លោក ធារី គ្រូវ៉ែលលីយ៉េ អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា មេឆ្លើយសារភាពផ្លល់នូវភាពស៊ីជម្រៅទៅក្នុងការទាមទារដើម្បីយុត្តិធម៌របស់សាលាក្តីខ្មែរក្រហម
“ការពិតគឺជារឿងពិបាកបញ្ចេញឲ្យគេដឹងឮ មិនបាច់និយាយដល់ការទទួលខុសត្រូវទេ។ ទោះបីជាយើងមានហេតុផលល្អក្នុងការជំទាស់នឹងការខកខានរបស់អ្នកធ្វើទារុណកម្មមិននិយាយការពិតក៏ដោយ ក៏ការប៉ុនប៉ងលុបចោលនិងធ្វើឲ្យលំបាកយល់នូវអ្វីដែលគ្មានរសជាតិ នៅតែបៀតបៀនពួកយើងទាំងអស់គ្នា។ តើនរណាក្នុងចំណោមពួកយើងមិនត្រូវបានចាញ់ល្បិចបំភាន់ដោយសារលំនឹក ឬ ការយល់ឃើញផ្ទាល់របស់គាត់? ក្នុងតុលាការ សូម្បីតែជនរងគ្រោះក៏មិននិយាយថា ‘គ្មានអ្វីក្រៅពីការពិត’។ គ្មាននរណាម្នាក់និយាយថា ‘គ្មានអ្វីក្រៅពីការពិតដែរ’”។

លោក ធារី គ្រូវ៉ែលលីយ៉េ និយាយនៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា “មេឆ្លើយសារភាព: ការក្លាយជាអ្នកធ្វើទារុណកម្មខ្មែរក្រហម” ជាការរៀបរាប់អំពីកាំង ហ្កេចអ៊ាវ ហៅឌុច និងប្រវត្តិរឿងគួរឲ្យទាក់ទាញនៃសវនាការនាឆ្នាំ២០០៩របស់ឌុច។
ជាប្រធានមន្ទីរសន្តិសុខទួលស្លែង ឬស-២១ ដែលជាពន្ធនាគារខ្មែរក្រហមនៅក្នុងទីក្រុងភ្នំពេញ ឌុចបានមើលការខុសត្រូវចំពោះការធ្វើទារុណកម្មនិងការសម្លាប់មនុស្សជាង១២.០០០នាក់នៅរវាងឆ្នាំ១៩៧៥និងឆ្នាំ១៩៧៩។
ប្រធានមន្ទីរសន្តិសុខទួលស្លែងរូបនេះ គឺជាសមាជិកតែម្នាក់គត់នៃរបបកុម្មុយនិស្តប៉ុល ពត ដែលបានឈានដល់ការស្លាប់មនុស្សជិត២លាននាក់ ហើយបានសារភាពទោសកំហុសរបស់គាត់ និងបានសម្តែងការសោកស្តាយចំពោះឧក្រិដ្ឋកម្មរបស់គាត់ក្នុងអំឡុងពេលសវនាការ។
សំណុំរឿងនេះបានក្លាយជាករណីតែមួយគត់ក្នុងចំណោមសាលាក្តីឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ ដែលឌុចត្រូវជំនុំជម្រះ ទោះបីជាគាត់បានសារភាពទោសកំហុសក៏ដោយ។ នៅក្នុងប្រទេសភាគច្រើន ដែលមានសវនាការបែបហ្នឹងបានធ្វើឡើង ពោលគឺប្រទេសរវ៉ាន់ដា ប្រទេសសៀរ៉ាឡេអូន បូស្នី គឺប្រព័ន្ធច្បាប់ មានន័យថាការទទួលទោសកំហុសធ្វើឲ្យឃាតករសម្លាប់រង្គាល អ្នកធ្វើទារុណកម្ម និងជនផ្តាច់ការរួចផុតពីការឡើងសវនាការ។

លោក គ្រូវ៉ែលលីយ៉េ បាននិយាយក្នុងកិច្ចសម្ភាសមួយថា “វាគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹងសេដ្ឋកិច្ច។ វាចំណាយអស់តម្លៃតិច លោកអ្នកមិនមានការចំណាយពេញលើសវនាការទេ។ វាធ្វើឲ្យខូចដល់ការនិទានប្រាប់អំពីរឿងប្រវត្តិសាស្ត្រ និងការយល់ដឹងអំពីឧក្រិដ្ឋកម្ម ពីព្រោះលោកអ្នកបាត់បង់សំឡេងជនល្មើសទាំងស្រុង”។
ប៉ុន្តែ ឌុចបានប្រឈមនឹងអ្នកដែលទទួលរងគ្រោះដោយសារតែសកម្មភាពរបស់គាត់ រួមមានអ្នករស់រានមានជីវិតពីមន្ទីរស-២១ និងសមាជិកក្រុមគ្រួសាររបស់ជនរងគ្រោះពីមួយថ្ងៃទៅមួយថ្ងៃក្នុងអំឡុងពេលសវនាការរបស់គាត់។
“ឌុចឈរលើក្រចកសេះរៀងរាល់ថ្ងៃអស់រយៈពេលពី៦ទៅ៩ខែ ហើយខ្ញុំគិតថាមិនដែលមានទេកាលពីមុនមកនៅកម្រិតអន្តរជាតិ គឺលោកអ្នកបានជួបជនល្មើសនៃឧក្រិដ្ឋកម្មបែបហ្នឹង។ ហេតុដូច្នេះនៅក្នុងន័យនេះ វាជាឱកាសតែមួយគត់ ដើម្បីស្វែងយល់ឲ្យបានប្រសើរបន្តិចថាតើ អ្នកដែលមិនមែនជាឧក្រិដ្ឋជន មុននឹងបានក្លាយជាមហាឃាតករយ៉ាងដូចម្តេ៉ច”។
លោក គ្រូវ៉ែលលីយ៉េ ជាអ្នកកាសែតបារាំងជើងចាស់ដែលបានចំណាយពេល១៥ឆ្នាំតាមដាននិងសរសេរអំពីតុលាការឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ បានចូលរួមស្តាប់សវនាការឌុចរាល់ថ្ងៃ។

សៀវភៅដែលចេញផ្សាយជាភាសាបារាំងក្នុងឆ្នាំ២០១១និងជាភាសាអង់គ្លេសកាលពីមុន គឺជាការស្រាវជ្រាវប្រកបដោយការពិចារណា និងប្រសិទ្ធភាពនៃរបបខ្មែរក្រហម ជនរងគ្រោះ និងជនម្នាក់ក្នុងបណ្តាជនដែលទទួលខុសត្រូវចំពោះការធ្វើឲ្យមនុស្សស្លាប់ដ៏ច្រើន។
តាមរយៈសៀវភៅនេះមានដំណើររឿងហូរហែស្តីពីការពិតដែលផ្ទុយគ្នា។ ចំពោះមនុស្សម្នាក់ៗដែលពាក់ព័ន្ធនឹងសវនាការ ការពិត គឺខុសគ្នា។
ជានាយកមន្ទីរស-២១ ឌុច បានរក្សាទុកនូវរាល់កំណត់ហេតុពិស្តារនៃរាល់អ្នកទោសដែលបានចូលទៅក្នុងមន្ទីរ ស្ទើរតែពួកគេទាំងអស់បានស្លាប់នៅទីនោះ។ គាត់បានប្រកាសវិប្បដិសារីរបស់គាត់ដែលបានកំណត់និទានកថានៃការពិតរបស់គាត់ ប៉ុន្តែតាមការដឹង ជនរងគ្រោះមិនចាប់អារម្មណ៍នឹងការសារភាពរបស់គាត់ទេ។
លោក គ្រូវ៉ែលលីយ៉េ បានពន្យល់ថា “រឿងនេះ គឺថា វិប្បដិសារីរបស់គាត់ ជួនកាលពិបាកនឹងទទួលយក ដោយសារតែអាកប្បកិរិយាផ្ទាល់របស់គាត់ ដោយសារហេតុថាមានបញ្ហាជាច្រើនដែលគាត់មិនចង់សារភាព ហើយដោយសារតែប្រព័ន្ធការពារចិត្តសាស្ត្រគួរឲ្យជឿទុកចិត្តដែលគាត់បានកសាងឡើង គឺការពារគាត់ពីការមានវិបត្តិ”។
“ប្រសិនបើគាត់បានទទួលស្គាល់ឧក្រិដ្ឋកម្មរបស់គាត់ទាំងស្រុង ប្រហែលជាពិបាកនឹងរស់នៅជាមួយបានទេ។ ដូច្នេះឌុច បានបង្កើតយន្តការការពារមួយចំនួនដែលជាញឹកញាប់ទំនងជាការរៀបចំកលល្បិច ដោយសារតែកង្វះខាតការមិនចង់ដឹងចង់ឮ ឬថែមទាំងការចំអកបញ្ឈឺចិត្ត។ ហើយសញ្ញាទាំងអស់នេះស្ថិតនៅក្នុងទស្សនរបស់យើងដែលមិនស៊ីគ្នានឹងវិប្បដិសារីមែនទែន ប៉ុន្តែខ្ញុំគិតថាវាពិតមែន។ ខ្ញុំគិតថា វាមានភាពស្មុគ្រស្មាញជាងនោះទៅទៀត ហើយខ្ញុំគិតថា លោកអ្នកអាចមានវិប្បដិសារីមែនទែនផង និងមិនមានវិប្បដិសារីទាំងស្រុងផង”។
ការពិតដែលប្រឈមមុខបំផុតនៅក្នុងសៀវភៅ គឺសេចក្តីសន្និដ្ឋានដ៏អាក្រក់របស់លោក គ្រូវ៉ែលលីយ៉េ ដែលថា យើងរាល់គ្នាមានសមត្ថភាព ដោយមានឱកាសហុចឲ្យ ដើម្បីក្លាយជាមហាឃាតករដូចជាឌុចដែរ ដែលជាគ្រូបង្រៀនពីមុននិងក្រោយពីការចូលរួមជាមួយខ្មែរក្រហម។
លោក គ្រូវ៉ែលលីយ៉េ បាននិយាយថា “ឌុច គឺជាឧក្រិដ្ឋជនរយៈពេល៨ឆ្នាំ។ គាត់មិនមែនជាឧក្រិដ្ឋជនទេកាលពីមុន និងគាត់មិនមែនជាឧក្រិដ្ឋជនទេក្រោយពីពេលនោះដែរ ហើយគាត់ក៏នឹងមិនក្លាយជាឧក្រិដ្ឋជនទៀតទេ។ វេជ្ជបណ្ឌិតណាដែលបានពិនិត្យសុខភាពឲ្យគាត់ នឹងមិនចាត់ទុកគាត់ជាមនុស្សវិកលចរិត ឬជាមនុស្សមានវិបល្លាសចិត្តឯកោ ឬក៏មានជំងឺវិកលចរិតផ្សេងទៀតទេ។ មហាឧក្រិដ្ឋកម្មធ្វើការដោយមានការចូលរួមច្រើន ហើយវាមានន័យថាពួកយើងភាគច្រើននឹងចូលរួម ទោះជាសកម្មច្រើន ឬតិចក៏ដោយ ក៏យើងនឹងចូលរួមដែរ”។

នោះគឺជាសេចក្តីសន្និដ្ឋានសំខាន់មួយដែលធ្វើឲ្យយើងនិយាយថា បាទមែនហើយ ឧក្រិដ្ឋជននៅក្នុងឧក្រិដ្ឋកម្មនយោបាយបែបហ្នឹង គឺមិនមែនសត្វចម្លែកទេ ពួកគេពិតជាមនុស្សលោក….ប្រសិនបើពួកគេជាសត្វចម្លែក វានឹងជាការងាយស្រួល ពីព្រោះយើងតែងតែអាចនិយាយថា’ពួកគេមិនមែនជាពួកយើងទេ។ ពួកយើងគឺខុសគ្នា’ យើងមិនអាចនិយាយដូច្នេះបានទេ។ យើងមិនអាចទេ។ ហើយនោះជាអ្វីដែលគួរឲ្យរន្ធត់”។
លោក គ្រូវ៉ែលលីយ៉េ បាននិយាយថា លោកបានដឹងថា ការទៅចូលរួមសវនាការនឹងជារឿងចុងក្រោយដែលលោកត្រូវយកព័ត៌មាន។ សៀវភៅលើកដំបូងរបស់លោកគឺមានចំណងជើងថា “តុលាការនៃវិប្បដិសារី: នៅខាងក្នុងសាលាក្តីឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់ប្រទេសរវ៉ាន់ដា” ដែលលោកបានយកព័ត៌មាននៅក្នុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។ វាជាតុលាការទីមួយក្នុងបណ្តាតុលាការជាច្រើនដែលលោកកាន់តែយល់ដឹងយ៉ាងជក់ចិត្ត។
លោក គ្រូវ៉ែលលីយ៉េ បាននិយាយទាក់ទងនឹងការសម្រេចចិត្តចាប់យកផ្លូវថ្មីថា “ខ្លឹមសារនៃអ្វីដែលលោកអ្នកកំពុងដោះស្រាយគឺមានទម្ងន់ជាច្រើនឆ្នាំមកហើយ លោកអ្នកមិនបានដឹងរឿងនោះទេ ប៉ុន្តែចំណុចខ្លះ លោកអ្នកដឹង។ វារឹតតែកើនឡើង ហើយស្ទើរតែក្លាយជាបញ្ហាសុខភាពផ្លូវចិត្តដែលត្រូវងាកចេញ។ ហើយបន្ទាប់មក មានហេតុផលផ្សេងទៀត។ លោកអ្នកក៏អាចដឹងថាតើសាលាក្តីទាំងនេះមានដំណើរការយ៉ាងម៉េច ឬវាមិនមានដំណើរការយ៉ាងម៉េច ហើយនៅចំណុចខ្លះ លោកអ្នកក៏អាចស្រងាកចិត្តដោយដំណើរការយុត្តិធម៌ទាំងនេះជាច្រើន ហើយបន្ទាប់មកក៏ដល់ពេលចាកចេញតែម្តង។
នេះជាដំណើររឿងមួយផ្សេងទៀតដែលមានក្នុងសៀវភៅ គឺការកម្រិតនូវអ្វីដែលតុលាការបែបនេះអាចសម្រចបានជាទីបំផុត។
ទោះបីជាលោក គ្រូវ៉ែលលីយ៉េ បានចាត់ទុកសវនាការឌុចថា “ប្រហែលជាសវនាការល្អបំផុតដែលខ្ញុំមិនធ្លាប់ជួប”ក៏ដោយ ក៏លោកនិយាយត្រង់ៗក្នុងការវាយតម្លៃរបស់លោកចំពោះសាលាក្តីឧក្រិដ្ឋកម្មសង្គ្រាម ដោយផ្តល់នូវទឡ្ហីករណ៍ថាពួកគេជារឿយៗបាត់បង់ការផ្តោតអារម្មណ៍និងសេចក្តីក្លាហាន។
អ្នកនិពន្ធរូបនេះបាននិយាយអំពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាថា “នៅក្នុងប្រទេសកម្ពុជា ន័យនៃភាពប្រញាប់ប្រញាល់ គឺដូចជាកន្លែងដទៃទៀតដែរ ត្រូវធ្វើឲ្យបាត់បង់ភាគច្រើនដោយមន្ត្រីតុលាការទាំងឡាយ ហើយដូច្នេះដំណើរការនានាបន្តិចម្តងៗក្លាយជាដំណើរការការិយាធិបតេយ្យជាជាងអ្វី ដែលលោកអ្នកគិតថាគោលបំណងចម្បង គឺត្រូវដោះស្រាយប្រវត្តិសាស្ត្រការប៉ះទង្គិចផ្លូវចិត្តធ្ងន់នោះទេ “។
រហូតមកដល់សព្វថ្ងៃនេះ អវតក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ បានចំណាយប្រាក់ប្រហែល២០០លានដុល្លារអាមេរិក ភាគច្រើនផ្តល់មូលនិធិដោយម្ចាស់ជំនួយអន្តរជាតិ។ មានមនុស្សត្រឹមតែ៣នាក់ប៉ុណ្ណោះត្រូវបានកាត់ឲ្យជាប់ទោស គឺឌុចក្នុងសំណុំរឿង០០១ និងបងធំទីពីរ នួន ជា និងប្រមុខរដ្ឋ ខៀវ សំផន ក្នុងសំណុំរឿង០០២/០០១។ រដ្ឋមន្ត្រីការបរទេសខ្មែរក្រហម គឺអៀង សារី បានស្លាប់ក្នុងពេលសវនាការរបស់គាត់ ចំណែកឯប្រពន្ធរបស់គាត់ គឺអៀង ធារិទ្ធ ត្រូវបានប្រកាសថាមានជំងឺវង្វេងវង្វាន់មិនអាចចូលរួមតតាំងក្នុងសវនាការបាន។
ផ្នែកទី២នៃសំណុំរឿង០០២ចេះតែអូសបន្លាយ ពោលគឺគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០១៧ ដោយមានចុងចោទពីរនាក់ដែលមានវ័យជាង៨០ឆ្នាំ ហើយបានដកខ្លួនចេញពីដំណើរការនេះ។ អ្នកទាំងពីរកំពុងទទួលការជាប់ពន្ធនាគារអស់មួយជីវិត ហើយរក្សាសិទ្ធិរបស់ខ្លួនក្នុងការនៅស្ងៀមមិននិយាយស្តីនៅក្នុងបន្ទប់តុលាការ។
លោក គ្រូវ៉ែលលីយ៉េ បាននិយាយថា “ជាយថាហេតុ ប្រព័ន្ធទាំងមូលរឹតតែជាប់គាំងក្នុងន័យនោះ ពីព្រោះវាមានតិចតួច ដើម្បីទទួលបានពីសវនាការទីពីរ ទោះបីជាវាកំពុងដោះស្រាយឧក្រិដ្ឋកម្មសំខាន់បំផុតនៃរបបនោះក៏ដោយ ដែលជាចំណុចនៃប្រតិមតិរបស់តុលាការកម្ពុជា ដែលថានឹងបញ្ចប់ការដោះស្រាយឧក្រិដ្ឋកម្មសំខាន់បំផុតនៃរបបនោះ គឺត្រង់ចំណុចដែលមនុស្សពីរបីនាក់ចាប់អារម្មណ៍ ពីព្រោះវាកំពុងតែប្រព្រឹត្តទៅអស់រយៈពេលយ៉ាងយូរ ហើយក្រុមការពារក្តីចុងចោទទាំងពីរប្រហែលជាមិនបានត្រៀមខ្លួនជាស្រេចសម្រាប់បញ្ហាអ្វីមួយដែលមានន័យស្មើនឹងការស្វែងរកការពិត”។

ទន្ទឹមនឹងនេះ សំណុំរឿង០០៣និងសំណុំរឿង០០៤ ដែលជំទាស់ដោយរដ្ឋាភិបាលបានជាប់គាំងជាច្រើនឆ្នាំ រហូតដល់មានចៅក្រមសហស៊ើបអង្កេតអន្តរជាតិក្នុងរឿងក្តីទាំងនេះគឺលោក ម៉ាក ហាម៉ុន បានចោទប្រកាន់ជនសង្ស័យទាំងបីនាក់កាលពីដើមឆ្នាំនេះ។ ប៉ុន្តែ សំណួរនៅតែកើតឡើង ថាតើមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហមគឺ មាស មុត មេស្រុក អុឹម ចែម និងកម្មាភិបាលភូមិភាគកណ្តាលគឺ តា អាន នឹងប្រឈមមុខនឹងតុលាការ ឬយ៉ាងណាទេ។
លោក គ្រូវ៉ែលលីយ៉េ បាននិយាយថា សហគមន៍អន្តរជាតិដឹងច្បាស់ថា តុលាការកូនកាត់អង្គការសហប្រជាជាតិ-កម្ពុជា នឹងមានដំណើរការទៅបានត្រឹមណា លុះត្រាតែរដ្ឋាភិបាលចង់ឲ្យតុលាការនោះដំណើរការបានត្រឹមនោះ។
លោក គ្រូវ៉ែលលីយ៉េ បានបន្តថា “គ្រោះថ្នាក់ជាមួយនឹងបញ្ហាទាំងអស់នេះដែលក៏ជារឿងរ៉ាវ ដែលបានកើតឡើងនៅឯតុលាការផ្សេងទៀត គឺត្រង់ថា វាបញ្ចប់ទៅដោយការមើលឃើញថា មានការឃើញតែអាក្រក់ច្រើនពីសំណាក់មនុស្សភាគច្រើន ដោយសារតែវាហាក់ដូចជាការលាក់ពុត។ ការលាក់ពុតរបស់មនុស្សរាល់គ្នានៅក្នុងដំណើរការនេះ ទាំងរដ្ឋាភិបាលកម្ពុជា ទាំងអ្នកដើរតួអន្តរជាតិ គឺជាផ្នែកនៃអ្វីដែលធ្វើឲ្យប៉ះពាល់យ៉ាងធំដុំដល់ភាពគួរឲ្យជឿទុកចិត្តរបស់តុលាការនេះ ក្នុងបណ្តាប្រជាពលរដ្ឋ ឬប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ចំពោះបញ្ហានេះ និងសម្រាប់ហេតុផលល្អ”។
ដូច្នេះ បន្ទាប់ពីរយៈពេលប៉ុន្មានឆ្នាំទាំងនេះ តើតុលាការដើរតួនាទីអ្វីខ្លះ? តើតុលាការសម្រេចបានយុត្តិធម៌មួយកម្រិតណាឬទេ? តើការនោះមានលទ្ធភាពរកយុត្តិធម៌ថែមទៀតឬទេ បន្ទាប់ពីការស្លាប់មនុស្សប្រហែល២លាននាក់?
លោក គ្រូវ៉ែលលីយ៉េ បានផ្តល់ទឡ្ហីករណ៍ថា ទោះបីជាការកាត់ទោសមនុស្សមួយចំនួនតូចដែលទទួលខុសត្រូវ គឺជាលក្ខណៈនិមិត្តរូបក៏ដោយ ក៏សកម្មភាពនិមិត្តរូបទាំងនោះគឺមានសារៈសំខាន់ ហើយតុលាការបានដើរតួនាទីប្រយោល តែសំខាន់ក្នុងការបើកឲ្យមានការពិភាក្សាអំពីអំឡុងពេលកាន់កាប់របស់ខ្មែរក្រហម។
លោក គ្រូវ៉ែលលីយ៉េ បាននិយាយថា “ថាតើតុលាការប្រើរយៈពេលវែងបែបហ្នឹង ថាតើតុលាការចំណាយច្រើនអ៊ីចឹង គឺជាសំណួរខុសគ្នា ដែលខ្ញុំគិតថា នៅមានសុពលភាពនៅឡើយ ហើយគួរតែសួរ។ ប៉ុន្តែ នៅទីបញ្ចប់ប្រហែលបញ្ហាទាំងអស់នេះនឹងត្រូវគេបំភ្លេចចោល ហើយអ្វីដែលនឹងនៅតែមាន នឹងជាការកាត់ឲ្យជាប់ទោសចំពោះជនទាំងបីនាក់នេះ ការផ្តន្ទាទោសជាផ្លូវការនៃរបបខ្មែរក្រហម និងការបើកឲ្យមានការពិភាក្សាថ្នាក់ជាតិអំពីរយៈពេលរបប ប៉ុល ពត”៕រើន