អ្នកស្រាវជ្រាវមួយរូបដែលទទួលភារកិច្ចដោះស្រាយការខ្វែងគំនិតគ្នាទៅលើព្រំដែនប្រទេសកម្ពុជាជាមួយវៀតណាម បានស្នើសុំឲ្យគណបក្សសង្គ្រោះជាតិស្វែងរកផែនទីពីរផ្ទាំងដែលបាត់នៃផែនទីព្រំដែន២៦ផ្ទាំងរបស់ខ្លួនកាលពីថ្ងៃសុក្រ អំឡុងពេលសន្និសីទកាសែតមួយដែលចូលរួមដោយតំណាងរាស្ត្រមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។

លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវព្រំដែននៅរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងប្រាប់អ្នកចូលរួមប្រមាណ១០០នាក់នៅឯរាជបណ្ឌិត្យសភាក្នុងក្រុងភ្នំពេញថា ផែនទីបានមកពីរដ្ឋាភិបាល និងគណបក្សប្រឆាំងគឺដូចគ្នា ក្រៅពីផែនទីពីរផ្ទាំងរបស់គណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។
លោក ទូច បានមានប្រសាសន៍ថា “យើងនឹងទុកពេលឲ្យគណបក្សសង្គ្រោះជាតិស្វែងរកផែនទីពីរផ្ទាំងទៀតដែលបាត់។ ប្រសិនបើមិនអាចរកឃើញទេ យើងនឹងបដិសេធចោលផែនទីរបស់គណបក្សសង្គ្រោះជាតិ”។ លោកបានបន្ថែមថា ផែនទីមួយដែលដាក់ជូនដោយគណបក្សសង្គ្រោះជាតិគឺជាផែនទីក្រៅផ្លូវការរបស់ខេត្តឡាំដុង វៀតណាម។
អ្នកស្រាវជ្រាវរូបេនះបានមានប្រសាសន៍ថា “ប្រសិនបើអ្នកប្រើផ្ទាំងផែនទីនោះ យើងនឹងមានជម្លោះដែលអាចឈានទៅរកសង្គ្រាមជាមួយវៀតណាម”។
លោក សុខ ទូច បានលើកឡើងពីដំណាក់កាលបីដើម្បីវាយតម្លៃការងាររបស់រដ្ឋាភិបាលក្នុងការកំណត់ព្រំដែនភាគខាងកើតរបស់ខ្លួនជាមួយវៀតណាម ដោយចាប់ផ្ដើមពិនិត្យមើលផែនទីដែលប្រើដោយភាគីផ្សេងៗ បន្ទាប់មកធ្វើវិភាគលើសន្ធិសញ្ញាព្រំដែនដែលចុះហត្ថលេខាដោយក្រុងភ្នំពេញ និងក្រុងហាណូយ ហើយជាចុងក្រោយចុះផ្ទាល់ទៅកាន់បង្គោលព្រំដែនដើម្បីបញ្ជាក់ថា បង្គោលទាំងនោះត្រូវបានបោះត្រឹមត្រូវ។
ឆ្លើយតបទៅនឹងការរិះគន់ដែលថា ការស្រាវជ្រាវនឹងមានការលម្អៀងដោយសារតែរាជបណ្ឌិត្យសភាជាស្ថាប័នរដ្ឋនោះ លោក ទូច បានមានប្រសាសន៍ថា ក្រុមអ្នកស្រាវជ្រាវប្រើភ័ស្តុតាងជាក់ស្ដែងដើម្បីគាំទ្រការរកឃើញរបស់ខ្លួន។
លោក ទូច បានមានប្រសាសន៍ថា “យើងនឹងមិននិយាយអ្វីទេប្រសិនបើមិនមានឯកសារដើម្បីប្រើជាឯកសារយោង។ យើងនិយាយអ្វីៗផ្អែកលើឯកសារច្បាស់លាស់ ជាក់ស្ដែង ពីព្រោះគេអាចហៅយើងថាគ្រូទាយ ឬគ្រូបូរាណ ដែលនិយាយអ្វីដោយគ្មានឯកសារជាសំអាង”។
ក្នុងរយៈពេល៣ខែកន្លងមកនេះ គណបក្សសង្គ្រោះជាតិបានធ្វើយុទ្ធនាការបន្តុះបង្អាប់ការងាររបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាក្នុងការកំណត់បង្គោលព្រំដែនខាងកើត ដែលនាំឲ្យមានការធ្វើដំណើរទៅកាន់តំបន់ព្រំដែន ដែលពួកគេអះអាងថា វៀតណាមបានរំលោភចូលដីកម្ពុជា។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលជាយូរមកហើយចោទគណបក្សប្រជាជនកម្ពុជាថា ប្រគល់ដីឲ្យវៀតណាម បានមានប្រសាសន៍ថា ការកាត់ឲ្យជាប់ទោសចំពោះសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១នាក់ពីបទចូលរួមកុបកម្ម គឺជាការព្រមានដល់គណបក្សឲ្យឈប់ចុះទៅព្រំដែន។
លោក ទូច បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា លោកសង្ឃឹមថា ការស្រាវជ្រាវរបស់លោកនឹងជួយដោះស្រាយជម្លោះនយោបាយដែលធ្វើឲ្យប្រទេសប្រេះឆា។
អ្នកស្រាវជ្រាវរូបនេះបានមានប្រសាសន៍ថា “មុននឹងយើងស្វែងរកដំណោះស្រាយជាមួយនឹងបរទេស យើងត្រូវការសុចរិតភាពមុនគេ ពីព្រោះយើងបានឃើញរហូតមកដល់ពេលនេះ គណបក្សនយោបាយទាំងពីរបានចោទគ្នាទៅវិញទៅមកថា ប្រើផែនទីមិនត្រឹមត្រូវឬក្លែងក្លាយ”។
លោក អ៊ូ ច័ន្ទរិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិស្ដីទីដែលបានចូលរួមសន្និសីទកាសែតនោះ បានមានប្រសាសន៍ថា លោកមិនទាន់បានត្រៀមខ្លួនឆ្លើយតបនឹងសំណើរបស់លោក ទូច បានទេ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិស្ដីទីរូបនេះបានមានប្រសាសន៍ថា “ខ្ញុំត្រូវជួប និងពិភាក្សាជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិទៅលើបញ្ហានេះជាមុនសិន”៕ រើន