34 C
Phnom Penh

លោក សម រង្ស៊ី ៖ ប្រឆាំង​​ការ​ផ្ដន្ទាទោស​សកម្មជន​​ពី​បារាំង​​ល្អជាង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ​នៅ​បរទេស​​ លោក​នឹង​​មាន​សមត្ថភាព​​ច្រើន​ជាង​ក្នុង​ការ​​ប្រឆាំង​ការ​​ឃុំខ្លួន​​សកម្មជន​គណបក្ស​​សង្គ្រោះ​ជាតិកាលពី​ពេល​ថ្មីៗ​នេះ ខណៈ​​សមា​ជិក​​គណបក្ស​ប្រឆាំង​មួយ​រូប​បាន​លើក​ឡើង​ថា ការ​ដាក់​ពន្ធនាគារ​​​នេះ​អាច​ជា​សញ្ញា​​បង្ហាញ​​​​ថា នឹង​មាន​រឿង​​កាន់​តែ​អាក្រក់កើត​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​។

នៅ​ក្នុង​សេចក្ដី​សម្រេច​មួយ​​ដែល​​​បណ្ដា​អង្គការ​​សិទ្ធិ​មនុស្ស​បាន​ថ្កោល​ទោស សកម្ម​ជន​គណបក្ស​ប្រឆាំង​ចំនួន​១១​រូប​ ត្រូវ​បាន​​​តុលាការ​សម្រេច​​ឲ្យជាប់​ពិរុទ្ធភាព​ពីបទ​កុប​កម្ម​កាល​ពី​ថ្ងៃ​អង្គារ និង​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ​​ចន្លោះពី​៧ឆ្នាំ​ដល់​២០​ឆ្នាំ ជុំវិញ​​ហេតុ​ការណ៍​​ផ្ទុះ​អំពើ​ហិង្សា​មួយ​រវាង​ក្រុម​អ្នក​តវ៉ា​ និង​​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋា​ភិបាល​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤។

លោក​ សម រង្ស៊ី បាន​ចាក​ចេញ​ពី​កម្ពុជា​ ឆ្ពោះ​ទៅ​ទីក្រុង​បា៉រីស​ តែ​ប៉ុន្មាន​នាទី​​ប៉ុណ្ណោះ​​​​បន្ទាប់ពី​​តុលាការ​ចេញ​សេចក្ដី​សម្រេច​នេះ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ​​លោក​​បាន​រង​ការ​រិះគន់​ចំពោះ​ការ​​រត់​គេច​ខ្លួន​​អំឡុង​​ពេល​មាន​ការ​វាយ​ប្រហារ​ខាង​នយោ​បាយ​ទៅ​លើ​គណបក្ស​ប្រឆាំង​។

ទោះ​ជា​យ៉ាង​ណា ប្រធាន​គណបក្ស​ប្រឆាំង​​​រូប​នេះ​​បាន​​ប្រាប់​កាសែត​​ Liberation របស់​បារាំង​ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ម្សិល​មិញ​ថា លោក​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​លោក​​​​ក្នុងការ​ចាក​ចេញពី​កម្ពុជា​។

លោក​​បាន​លើក​ឡើង​​ក្នុង​​បទ​សម្ភាសន៍​​​​​​​នោះ​​ថា ”​​ការ​ធ្វើ​ដំណើរ​របស់​ខ្ញុំ​​មក​​​ប្រទេស​​បារាំង ​បាន​គ្រោង​ទុក​​​យូរ​មក​ហើយ។ ​​​ប្រសិន​បើ​ខ្ញុំ​​នៅ​ ​វា​ក៏​មិន​​អាច​ផ្លាស់​ប្តូរ​​អ្វី​​បាន​ច្រើន​ដែរ។ វា​​ប្រសើរ​ជាងដែល​ខ្ញុំ​​ចេញ​មក​​ក្រៅ​​​ប្រទេស​ ​វា​មាន​​ប្រសិទ្ធ​ភាព​ជាង​។ ចំណែក​​​​​​​លោក​ កឹម សុខា ​[អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ] នឹង​​ធ្វើ​អ្វី​​តាម​ដែល​​គាត់​អាច​​ធ្វើ​ទៅ​បាន​នៅ​ក្នុង​ប្រទេស​។ ​បទ​ពិសោធន៍​​បង្ហាញ​ថា ​នៅ​ពេល​​គណ​បក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន​ ធ្វើ​ការសម្រេច​បែប​នេះ ​មិន​មែន​​ការ​តវ៉ា ឬ​ធ្វើ​ឱ្យ​រំជើប​រំជួល​នៅ​ក្នុង​ប្រទេស​​​ទើប​បាន​ឈ្នះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ​យើង​ត្រូវ​ប្រមូល​​ផ្តុំ​គ្នា​ដោយ​មធ្យោ​បាយ​ផ្សេងៗ​នៅ​បរទេស​”។

លោក​ ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​​​មក​ពី​គណបក្ស​ សម រង្ស៊ី ដែល​​បាន​​​ជួយ​រៀបចំ​​ផែន​ការ​​បើក​ដំណើរ​ការ​​ស្ថានីយ​ “ទូរ​ទស្សន៍​ព្រះអាទិត្យ” របស់​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​មាន​ប្រសាសន៍​ថា លោក​ សម រង្ស៊ី បាន​ចាក​ចេញ​ទៅ​កាន់​ប្រទេស​បារាំង​​ ដើម្បី​រៃអង្គាស​មូល​និធិ​សម្រាប់​ដំណើរ​ការ​​ស្ថានីយ​​​ទូរទស្សន៍។

លោក​​​បាន​លើក​ឡើង​ទៀត​​​ថា “​ទី១ គាត់​​​ទៅ​​ប្រទេស​បារាំង ដើម្បីស្ថានីយ​ទូរទស្សន៍​ព្រះ​អាទិត្យ ហើយ​ម្យ៉ាង​វិញ​ទៀត​ គាត់​ក៏​នឹង​ធ្វើ​​ដូចគ្នា​​នេះ​ដែរ​នៅ​ប៊ូស្តុន ​ក្នុង​សហរដ្ឋ​​អាមេរិក។ គាត់​នឹង​​បន្ត​​ផ្សព្វ​ផ្សាយ​អំពី​ស្ថានី​យ​ទូរទស្សន៍​​នេះ​នៅ​ទី​នោះ​។ ខ្ញុំ​គិត​ថា ​​គាត់​នឹងវិល​ត្រឡប់មក​វិញ​​​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ទៀត”។

​កាលពី​ថ្ងៃ​ពុធ គណបក្ស​ប្រឆាំង​​​ដែល​មាន​ លោក កឹម សុខា ជា​ប្រធាន​ស្ដីទី​​របស់​ខ្លួន​បាន​​​​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ថ្កោល​ទោស​​ការ​ផ្ដន្ទាទោស​សកម្មជន​របស់​ខ្លួន​ ហើយ​និយាយ​ថា សេចក្ដី​សម្រេច​ឃុំ​ខ្លួន​សកម្មជន​ទាំង​នេះ​បាន​រំលោភ​ស្មារតី​​កិច្ច​ព្រមព្រៀង​នយោ​​​បាយ​​​ថ្ងៃ​ទី​២២ ​កក្កដា ឆ្នាំ​២០១៤ ដែល​បាន​ជួយ​ជំរុញ​ឲ្យ​មាន​ “​វប្បធម៌​សន្ទនា”។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ឆ្លើយ​តប​​របស់​ខ្លួន​ចុះ​​​ថ្ងៃ​ពុធ គណបក្ស​ប្រជាជន​កម្ពុជា​បាន​​​និយាយ​ថា ការ​ផ្ដន្ទាទោស​នេះ​​មិន​មែន​ជា​រឿង​នយោបាយ​ទេ ហើយ​បាន​អំពាវ​នាវ​​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​គោរព​ឯករាជ​ភាព​របស់​​ប្រព័ន្ធ​​តុលាការ​។

សេច​​ក្តី​ថ្លែង​ការណ៍​នេះ​មាន​ខ្លឹម​សារ​ដូច្នេះ​​​​ថា ”គណ​បក្ស​ប្រជាជន​​កម្ពុជា គោរព​សិទ្ធិ​មនុស្ស សេរីភាព​បុគ្គល​គ្រប់​រូប​ក្នុង​ការ​​​អនុ​វត្ត​​សិទ្ធិ​សេរីភាព​​របស់​ខ្លួន​​​នៅ​​ក្រោម​ច្បាប់​របស់​រដ្ឋ ដូច្នេះ​​ប្រទេស​កម្ពុជា ​មិនមាន​អ្នក​​ទោស​នយោបាយ​ទេ មានតែ​អ្នក​​នយោបាយ​ដែល​​​ប្រព្រឹត្ត​​កំហុស​ ​ហើយ​ត្រូវបាន​ផ្តន្ទាទោស​​ដោយ​ច្បាប់។ គណ​ប​ក្ស​ប្រជា​ជន​កម្ពុជា ​សូម​អំពាវ​នាវ​ដល់​គណ​បក្ស​ដៃ​គូ​សន្ទនា (គណ​បក្ស​សង្គ្រោះ​ជាតិ) ​អង្គ​ការ​​ក្រៅ​រដ្ឋាភិបាល​​ជាតិ និង​អន្តរ​ជាតិ​ សមាគម និង​​ប្រជាជន​​គ្រប់​​មជ្ឈដ្ឋាន​​ទាំង​អស់​ សូម​មេត្តា​​ចូល​រួម​​ទាំង​អស់​គ្នា​ដើម្បី​​ពង្រឹង​នីតិរដ្ឋ​​នៅកម្ពុជា ឆ្ពោះ​​ទៅ​កាន់​​​សង្គម​ជាតិ​មួយ​ដែល​មាន​ការ​រីក​ចម្រើន​ ​និង​មាន​ភាព​សុខដុមរមនា​”។

ទោះ​ជា​យ៉ាង​ណា ​ព្រះអង្គ​ម្ចាស់ ​ស៊ីសុវត្ថិ ធម្មិកោ ដែល​​កាលពី​ឆ្នាំ​២០១៣ ​​បាន​យាង​ចាក​​​ចេញ​ពី​គណបក្ស​ហ្វុ៊នស៊ិនប៉ិច ដើម្បី​ក្លាយ​ជា​​សមាជិក​តែ​មួយ​អង្គគត់​នៃ​រាជវង្សានុវង្ស​​ដែល​បាន​ក្លាយ​​​ជា​សមាជិក​គណបក្ស​សង្គ្រោះ​​​ជាតិ​ដោយ​បើក​ចំហ​នោះ បាន​មាន​បន្ទូល​ថា ព្រះអង្គ​ជឿ​ថា ការ​ផ្ដន្ទាទោស​សកម្មជន​ទាំង​នេះ​​គឺ​ជា​ប្រផ្នូល​អាក្រក់​។ ​​​​

ព្រះ​អង្គ​​​មាន​បន្ទូល​ទៀត​​​​​ថា  ”ខ្ញុំ​​រំពឹង​​ថា ព្រឹត្តិ​​ការណ៍ជា​ច្រើន​ទៀតដូច​នេះ​នឹង​កើត​ឡើង​​នៅ​មុនការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​នៅ​​​​ឆ្នាំ២០១៧។ មាន​មូល​ហេតុ​​មួយ ​​ប្រសិន​បើ​​គណ​​​បក្ស​ប្រជា​ជន​កម្ពុជា មិន​ទទួល​​បាន​ជោគ​ជ័យ​ក្នុង​ការ​​បំបែក​​​សំឡេង​គណ​បក្ស​សង្គ្រោះ​​​​​​ជាតិ​ និង​ធ្វើ​ឱ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បែក​បាក់​ទេ​នោះ ពួកគេ​នឹង​​​ចាញ់​​​ការ​បោះ​ឆ្នោត​​ឃុំ​-សង្កាត់​នៅ​ឆ្នាំ​២០១៧ ​និង​ការ​បោះ​ឆ្នោត​​ជាតិ​នៅ​​ឆ្នាំ​២០១៨”។

​ព្រះអង្គ​បាន​​បន្ត​ថា ព្រះអង្គ​ជឿ​ថា ការ​ចោទ​ប្រកាន់​ពីបទ​ “​ដឹកនាំ​កុបកម្ម​” ​ទៅ​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​​ប្រាំពីរ​រូប​ រួម​មាន​ទាំង​លោក​ស្រី មូរ សុខហួរ ដែល​ជា​ប្រធាន​កិច្ច​ការ​​សាធារណៈ​របស់​គណបក្ស​នេះ​ផង ចាប់​តាំងពី​ក្រោយ​​ពេល​កើត​មាន​ការ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​មក​នោះ មិន​ទាន់​សាប​រលាប​​នៅ​ឡើយ​ទេ​។

ព្រះអង្គ​មាន​បន្ទូល​បន្ថែម​ទៀត​​ថា ”​នៅ​មាន​រឿង​មួយ​​ដែល​តុលាការ​មិន​ទាន់​សម្រេច​​​​នៅ​ឡើយ វា​ជា​ករណី​​​តំណាង​រាស្ត្រ​ប្រាំពីរ​រូប​​​របស់​​​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា ដែល​ត្រូវ​បានកោះ​ហៅ​ទៅ​តុលាការ​ជាច្រើន​លើក​ ហើយ​ខ្ញុំ​ជឿ​ថា ចុង​បញ្ចប់​​ គេ​នឹង​ប្រើ​ប្រាស់​ការ​ចូល​រួម​របស់​ [តំណាង​រាស្ត្រ​] ទាំង​នោះ​ និង​លោក កឹម សុខា ដើម្បី​ធ្វើ​​​​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ច្បាប់​។ នេះគឺ​ជា​ការ​​យល់​ឃើញ​របស់​ខ្ញុំ។ [គណបក្ស​​ប្រជាជន​កម្ពុជា​​] មិន​ខ្វល់​រឿង​ច្បាប់​​ទេ ពួកគេ​នឹង​រិះរក​គ្រប់​កលល្បិច​”។ ​​​​​​​​​​​​​

កាល​​​ពី​​​ម្សិលមិញ លោក សម ​​​ប្រជាមានិត​​​ អ្នកនាំពាក្យ​​​ឧត្តម​​​ក្រុម​​​ប្រឹក្សា​​​នៃ​​​អង្គ​​​ចៅក្រម​​​ ដែល​​​មើល​​​ខុស​​​ត្រូវ​​​លើ​​​តុលាការ​​​កម្ពុជា​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​ទេ​​​ជុំវិញ​​​ស្ថាន​​​ភាព​​​នៃ​​​​​​អភ័យ​​​ឯកសិទ្ធិ​​​របស់​​​តំណាង​​​រាស្ត្រ​​​ ដែល​​​អាច​​​គេច​​​ផុត​​​ពី​​​ការ​​​កាត់​​​ទោស​​​។

ក៏​​​ប៉ុន្តែ ក្នុង​​​បទ​​​សម្ភាសន​​៍​​​មួយ​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​​​​ លោក​​​បាន​​​ការ​​​ពារ​​​ដីកា​​​កោះ​​​​​​ជា​​​ច្រើន​​​លើក​​​​​​ឲ្យ​​​លោក​​​ស្រី មូរ សុខហួរ ចូល​​​ខ្លួន​​​ដើម្បី​​​ធ្វើ​​​ការ​​​សាក​​​សួរ​​​ទាក់​​​ទិន​​​នឹង​​​ការ​​​ចោទ​​​​​​ប្រកាន់​​​ពីបទ​​​​​​ “កុបកម្ម​​​”​​​ ដោយ​​​លើក​​​ឡើង​​​​​​ថា អភ័យ​​​ឯកសិទ្ធិ​​​របស់​​​លោក​​​ស្រី​​​គ្មាន​​​សុពល​​​ភាព​​​ទេ​​​ក្នុង​​​ករណី​​​នេះ​​​។

លោក​​​​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ខែ​​​ឧសភា​​​ថា “ការពិត​​​ឧប្បត្តិហេតុ​​​នោះ​​​បាន​​​កើត​​​ឡើង​​​មុន​​​ពេល​​​ពួក​​​គាត់​​​កាន់​​​តំណែង​​​នៅ​​​រដ្ឋ​​​សភា​​​​​​នោះ​​​មាន​​​ន័យ​​​ថា ​​​មុន​​​ពេល​​​ពួក​​​គាត់​​​ទទួល​​​​​​បាន​​​អភ័យ​​​ឯក​​​សិទ្ធិ”។ “ដូច្នេះ​​​ហើយ​​​ នៅ​​​ពេល​​​​​​ណា​​​តុលាការ​​​ចាប់​​​ផ្តើម​​​នីតិវិធី​​​ គ្មាន​​​អ្វី​​​អាច​​​បញ្ឈប់​​​បាន​​​ទេ​​​ ពីព្រោះ​​​នីតិ​​​វិធី​​​របស់​​​តុលាការ​​​​​​ត្រូវ​​​ដំណើរ​​​ការ​​​រហូត​​​ដល់​​​ទី​​​បញ្ចប់​​​”។

កាល​​​ពី​​​ខែ​​​មីនា​​​ សាលា​​​ដំបូង​​​ខេត្ត​​​កណ្តាល​​​បាន​​​សម្រេច​​​ឲ្យ​​​​​​លោក ចាន់​​​ ចេង​​​ តំណាង​​​រាស្ត្រ​​​ គណបក្ស​​​សង្គ្រោះ​​ជាតិ​​​​​​ជាប់​​​ពិរុទ្ធភាព​​​ពី​​​បទ​​​​​​ផ្តល់​​​មធ្យោ​​​បាយ​​​ដឹក​​​ជញ្ជូន​​​ក្នុង​​​ការ​​​រត់​​​គេច​​​ចេញ​​​ពី​​​ពន្ធនា​គារ​​​កាល​​​ពី​​​​​​ខែ​​​កញ្ញា ឆ្នាំ​​​២០១១​​​ហើយ​​​បាន​​​ផ្តន្ទាទោស​​​លោក​​​ឲ្យជាប់​​​ពន្ធនាគារ​​​ ​​​ពីរ​​​ឆ្នាំ​​​។ ​ព្រះរាជ​​​អាជ្ញា​​​ លឹម សុគន្ថា បាន​​​មាន​​​ប្រសាសន៍​​​​​នៅ​​​ពេល​​​នោះ​​​ថា ករណីនេះ​​​អាច​​​នឹង​​​​​​បន្ត​​​​​​បើ​​​ទោះ​​​ណា​​​ជា​​​លោក ចាន់ ចេង មាន​​​អភ័យ​​​ឯក​​​សិទ្ធិ​​​ក៏​​​ដោយ​​​។

លោក​​​បាន​​​ថ្លែង​​​ថា ”​​​យើង​​​មិន​​​ចាំ​​​បាច់​​​ស្នើ​​​ឲ្យ​​​សភា​​​ដក​​​អភ័យ​​​ឯក​​​សិទ្ធិ​​​ទេ ប្រសិន​​​បើ​​​ករណី​​​នេះ​​​មិន​​​ [ឈាន​​​ទៅ​​​ដល់​​​]​​​ ការ​​​ចាប់​​​ខ្លួន​​​ប៉ុន្តែ ការ​​​ចោទ​​​ប្រកាន់​​​ និង​​​ការ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​អាច​​​នឹង​​​បន្ត​​​សម្រាប់​​​បទ​​​ល្មើស​​​ព្រហ្ម​ទណ្ឌ​​​ ជា​​​ពិសេស​​​បទ​​​ល្មើស​​​ជាក់​​​ស្តែង​​​”។

លោក​​​ ចាន់​​​ ចេង នៅ​​​មាន​​​សេរីភាព​​​នៅ​​​ឡើយ​​​ ហើយ​​​បច្ចុប្បន្ន​​​សំណុំ​​​រឿង​​​នេះ​​​​​​​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​ឧទ្ធរណ៍​​​នៅ​​​ឡើយ​​​។

រដ្ឋ​​​ធម្មនុញ្ញ​​​ចែង​​​ថា “ការ​​​ចោទ​​​ប្រកាន់​​​ ការ​​​ចាប់​​​ខ្លួន​​​ ឬ​​​ការ​​​ឃាត់​​​ខ្លួន​​​សមាជិកស​​​ភា​​​ណា​​​ម្នាក់​​​​​​​អាច​​​​​​ធ្វើ​​​ទៅ​​​បាន​​​​​​ លុះ​​​ត្រា​​​តែ​​​មាន​​​ការ​​​អនុញ្ញាត​​​ពី​​​សភា​​​ ឬ​​​ពី​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​នៃ​​​រដ្ឋ​​​សភា​​​ នៅ​​​ចន្លោះ​​​សម័យ​​​ប្រជុំ​​​សភា​​​ លើក​​​លែង​​​​​​តែ​​​ក្នុង​​​ករណី​​​បទ​​​ល្មើស​​​ជាក់​​​ស្តែង​​​” ដែល​​​ឧក្រិដ្ឋ​​​​​​ ជន​​​ត្រូវ​​​​​​បាន​​​ចាប់​​​ខ្លួន​​​ពេល​​​កំពុង​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​។រដ្ឋ​​​ធម្មនុញ្ញ​​​​​​​​​​ចែង​​​ទៀត​​​ថា “ក្នុង​​​ករណី​​​​​​នេះ​​​​​​អាជ្ញាធរ​​​មាន​​​សមត្ថកិច្ច​​​​​​ត្រូវ​​​រាយការណ៍​​​ភ្លាម​​​ៗ​​​​​ទៅ​​​រដ្ឋ​​​សភា​​​ ឬ​​​ទៅ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​ដើម្បី​​​សុំ​​​សេចក្តី​​​សម្រេច​​​”។

លោក​​​ ឈឹម ផល​​​វរុណ អ្នកនាំពាក្យ​​​គណ​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​នៅ​​​តែ​​​គិត​​​ថា លោក​​​ កឹម ​សុខា ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ទាំង​​​ស្រុង​​​ចំពោះ​​​ហេតុ​​​ការណ៍​​​ដែល​​​បាន​​​កើត​​​ឡើង​​​នៅទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​ កាល​​​ពីថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា ​ឆ្នាំ​​​​មុន គឺ​​​តែ​​​មួយ​​​សប្តាហ៍​​​ប៉ុណ្ណោះ​​​​​​មុន​​​ការ​​​បញ្ចប់​​​​​វិបត្តិ​​​នយោបាយ​​​េនះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា  “នៅ​​​ពេល​​​នោះ​​​ សម រង្ស៊ី មិន​​​​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទេ​​​ ហើយ កឹម សុខា គឺ​​​ជា​​​ប្រធាន​​​ស្តីទី​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដូច្នេះ​​​ប្រធាន​​​ស្តី​​​ទី​​​​​​ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​។ ការ​​​ប្រយុទ្ធ​​​តដៃ​​​នឹង​​​​​​​កម្លាំង​​​សន្តិសុខ​​​ គឺ​​​ជា​​​អំពើ​​​កុបកម្ម។​ កឹម ​សុខា ​ក៏​​​បាន​​​ប្រកាស​​​តាម​​​វិទ្យុ​​​ឲ្យ​​​ប្រជា​​​ជន​​​ទៅ​​​​​​’រំដោះ​​​​​ទីលាន​​​ប្រជាធិបតេយ្យ’ ហើយ​​​ មូរ ​សុខ​​​ហួរ ​ក៏បាន​​​និយាយ​​​​​​តាម​​​វិទ្យុ​​​បែប​​​នេះ​​​ដែរ​​​។ យើង​​​មាន​​​ខ្សែអាត់​​​សំឡេង​​​របស់​​​ កឹម សុខា និង​​​​​​​​​ មូរ ​សុខ​​​ហួរ​​​ ជា​​​ភ័ស្តុតាង​​​។ ដើម្បី​​​ផ្តល់​​​យុត្តិ​​​ធម៌​​​ដល់​​​​មាជ សុវណ្ណារ៉ា និង​​​មនុស្ស​​​១០​​​នាក់​​​ផ្សេង​​​ទៀត​​​ ​​តុលាការ​​​អាច​​​នឹង​​​­សើុប​​​អង្កេត​​​អ្នក​​​ផ្សេង​​​ទៀត​​​”៕​​​ សុខុម និង​​​ និត (រាយការណ៍​​​បន្ថែម​​​​​​ដោយ Michelle Vachon)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស