30 C
Phnom Penh

លោក ហ៊ុន​ សែន បន្ទោសឯកអគ្គរដ្ឋទូតអាមេរិក​ អំឡុង​ពិធីពិសាអា​ហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុង​ពេល​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​[រៀបចំដោយសមាគម​ឧកញ៉ា] កាលពី​ថ្ងៃ​សៅរ៍ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ស្ដីបន្ទោស​លោក វីលៀម ថូដ ឯកអគ្គរដ្ឋទូត​អាមេរិក​​​ដែល​ទើប​តែ​បញ្ចប់​អាណត្តិ​ក្នុង​ពេលថ្មីៗ ដោយ​លើក​ឡើង​ថា លោក​ “ធុញទ្រាន់​នឹង​ដំបូន្មាន​​” របស់​​អ្នក​ការទូត​បរទេស​ ហើយ​ថា លោក​គួរ​តែ​ជា​បុគ្គល​ម្នាក់​ដែល​បង្រៀន​ពួកគេ​អំពី​ “ការ​ផ្លាស់​ប្ដូរ”។

ពេល​ថ្លែង​ទៅ​កាន់​ពាណិជ្ជករ​រាប់​រយ​​​នាក់​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ លោក​ ហ៊ុន សែន បាន​និយាយ​អួត​អំពី​​ការ​​​ចេះ​បត់បែន​របស់​លោក​ក្នុងការកាន់​​អំណាច​ជាង​៣០​ឆ្នាំ​​ មក​នេះ​​​ ហើយ​បាន​ស្ដីបន្ទោស​លោក វីលៀម ថូដ ថា​បាន​ព្យាយាម​ដាក់​សម្ពាធ​​មក​លើ​រូប​ លោក​ពាក់​ព័ន្ធ​នឹង​​សារៈសំខាន់នៃ​ការ​ផ្លាស់​ប្ដូរ​​អំឡុង​​​ជំនួប​លា​គ្នា​រវាង​អ្នក​ទាំង​ពីរ​​កាលពី​ដើម​​ខែ​នេះ។

​លោក ហ៊ុន​ សែន បាន​មាន​ប្រសាសន៍​ថា​ “ថ្ងៃ​មុន​ខ្ញុំជួប​ជាមួយ​ឯក​អគ្គរដ្ឋទូត​អាមេរិក មុន​ពេល​ដែល​គាត់​​​ចាក​ចេញ​ពី​កម្ពុជា​។ នៅ​ពេល ​ដែល​គាត់​និយាយ​ជាមួយ​ខ្ញុំ គាត់​និយាយ​​​​យ៉ាង​ច្រើន​អំពី​អ្វី​ដែល​ហៅ​ថា ការ​ផ្លាស់​ប្ដូរ។ ខ្ញុំ​ក៏​បាន​និយាយ​ទៅ​​កាន់​គាត់​វិញ​ថា ​តើ​អ្នក​ភ្លេច​ទេ​ ឬ​អ្នក​កំពុង​និយាយ​​​អ្នក​ណា​​? ឯក​ឧត្ដម​កំពុង​និយាយ​ជាមួយ​អ្នក​ណា? ឯក​ឧត្ដម​ពិត​ជា​កំពុង​និយាយ​ជាមួយ​​សាស្ត្រាចារ្យ​ម្នាក់​ដែល​អាច​បង្រៀន​ឯក​ឧត្ដម​​ ឬ​ប្រធានាធិបតី​ប្រទេស​ឯកឧត្ដម ឬ​នាយករដ្ឋមន្ត្រី​ប្រទេស​ផ្សេង​លើ​បញ្ហា​ការ​ផ្លាស់​ប្ដូរ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា ”​បើ​ខ្ញុំ​មិន​ស្គាល់​ការ​ផ្លាស់​ប្ដូរ​ និង​មិន​អាច​គ្រប់គ្រង​​បាននូវ​ដំណើរ​ការ​​នៃ​ការ​ផ្លាស់​ប្ដូរ តើ​ខ្ញុំ​អាច​អង្គុយធ្វើ​នាយករដ្ឋមន្ត្រី​​ជាង​៣០​ឆ្នាំ​បាន​ទេ​”។

លោក ហ៊ុន សែន បាន​លើក​ឡើង​ទៀត​ថា លោក​បាន​ប្រាប់​លោក វីលៀម ថូដ ថា សហ​រដ្ឋអាមេរិក​គួរ​តែ​គិត​គូ​រឲ្យ​ហ្មត់ចត់​អំពី​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូពា៌​។

លោក​បាន​មាន​ប្រសាសន៍​ថា ”​ខ្ញុំ​បាន​ប្រាប់ ​គាត់​ថា ដោយសារ​អាមេរិក​មិន​អាច​គ្រប់ គ្រង​ការ​ផ្លាស់​ប្ដូរ​នៅ​លីប៊ី ស៊ីរី អុីរ៉ាក់ និង​អាហ្វហ្គានីស្ថាន​ បាន​នេះហើយ​ ទើប​បាន​ជា​បណ្ដោយ​​ឲ្យ​មាន​​ការ​កើត​ឡើង​នូវ​ពួក ISIS នៅ​ទីនោះ​បាន​”។ លោក​បាន​បន្ត​ពន្យល់​អំពី​ការ​​ផ្លាស់​ប្ដូរ​សេដ្ឋកិច្ច​​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​៣​ទសវត្សរ៍​កន្លង​មក​នេះ​។

លោកបានមានប្រសាសន៍​ថា “​កម្ពុជា​មាន​ការ​​ផ្លាស់​ប្ដូរ​ពី​បែប​ផែន​សេដ្ឋកិច្ច​ផែន​ការ​ទៅ​ជា​សេដ្ឋកិច្ច​ទីផ្សារ​តាម​រយៈ​កំណែទម្រង់​។​ កម្ពុជា​មានការ​ផ្លាស់​ប្តូរ​ពីបែប​ផែន​សេដ្ឋកិច្ច​ផែនការ​មក​កាន់​សេដ្ឋកិច្ច​ទីផ្សារ​ តាមរយៈនៃ​កំណែទម្រង់។ ខ្លួនខ្ញុំផ្ទាល់ បានដឹកនាំនូវ​កំណែ​ទម្រង់​នេះ​ ​​តាមរយៈការ​ផ្តល់​ប័ណ្ណ កម្មសិទ្ធិដីធ្លី​​ឲ្យប្រជាពលរដ្ឋ​ តាមរយៈនៃការ​ធ្វើ​ឯកជនភាវូបនីយកម្ម​រោងចក្រ​ សហ​​​គ្រាស និងក្រុមហ៊ុនដទៃ​ៗ ដើម្បី​ឲ្យចរន្តទីផ្សារ​ទ្រ ទ្រង់ទៅនឹង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​។​តើនេះមិន​មែនជាការ​ផ្លាស់ប្តូរទេឬ​ តើការ ផ្លាស់​ប្តូរមានត្រឹមតែ​ប្តូរមេដឹកនាំ​ ឬអ្វី​ដែល គេហៅថា​បដិវត្ត​ន៍​​​ព័ណ៌?”។​

ស្ថានទូត​អាមេរិក​បាន​បដិសេធ​​មិន​ធ្វើ​អត្ថាធិប្បាយ​​លើ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ឡើយ​។

លោក អ៊ូ វីរៈ អ្នក​វិភាគ​នយោបាយ​​​មួយ​រូប​បាន​លើក​ឡើង​ថា បន្ទាប់ពី​ការ​​​ធ្លាក់​ចុះ​ប្រជាប្រិយភាព​​​ដ៏​គួរ​ឲ្យ​​កត់​សម្គាល់​​របស់​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​​ការ​បោះ​ឆ្នោត​ជាតិ​​ឆ្នាំ​​២០១៣ លោក ហ៊ុន សែន កំពុង​តែ​ព្យាយាម​ការ​ពារ​​​​ការ​ដឹកនាំ​របស់​ខ្លួន​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី ហើយ​ថា សហរដ្ឋអាមេរិក​​ [ដែល​ជារឿយ​​​ៗ​តែងតែ​រិះគន់​លោក​​] បាន​បន្ត​​ជា​គោលដៅ​របស់​លោក​។

លោក​បាន​មាន​ប្រសាសន៍​ទាក់​ទិន​នឹង​​សុន្ទរកថា​​របស់​លោក​នាយករដ្ឋមន្ត្រី​​ថា “ហេតុ​ដូច្នេះ​ នេះ​គឺ​ជាយន្តការ​ការ​ពារ​ខ្លួន​របស់​លោក ហ៊ុន សែន ដើម្បី​ការ​ពារ​ខ្លួនឯង​។ ខ្ញុំ​គិត​ថា ​វា​ទាក់​ទិន​នឹង​​ការ​មួម៉ៅ​របស់​​គាត់​​ ដោយ​សា​រមិន​មាន​លទ្ធភាព​ក្នុងការ​ទាក់​ទង​ជាមួយ​សហរដ្ឋអាមេរិក និង​លោក​ខាង​លិច​ឲ្យ​បាន​ត្រឹម​ត្រូវ​”។

លោក​ អ៊ូ វីរៈ បាន​លើក​ឡើង​ទៀត​ថា អ្នក ​​ដែល​ចូល​រួម​នៅ​ក្នុង​ពិធី​កាលពី​ថ្ងៃ​សៅរ៍ ដែល ​រួម​មាន​ទាំង​ឧកញ៉ា​ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​​​​ជាមួយ​គណបក្ស​កាន់​អំណាច​​មួយ​ចំនួន​ផង​ដែរ​នោះ​ ទំនង​ជា​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​សុន្ទរកថា​​នេះ​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា ”វា​​ជា​ការ​និយាយ​ដដែល​​​​ ហើយ​ខ្ញុំ​គិត​ថា ​​ពលរដ្ឋ​មិន​ចាប់​អារម្មណ៍​ទៀត​ឡើយ”៕ស៊ុយឈាង​ (រាយការណ៍​បន្ថែម​ដោយ Colin Meyn)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស