
កាលពីម្សិលមិញ សាលារាជធានីភ្នំពេញបានធ្វើតាមអ្វីដែលខ្លួនបានលើកឡើងថា នឹងបញ្ឈប់ផែនការតវ៉ាមួយចំនួនប្រឆាំងនឹងសេចក្តីព្រាងច្បាប់ដែលមានបំណងគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា ដោយដាក់ពង្រាយកងសន្តិសុខ និងនគរបាលរាប់រយនាក់នៅក្នុងរាជធានីភ្នំពេញដើម្បីបញ្ឈប់អ្នកតវ៉ា។
បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល សមាជិកសហជីព និងសកម្មជនរាប់រយនាក់នៅតែមានផែនការប្រមូលផ្តុំគ្នានៅរដ្ឋសភាដោយមានគោលដៅចេញពីទីតាំងចំនួនបួនដាច់ដោយឡែកពីគ្នាដើម្បីស្នើឲ្យសមាជិកសភាកុំអនុម័តសេចក្តីព្រាងច្បាប់នេះ ទោះបីជាមានការគំរាមពីសាលារាជធានីថា នឹងប្រើ “គ្រប់មធ្យោបាយ” ដើម្បីបញ្ឈប់ពួកគេក៏ដោយ។
សាលារាជធានីបានលើកឡើងថា រាល់ការហែក្បួនណាមួយនឹងត្រូវបានចាត់ទុកថា ខុសច្បាប់ ព្រោះអ្នករៀបចាំការហែក្បួនមិនបានសុំការអនុញ្ញាតឡើយ។ ហើយដោយធ្វើតាមអ្វីដែលខ្លួនបានលើកឡើង សាលារាជធានីបានដាក់ពង្រាយកងសន្តិសុខ និងនគរបាលប្រដាប់ដោយខែល និងដំបងរាប់រយនាក់នៅតាមទីតាំងដាច់ដោយឡែកទាំងបួនជាទីដែលអ្នកតវ៉ាបានប្រមូលផ្តុំគ្នាកាលពីព្រឹកម្សិលមិញ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី បានមានប្រសាសន៍ថា “យើងបានព្យាយាមប្រាប់ពួកគេកុំឲ្យធ្វើការតវ៉ាដោយខុសច្បាប់ ព្រោះច្បាប់នេះកំពុងស្ថិតក្រោមការពិភាក្សា និងពិគ្រោះយោបល់នៅឡើយ ហេតុដូច្នេះពួកគេមិនគួរធ្វើការតវ៉ាទេ ព្រោះច្បាប់នេះនៅមិនទាន់ក្លាយជាច្បាប់នៅឡើយទេ”។
នៅឯស្ពានអាកាស៧មករាតាមបណ្តោយមហាវិថីកម្ពុជាក្រោម អ្នកតវ៉ាប្រហែល២០០នាក់ បានធ្វើដំណើរឆ្លងកាត់កងសន្តិសុខជួរមុខ ហើយអាចហែក្បួនបានប្រហែលមួយគីឡូម៉ែត្រឆ្ពោះទៅកណ្តាលរាជធានីភ្នំពេញ ប៉ុន្តែ ត្រូវបានរារាំងដោយរបាំងក្បួនម៉ូតូរបស់នគរបាល។ ហើយអ្នកតវ៉ាមួយចំនួនត្រូវបានគេរឹបអូសយកបដារបស់ខ្លួន។
លោក អ៊ុក ពេជ្រសំណាង អ្នកតវ៉ាម្នាក់ក្នុងចំណោមអ្នកតវ៉ាទាំងនេះបាននិយាយថា “ពួកទាំងនេះមិនមែនជាកងកម្លាំងខ្មែរទេ…សកម្មភាពរបស់ពួកគេដែលរារាំងការតវ៉ាដោយសន្តិវិធីរបស់យើងគឺមិនអាចទទួលយកបានឡើយ ព្រោះពួកគេរារាំងយើងមិនឲ្យសំដែងចេញពីក្តីព្រួយបារម្ភរបស់យើង”។ លោកបាននិយាយបន្ថែមថា ”យើងគ្រាន់តែចង់សំដែងមតិយោបល់របស់យើងប្រឆាំងនឹងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលប៉ុណ្ណោះ ព្រោះច្បាប់នេះនឹងរឹតបន្តឹងយ៉ាងខ្លាំងលើសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសកម្មជនការពារសិទ្ធិមនុស្ស”។
អ្នកនាង អ៊ូ ទេពផល្លីន អនុប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានលើកឡើងថា ប្រសិនបើសេចក្តីព្រាងច្បាប់នេះក្លាយជាច្បាប់មែននោះ អ៊ីចឹង”កម្ពុជានឹងលែងជាប្រទេសប្រជាធិបតេយ្យទៀតហើយ”។

លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសរបស់អង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងថា អាជ្ញាធរបានឃាត់ខ្លួនអ្នកតវ៉ាពីរនាក់ដែលកំពុងរៀបចំហែក្បួនចេញពីខណ្ឌមានជ័យ ហើយបាននាំពួកគេទៅអធិការដ្ឋាននគរបាលខណ្ឌ ប៉ុន្តែក្រោយមកបានដោះលែងពួកគេវិញ ។
ទោះបីជាត្រូវបានរារាំងមិនឲ្យហែក្បួនក៏ដោយ តែក្រោយមក អ្នកតវ៉ាប្រហែល២០០នាក់នេះបានប្រមូលផ្តុំគ្នាជាថ្មីនៅមុខរដ្ឋសភាអំឡុងពេលព្រឹកដដែល នៅពេលអាជ្ញាធរបានដកចេញរបាំងដែលគេដាក់ព័ទ្ធជុំវិញបរិវេណរដ្ឋសភា បន្ទាប់ពីសម័យប្រជុំពេញអង្គត្រូវបានបញ្ចប់។
ដោយមិនខ្លាចរអានឹងការបង្ក្រាបរបស់នគរបាល លោក អំ សំអាត បានលើកឡើងទៀតថា អ្នកតវ៉ាប្រឆាំងនឹងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល នឹងបន្តការតវ៉ាប្រឆាំងនឹងច្បាប់នេះរហូតទាល់តែវាត្រូវបានដកចេញពីសភា ឬកែប្រែតាមការទាមទារ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើច្បាប់នេះត្រូវបានអនុម័ត យើងនឹងបន្តតវ៉ាទៅមុខទៀតដូចភ្លៀងរលឹមអ៊ីចឹងរហូតទាល់តែវាត្រូវបានកែប្រែ ។ ប្រសិនបើវាមិនត្រូវបានកែប្រែទេនោះ រដ្ឋសភាមិនត្រូវអនុម័តច្បាប់នេះឡើយ ព្រោះវារំលោភសិទ្ធិមនុស្ស និងផ្ទុយពីរដ្ឋធម្មនុញ្ញ”។
ច្បាប់នេះនឹងតម្រូវឲ្យអង្គការមិនមែនរដ្ឋាភិបាល និងសមាគមទាំងអស់នៅក្នុងប្រទេសចុះបញ្ជីជាមួយរដ្ឋាភិបាលដើម្បីបន្តប្រតិបត្តិការ និងដាក់របាយការណ៍ប្រចាំឆ្នាំស្តីអំពីហិរញ្ញវត្ថុ និងសកម្មភាពរបស់ខ្លួនជូនរដ្ឋាភិបាល។ វាក៏នឹងផ្តល់ឲ្យប្រព័ន្ធតុលាការនូវសិទ្ធិអំណាចក្នុងការបិទអង្គការមិនមែនរដ្ឋាភិបាល និងសមាគមផងដែរ។ ហើយអ្នករិះគន់ខ្លាចក្រែងបទប្បញ្ញត្តិដ៏ទូលំទូលាយ និងមិនច្បាស់លាស់នៅក្នុងច្បាប់នេះនឹងផ្តល់ឲ្យរដ្ឋាភិបាលនូវអំណាចក្នុងការបំបិទសិទ្ធិរិះគន់។
សមាជិកសភាគ្រោងជួបជាមួយអង្គការមិនមែនរដ្ឋាភិបាលនៅរដ្ឋសភានៅថ្ងៃទី១០ ខែកក្កដា ដើម្បីពិភាក្សាអំពីសេចក្តីព្រាងច្បាប់នេះ៕ស៊ុយឈាង