
រឿងប្រលោមលោកខ្លីនិពន្ធដោយលោក អាឡិន ឡៃថ៍មិន
រឿងដែលមានចំណងជើងថា នីតា និងរឿងដែលមានចំណងជើងថា សុភា ដែលនឹងចេញផ្សាយនៅចុងសប្តាហ៍ក្រោយ នេះ គឺជាផ្នែកទីពីរនិងទីបីនៃរឿងប្រលោមលោកខ្លីទាក់ទងនឹងគ្រួសារកសិករមួយនៅខេត្តកណ្តាល។ កាសែត ឌឹ ខេមបូឌា ដេលី បានចេញផ្សាយរឿងទីមួយគឺរឿងដែលមានចំណងជើងថា សងសឹក កាលខែវិច្ឆិកា ឆ្នាំមុន។ លោក អាឡិន ឡៃថ៍មិន ជាអ្នករូបវិទ្យា ជាអ្នកនិពន្ធ និងជាសាស្ត្រាចារ្យផ្នែកមនុស្សសាស្ត្រនៃវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋម៉ាស្សាជូសិតស៍ សហរដ្ឋអាមេរិក។ លោក ឡៃថ៍មិន ក៏ជាស្ថាបនិកនៃមូលនិធិហាប់ស្វែល ដែលធ្វើការដើម្បីផ្តល់អានុភាពដល់ស្ត្រីវ័យក្មេងនៅកម្ពុជាដែរ។
បកប្រែដោយ វណ្ណ រើន
មុននឹងរដូវដកស្ទូងចូលមកដល់ពុកបានសម្រេចថា ឲ្យខ្ញុំឈប់រៀន។ យើងបានហូបអាហារពេលល្ងាចរួច បន្ទាប់មកម៉ែបោះចោលបាយដែលសល់ពីព្រឹក។ ពេលខ្ញុំអើតតាមបង្អួច ស្រាប់តែឃើញគោមួយក្បាលរបស់អ្នកជិតខាងដើរពាសវាលពាសកាលតាមទីធ្លាផ្ទះនានា។ ចំណែកឯវាលស្រែដែលនៅឯនាយពីភូមិមានពណ៌ស្វាយ នៅពេលព្រលប់ព្រាងៗ។ រំពេចនោះ ពុកក្រោកឡើងពីកន្ទេលដោយគ្មានពាក់អាវទេ ហើយក៏ពោលថា “កូនស្រី ពុកចង់ឲ្យកូនឯងទៅស្រែជាមួយពុកនៅថ្ងៃស្អែកនេះ”។
ម៉ែតប “កូនរៀនថ្ងៃស្អែក ពុកវាឯងដឹងស្រាប់ហើយ”។
ពុកឆ្លើយតប “កូនស្រីគេក៏ជួយពុកគេធ្វើស្រែដែរ ដូចជាស្រីរ័ត្ន ឌីណា វាសនាជាដើម។ មើល៍គេទៅ!”។
ម៉ែតបវិញ “នីតាកូនយើងគឺខុសគេ វាឆ្លាតណាស់ សូម្បីតែគ្រូវាទាំងអស់ក៏និយាយដូច្នេះដែរ”។
ពុកតប “រៀនល្មមៗបានហើយ!”។ ពុកចាប់ផ្តើមគ្រវាសដៃច្រងេងច្រងាងដូចសព្វដង រាល់ពេលគាត់ខឹងច្រឡោតម្តងៗ។ គាត់មើលទៅដូចជាមានមាឌធំអ៊ីចឹង រាល់ពេលគាត់គ្រវាសគ្រវីដៃម្តងៗ ប៉ុន្តែ តាមពិត គាត់មានកម្ពស់កម្ពខ្ពស់ជាងម៉ែបន្តិចប៉ុណ្ណោះ ហើយក៏ស្គមកំព្រឹងដែរ។ ពុកតប “កូនស្រីមិនចាំបាច់រៀនសូត្រអីទេ! មួយឆ្នាំទៀត ត្រូវផ្ទុកផ្តាក់ឲ្យមានប្តីសីហើយ។ ម៉ែក៏ធ្វើទឹកមុខហីដូចសព្វដង ដើម្បីធ្វើជាប្រពន្ធល្អ ត្រូវធ្វើតាមចិត្តពុកជានិច្ច”។
ខ្ញុំរត់ចូលទៅក្នុងវាំងននដែលប្អូនស្រីនិងខ្ញុំត្រូវដេកនៅទីនោះ ហើយក៏ទុកសៀវភៅរបស់ខ្ញុំក្នុងហិបកញ្ចាស់មួយរបស់ម៉ែ គឺគ្មាននរណាអាចរកឃើញទេ។
ព្រលឹមអុរឡើង មុននឹងពុកនិងបងប្រុសភ្ញាក់ពីដំណេក លើកប្រដាប់ប្រដាដាក់លើរទេះគោ ខ្ញុំក៏សសៀរលបចុះតាមជណ្តើរ ហើយពួនសម្ងំនៅក្នុងផ្ទះលីណា។ មេឃនៅងងឹតនៅឡើយ ដូច្នេះខ្ញុំក៏កាន់ចង្កៀងប្រេងកាតមួយ ដើម្បីឆួលមើលផ្លូវដែលខ្ញុំធ្លាប់ដើរ។ លីណានិងខ្ញុំបានធ្វើដំណើរជាច្រើនលើកច្រើនសាតាមផ្លូវគ្រលុកគ្រលាក់ពីផ្ទះនាងនិងខ្ញុំ ដោយជជែកគ្នាលេងបណ្តើរ ដោយមិនចាប់អារម្មណ៍នឹងក្មេងប្រុសៗដែលអង្គុយអែអុកក្រោមដើមអាកាស្យា ដែលកំពុងនាំគ្នាផឹកទឹកត្នោតជូរពីថង់ប្លាស្ទិក។ “សួស្តី ស្រីឆ្លាត” ពួកគេបន្លឺវាចាមកកាន់ខ្ញុំ ជាសម្តីផ្អែម តែអាចថាមិនផ្អែមល្ហែមពេកទេ ដោយពួកគេគ្រាន់តែចង់ឲ្យខ្ញុំជួយធ្វើលំហាត់គណិតវិទ្យាឲ្យគេប៉ុណ្ណោះ។ ពួកគេបង់ប្រាក់ឲ្យគ្រូដើម្បីបានចម្លើយ តែខ្ញុំអាចឆ្លើយដោយខ្លួនឯងបាន។ គេហៅលីណាថាស្រីស្អាត។ ពួកគេពុំដែលហៅខ្ញុំអ៊ីចឹងទេ។ លីណាអាចជ្រើសរើសបុរសណាម្នាក់នៅក្នុងភូមិជាគូស្រករតែឪពុកម្តាយរបស់នាងឲ្យនាងរៀបការជាមួយបងជីដូនមួយនាងឈ្មោះ ហ៊ិន ញាណ។ នាងក៏យល់ព្រមតាមការទុកដាក់នេះដែរ។
ក្រោយមក ប្តីនាងបានចាកចេញទៅរកការងារធ្វើនៅប្រទេសថៃ។ ប្រុសៗចាប់ផ្តើមក្រឡេកមើលនាងម្តងទៀត។ជួនកាល នាងចោលភ្នែកមើលទៅវិញ។ រាល់ពេលរសៀល បន្ទាប់ពីធ្វើកិច្ចការផ្ទះសំបែងរួចស្រួលបួល លីណានិងខ្ញុំនាំគ្នាដើរតាមមាត់ទន្លេ ដើម្បីមើលទូកនេសាទត្រីទាំងគូៗអូសអួនពណ៌ស។ នាងពាក់អាវយឺតនិងស្បែកជើងផ្ទាត់។ នៅរសៀលថ្ងៃខ្លះ យើងតែងធ្វើតុក្កតាពីក្រណាត់សម្លៀកបំពាក់ ដើម្បីយកទៅលក់នៅឯផ្សារ។ លីណា មានមិត្តភក្តិជាច្រើន តែនាងចូលចិត្តខ្ញុំខ្លាំងជាងគេ ត្បិតខ្ញុំមិនចេះនិយាយប៉ប៉ាច់ប៉ប៉ោចឥតប្រយោជន៍។
ព្រឹកថ្ងៃមួយ ខ្ញុំបានពួនក្នុងរោងដាក់អីវ៉ាន់របស់លីណា។ ម៉ែនាងបានឡើងមកលើផ្ទះដើម្បីស្តាប់វិទ្យុ។ ខ្ញុំសម្ងំនៅទីនោះមួយថ្ងៃ ហប់បែកញើសជោកខ្លួន។ លីណាបានយកបាយនិងត្រីងៀតមកឲ្យខ្ញុំហូប។ ជជែកគ្នាលេងបណ្តើរ យើងបានលាបថ្នាំក្រចកពណ៌ស្វាយនៅលើក្រចកដៃឲ្យគ្នាទៅវិញទៅមកបណ្តើរ។ លីណាបានបញ្ចេញវាចាខ្សឹបៗថា “ខ្ញុំគិតថា ឯងរៀនសូត្រអ៊ីចឹងអស់មួយជីវិត អ្ហែ៎!”។ ខ្ញុំពោលតប “ខ្ញុំប្រាថ្នាចង់អ៊ីចឹងដែរ”។ លីណា ស្រដី “តើឯងមានគម្រោងធ្វើអ្វី?” នាងកាន់ដៃខ្ញុំជាប់។ ហេតុអីក៏មិននៅក្នុងផ្ទះនេះជាមួយគ្នា។ ខ្ញុំនៅតែម្នាក់ឯងឯកោណាស់ កាលណាម្តាយខ្ញុំទៅភូមិតាកៅវិញ។ នៅទីនេះទៅ ដើម្បីបានជាគ្នា”។
លីណាតែងតែនិយាយអំពីរឿងឆ្កួតៗជាច្រើន។ នាងបាននិយាយថា នាងកើតមកដើម្បីរៀបការជាមួយបុរសមានទ្រព្យស្តុកស្តម្ភ ត្បិតនាងបានសាងកុសលផលបុណ្យបានច្រើនណាស់កាលពីជាតិមុន តែរឿងអកុសលបានកើតឡើង ហើយក៏ជាប់នៅរួមរស់ជាមួយបងជីដូនមួយឈ្មោះញាណទៅវិញ។
នាងក៏បាននិយាយថា ឪពុកនាងមានស្រីញី១៧នាក់។ចុះហេតុអីក៏ទៅជាដូច្នោះ? ខ្ញុំគិតក្នុងចិត្តថា ប្រសិនបើពុកនាងចំណាយតែ៥ដុល្លារលើស្រីម្នាក់ៗ ប្រាក់នោះនឹងច្រើនជាងប្រាក់ដែលគាត់រកបានក្នុងមួយឆ្នាំពីការលក់ត្រីសាច់នៅឯផ្សារទៅទៀត។ ពុកខ្ញុំមានស្រីតែម្នាក់គត់ឈ្មោះលក្ខិណា ហើយគាត់ចំណាយប្រាក់កាសច្រើនណាស់ទៅលើស្រីនោះ។
ខ្ញុំអង្គុយនៅក្នុងរោងដាក់អីវ៉ាន់លុះដល់ពេលយប់ ទើបត្រឡប់ទៅផ្ទះខ្ញុំវិញ។ ពុកចេញទៅក្រៅផ្ទះផឹកទឹកត្នោតជូរ ហើយងើបឈរតតេះតតះស្ទើរមិនរួច ម៉ែក៏គ្រាហ៍គាត់ឡើងទៅលើផ្ទះ។ ពុកចាប់កាន់អំបោសដូចជាហៀបនឹងវាយខ្ញុំ។ ហើយពុកក៏វាយម៉ែនឹងអំបោសនោះ។ លើកនេះ គាត់ដូរគំនិត។ គាត់គ្រាន់តែគោះស្មាខ្ញុំ ហើយក៏ស្រដី “កូនស្រី!”ហើយក៏ប្រះខ្លួនលើកន្ទេល។ យប់មិនទាន់ជ្រៅប៉ុន្មានទេ តែម៉ែបិទអំពូលភ្លើងដែលព្យួរតែកតោកនឹងដំបូលស័ង្កសី ហើយផ្ទះក៏ងងឹតឈឹងមើលអ្វីមិនធ្លុះ។ ខ្ញុំចេះតែរសាប់រសល់ដេកមិនលក់សោះ។ ខ្ញុំគិតថានឹងមិនបានទៅសាលារៀននិងរៀនសូត្រអ្វីៗគ្រប់យ៉ាងទេ ជាពិសេសគណិតវិទ្យាតែម្តង ហើយថាតើខ្ញុំនឹងចូលរៀននៅសាកលវិទ្យាល័យតាមរបៀបណា ដែលជាក្តីសុបិនរបស់ខ្ញុំ។បន្ទាប់មក ខ្ញុំចាប់ផ្តើមឆ្ងល់អំពីប្អូនស្រីជាទីស្រឡាញ់ ឈ្មោះធីតា និងថាតើខ្ញុំនឹងបានជួបនាងបានម្តងទៀតឬយ៉ាងណាទេ។ បន្ទាប់មក ខ្ញុំក៏គិតទៅដល់ប្រុសៗដែលក្រឡេកមើលលីណា។ តើពួកគេនឹងក្រឡេកមើលខ្ញុំអ៊ីចឹងដែរឬយ៉ាងណាទេ?
នៅរសៀលថ្ងៃបន្ទាប់មកទៀត គ្រូពីរនាក់មកពីសាលារបស់ខ្ញុំមកផ្ទះខ្ញុំ គឺអ្នកគ្រូ ផល្លី និងលោកគ្រូសុផល។ លោកគ្រូ សុផល គឺជាគ្រូគណិតវិទ្យារបស់ខ្ញុំ។ អ្នកគ្រូមានរោមចង្កាដូចប្រុសៗដែរ។ អ្នកគ្រូ ផល្លី និងលោកគ្រូ សុផល បានប្រាប់ពុកម៉ែខ្ញុំថា ខ្ញុំគឺជាសិស្សឆ្នើមនៅក្នុងថ្នាក់ គឺឆ្នើមបំផុតក្នុងរយៈពេល៥ឆ្នាំ ហើយថា គ្មានសិស្សផ្សេងទៀតយកចិត្តទុកដាក់រៀនសូត្រឲ្យបានជាប់លាប់ឡើយ។ បន្ទាប់មកពួកគាត់ត្អូញត្អែរអំពីការទទួលបានប្រាក់បៀវត្សរ៍៥០ដុល្លារក្នុងមួយខែ និងគ្មានបង្គន់អនាម័យប្រើប្រាស់នៅក្នុងសាលារៀនទៀតផង។ ការពេញចិត្តរបស់ពួកគាត់គឺមានសិស្សល្អដូចជារូបខ្ញុំ ជារៀងរាល់៥ឆ្នាំម្តង។
ពុកមិនចេញស្តីមួយម៉ាត់សោះ។ ពុកគ្រាន់តែអង្គុយឆ្កឹះដីខ្វាច់ៗនឹងក្រចកដៃគាត់។ នេះជាចម្លើយរបស់គាត់។
ខ្ញុំមិនចូលចិត្តធ្វើស្រែទេ។ ខ្ញុំក៏មិនចូលចិត្តកើបអាចម៍គោ ដកស្ទូង និងរើសខ្ចៅខ្យងដែរ។ វាជាការមិនល្អទាល់តែសោះ។ ពេលរាត្រី ក្រោយពីស្រីពៅនិងខ្ញុំចូលទៅក្នុងវាំងនន ហើយផ្លាស់សម្លៀកបំពាក់ ខ្ញុំអានសៀវភៅពីសាលាដោយអុជចង្កៀងប្រេងកាត។ ពេលខ្ញុំកំពុងរៀន អារម្មណ៍ភ្លេចភ្លាំងដោយមិនទាំងដឹងថា ខ្ញុំជានរណា ឬខ្ញុំស្ថិតនៅទីណាដែរ ហើយអារម្មណ៍ខ្ញុំរសាត់អណ្តែតអណ្តូងទៅក្នុងពិភពនៃការសិក្សា។ ប៉ុន្តែ ខ្ញុំដឹងថា ខ្ញុំនឹងមិនអាចទៅសាលាបានទៀតទេ។
លុះពីរបីខែក្រោយមក ពុកផ្តើមព្រលយពាក្យអំពីបុរសម្នាក់ដែលពុកបានស្គាល់នៅក្នុងខេត្តបាត់ដំបង។ គាត់ឈ្មោះ នុត ប៊ុន។ តាមពិត ពុកពុំដែលជួបមុខបុរសនេះទេ ប៉ុន្តែ បងប្អូនជីដូនមួយគាត់នៅខេត្តបាត់ដំបងបានស្គាល់បុរសនោះ។ នៅរាត្រីមួយ ពុកស្រដី “បងប្អូនជីដូនមួយឈ្មោះណារិទ្ធស្គាល់កំលោះចាស់ម្នាក់”។ មួយសន្ទុះមុន ពុកនិយាយអំពីទិន្នផលស្រូវប៉ុន្មានគីឡូនឹងទទួលបាននៅរដូវច្រូតកាត់ខាងមុខ តែរំពេចនោះ ពុកក៏ផ្តើមនិយាយអំពីលោកនុតទៅវិញ។ មួយសប្តាហ៍ក្រោយមក ពុកស្រដីទៅកាន់ម៉ែដោយសម្តីខ្លាំងៗ “ខ្ញុំឮថា លោក នុត មានរូបឆោមសង្ហាណាស់”។ ពុកនិយាយតែប៉ុណ្ណឹងក៏ឈប់ស្តី។ខ្ញុំក៏ងឿងឆ្ងល់ភ្លាម ចុះលោក នុត ជានរណាទៅហ្ន៎? ប៉ុន្តែ ខ្ញុំពុំដែលហ៊ាននិយាយស្តីកាត់ពុកម៉ែទេ។ នៅរសៀលថ្ងៃមួយ ពុកស្រដី “លោក នុត នៅក្មេងល្ហក់់សោះ តែមានទ្រព្យសម្បត្តិស្តុកស្តម្ភណាស់”។ ម៉ែក៏សួរ “គេអាយុប៉ុន្មានហើយ?” ពុកពោលតប “បងប្អូនជីដូនមួយប្រាប់ថា គេមានវ័យ៣៤ឆ្នាំ។ មានវ័យល្អ”។ ខ្ញុំក៏គិតក្នុងចិត្តថា ល្អសម្រាប់អីទៅ? បងប្រុសខ្ញុំ កាម៉ាល់ ក៏និយាយកាត់ ពីព្រោះគាត់ជាប្រុសដោយបានបន្លឺសំណួរថា “ហេតុអីបានជាគាត់មានទ្រព្យធនស្តុកស្តម្ភ? ពុកពោលតប “ពុកឮថា គេលក់ជ័រកៅស៊ូហ្នឹងណា៎! គាត់ជាអ្នកជំនួញ”។
ការជជែកគ្នាអំពីរឿងនេះពីរបីសប្តាហ៍ក្រោយមក វាហាក់ដូចជា នុត ប៊ុន ជាសមាជិកគ្រួសារយើងអ៊ីចឹង។ ខ្ញុំពុំដែលឮឈ្មោះគាត់ទាល់តែសោះកាលពីមួយខែមុន ហើយឥឡូវនេះ គាត់ហាក់ដូចជាកំពុងតែហូបបាយនៅផ្ទះរបស់យើង។ តាមពិត ខ្ញុំយល់ថា ពុកកំពុងតែធ្វើអ្វីហើយ។ ប៉ុន្តែ ខ្ញុំមិនចាប់អារម្មណ៍អ្វីទេ។ ខ្ញុំមិនចង់រៀបការប្តីសីទេ។ មើលលីណាចុះ។ តើប្តីនាងបានធ្វើអ្វីល្អខ្លះសម្រាប់នាង? ខ្ញុំមានមិត្តភក្តិម្នាក់ទៀត ឈ្មោះ ចិន្តា ដែលប្រឹងធ្វើការតត្រុកទាំងយប់ទាំងថ្ងៃចម្អិនម្ហូបអាហារឲ្យប្តី និងមិត្តភក្តិគាត់ ហើយបោកគក់ខោអាវឲ្យប្តីផង បោកគក់សម្លៀកបំពាក់ឲ្យពូរបស់ប្តីផង ហើយថែមទាំងត្រូវថែទាំកូនតូចពីរនាក់ទៀត។ ចិន្តាធ្លាប់មានរូបឆោមស្អាត។ កាលនោះ នាងមានវ័យ១៧ឆ្នាំតែស្បែកនាងជ្រីវជ្រួញដូចជាដូនចាស់អ៊ីចឹង ហើយមុខមាត់ក៏ក្រៀមក្រោះទៀត។ បងស្រីនាងឈ្មោះ ម៉ារ៉ាឌី បានស្លាប់បាត់បង់ជីវិតពេលសម្រាលកូន។ វេជ្ជបណ្ឌិតនៅតាកៅ ទារប្រាក់១១៥ដុល្លារដើម្បីសង្គ្រោះជីវិតនាងឲ្យរួចផុតពីក្តីមរណៈ ប៉ុន្តែ ឪពុកម្តាយនាងមិនមានប្រាក់កាសក្រាស់ក្រែលច្រើនដល់ថ្នាក់ហ្នឹងទេ។ ខ្ញុំមិនទាន់ចង់មានប្តីសីទេ ទាល់តែខ្ញុំមានវ័យយ៉ាងហោចណាស់ក៏២០ឆ្នាំ ឬ២៥ឆ្នាំឯណោះ។ ពុកនិងម៉ែនៅតែនិយាយអំពី នុត ប៊ុន។ ថ្ងៃមួយ ពួកគាត់បានប្រកាសក្តែងថា នុត ប៊ុន កំពុងតែធ្វើដំណើរពីខេត្តបាត់ដំបង ដើម្បីស្កាត់មកជួបមុខខ្ញុំ។ ពុកស្រដី “កូនឯងគួរតែធ្វើល្អចំពោះគេ។ វាជាដំណើរផ្លូវឆ្ងាយណាស់”។ ខ្ញុំក៏សួរដោយធ្វើពើ “ហេតុអីក៏គាត់មក?” ម៉ែពោលតប “គេចង់ជួបមុខកូនឯងហ្នឹងណា៎។ គេមានទ្រព្យធន។ គេអាចថែរក្សាកូនឯងបានល្អ”។ ខ្ញុំពោលតប “មានស្រីៗច្រើនណាស់នៅខេត្តបាត់ដំបង។ ខ្ញុំដឹងថា ខ្ញុំមិនគួរមានសម្តីធំដាក់ពុកម៉ែទេ ប៉ុន្តែ ដូចផ្លែកាំបិតចាក់ដោតចំបេះដូង មិនអាចទប់ពាក្យសម្តីបាន។ ម៉ែមើលមុខពុកឡិងឡង់ ហើយចាំឲ្យពុកបញ្ចេញប្រតិកម្ម។ ពុកពោលតប “លោក នុត ឮថា កូនឯងឆ្លាតហ្នឹងណា៎”។ ម៉ែពោលបន្ទរ “ហើយគាត់និងប្អូនជីដូនមួយឈ្មោះ ណារិទ្ធ ជាមិត្តភក្តិល្អនឹងគ្នា។ ឲ្យគាត់ជួបមុខកូនឯងទៅណា៎ កូនឯងកុំប្រកែប្រកាន់នឹងគាត់។ ពុកចងចិញ្ចើមដាក់ម៉ែ ក៏បន្លឺវាចា “កូនឯងគួរនិយាយរាក់ទាក់នឹងគាត់ផង”។

ថ្ងៃអាទិត្យបន្ទាប់ ប្រហែលពេលថ្ងៃត្រង់ មានរថយន្តពណ៌ប្រាក់មួយគ្រឿងបើកគើមៗតាមផ្លូវគ្រហិកគ្រហុកឆ្ពោះមកកាន់ផ្ទះយើង។ យាននេះមិនអាចបើកមករួចទេដោយសារតែផ្លូវមានភក់ច្រើន ហើយក៏ចតចោលប្រហែល១០០ម៉ែត្រពីផ្ទះ។ គ្រានោះលោក នុត ក៏បើកទ្វាររថយន្តចុះដើរ។ ប្រាកដជាលោក នុត ហើយមើលទៅ។ ខ្ញុំពុំដែលបានឃើញរថយន្តចូលមកក្នុងភូមិយើងទេ។ ខ្ញុំក៏ប្រញាប់ប្រញាល់ស្ទុះចុះតាមជណ្តើរ ហើយក៏រត់លឿនស្លេវទៅកាន់ផ្ទះ លីណា ហើយក៏ពួនសម្ងំក្នុងរោងដាក់អីវ៉ាន់។
លុះមួយម៉ោងក្រោយមក ខ្ញុំឮសំឡេងម៉ែស្រែកហៅនៅពីក្រៅរោង។ ម៉ែពោលអង្វរងោចៗ “កូនស្រីសំឡាញ់អើយ មីអូន! កូនត្រូវ ចេញមក ម៉ែមិនចង់អ៊ីចឹងទេ”។ មួយសន្ទុះក្រោយមក ម៉ែលែងចេញស្តី។ ម៉ែពោលបន្ត “ម៉ែដឹងថា កូនគិតក្នុងចិត្តយ៉ាងម៉េចហើយ ម៉ែដឹង”។ ខ្ញុំក៏ឆ្លើយ “អ៊ីចឹង កុំឲ្យកូនចេញទៅអី”។ ម៉ែតប “ពុកកូនចង់ឲ្យកូនជួបមុខលោក នុត ហ្នឹងណា៎។ គាត់ជាមនុស្សល្អទេ”។ ខ្ញុំស្រឡាញ់ម៉ែ។ ខ្ញុំគិតក្នុងចិត្តថា ម៉ែគ្រាន់តែធ្វើអ្វី ដែលម៉ែត្រូវធ្វើប៉ុណ្ណោះ ទើបខ្ញុំវិលត្រឡប់ទៅផ្ទះវិញ។
លោក នុត បានអង្គុយនៅលើកៅអីមួយចំណែកពុកវិញ ក៏អង្គុយលើកៅអីមួយទៀតដែរ។ ពុកពាក់អាវក្រណាត់សូត្រពណ៌បៃតង ដែលគាត់តែងតែពាក់ក្នុងពេលបុណ្យចូលឆ្នាំថ្មីម្តងៗ។ លោក នុត ពាក់អាវធំនិងស្បែកជើងឃ្លុប។ គាត់មានរោមចិញ្ចើមក្រាស់ឃ្មឹកនៅជុំថ្ងាស ហើយសក់គាត់ធ្លាក់ចុះ ពេលគាត់ក្រោកឈរឡើងម្តងៗ គាត់ទ្រេតខ្លួនទៅម្ខាង ហាក់ដូចជាជើងម្ខាងគាត់ខ្លីជាងម្ខាងទៀត។ គាត់មិនសង្ហាទេ ហើយក៏មិនអាក្រក់ដែរ។
លោក នុត ដឹងថា ខ្ញុំពួននៅទីណាហើយ។ខ្ញុំឈរផ្អែកនឹងជញ្ជាំងនៅពីចម្ងាយ។ គាត់ពោលទាំងញញឹមញញែម “ខ្ញុំចូលចិត្តស្រីមានចិត្តក្លាហាន”។ ខ្ញុំកត់សម្គាល់ថា គាត់មានធ្មេញពេញមាត់ ។ គាត់ផ្តើមសួរសំណួរខ្ញុំអំពីរឿងរ៉ាវផ្សេងៗ មានដូចជាអ្នកស្រុកទីនេះប្រកបមុខរបបអ្វីខ្លះ ហើយសម្លៀកបំពាក់ថ្លៃប៉ុន្មានដែរនៅឯផ្សារ។ ដំបូង ខ្ញុំមិនចង់ស្តីរកគាត់ទេ តែខ្ញុំទប់មិននិយាយមិនបាន។
ម៉ែពោល “នាងស្អាតណាស់ ណា៎!”។
លោក នុត តប “មិនសូវស្អាតទេ ប៉ុន្តែឆ្លាត!”។
ពុកឆ្លើយបន្ទរ “មែនហើយ វាឆ្លាត!”។ នេះជាសម្តីលើកទី១ហើយតាំងពីតូចក្រូចឆ្មារដល់ធំដឹងក្តី ទើបតែឮពុកនិយាយសរសើរថាខ្ញុំឆ្លាត។
ខ្ញុំទៅលេង លីណា រាល់ថ្ងៃ មុននឹងរៀបការ។ នាងខឹងនឹងខ្ញុំច្រឡោតតោតតូង ព្រោះតែខ្ញុំរៀបការនឹងបុរសដែលរស់នៅស្រុកនាយ។ នាងពោលថា នាងប្រហែលជាពុំបានជួបមុខខ្ញុំទៀតទេ។ នាងពោលថា បាត់ដំបងគឺស្ថិតនៅឯភពដទៃទៀត។ នេះជាអ្វីដែលលីណាយល់ឃើញ។ នាងពុំដែលបានចាកចេញពីខេត្តកណ្តាលម្តងណាឡើយ រីឯខ្ញុំក៏ដូច្នេះដែរ។
លីណាពោល “តើនឹងមានអ្វីកើតឡើងចំពោះខ្ញុំ? ខ្ញុំមិនអាចចាកចេញទៅកន្លែងផ្សេងបានទេ ព្រោះខ្សត់លុយកាក់។ ឯងនឹងបានហូបម្ហូបឆ្ងាញ់ៗ ជិះរថយន្តប្តីឯង ហើយប្តីឯងនាំឯងដើរផ្សារទិញអីវ៉ាន់ក្នុងក្រុងបាត់ដំបង។ ចុះហេតុអី ឯងមានភ័ព្វសំណាងម្លេ៉ះ?”
ពេលណាខ្ញុំនិយាយឡែឡប់ថា ខ្ញុំគួរនៅកើបអាចម៍គោអស់មួយជីវិត ប្រសើរជាជាងទៅរៀបការនឹងលោក នុត លីណា ក៏រឹតតែខឹងឆេវឡើង ហើយផ្តើមស្រែកគំហកដាក់ខ្ញុំថា ខ្ញុំមិនដឹងអ្វីក្រៅតែពីមេរៀនសាលាប៉ុណ្ណោះ។ រំពេចនោះ នាងក៏ចាប់ផ្តើមសញ្ជប់សញ្ជឹងគិតដល់រឿងអភ័ព្វនាងផ្ទាល់ រាងរៅប្តីនាងតូចកំព្រឹង និងថាតើប្តីនាងប្រហែលជាមានស្រីញីនៅប្រទេសថៃហើយពេលនេះ ហើយប្រហែលជាចាយវាយប្រាក់កាសគាត់ខ្ជោកខ្ជាកលើស្រីសំផឹងសុដន់ធំៗ ឬយ៉ាងណាទេ។ ប៉ុន្តែ មួយស្របក់ក្រោយមក នាងចាប់ផ្តើមយំខ្សឹកខ្សួលអួលក្នុងទ្រូង ហើយក៏ចាប់ឱបខ្ញុំជាប់។ លីណា ពិតជាស្រឡាញ់រាប់អានខ្ញុំស្មោះអស់ពីចិត្តពីថ្លើម។ នាងជាកល្យាណមិត្តខ្ញុំ។ ខ្ញុំនិយាយប្រាប់អ្វីៗគ្រប់បែបយ៉ាងដល់នាង។ ខ្ញុំប្រាប់នាងនៅពេលដែលខ្ញុំមានរដូវដំបូង សូម្បីតែម៉ែក៏ដឹងក្រោយដែរ។ ខ្ញុំប្រាប់នាងនូវអ្វីៗដែលកើតឡើងចំពោះ ធីតា ដែលត្រូវគេចាប់យកទៅលក់ឲ្យបម្រើផ្លូវភេទនៅផ្ទះបន ដែលជាការសម្ងាត់គួរឲ្យអាម៉ាស់មុខ ដែលពុកម៉ែខ្ញុំនិយាយថា តោងតាមខ្លួនយើងរហូតដល់ជាតិក្រោយ។
លីណា ដេរប៉ាក់ក្រមាពណ៌ខៀវបៃតងមួយគូដ៏ស្អាត មួយសម្រាប់ខ្ញុំនិងមួយទៀតសម្រាប់នាងខ្លួនឯង ហើយពានាក្រមានោះនៅក្នុងថ្ងៃរៀបការ។ យើងស្រឡាញ់រាប់អានគ្នាជាបងប្អូនស្រីនឹងគ្នាដូចគ្នានឹងស្រីពៅ ធីតា និងខ្ញុំដែរ។ នៅក្នុងពិធីអាពាហ៍ពិពាហ៍ យើងឈរកៀកកាន់ដៃគ្នា ចំណែកឯលោក នុត ដាក់ដៃគាត់នៅលើស្មាខ្ញុំ។ រថយន្តលោក នុត កំពុងរង់ចាំដឹកគាត់និងខ្ញុំទៅកាន់ខេត្តបាត់ដំបង។

នៅរាត្រីមួយ មុនថ្ងៃចុងក្រោយនៃពិធីអាពាហ៍ពិពាហ៍ ម៉ែចូលមកនិយាយស្ងាត់ៗជាមួយខ្ញុំក្នុងវាំងនន ដែលស្រីពៅនិងខ្ញុំដេក។ សម្លៀកបំពាក់ប្អូនស្រីខ្ញុំព្យួររណេងរណោងនៅលើស្នួឫស្សី។ខ្ញុំក៏បានរៀបចំសម្លៀកបំពាក់ខ្ញុំដាក់វ៉ាលី រួមទាំងរូបថត ពេជ្រ សោភា និង សុគន្ធ នីសា ដែលលោក នុតនិយាយថា ខ្ញុំអាចយកតាមខ្លួនទៅខត្តបាត់ដំបង។
ម៉ែពោលទាំងទឹកភ្នែករលីងរលោងថា “កូនស្រីសម្លាញ់អើយ មីអូន! ស្តាប់ម៉ែណា៎ ភារកិច្ចកូន គឺរក្សាភាពសុខក្សេមក្សាន្តនៅក្នុងគ្រួសារថ្មី។ កុំរអ៊ូរទាំ”។ ខ្ញុំទទួលយកពាក្យទូន្មាន។ ម៉ែចាប់កាន់ដៃខ្ញុំ ហើយក៏ពោលខ្សឹបៗ “កូនកុំខ្មាសអៀនយប់ស្អែក ណា៎!”។
ខ្ញុំក៏សួរឡើង “តើយ៉ាងម៉េចទៅម៉ែ?”
ម៉ែតប “កូនមានអារម្មណ៍មិនសុខស្រួលទេ ប្រសិនបើកូនមានឈាម វាធម្មតាទេ ហើយប្តីកូននឹងសប្បាយចិត្តជាក់ជាពុំខានដែលកូនមានឈាម”។
“តើកូនយ៉ាងម៉េចដែរ?”
“ខ្ញុំធ្វើអ្វីដែលខ្ញុំគួរធ្វើ”។
បន្ទាប់មកម៉ែប្រគល់ខ្សែកមួយខ្សែឲ្យខ្ញុំ ដែលម្តាយគាត់បានបន្សល់ទុកឲ្យគាត់ជាកេរ។ខ្សែករំលេចដោយបន្តោងមាសប្រហោងព័ទ្ធជុំវិញទៅដោយរុក្ខជាតិមួយដើមមានស្លឹកប្រាំមួយ។ ក្រោយពីរៀបការរួច ខ្ញុំរស់នៅជាមួយមីងរបស់ប្តីខ្ញុំនៅអង្គជ្រុំ។ ប្តីខ្ញុំមានភូមិគ្រឹះមួយខ្នងនៅក្នុងក្រុងបាត់ដំបង ជាផ្ទះមួយខ្នងធំទូលាយដែលបំពាក់ទៅដោយភ្លើងអគ្គិសនីគ្រប់បន្ទប់ ហើយមានទូទឹកកកមួយគ្រឿងនិងកម្រាលឥដ្ឋរលោងចាំងផ្លេកៗ ប៉ុន្តែ ប្តីខ្ញុំនិយាយថា គាត់ចង់ឲ្យខ្ញុំស្នាក់នៅជាមួយមីងគាត់នៅជនបទ ដើម្បីឲ្យខ្ញុំមានសុវត្ថិភាព។ គាត់ធ្វើដំណើរច្រើន ហើយវិលមកផ្ទះវិញពីរបីថ្ងៃប៉ុណ្ណោះក្នុងមួយខែៗ។ ប្តីខ្ញុំពោលឡើង “បងចង់ឲ្យអូនរស់នៅសប្បាយចិត្តនៅក្នុងផ្ទះមីង។ វាមិនមែនផ្ទះរខេករខាកដូចដែលអូនឯងធ្លាប់នៅទេ”។
ខ្ញុំពុំដែលដឹងថា ប្តីខ្ញុំប្រកបការងារអីទេ នៅពេលដែលគាត់ចាកចេញទៅ។ ថ្ងៃមួយ ខ្ញុំបានឮគាត់និយាយគ្នាតាមទូរស័ព្ទដៃជាមួយមនុស្សម្នាក់ជាភាសាចិន ហើយម្តងនោះជាភាសាវៀតណាម។ មីងប្រាប់ខ្ញុំថា ខ្ញុំមិនគួរឆ្ងល់សួរនាំអ្វីទេ។ រាល់ពេលដែលគាត់មកផ្ទះមីងម្តងៗ គាត់យកសម្លៀកបំពាក់ថ្មីៗ និងស្បែកជើងស្អាតៗឲ្យខ្ញុំ គឺថ្មីទាន់សម័យនិងស្អាតៗដូចតារាភាពយន្តប្រើអ៊ីចឹងដែរ។ ប្តីខ្ញុំនិយាយតឿន “កុំពាក់ស្បែកជើងទាំងនេះ ដើរលើផ្លូវនេះណា៎។ វាប្រឡាក់ធូលីដី។ខ្ញុំក៏ឆ្លើយតប “អូនពាក់វានៅពេលអូននៅជាមួយបងប៉ុណ្ណោះ”។ សម្តីនេះបានធ្វើឲ្យគាត់ញញឹមប៉ប្រិម។ ប្តីខ្ញុំក៏បានឲ្យខ្ញុំនូវទឹកអប់និងនាឡិកាដៃមួយគ្រឿងដែលមានតម្លៃថ្លៃ ដែលគាត់បានទិញពីក្រុងភ្នំពេញ។ គាត់ពុំដែលឲ្យប្រាក់កាសខ្ញុំទេ។ គាត់ឲ្យលុយកាក់ទៅមីងគាត់។
ប្តីខ្ញុំចូលចិត្តគយគន់ខ្ញុំស្លៀកពាក់សម្លៀកបំពាក់ថ្មីៗ តាំងពីពាក់អាវទ្រនាប់ឡើងទៅ។ប្តីខ្ញុំពោលឡើង “ស្លៀកពាក់អ៊ីចឹងទៅសិចស៊ីណាស់ អូនឯង!” ហើយក៏បឺតបារីមួយខ្សឺតយ៉ាងវែង។ ពេលដែលគាត់កំពុងភ្លឹកមើលខ្ញុំ គាត់ក៏ដើរខ្ញើតៗទៅកាន់ទូដាក់ខោអាវ ហើយក៏បើកវិទ្យុឲ្យឮដើម្បីកុំឲ្យមីងឮសំឡេងពីបន្ទប់យើង។ បន្ទាប់មក ប្តីខ្ញុំសម្រាតសម្លៀកបំពាក់ខ្ញុំចេញអស់រលីងពីខ្លួន។ គាត់មានរោមខ្នងស្រមូវ។ នៅពេលរួចរាល់ហើយ គាត់ក៏ថើបថ្ពាល់ខ្ញុំខ្សឺតៗ ហើយដណ្តឹងសួរ “តើបងធ្វើឲ្យអូនឈឺចាប់ឬទេ”។ តាមធម្មតា គាត់ធ្វើឲ្យខ្ញុំឈឺចាប់ ប៉ុន្តែ ទប់ចិត្តស៊ូទ្រាំមិនចេញស្តី។ តែងតែមានក្លិនខុសធម្មតារាល់ពេលយើងរួមសង្វាសម្តងៗ។ ជួនកាលគាត់មានក្លិនបែបហ្នឹង ជាពិសេសពេលគាត់មកផ្ទះម្តងៗ។ ខ្ញុំគិតក្នុងចិត្តថា គាត់មានស្រីញីច្រើនហើយ។ ប៉ុន្តែគាត់ជ្រើសរើសយកខ្ញុំធ្វើជាប្រពន្ធ។
មីងចំប៉ីមានលាបសក់ពណ៌ក្រហម និងដាក់ធ្មេញសិប្បនិមិត្តសស្គុសដូចភ្លុក។ គាត់គិតថា គាត់មានវ័យប្រហែល៣០ឆ្នាំ តែតាមពិតគាត់មានអាយុ៥៣ឆ្នាំហើយ។ គាត់តុបតែងខ្លួនស្លៀកពាក់ឆើតឆាយនិងពាក់គ្រឿងអលង្ការ ទោះបីជាគាត់មិនចេញទៅណាក៏ដោយ។ ប៉ុន្មានខែដំបូង មីងធ្វើល្អចំពោះខ្ញុំណាស់។ មីងមានអ្នកបម្រើម្នាក់ ឈ្មោះ ចរិយា ដែលបោសជូតផ្ទះសំបែងនិងចម្អិនបាយសម្លឲ្យយើងហូប។ មីងនិយាយមកខ្ញុំ “កូនស្រី បើកូនឯងចង់បានអ្វី គ្រាន់តែប្រាប់ចរិយាទៅបានហើយ។ កូនឯងគួររស់នៅសុខសាន្តដូចម្ចាស់ក្សត្រីអ៊ីចឹងនៅក្នុងផ្ទះនេះ”។ ខ្ញុំក៏សម្លឹងមើលមុខចរិយា ដែលមានអាយុស្របាលៗនឹងខ្ញុំដែរ ហើយខ្ញុំយល់ថា ខ្ញុំមិនអាចប្រើចរិយា ឲ្យធ្វើការងារជំនួសខ្ញុំបានទេ”។ ខ្ញុំឆ្លើយតប “តើខ្ញុំអាចជួយធ្វើការអ្វីខ្លះដល់មីង ចា៎?”។ មីងឆ្លើយផូងឡើង “ឯងជាប្រពន្ធក្មួយរបស់មីង។ ឯងមិនចាំបាច់ធ្វើការងារអ្វីឡើយនៅទីនេះ”។ មីងកំពុងបកសំបកសាវម៉ាវ ហើយញុកចូលផ្លុកក្នុងមាត់ ទំពាឃ្មមៗ។ “ឯងដឹងស្រាប់ហើយ ក្មួយមីងជាមនុស្សមានមុខមានមាត់ធំដុំ។ ឯងចង់ធ្វើអីធ្វើទៅណ៎ះ”។
ប៉ុន្តែ ខ្ញុំពុំអាចធ្វើអ្វីកើតទេ ត្បិតគ្មានប្រាក់កាសមួយកាក់មួយសេនផងហ្នឹង។ ហើយខ្ញុំក៏ពុំដែលស្គាល់នរណាម្នាក់នៅក្នុងអង្គជ្រុំដែរ។ ហេតុដូច្នេះហើយខ្ញុំចំណាយពេលអានសៀវភៅស្ទើរតែពេញៗមួយថ្ងៃ។ គ្រាន់បើដែរ ដែលខ្ញុំមិនបាច់ធ្វើស្រែ។ ខ្ញុំរីករាយសោមនស្សនឹងរៀនសូត្រ ប៉ុន្តែ ខ្ញុំនឹករលឹកដល់ម៉ែពុក ស្រីពៅ និងកាម៉ាល់។ ប្តីខ្ញុំអនុញ្ញាតឲ្យខ្ញុំទូរស័ព្ទទៅរកពួកគាត់ពីរបីដងប៉ុណ្ណោះក្នុងមួយសប្តាហ៍។
ថ្ងៃមួយ មីងប្រាប់ខ្ញុំថា គ្មានហេតុផលអ្វីដែលត្រូវចំណាយប្រាក់លើចរិយាតទៅទៀតទេ ដោយហេតុថា ខ្ញុំអាចស្លស្លុកចម្អិនអាហារបាន និងបោសជូតសម្អាតផ្ទះសំបែងបានដោយមិនបាច់អស់លុយកាក់។ ដូច្នេះ ទើបមីងដេញចរិយាចោល។
មីងពោល “វាជាផ្ទះរបស់ឯងហើយ អ៊ីចឹង ឯងមិនចង់ឲ្យផ្ទះសំបែងស្អាតបាតទេឬអី? កូនស្រីគួរតែមានមោទនភាពនៅក្នុងផ្ទះខ្លួនឯង”។
ចាប់តាំងពីពេលនោះមក ខ្ញុំត្រូវក្រោកឡើងនៅម៉ោង៥រាល់ព្រឹកទាំងមេឃនៅងងឹតនៅឡើយ ហើយបង្កាត់ភ្លើងចម្អិតអាហារ។ខ្ញុំត្រូវចម្អិនអាហារពេលព្រឹក ហើយលើកយកទៅជូនមីងនៅក្នុងបន្ទប់របស់គាត់។ បន្ទាប់មក ខ្ញុំត្រូវបោសជូតផ្ទះ។ ក្នុងពេលដែលខ្ញុំធ្វើកិច្ចការនេះរាល់ថ្ងៃ មីងស្នាក់នៅក្នុងផ្ទះ មើលទូរទស្សន៍ធ្វើព្រងើយ។ ជួនកាលមីងដើរក្រវែលក្រឡឹងជំុវិញផ្ទះ ដោយស្លៀកសារុងសូត្រមានតម្លៃថ្លៃៗ។ ខ្ញុំបានទម្លាយជីវិតលំបាកលំបិនរ៉ាយរ៉ាប់ប្រាប់ប្តីខ្ញុំពេលគាត់មកផ្ទះវិញ្។ ប្តី ខ្ញុំឱបខ្ញុំ ហើយពោលពេល “បងមិននៅ មីងពិតជាចៅហ្វាយនាយមែន”។
ពេលរាត្រី មីងចំប៉ីសុំឲ្យខ្ញុំគក់ច្របាច់ឈ្លីខ្នងគាត់។ បន្ទាប់មក គាត់មានសម្តីសំដៅទន់ល្អូកមករកខ្ញុំដូចខ្ញុំជាកូនស្រីគាត់ចេញពីផ្ទៃគាត់ពិតប្រាកដដូច្នេះដែរ។
មីងពោល “កូនស្រីល្អ មីអូន!”។ មីង សណ្តូក ខ្លួនសន្ធឹងក្នុងផ្ទះ ទាំងលែងទ្រូងនៅននល មើលទូរទស្សន៍ធ្វើហី ក្នុងពេលដែលខ្ញុំចាប់សរសៃខ្នងឲ្យគាត់។ មានថ្នាំលាបម៉្យាងដែលធ្វើឲ្យខ្នងគាត់មិនឈឺចាប់ហើយមានឡេលាបមួយមុខទៀតដែលធ្វើឲ្យស្បែកគាត់ស។ នៅក្នុងបន្ទប់គាត់មានសភាពក្តៅហប់ស្អុះស្អាប់ប៉ុន្តែ មីងមិនឲ្យខ្ញុំបើកចំហបង្អួចទេ។ គាត់និយាយថា គាត់មិនចង់ឲ្យគេឃើញគាត់លែងខ្លួនននលទេ។ មីងពោលមករកខ្ញុំពេលខ្ញុំ កំពុងគក់ច្របាច់ខ្នងឲ្យគាត់ “ក្មួយមីងស្រឡាញ់ឯងណាស់ ឯងឆ្លាតណាស់ ហើយកូនឯងក៏ឆ្លាតដែរ។ ធ្វើជាប្រពន្ធល្អ ហើយបង្កើតកូនឆ្លាតៗឲ្យក្មួយមីងហ្ន៎ះ”។
ខ្ញុំឆ្លើយតប “ខ្ញុំនឹងខំព្យាយាម”។
មីងតប “ធ្វើជាប្រពន្ធល្អគឺត្រូវធ្វើបែបហ្នឹងហើយ ក្មួយមីងសមនឹងទទួលបានក្តីសោមនស្សជាក់ជាពុំខានឡើយ។ ឯងមើល៍ចុះអ្វីៗគ្រប់បែបយ៉ាងដែលវាផ្តល់ឲ្យយើង។បង្កើតកូនឆ្លាតៗឲ្យវាណា៎។ នេះជាអ្វីដែលវាចង់បាន”។
បន្ទាប់ពីខ្ញុំគក់ច្របាច់ខ្នងឲ្យគាត់រួច ជួនកាល មីងចូលទៅកាច់ជ្រុងបន្ទប់គាត់ ជាទីសក្ការៈដែលគាត់រក្សាទុកព្រះពុទ្ធរូបពណ៌បៃតងមួយអង្គ និងរូបថតមួយចំនួនរបស់សាច់ញាតិគាត់។ មីងអុជធូបទៀនហើយក៏ឧទ្ទិសទាំងលែងខ្លួនពាក់កណ្តាល “ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធពុកម៉ែជាទីស្រឡាញ់ និងសូមឲ្យពុកម៉ែជួបតែសេចក្តីសុខក្សេមក្សាន្តពេលចាប់កំណើតជាថ្មី”។ បន្ទាប់មក មីងបួងសួងដល់ម្តាយក្មេកគាត់ ដែលបានចែកឋានទៅហើយ និងក៏បែបន់ដល់ព្រលឹងពុកក្មេក ទោះជាគ្មាននរណាដឹងថា គាត់នៅមានជីវិតរស់នៅ ឬទទួលមរណភាពហើយក៏ដោយ។ គាត់មានប្រពន្្ធទៀត ហើយចុះចោលកូនគាត់ទាំងអស់។ គ្រាដែលមីងកំពុងតែលើកដៃប្រណមបួងសួង ខ្ញុំក្តាប់ខ្សែកម៉ែយ៉ាងណែន ហើយនឹករលឹកថា មិនដឹងដល់ពេលណាទេ ទើបបានឃើញមុខម៉ែម្តងទៀត។ ជួនកាល ខ្ញុំនឹកស្រមើស្រមៃថាចាកចេញពីផ្ទះមីងនៅពេលរាត្រីពេលដែលមីងកំពុងនិទ្រាលង់លក់ ហើយជិះរថយន្តក្រុងទៅផ្ទះ ដើម្បីជួបមុខម៉ែ។ ប៉ុន្តែ នៅឆ្ងាយសែនឆ្ងាយ ហើយខ្ញុំក៏គ្មានប្រាក់កាសមួយសេនទៀត។
ពេលដែលប្តីខ្ញុំនាំខ្ញុំមកក្រុងបាត់ដំបង ម្តងៗ យើងពុំដែលស្នាក់នៅក្នុងផ្ទះធំទូលាយរបស់ប្តីខ្ញុំទេ។ ប្តីខ្ញុំនិយាយថា ផ្ទះនោះសម្រាប់តែរកស៊ីជួញដូរប៉ុណ្ណោះ។ យើងចតរថយន្តស្រួលបួលហើយក៏ជួលក្មេងប្រុសម្នាក់ឲ្យមើលយាន ចំណែកយើងដើរតាមផ្លូវធំដែលជាផ្លូវចាក់បេតុងដ៏ទូលាយ។ ប្តីខ្ញុំចូលចិត្តដើរចូលហាងនានា។ គ្រប់គ្នាស្គាល់ប្តីខ្ញុំ។ ប្តីខ្ញុំនិយាយលេងសើចក្អាកក្អាយជាមួយមិត្តភក្តិគាត់មួយសន្ទុះ ក៏ចែកបារី៥៥៥ ដែលមានតម្លៃថ្លៃឲ្យគ្នាជក់ បន្ទាប់មក ស្ទាបស្មាខ្ញុំក៏ពោលឡើង “នេះជា ប្រពន្ធខ្ញុំ!”។ ប៉ុន្តែ ប្តីខ្ញុំ ពុំដែលឲ្យខ្ញុំនិយាយលេងជាមួយអ្នកដទៃ លើសពីមួយនាទីទេ។ គ្រាមួយនោះ យើងកំពុងតែស្រស់ស្រូបអាហារក្នុងភោជនីយដ្ឋានមួយកន្លែងហើយ ពេលដែលខ្ញុំចូលទៅក្នុងបង្គន់អនាម័យ ស្រាប់តែមានអ្នករត់តុស្រីម្នាក់ដើរកាត់មុខ ខ្ញុំក៏បានបញ្ចេញវាចា “ខ្ញុំចូលចិត្តស្បែកជើងឯងណាស់” ហើយនាងក៏ញញឹមដាក់ខ្ញុំ។ នាងឈ្មោះធា។ ក្រោយមកមីងអនុញ្ញាតឲ្យខ្ញុំធ្វើដំណើរតាមរថយន្តក្រុងមកក្រុងបាត់ដំបងពីរដងក្នុងមួយខែ។
រាល់ពីរដងក្នុងមួយខែ ខ្ញុំជិះរថយន្តក្រុងមកក្រុងបាត់ដំបងអស់រយៈពេលមួយម៉ោងកន្លះ ដើម្បីមកជួបនាងធា។ ខ្ញុំត្រូវធ្វើដំណើររយៈពេលមួយម៉ោងកន្លះមួយជើងៗ ប៉ុន្តែ ខ្ញុំមិនធុញទ្រាន់ទេ ពីព្រោះខ្ញុំឃ្លាតឆ្ងាយពីផ្ទះហើយក៏មានមិត្តម្នាក់នឹងគេនឹងឯងដែរ។ ខ្ញុំអង្គុយនៅនឹងតុមួយហូបអាហារដោយឥតគិតថ្លៃ ហើយធានឹងដើរចូលមកនិយាយលេងនឹងខ្ញុំពីនេះពីនោះ នៅពេលនាងមានពេលទំនេរ។ នាងនិយាយខ្សឹបៗ “ភ្ញៀវប្រុសៗចង់ដេកជាមួយខ្ញុំ តើឯងគិតថា ខ្ញុំជាស្រីស្រាបៀរឬក៏យ៉ាងម៉េច? តើខ្ញុំមើលទៅដូចជាស្រី ស្រាបៀរឬ?”។ ខ្ញុំក៏ឆ្លើយតប “អត់ទេ ឯងមើលទៅដូចជាដូនជីអ៊ីចឹង” ហើយក៏ផ្ទុះសំណើចឡើង។ តាមពិតទៅ ធាជានារីស្អាត គឺស្រស់សោភាជាងខ្ញុំទៅទៀត ប៉ុន្តែ ដោយសារតែនាងស្លៀកពាក់ សាមញ្ញទាំងគ្មានគ្រឿងអលង្ការបន្តិចសោះ ហើយនាងក៏មិនលាបក្រែមបបូរមាត់ដែរ។ នាងពាក់ខ្សែសីមាមានត្បូងបីគ្រាប់ ដែលនាងនិយាយថា អាចបណ្តេញខ្មោចបិសាច។ នាងនិយាយមករកខ្ញុំ “ឯងត្រូវពាក់ខ្សែសីមានេះ មានវេទមន្តចម្លែកៗ នៅលើលោកនេះ ជាវត្ថុដែលយើងមិនបានស្គាល់”។ ខ្ញុំមិនជឿមន្តអាគមខ្មោចបិសាចទាល់តែសោះ ប៉ុន្តែ ពេលបុណ្យភ្ជុំបិណ្ឌ ខ្ញុំមានអារម្មណ៍ថា ជីដូនជីតាខ្ញុំដែលបានចាកឋានទៅហើយតាមរកខ្ញុំដើម្បីរកអាហារ។ ធាតែងតែគិតចំបែងចិត្តពីនេះពីនោះ។ សូម្បីតែនៅពេលដែលនាងកំពុងអង្គុយក៏ដោយក៏នាងញាក់ជើងនាងប៉ើកៗទៅមុខទៅក្រោយហើយងាក មើលចុះឡើងយ៉ាងរសាប់រសល់ហាក់ដូចជានាងកំពុងរង់ចាំអ្វីមួយអាក្រក់កើតឡើងអ៊ីចឹង។ ធាមានប្រាក់ខែ៤០ដុល្លារក្នុងមួយខែ ប៉ុន្តែ ម៉ោងធ្វើការល្អប្រសើរជាងរោងចក្រកាត់ដេរ ហើយនាងហូបអាហារដោយឥតគិតថ្លៃ។ នាងរស់នៅជាមួយបងប្អូនជីដូនមួយម្នាក់ និងផ្ញើប្រាក់ទៅផ្ទះ២០ដុល្លារឲ្យឪពុកម្តាយនាងរៀងរាល់ខែ។ រាល់ថ្ងៃអាទិត្យ នាងរៀនភាសាអង់គ្លេស នៅឯសាកលវិទ្យាល័យអាមេរិកាំងវិសាមញ្ញផ្នែកភាសាអង់គ្លេស ដែលជាផ្ទះមួយខ្នងមានពីរបន្ទប់ ដោយមានកម្រាលកខ្វិកកខ្វក់ និងដាក់តាំងសុទ្ធតែរូបថតអាមេរិក។
ធាឧស្សាហ៍សុំឲ្យខ្ញុំណែនាំនាងឲ្យស្គាល់មិត្តភក្តិរបស់ប្តីខ្ញុំ។ នាងនិយាយថា “ខ្ញុំមិនខ្វល់ថា ប្តីខ្ញុំមានរូបរាងដូចម៉េចទេ គាត់អាចធាត់ គាត់អាចមានរូបអាក្រក់។ ខ្ញុំគ្រាន់តែចង់មានផ្ទះសំបែងខ្លួនឯងនៅក្រុងបាត់ដំបងប៉ុណ្ណោះ ដូច្នេះខ្ញុំអាចយកពុកម៉ែខ្ញុំមករស់នៅជាមួយនឹងខ្ញុំ”។ ខ្ញុំហាក់ដូចជាអៀនខ្លួនឯងណាស់ ដែលខ្ញុំរស់នៅក្នុងគេហដ្ឋានមួយដ៏ស្អាតនៅអង្គជ្រុំ ហើយប្តីខ្ញុំក៏មានភូមិគ្រឹះមួយទៀតនៅក្រុងបាត់ដំបងដែរ។
លុះមួយឆ្នាំក្រោយមក មីងទទួចសួរខ្ញុំរាល់ខែ ថាតើខ្ញុំបាត់រដូវឬយ៉ាងណា? ជួនកាលមីងជជីកសួរខ្ញុំពីរដងក្នុងមួយថ្ងៃ។ មីងនិយាយក្តែងៗ “ឯងដូចជាមិនមែនប្រពន្ធគេសោះហ្ន៎។ តើកូនស្រីស្តាប់ឮទេ?” ខ្ញុំបញ្ចេញទឹកមុខយល់ស្រប។ “ក្មួយប្រុសអាចមានស្រីផ្សេងណា៎។ តើឯងចង់ឲ្យវាមានកូនប្រុសជាមួយស្រីផ្សេងឬ?”។មីងនិយាយបណ្តើរគាត់សម្លក់សម្លឹងមើលខ្ញុំបណ្តើរហាក់ដូចជាខ្ញុំជាស្រីពេស្យាអ៊ីចឹង។ នៅពេលដែលមីងចេញទៅក្រៅជាមួយមិត្តភក្តិគាត់ ខ្ញុំរកឃើញកន្លែងគាត់ទុកប្រាក់កាស។ វាស្ថិតនៅក្នុងថតតុនៃទូដាក់ខោអាវនៅពីក្រោមខោទ្រនាប់គាត់។ មីងមិនត្រូវការប្រាក់ទាំងនោះទេ។គាត់មានប្រាក់កាសច្រើនណាស់។ ការងារដែលគាត់ត្រូវធ្វើ គឺអង្គុយមើលទូរទស្សន៍ និងឆ្លុះកញ្ចក់ផ្អៀងផ្អងមើលរូបខ្លួនឯងពេញមួយថ្ងៃៗប៉ុណ្ណោះ។ មានប្រាក់៦០០ដុល្លារនៅក្នុងថតតុគឺច្រើនជាងពុករកបានក្នុងមួយឆ្នាំទៅទៀត។ ខ្ញុំដកយក១០ដុល្លារល្មមទិញបានសៀវភៅគណិតវិទ្យាមួយក្បាលនៅក្នុងក្រុងបាត់ដំបង។ ពេលនោះ ខ្ញុំបានអានសៀវភៅទាំងអស់ពីរៗដង។ តើខ្ញុំអៀនខ្លួនឯងទេ ដោយគ្រាន់តែយកប្រាក់ប៉ុណ្ណឹង?ប្តីខ្ញុំមិនដែលឲ្យប្រាក់មកខ្ញុំសោះ សូម្បីតែមួយកាក់មួយសេនក៏អត់ឲ្យខ្ញុំដែរ ទោះបីខ្ញុំជាប្រពន្ធគាត់ក៏ដោយចុះ។ ខ្ញុំមានអារម្មណ៍ថា ខ្មាសអៀនខ្លួនឯងមួយសប្តាហ៍ ប៉ុន្តែ ក្រោយមកក៏លែងមានអារម្មណ៍ខ្មាសអៀនខ្លួនឯងតែម្តង។
រាត្រីមួយ ដោយមិនរួមដំណេកជាមួយខ្ញុំ ប្តីខ្ញុំគ្រាន់តែដាក់ក្បាលគាត់កើយភ្លៅខ្ញុំ។ ខ្ញុំក៏ធូរទ្រូង។រដូវវស្សាចូលមកដល់ អ្វីៗគ្រប់យ៉ាងសើមប៉ផ្អៀច ហើយផ្ទះសំបែងក៏សើមជោកដែរ។ ប្តីខ្ញុំចាប់ផ្តើមរាប់រៀបប្រាប់ខ្ញុំអំពីរឿងរ៉ាវម៉ែគាត់ និងដំណើររឿងដែលគាត់បានស្លាប់បាត់បង់អាយុជីវិតដោយសារតែគ្រោះទុរ្ភិក្សក្នុងរបប ប៉ុល ពត។ បន្ទាប់មក ប្តីខ្ញុំរៀបរាប់អំពីពុកគាត់ ហើយថា ព្រឹកថ្ងៃមួយ គាត់បានចុះចោលផ្ទះហើយក៏បាត់ខ្លួនទៅ គាត់មិនដែលវិលត្រឡប់មកវិញម្តងណាឡើយ ហើយក៏ពុំដែលសរសេរសំបុត្រ សូម្បីតែមួយច្បាប់ និងទូរស័ព្ទមកផ្ទះម្តងណាឡើយ។ ប្តីខ្ញុំពោលរអ៊ូៗដោយធ្មេចភ្នែក “បងចាំពុកច្បាស់ណាស់ បងអាចឃើញពុកពេលនេះក្នុងគំនិតបង។ “បងឃើញពុកច្បាស់ណាស់។ពុកលើកបងបោះឡើងលើ ពេលបងមានអាយុ៩ឆ្នាំ” ។ ប្តីខ្ញុំឈប់និយាយមួយសន្ទុះ ហើយក៏មើលមុខខ្ញុំ។ “បងគិតក្នុងចិត្តថា ពុកស្រឡាញ់បង ពីព្រោះបងជាកូន ប្រុសច្បងគេ”។ បន្ទាប់មកប្តីខ្ញុំក៏យំខ្សឹកខ្សួលដោយក្បាលគាត់កើយភ្លៅខ្ញុំ។ ប្តីខ្ញុំយំបណ្តើរពោលបណ្តើរ “បងនឹងក្លាយជាឪពុកល្អម្នាក់” ។
ខ្ញុំនិយាយលួងលោម “បង កុំយំអីបង!” ។
ប្តីខ្ញុំតប “តើអូនស្រឡាញ់បងឬទេ?”។
ខ្ញុំឆ្លើយ “ចា៎!” ខ្ញុំស្រឡាញ់ប្តីខ្ញុំ។ គាត់បានផ្តល់ឲ្យខ្ញុំនូវរបស់របរស្អាតៗ ហើយគាត់ក៏មិនដែលវាយធ្វើបាប ខ្ញុំដូចពុកដែរ។
ប្តីខ្ញុំសួរម្តងទៀត “តើអូនស្រឡាញ់បង ឬទេ?”
ខ្ញុំឆ្លើយតប “ចា៎!”
ប្តីខ្ញុំបន្តសួរម្តង ហើយម្តងទៀត ហាក់ដូចជាគាត់មិនជឿ
សម្តីខ្ញុំអ៊ីចឹង “តើអូនស្រឡាញ់បងឬទេ?”។
ខ្ញុំឆ្លើយតប “ចា៎!”
គ្រានោះ ខ្ញុំដឹងក្នុងចិត្តថា ខ្ញុំមិនស្រឡាញ់គាត់ទេ ប៉ុន្តែ ខ្ញុំមានអារម្មណ៍សោកស្តាយ ចំពោះអ្វីៗ ដែលបានកើតឡើងដល់គាត់។ខ្ញុំមិនអាចបង្កើតកូនឲ្យគាត់បាន។ ធាឆ្លើយតប “ខ្ញុំឮថាស្រីខ្លះមានកូនបានលុះតែរួមរស់នៅជាមួយគ្នាបានពីរឆ្នាំឯណោះ”។ ខ្ញុំក៏តបដោយភ្លាត់មាត់ “អ៊ីចឹងមែន អ្ហី!”។ យើងនាំគ្នាអង្គុយក្នុងភោជនីយដ្ឋានដែលនាងធ្វើការ ហូបផ្លែស្វាយនិងបាយដំណើប។ ធានិយាយជំរុញលើកទឹកចិត្ត “កុំបោះបង់ចោលណ៎ះ បងស្រី!។ ខ្ញុំឆ្លើយតប “ខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅ?ខ្ញុំមិនដឹងថាត្រូវធ្វើដូចម្តេ៉ចទេ?”។ ធាឆ្លើយ “បើទេវតាចង់ឲ្យឯងមានកូន ឯងនឹងមានកូនហើយ!”។
មួយសប្តាហ៍ក្រោយមក ប្តីខ្ញុំឈរជំទែងកណ្តាលទ្វារផ្ទះមីងគាត់ ដោយជក់បឺតបារីផ្អុយៗ ហើយក៏សម្លក់ភ្នែកថ្មែដាក់ខ្ញុំហាក់ដូចជាខ្ញុំជាមនុស្សដែលគាត់ពុំធ្លាប់ស្គាល់សោះអ៊ីចឹង។ប្តីខ្ញុំនិយាយគំហកខ្លាំងៗ “ស្រីចោលម្សៀត។ ខ្ញុំខំចំណាយប្រាក់កាសអស់ច្រើនណាស់លើស្រីចោលម្សៀតឯងនេះ”។ ប្តីខ្ញុំនិយាយថា គាត់ច្បាស់ថា គាត់អាចមានកូន តែបញ្ហាគឺមកតែពីខ្ញុំតែប៉ុណ្ណោះ។ មីងមិនចេញស្តីមួយម៉ាត់សោះ។ គាត់សម្លក់មុខខ្ញុំថ្មែ។ ប៉ុន្តែ មីងហាក់ដូចជាសោកស្តាយណាស់ចំពោះរូបខ្ញុំ។ គាត់ចាប់ផ្តើមជួយខ្ញុំចម្អិនម្ហូបអាហារ។ ជួនកាលនៅពេលថ្ងៃបាក់រសៀលផ្ទៃមេឃចាប់ផ្តើមងងឹតបណ្តើរៗ យើងក៏នាំគ្នាដើរត្រសងតាមផ្លូវ ហើយស្តាប់ព្រះសង្ឃសូត្រធម៌។ គោដើរទាំងហ្វូងៗត្រឡប់ចូលក្រោលពីស៊ីស្មៅតាមវាលវិញ។
ពេលរាត្រីបន្ទាប់ពីគក់ច្របាច់ឲ្យមីងរួចមក ខ្ញុំបើកសៀវភៅគណិតវិទ្យាថ្មីធ្វើលំហាត់ហើយ សញ្ជឹងគិតអំពីសេចក្តីតក់ស្លុតតក្កមា ដែលបានកើតឡើងក្នុងឆាកជីវិតខ្ញុំ មានទាំងល្អ មានទាំងអាក្រក់។ ខ្ញុំខំព្យាយាមរំឭកនូវអ្វីដែលខ្ញុំបានធ្វើកាលពីអតីតជាតិ ដែលមានលទ្ធផលបែបនេះ ប៉ុន្តែ អ្វីៗដែលខ្ញុំអាចនឹកឃើញគឺជាវត្ថុដែលរសាត់អណ្តែតឃើញស្រមោលស្ទុងៗ ដែលអាចជាផ្ទះសំបែង ឬមនុស្សម្នា ឬក៏ជាសត្វ។
ធីតាដ៏កំសត់ប្រហែលជាបានសាងបាបកម្មកាលពីអតីតជាតិហើយ ប៉ុន្តែ នាងមានចិត្តល្អ។ ខ្ញុំយល់ថាថ្ងៃណាមួយនាងនឹងមានសេរីភាពវិញនិងបានវិលត្រឡប់មកជួបជុំនឹងម៉ែនិងពុកវិញជាពុំខានឡើយ។
បន្ទាប់មក ខ្ញុំបាត់រដូវ ហើយក៏បាត់រដូវម្តងទៀតនៅខែបន្ទាប់ទៀត។ ខ្ញុំចេះតែរកកលក្អួតចង្អោរ។ មីងចំប៉ីភ្លាត់មាត់ “អ្ហា៎! ឯងមានផ្ទៃពោះហើយ!”។ រំពេលនោះ មីងស្ទុះ មកឱបខ្ញុំ។ ខ្ញុំសួរភ្លាត់សំឡេងទាំងមិនជឿ “តើខ្ញុំមានទម្ងន់មែនឬអី?” មីងតប “មីងច្បាស់ណាស់!”។ មីងដាក់ដៃស្ទាបថ្នមៗលើពោះខ្ញុំ។ខ្ញុំក៏ឆ្លុះកញ្ចក់មើលខ្លួនឯង។ មីងនិយាយបណ្តើរ សើចបណ្តើរ “មីអូន! ឯងមានផ្ទៃពោះហើយ!”។ ភ័ព្វសំណាងល្អមកដល់ហើយ ដែលមីងខំបួងសួងឲ្យឯងនិងក្មួយប្រុស។ ឯងប្រើពេលយូរមែន។
ប្តីខ្ញុំវិលមកផ្ទះវិញពីរបីសប្តាហ៍ក្រោយមក គាត់ស្ទាបពោះខ្ញុំ ហើយក៏ញញឹមពព្រាយ។ ប្តីខ្ញុំនិយាយ “កូនប្រុសយើង!” ក្រោយពីស្នាក់នៅផ្ទះបានមួយថ្ងៃ ប្តីខ្ញុំក៏បើករថយន្តត្រឡប់ទៅក្រុងបាត់ដំបងវិញ។ មីងបន្លឺឡើង “វារក ស៊ីជួញកៅស៊ូ”។ ខ្ញុំតប “វាមិនបញ្ហាអីទេ គាត់អាចស្នាក់នៅយូរប៉ុណ្ណាក៏បានដែរ។ តើយើងដាក់ឈ្មោះវាថាម៉េច?” មីងតប “អូ! យើងមានពេលច្រើនណាស់ដើម្បីរកដាក់ឈ្មោះ។ ឯងនឹងមានកូនប្រុសឆ្លាតម្នាក់ ប្រហែលជាយើងត្រូវដាក់ឈ្មោះវាថា ចំណេះហើយមើលទៅ”។ ខ្ញុំគិតក្នុងចិត្តថា ខ្ញុំអាចមានកូនប្រុស ប៉ុន្តែ ខ្ញុំក៏អាចមានកូនស្រីដែរ បើបានកូនស្រីក៏ល្អម៉្យាងដែរ។ ប្តីខ្ញុំនិងមីងចង់បានកូនប្រុស ប៉ុន្តែ ខ្ញុំសម្រេចចិត្តថា ខ្ញុំត្រូវមានកូនស្រីវិញ។

នៅរាត្រីនោះ ក្នុងពេលដែលខ្ញុំប្រះខ្លួនដេកលើគ្រែ ខ្ញុំនឹកស្រមើស្រមៃថា ខ្ញុំឃើញកូនស្រីខ្ញុំនៅក្រញោនៗក្នុងផ្ទៃខ្ញុំ។ វាជាកូនល្អឥតខ្ចោះ។ ហើយវាកើតពីខ្លួនប្រាណខ្ញុំ។ ខ្ញុំបង្កើតវាពីសាច់ឈាមផ្ទាល់របស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាដូចជាមានទឹកក្តៅអ៊ុនៗហូរកាត់តាមផ្ទៃពោះ ដែលកូនស្រីកំពុងតែដេក។ ខ្ញុំជឿជាក់ថា ខ្ញុំនឹងក្លាយជាម្តាយល្អម្នាក់ដូចជាម៉ែអ៊ីចឹងដែរ។ ប្តីខ្ញុំអាចចេញចូលផ្ទះពេលណាក៏បានដែរតាមតែចិត្តគាត់ទៅចុះ។ ខ្ញុំតែម្នាក់ឯងក៏អាចបីបាច់ថែទាំកូនស្រីខ្ញុំបានល្អដែរ ងូតទឹកឲ្យវា និងមើលវាធំដឹងក្តី។ វាអាចជាកូនឆ្លាតវាងវៃ ហើយចូលរៀននៅសាកលវិទ្យាល័យ។ ខ្ញុំនឹងធ្វើជាម្តាយវាជារៀងរហូត។កំពុងតែគិតស្រមើស្រមៃ ស្រាប់តែខ្ញុំដេកលង់លក់ភ្លាម ហើយខ្ញុំក៏យល់សប្តិថា ខ្ញុំជាម្ចាស់ក្សត្រីឈរក្នុងវិមានដ៏ធំស្កឹមស្កៃ។ ពេលខ្ញុំចោលភ្នែកក្រឡេកមើលទៅខាងក្រៅ ស្រាប់តែខ្ញុំឃើញកម្រាលឥដ្ឋភ្លឺថ្លាយង់ដូចកញ្ចក់លាតសន្ធឹងល្វឹងល្វើយជាប់នឹងសួនច្បារមួយ។ ទេពធីតាស្រស់សោភាសំកាំងខ្លួននៅលើអាកាសវេហានៅជុំវិញខ្ញុំ ដោយប្រសិទ្ធិពរជ័យសេរីមង្គលដល់ខ្ញុំនិងកូនស្រីខ្ញុំ។ មានឮសំឡេងតន្ត្រីពីរោះរណ្តំក្រអួនក្រអៅរសាត់ចេញពីឧបករណ៍ភ្លេងដែលមើលមិនឃើញ។ ម៉ែស្ថិតនៅទីនោះ ពុកក៏ដូច្នេះដែរ។ ស្រីពៅ និងកាម៉ាល់ ក៏នៅទីនោះដែរ។ ធីតាញញឹមពព្រាយដាក់ខ្ញុំ ចំណែកឯលីណា និង ធា ក៏នៅទីនោះដែរ។ អ្នកទាំងអស់គ្នាមានចិត្តត្រេកអរគ្រប់ៗគ្នា។ទឹកដោះហូរចេញពីរាងកាយខ្ញុំ មានពណ៌សស្គុសល្អឥតខ្ចោះ និងប្រកបទៅដោយរសជាតិ៕