29 C
Phnom Penh

ម្នាក់​​​ស្លាប់​ ម្នាក់​​​រត់គេចខ្លួន​ក្នុងករណី​​​​គ្រោះថ្នាក​​​់​ដាច់​ដោយឡែក​ពីគ្នា​ពាក់ព័ន្ធការ​ជួញដូរ​ឈើ​ប្រណីត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​​ខេត្ត​ក្រចេះ​​បាន​ឲ្យ​ដឹង​ថា ខ្លួន​​​​​​កំពុង​ស្វែង​រក​អ្នក​បើក​បរ​រថយន្ត​​ធុនធំ​ម្នាក់​ដែល​បាន​ដឹកឈើ​ខុសច​្បាប់​ឆ្លង​កាត់​ស្រុក​ស្នួល​​​​កាល​ពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សៅរ៍ ស្រាប់​​​តែនៅពេល​នោះ​​រថយន្តបាន​ក្រឡាប់ ហើយ​​​ឆេះ​តែ​ម្ដង​។

លោក ចាន់ សុគីម ​អធិការ​នគរ​បាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា រថយន្ត​នេះ​​​ផ្ទុក​លើស​ទម្ងន់​ ដោយ​ដឹកឈើ​សុក្រំ​ដែល​ជា​ប្រភេទ​​​ឈើ​លេខ​១​ចំណុះប្រហែល​២០ម៉ែត្រគូប ស្រាប់​តែ​រថយន្ត​នេះ​បាន​បុក​របាំង​​​ស្ពាន​​​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៧​នៅ​ម៉ោង​ប្រហែល​១​រំលង​​​អធ្រាត្រ ហើយ​បាន​ក្រឡាប់​ផ្ងាជើង​ បណ្ដាល​ឲ្យ​ឆេះ​​រថយន្ត និង​​​ឈើ​អស់​ប្រហែល​​​​១០​ភាគរយ​។

​បើ​ទោះ​ជា​អ្នក​បើក​បរ​បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​នៅ​ពេល​អាជ្ញាធរ​មក​ដល់ ហើយ​មិន​មាន​សាក្សី​ណា​​ដឹង​ក៏ដោយ ក៏​លោក ​​សុគីម បាន​លើក​ឡើង​ថា លោក​សង្ស័យ​ថា អ្នក​បើក​បរ​ងងុយ​ដេក​នៅ​ពេល​គ្រោះ​ថ្នាក់​កើត​ឡើង​​។

លោក​​មាន​ប្រសាសន៍​ថា ”​រថយន្ត​​​នេះ​​​​​បាន​បុក​ស្ពាន​មុន​ពេល​ក្រឡាប់។ គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​​ដោយ​សារ​អ្នក​បើក​បរ​ងងុយ​ដេក ខណៈពេល​កំពុង​បើក​បរ​ និង​​ដោយ​សារ​​​រថយន្ត​ដឹក​ឈើ​​ធ្ងន់​ពេក​”។ នគរ​បាល​​កំពុង​ស្វែង​រក​អ្នក​បើក​បរ និង​​​ម្ចាស់​រថយន្ត ព្រម​ទាំង​ឈើ​ខុស​ច្បាប់​។

យោង​តាម​​លោក លឹម វាសនា អធិការ​នគរ​បាល​ក្រុង​ប៉ៃលិន ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​​​ហេតុការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត បុរស​​​​​អាយុ​២២​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ពេល​​បុរស​រូប​នេះ​បាន​បើក​រថយន្ត​​ម៉ាក​តូយ៉ូតា​កាមរី​​ដឹកឈើ​​ខុស​ច្បាប់​ពេញ​រថយន្ត​ បុក​របង​បេតុង​ទីស្នាក់​ការ​មន្ទីរ​ពន្ធដារ​ខេត្ត​ប៉ៃលិន​​កាលពី​ល្ងាច​ថ្ងៃ​សុក្រ។

លោក​ថ្លែង​​​ថា “​នៅ​ម៉ោង​ប្រហែល​​​៩​យប់​ថ្ងៃ​សុក្រ បុរស​រូប​នោះ​បាន​បើក​រថយន្ត​​​​​ក្នុង​ល្បឿន​យ៉ាង​លឿន​ ហើយ​បានបុក​របង​បេតុង​ ​​​បណ្តាល​ឲ្យ​​ស្លាប់​តែ​ម្ដង​។ រថយន្ត​នោះ​​​​ដឹក​​​សុទ្ធ តែឈើ​ធ្នង់​ពេញរថយន្ត​”។

លោក វាសនា បាន​​បង្ហាញ​អត្តសញ្ញាណ​បុរស​ដែល​ស្លាប់​រូប​នោះ​ថា ឈ្មោះ  រិទ្ធ សាង​ថង ​មក​ពី​ខេត្ត​បាត់ដំបង ហើយ​លោក​បាន​លើក​ឡើង​ថា ទាំង​រថយន្ត​​ និង​ឈើ​ប្រណីត​​​ត្រូវ​បាន​​​​​យក​ទៅ​​រក្សាទុក​នៅ​ទីស្នាក់​ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន។

យោង​តាម​សាក្សី​បាន​ឲ្យ​​ដឹង​ថា លោក ជា ចាន់ឌីន ស្នង​ការ​នគរ​បាល​ខេត្ត​​មាន​ប្រសា​សន៍​​​ថា រថយន្ត​តូយ៉ូតា​នោះ​ត្រូវ​រថយន្ត​ពីរ​គ្រឿង​ទៀត​បើក​ដេញ​តាម​​ មុន​ពេល​រថយន្ត​នេះ​​​បង្ក​​​គ្រោះ​ថ្នាក់​។

លោក​​ថ្លែងថា “​រថយន្ត​ទាំងពីរ​មិន​មែន​ជា​របស់​នគរ​បាល​ទេ។ ឥឡូវ​នេះ​ យើង​កំពុង​ស្វែងរក​អ្នក​បើក​បរ​រថយន្ត​ប្រដេញ​​​​នោះ​។ គ្មាន​នរណា​ម្នាក់​បាន​ឃើញ​ស្លាក​លេខ​​​រថ​​​យន្ត​​​ទាំង​នោះទេ ព្រោះ​វា​ងងឹត​ពេក ហើយ​​​ភ្លៀង ធ្លាក់​​ខ្លាំង​ទៀត​ផង​”។

​លោក ជូ ចាន់តារា នាយ​ខណ្ឌរដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន​មិន​អាច​ទាក់​ទង​​សុំ​អត្ថា​ធិប្បាយ​បាន​ទេ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស