លោក​​​កំពុង​​​ក្រាញ​​​ននៀល​​​ដើម្បី​​​តទល់។​​​

ព្រះ​​​សង្ឃ​​​អង្គ​​​នេះ បាន​​​មាន​​​សង្ឃ​​​ដី​​​កា​​​ថា “ញោម​​​អាត្មា​​​ត្រូវ​​​គេ​​​បណ្តេញ​​​ចេញ​​​ពី​​​កន្លែង​​​ជាច្រើន មុននឹង​​​ប្រើ​​​កម្លាំង​​​កាយ​​​លោក​​​សាង​​​សង់​​​ទី​​​នេះ។ ប៉ុន្តែ​​​​​​គេ​​​មិន​​​អាច​​​បណ្តេញ​​​អាត្មា​​​បាន​​​ទេ។ វា​​​ស្រេច​​​​​​លើ​​​មនុស្ស​​​នៅ​​​ក្នុង​​​និង​​​ខាង​​​ក្រៅ​​​វត្ត​​​ ដើម្បី​​​ជ្រើស​​​រើស​​​មេដឹក​​​នាំ ប៉ុន្តែ​​​គឺ​​​​​​ញោម​​​អាត្មាដែល​​​បាន​​​ចូល​​​រួម​​​វិភាគទាន​​​ទាំង​​​នេះ។ តើ​​​មាន​​​ផល​​​ប្រ​​​យោជន៍​​​អ្វី​​​​​​ក្នុង​​​រឿង​​​នោះទេ?”៕ រើន​​​

ព្រះ​​​តេជគុណ ថាច់ សុធន ​​​ចង្អុល​​​ទី​​​កន្លែង​​​ដែល​​​ពូលោក គឺ​​​ព្រះ​​​តេជគុណ​​​ ថាច់ ខាន់​​​បាន​​​ដួល​​​បន្ទាប់​​​ពី​​​ត្រូវ​​​សាម​​​ណេរ​​​មួយ​​​អង្គ​​​ចាក់​​​សម្លាប់​​​ក្នុង​​​​​​ខែ​​​មករា។ រូប​​​ថត ស៊ីវ ចាន់ណា/The Cambodia Daily
ព្រះ​​​តេជគុណ ថាច់ សុធន ​​​ចង្អុល​​​ទី​​​កន្លែង​​​ដែល​​​ពូលោក គឺ​​​ព្រះ​​​តេជគុណ​​​ ថាច់ ខាន់​​​បាន​​​ដួល​​​បន្ទាប់​​​ពី​​​ត្រូវ​​​សាម​​​ណេរ​​​មួយ​​​អង្គ​​​ចាក់​​​សម្លាប់​​​ក្នុង​​​​​​ខែ​​​មករា។ រូប​​​ថត ស៊ីវ ចាន់ណា/The Cambodia Daily

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស