តំណាងរាស្ត្រទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជា បានអនុម័តច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសកាលពីព្រឹកម្សិលមិញ ដោយគ្មានការពិភាក្សាដេញដោល និងដោយគ្មានគណបក្សសង្គ្រោះជាតិ ដែលតំណាងរាស្ត្រទាំង៥៥រូបរបស់ខ្លួនបានធ្វើពហិការសម័យប្រជុំនេះដើម្បីតវ៉ាជំទាស់ច្បាប់នេះ ដែលខ្លួននិយាយថាអាចនឹងត្រូវរដ្ឋាភិបាលប្រើប្រាស់ដើម្បីបង្ក្រាបការប្រឆាំង។
សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប បានរួមគ្នាជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិរាប់រយនៅក្នុងការជំទាស់ច្បាប់នេះ ដែលបង្ខំឲ្យអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ចុះបញ្ជីជាមួយរដ្ឋាភិបាល បង្ខំឲ្យពួកគេដាក់របាយការណ៍សកម្មភាព និងហិរញ្ញវត្ថុប្រចាំឆ្នាំ និងផ្ដល់អំណាចឲ្យក្រសួងច្រានចោលការដាក់ពាក្យស្នើសុំបង្កើតអង្គការមិនមែនរដ្ឋាភិបាល និងបិទអង្គការនានាចោលដោយហេតុផលមិនច្បាស់លាស់។ ពួកគេបានចាត់ទុកច្បាប់នេះថាមិនស្របតាមរដ្ឋធម្មនុញ្ញ ដោយសារតែវាប៉ះពាល់ដល់សិទ្ធិជួបជុំ ហើយមានការព្រួយបារម្ភថា រដ្ឋាភិបាលនឹងប្រើប្រាស់អំណាចថ្មីរបស់ខ្លួនដើម្បីប្រឆាំងអ្នករិះគន់។

សំណៅសេចក្ដីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលដែលតំណាងរាស្ត្របានបោះឆ្នោតនេះ បានផ្ដល់សម្បទានតិចតួចណាស់ដល់អ្នកជំទាស់នឹងវា។ មាត្រាមួយដែលរារាំងអ្នកដែលធ្លាប់បានដាក់ពាក្យស្នើសុំបង្កើតអង្គការមិនមែនរដ្ឋាភិបាល ហើយត្រូវបានច្រានចោល មិនឲ្យដាក់ពាក្យម្ដងទៀតនោះ ត្រូវបានដកចេញវិញហើយ។ វាក៏កាត់បន្ថយចំនួនអប្បបរមានៃសមាជិកស្ថាបនិកដែលអង្គការមួយត្រូវការ ពី៥នាក់មកនៅត្រឹម៣នាក់ផងដែរ។ ប៉ុន្តែមាត្រាដ៏ចម្រូងចម្រាសបំផុតដែលរួមមានទាំងមាត្រាមួយដែលអនុញ្ញាតឲ្យរដ្ឋាភិបាលបិទអង្គការណាដែលគេចាត់ទុកថាប៉ះពាល់ដល់ប្រពៃណីខ្មែរផងដែរនោះ ត្រូវបានរក្សាទុកឲ្យនៅដដែលភាគច្រើន។
គណបក្សប្រជាជនកម្ពុជា បាននិយាយថា ប្រទេសកម្ពុជា ត្រូវការច្បាប់នេះដើម្បីទប់ស្កាត់ការលាងលុយកខ្វក់ និងក្រុមភេរវករអន្តរជាតិដែលមានបំណងបញ្ជូនមូលនិធិរបស់ខ្លួនចូលមកកម្ពុជា តាមរយៈអង្គការមិនមែនរដ្ឋាភិបាល ប៉ុន្តែបណ្ដាអ្នកប្រឆាំងនិយាយថា កម្ពុជាមានច្បាប់សម្រាប់ប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងពីរនេះរួចទៅហើយ។
នៅមុនពេលបោះឆ្នោតអនុម័តច្បាប់នេះបន្តិចកាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អង្គការមិនមែនរដ្ឋាភិបាលគ្មានអ្វីដែលត្រូវព្រួយបារម្ភទេ។ លោកបានថ្លែងថា “ ខ្ញុំចង់បញ្ជាក់ឲ្យបានច្បាស់ថា សេចក្ដីព្រាងច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគមនេះ គ្មានបំណងរឹតបន្តឹងអង្គការមិនមែនរដ្ឋាភិបាលក្នុងការបំពេញការងាររបស់ខ្លួនឡើយ។ បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័ត រដ្ឋាភិបាលនឹងបន្តធ្វើសហប្រតិបត្តិការជាមួយបណ្ដាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីអនុវត្តវា និងធ្វើឲ្យប្រាកដថា វាមិនប៉ះពាល់សេរីភាពបញ្ចេញមតិ”។
ទោះជាយ៉ាងណា លោកស្រី ឡោក ខេង តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា លោកស្រីសង្ឃឹមថា នឹងឃើញច្បាប់នេះត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងអង្គការដែលផ្សព្វផ្សាយព័ត៌មានមិនពិត។
លោកស្រីបានលើកឡើងបន្តថា“ ខ្ញុំគាំទ្រច្បាប់នេះទាំងស្រុង ពីព្រោះយើងអាចមើលឃើញ ហើយខ្ញុំបានមើលរូបភាពវីដេអូនេះឃើញថា មានអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលបានបង្កបញ្ហាធ្ងន់ធ្ងរដល់ប្រទេស។ ដូចនៅក្នុងឆ្នាំ២០១៣ មានអង្គការមិនមែនរដ្ឋាភិបាលខ្លះបានធ្វើការចោទប្រកាន់មិនពិតជុំវិញទឹកខ្មៅសម្រាប់ការបោះឆ្នោត”។
នៅថ្ងៃបោះឆ្នោតក្នុងឆ្នាំ២០១៣ មានសេចក្តីរាយការណ៍ប្រឆាំងគ្នាជុំវិញថា តើទឹកខ្មៅដែលប្រើសម្រាប់ជ្រលក់ម្រាមដៃរបស់អ្នកបោះឆ្នោតអាចលុបជ្រះ ដែលធ្វើឲ្យអ្នកបោះឆ្នោតអាចបោះឆ្នោតបានច្រើនដង ឬយ៉ាងណា។
លោកស្រី ឡោក ខេង ក៏បានលើកឡើងផងដែរថា អង្គការមិនមែនរដ្ឋាភិបាលបានកិបកេងជំនួយបរទេសរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។ លោកស្រីបានគូសបញ្ជាក់ថា “ អង្គការមិនមែនរដ្ឋាភិបាល CCC [គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា] បានលើកឡើងថា អង្គការមិនមែនរដ្ឋាភិបាលទទួលបានជំនួយ៧០០លានដុល្លារ [ក្នុងឆ្នាំ២០១២] ប៉ុន្តែក្រសួងការបរទេសបានកត់ត្រាឃើញតែ២៨០លានដុល្លារប៉ុណ្ណោះ។ តើលុយបាត់ទៅណា? យើងត្រូវការច្បាប់នេះដើម្បីទប់ស្កាត់ការលាងលុយ និងភេរវកម្ម”។
លោក សួស យ៉ារ៉ា តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់គណបក្សសង្គ្រោះជាតិថា បានគេចវេះកាតព្វកិច្ចចំពោះអ្នកជាប់ពន្ធតាមរយៈការធ្វើពហិការការបោះឆ្នោតនេះ។
លោកមានប្រសាសន៍ថា“ ក្រុមសំឡេងភាគតិចគួរតែមកតទល់គ្នានៅទីនេះ។ វាជារឿងគួរឲ្យសោកស្ដាយណាស់ដែលអ្នកជាប់ពន្ធបានបង់ពន្ធជូនរដ្ឋដើម្បីបើកប្រាក់ខែឲ្យអស់លោក ប៉ុន្តែអស់លោកមិនបានមកអង្គុយនៅទីនេះដើម្បីការពារអត្ថប្រយោជន៍របស់អង្គការមិនមែនរដ្ឋាភិបាល”។
នៅពេលទាក់ទងបន្ទាប់ពីការបោះឆ្នោត លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សប្រឆាំងខ្វះអាសនៈសភាក្នុងការរារាំង ឬធ្វើវិសោធនកម្មច្បាប់នេះ ហើយមិនចូលរួមសម័យប្រជុំគឺដើម្បីចង់បញ្ជាក់ដល់សាធារណជនឲ្យបានច្បាស់ថា គណបក្សប្រឆាំងជំទាស់នឹងច្បាប់នេះ។ លោកបានលើកឡើងទៀតថា គណបក្សសង្គ្រោះជាតិមិនចង់ឲ្យការបោះឆ្នោតនេះមើលទៅមានលក្ខណៈផ្លូវការ ដោយសារតែវត្តមានរបស់ខ្លួនឡើយ។
លោកបានមានប្រសាសន៍ថា “យើងធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីបង្ហាញថា យើងគាំទ្រសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ប្រសិនបើយើងបានទៅចូលរួមសម័យប្រជុំនៅថ្ងៃនេះ ម្លេ៉ះយើងប្រហែលជាបានធ្វើឲ្យសម័យប្រជុំនេះមើលទៅមានលក្ខណៈផ្លូវការបាត់ទៅហើយ។ ហេតុដូច្នេះ យើងធ្វើពហិការដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា គណបក្សសង្គ្រោះជាតិមិនលេងហ្គេមដែលខ្លួនបានដឹងលទ្ធផលជាមុនរួចទៅហើយនោះឡើយ”។
តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិមួយចំនួនតូចបានទៅចូលរួមជាមួយអ្នកតវ៉ាប្រហែល៤០០នាក់ ដែលបានហែក្បួនតាមបណ្ដោយតីរវិថីស៊ីសុវត្ថិឆ្ពោះទៅកាន់រដ្ឋសភា ដើម្បីបង្ហាញការជំទាស់របស់ខ្លួនចំពោះច្បាប់នេះ។ ពួកគេត្រូវបានបញ្ឈប់នៅខាងមុខសណ្ឋាគារកាំបូឌីយ៉ាណា ដោយរបាំងដែកដែលយាមកាមដោយនគរបាលរាប់រយនាក់។
អំឡុងការតវ៉ានេះ លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានលើកឡើងថា វាច្បាស់ណាស់ថា រដ្ឋាភិបាលបង្កើតច្បាប់េនះឡើងគឺដើម្បីទប់ទល់អ្នករិះគន់ខ្លួន។
លោកមានប្រសាសន៍ថា “ ច្បាប់នេះនឹងបង្កការលំបាកដល់អង្គការមិនមែនរដ្ឋាភិបាល និងសមាគមក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធ្វើឲ្យប្រទេសប្រសើរឡើង។ ពួកគេមិនអាចរិះគន់រដ្ឋាភិបាលជុំវិញការប្រព្រឹត្តអំពើពុករលួយ ឬការរំលោភបំពានសិទ្ធិមនុស្សបានឡើយ”។
អ្នកស្រី ទេព វន្នី សកម្មជនប្រឆាំងការបណ្ដេញចេញដ៏លេចធ្លោមួយរូប ដែលធ្លាប់ត្រូវបានចាប់បញ្ជូនចូលពន្ធនាគារ និងចោទប្រកាន់ម្ដងហើយម្ដងទៀតពាក់ព័ន្ធនឹងការតវ៉ានោះបានលើកឡើងថា ការបោះឆ្នោតនេះនឹងអាចធ្វើឲ្យគណបក្សកាន់អំណាចបាត់បង់សំឡេងឆ្នោតនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
អ្នកស្រីនិយាយថា “ រដ្ឋាភិបាលនឹងប្រើច្បាប់នេះដើម្បីរារាំងយើងមិនឲ្យប្រើសិទ្ធិរបស់យើង ព្រោះរដ្ឋាភិបាលមិនចង់ឲ្យនរណាម្នាក់រិះគន់ការងាររបស់ខ្លួន។ សមាជិកសភាដែលអនុម័តច្បាប់េនះលែងតំណាងឲ្យពលរដ្ឋទៀតហើយ យើងមិនទទួលស្គាល់ពួកគេទេ”។
មុនពេលចូលជាធរមាន ច្បាប់នេះត្រូវឆ្លងកាត់ព្រឹទ្ធសភាប្រថាប់ត្រា និងការឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី៕ សុខុម និងស៊ុយឈាង