គម្រោងស្ថាបនាផ្លូវដ៏មហិច្ឆតាត្រូវអាក់ខានដោយសារតែអត្តឃាត
ស្រុកឧត្តុង្គ, ខេត្តកំពង់ស្ពឺ-បណ្តាំចុងក្រោយ ជាអក្សរខ្មែរតែប្រាំបន្ទាត់សរសេរច្រងាច់ច្រងូវជាទឹកថ្នាំពណ៌មាសលើសន្លឹកសៀវភៅកត់ត្រា។
ការសរសេរនោះមានន័យថា “បណ្តាំចុងក្រោយ ១ ឡានលក់ឲ្យថ្លៃបេតុង។ ២ យកលុយពី លី អូន [ផ្សារ]ព្រៃផ្តៅ១.០០០ដុល្លារ ឲ្យលោកគ្រូចំរើនថ្លៃថ្ម”។
បណ្តាំនេះបានបញ្ចប់ដោយពាក្យ “លាហើយៗៗៗៗ”។
កាលពី ថ្ងៃទី២៩ខែមិថុនា ប៉ូលិសបានរកឃើញសារនេះនៅជិតដបថ្នាំសម្លាប់សត្វល្អិតទទេមួយ ក្នុងបន្ទប់ព្រះតេជគុណ ពូន វ៉ាន់អាត ចៅអធិការវត្តដែលពុទ្ធបរិស័ទចូលចិត្ត នៅវត្តស្រះឃ្លាំង ក្នុងឃុំពាំងល្វា។
បន្ទាប់ ពីឮសូរសំឡេងដូចចង្រិតចេញពីបន្ទប់របស់ព្រះអង្គក្នុងវត្តនៅម៉ោង ប្រហែល៤នារសៀលនោះ ដូនជីម្នាក់បានឃើញព្រះតេជគុណ ពូន វ៉ាន់អាត ប្រកាច់នៅមុខគ្រែព្រះធម៌របស់ព្រះតេជគុណ ជាកន្លែងដែលព្រះសង្ឃអង្គនេះបានភាវនាធម៌រយៈពេលជាច្រើនម៉ោង។

ព្រះសង្ឃ និងឧបាសកនៅវត្តនេះបានប្រញាប់ប្រញាល់បញ្ជូនព្រះតេជគុណព្រះជន្ម ៣៦វស្សាអង្គនេះទៅមន្ទីរពេទ្យកាល់ម៉ែតក្នុងក្រុងភ្នំពេញ ដែលនៅទីនោះក្រុមវេជ្ជបណ្ឌិតបានប្រកាសថាព្រះអង្គសុគតហើយ។ ពីរថ្ងៃក្រោយមក ប៉ូលិសបានកំណត់ថា ការសុគតរបស់ព្រះតេជគុណ គឺជាអត្តឃាតកម្ម។ ការពិនិត្យសពមិនបានធ្វើទេ។
ការសុគតរបស់ព្រះតេជគុណ ពូន វ៉ាន់អាត បានធ្វើឲ្យសហគមន៍កសិករជនបទនេះរន្ធត់ចិត្តជាពន់ពេក និងធ្វើឲ្យអ្នកភូមិជាច្រើននៅទីនេះអស់ជំនឿ មិនអាចទទួលយកបានដែលថាព្រះសង្ឃ ដែលពួកគេគោរពប្រណិប័តន៍យ៉ាងជ្រាលជ្រៅជាងមួយទសវត្សរ៍មកនេះ អាចសម្លាប់ខ្លួនឯងទៅកើតនោះទេ។
ពួកគេ យល់ថា ពិបាកនឹងជឿនូវអ្វីដែលទំនងជាជំរុញឲ្យព្រះតេជគុណធ្វើអំពើ ផ្តេសផ្តាស គឺគម្រោងសាងសង់ផ្លូវដែលប្រើរយៈពេលពីរឆ្នាំចុងក្រោយនៃព្រះជន្ម របស់ព្រះតេជគុណនោះទេ។
បន្ទាប់ពី មកគង់នៅវត្តស្រះឃ្លាំងនៅឆ្នាំ២០០៥ ព្រះតេជគុណ ពូន វ៉ាន់អាត បានល្បីឈ្មោះបោះសំឡេងយ៉ាងឆាប់រហ័ស។ ដោយល្បីព្រោះចេះស្រោចទឹកលើករាសីបណ្តេញគ្រោះកាចចង្រៃ ព្រះតេជគុណបានក្លាយជាមនុស្សល្បីល្បាញក្នុងមូលដ្ឋាន ដោយទាក់ទាញបានអ្នកគាំទ្រពីទីផ្សេងទៀត។
ក្នុង បទសម្ភាសនៅសប្តាហ៍នេះ អ្នកស្រុកចំណុះជើងវត្តនិងព្រះសង្ឃនៅវត្តនោះបានរៀបរាប់ថា ព្រះតេជគុណ ពូន វ៉ាន់អាត ជាបុគ្គលម្នាក់ដែលបានបូជាខ្លួនចំពោះសហគមន៍ ជាអ្វីដែលពួកគេបាននិយាយថា អាចបង្ហាញឲ្យឃើញយ៉ាងច្បាស់តាមរយៈគម្រោងសាងសង់ផ្លូវអស់ប្រាក់ រាប់លានដុល្លារ ដែលព្រះតេជគុណបានចាប់ផ្តើមពីរឆ្នាំមុននឹងព្រះតេជគុណសុគត។
ផ្លូវលេខ១៤០ប្រវែង១៦គីឡូម៉ែត្រនេះ បែកចេញពីផ្លូវជាតិលេខ៤ ឆ្លងកាត់ស្រុកចំនួនពីរនិងឃុំចំនួនបី។ ផ្លូវនេះចាប់ផ្តើមដំបូងក្រាលបេតុង ធ្វើឲ្យការធ្វើដំណើរមានភាពងាយស្រួល។ ប៉ុន្តែបន្ទាប់ពីបានចម្ងាយប្រហែលមួយគីឡូម៉ែត្រទៅ ជាផ្លូវដីហុយមានជង្ហុកក្រហេងក្រហូងជាប់រហូត។
ចម្ងាយ ១៥គីឡូម៉ែត្របន្ទាប់ទៀត ផ្លូវនេះបត់បែនកាត់តាមដីចម្ការអមដោយវាលស្រែស្ងួតហួតហែងនិង ជួនកាលមានផ្ទះប្រជាពលរដ្ឋត្រង់នេះមួយកណ្តុបត្រង់នោះមួយកណ្តុប ផងដែរ។ ជង្ហុកជ្រៅៗមានដាក់សញ្ញាសម្គាល់រកេតរកូតដោយធុងសាំងកញ្ចាស់ច្រែះ ចាប់។
យោង តាមលោក សំ បឿន អាយុ៦២ឆ្នាំ ប្រធានភូមិត្រពាំងអណ្តូង ដែលជាទីតាំងវត្តស្រះឃ្លាំង បានឲ្យដឹងថា ព្រះតេជគុណ ពូន វ៉ាន់អាត ដំបូងឡើយមានគំនិតសាងសង់ផ្លូវនេះក្នុងឆ្នាំ២០១៣ នៅពេលត្រឡប់មកវត្តនេះបន្ទាប់ពីបានទទួលការព្យាបាលជំងឺបូសថ្លើម។

លោក បឿន បាននិយាយថា “នៅពេលខ្ញុំជូនដំណើរព្រះតេជគុណទៅវត្តវិញ ព្រះតេជគុណឈឺចុកចាប់នៅពេលធ្វើដំណើរតាមផ្លូវនេះ និងបានមានសង្ឃដីកាថា ‘តើអ្នកជំងឺ ឬស្ត្រីមានផ្ទៃពោះមានអារម្មណ៍យ៉ាងណា នៅពេលធ្វើដំណើរតាមផ្លូវនេះ’។ គិតឃើញដូច្នេះហើយ ព្រះតេជគុណបានសម្រេចព្រះទ័យសាងសង់ផ្លូវថ្មីមួយខ្សែ”។
លោក បឿន បាននិយាយថា ព្រះតេជគុណ ពូន វ៉ាន់អាត មិនយូរប៉ុន្មានកើតក្តីអំពល់ព្រះទ័យយ៉ាងខ្លាំងនឹងគម្រោងធ្វើ ផ្លូវនេះ ហើយបាននិមន្តបិណ្ឌបាតបច្ច័យដើម្បីជួយផ្តល់ប្រាក់លើគម្រោងនេះ។ ហើយនៅពេលព្រះតេជគុណមិនបានរកបច្ច័យ ព្រះតេជគុណបានធ្វើការរួមកម្លាំងគ្នាជាមួយអ្នកស្រុក និងព្រះសង្ឃដទៃទៀតចូកដី ឬ ចាក់បេតុង។
លោក បឿន បាននិយាយថា លោកគិតថា ការគិតខ្វល់ខ្វាយរបស់ព្រះតេជគុណ ពូន វ៉ាន់ អាត ដល់ការធ្វើផ្លូវ ជាអ្វីដែលនៅទីបញ្ចប់បានជំរុញព្រះសង្ឃអង្គនេះឲ្យធ្វើអត្តឃាត។
លោក បឿន បានឲ្យដឹងថា “ព្រះ សង្ឃអង្គនេះព្រួយបារម្ភខ្លាចក្រែងមិនអាចធ្វើផ្លូវនេះហើយ។ ព្រះសង្ឃអង្គនេះជាបុគ្គលមានមហិច្ឆតា។ នៅពេលព្រះតេជគុណបានចាប់ផ្តើមអ្វីមួយ ព្រះតេជគុណចង់បញ្ចប់វាតែម្តង”។
អ៊ំ ផេង ព្រះជន្ម៣១វស្សា ជាព្រះសង្ឃដែលធ្វើការលើគម្រោងផ្លូវនេះ បានមានសង្ឃដីកាថា មុនពេលសុគត ព្រះតេជគុណ ពូន វ៉ាន់អាត ប្រឹងប្រែងប្រមូលបច្ច័យបានប្រហែលមួយលានដុល្លារសម្រាប់គម្រោងនេះ។ ប៉ុន្តែ ត្រូវការប្រាក់ច្រើនជាងនេះទៀត។
ព្រះសង្ឃ អ៊ំ ផេង បានមានសង្ឃដីកាថា “ព្រះតេជគុណត្រូវការប្រាក់ចន្លោះប្រាំលានទៅប្រាំមួយលានដុល្លារដើម្បីបង្ហើយផ្លូវនេះ”។
យោង តាមព្រះសង្ឃជាច្រើនអង្គនៅវត្តស្រះឃ្លាំងបានឲ្យដឹងថា ព្រះតេជគុណ ពូន វ៉ាន់អាត ដាក់ប្រាក់ទាំងអស់ដែលព្រះតេជគុណរៃអង្គាសចូលគម្រោងនេះ។ ព្រះសង្ឃទាំងនោះបានមានសង្ឃដីកាថា វត្ថុមានតម្លៃជាប្រាក់តែមួយគត់ដែលព្រះសង្ឃអង្គនេះបានបន្សល់ ទុក គឺរថយន្តពណ៌ស ដែលព្រះតេជគុណបានរៀបរាប់ក្នុងលិខិតអត្តឃាតរបស់ព្រះតេជគុណ។
ព្រះ សង្ឃ ប៉ែន ភិរុណ ព្រះជន្ម៣៧ព្រះវស្សា ជាសង្ឃមួយអង្គទៀតដែលជាមិត្តជិតស្និទ្ធនឹងព្រះតេជគុណ ពូន វ៉ាន់អាត បានមានសង្ឃដីកាថា “នៅពេលព្រះតេជគុណសុគត ព្រះតេជគុណគ្មានបន្សល់ទុកអ្វីទេ សូម្បីតែមួយរៀលក៏គ្មានដែរ”។
ដូច ព្រះសង្ឃនិងឧបាសកឧបាសិកាភាគច្រើនទៀតដែលសម្ភាសកាលពីថ្ងៃច័ន្ទ ដែរ ព្រះសង្ឃ ប៉ែន ភិរម្យ បានមានសង្ឃដីកាថា ព្រះអង្គមិនជឿថា មិត្តរបស់ព្រះអង្គបានធ្វើអត្តឃាតទេ។
ព្រះអង្គបានមានសង្ឃដីកាថា “អ្នក ខ្លះបាននិយាយថា គាត់មិនមានលទ្ធភាពសាងសង់ផ្លូវទេ ហើយបំណុលពីធ្វើផ្លូវនោះ បានបណ្តាលឲ្យព្រះសង្ឃអង្គនេះសម្លាប់ខ្លួន។ វាមិនពិតទេ”។

ព្រះសង្ឃ ប៉ែន ភិរម្យ បានសន្និដ្ឋានថា ព្រះតេជគុណ ពូន វ៉ាន់អាត ប្រហែលបានលេបថ្នាំថ្លើមច្រើនពេក និងលើសកម្រិត។
នៅ ពេលសួរអំពីលិខិតអត្តឃាតនោះ ព្រះចៅអធិការស្តីទី យិន ផាប ព្រះជន្ម៧៦វស្សា ដែលបានមានសង្ឃដីកាថា ព្រះអង្គបានស្គាល់ ពូន វ៉ាន់អាត ប្រហែល១០ឆ្នាំហើយនោះ បានឆ្លើយផ្សេងទៅវិញ។
ព្រះតេជគុណ យិន ផាប បានមានសង្ឃដីកាថា “អាត្មាមិនជឿថា គាត់ធ្វើអត្តឃាតដោយសារតែគម្រោងផ្លូវនេះទេ។ គាត់មិនដែលត្អួញត្អែរអំពីគម្រោងនេះទេពីមុនមក”។
មួយថ្ងៃមុនសុគត ព្រះតេជគុណ ពូន វ៉ាន់អាត ក៏បានទុកសារមួយលើទំព័រហ្វេសប៊ុករបស់ព្រះតេជគុណដែរ។
ព្រះតេជគុណបានសរសេរថា “គ្រប់ ផ្លូវសាងសង់ដោយប្រាក់ពីរដ្ឋាភិបាល ឬដោយប្រាក់កខ្វក់។ ប៉ុន្តែ អាត្មាវិញ អាត្មាជាមនុស្សឆ្កួតដែលប្រើប្រាក់ដែលរៃអង្គាសបានពីធម៌ទេសនានិង បិណ្ឌបាត ដើម្បីសាងសង់ផ្លូវប្រវែង១៦គីឡូម៉ែត្រ ហើយអ្នកខ្លះថែមទាំងវាយប្រហារអាត្មា ដោយហៅអាត្មាថា មនុស្សបោកប្រាស់”។
នៅ សប្តាហ៍នេះ នគរបាលបានលើកឡើងទាំងលិខិតអត្តឃាត ទាំងការបង្ហោះលើហ្វេសប៊ុក ថាជាភ័ស្តុតាងបញ្ជាក់ថា ព្រះតេជគុណ ពូន វ៉ាន់អាត បានសម្លាប់ខ្លួនដោយសារគម្រោងធ្វើផ្លូវនិងបំណុលកាន់តែច្រើន ដោយសារតែគម្រោងនេះ។
លោក សម ស័ក្តិ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានមានប្រសាសន៍ថា “មូលហេតុ ទី១ដែលបានលើកឡើងក្នុងបណ្តាំរបស់ព្រះតេជគុណ គឺលក់ឡានសងបំណុល។ ហើយទី២ ព្រះតេជគុណបានធ្វើផ្លូវនេះដោយព្រះអង្គឯង ដោយគ្មានការចូលរួមឧបត្ថម្ភពីនរណាម្នាក់”។
លោក ហុង ចាន់សុខា ប្រធានមន្ទីរមុខងារសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា រដ្ឋាភិបាលថ្នាក់ខេត្តមិនបានជួយផ្តល់ថវិកាដល់គម្រោងនេះទេ ពីព្រោះគ្មានប្រាក់លៃលកឲ្យ។
លោក ចាន់សុខា បានមានប្រសាសន៍ថា “យើងត្រូវគិតអំពីអាទិភាពនានា ហើយមិនអាចផ្តោតតែលើមួយកន្លែងបានទេ”។
លោក បានមានប្រសាសន៍ថា ព្រះតេជគុណ ពូន វ៉ាន់អាត បាននិមន្តមកមន្ទីររបស់លោកម្តង ដើម្បីសុំយោបល់អំពីបច្ចេកទេសផ្លូវថ្នល់ ប៉ុន្តែ មិនដែលបានសុំជំនួយហិរញ្ញវត្ថុទេ។

លោក ចាន់សុខា បានមានប្រសាសន៍ថា លោកបានព្យាយាមជាច្រើនលើកច្រើនសាបញ្ចុះបញ្ចូលឲ្យព្រះសង្ឃអង្គនេះជឿថា គម្រោងផ្លូវថ្នល់ជាមហិច្ឆតាធំពេកមិនអាចធ្វើម្នាក់ឯងបានទេ។
លោក ក៏បាននិយាយដែរថា ថ្វីបើលោកសរសើរព្រះតេជគុណ ពូន វ៉ាន់អាត ក៏ដោយ ក៏មន្ទីររបស់លោកមិនមានបំណងធ្វើបង្ហើយផ្លូវនេះទេ។
ទោះជា យ៉ាងនេះក្តី លោក បឿន ដែលជាប្រធានភូមិ បាននិយាយថា លោកសង្ឃឹមថា នឹងរៃអង្គាសប្រាក់ឲ្យបានគ្រប់គ្រាន់ដើម្បីបង្ហើយការក្រាលបេតុង ប្រវែង៥០០ម៉ែត្រដែលនៅសល់មិនទាន់បញ្ចប់ទាំងស្រុង បន្ទាប់ពីព្រះតេជគុណ ពូន វ៉ាន់អាត សុគត។
លោកប្រធានភូមិរូបនេះបាននិយាយថា “ផ្លូវសល់ពីនោះ ខ្ញុំនឹងមិនទទួលខុសត្រូវទេ”។
អ្នកស្រី ម៉ក់ ភាព អាយុ៤៩ឆ្នាំ ដែលបើកហាងអាហារតូចមួយនៅចម្ងាយប្រហែល៥គីឡូម៉ែត្រពីកន្លែងផ្លូវ បត់ពីផ្លូវបេតុងទៅផ្លូវដី បាននិយាយថា សមាជិកនៃសហគមន៍មូលដ្ឋាននេះ បានស្នើអាជ្ញាធរមូលដ្ឋានជាច្រើនលើកឲ្យជួយបង្ហើយផ្លូវនេះ ប៉ុន្តែ មិនបានប្រយោជន៍សោះ។
អ្នកស្រី ភាព បាននិយាយថា មានតែព្រះតេជ គុណ ពូន វ៉ាន់អាត ប៉ុណ្ណោះមានបំណងធ្វើវា។
រស់ នៅក្នុងផ្ទះខ្ទមមួយតាមបណ្តោយផ្លូវដីហុយនេះ អ្នកស្រី ភាព បាននិយាយថា អ្នកស្រីបានផ្តល់វិភាគទាន១០០ដុល្លារដល់គម្រោងនេះ ហើយចង់ផ្តល់៥០០ដុល្លារទៀតដើម្បីបានឃើញក្តីស្រមៃរបស់ព្រះសង្ឃ អង្គនេះក្លាយជាការពិត។
អ្នកស្រីបាននិយាយថា “ផ្លូវនេះជាមោទនភាពរបស់ព្រះតេជគុណ នេះជាកិត្តិយសរបស់ព្រះតេជគុណ។ យើងនៅតែចង់ជួយព្រះតេជគុណ”៕ និត