ទស្សនប្រណាំងសេះរបស់បុរសម្នាក់ ចាប់ផ្តើមទាំងលំបាកលំបិន
គេហៅការប្រណាំងសេះថាជាកីឡារបស់ព្រះរាជា។
រាល់ថ្ងៃសៅរ៍ នៅក្រុងម៉ែលប៊ន និង ម៉ាកាវ ឌុយប្លាំង និង ឌូបៃ គឺអ្នកមានធនធាន និងជនល្បីល្បាញធ្វើដំណើរទៅកាន់ទីលានដ៏ស្រស់សោភា ផឹកស្រាសាំប៉ាញ និងឈរឲ្យគេថតរូប ចំណែកឯអត្តពលិក និងសេះដែលមានតម្លៃថ្លៃដូចរថយន្ត ផ័រសឺ ប្រកួតប្រជែងដើម្បីបានប្រាក់រាប់លានដុល្លារ។
ចៅក្រមត្រួតពិនិត្យសេះនីមួយៗរាល់ការប្រណាំង ទម្ងន់អ្នកជិះសេះ ស្ថានភាពផ្លូវប្រណាំង របាយការណ៍ធាតុអាកាស និងរូបភាពទី ដើម្បីបំពេញចិត្តអ្នកឧបត្ថម្ភនិងអ្នកភ្នាល់ ដែលគាំទ្រឧស្សាហកម្មដែលរកប្រាក់បានរាប់ពាន់លានដុល្លារទូទាំងពិភពលោក។

នៅក្នុងប្រទេសកម្ពុជា អ្នកជិះសេះដែលមានទស្សនរឹងមាំ និងពាក់មួកហាមធំចង់ឲ្យវិស័យនេះមានសកម្មភាពផុលផុស។
លោក កែវ វណ្ណារិន មានវ័យ៤៩ឆ្នាំដែលបានលាឈប់ពីការងារអង្គការក្រៅរដ្ឋាភិបាលដើម្បីផ្តោតលើគម្រោងដ៏មហិច្ឆតាផ្ទាល់របស់លោក បាននិយាយថា “នេះជាក្តីសុបិនខ្ញុំ”។
បុរសមានវ័យ៤៩ឆ្នាំរូបនេះបាននិយាយថា “ខ្ញុំមានដី២០០ហិកតានៅក្នុងខេត្តកំពង់ឆ្នាំង ដែលខ្ញុំនឹងសាងសង់មជ្ឈមណ្ឌលប្រណាំងសេះដ៏ទំនើបមួយកន្លែង ដែលអាចទាក់ទាញមនុស្សម្នាពីក្រុងភ្នំពេញ និងពីប្រទេសកម្ពុជាទាំងមូល។ ផ្លូវប្រណាំងខ្នាតអន្តរជាតិនឹងទាក់ទាញសេះមកពីក្រៅប្រទេស។ យើងអាចដឹងថា មានមនុស្សច្រើនណាស់ចាប់អារម្មណ៍”។
នៅលើដីមួយប្លង់ដែលសុទ្ធតែដីខ្សាច់នៅប៉ែកខាងជើងនៃជាយក្រុងភ្នំពេញ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក វណ្ណារិន បានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចបាននូវក្តីសុបិនរបស់លោក។
មានអ្នកស្រុកពីរបីរយនាក់ជាមួយនឹងជនបរទេសបួនដប់នាក់ និងសេះប្រាំបីក្បាល បានជួបជុំនៅឯការសម្ពោធមជ្ឈមណ្ឌលប្រណាំងសេះកម្ពុជានៅក្នុងខណ្ឌព្រែកព្នៅ ដែលជាកម្មវិធីប្រណាំងសេះបីដងមិនផ្លូវការ ក្នុងពេលនោះមានអ្នកជិះសេះមួយចំនួនតូចពាក់ស្បែកជើង គ្មាននរណាម្នាក់ផឹកសំាប៉ាញទេ ហើយចំពោះភាពក្លៀវក្លានៃផ្លូវប្រណាំងសេះជុំវិញពិភពលោក នោះតួអង្គចម្លែកៗនិងគួរឲ្យចាប់អារម្មណ៍ក៏បានបង្ហាញខ្លួន។
លោក ហ្គិលឡែម ឡារីវ៉ង់ ជាអ្នកជិះសេះជនជាតិបារាំងមានវ័យ៥១ឆ្នាំ ដែលបានបើកទីប្រណាំងសេះនៅអារិយក្សត្រ ត្រើយម្ខាងនៃទន្លេមេគង្គ បាននិយាយថា “នេះជាសេះរបស់ខ្ញុំឈ្មោះ ពីមូស៍”។
លោក ឡារីវ៉ង់ បាននិយាយដោយរំភើបថា “នៅប្រទេសបារាំង ពីមូស៍ ជាសេះមានមាឌតូចតែគេពេញនិយម សេះខ្ញុំតូចពិតមែន ប៉ុន្តែ មានកម្លាំងអស្ចារ្យ”។ នៅពេលនោះមានសេះបីក្បាលដែលមានសុខភាពល្អរឹងមាំ ប៉ុន្តែ ទំហំខ្លួនរបស់វាតូចជាងពាក់កណ្តាលនៃសេះនៅប្រទេសដែលពេញនិយមផ្នែកការប្រណាំងសេះ បានដើរទៅទីចាប់ផ្តើមប្រណាំង។
លោក ឡារីវ៉ង់ បាននិយាយថា “ខ្ញុំប្រាប់អ្នកជិះឲ្យប្រយ័ត្នប្រយែងដើម្បីសុវត្ថិភាព កុំគិតអំពីការយកតែឈ្នះ ហើយចាំមើលអ្វីដែលកើតឡើង”។
ពេលរាប់ថា បី ពីរ មួយ និងសំឡេងស្រែកជយោលាន់ឡើង ក្នុងខណៈដែលសេះសម្បុរប្រផេះឈ្មោះ ស្ពឺរិត បំផាយ ចំណែកឯគូប្រជែងរបស់វា សំបូរ និង ដានី រត់ត្រឹកៗដីហុយទ្រលោម។
លោក រិន ដាណុប មានសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រពេទ្យសត្វ ដែលធ្វើឲ្យគាត់ក្លាយជាអ្នកកាន់ដើមទី និងជាប្រធានទី បានស្រែកថា “ស្អីគេហ្នឹង គេធ្វើអ៊ីចឹង”។
លោក ណុប បាននិយាយតាមវិទ្យុទាក់ទងទៅមនុស្សផ្សេងទៀតថា “វាមិនមែនជាការកម្តៅសាច់ដុំទេ ខ្ញុំមិនចង់ឲ្យគេកម្តៅសាច់ដុំឡើយ គេកម្តៅសាច់ដុំរួចហើយ។ ធ្វើបែបនេះមិនកើតទេ លើកក្រោយខ្ញុំនឹងដាក់វិន័យ”។

បន្ទាប់ពីការចាប់ផ្តើមសាជាថ្មី សំបូរ ដែលមកពីក្រោលអារិយក្សត្ររបស់លោក ឡារីវ៉ង់ បានបោលយ៉ាងលឿននៅលើផ្លូវប្រណាំងដោយឈ្នះដាច់ពាក់កណ្តាលនៃចម្ងាយផ្លូវ១៥០ម៉ែត្រ ក្នុងពេលដែលអ្នកជិះសេះឈ្មោះ ដានី របូតចេញពីសេះរបស់ខ្លួននៅត្រង់ចំណុចកោងផ្តាច់ព្រ័ត្រ។ សេះឈ្មោះ ស្ពឺរិត អស់ខ្យល់ហត់គឃូសកណ្តាលថ្ងៃ។
ទោះបីជាសេះទាំងនោះរត់យ៉ាងម៉េចក៏ដោយ ក៏ហ្វូងមនុស្សស្រែកអបអរសាទរដែរ។
កន្លះម៉ោងក្រោយមក ការប្រណាំងលើកទី២ បានក្លាយទៅជាការលេងសើចទៅវិញ គឺការប្រណាំងមួយទល់នឹងមួយរវាង ហ៊ីណូ ជាសេះសម្បុរត្នោត ជាពូជសេះប្រណាំងពិតប្រាកដ និង ឆាយ៉ា ជាសេះមានមាឌតូចសម្បុរប្រផេះខូចភ្នែកម្ខាងតែចង់រត់ប្រណាំង។
ឆាយ៉ា រត់ឈប់ពាក់កណ្តាលផ្លូវ ហើយបន្ទាប់មករត់ត្រឹកៗវិលចុះវិលឡើង ក៏ត្រូវគេដឹកចេញពីទីប្រណាំង។ ហ៊ីណូ ជាអ្នកឈ្នះដោយស្វ័យប្រវត្តិ។
លោក ណុប ជាអ្នកគ្រប់គ្រងគម្រោងអង្គការសុខុមាលភាពសេះកម្ពុជា បាននិយាយថា លោកនឹងសើរើការបញ្ចូល ឆាយា ក្នុងព្រឹត្តិការណ៍ថ្ងៃនេះ។
លោក ណុប បាននិយាយសំដៅទៅលើគ្រូបង្វឹកនិងអ្នកជិះសេះថា “ប្រសិនបើគេថែទាំមិនបានល្អទេ ខ្ញុំនឹងមិនឲ្យគេចូលរួមទេ យើងនឹងត្រួតពិនិត្យមើល”។
ការប្រណាំងលើកទី៣ គេបានដឹក ពីមូស៍ មកទីចាប់ផ្តើម រួមជាមួយនឹង សង្ហា និង ធីតា ជាប្រភេទសេះដែលថែទាំបានល្អ មកពីក្រោលលោក វណ្ណារិន នៅក្នុងខេត្តកំពង់ឆ្នាំង។
លោក ឡារីវ៉ង់ បាននិយាយក្នុងខណៈដែលសេះទាំងបីក្បាលកំពុងជ្រួលច្រាលនៅទីចាប់ផ្តើមដោយទ្រាំនឹងកម្ដៅថ្ងៃថា “ពីមូស៍របស់ខ្ញុំមានកម្លាំងខ្លាំងក្លា ប៉ុន្តែ វាមានបញ្ហាមួយពេលប្រណាំង។ វាមិនចង់នៅមុខគេ វាចង់ឲ្យសេះផ្សេងទៀតនៅពីមុខវា។ វារត់ពីក្រោយគេ”។
នៅក្នុងការប្រណាំងដ៏ស្វិតស្វាញបំផុតនៅថ្ងៃនេះ ធីតា ត្រូវគេដឹកចេញពីផ្លូវប្រណាំងចូលទៅដីមួយកន្លែងហើយវាក៏ស៊ីស្មៅខ្ចី ដោយធ្វើឲ្យ ពីមូស៍ និង សង្ហា ត្រូវប្រកួតគ្នាតទល់។
តាមពិតទៅ ពីមូស៍ ខ្វះការតស៊ូរហូតដល់ទីផ្តាច់ព្រ័ត្រ ដោយមិនព្រមរត់ហួសសេះដែលមានមាឌធំជាង ក្នុងខណៈដែលអ្នកជិះទម្លាក់បង្ហៀរចុះ ហើយក៏រាំរែកពីមុខអ្នកស្រុកដែលមកមើលការប្រណាំងនេះទៅវិញ។
អ្នកស្រី កែវ ចន្ធូ អ្នកលក់ផ្លែឈើអាយុ៤៤ឆ្នាំ ដែលបានបិទតូបមួយថ្ងៃ ដើម្បីមកមើលការប្រណាំងជាមួយក្មេងៗ បាននិយាយថា “វាមិនមែនជារឿងចម្លែកទេ ដែលការប្រណាំងនេះធ្វើឡើងនៅក្នុងភូមិយើង ប៉ុន្តែ វាពិសេស”។
អ្នកស្រីបាននិយាយបន្តថា “ប្រសិនបើអ្នកជិះនោះអាចរាំពេលដែលគាត់ជិះលើខ្នងសេះ ទើបគួរឲ្យចាប់អារម្មណ៍។ យើងមានសេះនៅទីនេះ ប៉ុន្តែ សម្រាប់តែដឹកអីវ៉ាន់ប៉ុណ្ណោះ មិនមែនរត់លឿនស្លេវអ៊ីចឹងទេ”។
ជាការចាប់ផ្តើមម្តងទៀត សេះដែលឈ្នះទាំងបីក្បាលចាប់ផ្តើមឈរនៅទីប្រណាំងម្តងទៀត។ សំបូរ ជាសេះដែលឈ្នះដាច់គេ សង្ហា ដោយម្ចាស់វារាំ និង ហ៊ីណូ ជាសេះប្រណាំងពិតប្រាកដ គឺត្រូវរកជើងឯកឲ្យឃើញ។ អ្នកជិះនឹងទទួលបានរង្វាន់៣០ដុល្លារ។
នៅឯផ្លូវប្រណាំងវិជ្ជាជីវៈ សេះមិនដែលរត់ប្រណាំងពីរដងទេក្នុងមួយថ្ងៃ។ ទោះជាយ៉ាងនេះក្តី កិច្ចប្រជុំទាក់ទងនឹងការប្រណាំងលើកដំបូងរបស់មជ្ឈមណ្ឌលប្រណាំងសេះកម្ពុជាកំណត់ថា ការប្រណាំងត្រូវធ្វើបីដងចំពោះតែសេះមួយចំនួន ដោយមានការប្រណាំងផ្តាច់ព្រ័ត្រ។
មិនសុទ្ធតែគេគ្រប់គ្នាដឹងរឿងនេះទេ។
ក្នុងពេលដែលសេះបានបញ្ចប់ជើងទី១ នៅក្នុងការប្រណាំងផ្តាច់ព្រ័ត្រ ដោយ សង្ហា នាំមុខគេ អ្នកជិះសេះនោះក៏បានទម្លាក់បង្ហៀរចុះម្តងទៀត ហើយក៏ចាប់ផ្តើមអបអរ ដោយធ្វើឲ្យ សំបូរ មកពីអារិយក្សត្រដណ្តើមយកឈ្នះ។
ដោយហ្វូងមនុស្សពាក់កណ្តាលស្រែកអបអរសាទរ ហើយពាក់កណ្តាលទៀតសប្បាយហ៊ោកញ្ជ្រៀវ អ្នកជិះសេះដែលរាំដឹងថា ខ្លួនមានកំហុស ហើយក៏ចាប់ផ្តើមជិះបន្តទៀត ដោយបញ្ជាសេះឲ្យរត់ដោយមិនកាន់បង្ហៀរ ប៉ុន្តែ វាយឺតពេលទៅហើយ។ សំបូរ នាំមុខគេ ហើយអ្នកជិះវាក៏ទទួលបានលុយដែរ។
លោក ឡារីវ៉ង់ ជាគ្រូបង្វឹកដែលទទួលបានជ័យជម្នះញញឹមបិទមាត់ពុំជិត បានស្រែកថា “អស្ចារ្យមែន អស្ចារ្យមែន! “។
គ្រូបង្វឹករូបនេះបាននិយាយថា “ខ្ញុំមានសេះយឺតជាច្រើនក្បាល ប៉ុន្តែ យើងមានប្រៀបត្រង់ថា ការហ្វឹកហាត់ឲ្យបានត្រឹមត្រូវ។ លោកអ្នកមើលឃើញស្រាប់ហើយ សេះភាគច្រើនត្រូវរំខានព្រោះវាឈប់ស៊ីស្មៅ វាបន្ថយល្បឿននៅពេលដែលវារត់ហួសក្រោល ពីព្រោះវាចង់រាក់ទាក់មិត្តភ័ក្តិវា”។

អ្នកទស្សនាចាប់ផ្តើមចូលមកពេញទីធ្លា ក្នុងពេលដែលសេះបានរត់ដល់គំនូសទីក្នុងការប្រកួតផ្តាច់ព្រ័ត្រ និងថាតើពួកគេនឹងក្លាយជាអ្នកទស្សនាពិតប្រាកដឬយ៉ាងណាទេ។
ចំពោះលោក វណ្ណារិន ជាអ្នកជិះសេះដែលស្លៀកពាក់បែបកសិករផង និងបង្ហាញម៉ូដថ្មីៗផង គឺថា គម្រោងដែលធ្វើឲ្យការប្រណាំងសេះកម្ពុជាដើរទន្ទឹមនឹងប្រទេសដទៃទៀតកំពុងចាប់ផ្តើមហើយ។
តាំងពីបម្រើការងារឲ្យអ៊ុនតាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ លោក វណ្ណារិន បាននិយាយថា លោកបានសន្សំទ្រព្យធនបានយ៉ាងក្រាស់ក្រែល ហើយមានបំណងលក់ដីជាច្រើនប្លង់ដើម្បីបំពេញក្តីសុបិនរបស់លោក គឺក្តីសុបិនដែលលោកបាននិយាយថា បានចាប់បដិសន្ធិឡើង ក្នុងពេលដែលលោកបានឃើញសេះមួយក្បាលនៅតាមជើងភ្នំ ពឺពិគណាន់ នៅប្រទេសបារំាងភាគខាងត្បូង។
លោក វណ្ណារិន បាននិយាយថា “ពេលនោះខ្ញុំគ្រាន់តែជាជនភៀសខ្លួនផ្នែកនយោបាយម្នាក់ប៉ុណ្ណោះ ដែលយកមកចិញ្ចឹមដោយគ្រួសារជនជាតិបារាំង ដូច្នេះខ្ញុំមិនអាចប៉ះសេះបានទេ។ ប៉ុន្តែ ការរស់នៅប្រទេសបារាំងបានធ្វើឲ្យខ្ញុំមានចំណេះដឹង”។
មានសញ្ញាបត្រអនុបណ្ឌិតផ្នែកព័ត៌មានវិទ្យា លោក វណ្ណារិន បាននិយាយថា លោកបានបង្កើតកម្មវិធីមួយដែលអនុញ្ញាតឲ្យម្ចាស់ជំនួយកម្ពុជាតាមដានលទ្ធផលនៃវិភាគទានរបស់ពួកគេ ហើយពេលនោះលោកជាទីប្រឹក្សាព័ត៌មានវិទ្យានៅក្នុងអ៊ុនតាក់។
លោក វណ្ណារិន បាននិយាយថា “តើអ្នកដឹងថា គេបើកប្រាក់ខែឲ្យខ្ញុំប៉ុន្មានទេ? គេបើកប្រាក់ឲ្យខ្ញុំរាល់ការចំណាយទាំងអស់ ខ្ញុំអាចទិញដីរាល់ខែ ខ្ញុំជាមនុស្សសំណាងណាស់”។
លោកលក់ដីមួយចំនួនធំសម្រាប់ការចូលនិវត្តន៍របស់គាត់ និងគម្រោងកសិកម្មមួយចំនួន ដើម្បីទ្រទ្រង់ក្តីស្រមៃការប្រណាំងសេះរបស់លោក ចំណែកឯដុំមាសរបស់លោក គឺដី២០០ហិកតានៅក្នុងស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង។
នៅពេលសួរថាហេតុអ្វីលោកគិតថា គម្រោងនេះនឹងជោគជ័យ លោក វណ្ណារិន បាននិយាយថា “តាមប្រវត្តិសាស្ត្រ ជនជាតិខ្មែរស្រឡាញ់សេះ។ មេទ័ពកំពូលៗ ខ្មែរបូរាណ ស្តេច គឺពួកគេស្រឡាញ់សេះណាស់។ នៅក្នុងឆ្នាំ១៩៥៦ ប្រទេសកម្ពុជាបានបញ្ចប់ផ្នែកជិះសេះនៅឯអូឡាំពិកក្រុងស្តុកខុល។
ក្នុងចំណោមសេះនិងអ្នកជិះសេះនៅក្នុងខេត្តសៀមរាប កំពង់ចាម និងកណ្តាល ក៏ដូចជានៅក្នុងប្រទេសវៀតណាមដែរ លោក វណ្ណារិន យល់ឃើញថា ការជំរុញឲ្យស្រឡាញ់សេះឡើងវិញ គឺជាបំណងផ្ទាល់របស់លោក។
លោក វណ្ណារិន បាននិយាយថា “សម្តេចព្រះនរោត្តម សីហនុ ក៏ស្រឡាញ់សេះដែរ ព្រះអង្គក៏ជាអ្នកជិះសេះដែរ។
ឱកាសទាក់ទាញប្រមុខរដ្ឋបច្ចុប្បន្ន ព្រះមហាក្សត្រ នរោត្តម សីហមុនី ឲ្យយាងមកកាន់បេះដូងនៃប្រទេសសម្រាប់ការប្រណាំងសេះជាអន្តរជាតិលើកដំបូងរបស់មជ្ឈមណ្ឌលប្រណាំងសេះកម្ពុជា សង្ឃឹមថា នឹងកើតឡើងនៅក្នុងឆ្នាំ២០១៧។
លោក វណ្ណារិន បានបន្តថា “អូ! យើងត្រូវមានការអភិវឌ្ឍន៍ច្រើនណាស់ ប៉ុន្តែ យើងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ហើយប្រសិនបើជាកីឡារបស់ព្រះរាជា គឺត្រូវតែធ្វើ”៕ រើន