37 C
Phnom Penh

នគរ​បាល​ខេត្ត​មណ្ឌលគិរី​​​​តាម​ប្រមាញ់​ជន​សង្ស័យរំលោភ​ក្មេងស្រី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​ខេត្ត​មណ្ឌលគិរី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ខ្លួន​កំពុង​​តាម​ប្រមាញ់​​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​បាន​រំលោភ​ក្មេងស្រី​​អាយុ​១២​ឆ្នាំ​ម្នាក់​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​ជន​នោះ​បាន​ល្បួង​ឲ្យ​​នាង​​​ឃ្វៀល​​គោ​ជាមួយ​ខ្លួន​។

លោក សូ សុវណ្ណ ​​ស្នង​ការ​រង​​ខេត្ត​នេះ​​បាន​​​​​​​មាន​ប្រសាសន៍​ថា បុរស​រូប​នោះ​​បាន​ចូល​​ទៅ​ជិត​​​​ជន​រងគ្រោះ​ និង​ក្មេងស្រី​បី​នាក់​ទៀត​ដែល​​​​មាន​អាយុ​ចន្លោះ​ពី​១០​ទៅ​១២​ឆ្នាំ ខណៈ​ពួក​គេ​​កំពុង​ស្ទូច​ត្រី​នៅ​អូរ​មួយ​កន្លែង​​ស្ថិត​នៅ​ចម្ងាយ​​​​​ប្រហែល​៤​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ពួកគេ​​ក្នុង​ឃុំ​ស្រែឈូក ស្រុក​កែវសីមា។

លោក​មាន​ប្រសាសន៍​ទៀត​ថា “​ក្មេងស្រី​ ទាំង​នោះ​​បាន​និយាយ​ថា ជន​សង្ស័យ​បាន​កុហក​​​​ពួកគេ​​​ដោយ​និយាយ​ថា គេ​ចង់​ឲ្យ​ក្មេងស្រី​ដែល​​​​មាន​អាយុ​ច្រើន​ជាង​គេ​ឃ្វៀល​គោ​ជាមួយ​ខ្លួន​ ​​​​ហើយ​បន្ទាប់​មក​បាន​សន្យា​ឲ្យ​របស់​នាង​ញ៉ាំ​។ ​​​ប៉ុន្តែ​ជន​សង្ស័យ​​ទាញ​ក្មេងស្រី​រងគ្រោះ​ចូល​​ទៅ​ក្នុង​ព្រៃ ហើយ​បន្ទាប់​មក​បាន​សម្រាត​ខោ​អាវ​របស់​នាង​​​​ចេញ​រួច​ចាប់​រំលោភ​នាង​នៅ​ពេល​នោះ”។

ស្នង​ការ​រង​រូប​នេះ​បាន​បន្ត​ថា ឪពុក​ក្មេង​ស្រី​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹងទៅ​នគរ​បាល​ឃុំ​​បន្ទាប់ពី​ក្មេងស្រី​រងគ្រោះ​ប្រាប់​ពួក​គាត់​អំពី​ហេតុការណ៍​នោះ​។ “​បន្ទាប់ពី​យើង​ទទួល​បាន​ពាក្យ​បណ្ដឹង ខ្ញុំ​បាន​បញ្ជា​​ឲ្យ​នគរ​បាល​​ឃុំ និង​ស្រុក​តាម​ស្វែង​រក​ជន​សង្ស័យ​នៅ​ម្ដុំៗ​នោះ​”។

លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ​រក​មិន​ឃើញជន​សង្ស័យ​​​ទេ ពីព្រោះ​ពាក្យ​បណ្ដឹង​​​​ត្រូវ​បាន​ដាក់​២​ម៉ោង​បន្ទាប់ពី​​ការ​ចាប់​រំលោភ​​​​​បាន​កើត​ឡើង​។ នគរ​បាល​​​ជឿ​ថា ជន​សង្ស័យ​​​​​មក​ពី​​ក្រៅ​តំបន់​នេះ ដែល​មាន​ច្រើន​​ទៅ​ដោយ​​​​ជនជាតិ​ដើម​ភាគតិច​ព្នង។ “​ខ្ញុំ​ជឿ​ថា ជន​សង្ស័យ​​​​​មក​ពី​ក្រៅឃុំ​នេះ ពីព្រោះ​​បើ​ជន​សង្ស័យ​​ជា​អ្នក​នៅ​ក្នុង​មូលដ្ឋាន ម្លេ៉ះ​ក្មេងស្រី​ទាំង​នោះ​ចំណាំ​មុខ​គេ​បានទៅ​ហើយ”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា អ្នក​ភូមិ​ម្នាក់​បាន​ប្រទះ​ឃើញ​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ដើរ​ចេញពី​ព្រៃ​យ៉ាង​លឿន ​ភ្លាមៗ​បន្ទាប់​ពី​ហេតុការណ៍​ចាប់​រំលោភ​បាន​កើត​ឡើង​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា “​ថ្ងៃ​នេះ យើង​បាន​បញ្ជូន​​​ក្មេង​ស្រី​​ទៅ​មន្ទីរ​ពេទ្យ [បង្អែក​ខេត្ត​] ដើម្បី​​ពិនិត្យ​ ប៉ុន្តែ​​​មិន​ទាន់​ចេញ​លទ្ធផល​នៅឡើយ​ទេ”។

លោក ស៊ុន ប៊ុនធឿន អធិការ​ស្រុក​​​បាន​មាន​ប្រសាសន៍​ថា ​នគរ​បាល​កំពុង​​ស៊ើប​អង្កេត​​​​នៅ​ឡើយ​កាលពីល្ងាច​ម្សិលមិញ ហើយ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែមទៀត​​ទេ​៕ ​​សុខុម​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស