28 C
Phnom Penh

លោក កឹម សុខា ​សួរ​សុខ​ទុក្ខ​​​សកម្ម​​ជន​ដល់ពន្ធនាគារ​ ហើយ​​​​អំពាវ​​​នាវ​ឲ្យ​ដោះ​លែង​​​ត្រឹម​ឧទ្ធរណ៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ចាត់​ទុក​​ទោស​ជាប់​ពន្ធនាគារ​២០​ឆ្នាំ​ពីបទ​កុបកម្ម​​ថា ‘ស្រាល​​​ណាស់​ទៅ​​ហើយ’

នៅ​​​ពេល​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ​ចុះ​​ទៅ​សួរសុខទុក្ខ​សកម្ម​ជន​​គណបក្ស​ប្រឆាំង​ទាំង​១១​រូប​ដែល​កំពុង​ជាប់​​ឃុំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឃាំង​​ពីបទ “​កុបកម្ម​” ​នៅ​​ពន្ធនា​គារ​ព្រៃស​កាលពី​ម្សិលមិញ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ទោស​​ជាប់​ពន្ធនា​គារ​​ពី​៧​ឆ្នាំ​ដល់​២០​ឆ្នាំ​​ដែល​​​​តុលាការ​បាន​​សម្រេច​​កាលពី​សប្ដាហ៍​មុន គឺ “ស្រាល​​ណាស់​ទៅ​​ហើយ”។

លោក កឹម សុខា អនុប្រធាន គណបក្ស​សង្គ្រោះជាតិ​ ថ្លែង​ទៅ​កាន់​​​អ្នក​យក​ព័ត៌មាននៅ​ខាង​ក្រៅ​ពន្ធនាគារ​ព្រៃស ​​​​កាលពី​ម្សិល​មិញ បន្ទាប់ពី​សួរ​សុខទុក្ខ​សកម្មជន​ទាំង​១១​រូប ដែល​​​ត្រូវ​បាន​​តុលាការ​​ផ្ដន្ទាទោស​ពី​​បទ​កុបកម្ម​កាល​ពីសប្ដាហ៍មុន។ រូបថតៈ សីុវ ចាន់ណា/The Cambodia
លោក កឹម សុខា អនុប្រធាន គណបក្ស​សង្គ្រោះជាតិ​ ថ្លែង​ទៅ​កាន់​​​អ្នក​យក​ព័ត៌មាននៅ​ខាង​ក្រៅ​ពន្ធនាគារ​ព្រៃស ​​​​កាលពី​ម្សិល​មិញ បន្ទាប់ពី​សួរ​សុខទុក្ខ​សកម្មជន​ទាំង​១១​រូប ដែល​​​ត្រូវ​បាន​​តុលាការ​​ផ្ដន្ទាទោស​ពី​​បទ​កុបកម្ម​កាល​ពីសប្ដាហ៍មុន។ រូបថតៈ សីុវ ចាន់ណា/The Cambodia

ដោយ​លោក សម​ រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​បាន​ចាក​ចេញពី​ប្រទេស​​តែ​ប៉ុន្មាន​ម៉ោង​​​ក្រោយ​ពី​​​​សាលា​ដំបូង​​សម្រេច​ផ្ដន្ទា​ទោស​​សកម្មជន​ទាំង​នេះ​ភ្លាមៗ​កាលពី​ថ្ងៃ​អង្គារ​​នោះ​ ពេល​នេះ​​នៅ​សល់​តែ​លោក កឹម ​​សុខា ​ម្នាក់​ឯង​ប៉ុណ្ណោះ​​ជា​អ្នក​ដឹកនាំ​​​យុទ្ធនា​ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ដោះ​​លែង​​សកម្ម​ជន​​​ទាំង​១១​រូប​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។

ក្រោយ​​ពេល​​​ចុះ​សួរ​សុខទុក្ខ​​​ លោក កឹម សុខា បាន​​ថ្លែង​ទៅ​កាន់​​​ក្រុម​អ្នកយក​ព័ត៌មាន​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ព្រៃស​​ថា លោក​សង្ឃឹម​​​ថា ទោស​​​នេះ​​អាច​នឹង​​​​​​កែប្រែ​​តាម​រយៈ​បណ្ដឹង​​​​ឧទ្ធរណ៍ ឬ​ការ​អនុវត្ត​​ស្មារតី​​​នៃ​កិច្ច​ព្រម​ព្រៀង​​​​​ថ្ងៃ​២២ កក្កដា​​ ឆ្នាំ​មុន។

លោក​បាន​មាន​ប្រសាសន៍​​យ៉ាង​ដូច្នេះ​​ថា “​ខ្ញុំ​បាន​បញ្ជាក់​ហើយ​ថា ពួកគាត់​មិនមែន​ឯកោ​​​ទេ។ ប្រជា​ពលរដ្ឋខ្មែរ​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​​ គេ​ចាប់​អារម្មណ៍​គាំទ្រ​គាត់​ ហើយ​មហាអំណាច​មួយ​ចំនួន​ទៀត​​នឹងជួយ​រក​យុត្តិធម៌​ជូន​គាត់​”។

អនុប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​​បាន​​ចោទ​សួរ​ជុំវិញ​ដំណើរ​ការ​នីតិ​វិធី​ដែល​ឈាន​​​ទៅ​ដល់​ការ​សម្រេច​ផ្ដន្ទាទោស​សកម្មជន​​ទាំង​​​នេះ​​ដោយ​​​មាន​វត្តមាន​​មេធាវី​​​តែ​មួយ​រូប​ ខណៈ​មេធាវី​ជាច្រើន​រូប​​ផ្សេង​ទៀត​​​​ដែល​តំណាង​ឲ្យ​​ចុង​ចោទ ធ្វើ​ពហិការ​ដើម្បី​​​​តវ៉ា​​ជំទាស់​នឹង​សេចក្ដី​សម្រេច​​ពន្លឿង​​សវនា​ការជំនុំ​ជម្រះ​នេះ។

លោក​​​បាន​ចោទ​ជា​សំណួរ​ថា ​”​ម៉េច​បាន​ជា​​​តុលាការ​​សុខចិត្ត​កាត់​​ទោស​​ពួកគាត់​ទាំង​អត់​មាន​មេធាវី? ​នៅ​ពេល​ទៅ​ដល់​ឧទ្ធរណ៍ ឧទ្ធរណ៍​នឹង​ឃើញ​ថា​នីតិវិធី​នេះ​គឺ​ខុស​មែន​ ហើយនឹង​មាន​ឱកាស​​អាច​ដោះលែង​បាន​”។

​​​​​​លោក​​លើក​ឡើង​បន្ត​ថា ​សេចក្ដី​សម្រេច​បែប​​នេះ​ស្របនឹង​​ “​វប្បធម៌​សន្ទនា” នា​ពេល​បច្ចុប្បន្ន​ ដែល​ប្រសូតចេញពី​កិច្ច​ព្រមព្រៀង​នយោបាយ​កាលពី​ឆ្នាំ​មុន ដែល​បាន​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​​​រយៈ​ពេល​ជិត​១​ឆ្នាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​តវ៉ា​ជា​សាធារណៈ​។

កិច្ចព្រម​ព្រៀង​នោះ​បាន​កើត​មាន​ឡើង​​១​សប្ដាហ៍​បន្ទាប់ពី​​មាន​ការ​តវ៉ា​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​​កាលពី​ថ្ងៃទី​១៥ ខែ​កក្កដា ដែល​ក្នុង​នោះ​​សកម្មជន​គណបក្ស​ប្រឆាំង​១១​រូប​ត្រូវ​បាន​តុលាការ​​​ផ្ដន្ទាទោស​ពី​បទ “​កុបកម្ម” ​ហើយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ប្រាំពីរ​រូប​បាន​​ជាប់​ពន្ធនាគារ​មួយ​រយៈ​ពេល​​ខ្លី។

លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា ​”គណបក្ស​​​ទាំង​​​ពីរ​​​ថា នៅតែ​​​រក្សា​​​ស្មារតី​​​កិច្ច​​​​​ព្រម​​​ព្រៀង​​​ដដែល​​​ អ៊ីចឹង​​​បាន​​​ន័យ​​​ថា នៅ​​​តែ​​​អាច​​​ដោះ​​​ស្រាយ​​​បាន​​​តាម​​​ស្មារតី​​​ហ្នឹង​​​ដែរ”។

​​​តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា លោ​​​ក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ​ហ៊ុន សែន បាន​​​លើក​​​​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​នឹង​​​មិន​​​ដោះ​​​ស្រាយ​​​​​ករណី​តុលា​ការ​​​​​នេះ​​​តាមផ្លូវ​​​នយោបាយ​​​ឡើយ​​​ ដោយ​​​គូស​​​បញ្ជាក់​​​ថា ការ​​​ដាក់​​​ទោស​​​នេះ​គឺ​​​ស្រាល​​​ណាស់​​​​​ទៅ​​​ហើយ​​​​​​​​សម្រាប់​កុបកម្ម​​​​។

លោក ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ពេល​​​ថ្លែង​​​សុន្ទរកថា​​​នៅ​​​ឯ​​​វត្ត​​​បទុម​​​ថា ​​​”ខ្ញុំ​​​ព្រះករុណា​​​ខ្ញុំ​​​មិន​​​ចង់​​​យក​​​វេទិកា​​​នេះ​​​ធ្វើ​​​ជា​​​រឿង​​​នយោបាយ​​​ណា​​​មួយ​​​ទេ​​​ បើ​​​ទោះ​​​បី​​​​​​ថា ​មាន​​​បញ្ហា​​​ផ្ទួន​​​ៗ​​​កើត​​​ឡើង​​​រហូត​​​មក​​​ដល់​​​ពេល​​​អម្បាញ់មិញ។ មាន​​​អ្នក​​​នេះ​​​ អ្នក​​​នោះ​​​ គេ​​​អំពាវ​​​នាវ​​​ឲ្យ​​​ខ្ញុំ​ព្រះករុណាខ្ញុំ​​​ពិគ្រោះ​​​ពិភាក្សា​​​ជាមួយ​​​អ្នក​​​នេះ​​​ អ្នក​​​នោះ​​​។ ប៉ុន្តែ ខ្ញុំ​​​ព្រះ​ករុណា​​​ខ្ញុំ​​​សូម​​​អង្វរ​​​ករ​​​​​ត្រឡប់​​​ទៅ​​​វិញ​​​ថា សូម​​​កុំ​​​បង្កើត​​​រឿង​​​ច្រើន​​​ពេក​​​ ហើយ​​​រឿង​​​ច្បាប់​​​រឿង​​​តុលាការ​​​ទុក​​​ឲ្យ​រឿង​​​ច្បាប់​​​ រឿង​​​តុលា​ការ​​​​គេដោះ​​​ស្រាយ​​​ទៅ​​​ កុំ​​​ឲ្យ​​​អ្នក​​​នយោបាយ​​​យក​​​បញ្ហា​​​ហ្នឹង​​​មក​​​លាយ​​​ឡំ​​​។​សម្រាប់​​​ខ្ញុំ​​​​​​​ព្រះ​ករុណា​​​ខ្ញុំ​​​ជួប​​​អ្នក​​​ណា​​​ក៏​​​បាន​​​ដែរ​​​​​​ កុំ​​​ឲ្យ​​​តែ​​​ពួក​​​ភេរវករ​​​​​​ទៅ​​​បាន​​​ហើយ​​​។ ប៉ុន្តែ បើ​​​និយាយ​​​យក​​​រឿង​​​តុលាការ​​​ដែល​​​ក្រៅ​​​អំណាច​​​ខ្ញុំ​ព្រះ​​​ករុណា​​​ខ្ញុំ​​​មក​​​និយាយ​​​​​​ គឺ​​​អត់​​​និយាយ​​​ចូល​​​”។

លោក​​​ ហ៊ុន សែន បាន​​​​​​មាន​​​ប្រសា​សន៍​ទាក់​​​ទិន​​​នឹង​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​ចំនួន​​​បីរូប​ដែល​​​ត្រូវ​​​​តុលាការ​សម្រេច​​ឲ្យ​ជាប់​ពិរុទ្ធ​ភាព​ពីបទ​​​ដឹក​​​នាំ​​​កុបកម្ម​​ថា “ដឹក​​​​​​នាំ​​​កុបកម្ម​​​គឺ​​​គុក​​​ពី​​​២០​​​ទៅ​​​៣០​​​ឆ្នាំ អាហ្នឹង​​​មេដឹក​​​នាំ​​​ អ៊ីចឹង​​​គេ​​​ដាក់​​​តែ​​​២០ឆ្នាំ​​​​ វា​​​ស្រាល​​​ណាស់​​​ទៅ​​​ហើយ​​​”។ ​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​ទាក់​​​ទិន​​​នឹង​​​សកម្មជន​​​​​​​​​ប្រាំ​​​បី​​​​រូប​​​​​​​ផ្សេង​ទៀត​​​ថា ”សម្រាប់​​​អ្នក​​​ចូល​​​រួម​​​ត្រូវ​​​ជាប់​​​ទោស​​​ពី​​​៧​​​ទៅ​​​​​​១៥​​​ឆ្នាំ​​​។ ​គេ​​​ដាក់​​​៧​​​ឆ្នាំ​​​ គេ​​​ដាក់​​​កម្រិត​​​ទាប​​​បំផុត​​​អស់​​​ហើយ​​​”។

លោក​​​នាយក​​​រដ្ឋមន្ត្រី​​​បាន​​​បន្ត​​​ចោទ​​​សួរ ​​​”ជន​​​បរទេស​​​” ដែល​​​បាន​​​រិះ​​​គន់​​​សេចក្តី​​​សម្រេច​​​នេះ​​​។ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អន្តរ​​​ជាតិ​​​មួយ​​​ចំនួន​​​បាន​​​រិះ​​​គន់​​​សាល​​​ក្រម​​​ផ្តន្ទាទោស​​នេះ​ថា ជា​ការ​​​រៀបចំ​របស់​​​​គណបក្ស​​​កាន់​​​អំណាច​​​ដើម្បី​​កេង​ចំណេញ​​នយោបាយ​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ហើយ​​​​​​អ្នក​​​បរទេស​​​មួយ​​​ចំនួន​​​ធ្វើ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ អ្នក​​​ឯង​​​មាន​​​បាន​​​គិត​​​ទេ​​​ អា​​​រឿង​​​វ៉ៃ​​​គេ​​​បែក​​​មុខ​​​បែក​​​​​​មាត់​​​ ស្ទើ​​​រ​​​ងាប់​​​ស្ទើរ​​​រស់​​​ មាន​​​បាន​​​គិត​​​អំពី​​​សិទ្ធិ​​​មនុស្ស​​​ទេ​​​”។

អំឡុង​​​ពេល​​​ចុះ​​​ទៅ​​​ពន្ធនាគារ​​​ព្រៃស​​​កាល​​​ពីម្សិលមិញ លោក កឹម សុខា ត្រូវ​​​បាន​​​រួម​ដំណើរ​​​​ដោយ​​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​​​​ចំនួន​​​១០​​​រូប​​​ ដែល​​​រួម​​​មាន​​​​​​លោក  ឡុង រី ​លោក ​​ហូរ វ៉ាន់ និង​​​លោក​​​ នុត​​​ រំដួល​​​ ​​​ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​​ប្រាំពីរ​​​រូប​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​អស់​​​១សប្តាហ៍​​​ក្រោយ​​​ការ​​​តវា៉ា​​​ ថ្ងៃទី​​​១៥ ខែកក្កដា​​ផង​ដែរ​។

ដូច​​​តំណាង​​​រាស្ត្រ​​​បួនរូបផ្សេង​ទៀត​ដែល​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ ”ដឹក​​​នាំ​​​កុប​​​កម្ម​​​” ដែរ​​ជុំវិញ​ការ​​​តវ៉ា​ តំណាង​​​រាស្ត្រ​​​ទាំង​​​បីរ​​​ូប​នេះ​​​បាន​​​​​ទទួល​​​អភ័យ​​​ឯកសិទ្ធិ​​​សភា​​​​​​រួច​​​ផុត​​​ពីការ​​​ផ្តន្ទា​ទោស ​​​នៅ​​​ពេល​​​ពួក​​​គាត់​​​យល់​​​ព្រម​​​ទទួល​​​យក​​​​​អាសនៈ​​​សភា​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ដើម​​​ខែ​​​សីហា។

ប៉ុន្តែ ការ​​​ចោទ​​​ប្រកាន់​​​​លើ​ពួក​​​គាត់នៅ​តែ​​​មានដដែល​​​​ ហើយ​​​មន្ត្រី​​​តុលាការ​​​នៅ​​​តែ​​​មាន​​​ភាព​​​​ស្រពេចស្រពិល​​ជុំវិញ​ស្ថាន​ភាព​នៃ​សំណុំ​​​រឿង​​​នេះ​​​​ ដោយ​​​ពេល​ខ្លះ​បាន​លើក​​​ឡើង​​​ថា ពួកគាត់​​​នៅ​​​តែ​​​អាច​​​​ទទួល​ការ​ផ្តន្ទា​​​ទោស​​​ដោយ​​​​ហេតុ​ថា ការ​​​ចោទ​​​ប្រកាន់​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​មុន​​​ពេល​​​ពួក​​​គាត់​​​​​​ទទួល​​​បាន​​​​អភ័យ​​​ឯកសិទ្ធិសភា​។​

នៅឯពន្ធនាគារ​​​ លោក ឡុង រី ​លោក ​ហូរ វ៉ាន់ និង​​​លោក នុត រំដួល សុទ្ធ​​​តែ​​​លើក​​​ឡើង​​​ថា ពួក​​​​​​គាត់​​​ត្រូវ​​​គេ​​​បដិសេធ​​​មិន​​​ឲ្យ​​​ចូល​​​សួរ​​​សុខ​​​ទុក្ខ​​សកម្ម​​​ជន​​​​​ឡើយ​​​ ដោយ​​​​​​​ហេតុ​​​ថា ​ពួក​​​គាត់​​​នៅ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ព្រហ្មទណ្ឌ​​​ដែល​​​មិន​​​ទាន់​​​ដាច់ស្រេច​។

លោក ឡុង រី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​ពេល​​​យើង​​​​​​ទៅ​​​ដល់​​​ ឆ្មាំ​​​​ពន្ធនាគារ​​​មិន​​​អនុញ្ញាត​​​​​ឲ្យយើង​​​ចូល​​​ទៅ​​​​​​​ក្នុងទេ​ ​​​ព្រោះ​​​ពួក​​​គេ​​​និយាយ​​​ថា យើង​​​មាន​​​ទោស​​​​​​​។ រហូត​មក​​​ទល់​​​នឹង​​​ម៉ោង​​​​​នេះ ​​​ករណី​នេះ​​​​​​បាន​​​បញ្ចប់​ទៅ​​​​​​ហើយ​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​យល់​​​សោះ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួក​​​គេ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ខ្ញុំ​​​ចូល​​​ ឬ​​​វាមាន​​​ហេតុ​​​ផល​​អី​”។​

លោក សម សុ​គង់ មេធាវី​​​តំណាង​​​សកម្ម​ជន​​​​​​ប្រាំ​​​មួយ​​​​​​រូប​​​ក្នុង​​​ចំណោម​​​សកម្មជន​​​ទាំង​​​១១​​​រូប​​​ បាន​​​លើក​​​ឡើ​​​ង​​​ថា លោក​​​បាន​​​ទៅ​​​សួរ​​​សុខ​​​ទុក​​្ខ​​​កូន​​​ក្តី​​​របស់​​​លោក​​​នៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​កាល​​​ពីថ្ងៃ​​​សុក្រ ហើយ​​​មាន​​​​​​គម្រោង​​​ប្តឹង​​​ឧទ្ធរណ៍​​​​​​​ដោយ​​​ផ្អែក​​​លើ​​​​​​បញ្ហា​​​ដែល​​​លោក​​​ កឹម សុខា បាន​​​​​​លើក​​​ឡើង​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មូល​ហេតុ​​​​​​ដែល​​​យើង​​​ប្តឹង​​​ឧទ្ធរណ៍​​​​ គឺ​​​​ដើម្បី​​ធ្វើ​ឲ្យ​​​​​​​ [សេច​ក្តី​​​​​សម្រច​​​​​​នេះ​​​] ក្លាយ​ជា​​​មោឃៈ​​​​ដោយ​​​ផ្អែក​​​លើ​​​នីតិវិធី​​​នៃ​​​សវនាការ​ជំនុំជម្រះ​ ហើយ​​​ទី​​​២​​​គឺ​​​ថា ​​​តុលាការ​​​ផ្តន្ទាទោស​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​ធ្ងន់​​​ធ្ងរ​​​ពេក​​​​​​”។

លោក ជូង ជូងី​​​ មេធាវី​​​តំណាង​​​ឲ្យ​​​សកម្ម​ជន​​​​​ប្រាំ​​​​រូប​ផ្សេង​​​ទៀត​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​​​​បាន​​​ប្តឹង​​​ឧទ្ធរណ៍​ជួសមុខ​កូន​​​ក្តី​​​របស់​​​លោក​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​៕សុខុម  និង  ស៊ុយឈាង​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស