យោងតាមក្រសួងមហាផ្ទៃបានឲ្យដឹងថា ជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ាម្នាក់ចង់ត្រឡប់ទៅប្រទេសភូមាវិញ [ដែលជនជាតិរ៉ូហីងយ៉ាមិនត្រូវបានផ្តល់សញ្ជាតិនិងជាគោលដៅនៃការសម្លាប់ពីសំណាក់ពលរដ្ឋដែលភាគច្រើនកាន់សាសនាព្រះពុធ] ដោយសារមិនចង់ស្នាក់នៅក្នុងប្រទេសកម្ពុជាក្នុងរយៈយូរតទៅមុខទៀត។

បុរសដែលគេមិនបញ្ចេញអត្តសញ្ញាណរូបនេះ បានមកដល់រាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមិថុនា ជាមួយជនជាតិអុីរ៉ង់បីនាក់ទៀត ជាក្រុមដំបូងដែលផ្លាស់មកទីនេះពីជំរំជនភៀសខ្លួនរបស់ប្រទេសអូស្ត្រាលីនៅលើកោះណូរូ ស្ថិតនៅកណ្ដាលមហាសមុទ្របា៉ស៊ីហ្វិកខាងត្បូង ក្រោមកិច្ចព្រមព្រៀងតាំងទីលំនៅថ្មីដ៏ចម្រូងចម្រាសដែលរដ្ឋាភិបាលក្រុងកង់បេរ៉ាបានបញ្ចុះបញ្ចូលកម្ពុជាឲ្យចុះហត្ថលេខាជាថ្នូរនឹងកញ្ចប់ជំនួយសប្បុរសធម៌ដ៏ច្រើន។ ចាប់តាំងពីពេលនោះមក គេបាននាំអ្នកទាំងបួននាក់នេះទៅស្នាក់ស្នាក់នៅក្នុងវីឡាមួយដែលគេជួលឲ្យនៅក្រៅរាជធានី ដើម្បីឲ្យនៅឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយ ហើយ ទៅណាមកណាគឺសុទ្ធតែមានអ្នកដើរតាមរហូត។
កាលពីម្សិលមិញ ឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា បុរសជនជាតិរ៉ូហុីងយ៉ារូបនេះបានខំជម្នះនឹង “ការនឹកស្រុកកំណើត”។
លោកបានមានប្រសាសន៍ថា “បុរសជនជាតិរ៉ូហុីងយ៉ារូបនេះ ដែលស្ថិតក្នុងចំណោម ជនភៀសខ្លួនទាំងបួនបានស្នើសុំរដ្ឋាភិបាលកម្ពុជាត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ។គាត់នឹកប្រទេសកំណើតរបស់ខ្លួន ដូច្នេះគាត់បានស្នើសុំត្រឡប់ទៅប្រទេសភូមាវិញ”។
ទាំងប្រទេសកម្ពុជា អូស្ត្រាលី និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ដែលសម្របសម្រួលការតាំងទីលំនៅថ្មី សុទ្ធតែមិនបានបញ្ចេញអត្តសញ្ញាណរបស់អ្នកទាំងបួនដែលបានភៀសចេញប្រទេសកំណើតរបស់ខ្លួន។
ឧត្ដមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ ថា បុរសជនជាតិរ៉ូហុីងយ៉ារូបនេះដែលត្រូវបានឃាត់ខ្លួននៅសមុទ្រ ខណៈដែលព្យាយាមទៅកាន់ប្រទេសអូស្ត្រាលី ហើយត្រូវបានបដិសេធមិនឲ្យចូលនោះ ប្រហែលជាព្រមមកកាន់ប្រទេសកម្ពុជាដោយគិតថា ប្រទេសនេះស្រដៀងគ្នានឹងប្រទេសភូមា ហើយមានការខកចិត្តពេលដឹងថា វាមិនដូច។ លោកបានថ្លែងថា ភាពខុសគ្នាស្រឡះរបស់បុរសជនជាតិរ៉ូហុីងយ៉ារូបនេះនៅក្នុងក្រុមដែលមានមនុស្សបួននាក់នេះ ប្រហែលជាកត្តាជះឥទ្ធិពលឲ្យគាត់សម្រេចធ្វើដូច្នេះ។
លោកបានថ្លែងថា “គាត់ជាមនុស្សតែម្នាក់គត់ដែលចង់ត្រឡង់ទៅវិញ។ គាត់ចង់ត្រឡប់ទៅប្រទេសកំណើតវិញ ពីព្រោះគាត់ មានតែម្នាក់ឯង។ គាត់គ្មានម្ដាយ ឬឪពុក ឬបង ប្អូនប្រុសស្រីឡើយ ប៉ុន្តែជនជាតិអុីរ៉ង់វិញមានគ្នាបីនាក់”។
ស្ថានទូតអូស្ត្រាលីប្រចាំរាជធានីភ្នំពេញមិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយឡើយ។ អ្នកនាំពាក្យអង្គការអន្តរជាតិទេសន្តរប្រវេសន៍ បានលើកឡើងថា លោកមិនអាចអត្ថាធិប្បាយបានទេដោយសារគោលនយោបាយរក្សាភាពសម្ងាត់របស់អង្គការ និងដោយសារជនភៀសខ្លួនស្នើសុំមិនឲ្យបញ្ចេញប្រវត្តិរបស់ខ្លួន។
ចាប់តាំងពីជនភៀសខ្លួនទាំងនេះបានមកដល់ ក្រសួងមហាផ្ទៃ និងអង្គការ IOM បានលើកឡើងថា បុរសទាំងបួននាក់នេះ បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជាពេញ ចិត្តនឹងអាហារ ហើយឃើញមនុស្សម្នាមានភាពរួសរាយរាក់ទាក់។ ពួកគេបាននិយាយ ថា មានការប្រឹងប្រែងបង្រៀនពួកគេឲ្យចេះនិយាយខ្មែរ និងរកការងារឲ្យពួកគេធ្វើទៀតផង។
ប៉ុន្តែស្ត្រីអ្នកលក់ដូរក្នុងមូលដ្ឋានម្នាក់ និងអ្នកតស៊ូមតិសម្រាប់ជនភៀសខ្លួនម្នាក់ដែលដឹង ឬធ្វើការជាមួយជនភៀសខ្លួនរ៉ូហុីងយ៉ាផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញបានលើកឡើងថា ពួកគាត់មិនដែលឃើញឬទទួលព័ត៌មានពីការខិតខំប្រឹងប្រែងឲ្យបុរសជនជាតិរ៉ូហុីងយ៉ារូបនេះដែលបញ្ជូនមកពីកោះណូរូទាក់ទងជាមួយអ្នកផ្សេងៗឡើយ។
លោកស្រី ដេនីស ខហ្វឡែន (Denise Coghlan) ប្រធានអង្គការ Jesuit Refugee Service នៅក្នុងរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា អង្គការរបស់លោកស្រីបានទាក់ទងទៅអាជ្ញាធរ ដែលទទួលបន្ទុកដោះស្រាយកិច្ចព្រមព្រៀងតាំងទីលំនៅថ្មីនេះ ដោយបានផ្ដល់អ្នកបកប្រែភាសា និងជួយធ្វើយ៉ាងណាឲ្យអ្នកមកដល់ថ្មីមានទំនាក់ ទំនងជាមួយជនភៀសខ្លួនដែលបានតាំងទីលំនៅរួចហើយក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានបដិសេធ។
លោកស្រីបានលើកឡើងពីសំណើរបស់បុរសរូបនេះសុំត្រឡប់ទៅប្រទេសភូមាវិញថា “ខ្ញុំមានការភ្ញាក់ផ្អើលមែនទែន។ ជនជាតិរ៉ូហុីងយ៉ាម្នាក់នៅទីនេះមានឆន្ទៈចង់រាប់អានជាមួយអ្នកមកដល់ថ្មី។ ប៉ុន្តែនៅពេលគេទាក់ទងទៅអាជ្ញាធរ ចម្លើយគឺថា “ភាពឯកជនរបស់ពួកគេចាំបាច់ត្រូវបានការពារ ហើយយើងមិនមានសិទ្ធិចូលឡើយ”។
លោក អៀន រីនថូល (Ian Rintoul) នៅអង្គការសម្ព័ន្ធសកម្មភាពជនភៀសខ្លួន (Refugee Action Coalition) ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនីបានរិះគន់ចំណាត់ការដែលជនភៀសខ្លួនថ្មី មិនត្រូវបានអនុញ្ញាតឲ្យទាក់ទងជាមួយសហគមន៍។
លោកបានថ្លែងថា “វាជាការខកចិត្ត និងក្រៀមក្រំ ប៉ុន្តែគ្មានអ្វីភ្ញាក់ផ្អើលទេ ដែលបុរសជនជាតិរ៉ូហុីងយ៉ារូបនេះចង់ត្រឡប់ទៅប្រទេសកំណើតវិញ។ គ្មានអ្វីត្រូវសង្ស័យទេ បុរសរូបនេះបាក់ទឹកចិត្ត គឺដោយសារជនភៀសខ្លួនដែលបានផ្ទេរពីកោះណូរូមកជាមួយគ្នា។ ពួកគេត្រូវបានកាត់ផ្ដាច់ទំនាក់ទំនងពីសហគមន៍ និងបណ្ដាញគាំទ្រ”។
បើទោះជាប្រទេសអូស្ត្រាលីលើកឡើងថា ខ្លួនសង្ឃឹមថា នឹងមានជនភៀសខ្លួនរាប់រយនាក់ទៀតដែលនៅលើកោះណូរូនៅឡើយមកកាន់ប្រទេសកម្ពុជាក៏ដោយ ក៏ជន ភៀសនៅទីនោះពុំសូវមានការចាប់អារម្មណ៍ឡើយ។ អ្នករិះគន់មួយចំនួនលើកឡើងថា កិច្ចព្រមព្រៀងនេះមិនមែនជាដំណោះស្រាយជោគជ័យចំពោះស្ថានភាពនៅកោះណូរូទេ ប៉ុន្តែ ជាវិធីសាស្ត្រដើម្បីបញ្ចុះបញ្ចូលអ្នកស្វែងរកសិទ្ធិជ្រកកោនផ្សេងទៀតឲ្យបង្វែរគោលដៅរបស់ខ្លួនចេញពីប្រទេសអូស្ត្រាលីនៅក្នុងដំណាក់ដំបូង។
ប្រទេសកម្ពុជាបានលើកឡើងដោយបើកចំហថា ខ្លួនចង់ឃើញជនភៀសខ្លួនពីរ បីនាក់ទៀតនៅកោះណូរូតាំងទីលំនៅនៅទីនេះ។ រឿគួរឲ្យកត់សម្គាល់ដែលកម្ពុជាបានធ្វើគឺបានតិចតួចណាស់បន្ទាប់ពីទទួលបានទឹកប្រាក់៤០លានដុល្លារអូស្ត្រាលី (ប្រហែល២៧,៦លានដុល្លារ) ដោយការចុះហត្ថលេខាដែលប្រទេសអូស្ត្រាលីបានប្រកាសនៅពេលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុន។
បើទោះជាប្រទេសអូស្ត្រាលីបានព្រម ព្រៀងរ៉ាប់រងការចំណាយសម្រាប់ជនភៀសខ្លួនមកពីកោះណូរូរយៈពេល១ឆ្នាំបន្ទាប់ពីពួកគេរើចេញពីវីឡាក្នុងរាជធានីភ្នំពេញក៏ដោយតែការរា៉ប់រងបន្ទាប់ពីនោះនឹងជាបន្ទុករបស់ប្រទេសកម្ពុជា លុះណាតែប្រទេសអូស្ត្រលីបានព្រមព្រៀងផ្ដល់អត្ថប្រយោជន៍លើមូលដ្ឋានម្តងមួយករណីៗ។
លោក រីនថូល បានថ្លែងថា ”កិច្ចព្រមព្រៀងជាមួយប្រទេសកម្ពុជាមិនដែលហ្មត់ចត់ទេ។ វាតែងតែជាឆាកល្ខោននយោបាយក្នុងការបិទបាំងហេតុការណ៍ដែលរដ្ឋាភិបាលអូស្ត្រាលីមិនមានដំណោះស្រាយតាំងទីលំនៅថ្មីសម្រាប់ជនភៀសខ្លួន ដែលប្រទេសអូស្ត្រាលីបានបញ្ជូនទៅកោះណូរូ”។
ភាគច្រើននៃជនភៀសខ្លួនជនជាតិរ៉ូហុីងយ៉ាផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ក៏កំពុងព្យាយាមចាកចេញផងដែរ ប៉ុន្តែ កំពុងស្វែងរកប្រទេសទី៣ដើម្បីតាំងទីលំនៅ ដូចជាប្រទេសកាណាដាជាដើម។ លោក រីនថូល បានមានប្រសាសន៍ថា ការដែលជនភៀសខ្លួន មកពីកោះណូរូរូបនេះចង់ត្រឡង់ទៅប្រទេសភូមាវិញនោះ នឹងធ្វើឲ្យកិច្ចព្រមព្រៀងតាំងទីលំនៅថ្មីដែលមិនជាទីពេញចិត្តរួចទៅហើយនោះ កាន់តែមានបញ្ហាថែមទៀត។
លោកបានមានប្រសាសន៍ថា “ការដែលបុរសរូបនេះចង់ត្រឡប់ទៅប្រទេសកំណើតវិញ នឹងបញ្ចុះបញ្ចូលជនភៀសខ្លួនផ្សេងទៀតនៅកោះណូរូ ដែលពួកគេមានសិទ្ធិបដិសេធមិនមកប្រទេសកម្ពុជាបាន។ប្រសិន បើនរណាម្នាក់គិតពីការផ្លាស់មកប្រទេសកម្ពុជា ពួកគេត្រូវគិតឲ្យបានពីរទៅបីដង”។
ឧត្ដមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា លោកមិនដឹងថា នៅពេលណាបុរសជនជាតិរ៉ូហុីងយ៉ារូបនេះនឹងត្រូវបញ្ជូនទៅប្រទេសភូមាវិញឡើយ។
លោកបានថ្លែងថា “ទុកឲ្យអាជ្ញាធរដោះស្រាយសំណើនេះចុះ។ ដំបូងគាត់បានស្ម័គ្រចិត្តមកប្រទេសកម្ពុជា។ ឥឡូវនេះគាត់មិនចង់ស្នាក់នៅ ហើយយើងមិនអាចបង្ខំគាត់ឡើយ”៕ សារុន