33 C
Phnom Penh

ជន​ជាតិដើម​ភាគតិចជាង​​​២០​​​នាក់​​​នៅ​​​ក្នុង​​​ខេត្ត​​​មណ្ឌលគិរី​​​ ​រួមគ្នា​បង្កើត​គណបក្ស​នយោបាយ​ថ្មី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​គណបក្ស​បាន​និយាយ​កាល​ពី​ម្សិល​​​មិញ​ថា ​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​មណ្ឌល​គិរី​បាន​រួម​គ្នា​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ ដើម្បី​ផ្ដល់​សំឡេង​ដល់​​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​ប្រទេស​កម្ពុជា​។

លោក ស្រូយ ខេត ​​​ជនជាតិ​ដើម​ភាគ​តិច​ព្នង​​ និង​ជា​អនុប្រធាន​បណ្ដោះ​អាសន្ន​គណ​​​បក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា (CIDP) ​​​បាន​មាន​ប្រសាសន៍​ថា ជន​ជាតិ​   ដើម​​​ភាគ​តិច​​​ជាង​២០​នាក់​​​បាន​សម្រេច​បង្កើត ​គណបក្ស​នេះ​។ លោក​បាន​បន្ថែម​ថា ស្ថាបនិក​​​​ភាគ​ច្រើន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​សង្គម​ស៊ីវិល​។

លោក​បាន​ថ្លែង​ថា “​យើង​មាន​​បំណង​បង្កើត​គណបក្ស​នេះ​​តាំង​ពី​ឆ្នាំ​២០០៥​មក​​​ម៉្លេះ ​ប៉ុន្តែ​យើង​មិន​មាន​លទ្ធភាព​បង្កើត។ យើង​នឹង​ការ​ពារ​អត្តសញ្ញាណ​ ជំនឿ ភាសា ទំនៀមទម្លាប់ និង​វប្បធម៌​​របស់​ជន​ជាតិ​ខ្មែរ​”។

លោក ស្រូយ ខេត បាន​មាន​ប្រសាសន៍​ថា គណបក្ស​​មាន​អ្នក​គាំទ្រ​​​​​ដែលបាន​តម្រូវ​យ៉ាង​តិច​៨០​នាក់ និង​ឯកសារ​ត្រឹម​ត្រូវ​ដើម្បី​ចុះ​បញ្ជី​ ជាមួយ​​ក្រសួង​មហាផ្ទៃរួច​​​ហើយ​​​ ហើយ​ថា គណបក្ស​មាន​គម្រោង​ចុះ​បញ្ជី​នៅ​ខែ​វិច្ឆិកា។

លោក សុខ រដ្ឋា ​អ្នក​សម្របសម្រួល​អង្គការ ​​​​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ បាន​មាន​ប្រសា​សន៍​ថា លោក​បាន​ជួប​ជាមួយ​​ស្ថាបនិក​គណបក្ស​ CIDP ហើយ​បាន​ពិភាក្សា​​អំពី​មូល​

ហេតុ​ដែល​ពួកគាត់​ចង់​បង្កើត​គណ​​​បក្ស​         ថ្មី​​​​នេះ​​​។ លោក សុខ រដ្ឋា បាន​ថ្លែង​ថា “​ពួក គាត់​គិត​ថា អ្នក​នយោបាយ​កម្ពុជា​​មិនយល់​អំពី​អ្វី​ដែល​ ពួកគាត់​ចង់​បាន​ឡើយ​។ ពួកគាត់​គិត​ថា មាន​តែ​ជន​ជាតិ​ដើម​ភាគ​តិច​ប៉ុណ្ណោះ​យល់​​​​​ពី​ជីវ​​​ភាព​រស់​នៅដ៏​លំបាក និង​ទំនៀម​​​ទម្លាប់​​របស់​ពួកគាត់​”​។

លោក​បាន​បន្ថែម​ថា ស្ថាបនិក​ទាំង​២០​នាក់​បាន​សង្កត់​ធ្ងន់​ថា ពួកគាត់​ឯករាជ្យ​ពី​​ក្រុម​​នយោបាយ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​។

គណបក្ស​ CIDP នឹង​ជា​គណបក្ស​នយោ​​​បាយ​ទី៥​ដែលបាន​​ចុះ​បញ្ជី​នៅ​ឆ្នាំ​នេះ​ដោយ​​​លោក ម៉ម សូណង់ដូ ម្ចាស់​ស្ថានីយ​វិទ្យុ​​ដ៏​ឆ្នើម​មួយ​រូប លោក យ៉េង វីរៈ អតីត​នាយក​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ លោក សួន សេរី​​​រដ្ឋា ជា​អ្នក​ប្រឆាំង​ និង​លោក​​​ស្រី ឡាក់ សុភាព មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​សុទ្ធ​តែ​ដឹកនាំ​គណបក្ស​ថ្មី​។

លោកស្រី យុន ម៉ាណេ នាយក​ប្រតិបត្តិ​អង្គការ​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា បាន​មាន​​ប្រសាសន៍​ថា ប្រសិន​បើ​មេដឹកនាំ​គណបក្ស​ CIDP អាច​ស្វែង​រក​មធ្យោបាយ​ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ដល់​គណបក្ស វា​អាច​ជា​ឥទ្ធិ​​​ពល​ដ៏​សំខាន់​។

លោកស្រី ម៉ាណេ បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​គិត​ថា វា​នឹង​ផ្ដល់​សំឡេង​​បន្ថែម​ទៀត​​​សម្រាប់​ប្រជាជន​​របស់ពួក​​​គាត់​​​នៅ​ពេល​អនាគត ហើយ​វា​អាចធ្វើ​ឲ្យ​​មាន​ការ​ចាប់​អារម្មណ៍​បន្ថែម​ទៀតចំពោះ​បញ្ហា​របស់​ពួក​​​គាត់​ផ្ទាល់​។​​​ វា​និយាយ​អំពី​ការ​ដោះ​ស្រាយ​​បញ្ហា​ដីធ្លី…​និង​បញ្ហា​ប្រឈម​​ផ្សេងៗ​ទៀត​ដូច​ជាបញ្ហា​អប់រំ និង​សុខភាព​ជា​ដើម​”៕ សារុន (រាយការណ៍​បន្ថែម​ដោយ Anthony Jensen)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស