34 C
Phnom Penh

ក្រុម​សកម្ម​ជនក្នុង​ខេត្ត​កោះ​កុង ​ឡើង​លើ​​សាឡង់​​​បូមខ្សាច់​​​​ដើម្បី​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់ការ​បូម​ខ្សាច់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្រុម​សកម្ម​ជន​ និង​ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ និង​សកម្មជន​ប្រហែល​៨០​នាក់​​ក្នុង​ខេត្ត​កោះ​កុង កាលពី​ម្សិលមិញ បាន​ឡើង​លើ​ សាឡង់​​​ ហើយ​បាន​​​​ព្យាយាម​សណ្ដោងសាឡង់​​​​បូម​ខ្សាច់​ ប្រាំគ្រឿង​ទៀតចេញ​​​​​ជា​ផ្នែក​មួយ​នៃ​​​ការ​​​​បន្ត​​​យុទ្ធ​នាការ​របស់​ពួកគាត់​ប្រឆាំង​ក្រុម​ហ៊ុន​ពីរ ដែលពួក​គាត់​ចោទ​ថា បាន​បំពុល​ផ្លូវ​​​ទឹក​ក្នុង​​​​​មូលដ្ឋាន ហើយ​បាន​បណ្ដាល​ឲ្យ​បាក់​ច្រាំង​ទន្លេ​ ទៀត​ផង។

cam-photo-dredging-mother-nature-800x533លោក យឿន ​ទីនិត សមាជិក​អង្គការ​មាតា​​​​ធម្មជាតិ​​ជាអង្គការ​មិន​មែន​រដ្ឋាភិបាល​ការ​ពារ​​​​បរិស្ថាន​បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​ Rainbow International Co.Ltd និង​ក្រុម​ហ៊ុន Direct Access បាន​បូម​ខ្សាច់​នៅ​ពាម​អណ្ដូង​ទឹក ស្ថិត​ក្នុង​ស្រុក​​​​បទុមសាគរ ដែល​​ហូរ​ចូល​ក្នុង​ឆក​សមុទ្រ​កំពង់សោម ចាប់តាំង​ពី​ឆ្នាំ​២០០៩​មក។

លោក​បាន​ឲ្យដឹង​ថា “​យើង​បាន​តវ៉ា​នៅ​ថ្ងៃ​នេះ ដើម្បី​សុំ​ឲ្យ​ក្រុម​ហ៊ុន​ទាំង​ពីរ​ឈប់​បូម​ខ្សាច់​ទៀត ពីព្រោះ​សកម្មភាព​​ទាំង​នេះបាន​បណ្ដាល​​ឲ្យ​​ទឹក​កខ្វក់​ ប៉ះពាល់​ដល់​បរិស្ថាន និង​បំផ្លាញ​ជម្រក​ត្រី​”។

យោង​តាម​លោក ទីនិត បាន​ឲ្យ​ដឹង​ថា សកម្មជន​​អង្គការ​មាតា​ធម្មជាតិ​ប្រាំបួន​នាក់​បាន​ចូល​រួម​ជាមួយ​អ្នក​ភូមិ​​ដោយ​ប្រើ​ទូក​នេសាទប្រាំពីរ​គ្រឿង​ឡោម​ព័ទ្ធ​សាឡង់​​​​បូម​ខ្សាច់​​ប្រាំគ្រឿង​​របស់​ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ មុន​ពេល​ឡើង​ជិះសាឡង់​​​​ទាំង​នោះ​​ហើយ​ប្រាប់​កម្មករ​​​​​ឲ្យ​ឈប់​បូម​ខ្សាច់​។

ក្រុម​សកម្មជន​បាន​ត្រឡប់​មក​កាន់​ទូក​នេសាទ​វិញ ហើយ​បាន​ព្យាយាម​សណ្ដោង​​​សាឡង់​​​​ទាំង​នោ​​ះចេញ​​​​ដោយ​មាន​កម្មករ​​​​ទាំង​អស់​ជិះ​នៅ​លើ​សាឡង់​​​នោះ​​ផង​ដែរ​ ហើយ​​នៅ​តែ​ព្យាយាម​ធ្វើ​ដូច្នេះ​ដដែល​រហូត​មក​ដល់​យប់​ម្សិលមិញ​។

លោក អន វីរៈ អភិបាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា ​​អាជ្ញាធរ​មូលដ្ឋាន​នឹង​មិន​បញ្ឈប់​ ក្រុម​ហ៊ុន​ទំាង​នេះ​មិន​ឲ្យ​បូម​ខ្សាច់​់បាន​ឡើយ ពីព្រោះ​ក្រសួង​រ៉ែ​និង​ថាមពល បាន​ចេញ​​អាជ្ញាប័ណ្ណ​ឲ្យ​ពួកគេ​ដើម្បី​បូម​ខ្សាច់​សម្រាប់​នាំចេញ​។

លោក​មាន​ប្រសាសន៍​ថា “​ខ្ញុំ​សូម​បញ្ជាក់ ថា ក្រសួង​រ៉ែ​និង​ថាមពល ​ពីមុន​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ធ្វើ​អាជីវកម្ម​​​នៅ​ទីនេះ​។​​​ពួកគេ​បាន​សិក្សា​ពី​ផល​​ប៉ះពាល់​ដោយសារ​ការ​បូម​ខ្សាច់​ទាំងនេះ​រួច​ហើយ​”។

លោក វីរៈ បាន​មាន​​ប្រសាសន៍​ថា នគរ​បាល​នឹង​មិន​ចាប់​ខ្លួនទេ ឲ្យ​តែ​សកម្មជន​ទាំង​នោះ​​​ឈប់​ឡើង​លើ​​​សាឡង់ទាំង​នេះ​ទៀត​។

លោក ឌិត ទីណា អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​មាន​ប្រសាសន៍​​កាលពី​ម្សិល​មិញ​ថា ចាប់​​តាំងពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​​នាំចេញ​ខ្សាច់​ទន្លេ​នៅ​​​ក្នុង​ឆ្នាំ​២០០៩ដើម្បី​ការ​ពារ​ជីវ​​​ចម្រុះ​​​​មក​ ក្រុម​ហ៊ុន​ Rainbow International និង ក្រុមហ៊ុន Direct Access គឺ​ជា​ក្រុម​ហ៊ុន​តែ​ពីរ​ គត់​ដែល​ត្រូវ​បាន​​ចេញ​​អាជ្ញាប័ណ្ណ​ឲ្យ​នាំ​ ខ្សាច់​ចេញ​។

​លោក ទីណា បាន​បដិសេធ​មិន​និយាយ​ថា​ តើ​ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​នាំ​ខ្សាច់​ទៅណា​នោះ​​​​ឡើយ។ លោក​បានមាន​ប្រសាសន៍​ថា “​ក្រសួង​​​​​​មិន​មាន​សិទ្ធិ​បង្ហាញ​អ្វី​ដែល​ក្រុម​ហ៊ុន​​កំពុង​ធ្វើ​នោះ​ឡើយ​។

លោក អាឡិច ហ្គន់ហ្សេលេស ដាវីតសុន ​សហស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ដែល​ត្រូវ​បាន​បណ្តេញចេញ​​កាលពី​ខែ​កុម្ភៈ ​បន្ទាប់ ពី​រដ្ឋាភិបាល​​​មិន​​ព្រម​បន្ត​ទិដ្ឋាការ​ដល់​លោក​នោះ បាន​មាន​ប្រសាសន៍​ថា បើទោះ​ជា​មាន​អាជ្ញាប័ណ្ណ​ក៏ដោយ ក៏​ក្រុម​ហ៊ុន​ទាំង​នេះ​នៅ​តែ​រំលោភ​ច្បាប់​ដដែល​។

លោក​ ហ្គន់ហ្សេលេស ដាវីតសុន ​បាន​មាន​ប្រសាសន៍​ថា ​ការ​​​ស្ទាក់​ស្ទើរ​​​របស់​​​រដ្ឋាភិ​​​បាល​​​​មិន​ហា៊ន​ដាក់​ទោស​ក្រុម​ហ៊ុន​​​ទាំង​​​នេះ​​​ហើយ បាន​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ភូមិ​​​ចាត់​​​វិធាន​​​ការ​​​ដោយ​​​ខ្លួន​​​ឯង។លោក​​បាន​បន្ថែម​ថា “​នេះ​គឺ​ជា​លើក​ទី១​ហើយ​ដែលបញ្ហា​នេះ​បាន​កើត​ឡើង​ទី​​​ដែល​​​​សហ​គមន៍​មូលដ្ឋាន និង​សកម្មជន​បាន   ​ជួប​ជុំគ្នា​​​​ មិន​​​​មែន​ដើម្បី​ធ្វើ​ការ​តវ៉ា​ទេ ប៉ុន្តែ​គឺ​ដើម្បី​អនុវត្ត​ច្បាប់​​”៕ សារុន (រាយការណ៍​បន្ថែម​ដោយ Chris Mueller)​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស