យោងតាមនគរបាលបានឲ្យដឹងថា មនុស្ស ១៦នាក់បានស្លាប់ នៅពេលរថយន្ត មួយគ្រឿង ដឹកមនុស្សពេញមកពីរាជធានីភ្នំពេញ បានធ្លាក់ចំណោតនៅតំបន់ជួរភ្នំដងរែកក្នុងខេត្តឧត្តរមានជ័យកាលពីព្រឹកម្សិលមិញ បន្ទាប់ពីអ្នកបើកបរជាន់ហ្វ្រាំងមិនស៊ី។

យោងតាមលោក នៅ សំអន អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកដែលអ្នកដំណើររងរបួសបានទទួលការព្យាបាលបឋម បានឲ្យដឹងថា អ្នកនៅរស់ទាំង២៣នាក់ក្នុងគ្រោះថ្នាក់នៅស្រុកអន្លង់វែងដែលមានទាំងអ្នកបើកបរផង សុទ្ធតែរងរបួសធ្ងន់ធ្ងរ ដោយក្នុងនោះ ក៏មានបាក់ឆ្អឹងឆ្អែងផងដែរ។
លោកបានឲ្យដឹងថា ក្រោយមកមនុស្សចំនួន២២នាក់ត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប ចំណែកស្ត្រីម្នាក់ត្រូវបានសម្រេច បញ្ជូនទៅព្យាបាលនៅក្រុងបាងកក។
លោក ប៉ែន ផល្គុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានមានប្រសាសន៍ថា “ខ្ញុំអាចជម្រាបបានថា ចំនួនអ្នកស្លាប់អាចកើនឡើង”។ លោកបានបន្ថែមថា លោកបានពន្យារពេលមកបំពេញបេសកកម្មនៅរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាអ្នកស្លាប់ និងរបួសទាំងនេះដោយផ្ទាល់។
លោក អៀប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា អ្នករងរបួសម្នាក់នៅសន្លប់នៅឡើយគិតមកទល់ម៉ោង៦ល្ងាចយប់មិញ ហើយថា អ្នកដំណើរដែលរងរបួសធ្ងន់ប្រាំនាក់ត្រូវបានបញ្ជូនបន្តមករាជធានីភ្នំពេញដើម្បីព្យាបាលបន្ថែម។
លោក ធូ សុភា នាយការិយាល័យនគរបាលចរាចរណ៍ខេត្តឧត្តរមានជ័យបានមានប្រសាសន៍ ថា រថយន្តនេះដែលបើកបរមកពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះវិហារ បានបើកដើរមើលទេសភាពនៅតំបន់ជួរភ្នំដងរែក ស្ថិតក្នុងខេត្តឧត្តរមានជ័យ ស្រាប់តែពេលនោះអ្នកបើកបរបានបាត់បង់ម្ចាស់ការ។
លោកថ្លែងថា”ពួកគាត់បានបន្តដំណើរទៅច្រកព្រំដែនអន្តរជាតិជាំសាងាំ ដើម្បីរកទិញរបស់របរ និងដើរមើលទេសភាពនៅតាមព្រំដែន។ នៅពេលពួកគាត់ត្រឡប់មកវិញ រថយន្តបានបើកបរក្នុងល្បឿនលឿនណាស់ ហើយមិនអាចបន្ថយល្បឿនត្រង់កន្លែងផ្លូវកោងបាន។ លោក សុភា បានលើកឡើងថា បន្ទាប់ពីការសិក្សានៅកន្លែងកើតហេតុ រួមទាំងផ្លូវរអិលប្រវែង១០០ម៉ែត្រ ឆ្ពោះទៅទីតាំងដែលរថយន្តធ្លាក់ផ្លូវផង លោកសន្និដ្ឋានថា រថយន្តនេះ បើកបរក្នុងល្បឿន១១៩គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលអ្នកបើកបរបានបាត់បង់ម្ចាស់ការ។ល្បឿនកំណត់នៅតាមផ្លូវនេះ គឺ៩០គឺឡូម៉ែត្រក្នុងមួយម៉ោង។
លោកបានមានប្រសាសន៍ថា “ការសន្និដ្ឋានដំបូងរបស់យើងគឺថា គ្រោះថ្នាក់នេះគឺដោយសារជាន់ហ្វ្រាំងមិនស៊ី។ អ្នកបើកបរទំនងជាបានជាន់ហ្វ្រាំង ខណៈពេលបើកបរក្នុងល្បឿនលឿន ធ្វើឲ្យជាន់មិនស៊ី”។
លោកបានថ្លែងថា សាកសពចំនួន១៦ត្រូវបានដឹកទៅកាន់វត្តអន្លង់វែង ហើយ ត្រូវទុករហូតដល់សាច់ញាតិរបស់សពមកទទួលយក។
យោងតាមលោក ម៉ែន លី ស្នងការនគរបាលខេត្តនេះបានឲ្យដឹងថា រថយន្តនេះត្រូវបានអ្នកភូមិជួលមកពីរាជធានីភ្នំពេញ។ លោកបានលើកឡើងថា នៅក្នុងរថយន្ត គ្មានអ្វីបញ្ជាក់ថា រថយន្តនេះជារបស់ក្រុមហ៊ុន ណាឡើយ ហើយថា គេមិនច្បាស់ថា តើអ្នកបើកបរជាម្ចាស់រថយន្ត ឬយ៉ាងណានោះឡើយ។
អ្នកស្រី នាង ឧប្បល អាយុ៤៥ឆ្នាំជាអ្នកនៅរស់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអន្លង់វែងបាននិយាយថា មនុស្សទាំងអស់មកពីខណ្ឌដង្កោ រាជធានីភ្នំពេញ បានជួលរថយន្ត នេះមកកាន់ប្រាសាទតាមាន់ និងតាក្របី ក្នុងខេត្តព្រះវិហារសម្រាប់ពិធីចូលព្រះវស្សា ដែលគ្រោងធ្វើនៅរសៀលម្សិលមិញ។
អ្នកស្រីបានរៀបរាប់ពីហេតុការណ៍មុនពេលមានគ្រោះថ្នាក់ថា “វាជាផ្លូវកោងហើយ ចោតទៀត។ អ្នកស្រីអង្គុយក្បែរអ្នកបើកបរ ដែលអ្នកស្រីមិនស្គាល់ឈ្មោះ។
អ្នកស្រីបានបន្ថែមថា “ខ្ញុំអង្គុយខាងស្តាំជាប់គាត់ ហើយយើងបានប្រាប់អ្នកបើកបរថា គាត់បើកលឿនណាស់ ប៉ុន្តែ អ្នកបើកបរនៅតែបើកលឿនដដែល”។អ្នកស្រី បាននិយាយថា ហេតុការណ៍ចុងក្រោយដែលគាត់ចាំបាន គឺរថយន្ត បានក្រឡាប់។ខ្ញុំមិនដឹងថា តើរថយន្តក្រឡាប់ប៉ុន្មានត្រឡប់ឡើយ ប៉ុន្តែ នៅពេលខ្ញុំដឹងខ្លួន ខ្ញុំនៅខាងក្រៅរថយន្តទៅហើយ។ខ្ញុំមិនដឹងថា ខ្ញុំចេញពីរថយន្តដោយរបៀបណាឡើយ”៕ សារុន