28.4 C
Phnom Penh

សុភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

Sophea-1រឿង​​​ប្រលោម​​​លោក​​​​​​ខ្លីនិពន្ធ​​​ដោយ​​​លោក អាឡិន ឡៃថ៍មិន

រឿង​​​ដែល​​​មាន​​​ចំ​​​ណង​​​​​​ជើង​​​ថា សុភា គឺ​​​ជា​​​ផ្នែក​​​ទី​​​បី​​​​​​នៃ​​​រឿង​​​ប្រលោម​​​លោក​​​​​​ខ្លី​​​​​​ទាក់ទង​​​នឹង​​​​​​​​​គ្រួសា​​​រ​​​កសិករ​​​មួយ​​​នៅ​​​​​​ខេត្ត​​​កណ្តាល។ កាសែត ឌឹ ខេមបូឌា ដេលី បាន​​​ចេញ​​​ផ្សាយ​​​​​​រឿង​​​ទីមួយ​​​​​​​​​គឺ​​​រឿង​​​ដែល​​​​​​មាន​​​​​​​​​ចំណង​​​​​​​​​ជើង​​​ថា ​​​សងសឹក​​​ កាល​​​ខែ​​​វិច្ឆិកា​​​ ឆ្នាំ​​​មុន និង​​​រឿង​​​ទី​​​ពីរ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា នីតា កាល​​​ពី​ចុង​​​​សប្តាហ៍​​​មុន​​​។​​​ លោក អាឡិន ឡៃថ៍មិន ជា​​​​​​អ្នក​​​រូប​​​វិទ្យា ជា​​​អ្នក​​​និពន្ធ និង​​​ជា​​​​​​សាស្ត្រាចារ្យ​​​ផ្នែក​​​មនុស្ស​​​​​​​​​​​​សាស្ត្រ​​​​​​នៃ​​​វិទ្យាស្ថាន​​​​​​​​​បច្ចេក​​​​​​វិទ្យា​​​​​​​​​រដ្ឋ​​​ម៉ាស្សាជូ​​​សិតស៍​​​ សហ​​​​​​រដ្ឋ​​​អា​​​​​​​​​មេរិក។​​​ លោក ឡៃថ៍មិន​​​ ក៏​​​ជា​​​​​​​​​ស្ថាបនិក​​​នៃ​​​មូល​​​និធិ​​​​​​ហាប់​​​ស្វែល​​​ ដែល​​​ធ្វើ​​​ការ​​​ដើម្បីផ្តល់​​​​​​អានុភាព​​​​​​ដល់​​​​​​ស្ត្រី​​​វ័យ​​​​​​ក្មេង​​​​​​​​​នៅ​​​កម្ពុជា​​​​​​ដែរ​​​។

​​​

បក​​​ប្រែ​​​​​​ដោយ វណ្ណ រើន

គូរ​​​ដោយ ម៉ើ ឌីយ៉ាដារ៉ាវុធ

លោកតាហុក​​​​​​សុគត​​​​​​នៅ​​​លើកុដិ​​​​​​តូច​​​មួយនៅ​​​ក្បែរ​​​វត្ត។  មួយ​​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​ការ​​​បូជា​​​សព​​​រួច ​​​ព្រលឹម​​​ស្រាងៗ​​​ឡើង​​​ កាម៉ាល់​​​​ ទៅ​​​ប្រ​​​មែ​​​ប្រ​​​មូល​​​​​​ធាតុ​​​របស់​​​ព្រះ​​តេជគុណ។ ព្រលឹម​​​ស្រាងៗ​​​ ភូមិ​​​​មាន​​​សភាព​​​​​​​​​​​​​​​​​​​​​​​​ស្ងាត់​​​ជ្រ​​​ងំ​​​ លើក​​​លែង​​​តែ​​​ពេល​​​ព្រះ​​​សង្ឃ​​​និមន្ត​​​​ជា​​​ជួរៗ​​​ចុះ​​​ទៅ​​​ស្រង់​​​ទឹក​​​ក្នុង​​​ទន្លេប៉ុណ្ណោះ​​​។ ​​​រទេះ​​​​​​គោ​​​មួយ​​​គ្រឿង​​​​ដាក់​​​នៅ​​​ក្បែរ​​​វត្ត​​​ក្រោម​​​ភាព​​​​​​ងងឹត ព្រាលៗ។ ចំណែក​​​នៅ​​​សង​​​ខាង​​​ផ្លូវ​​​ក្រួស​​​ក្រហម​​​​​​វិញ មាន​​ផ្ទះ​​​ឈើ​​​​​​​​​ខ្ពស់ចង្គ្រោង​​​រកេត​​​រកូត​​​​​​ហាក់​​​បី​​​ដូច​​​ជា​​​​​​បក្សី​​​​​​​​​ធាត់​​​ទ្រលុក​​​មាន​​​ជើង​​​វែង​​​តៃ​​​រវ៉ៃអ៊ី​​​ចឹង​​​ដែរ។​ឯរដូវ​​​វស្សា​​​វិញ ផ្លូវ​​​ពោរ​​​ពេញ​​​ទៅ​​​ដោយ​គ្រលុក​​ដែល​​​មាន​​​ទឹក​​​ដក់​ ​​​និង​​​​​​ភក់​​​ប៉ប៉ិច​​​ប៉ប៉ាច់។ នា​​​​​​​​​រដូវ​​​ប្រាំង​​​ ដីក្រហម​​​​​​ហុយ​​​ទ្រលោម​ជុំជិត​​​។

លោកតាហុកធ្លាក់​​​ខ្លួន​​​ឈឺត្រាំត្រែង​​​ជាទម្ងន់​​​​​​​​​ពីរ​​​ឆ្នាំ​​​មក​​​ហើយ។​​​​ ព្រះ​​​តេជគុណ​​​ស្ទើរ​​​តែ​​​មិន​​​អាច​​​ងើប​​​ពី​​​កន្ទេល​​​​​​បាន​​​ ហើយ​​​ខ្យល់​​​អាកាស​​​នៅ​​​ក្នុង​​​បន្ទប់​​​ព្រះ​​​តេជ​​​គុណ​​​​​​​​​មាន​​​សភាព​​​ក្តៅស្អុះ​​​ស្អាប់​​​ ធំុ​ក្លិន​​​ម្ហិះៗ​​​។​​​ នៅ​​​លើ​​​ធ្នើរ កាម៉ាល់​​​​​​ប្រទះឃើញ​​​សៀវ​​​ភៅមាន​​​ធូលី​​​ដី​​​រុំ​​​ជុំ​​​ជិត គឺ​​​សៀវភៅ​​​ស្តី​​​ពី​​​ស្ត្រី​​​ផិតក្បត់​​​និង​​​​​​​​​ព្រះ​​​វេស្សន្តរ និង​​​វ៉ែន​​​តា​​​​​​កញ្ចក់​​​ក្រាស់​​​ឃ្មឹក​​​មួយ។ កាម៉ាល់​​​ឈប់​​​​មួយ​​​សន្ទុះ​​​​​​ដើម្បី​​​អានព្រះ​​​វេស្សន្តរ​​​ពី​​រ​​​បី​​​សន្លឹក​​​។ ​បិទ​សៀវភៅ​កាលណា​​​វា​​​ក៏​​​​​​នឹក​​​ភ្នក​​​សោក​​​ស្តាយ ព្រោះ​​​តែ​​​ការ​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​ធ្វើ​​​ឲ្យ​​​វា​​​នៅ​​​ឃ្លាត​​​ឆ្ងាយ​​​ពី​​​​​​ការ​​​សិក្សា។​​​ បន្ទាប់​​​មក​​​ វា​​​ច្រក​​​របស់​​​របរ​​​ទាំង​​​អស់​​​​​​ក្នុង​​​បាវថ្មមៗ​​​ មាន​​​ដូច​​​ជា​​​រូប​​​​​​បដិមា​​​ព្រះ​​​ពុទ្ធ​​​​​​តូច​​​មួយ​​​​​​​​​​​​​​​អង្គ​​​ និង​​​រូប​​​ថត​​​ព្រ​​​ះ​​​តេជ​​​គុណ​​​ ធី ហ៊ុត។ មិន​​​មាន​​​សម្លៀក​​​បំពាក់​​​អ្វីនៅ​​​សេស​​​សល់​​​ក្រៅ​​​តែ​​​ពី​​​ស្បែក​​​​​​​​​​​​​​​​​​​​​ជើង​​​​​​និង​​​ស្បង់ចីពរ​​​​​​។​​នៅ​​​ខាង​​​ក្រោយ​​​កុដិ​​​​​​​​​ កណ្តាល​​​សួន​​​ច្បារ​​​​​​​​​​​​មាន​​​ដំណាំ​​​ដាំ​​​ដុះ​​​ក្រៀម​​​ស្វិត​​​ស្រ​​​ពាប់​​​ស្រពោន​​​ស្លឹក​​​រុះរោយ​​​ មាន​​​ទោ​​​ចក្រយាន​​​​​​ខូច​​​មួយ​​​​គ្រឿងរបស់​​​លោក​​​តាហុក​​​​​​​​​ផ្អែក​​​នឹង​​​ដើម​​​អាកាស្យា។​កាម៉ាល់​មិន​​​​ដែល​​​ស្គាល់​​​ព្រះតេជគុណ​​​វ័យ​​​ចំណាស់​​​អង្គ​​​នេះ​​​ច្បាស​​់​​​ទេ​។​​​ ប៉ុន្តែ​​​លោក​​​តាហុក​​​ គឺ​​​ជា​​​បង​​​ជី​​​ដូន​​​​​​​​​មួយ​​​របស់​​​ឪពុក​​​វា ហើយ​​​ព្រះសង្ឃ​​​អង្គនេះ​​​​​​​​​បាន​​​នាំ​​​មក​​​នូវ​​​​​​​​​ការ​​​គោរព​​​​​​​​​​​​​​​រាប់​​​អាន​ពី​​​​អ្នក​​​​ភូមិ​​​ផង​​​របង​​​ជាមួួយ​​​​​​ដល់​​​គ្រួសារ​​​កាម៉ាល់​​​ជា​​​ច្រើន​​​​​​ឆ្នាំ​​​មក​​​ហើយ។

ចាប់​​​តាំង​​​ពី​​​​​​រដូវ​​​ច្រូត​​​កាត់​​​មក​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាម៉ាល់​​​និង​​​ពុក​​​វា​​​ខំ​​​ប្រឹង​​​បោក​​​បែនកណ្តាប់​​​ស្រូវ​​​នៅ​​​ខាង​​​ក្រោយ​​​ផ្ទះ​​​។ ការ​​​ងារ​​​បោក​​​ស្រូវ​​​គឺ​​​ជា​​​ការងារ​​​​​​គួរ​​​ឲ្យ​​​ធុញ​​​ទ្រាន់​​​ ប៉ុន្តែ​​​ងាយ​​​ស្រួល​​​ជាង​​​ភ្ជួរ​​​​​​ស្រែ​​​បន្តិច​។​ កាម៉ាល​​​់​​​​​​​​​ចូល​​​ចិត្ត​​​ស្តាប់​​​ម្តាយ​​​វា​​​ច្រៀង​​​​​​​​​ពេល​​​គាត់​​​ដេរ​​​ប៉ាក់​​​ម្តងៗ​​​។​​​​ពីរ​​​នាក់​​​ពុក​​​និង​​​កូន​​​​​​​​​ខំ​​​បោក​​​បែនស្រូវ​​​ពី​​​​​​​​​ព្រលឹម​​​​​​​​​​​​​​​​​​ទល់​​​ព្រលប់​​​​​​នៅ​​​ពេល​​​ដែល​​​គេហដ្ឋាន​​ទាំងឡាយ​​​​​​អុជ​​​ចង្កៀង​​​ប្រេង​​​​កាត​​​បំភ្លឺ​​​ផ្លុងៗ។ ក្លិន​​​សាច់​​​មាន់​​​​​​​​​ឆា​​​ខ្ញី​​​សាយ​​​ភាយ​​​ឈ្ងុយ​​​ឈ្ងប់​​​​​​​​​ពេញ​​​​​​​​​ភូមិ។ ក្រោយ​​​ពី​​​កាម៉ាល់​​​​​​​​​ហូប​​​​​​អាហារ​​​ពេល​​​ល្ងាច​​​​​​​​​​​​ជាមួយ​​​ពុកម៉ែ​​​និង​​​ប្អូន​​​ស្រី​​​បី​​​នាក​​់​​​រួចកាល​​​ណា វា​​​និង​​​ពួក​​​ម៉ាកវា​​​ឧស្សាហ៍​​​ណាត់​​​ជួប​​​គ្នា​​​​​​នៅ​​​តាម​​​ផ្លូវ​​​គ្រលុក​​​​​​​​​​​​​​​​​​​​​​​​គ្រលាក់​​​​​​ដែល​​​មាន​​​ទឹក​​​ដក់​​​ បន្ទាប់​​​មក​​​ក៏​​​នាំ​​​គ្នា​​​រត់​​​ស្រ​​​​​​សើច​​​ក្អាកក្អាយកាត់​​​តាម​​​សួន​​​ដាំបន្លែ​​​និង​​​ហ្វូង​​​គោ​​​ ​​​លុះ​​​ដល់​​​ហាង​​​មួយ​​​នៅ​​​ទល់​​​មុខ​​​ផ្សារ។​បើពួកគេ​​​ជួប​​​ព្រះ​​​សង្ឃ គេ​​​បន្ថយ​​​ល្បឿន​​​មួយ​​​​​​ស្រ​​​បក់​​​ សំពះ​​​​​​ប្រណិ​​​ប័តន៍​​​ ហើយ​​​ក៏​​​រត់​​​បន្តទៅ​​​ទៀត។ ទៅ​​​ដល់​​​​​​ហាង​​​​​​ភ្លាម​​​ យុវជន​​​ទាំង​​​នេះក៏​​​អង្គុយ​​​ផ្អែក​​​លើ​​​កៅ​​​អី​​​ជ័រ​​​ពណ៌ស​​​​​​ដោយ​​​​​​​​​នាំ​​​គ្នា​​​ផឹក​​​ទឹក​​​ត្នោត​​​ជូរ​​​​​​​​​​​​ ​​​លុះ​​​ដល់​​​​ពេល​​​វាល​​​ស្រែ​​​ដែល​​​ស្ថិត​​​នៅ​​​​ជុំវិញ​​​​​​​បាត់​​​ចូល​​​ក្នុង​​​​​​​​​ស្បៃ​​​រាត្រី។​​​​​​​​​​​​​​​​​​​​​​​

មួយ​​​សប្តាហ៍​​​ក្រោយ​​​ពី​​​ការ​​​សុគត​​​របស់​​​លោកតា​​​ហុក ​​​ភូមិ​​​​​​ទាំង​​​​​​មូល​​​​​​ត្រៀម​​​រៀប​​​ចំ​​​​​​ចូល​​​ឆ្នាំ​​​ថ្មី​​​ប្រពៃ​​​ណី​​​ខ្មែរ ហើយ​​​ប្អូន​​​ជីដូន​​​មួយ​​​របស់​​​ឆាយ​​​ឈ្មោះ​​​សុភា​​​ តែងតែមក​​​លេងភូមិ​​​​​​ស្រុក​​​​​​រាល់​​​ឆ្នាំ ដោយ​​​ស្នាក់​​​នៅ​​​ជាមួយ​​​ពូមីង​​​​​​​​​នាង។ កាម៉ាល់​​​លប​​​​​​ដើរ​​​តាម​​​ពី​​​ក្រោយ​​​នាង​​​ពី​​​ចម្ងាយ​​​ក្នុង​​​ពេល​​​ដែល​​​​​​នាង​​​ដើរ​​​ទៅ​​​ផ្សារ  រង់ចាំ​នាង​​​នៅក្នុង​​​តូប​​​លក់​​​ស្វាយ​​​និង​​​សាវម៉ាវ បន្ទាប់​​​មកក៏ដើរ​​​តាម​​​ពីក្រោយ​​​នាង​​​ត្រឡប់​​​មក​​​ផ្ទះ​​​ពូ​​​​​​នាង​​​វិញ។សក់​​​ទន់​​​រលើប​រលោង​​​​​​វែង​​​អន្លាយ​​​​​​របស់​​​នាង​​​ក្រាលគ្រប​​​លើខ្នង យោល​​​ចុះ​​​យោល​​​ឡើង​​​​​​ នៅ​​​ពេល​​​​​​​​​​​​នាង​​​​​​កម្រើក​​​ខ្លួន​​​ម្តងៗ។ សូម្បី​​​តែ​​​​​​នៅ​​​ក្រោម​​​ម្លប់​​​​​ហាង​​​ក៏​​​ដោយ ក៏​​​សម្បុរ​​​ស្បែក​​​នាងស​​​ខ្ចី​​​​​​ស្រ​​​ដៀង​​​នឹង​​​បា​​​រាំង​​​ដែរ។ ការ​​​ស្លៀក​​​ពាក់​​​រឹបៗ​ ​​​និង​​​អាវ​​​ខើច​​​​​​លើ​​​ខើច​​​ក្រោម​​​ ដែល​​​នាង​​​បាន​​​ទិញ​​​ពី​​​ហាង​​​​​​នៅ​​​​​​ភ្នំ​​​ពេញ​​​បញ្ចេញ​​​រាង​​​សុដន់​​​​​​មូល​​​ក្បំ។​​​​អ្នកលក់ដូរខ្លះ​​​​​​ដេញ​​​​​​នាង​​​ចេញ​​​ ពេល​​​ដែល​​​នាង​​​​​​​​​​​​ដើរ​​​​​​ជិត​​​ដល់​​​ហាង​​​របស់​​​គេ។​​​ ប៉ុន្តែ​​​ ឆាយដែល​​​​​​លក់​​​ចង្រិត​​​និង​​​កណ្តូប​​​​​​ចៀន​​​​​​​​​​​​​​​ដាក់​​​ក្នុង​​​កន្ត្រក​​​ផ្តៅ​​​ ​​​តែង​​​តែទទួល​​​ស្វាគមន៍​​​នាង​​​ឲ្យ​​​ចូល​​​​​​តូប​​​វា​​​​​​និង​​​ជូន​​​​​​កូកាកូឡា​​​ឲ្យ​​​នាង​​​ផឹក។ ជួន​​​កាល សុភា​​​​​​ជួប​​​មិត្តភក្តិ​​​កាល​​​នៅ​​​ពី​​​ក្មេងៗ​​​របស់​​​​​​នាង​​​នៅ​​​ឯ​​​ផ្សារ​​​។​​​ពួក​​​គេ​​​ស្រាក់​​​ដៃ​​​គ្នា​​​​​​ដូច​​​ជា​​​សិស្ស​​​សាលា​​​ ហើយ​​​​​​​​​នាំ​​​គ្នា​​​ជជែក​​​​​​លេង​​​ពី​​​នេះ​​​ពី​​​នោះ​​​​​​កន្លះ​​​​​​ម៉ោង​​​​​​​ក្រោម​​​រនាំង​​​បាំង​​​សាច​​​នៃ​​​ហាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​​​ពី​​​​​​ដេក​​​​​​​​​មួយ​​​យប់​​​​​​ជា​​​មួយ​​​​​​ពួក​​​ម៉ាក​​​ កាម៉ាល់​​​​​​ដើរ​​​កាត់​​​​​​មុខ​​​ផ្ទះ​​​ពូ​​​នាង ក្រែង​​​លោ​​​​​​​​​បាន​​​ឃើញ​​​មុខ​​​នាង​​​តាម​​​បង្អួច។ ប្រសិន​​​​​បើ​​​​​​អ្នកកំលោះមិន​​​​​​ឃើញ​​​នាង​​​នៅ​​​​​​ក្នុង​​​ផ្ទះ​​​ទេ​​​អ្នកកំលោះ​​​នឹង​​​អង្គុយ​​​សំកុក​​​​​​​​​ចាំ​​​ក្នុង​​​ទី​​​ងងឹត​​​កៀក​​​នឹង​​​​​​ទ្រុង​​​មាន់ ហើយ​​​​​​សូត្រ​​​ធម៌​រហ៊ឹមៗដែល​​​អ្នកកំលោះ​​​ពុំ​​​ដែល​​​សូត្រ​​​សោះ​​​​​​​​​​​​​​​ពេល​​​​​​​​​​​​ទៅ​​​វត្ត​ម្តងៗ​​​​។ អ្នក​​​កំលោះ​​​​​​​​​​​​ស្រមៃ​​​ឃើញ​​​បបូរមាត់​​​​​​​​​ក្រហម​​​ទុំ​​​របស់​​​នាង ពេល​​​ចូល​​​ដេក​​​លើ​​​គ្រែ​​​​​​ក្រោម​​​ផ្ទះ​​​ឈើ​​​ ហើយ​​​ឃើញ​​​ស្បែក​​​​​​រលោង​​​​​​ម៉ដ្ឋ​​​ខៃ​​​​​​​​​​​​របស់​​​នាង​​​​​​រាល់​​​ព្រឹក​​​ ពេល​​​អ្នក​​​កំលោះ​​​​​​និង​​​ពុក​​​វាដាក់​​​​​​ស្រូវ​​​សើម​​​ហាល​​​​​​​​​​​​ថ្ងៃ។ ពេល​​​ថ្ងៃ​​​ត្រង់ អ្នកកំលោះឮ​​​សំឡេង​​​​​​​​​នាង​​​លាយ​​​ឡំ​​​នឹង​​​សំឡេង​​​​​​​​​សូត្រ​​​ធម៌​​​របស់​​​ព្រះ​​​សង្ឃ​​​​ដែល​​​ឮ​​​សូរ​​​​​​រហៀងៗ​​​ពី​​​ចម្ងាយ​​​។ នា​​​ពេល​​​​​​រសៀល​​​ មាន​​​ឮ​​​សូរ​​​សំឡេង​​​​​​​​​​​​ខ្លែង​​​រហ៊ឹមៗ​​​ នៅ​​​ពេល​​​ឯក​​​និង​​​តួ​​​ខ្លែង​​​ប៉ះ​​​នឹង​​​ខ្យល់​ជំនោរ។ ពេល​​​ល្ងាច អ្នកកំលោះ ចូល​​​រួម​​​​​​ជា​​​​​​មួយ​​​អ្នក​​​ភូមិ​​​ផ្សេង​​​ទៀត​​​​​​ដើម្បី​​​លេង​​​​​ចោល​​​ឈូង។ ​​​អ្នក​​​កំលោះ​​​មិន​​​គិត​​​អ្វីទាំង​អស់​​​​​​​​ក្រៅ​​​តែ​​​ពី​​​នាង​​​​​​ទេ។

ក្រោយ​​​ពី​​​លេង​​​ល្បែង​​​ចោល​​​ឈូង​​​នៅ​​​ពាក់​​​កណ្តាល​​​សប្តាហ៍​​​​រួច​​​មក កាម៉ាល់​​​បាន​​​ឮ​​​បុរស​​​ពីរ​​​នាក់​​​ជជែក​​​គ្នា។ គេ​​​ទាំង​​​ពីរ​​​នាក់​​​ស្រវឹង​​​ដាប ហើយ​​​ទំពា​​​ស្លា​​​​​​ឮគ្រួបៗ​​​។

បុរស​​​ម្នាក់​​​និយាយ “ស្រីខូច​​​​​​​​​តូច​​​ច្រឡឹង​​​មក​​​វិញ​​​ហើយ​​​វ៉ឺយ​​​!”

“ស្រីខូច​​​​​​ថ្លៃណាស់!”

“តើ​​​អ្ហែង​​​ដឹង​​​ថា ថ្ងៃ​​​នេះ​​​នាង​​​សម្លឹង​​​​​​មុខ​​​តារា​​​រិទ្ធ​​​​​​​​​នៅ​​​ផ្សារ​​​ទេ  អ្ហា៎?”

“តើ​​​វា​​​យ៉ាង​​​មេ៉ច អ្ហា៎?”

“សម្លឹង​​​ចំ​​​មុខ​​​តែ​​​ម្តង​​​ហើយ យ៉ាង​​​យូរទៀត ហើយប្រពន្ធ​​​រិទ្ធ​​​ ក៏​​​ដេញ​​​នាង​​​ចេញ​​​ទៅ។”

“នាង​​​ជា​​​ស្រី​​​ចើក​​​​​​មែន​​​ណា៎! នាង​​​​​​សម្លឹង​​​មុខ​​​អញអ៊ី​​​ចឹង​​​ដែរ វ៉ឺយ​​​!”

“អ្ហែង​​​មិន​​​មាន​​​ប្រាក់​​​​​​សម្រាប់​​​នាង​​​ទេ។”

អ្នក​​​ទាំង​​​ពីរ​​​ក៏​​​សើច​​​ចេញ​​​ធ្មេញ​​​ក្រហម​​​ប្រាកក្រោម​​​ពន្លឺ​​​​​​ចង្កៀង​​​គោម។

កាម៉ាល់​​​ចង់ហក់ដាល់​​​ពួកគេ​​​ តែ​​​​​​​​​ទប់​​​ចិត្តបាន​​​​​​។ អ្នក​​​កំលោះ មាន​​​វ័យ​​​២៧​​​ឆ្នាំ​​​ ហើយ​​​ក៏​​​មាន​​​កម្លាំង​​​មាំមួន​​​​​​​​​​​​​​​ដែរ ប៉ុន្តែ ​​​អ្នក​​​កំលោះ​​​គ្រាន់តែ​​​​​​​​​​​​​​ដាល់​​​ផ្ទប់បាត​​​ដៃ​​​ខ្លួន​​​ឯង​​​លាន់​​​ភឹប​​​ៗ ហើយ​​​ក៏ដើរ​​​ត្រុយ​​​​​​ទៅ​​​ផ្ទះ​​​តាម​​​ផ្លូវ​​​ដី​​​ក្រ​​​ហម។ អ្នក​​​កំលោះ​​​ធ្លាប់​​​​​​ជួប​​​ស្រី​​​​​ពេស្យាពី​​​មុននៅ​​​ភូមិ​​​តាកៅ  តែ​​​​​​សុភា​​​មិន​​​មែននៅ​​​ក្នុង​​​ចំណោម​​​​​​​ពួកគេទាំង​​​នោះ​​​ទេ។​​​សំឡេង​​​នាង​​​ច្បាស់​​​ហើយ​​​លះ ពី​​​រោះ​​​​​​ស្រួយ​​​​ស្រិប​​​ដូច​​​សារិកា​​​។ នាង​​​មាន​​​ក្លិន​​​ក្រ​​​អូប​​​សាយ​​​ដូច​​​ផ្កា​​​ម្លិះ​រួត ហើយ​​​ចូល​​​ចិត្ត​​​អាន​​​សៀវ​​​​​​ភៅណាស់។

យប់​​​​​​នោះ ពេលប្រះ​​​ខ្លួន​​​​​​លើ​​​កន្ទេល​​​ក្បែរ​​​​​​​​​គោ កាម៉ាល់​​​រសាប់​​​រសល់​​​ដេក​​​ពុំ​​​លក់​​​សោះ។ ពុក​​​អ្នក​​​កំលោះ​​​​​​​​​​​​ដេក​​​លក់​​​ស្រម៉ុក​​​​ខុរៗ​​​នៅ​​​ក្បែរខាង​​​។ នៅ​​​លើ​​​ផ្ទះ​​​ អ្នក​​​កំលោះ​​​​​​ឮ​​​ប្អូន​​​​​​ស្រី​​​​​​ឈ្មោះនីតា​​​បំពេរ​​​​​​កូន​​​​​​តិចៗ​​​ ហើយ​​​ប្អូន​​​ស្រី​​​ម្នាក់​​​ទៀត​​​ដេក​​​បម្រះ​​​ព្រុសប្រះៗ។ នៅ​​​ទល​​​់​​​មុខ​​​ផ្ទះ អ្នក​​​ជិត​​​ខាង​​​ម្នាក់​​​ដើ​​​រ​​​​​​រេរាជុំ​​​វិញ​​​បន្ទប់​​​ពីរ​​​របស់​​​គាត់ ដោយ​​​​​​​​​​​​​​​រៀប​​​ចំ​​​ដាក់​​​​​​បាយ​​​ដំណើប​​​ផ្អែមសែន​​​​​​​​​ឲ្យ​​​ខ្មោច​​​សេព​​​សោយ​​​​​​។

ពេលចោលភ្នែក​​​មើល​​​ទៅ​​​ផ្លូវ​​​ងងឹត​​​ឈឹង ស្រាប់​​​តែ​​​កាម៉ាល​​​​​​​​​​​​​​​់​​​​នឹក​​​​​​ដល់​​​សុភា។​​​ អ្នក​​​កំលោះ​​ឧស្សាហ៍​​​គិត​​​រវើរវាយ​​​ដល់​​​នាង​​​​ពេល​​​នាង​​​មក​​​លេង​​​ផ្ទះ​​​ម្តងៗ​​​ ប៉ុន្តែ ​​​អ្វីៗ​​​ដូច​​​ជា​​​ខុស​​​ប្លែក​​​នៅ​​​ពេល​​​​​នេះ។​​​ប្រហែល​​​​​​​​​​​​​​​​​​​​​​​​ជា​​​សម្តីអសុរោះ​​​របស់ជនប្រមឹក​​​ពីរនាក់​​​បាន​រំខាន​​​ដល់​​​អារម្មណ៍​​​អ្នកកំលោះយ៉ាងខ្លាំង ឬប្រ​​​ហែល​​​​​​មកពី​​​នាងមាន​​​សម្រស់​​​ស្អាត​​​គួរជា​ទីបេត​​​ី​លើស​​​ពីឆ្នាំមុន​​​យ៉ាង​​​ណា​ទេ។​ ទោះបីជា​​​យ៉ាង​​​​​​​​​នេះ​​​​​​ក្តី​​​នាង​​​​​​ហាក​​​់​​​ដូចជានៅជិត​​​បង្កើយ ដែល​​​​អ្នក​​​កំលោះ​​​អាច​​​ឈោង​​​ដៃ​​​ប៉ះនាងបាន។អ្នកកំលោះ​​​​​​ចង​​​ចាំ​​​​​​​​​ថា​​​ ខ្លួនធ្លាប់​​​ឃើញ​នាងកាល​​​​​​ពីនៅតូច ពេល​នាង​ជួយ​ម៉ែ​​​​នាងធ្វើនំ​​​នេក​​​​​​ប្រគេន​​​​​​ព្រះ​​​​​​សង្ឃ។ ​​​អ្នក​​​​​​កំលោះ​​​​​​ចាំបានថា​​​​នាងបោក​​​គក់ខោ​​​អាវ​​​នៅក្នុង​​​ទន្លេ​​​បណ្តើរ ច្រៀង​​​​​​​​​​​​ចម្រៀង​​​បទ​​​បែក​​​​​​ក្អមអូន​​​ហើយ​​​បណ្តើរ។ ​​​ពេលនាងធំដឹងក្តី ជួនកាល​អ្នក​កំលោះ​​​និយាយជាមួយ​​​នាង​​​នៅឯផ្សារ ឬ​​​នៅឯ​​​ពិធី​​​បង្កក់​​​កូន។ លុះដល់​​​អាយុ​​​ពេញវ័យ​​​១៨ឆ្នាំ នាង​​​ជានារី​​​ដ៏ស្រស់​​​ស្អាត​ដាច់​គេ​​​​នៅព្រែក​​​ បា​​​ណន់​​​​​​​។ កាម៉ាល​​​​​​់​​​ភ្ញាក់ផ្អើលយ៉ាង​​​ខ្លាំង​​​ត្បិត​​​មួយ​​​ខែ​​​​​​ក្រោយពីពុក​​​នាង​​​ទទួលការវះកាត់មក ​​​បាន​​​ធ្វើ​​​​​​ឲ្យក្រុម​​​គ្រួសារ​​​នាង​​​​​​ធ្លាក់ខ្លួន​​​ជំពាក់​​​បំណុល​​​គេរុំកោះ។ នាង​​​ចាកចេញ​​​ពីភូមិ​​​ ហើយក៏​​​ឡើងជិះ​​​រថ​​​យន្ត​​​ក្រុង​​​មក​​​​​​ក្រុង​​​ភ្នំពេញ។

មួយឆ្នាំកន្លងផុតទៅ ​ហើយមួយឆ្នាំ​ទៀត​​​ក៏កន្លង​​​ផុត​​​ទៅ​​​ដែរ។ មួយឆ្នាំទៀត​​​ក៏ចេះតែរំលង​​​ទៅ​​​ជា​​​លំដាប់​​​។​​​ ពុកម៉ែ​នាង​​​​​​ទទួល​​​​​​​​​​​​បានសំបុត្រមានប្រាក់យ៉ាង​​​ច្រើន​​​ដែល​នាង​ផ្ញើឲ្យ​​​រាល់​​​ខែ ប៉ុន្តែ ពុក​​​ម៉ែ​​​នាង​​​​​​ហាម​​​​​​មិនឲ្យ​​​​​​នាង​​​​​​មកជាន់ផ្ទះ​ទៀត​ទេ។ នៅ​​​ឆ្នាំទ​​​ី២ ​​​ពេល​​​ដែលនាង​​​បានចាក​​​​​​ចេញ​​​​​​ទៅ ពូនាង​​​ឈ្មោះ​​​សុ​​​វណ្ណ​​​​​​ផ្តល់​​​កន្លែង​​​​​​​​​ស្នាក​​​់​​​អាស្រ័យ​​​នៅ​ផ្ទះរបស់គាត់​ក្បែរ​​​​​វត្ត។ ពូ​​​នាង​​​​​​ប្រាប់បង​​​ប្អូនជីដូន​​​មួយ​​​​​​និង​​​មិត្តភក្តិ​​​គាត់​​​ថា ​មីអូន​ជា​កូនស្រី​​​សំណព្វ​​​របស់គាត់។ ប៉ុន្តែ សុភាគ្រាន់តែមក​​​លេងភូមិ​​​​​​ម្តង​​​ម្កាល​​​ប៉ុណ្ណោះ​។​​​ រាល់ដង នាងទិញ​​​​អំណោយ​ចែក​​​ឲ្យអ្នក​ដែល​​​នាង​​​​​​​ស្គាល់​​​គ្រប់ៗ​​​គ្នា។ ថ្ងៃ​​​មួយ នាង​​​វិល​​​ត្រឡប់​​​​​​​​​ទៅ​​​ទីក្រុង​វិញ ​​​ដោយ​​​បើក​​​រថយន្ត​​​​​​មួយ​​​គ្រឿង​​​ម៉ាក​​​​​​ឡែនដ៍​​​ រ៉ូវើរ៍​​​ពណ៌​​​ស។

ពេលកាម៉ាល់ប្រះខ្លួន​​​ដេកលើកន្ទេលភ្លាម រំពេច​​​នោះ​​​អ្នក​​​កំលោះ​​​​​​​​​ក៏គិតដល់​​​​​​សុភាភ្លាមដែរ ហើយ​​​ចំហាយ​​​​ក្តៅ​ជ្រាប​​​ពេញ​​​ខ្លួនប្រាណ​​​ដូចជាកម្តៅទឹក​​​ត្នោត​​​ជូរផឹកចូល​​​ពោះ​​​ឆួល​​​ឡើង​​​អ៊ីចឹងដែរ។ ហេតុ​​​អី​​​អ្នក​​​​​​កំលោះ​​​​​​​​​មិនដែលសរសេរ​​​សំបុត្រ​​ទៅ​​​នាង​​​ពេលនាង​​​ចាកចេញពី​​​ភូមិ?ចុះហេតុអី​​​អ្នក​​​កំលោះ​ពុំដែល​​​​​​និយាយ​​​​​​​​​​​​​​​រក​​​នាង​​​ពេលនាង​​​មក​​​លេង​​​ផ្ទះ​​​ម្តងៗ? រំពេច​នោះ អ្នក​​​កំលោះ​​​​​​​​​ដឹងថា​​​ ខ្លួន​​​​​​កំពុងរង់ចាំ​​​រាប់ឆ្នាំ​​​មក​​​ហើយ ដើម្បី​​​​បាន​​​រៀបការ​​​នឹង​​​​​​​​​នាង​​​។

រាត្រី​​​បន្ទាប់​​​មកទៀត​​​ ក្រោយពី​​​ហូប​​​​​​បាយ​​​ទឹក​​​ពេល​​​ល្ងាច​​​​​​​​​រួច​​​ កាម៉ាល់និយាយអំពីនាង​​​ទៅ​​​កាន់​​​ពុក​​​​​​ម៉ែ។ នៅដើម​​​ខែ​មេសា ធាតុ​​​អាកាសក្តៅហួតហែង​​​ខ្លាំង​​​ណាស់​​​​​​ ហើយ​រាល់​​​​យប់​​​​សីតុណ្ហ​​​ភាព​​​​​​ឡើងដល់៣២​​​អង្សា។ ដោយក្តៅបែក​​​ញើស​​​ជោកខ្លួន កាម៉ាល់​​​ដាក់ក្រណាត់​​​សើមនៅ​​​លើ​​​មុខ ពេល​​​​​​វា​​​​​​និយាយ។ ពុកអ្នក​​​កំលោះ​​​ដេក​​​ច្រងាងលើ​​​តុ​​​ឈើដោយ​​​គ្មាន​ពាក់​​​អាវ គិតបូក​​​​​​ចំនួន​​​បាវ​​​​​​ទម្ងន់​​​​​​​​​៥០​​​គីឡូដែលពួក​​​គេច្រក​ស្រូវ​កាល​​​ពីអាទិត្យ​​​មុន។ គាត់ទម្លាក់​​​ខ្មៅ​​​ដៃចុះ ពេល​​​គាត់​​​ប្រឹង​ស្តាប់​​​​ឲ្យ​​​យល់​​​​​​អត្ថន័យ​​​សម្តី​​​រអាក់​​​រអួលរបស់​​​កូនប្រុស​​​គាត់។

“អ្ហែងកូនពុក មែនអី!” “អ្ហែងឆ្កួតមែន​​​ទែនហើយ! នាងជា​​​ស្រី​​​ខូចទេណា៎។” ពេជ្រ​​​​​​ស្ទុះក្រោក​​​ឡើង ហើយដើរ​​​ត្រេះ​ត្រុះ​​​​ទៅមកៗក្នុង​​​បន្ទប់​​​ដ៏តូចមួយ។ ទោះបី​​​គាត់​​​ទាប​​​ក៏​​​ដោយ​​​ក៏ក្បាល​​​គាត់​​​ទើស​​​អំពូល​​​​​​ភ្លើង ដែលព្យួរយីង​​​យោងៗជាប់​​​នឹង​​​ពិតានដែរ។​​​ស្រមោល​​​​​​អំពូល​​​រេចុះរេ​​​ឡើងក្នុង​​​ផ្ទះ។

ម៉ែរបស់កាម៉ាល់ឈ្មោះរីណា ក៏​​​និយាយ​​​អង្វរករថា “សូម​​​អង្វរ​​​ចុះ ឪវា!។” រីណាដាក់ម្ជុល​​​ចុះមួយ​​​ឡែក ហើយដៀង​​​ភ្នែក​​​​មើលកូន​​​ពៅ​​​បង្អស់របស់​​​គាត់​​​ឈ្មោះស្រីពៅ​​​​​​ ដែល​​​​​​កំពុង​​​ដុស​​​លាង​​​​​​ចាន​​​​​​នឹង​​​​​​ច្រាស​​​​​​ជាមួយ​​​ទឹកមួយធុង។ “ឪវា! គួរ​​​ស្តាប់​​​កូន​​​និយាយ​​​ផង!”

ពេជ្រស្រែកឡើង “ប្រយ័ត្នបន្តិចហ្ន៎ះ។ កាម៉ាល់​​​ត្រូវតែ​​​ប្រយ័ត្ន កាម៉ាល់ល្ងង់​​​ជាងគោទៅ​​​ទៀត​​​។”

ពេលឮ​​​សំឡេងស្រែកគំហក​​​ខ្លាំងៗរបស់ពុកនាងភ្លាម ស្រាប់​តែ​នីតា​​​ ដែល​​​កំពុងតែបំបៅ​​​ដោះ​​​​​​​​​​​​កូន ក៏ដើរចេញ​​​ពី​វាំងនន​​​​ដែល​​​ចែកខណ្ឌផ្ទះ​​​ជាបន្ទប់តូចៗ ប៉ុន្តែ​ ​​នាងបែរ​​​ជា​​​នៅស្ងៀមមិន​​​ចេញ​​​ស្តី​​​មួយ​​​ម៉ាត់ទេ​​​។ កូនស្រីច្បង​​​បង្អស់​ឈ្មោះ​​​​​ធីតាទើប​​​តែ​​​ឈប់​​​​​​គក់ច្របាច់​​​ខ្នង​​​ឲ្យ​​​ម៉ែនាង។

ពេជ្រនិយាយថា​​​ “នាងជា​​​ស្រីរបស់អ្នក​​​មានណា៎ មាន​​​ប្រុស​​​ច្រើន​​​​​​​​​ណាស់វ៉ឺយ​​​!​​​។”

រីណា​​​តប “នាង​​​មាន​​​សង្សារ​​​ហើយ​​​។”

ពេជ្រ​​​ស្រែកគំហក “ ម៉ែវា! ឆ្កួតដែរ​​​អីហ្នឹង! តើ​​​ម៉ែវាចង់ ឲ្យ​​​កូន​​​​​​​​​​​​រៀប​​​ការនឹង​​​​​​ស្រីខូចអ៊ីចឹង អ្ហី?”

មួយរយៈកន្លង​​​មកនេះ រីណាទាស់មាត់ទាស់កប្រកែកនឹង​​​ប្តីគាត់ ជួន​​​កាលគាត់​​​ធ្វើ​​​ដូច្នេះ​​​មែន ​​​ប៉ុន្តែ ពេល​​​នេះ​​​គាត់​​​គ្រាន់ តែ​​​ដក​​​ដង្ហើម​​​ធំ ហើយ​​​ក៏អ៊ុតអាវដែល​​​​​​ទើបតែ​​​​​​ដេររួច​​​សម្រាប់ ពាក់​​​​​​នៅ​​​ពិធីបុណ្យ​​ចូល​​​ឆ្នាំ​​​ថ្មី​​​ប៉ុ​​​​​​ណ្ណោះ​​​។ គាត់​​​ងាក​​​ទៅមើល​​​មុខ​​​កាម៉ាល់​​​ ដែលកំពុងអង្គុយធ្វើ​​​​​​ម៉ក់ៗក្បែរអា​​​គុយ​​​ឡាន។ “កូន​​​សម្លាញ់​​​ម៉ែ មាន​​​ស្រី​​​ច្រើន​​​​​​ណាស់​​​ដែល​​​កូន​​​អាចយក​​​ធ្វើ​​​ប្រពន្ធ។​ មាន​​​នាង​​​លីណា​​​ និង​​​កូន​​​ស្រី​​​របស់​​​​​​រ៉ានី កូន​​​ស្រីរបស់តារា នាង​​​ណារី និង​​​កូន​​​ស្រីរបស់​​​ហ្វាល់ឡាជា​​​ដើម​​​។ កូនឯង​​​​​​ឆ្លាត ហើយ​​​​​​​ក៏​​​​​​សង្ហា​​​ទៀត​​​។ ​​​មិន​​​​​​មែន​​​​​​​​​តែ​​​ម៉ែ​​​ម្នាក់​​​​​​​​​​​​ទេ ដែល​​​និយាយ​ដូច្នេះ។” ច្រើនលើក​​​ច្រើន​​​​​​សា​​​ហើយ​​​កាល​​​​​​ពីឆ្នាំ​​​​​​មុន ម្តាយ​​​​​​កា​​​ម៉ាល់​​​​​​​​​បាន និយាយ​​​ដូច្នេះ​​​ដែរ គ្រាន់​​​តែគាត់​​​ដូរ​​​ឈ្មោះ​​​ស្ត្រី​​​​​ជាកូនក្រមុំ​​​ប៉ុណ្ណោះ។ អ្នក​​​កំលោះ​​​ដឹង​​​ថា​​​គាត់​​​​​​ស្រឡាញ់​​​​​​វា​​​ ប៉ុន្តែ គាត់​​​​​​មិន​​​​​​យល់​​​​​​ពី​​​ជម្រៅ​​​ទឹក​​​ចិត្ត​​​របស់​​​អ្នក​​​កំលោះ​​​ទេ។

ក្នុងពេលដែលម្តាយអ្នកកំលោះរៀបរាប់អំពី​​​ឈ្មោះ​​​ស្ត្រី ជា​​​កូនក្រមុំ កាម៉ាល​​​់មើលឃើញរូបសម្ផស្ស​​​សុភា​​​ស្អាត​​​ឡើង​​​ នៅ​​​ព្រឹក​​​​​​​​​​​​ថ្ងៃនោះពេល​​​នាងនៅ​​​ឯផ្សារ​ដាក់របស់​របរ​ផ្សេងៗ​​​ ចូល​​​ក្នុង​​​កន្ត្រកយួរ​​​។ ដៃនាងទាំងគូ​​​ទន់​​​​​​​​​​​​ភ្លន់ដូចជាអ្នករាំរបាំ​​​អប្សរា​​​អ៊ីចឹង។ អ្នក​​​កំលោះចង​​​ចាំ​​​នូវអាកប្បកិរិយា​​​នឹងធឹង​​​​​​របស់​​នាង ដែល​​​មិនចុះញ៉ម​ចំពោះ​ពាក្យ​ចចាម​អារ៉ាម​​​​​​រអេច រអូចក្នុង​​​ភូមិឡើយ។ អ្នក​​​កំលោះ​​​ហៀប​​​​​​នឹង​​​និយាយ​​​ទៅរក នាង​​​​ទៅ​​​ហើយ​​​​នៅ​​​ពេល​​​​នោះ។ តាមពិត​ នាង​​​ប្រហែលចាប់​​​អារម្មណ៍​​​ថា​​​ អ្នក​​​កំលោះ​​​លួច​សម្លឹង​​​​​​មើលនាង​ ប៉ុន្តែ នាង​គ្រាន់​​​​តែ​​​​​​​រលាស់សក់​​​ទៅ​​​ម្ខាង ហើយ​​​​​​ក៏ដើររ៉ុយ​​​ទៅតូប​​​​​​មួយ​​​ទៀត ដើម្បី​​​ទិញ​​​​ត្រីទន្លេស្រស់ៗ។ នៅ​​​ជើង​​​ឆ្វេង នាង​​​​​​ពាក់​​​ខ្សែ​កជើង​​​​​​​​ដែល​​​ធ្វើ​​​អំ​​​ពី​​​​​​ប្រាក់មួយ​​​​​​ខ្សែ​​​ដ៏​​​ស្តើង​​​ដោយ​​​​​​មាន​​​ដាំ​​​រំលេច​​​​​​​នូវ​​​ត្បូងពណ៌​​​ខៀវ​​​បៃតងជាច្រើន​​​គ្រាប់។ពេជ្រនិយាយ “ខ្ញុំមិនចង់ស្តាប់​​​ទៀតទេ។​​​” ពេជ្រក៏ដាក់​​​គូទ​​​ អង្គុយ​​​ចុះ​​​គ្រឹបលើ​រនាប​ឫស្សី​ក្បែរ​​​​​​កាម៉ាល់​​​ ​​​ ពេលនេះ កាម៉ាល់​​​​​​​​​ភ័យ​​​ខ្លាច​​​​​​ពុក​​​​​​វាយតប់​​​វា។ ពេជ្រ​​​ស្រដីបន្ត “​​​ប្រហែល​​​ជា​​​​យើង​​​​​​​​​​​​​​​មាន​​​​​​​​​ស្រូវ​​​​​​​​​តែ​​​២០ឬ២៥​​​បាវប៉ុណ្ណោះ​​​ឆ្នាំ​​​នេះ។ គឺ​​​បាន​​​​​​​​​​​​​​ស្រូវ​​​​​​​តែពាក់​​​កណ្តាល​​​​​​​​​​ប៉ុណ្ណោះ​​​​​​បើ​​​ធៀប​​​នឹង​​​​​​​​​ឆ្នាំ​​​មុន។ យើង​​​នឹង​​លក់​​​ស្រូវឲ្យឌុយ ពេល​​​គាត់បើក​​​ឡានកាត់តាម​​​ភូមិ​​​នេះ​​​។”

កាម៉ាល់បញ្ចេញទឹកមុខយល់ស្រប។ ទោះបីជាយ៉ាង​ណា​​​​ក៏ដោយ អ្នកកំលោះគិតថា វា​​​ត្រូវហ៊ាននិយាយ​​​រកនាង​​​សរសើរ​​​​នាង និង​​​ប្រាប់បំណង​​​ខ្លួនឲ្យនាងដឹង។ ប៉ុន្តែ ធ្វើម៉េច​​​កើត​ទៅ? ​ចុះនឹងមាន​​​​​​​​​អ្វីកើត​​​ឡើងទៅហ្ន៎?​អ្នកកំលោះ​ប្រឹង​នឹក​​​​គិត​​​ដល់​ថ្ងៃ​​​អនាគត ប៉ុន្តែ​​​ព​​​ុំអាចនឹកឃើញ​​​នូវអ្វី​​​ក្រៅ​​​ពី​​​បច្ចុប្បន្ន​​​​​​សោះ ដោយ​​​​​​គ្រាន់​​​តែ​​​ឮសំឡេង​របស់​ពុកវារងូវៗក្នុង​ត្រចៀកលាយ​ឡំ​​​នឹងក្លិន​​​ខ្ញី​​​ពី​​​ម្ហូប​​​​​​ពេលល្ងាចដែល​នៅភាយ​ជាប់​​​​វិល​​​វល់​​​នៅ​ឡើយ។

ពេជ្រ​​​និយាយ “ឌុយ​​​ប្រហែល​​​​​​បោកប្រាស់​​​​យើង​​​ដូច​​​ឆ្នាំ​​​មុនអ៊ី​​​ចឹង។ គាត់​​​នឹង​​​លក់​​​ស្រូវ​​​យើង​​​ឲ្យ​​​ប្រ​​​ជា​​​ជនគាត់​​​នៅ​​​​វៀត​ណាម​​​​​​បាន​​​ចំណេញ​​​ប្រាក់កប់ក្តោង​​​ហើយ​​​។​​​ ប៉ុន្តែ​​​តើ​​​​​​​​​ធ្វើ​​​ម៉េច​​​កើត​​​ទៅ។” ​​​ពេជ្រ​​​​​​​​​​​​ក៏​​​​​​ងើប​​​​​​ឈរ​​​ឡើង ហើយ​​​បន្លឺវាចា “ណ្ហើយ​​​! ល្មមឈប់​​​​​​និយាយ​​​​​​​​​​​ត្រឹម​​​នេះចុះ​​​​​​យប់​​​នេះ។” គាត់​​​ក៏​​​ឆ្កឹះ​​​ដី​​​ចេញ​​​ពី​​​ក្រចក​​​ដៃ​​​គាត់​​​ដែល​​​គាត់​​​មិន​​​សូវ​​​ខ្វល់​​​នឹង​​​សម្អាត។​​​​​​​​​​បន្ទាប់​​​មក​​​ គាត់​​​​ចុះ​ពី​លើ​ផ្ទះ​តាម​ជណ្តើរ​​​ឈើ​​​រខេក​​​រខាក​​​ហើយ​​​​ក៏​​​ប្រះ​​​ខ្លួន​​​ដេក​​​លើ​​​កន្ទេលនៅ​​​ខាង​​​ក្រោម​​​ផ្ទះ។​​​​​​ ដោយ​​​រំខាន​​​មាន់ក៏​ផ្អើល​​​​​​​​ស្រែក​​​យំខ្ញកៗ ហើយ​​​ក៏លោត​​​ហើរ​​​ព្រាត។ កាម៉ាល់​​​អើត​​​មើល​​​​តាម​​​ប្រហោង​​​រនាប​​​​​​ ក្នុង​​​ខណៈដែល​​​ពុក​​​វា​​​​​​រុំ​​​ក្រមា​​​ពីរ​​​ជុំ​​ជុំវិញ​​​ក​​​គាត់​​​រាល់​​​យប់​​​ ដើម្បី​​​បាន​​​សំណាងល្អ។​​​ នៅ​​​ក្បែរ មាន​​​​​​​​​ពន្លឺ​​​ឆ្លុះចាំង​​​តាម​​​រនាប​​​​​​​​​ ជាកន្លែង​​​គាត់​​​​​​សម្រាក​​​​​​និង​​​ចង​​​គោមួយ​នឹម។​​​ អ្នក​​​កំលោះ​​​និង​​​ពុក​​​វា​​​ដេក​​​នៅ​​​ក្រោម​​​ផ្ទះ ​​​ចាប់​​​តាំង​​​​ពី​​​នីតា​​​​រត់​​​ចោល​​​​​​​​​ប្តី​​​ដែល​​​មិន​​​សូវ​​​ចូល​​​ផ្ទះ​​​របស់​​​នាង​​​ ហើយ​​​ក៏​​​មក​​​ជួប​​​ជុំ​​​គ្រួសារ​​​វិញ​​​​​​។​​​ យ៉ាង​​​ហោច​​​ណាស់​​​ពេល​​​នេះ ពុក​​​វា​​​​​​មិន​​​ចាំ​​​ចាច់​​​ស្រែក​​​ហៅ​​​ម៉ែ​​​វា​​​ឲ្យ​​​ជួ​​​យ​​​គ្រាហ៍​​​ឡើង​​​ជណ្តើរ​​​ទៀត​​​ទេ​ នៅ​​​ពេល​​​ដែល​​​គាត់​​​​​ត្រឡប់​​​​​​មក​​​ផ្ទះ​​​វិញ​​​​ស្រវឹងស្រា​​​ទាំង​​​កណ្តាល​​​​​​​យប​​​់​​​អធ្រាត្រ​​​​​​ រំ​​​ខាន​​​​ដល់​​​​​​អ្នក​​​ជិត​​​ខាងឲ្យ​​​​​​ភ្ញាក់​​​ពី​​​ដំណេក​​​​​​និង​​​ធ្វើ​​​ឲ្យ​​​គ្រួសារ​​​អាម៉ាស់​​​​​​មុខ។​​​ យូរ​​​មក​​​ហើយ​​​ កាម៉ាល់​​​ចិញ្ចឹម​​​ចិត្ត​​​​​​ប្តេជ្ញា​ថា ខ្លួន​​​​​​នឹងមិន​​​ដើរ​​​តាម​​​គន្លង​​​​​​​​​ពុក​​​វា​​​ទេ។​វា​​​ត្រូវ​​​​​​ទៅរៀន​​​​នៅ​​​​​សាកល​​​វិទ្យា​​​ល័យ​​​ ​​​​​​បើ​​​វា​​​​​​មិនរវល់​​​​​​​​​ធ្វើ​​​ស្រែ​​​​​​ចម្ការ​​​ទេ​​​​នោះ។​​​

ប្រាំ​​​​​​​​​ឆ្នាំ​​​​​​មុន មិត្តភក្តិ​​​របស់​​​វា​​​ឈ្មោះជីវ័ន្ត​​​ ដែលមាន​​​​​​សមាជិក​​​​​​គ្រួសារ​​​​​​​​​សុទ្ធ​​​តែ​​​​​​កូន​​​ប្រុសៗបាន​​​ទទួល​​​អា​​​ហារូប​​​ករណ៍​​​​​​ទៅ​​​​​​រៀន​​​នៅ​​​សាកលវិទ្យាល័យ​​​។​​​

បន្ទាប់​​​ពី​​​រៀប​​​ទុក​​​ដាក់ម្ជុល​​​ដេរ​​​​​​ក្នុង​​​ហិប​​​ឈើ​​​គាត់​​​រួច​​​ស្រួល​​​បួល​​​ ម៉ែ​​​កាម៉ាល់​​​ក៏​​​ចុះ​​​តាម​​​ជណ្តើរពី​​​លើ​​​ផ្ទះ​​​​​​​​​មក​​​ដី​​​ ដើម្បី​​​បត់​​​ជើង​​​​តូច​​​​​​​​​​​​មុន​​​​​​នឹង​​​ចូល​​​និទ្រា​​​។ ស្រី​​​ពៅ​​​និង​​​នីតា​​​ចូល​​​​​​​​​ក្នុង​​​វាំង​​​នន​​​រៀប​​​ចំកន្លែង​​​ដេក​​​។​​​

ធីតា​​​និយាយ​​​ខ្សឹបៗ​​​ថា “បង! កុំ​​​​​​ព្រួយ​​​ធ្វើ​​​អី។” នាង​​​យក​​​ដៃ​​​ជូត​​​​ញើស​​​​​​​​​ចេញ​​​ពី​​​ថ្ងាសនាង​​​។​​​ “បង​​​នឹង​​​រក​​​ប្រពន្ធ​​​បាន​ពុំខាន។ ​​មីង​​​រ៉ានី​​​មាន​​​ទ្រព្យ​​​​​​​​​​​ច្រើន​​​។ ឯ​​​កូន​​​ស្រី​​​គាត់​​​ក៏មាន​​​សម្រស់​​​មិន​​​អន់​​​​​​​​​ដែរ។” កាម៉ាល​​​​​​់​​​​​​សម្លឹង​​​មើល​​​​​​ស្រមោលអំពូល​​​ភ្លើង​​​ដែល​​​​ចងព្យូរ​​​តែង​​​តោង ហើយ​​​ក៏បង្វិល​​​គ្រាប់​​​ពោត​​​​​​លើ​​​បាត​​​ដៃ​​​ចុះ​​​ឡើងៗ។ ធីតា​​​បន្លឺ​​​ឡើង “បង​​​ប្រុស! បង​​​កំពុង​​​គិត​​​អី​​​ហ្នឹង?។” ​​​ នាង​​​ជា​​​កូន​​​ស្រី​​​មាន​​​អាយុ​​​ស្របាលៗ​​​បន្ទាប់ពីកាម៉ាល់​​​ដែរ។​​​ នាង​​​ជា​​​កូន​​​ស្រី​​​​​​ដែល​​​ចេះ​​​ជួយ​​​ធ្វើកិច្ច​​​ការ​​​ផ្ទះ​​​ម៉ែ​​​នាង​​​ដូច​​​ជា​​​ដណ្តាំ​​​​​​​​បាយទឹក​​​និង​​​បោស​​​ជូត។ ចំណែក​​​ស្រី​​​ពៅ​​​វិញទៅ​​​សាលា​​​​រៀន ​នីតា​​​មើល​​​ថែទាំ​​​កូន​​​នាង​​​។​​​ ដោយ​​​​​​សារ​​​តែ​​​ជួប​ប្រទះ​​​​​​បទ​​​ពិសោធ​អភ័ព្វ​​​ផ្ទាល់​​​ខ្លួន ធីតា​​​ក៏​​​ជា​​​កូន​​​ស្រី​​​ដែលយល់​​​ដឹង​​​ច្រើន​​​អំពី​​​សេចក្តី​​​​​​ស្នេហា​​​រវាង​​​ប្រុស​​​និង​​​ស្រី​​​ដែរ។

“បងគិត​​​​ដល់​​​សុភា  មែនទេ?”

កាម៉ាល់​​​ងក់​​​ក្បាល​​​យល់​​​ស្រប។ អ្នកកំលោះ​​​និយាយ​​​តិចៗ​​​ថា “បង​​​ទ្រាំ​​​មិន​​​បាន​​​​​​​​​ទេ។”

ធីតា​​​តប “ខ្ញុំ​​​នឹង​​​យក​​​សំបុត្រ​​​បង​​​ឲ្យ​​​នាង។​​​”

កាម៉ាល់​​​ក្រោក​​​ឈរ​​​ ហើយ​​​ក៏​​​ចាប់​​​ដៃ​​​ប្អូន​​​ស្រី​​​ជាប់។ អ្នក​​​កំលោះ​​​​​​រារែកចិត្ត​​​ បើ​​​ទោះ​​​បី​​​ប្អូន​​​ស្រី​​​​​​​​​ស្ម័គ្រ​​​ចិត្ត​​​ជួយ​​​​​​ក៏​​​ដោយ។​ “បង​​​អរ​​​​​​គុណ​​​​​​ឯង​​​​​​ណាស់​​​​​​​​​។ បង​​​ដឹង​​​ថា ពុកនឹង​​​ផ្លាស់​​​ប្តូរ​​​ចិត្ត។​​​ ពុកព្រួយ​​​ចិត្ត​​​​​​ណាស់ ព្រោះ​​​​​​​​​​​​​​​​​​ស្រូវ​​​​​​មិន​​​បាន​​​ផល​​​ល្អសោះ។ បងនឹង​​​និយាយ​​​តតាំង​​​​​​ជាមួយ​​​ពុកនៅ​​​អា​​​ទិត្យ​​​​​​​​​ក្រោយ​​​​​​​​​នេះ។ ​​​​​​បើ​​​ពុក​​​ជួប​​​សុភា គាត់​​​អាចនឹង​​​​​​សួរនាំ​​​នាង។”

ព្រឹត្តិការណ៍​​​ជាបន្ត​​​បន្ទាប់ផ្តើមកកើត​​​ឡើង​​​ក្នុង​​​គំនិត​​​​​​​​​ស្រមើ​​​ស្រមៃ​​​​​​របស់​​​កាម៉ាល់។ សុភា​​​នឹង​​​ទទួល​​​បាន​​​សំបុត្រ​​​អ្នក​​​កំលោះ​ហើយ​​​​​​​​​​​​នាង​​​នឹង​​​យល់នូវ​​​អារម្មណ៍​​​ខ្លួន​​​​​​ទៅ​​​លើ​​​នាង ហើយ​​​ខ្លួន​​​ក៏​​​មាន​​​តម្លៃ​​​ដែរ។​​​​​​ អ្នក​​​កំលោះ​​​​​​នឹង​​​ជជែក​​​លេងនឹង​​​​​​នាង​​​អំពី​​​សៀវភៅ​​​ផ្សេងៗ​​​អំពី​​​រឿង​​​ព្រះ​​​វេស្សន្តរ​​​និង​​​អំពី​ទីកន្លែង​​​នា​​​នា​​​​​​នៅ​​​លើ​​​ពិភព​​​លោក។ ​​​​​​នាង​​​នឹង​​​ដឹង​​​ថា អ្នក​​​កំលោះ​​​យល់​​​ដឹង​​​ច្រើន​​​លើស​​​ពី​​​ការ​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​ទៅ​​​ទៀត។​​​ ទី​​​បំផុត​​​​​​ ពុកអ្នក​​​កំលោះ​​​​​​នឹង​​​យល់​​​ព្រម​​​ពុំ​​​ខាន​​​ឡើយ។ អ្នក​​​កំលោះ​​​នឹង​​​រៀប​​ការ​​​ជាមួយ​​​សុភា។​​​អ្នក​​​ទាំង​​​​​​ពីរ​​​នឹង​​​ដើរ​​​ទៅ​​​ណា​​​មក​​​ណា​​​ជាមួយ​​​គ្នា។ អ្នក​​​កំលោះចង់​​​ទៅ​​​លេង​​​ក្រុង​​​ភ្នំពេញនិង​​​ក្រុង​​​ព្រះ​​​សី​​​ហនុ និង​​​ថែមទាំង​​​ក្រុង​​​បាង​​​កក​​​ដែរ។​​​អស់ឱ! ទី​​​នោះ​​​ចម្លែក​​​ហើយ​​​ស្អាត​​​អស្ចារ្យ​​​ប៉ុណ្ណា​​​ទេហ្ន៎។ អ្នក​​​​​​កំ​​​លោះ​​​ឮ​​​ពាក្យ​​​ចចាម​​​អារាម​​​ថា សុភាបាន​​​ទៅ​​​លេង​​​ក្រុង​​​បាង​​​កក។ នាង​​​នឹង​​​បង្ហាញ​​​អ្នកកំលោះ​​​ឲ្យ​​​ស្គាល់​​​ក្រុង​​​បាង​​​កក។ បន្ទាប់មក​​​ប្រហែល​​​​​ជា​​​អ្នក​​​ទាំង​​​ពីរ​​​នឹង​​​បើក​​​ហាង​​​មួយ​​​ក្នុង​​​ក្រុង​​​​​​​​​ភ្នំពេញ។​​​ ប្រហែលជា​​​សុភា​​​ចង់​​​រស់​​​នៅ​​​ក្នុង​​​​​​ក្រុង​​​ភ្នំ​​​ពេញ​​​។ ​​​នាង​​​​​​មិន​​​ចង់វិល​​​ត្រឡប់​​​ទៅ​​​រស់​​​នៅក្នុង​​​​​​ភូមិ​​​វិញ​​​ទេ។ពួក​​​គេ​​​​​​នឹង​​​​​​រស់​​​នៅ​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ។ ប៉ុន្តែ​​​ តើ​​​អ្នក​​​កំលោះ​​​មើល​​​ថែ​​​ពុកម៉ែ​​​និង​​​បងប្អូន​​​ស្រី​​​​​​​​​​​​ខ្លួន​​​យ៉ាង​​​ម៉េច​​​ទៅ ប្រសិន​​​បើ​​​​​​ទៅ​​​​​​រស់​​​នៅ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ? ពេជ្រ​​​​​​​​​​​​ត្រូវ​​​ការ​​​​​​​​​អ្នក​​​កំលោះ​​​​​​ដើម្បី​​​ធ្វើ​​​ស្រែ​​​។ ឯ​​​ពេជ្រ​​​វិញ​​​សូម្បី​​​​​​តែ​​​ដើរ​​​ក៏​​​ពិបាក​​​ទប់​​​​​​ខ្លួន​​​ដែរ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​​​​ចុង​​​ក្រោយ​​​​​​នេះ​​​។ ប្រហែល​​​ពួកគេ​​​ត្រូវ​​​​​​ទុក​​​ស្រែ​​​ចោល​​​​​​​​​​​​​​​ហើយ​​​មើល៍​​​ទៅ។​​​ កាម៉ាល់​​​អាច​​​ផ្ញើ​​​ប្រាក់​​​កាស​​​មក​​​ផ្ទះ។ អ្នក​​​កំលោះ​​​​​​​​​​​​នឹង​​​​​​បាន​​​ប្រាក់​​​កាស​​​ពី​​​ការ​​​រកស៊ីបើក​​​ហាង។ ដោយ​​​​​​វិធី​​​ណា​​​មួយ​​​ អ្នក​​​កំលោះ​​​​​​ត្រូវ​​​ពិចារណា​​​ឲ្យ​​​សព្វ​​​គ្រប់​​​សិន។​​​ អ្នក​​​កំលោះ​​​ជឿ​​​ជាក់​​​ថា ខ្លួន​​​នឹងរិះ​​​​​​រក​​​ឃើញ​​​វិធី​​​នោះ​​​។

ហូប​​​ផ្លែ​​​ស្វាយ​​​ពេល​​​យប់រួច​​​ កាម៉ាល់​​​ឡើង​​​កាំជណ្តើរ​​​ទៅ​​​លើ​​​ផ្ទះ​​​ហើយ​​​ក៏ប្រះ​​​ខ្លួន​​​ដេក​​​លើ​​​កន្ទេល​​​ដោយ​​​មិន​​​ដោះ​​​ខោ​​​អាវ​​​​​​ទេ។ ​​​នៅ​​​ពេល​​​វា​​​សណ្តូក​​​ខ្លួនដេក​​​ភ្លាម ហើយ​​​ចោល​​​ភ្នែក​​​ទៅ​​​ផ្លូវ ក៏​​​ឃើញ​​​​​​​​​បង្គោល​​​​​​របង​​​មុខ​​​ផ្ទះ​​​មានចាំង​​​​​​ពន្លឺ​​​ផ្លេកៗ​​​​​​ ដូច​​​ជា​​​​​​ក្រណាត់​​​ស​​​មួយ​​​​​​ផ្ទាំង​​​ត្រូវ​​ពន្លឺ​​​​​​ព្រះ​​​ចន្ទអ៊ី​​​ចឹងដែរ។ នារាត្រី​​​នោះ កាម៉ាល់​​​យល់​​​សប្តិ​​​ថា វា​​​និង​​​សុភា​​​ជិះ​​​ទូក​​​មួយ​​​ជាមួយ​​​គ្នា​អណ្តែតតាម​​​ខ្សែ​​​ទឹក​​​​​​​​​​​​ហូរ​​​។​​​នាង​​​ផ្តេក​​​ក្បាល​​​នាង​​​កើយ​​​​​​ភ្លៅវា ​ឯសក់ដ៏​​​ស្រស់​​​ស្អាត​​​របស់​​​នាង​​​រម្សាយ​​​​​​​​​​​​​​​​​​គ្រប​​​ជុំវិញ​​​ចង្កេះ​​​អ្នក​កំលោះ​​​ប្រៀប​​​​​​បាន​​​នឹង​​​​​​ដៃដ៏​​​ស្រលូន​​​​​​របស់​​​នាង​​​​​​អ៊ីចឹង។sophea-2

សុភា​​​មិន​​​ឆ្លើយ​​​តប​​​នឹង​​​សំបុត្រ​​​​​​របស់​​​អ្នក​​​កំលោះ​​​​​​ទេ។​​កាម៉ាល់​​​​ក៏​​​សរសេរ​​​សំបុត្រ​​​ច្បាប់ទី២ ​​​ផ្ញើ​​​ទៅ​​​នាង ដែល​​​ប្អូន​​​ស្រី​​​​​​អ្នក​​​កំលោះ​​​ប្រគល់​​​​​​ដល់​​​ដៃ​​​នាងផ្ទាល់​​​ ក្នុង​​​ពេល​​​ដែល​​​នាង​​​ដើរ​​​ចេញពី​​​វត្ត​​​ក្រោយ​​​​​​​​​​​​​​​ពី​​​បុណ្យ​​​មហា​​​សង្ក្រាន្ត។ នាង​​​ក៏​​​មិន​​​ឆ្លើយ​​​នឹង​​​សំបុត្រ​​​ទី​​​ពីរ​​​នេះ​​​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​​​ការ​​​ណែ​​​នាំ​​​របស់​​​ធី​​​តា​​​ កាម៉ាល់​​​សុំ​​​ឲ្យ​​​មីងអឿន​​​ដែល​​​ជា​​​មេអណ្តើក​​​​​​ទៅចែចូវ​​​ជាមួយ​​​ពុកម៉ែ​​​សុ​​​ភា។ គាត់​​​ជា​​​ស្ត្រី​​​បាន​​​​​ពាក្យ​​​បាន​​​សម្តីណាស់​​​​​​ ហើយ​​​ក៏​​​ជា​​​ប្រ​​​ពន្ធ​​​លោក​​​មេ​​​ភូមិ​​​ដែរ។ គាត់​​​មាន​​​អង្កាំ​​​មន្ត​​​​​​ស្នេហ៍​​​ដែល​​​គាត់​​​ប្រើ​​​សម្រាប់​​​កិច្ចការ​​​មេអណ្តើក។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី គាត់​​​​​​មិន​​​និយាយ​​​វែង​​​ឆ្ងាយ​​​ទេ​​​​​​ នៅ​​​ពេល​​​ដែល​​​ឪពុក​​​ម្តាយ​​​​​​សុភា​​​ប្រកាស​​​ថា សុភា​​​លែង​​​ជា​​​កូន​​​ស្រី​​​របស់​​​ខ្លួន​​​ទៀត​​​​​​​​​ហើយ​​​​​​​​​នោះ។ ពួកគេ​​​និយាយ​​​ថា គាត់​​​គួរតែ​​​ទៅ​​​និយាយ​​​ជាមួយ​​​ពូ​​​​​​របស់​​​នាង​​​វិញ។​​​ បន្ទាប់​​​មក​​​​​​ មីង​​​អឿន​​​ក៏​​​ទៅ​​​ផ្ទះ​​​​​​សុវណ្ណ​​​នៅ​​​ក្បែរ​​​​​​វត្ត។​​​  ពេល​​​ព្រឹក​​​​​​ជា​​​ពេល​វេលា​​​​​​ដ៏​​​ល្អ​​​​​​​​​​សម្រាប់​​​ការងារ​​​បែប​​​ហ្នឹង​​​។ មីង​​​អឿន​​​​​​បន្លឺ​​​វាចាថា “ជា​​​​​​​​​​​​ការ​​​​គោរព​​​ដ៏​​​ខ្ពង់​​​​ខ្ពស់​​​​​​និង​​​ជា​​​ការ​​​​​​​​​សមគួរផង​​​​​​ ខ្ញុំ​​​ចូល​​​មក​​​ផ្ទះអ្នក​​​​​​ក្នុង​​​នាម​​​​​​កា​​​ម៉ាល់។” មីង​​​អឿន​​​ច្របាច់​​​អង្កាំ​​​ខ្លាំងៗ​​​​​​លាក់​​​ក្នុង​​​ដៃ​​​គាត់។ ពូ​​​​​​សុភា​​​ក៏​​​ឆ្លើយ​​​តប “ខ្ញុំ​​​យល់​​​ហើយ​​​អ្នក!។” សុវណ្ណ​​​​​​អាច​​​ជា​​​បុរស​​​​​​​​​​​​សង្ហាម្នាក់ ប្រសិន​​​បើ​​​គាត់​​​មិន​​​បាក់​​​ធ្មេញ​​​​​​ច្រើន​​​ទេ​​​នោះ។ នៅ​​​ពេល​​​គាត់​​​និយាយម្តងៗ សំឡេង​​​គាត់​​​​​​ចេញ​​​ខ្យល់​​​ដូច​​​គេ​​​ហួច​​​ ត្បិត​​​ខ្យល់​​​ចេញ​​​តាម​​​ធ្មេញ​​​​​​គ្រហុប​​​​​​​​​​​​គាត់​​​។

“ប៉ុន្តែ ខ្ញុំ​​​ខ្លាច​​​ក្រែង​​​ថា​​​ ខ្ញុំ​​​មិនហ៊ាន​​​​​​សម្រេច​​​ចិត្ត​​​ជំនួស​​​ក្មួយ​​​ស្រី​​​ខ្ញុំ​​​បាន​​​ទេ។​​​ តើអ្នក​​​ស្គាល់​​​ក្មួយ​​​ស្រី​​​ខ្ញុំ​​​ទេ? នាង​​​ចេះ​​​សម្រេច​​​ចិត្ត​​​ដោយ​​​​​​ខ្លួនឯង​​​ហើយ។​​​​​​​​​​​​​​​​​​​​​​​​

មីង​​​អឿន​​​ពាំនាំ​​​​​​ដំណឹង​​​នេះ​​​ទៅ​​​ប្រាប់​​​​​​កាម៉ាល់​​​ ហើយ​​​ក៏​​​ប្រគល់​​​ក្រដាស​​​​​​ប្រាក់​​​រៀលទក់​​​ខ្ញុកខ្ញីទៅ​​​​​​​​​​​ឲ្យ​​​​​​កា​​​ម៉ាល់​​​​​​វិញ​​​ដែល​​​អ្នក​​​កំលោះ​​​ជូន​​​​​​​​​ជា​​​សគុណ​​​ដល់​​​​​​គាត់​​​ដើម្បី​​​​​​ធ្វើ​​​ជា​​​មេ​​​អណ្តើក​។​​ “ក្មួយ​​​អើយ!​​​សូម​​​ក្មួយ​​​​​​​​​ប្រាប់​​​បំណង​​​ឯង​​​ដល់​​​នាង​​​ផ្ទាល់​​​តែ​​​ម្តង​​​ទៅ​​​ ព្រោះ​​​នាង​​​​​​អាយុ​​​​​​២៣​​​ឆ្នាំ​​​ហើយ។”

នៅ​​​ថ្ងៃ​​​ចុង​​​ក្រោយ​​​​​​នៃ​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ថ្មី​​​ប្រពៃ​​​ណី​​​ខ្មែរ  ក្រោយ​​​​​ពី​​​​​​ពិធី​​​បង្សុកូល​​​​​​ឧទ្ទិស​​​ដល់​​​​​​វិញ្ញាណក្ខន្ធ​​​​​​​​​ឪពុក​​​ម្តាយ​​​និង​​​​ជីដូន​​​ជីតា​​​ដែល​​​ត្រូវ​​​ខ្មែរ​​​ក្រហម​​​សម្លាប់​​​រួចមក​​​​​​ និង​​​បន្ទាប់​​​ពី​​​អ្នក​​​ភូមិ​​​ងូត​​​ទឹក​​​លាយ​​​ទឹក​​​អប់​​​ឲ្យ​​​ចាស់​​​ទុំ​​​ដែល​​​រស់​​​រាន​​​មាន​​​ជីវិត​​​នៅ​​​ឡើយ​​​ កាម៉ាល់​​​​ក៏ប្រទះ​​​ឃើញ​​​​​​សុភាឈរ​​​ម្នាក់​​​ឯង​​​​​​ខាង​​​ក្រោម​​​​​​​​​ដើម​​​ពោធិ៍​​​​មួយ​​​ដើម។ នាង​​​ស្លៀក​​​​​​​​​ផាមួង​​​ក្រហម ពាក់​​​អាវ​​​​​​ប៉ាក់​​​សូត្រ​​​​ពណ៌ស ​​​និង​​​កអាវ​​​ពណ៌​​​​​​មាស​​​ចាំង​​​ផ្លេកៗ​​​នៅ​​​ជុំ​​​វិញ​​​ក​​​និង​ស្មា។ សក់​​​នាងបួង​​​ឡើង​​​​​​​​​​​​​​​រំលេច​​​ដោយ​បូ​​​​​​​​កម្រង​​​​​​ផ្កា​​​ពណ៌ស។ ដោយ​​​ក្បាល​​​នាង​​​​​​ងាក​​​​​​ផ្អៀង​​​​​​ទៅ​​​ម្ខាង​​​ហាក់​​​ដូច​​​ជា​​​កំពុង​​​ផ្ទៀង​​​ស្តាប់​​​ព្រះ​​​សង្ឃ​​​សូត្រ​​​ធម៌អ៊ីចឹង។ នាង​​​ហាក់​​​ដូច​​​ជា​​​​​​​​​សោះ​អង្គើយ​​​​នឹង​​​​​​អ្នក​​​ដទៃ​​​​​​ ទោះ​​​បី​​​ជា​​​សាច់​​​ញាតិ​​​នាង​​​អង្គុយ​​​​​​បត់​​​ជើង​​​ក្នុង​​​វត្ត​​​​​​ឃ្លាត​​​ពី​​​គ្នា​​​ប្រហែល​​​​​​​​​​​​​​​​​​ប៉ុន្មាន​​​ម៉ែត្រ​​​​​​​​​ក៏​​​ដោយ។ ​​​​​​ទុក្ខ​​​ព្រួយ​​​​​​ហាក់​​​ដូច​​​បៀម​​​ជាប់​​​នឹង​​​​​​ខ្លួន​​​​​​នាង​​​ដែល​​​កាម៉ាល់​​​មិន​​​ដែល​​​​​​​​ឃើញ​​​​​​​​​បែប​​​ហ្នឹង​​​សោះ​​​ពី​​​មុន​​​មក ប៉ុន្តែ​​​ បញ្ហា​​​នោះ​​​ក៏​​​បង្កប់​​​​​​ជ្រៅ​​​ទៅ​​​ក្នុង​​​ដួង​​​ចិត្ត​​​អ្នក​​​កំលោះ​​​ ហើយ​​​ទុក្ខ​​​ព្រួយ​​​​​​និង​​​ក្លិន​​​ទឹក​​​អប់​​​ក្នុង​​​ខ្យល់​​​​ធ្វើ​​​ឲ្យ​​​អ្នក​​​កំលោះ​​​មាន​​​អារម្មណ៍​​​​​​វិល​​​វល់​​​ហាក់​​​ដូច​​​ជា​​​ព្រលឹង​​​​​​​​​កំពុង​​​តែ​​​ហោះ​​​ហើរ​​​​​​អណ្តែត​​​ត្រសែត​​​ចេញ​​​ពី​​​រាង​​​កាយ​​​​​​​​​​​​​​​ដូច្នេះ​​​ដែរ​​​។ ពេល​​​នេះ​​​ អ្នក​​​កំលោះ​​​ត្រូវ​​​ហ៊ាន​​​និយាយ​​​រក​​​នាង។​​​​ នាង​​​នឹង​​​វិល​​​ត្រឡប់​​​ទៅ​​​ក្រុង​​​ភ្នំ​​​ពេញ​​​វិញ​​​នៅ​​​ព្រឹក​​​នេះហើយ​​​។​​​

ដោយ​​​ស្លៀក​​​ពាក់​​​សម្លៀក​​​បំពាក់​​​ពិធី​​​ ហើយ​​​បែកញើស​​​ស្រាក់ៗ​​​​​​អ្នក​​​កំលោះ​​​ដើរ​​​តម្រង់ទៅ​​​រក​​​នាង។ នាង​​​ក្រឡេក​​​​​​មើល ​​​ហើយ​​​សក់​​​​​​​​​​​​​​​​​​​​​មួយ​​​​​​របុំ​​​​​​តូច​​​​​​​​​ក៏​​​គ្រវាត់​​​ធ្លាក់​​​គ្របលើ​​​​​​កញ្ចឹង​​​ក​​​​​​ស​​​ម៉ដ្ឋ​​​​ខៃ​​​​​​​​​របស់​​​​​​នាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​​​​​​បន្លឺ​​​វាចាថា “បងកាម៉ាល់!។” នៅ​​​ពេលនាង​​​បញ្ចេញ​​​វាចា​​​​​​ភ្លាម អ្នក​​​កំលោះ​​​ដឹង​​​ថា ពុំ​​​ដឹង​​​រក​​​ពាក្យ​​​​​​​​​អ្វី​​​និយាយ​​​តប​​​នឹង​​​នាង​​​សោះ។ ​​​នាង​​​សួរ​​​នាំ​​​​​​អ្នក​​​កំលោះ ​​​ថា​​​តើខ្លួន​​​សប្បាយ​​​​រីក​​​រាយ​​​​ក្នុង​​​​​​ពិធី​​​​​​ចូល​​​ឆ្នាំ​​​ទេ។​​​ អ្នក​​​កំលោះ​​​ក៏​​​និយាយ​​​តប​​​វិញ។ នាង​​​និយាយ​​​ថា នាង​​​សុំ​​​​​​បួង​​​សួង​​​ឲ្យ​​​ពុកម៉ែ​​​នាង​​​មាន​​​សេចក្តី​​​សុខ​​​ចម្រើន ទោះ​​​បី​​​ជា​​​ពួក​​​គាត់​​​កាត់​​​កាល់​​​​​​នាង​​​ចោល​​​ក៏​​​ដោយ​​​ ហើយ​​​​នាង​​​ក៏​​​ឲ្យ​​​ព្រះសង្ឃ​​​បង្សុកូល​​​​​​ឲ្យ​​​​​​​​​ជីដូន​​​ជីតា​​​​​​​​​របស់​​​​​​នាង​​​ដែល​​​​​​ទទួល​មរណកាល​​​​​​ទៅ​​​ហើយ​​​​​​ផងដែរ​​​​​​។ ពេល​​​កំពុង​​​និយាយ​​នាង​​​​បង្វិល​​​ខ្សែ​​​ដៃ​​​ប្រាក់​​​មួយ​​​ខ្សែ​​​ចុះឡើងៗនៅ​​​លើក​​​ដៃនាង​។

“សុភា! តើអូន​​​បាន​​​ទទួល​​​សំបុត្រ​​​បង​​​ទេ?”

នាង​​​ញញឹម​​​ ហើយ​​​ក៏​​​សួរ “សំបុត្រ​​​ប៉ុន្មាន​​​​​​​​​ ចា៎?”

“ពីរ សំបុត្រ​​​ពីរ​​​។”

នាង​​​សើច​​​តិចៗ ហើយ​​​ងាក​​​មុខ​​​ចេញវឹង ស្រាប់​​​តែ​​​​​​សក់​​​​​​នាង​​​​មួយ​​​​​​របុំតូច​​​​​​របូត​​​ចេញ​​​ពី​​​បូ​​​ផ្កា ហើយ​​​ធ្លាក់គ្រប​​​​​​លើ​​​​​​ស្មា​​​នាង​។​​​ ពេល​​​នោះ​​​ពូ​​​មីង​​​​​​និង​​​បងប្អូន​​​ជី​​​ដូន​​​មួយ​​​នាង​​​​​​នាំ​​​គ្នា​​​ដើរ​​​ត្រសង​​​​​​ចេញ​​​ពី​​​វត្ត ដោយ​​​មាន​​​កាន់​​​​​​ក្រឡានផង​​​ ហើយ​​​នាង​​​ក៏ទៅ​​​ចូល​​​រួម​​​​​​ជាមួយ​​​ពួក​​​​​​គេនៅ​​​ក្រោម​​​រោងពណ៌ស​​​​​​ដោយ​​​មាន​​​មនុស្ស​​​អ៊ូអរសប្បាយ​​​អ៊ឹក​​​ធឹក។ កាម៉ាល់​​​​​​ឈរ​​​ទ្រឹង​​​មួយ​​​សន្ទុះ​​​នៅ​​​ក្បែរ​​​ដើម​​​ពោធិ៍ ដោយ​​​មាន​​​​​​គំនិត​​​​​​គិត​​​​​​​​​​​អណ្តែត​​​អណ្តូង​​​។ បន្ទាប់​​​មក អ្នក​​​កំលោះ​​​ចូល​​​រួម​​​ជាមួយ​​​គ្រួសារ​​​​​​របស់​​​ខ្លួន​​​​​​នៅ​​​ឯ​​​​​​​​​វត្ត។

នៅ​​​រាត្រី​​​នោះ ធីតា​​​ខ្សឹប​​​ប្រាប់​​​កាម៉ាល់ថា “បងប្រុស​​ប្រហែល​​​​​ជា​​​នាង​​​​​​មិន​​​​​​ស័ក្តិ​​​សម​​​នឹង​​​បងទេ។”

កាម៉ាល​​់​​​ឆ្លើយ​​​តប “ប្អូន​​​ស្រី! កុំ​​​និយាយ​​​អ៊ី​​​ចឹង​​​អីណា៎។” ពួកគេ​​​​នៅ​​​ក្នុង​​​រោងដាក់អីវ៉ាន់​​​ ចំណែក​​​​​​កាម៉ាល់​​​​​​វិញ​​​កំពុង​​​​​​សំ​​​លៀង​​​ផាល​​​នង្គ័ល​​​។ រំលង​​​តែ​​​មួយ​​​ខែទៀត​​​ប៉ុណ្ណោះ​​​ ចូល​​​ដល់​​​រដូវ​​​ដក​​​ស្ទូង​​​ហើយ។ បង​​​​​​មិន​​​ទាន់​​​បាន​​​សារភាព​​​​​​បេះដូង​​​​​​​​​បង​​​ឲ្យ​​​នាង​​​ដឹង​​​ទេ​​។ ​​​ទោះ​​​បី​​​ជា​​​​​​ទទួល​​​បរាជ័យ​​​រហូត​​​មក​​​ដល់​​​ពេល​​​នេះក៏​​​ដោយ ក៏​​​អ្នក​​​កំលោះ​​​មាន​​​ការ​​​​​​ប្តេជ្ញា​​​ចិត្ត​​​ជាង​​​លើក​​​មុនៗ។​ អ្នក​​​កំលោះ​​​​​​​​​ក្រោក​​​ទៅ​​​វត្ត​​​​​​រាល់​​​​​​​​​ព្រហាម​​​ស្រាងៗ​​​មុន​​​​​​​​​នឹង​​​អ្នក​​​កំលោះ​​​​​​និង​​​ពុក​​​វា​​​បរ​​​រទេះ​​​គោ​​​ទៅ​​​ស្រែ។

sophea 3អ្នកកំលោះ​​​មិន​​​បាន​​​ជួប​​​សុភា​​​ម្តង​​​ទៀត​​​ទេ ​​​រហូត​​​ដល់​​​​​​ខែ​​​កក្កដា​​​ ទើប​​​​​​បាន​​​ជួប​​​ នៅ​​​ពេល​​​ដែល​​​នាង​​​ត្រឡប់​​​​​​​​​មក​​​ភូមិ​​​វិញ​​​ដើម្បី​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​អាពាហ៍​​​ពិពាហ៍​​​មិត្ត​​​ល្អ​​​នាង​​​ឈ្មោះ ​ស៊្រុន គីមលាង។ គីម​​​លាង​​​ គឺ​​​ជា​​​មិត្ត​​​ភក្តិ​​​ចុង​​​ក្រោយ​​​របស់​​​នាង​​​​​​នៅ​​​ក្នុង​​​ភូមិ​​​ដែល​​​ត្រូវ​​​រៀប​​​ការ។​​​ កាម៉ាល់​​​​​​រង់ចាំ​​​រេរ៉​​​​​​​​​ដោយ​​​អន្ទះ​​​អន្ទែង​​​​​​​ក្នុង​​​ចិត្ត​​​ ដើម្បី​​​បាន​​​និយាយ​​​​​​​​​នឹង​​​នាង​​​នៅ​​​ខាង​​​ក្រៅ​​​ផ្ទះ​​​ពូ​​​​​​របស់​​​នាង ប៉ុន្តែ​​​ នាង​​​បាន​​​​​​​​​នៅ​​​ដាច​​​់​​​ពី​​​កូន​​​​​​ក្រមុំ​​​ ដើម្បី​​​រៀប​​​ចំ​​​ត្រៀម​​​​សម្លៀក​​​បំពាក់​​​​​​និងសក់​​​ពាក់​​​ដែល​​​​​​គីមលាង​​​ត្រូវ​​​​​​​​​ពាក់។

នៅ​​​ថ្ងៃ​​​ទី​​​២ ​​​នៃ​​​ពិធី​​​អាពាហ៍​​​ពិពាហ៍​​​ កាម៉ាល់​​​ គ្រួសារ​​​វា​​​សុភា​​​​ និង​​​ពូមីង​​​​​​​​​សុភា​​​​​​ចូល​​​រួម​​​ជា​​​មួយ​​​អ្នក​​​ភូមិ​​​ផ្សេង​​​ទៀត​​​ ដើម្បី​​​ហែ​​​កូន​​​កំលោះ​​​​​​​​​​​​ទៅ​​​កាន់​​​ផ្ទះ​​​កូន​​​ក្រមុំ ចំណែក​​​ឯក្រុម​​​អ្នក​​​ភ្លេង​​​​​​ដើរ​​​ហែ​​​ពី​​​ក្រោយ​​​​​​ហើយ​​​​​​​​​​​ផ្លុំ​​​ខ្លុយ​​​​​​បទ​​​ហែ​​​ជំនូន។ មិត្ត​​​ភក្តិ​ ​​ក្រុម​​​គ្រួសារ​​​​​​​​កាន់​​​ក្បាល​​​​​​ជ្រូកនិង​​​មាន់​​​ទាំង​​​មូលៗ​​​ព្រមទាំង​​​​​​ផ្លែ​​​ស្វាយ​​​​​​ដែរ​​​​​។​​​ នៅ​​​ឯ​​​រោង​​​ការ​​​ កាម៉ាល់​​​អង្គុយ​​​​​​នៅ​​​ចម្ងាយ​​​បី​​​ជួរ​​​ពី​​​សុភា​។​ នាង​​​មើល​​​ទៅ​​​គួរ​​​ឲ្យ​​​បេតី​​​មែន​​​ ប៉ុន្តែ​​​នាង​​​​​​មិន​​​និយាយស្តី​​​​​​រក​​​អ្នក​​​ដែលអង្គុយ​​​​​​នៅជិត​​​នាង​​​ទេហើយ​​​កាម៉ាល់ដឹង​​​​​​ម្តង​​​ទៀត​​​ថា​​​ ​ភាព​​​ឯកោ​​​​​​​​​ត្រមង់​​​ត្រមោច​​​​​​របស់​​​នាងដែល​​​អ្នក​​​កំលោះ​​​បាន​​​សង្កេតឃើញ​​​ផ្ទាល់​​​ភ្នែក​​​​​​កាល​​​ពី​​​មុន​​​មិនទាន់​​​ស្រាកស្រាន្ត​​​​​​​​​ទេ ទោះ​​​បី​​​ជា​​​​​​មាន​​​សម្តែង​​​​​​កំប្លុក​​​​​​កំប្លែង​​​​​​​​​​​​និង​​​​​​ចម្រៀង​​​ក្នុង​​​​​​ពិធី​​​ច្រៀង​​​កាត់​​​សក់​​​កូន​​​កំលោះ​​​កូន​​​​​​ក្រមុំ​​​​​​ក៏​​​ដោយ។​​​​​​​​​​

តាអាចារ្យ​​​ដែល​​​រៀប​​​ចំអាពាហ៍​​​ពិពាហ៍​​​ពីរ​​​ដង​​​នៅ​​​ព្រែក​​​បាណន់​​​នៅ​​​ខែ​​​នោះ ឈរ​​​ចំ​​​ពី​​​មុខ​​​គូ​​​ស្វាមី​​​ភរិ​​​យា​​​វ័យ​​​ក្មេង​​​​ហើយ​​​​​ក៏​​​ងាក​​​ទៅ​​​រក​​​គីមលាង។ ចូរ​​​នាង​​​ចេះ​​​គោរពប្រណិប័ត​​​​​​ស្វាមីឲ្យ​​​បាន​​​ខ្ជាប់​​​ខ្ជួន​​​​​​បម្រើ​​​ស្វាមី​​​ឲ្យ​​​បាន​​​ល្អ​​​ ហើយចូរ​​​នាង​​​​​​​​​​​​រក្សា​​​ភ្លើង​​​​​​ទាំង​​​បី​​​​​​។​​​ គីមលាង​​​ងក់​​​ក្បាល​​​ទទួល។​​​ កូន​​​កំលោះ​​​និង​​​កូន​​​ក្រមុំ​​​បំពាក់​​​ចិញ្ចៀន​​​ឲ្យ​​​​​​​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក។​​​​​​​​​ ក្នុង​​​ពិធី​​​សំពះផ្ទឹម​​​ ពេល​​​ដែល​​​ឪពុក​​​ម្តាយ​​​ចង​​​អំបោះ​​​ក្រហម​​​​​​ជុំ​​​វិញ​​​ក​​​ដៃ​​​កូន​​​កំលោះ​​​និង​​​កូន​​​ក្រមុំ​​​ ភ្លាម​​​នោះ​​​សុភា​​​ក៏​​​យំ​​​ខ្សឹក​​​ខ្សួលឆែតឆតតិចៗ។

នៅ​​​ល្ងាច​​​នោះ បន្ទាប់​​​ពីស៊ី​​​ការ​​​​​​រួច​​​ ពុកម៉ែ​​​កាម៉ាល់​​​​​​ត្រឡប់​​​មក​​​ផ្ទះ​​​វិញ​​​ឯ​​​កាម៉ាល់​​​ក៏​​​ឆ្លៀត​​​​​​ទៅ​​​អង្គុយ​​​​​​តុ​​​ជាមួយ​​​សុភា។ ភាព​​​ស្រងេះ​​​ស្រងោច​​​របស់​​​នាង​​​កាលពី​​​ថ្ងៃ​​​​​​រសាយ​​​បាត់​​​អស់​​​រលីង​​​​​​។​​​ នាង​​​និយាយ​​​​​​លេង​​​សើច​​​យ៉ាង​​​រីករាយក្អាកក្អាយ​​​​​​​​​ជាមួយ​​​មិត្ត​​​ភក្តិ​​​​​​​​​ហើយក៏​​​​​​ទទួល​​​ការ​​​អញ្ជើញ​​​ឡើង​​​រាំដែរ។ អ្នក​​​កំលោះ​​​កត់​​​សម្គាល់​​​​​​​ឃើញ​​​ថា​​​ប្រុសៗ​​​មើល​​​នាង​​​យ៉ាង​​​ភ្លឹក សូម្បី​​​តែ​​​​​​ពួកម៉ាក​​​មួយ​​​ចំនួន​​​របស់​​​​​​អ្នក​​​កំលោះ​​​​​​ក៏​​​អ៊ី​​​ចឹង​​​ដែរ។ នាង​​​ញញឹម​​​ដាក់​​​​​​ពុកម៉ែ​​​នាង​​​ ទោះ​​​បី​​​ពួក​​​គាត់​​​លែង​​​រាប់​​​រក​​​នាង​​​ក៏​​​ដោយ។ ពេល​​​នាង​​​បង្វិល​​​ខ្លួន​​​​​​ហើយ​​​បែរ​​​ទៅ​​​រក​​​តូរ្យ​​​តន្ត្រី សក់​​​នាង​​​រម្សាយ​​​​​​រេរាំ​​​​ក្រោម​​​ពន្លឺ​​​អំពូល​​​ម៉ែត្រ​​​ដ៏​​​ភ្លឺ។

ទី​​​បំផុត ឱកាស​​​ក៏​​​មក​​​ដល់ នៅ​​​ពេល​​​ដែល​​​កាម៉ាល់​​​​​​នៅ​​​ជាមួយ​​​​នាង​​​តែ​​​ពីរ​​​នាក់​​​។​​​ កាម៉ាល់​​​​​​និយាយ​​​ដោយយកដៃ​​​ចាប់​​​​​​ច្របាច់ជើង​​​ខ្លួនឯង​​​ខ្លាំងៗ​​​​​​ដើម្បី​​​ប្រឹង​​​គ្រប់​​​គ្រង​​​អារម្មណ៍​ថា​ “អូន មើល​​​ទៅ​​​ស្អាត​​​ណាស់​​​យប់នេះ!។”

នាង​​​​​​បន្លឺ​​​វាចា​​​តប “ចា៎ អរគុណ។”

អ្នក​​​កំលោះ​​​ជូន​​​សំបុត្រ​​​ថ្មី​​​មួយ​​​ច្បាប់​​​​​​ដល់នាង។ នាង​​​អាន​​​​​​ដោយ​​​មិន​​​​​​ចេញ​​​ស្តី​​​មួយ​​​ម៉ាត់សោះ​​​។ អ្នក​​​កំលោះ​​​សិក្សា​​​ទឹក​​​មុខ​​​នាង។ តើ​​​នាង​​​កំពុង​​​គិត​​​យ៉ាង​​​ម៉េច? ការ​​​រាំ​​​មួយ​​​បទ​​​ទៀត​​​ចាប់​​​ផ្តើម។ បទ​​​ស្រា​​​មួយ​​​កែវ​​​​​​​​​បន្លឺ​​​ឡើង​​​ខ្លាំងៗ​​​ចេញ​​​ពី​​​​​​មេក្រូ​​​ដែល​​​ចង​​​​​​ជាប់​​​នឹង​​​បង្គោល​​​រោង​​​ការ។ ពេល​​​ដែល​​​តូរ្យ​​​តន្ត្រី​​​​​​លាន់ឮ​​​កង​​​រំពង​​​​​​កាន់​​​តែ​​​ខ្លាំង​​​ ទើប​​​អ្នក​​​កំលោះ​​​ឃើញ​​​​ទឹក​​​ក្រូច​​​​ក្នុង​​​កែវ​​​នាងរង្គើ។​​​ នៅ​​​កន្លែង​​​ផ្សេង​​​ទៀត មនុស្ស​​​ម្នា​​​នាំគ្នា​​​ច្រៀង​​​ចម្រៀង​​​​លោក ស៊ិន ស៊ី​​​សាមុត។​​​ តើនាង​​​កំពុង​​​គិត​​​អ្វី​​​ទៅហ្ន៎?

អ្នក​​​កំលោះ​​​ចោលភ្នែក​​​​​​មើល​​​នាង។ នាង​​​ស្អាត​​​មែន​ទែន​។​​នាង​​​​​​​​​​​​​​​ដាក​​​់​​​ដៃ​​​ម្ខាង​​​លើ​​​តុ។​​​ ដៃ​​​នាង​​​ប៉ះ​​​​​​ស្រាលៗ​​​​​​នឹងដៃ​​​​​​អ្នក​​​កំលោះ។ ​​​នាង​​​និយាយ​​​មក​​​កាន់​​​អ្នក​​​កំលោះ “កាម៉ាល់! បង​​​គួរ​​​ឲ្យ​​​​ចូល​​​​​​ចិត្ត​​​មែន។ បើ​​​បង​​​ចង់​​​ជជែក​​​នឹង​​​​​​ខ្ញុំ សូម​​​បង​​​មក​​​លេង​​​ផ្ទះ​​​ខ្ញុំ​​​នៅ​​​ក្រុង​​​ភ្នំពេញ​​​កុំខានណា៎។” នាង​​​ក៏លូក​​​​​​​​​យក​​​ក្រដាស​​​មួយ​​​សន្លឹក​​​ពី​​​កាបូប​​​ដៃ​​​នាង​​​ហើយ​​​ក៏​​​សរសេរ​​​អាសយដ្ឋាន​​​របស់​​​នាង​។ នាង​​​កំណត់​​​ថ្ងៃ​​​ខែណាត់​​​ជួប​​​គ្នា​​​​​​​​​មួយ​​​ខែ​​​​​​ពី​​​ពេល​​​នេះ​ទៅ​។

កាម៉ាល់​​​មាន​​​អារម្មណ៍ភ័យ​​​​​​ផង​​​អរ​​​​​​ផង​​​​​​ ចង្វាក់​​​បេះដូង​​​លោត​​​​​​​ញាប់​​​ក្តុកក្តាក់ៗ។​​​ តូរ្យ​​​តន្ត្រីបញ្ចេញ​​​សូរសៀងរន្ថាន់ខ្ទរ​​​រំពង​​​ស្ទើរ​​​បែក​​​​​​ក្រដាស​​​ត្រចៀក។​​​

អ្នក​​​កំលោះ​​​ឆ្លើយ​​​តប “បងនឹង​​​ទៅ!។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​”

“បង​​​ប្រហែល​​​​​​មិន​​​ធ្លាប់​​​ទៅ​​​ក្រុង​​​ភ្នំ​​​ពេញ​​​ទេ មែនទេ?”

“បង​​​អាច​​​ទៅ​​​ដល់​​​ទី​​​នោះ។ អូន​​​ជឿ​​​បង​​​ចុះ។”

“ខ្ញុំ​​​រស់​​​នៅ​​​​​​ក្បែរ​​​វត្ត​​​​​​លង្កា។ អ្នក​​​បើក​​​ទុកទុក​​​​​​​​​​​​ស្គាល់​​​ទី​​​នោះ​​​។ ទៅ​​​ដល់​​​វត្ត​​​លង្កា​​​​​​ហើយ​​​សួររកទិសដៅ​​​ទៅ​​​កាន់​​​ផ្លូវ​​​ផ្ទះ​​​ខ្ញុំណា៎។”

កាម៉ាល់​​​ងក់​​​ក្បាល​​​ទទួល​​​យល់​​​ព្រម ហើយ​​​ក៏​​​និយាយ​​​រអ៊ូៗ​​​។ ​​​រំពេច​​​នោះ អ្នក​​​កំលោះ​​​គិត​​​ថា​​​ខ្លួន​​​​​​ត្រូវ​​​ចាក​​​ចេញ​​​ពី​​​កន្លែង​​​​រាំ​​​​​​ ក្រែង​​​​លោ​​​​​​សុភា​​​ប្តូរ​​​​​​ចិត្ត​​​។​​​ អ្នក​​​កំលោះ​​​​​​លា​​​នាង​​​ហើយ​​​ក៏​​​ប្រញាប់​​​​ប្រញាល់​​​ចាក​​​ចេញ​​​ទៅ។​​​​​​

កាម៉ាល់គិត​​​​​​ថា​​​តើ​​​សម្លៀក​​​បំពាក់​​​បែប​​​ណា​​​ទេ​​​ដែល​​​ខ្លួន​​​ត្រូវ​​​​ស្លៀក​​​ពាក់​​​​​​ពេល​​​​​​ទៅ​​​ក្រុង​​​ភ្នំ​​​ពេញ។ ពី​​​មួយ​​​​​​ថ្ងៃ​​​ទៅ​​​មួយ​​​ថ្ងៃ​​​ចេះ​តែ​​​កន្លង​​​ផុត​​​ទៅ​​​ អ្នក​​​កំលោះ​​​គិត​​​អំពី​​​បញ្ហា​​​ដ៏​​​ធ្ងន់​​​នេះ​​​ ក្នុង​​​ពេល​​​ដែល​​​​​​​​​ខ្លួន​​​និង​​​ឪពុក​​​ខ្លួន​​​​​​ស្ទូង​​​សំណាប​​​​​​ជា​​​ជួរៗ​​​​​​ដែល​​​ហាក់​​​បី​​​ដូច​​​ជា​​​ព្រៃ​​​ព្រឹក្សាតូចៗ​​​ដុះទ្រុបទ្រុលដូច្នេះ​​​ដែរ។​​​ រដូវ​​​វស្សា​​​ចូល​​​មក​​​ដល់​​​ ដែល​​​បង្កើត​​​បានជា​​​​​​អ័ព្ទ​​​​​​មីរ​​​ដេរ​​​ដាស​​​ពេញ​​​ផ្ទៃទន្លេ។

នៅ​​​ថ្ងៃ​​​អាទិត្យ​​​មួយ ​​​​​​ក្នុង​​​​​​ពេល​​​​​​​​​ដែល​​​ហូប​​​​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​​​​នៅ​​​ឯ​​​ផ្ទះមិត្ត​​​​​​​​​​​​ម្នាក​​​់​​​ឈ្មោះ​​​ឆាយ អ្នក​​​កំលោះ​​​ក៏​​​សួរ​​​ថា​​​​ “ឯងមាន អាវ​ស្អាត​​​មួយ​​​ដែល​​​គ្នា​​​​​​សុំ​​​ខ្ចី​​​បាន​​​ទេ ហៈ?។” អ្នក​​​កំលោះ​​​​​ស្គាល់​​​​ឆាយ​​​​​​តាំង​​​ពី​​​រៀន​​​នៅ​​​សាលា​​​បឋម​​​សិក្សា​​​ជាមួយ​​​គ្នា​​​និង​​​រាប់​​​អាន​​​ទុក​​​ចិត្ត​​​គ្នា​​​​​​​​​លើស​​​មិត្ត​​​ភក្តិ​​​ផ្សេង​​​ទៀត។

ឆាយ​​​និយាយ​​​ទាំង​​​​​​ញញឹមខ្ជិប​​​​​​​​​បិទ​​​មាត់​​​មិន​​​ជិតថា “ឯង​​​និយាយ​​​លេង​​​ម៉េច​​​ហ្អ៎ះ!”

ប្រពន្ធ​​​របស់​​​ឆាយ​​​ឈ្មោះ​​​គន្ធា​​​​​​និយាយកាត់​​​ “ប្តី​​​ខ្ញុំ​​​មាន​​​អាវ​​​ស្អាត​​​មួយ​​​ពេល​​​​​​បាន​​​គ្នា​​​​​​ជា​​​ប្តី​​​ប្រពន្ធ។ ខ្ញុំ​​​មិន​​​បាន​​​ឃើញ​​​អាវ​​​នោះ​​​​បី​​​ឆ្នាំ​​​ហើយ​​​។” ពេលនោះ កូន​​​ប្រុស​​​​​​តូច​​​របស់​​​ឆាយ​​​វារ​​​ឡើង​​​លើ​​​ភ្លៅ​​​កាម៉ាល់។

កាម៉ាល់​​​និយាយ​​​តប “អ៊ី​​​ចឹង ឲ្យ​​​គ្នា​​​ខ្ចី​​​ប្រាក់​​​​​​ខ្លះ​​​បាន​​​​​​ទេ? គ្នា​​​នឹង​​​​ទិញ​​​អាវ​​​​​​ថ្មី​​​មួយ​​​នៅ​​​តាកៅ​​​។” អ្នក​​​កំលោះ​​​ក៏​​​​​​ប្រឡែង​​​លេង​​​ដោយ​​​លូក​​​​​​ដៃ​​​អេះ​​​បាតជើង​​​កូន​​​របស់​​​ឆាយ។

ឆាយ​​​ឆ្លើយ​​​តប “មិនអី​​​ទេ សម្លាញ់! ហើយ​​​គ្នា​​​នឹង​​​​​​មាន​​​គុណ​​​សម្បត្តិ​​​ច្រើន​​​ណាស់​​​​​​ ពេល​​​សម្លាញ់​​​ឯង​​​ទទួល​​​បាន​​​ជោគ​​​ជ័យ។​ ជា​​​ការ​​​ធូរ​​​ទ្រូង​​​ដែរ​​​សម្រាប់​​​សុភា​​​ដែល​​​ត្រូវ​​​មាន​​​ប្តី​​​សី​​​ដូច​​​គេ​​​ដូច​​​ឯង​​​នោះ​​​។”

គន្ធា​​​ឆ្លើយ​​​​​​តប “បង​​​​​​មិន​​​ចាច់​​​ត្រូវ​​​ការ​​​អាវ​​​ស្អាត​​​អី​​​ទេ។ តាម​​​ខ្ញុំ​​​ដឹងស្រីៗ​​​​​​​​​​​ច្រើនណាស់​​​​​​​​​​​​​​​លង់​​​ស្នេហ៍​​​នឹង​​​បង​​​​​​​​​រួច​​​ហើយ។”

កាម៉ាល់និយាយ​​​តប “ខ្ញុំ​​​មិន​​​ត្រូវ​​​ការ​​​ស្រីៗ​​​ច្រើន​​​ទេ។”

គន្ធា​​​​​​គ្រវី​​​ក្បាល​​​ដាក់​​​កាម៉ាល់​​​ហាក់​​​ដូច​​​ជា​​​​​​កាម៉ាល់​​​ជា​​​ក្មេង​​​ទំរើស​​​អ៊ីចឹង។ “សុភា​​​ប្រាកដ​​​ជា​​​ស្រឡាញ់​​​បង​​​​​​រួច​​​ហើយ បាន​​​ជា​​​នាង​​​ហៅ​​​បង​​​​​​​​ទៅ​​​ភ្នំពេញ​​​។ នាង​​​មិន​​​ដែល​​​ហៅ​​​​​​យើង​​​ទៅ​​​ភ្នំពេញ​​​​​​ទាល់​​​តែ​​​​​​សោះ។”

ឆាយ​​​តប “យើង​​​​​​ទៅ​​​ភ្នំ​​​ពេញ​​​​​​ដោយ​​​ខ្លួន​​​ឯងក៏​​​បាន​​​ដែរ។​​​”​

គន្ធា​​​និយាយបណ្តើរ​​​ រើ​​​ចាន​​​ចេញ​​​ពី​​​តុ​​​បណ្តើរ​​​ “តើទៅ​​​ពេល​​​​​ណា​​​ចា៎?​​​ នាង​​​ប្រាកដ​​​ជារងា​​​ហើយ​​​មើល៍ទៅ​​​ បើ​​​​ស្លៀក​​​​​ពាក់​​​​​​ខើច​​​លើ​​​ខើច​​​ក្រោម​​​អ៊ីចឹង​​​​​​​​​។”

នៅ​​​ថ្ងៃ​​​ដែល​​​កាម៉ាល់​​​​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ដំ​​​ណើរ​​​ទៅ​​​ភ្នំពេញ ​កម្តៅ​​​​ថ្ងៃ​​​នៅ​​​តែ​​​ឆួល​​​ឡើង​​​ ទោះ​​​បី​​​ជា​​​មាន​​​ភ្លៀង​​​ធ្លាក់​​​​​​ក៏​​​ដោយ។ ​កាម៉ាល់​​​​បែក​​​ញើស​​​ជោក​​​ខ្លួន​​​​​​នៅ​​​ពេលដែល​​​​​​​​​អ្នក​​​កំលោះ​​​​​​​​​បើក​​​​​​ម៉ូតូ​​​តាម​​​ផ្លូវ​​​ឆ្ពោះ​​​ទៅ​​​ភូមិ​​​តា​​​កៅ។ នៅ​​​ទី​​​នោះ​​​ អ្នក​​​កំលោះ​​​ទៅ​​​ទាន់​​​រថយន្ត​​​ក្រុង​​​ចេញ​​​នៅ​​​ម៉ោង​​​៣​​​រសៀល​​​ទៅ​​​កាន់​​​ទី​​​ក្រុង។​​​​ដោយ​​​បើក​​​ហួស​​​វាល​​​ស្រែ​​​ល្ហល្ហេវ​​​ដែលត្រូវ​​​​​​ទឹក​​​ជំនន់​​​​​​លិច ហ្វូង​​​​គោ​​​និង​​​ផ្ទះ​​​ដំបូល​​​ប្រក់​​​​​​ស័ង្ក​​​សី​​​​​​នៅ​​​រកេត​​​រកូត​​​​​​​​​អម​​​តាម​​​សង​​​ខាង​​​ផ្លូវ អ្នក​​​កំលោះ​​​ហាត់​​​សម​​​និយាយ​​​ពាក្យ​​​សម្តី ដែល​​​ខ្លួន​​​នឹង​​​និយាយ​​​​​​ទៅ​​​រក​​​សុភា។ នៅ​​​វេលាម៉ោង​​​២​​​រសៀល អ្នក​​​កំលោះ​​​​ក៏​​​មក​ដល់​​​ភូមិ​​​តាកៅ។ បន្ទាប់​​​ពី​​​ចាក់​​​សោ​​​ម៉ូតូ​​​ជាប់​​​នឹង​​​បង្គោល​​​ដែក​​​​​​ស្រួលបួល​​​ អ្នកកំលោះ​​​​​​ដាក់​​​គូទអង្គុយ​​​នៅ​​​លើ​​​បង់ឈើកំពុក​​​មួយ​​​នៅ​​​ឯ​​​ស្ថានីយ​​​ឡាន​​​ក្រុង​​​។ ក្នុង​​​ដៃ​​​អ្នក​​​កំលោះ​​​មាន​​​កាន់​​​​​​​​​​​​ក្រដាស​​​មួយ​​​សន្លឹក​​​មាន​​​អាសយដ្ឋាន​​​​​​ដែល​​​នាង​​​ប្រគល់​​​ឲ្យ​​​​​​។

យូរៗ​​​ម្តង​​​ អ្នក​​​កំលោះ​​​ក្រឡេក​​​មើល​​​នាឡិកា​​​ព្យួរ​​​នឹង​​​ជញ្ជាំង​​​​ដែល​​​វាយ​​​វិ​​​នាទី​​​យឺត​​​​​​តឹកៗ។ មួយ​​​ម៉ោង​​​កន្លង​​​ផុត​​​ទៅ។ រថយន្ត​​​ក្រុង​​​ក៏​​​មិន​​​ទាន់​​​មក​​​ដល់ទៀត។​​​ អ្នក​​​កំលោះ​​​បែក​​​ញើស​​​ស្រាក់ៗ​​​​​​​ជោក​​​អាវ​​​ថ្មី​​​​​​​​​។ មួយ​​​​​​ម៉ោង​​​ទៀតក៏​​​​​​រំលង​​​ផុត​​​ទៅ។​​​ លុះ​​​ដល់​​​ម៉ោង​​​៥​​​:១០នាទី​​​ល្ងាច ទើប​​​រថយន្ត​​​ក្រុ​​​ង​​​​​​មក​​​ដល់​​​ដោយ​​​គ្មាន​​​ការ​​​សុំ​​​ទោស​​​អ្វី​​​ឡើយ ហើយ​​​អ្នក​​​កំលោះ​​​ក៏​​​ឡើង​​​ទៅ​​​អង្គុយ​​​លើកៅអី​​​​​​​​​​​​ខាង​​​មុខ ដើម្បី​​​​​​​​​​​​​​អាច​​​​​​​​​​​​ចុះ​​​មុន​​​គេបាន​​​។ មាន​​​អ្នក​​​ដំណើរ​​​តែ​​​ពីរ​​​បី​​​នាក់​​​​​​ប៉ុណ្ណោះ​​​​​​​​​ជិះ​​​ឡាន មាន​​​ប្តី​​​ប្រពន្ធ​​​វ័យ​​​ចំណាស់​​​មួយ​គូ​​​​​​ដែល​​​ចេះ​​​តែ​​​និយាយ​​​​​​ប៉ប៉ាច់​​​ប៉ប៉ោច​​​មិន​​​ដាច់​​​​​​អំពី​​​ការ​​​ជួប​​​កូន​​​ប្រុស​​​ពួក​​​គេ និង​​​បុរស​​​ម្នាក់​​​​​​ដែល​​​អង្គុយ​​​សម្លឹង​​​តាម​​​បង្អួច។ នៅ​​​ជ្រៃ​​​ធំ​​​ មាន​​​ចាម​​​មួយ​​​គ្រួសារ​​​​​​ឡើង​​​ជិះ​​​រថយន្ត​​​ហើយ​​​ក៏​​​ដើរ​​​ទៅ​​​​​​​​​អង្គុយ​​​កៅ​​​អី​​​ខាង​​​ក្រោយ។ អ្នក​​​ដំណើរ​​​​​​បួន​​​ដប់​​​នាក់​​​ផ្សេង​​​ទៀត​​​​​​​បន្ត​​​ឡើង​​​ជិះ​​​រថយន្ត​​​នៅ​​​ព្រែក​​​ស្តី​​​ ហើយ​​​បន្ទាប់​​​មក​​​​​​នៅ​​​ព្រែក​​​អំបិល​​​​​​និង​​​រកា​​​ខ្ពស់។ រថយន្ត​​​បើក​​​ផុត​​​ពី​​​ស្រែ​​​មួយ​​​ទៅ​​​ស្រែ​​​មួយ​​​​​​ក្រោម​​​​សា​​​យណ្ហកាល​​​​​​មេឃ​​​ស្រទំ​​​។​​​ ផ្លូវ​​​កាន់​​​តែ​​​ធំ​​​ទូលាយ​​​​​​ទៅៗ។​​​ កាម៉ាល់​​​ចាប់​​​ផ្តើម​​​ឃើញ​​​​​​រថយន្ត​​​និង​​​អគារ​​​ទាបៗ​​​​​​និង​​​​​​​​​ជនានុជន​​​​​​នៅ​​​តាម​​​ផ្លូវ ក្នុង​​​ពេល​​​ដែល​​​ពួក​​​គេ​​​ចូល​​​កាន់តែ​​​ជិត​​​ដល់​​​ជាយ​​​ក្រុង​​​ភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​​​ឡាន​​​ក្រុង​​​ចូល​​​ដល់​​​ចំណត​​​​​​នៅ​​​ឯ​​​ផ្សារ​​​ធំ​​​ថ្មី​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​​​​ នៅ​​​ម៉ោង​​​៧:៣០​​​ មេឃ​​​​​​ក៏​​​ងងឹត​​​។​​​​​​ អ្នក​​​​​​​​​​​​កំលោះ​មក​យឺត​ពីរ​​​ម៉ោង​​​សម្រាប់ការណាត់ជួបនឹងសុភា។ នៅក្បែរស្ថានីយ​​​រថយន្តក្រុង ​​​មានអគារធំស្កឹមស្កៃមួយ​​​លេចឡើង​​​ដោយមាន​ច្រើន​​​​ជាន់ មាន​​​ពន្លឺភ្លឺចិញ្ចែង​​​ចិញ្ចាចហាក់​​​បីដូចជា​​​អគ្គិ​​​ភ័យ​កំពុង​​​​តែឆាប​​​ឆេះ​​​សន្ធោសន្ធៅក្នុងអគារនោះអ៊ីចឹង។ ពី​ចម្ងាយ​​​​អ្នក​​​កំលោះ​​​​​​មើល​​​​​​ឃើញ​​​ស្រមោល​នៃអគារ​ច្រើន​ទៀត។ មនុស្សម្នាឈូ​​​ឆរអ៊ូអែ រថយន្តនិងម៉ូតូ​​​បញ្ចេញ​​​សំឡេងឮសូរ​​​​​​ងូង​​​ងោងតាមវិថី​​​នានា​​​ ទោះបី​​​ជា​​​ហាងភាគច្រើនបិទពេល​​​រាត្រីក៏ដោយ។ កាម៉ាល់​​​​​​ចុះ​​​​​​​​​ពីរថយន្ត​​​ក្រុង​​​ដោយ​​​មាន​អារម្មណ៍​ច្របូកច្របល់។ នៅពីមុខ​​​អ្នកកំលោះ អំពូលភ្លើង​​​នៅលើ​​​ស្លាក​​​​​​សញ្ញា​​​ហាង​​​មានឈ្មោះ​​​ថា អង្គរ​​​សំណាងលោតភ្លឹបភ្លែតៗមិនចេះ​​​ដាច់។ អ្នក​​​កំលោះ​​​ឈាន​​​ជើង​​​​​​ទៅ​​​​​​ជាន់​​​ចំដប​​​មួយ​ហើយ​ក៏ឮ​​​សំឡេង​​​បែក​​​គ្រុបៗ។ ឈ្ងោកមើលក្រោម​​​ស្រាប់តែ​​​អ្នកកំលោះ​​​​​​ឃើញ​​​វិថី​​​​​​ពោរ​​​​​​ពេញ​​​ទៅដោយសំបក​​​ដបនិង​ក្រដាស​រាយ​​​រតាត់រតាយ​​​​​​​​​និង​​​អាហារ​​​បោះចោលស្អុយ​​​រលេះ​​​​​​រលួយ។ ក្រោយ​​​​​​​​​ពី​​​រថយន្ត​​​មួយ​​​​គ្រឿង​​​​​​បើក​​​​​​​​​វិះតែ​​​បុក​​​អ្នក​​​កំលោះ អ្នក​​​បើកបរ​​​ចុច​​​ស៊ីផ្លេរន្ថាន់ហើយ​​​ស្រែក​​​​​​គំហក​​​​​​​​​​​​​​​​​​​​​ដាក់ អ្នកកំលោះ​ក៏ប្រញាប់ស្ទុះ​​​រត់ស្លើតស្លក់​​​តតេះតតះ​​​ទៅម្ខាង​ផ្លូវពីមួយទៅមួយ។​​

ដោយនៅចងចាំនូវគោលបំណងនៃដំណើររបស់ខ្លួន អ្នក​​​​​កំលោះ​​​ក៏ដើរសំដៅ​​​ទុកទុកមួយ​​​ក្រុម​​​ដែល​​​​​​ចតតម្រៀប​​​គ្នា​​​នៅ​​​ខាង​​​​​​ក្រៅ​​​ភោជនីយដ្ឋានមួយ។ មានប្រុសស្រីពីរនាក់​ស្លៀក​​​​​ពាក់​​​ស្អាត​​​បាត​​​សមសួន ឈរជក់បារីនៅ​​​មុខច្រកចូល។ ពួកគេ​​​ក្រឡេក​​​​​​​​​​​​មើល​​​​​​អ្នកកំលោះ​​​ដោយធ្វើពើ ហាក់​​​ដូច​​​ជា​​​អ្នក​​​កំ​​​លោះ​​​​​​ជា​​​មនុស្ស​​​រសាត់​​​​​​អណ្តែត​​​អ៊ីចឹង ហើយ​ក៏បន្ត​ជជែក​គ្នា​។

“អូនគិតថា បងនាំអូនទៅកន្លែងផ្សេងទៀតណា៎។”

“បងគិតថាអូនចូលចិត្តទី​​​នេះ។”

“អូនមិនដែល​​​ថាអូនចូលចិត្តទី​​​នេះទេ។”

“មែន​​​ អូននិយាយ​​​អ៊ីចឹងមែនណា៎។”

“ទេ អូនមិនដែល​​​ថា​​​​​​ អ៊ីចឹងទេ…. បងដឹងស្រាប់ហើយតើ។”

កាម៉ាល់និយាយទៅកាន់អ្នករត់​​​ទុកទុក​​​ម្នាក់ដែល​និយាយ​ថា​​​ ខ្លួនស្គាល់វត្តលង្កា។ វត្តនោះ​​​នៅ​​​ក្បែរ​​​វិមានឯករាជ្យ។ ពួកគេ​ចាប់​​​ផ្តើម​​​ធ្វើដំណើរ​​​​​​ពីវិថីមួយឈ្មោះវិថី​​​លេខ៥១ ហើយ​​​​ក៏​​​បើក​​​​​​កាត់​​​តាម​​​ហាងដែលនៅប្រជ្រៀតគ្នា​​​បន្តគ្នា​ដឹក​ស្អេកស្កះ​​​ដូច​​​ជា​​​សន្ទូង​​​​​​លាស់​​​បែកគុម្ព​​​អ៊ីចឹង​​​ដែរ។ ទៅ​​​មុខ​​​ទៀត ​មានគេហដ្ឋាន​​​ហូរហែ មានប្រុសៗនៅកុះកុំគ្នា​​​លេងបៀនិង​​ឃើញសុនខដែលស្រេក​​​ឃ្លាន​​​។ លុះដល់វត្តលង្កាភ្លាម កាម៉ាល​់ក៏ចុះ​​​ពីទុកទុកហើយ បង់​​​លុយ​​​ឲ្យអ្នកបើកទុកទុក។ អ្នក​​​កំ​​​លោះ​​​សួរ​​​គេរកផ្លូវ​​​លេខ៣០៨​​​ហើយអ្នក​​​បើកទុកទុក​ក៏ចង្អុល​​​​ប្រាប់ដោយស្រពេចស្រពិល​​​​​​ទៅ​​​​​​ទិស​​​ខាង​​​ត្បូង។ ​​​ថ្មើរ​​​ណេះ វិថីនានាងងឹតឈឹង គ្រាន់​​​តែ​​​មាន​​​ពន្លឺ​​​ជះ​​​យូរៗម្តងពី​​​ក្នុងផ្ទះប៉ុណ្ណោះ។ កាម៉ាល់​​​ចាប់​​​ផ្តើមដើរថ្មើរជើង​​​ពីផ្ទះ​​​មួយ​​​ទៅផ្ទះមួយពីហាងមួយទៅហាងមួយ។ លុះ​​​ដល់ផ្លូវ​​​លេខ​​​២៩៤​​​ភ្លាម ស្រាប់​​​​​​តែអ្នកកំលោះវង្វេងផ្លូវ។ មានបុរសម្នាក់​​ដែល​​​អង្គុយ​​​លើកៅអី​​​ខាងក្រៅភូមិ​​​គ្រឹះស្តុក​​​ស្តម្ភ​​​​​​មួយ មាន​សន្តិ​​​សុខ​​​​​​ម្នាក់អង្គុយ​​​ងោក​​​ប៉ផ្ងើក ហើយ​​​ក៏ក្រឡេកមើល ពេល​អ្នក​​​​កំលោះ​​​​​​​​​​​​ដើរ​​​កាត់​​​មុខ។ អ្នក​​​កំលោះសួររកផ្លូវ។ បុរសនោះ​​​គ្រាន់តែ​ភើ ហើយក៏សំយុងកចុះ។

លុះ​​​ដល់ផ្លូវបន្ទាប់មកទៀត អ្នកកំលោះ​ឃើញផ្លូវលេខ​៣០៨​​​​ ស្ទើរតែងងឹតឈឹងមើលអ្វី​​​មិន​​​ធ្លុះ ហើយ​​​​​​​​​​​​​​​​​​ក៏​​​គ្មាន​​​​​​មនុស្ស​​​ម្នាម្នាក់​​​ដើរដែរ។ អាសយដ្ឋានដែលសរសេរ​​​នៅលើ​ក្រដាស​​​​ទក់ខ្ញុកខ្ញូវ មាន​​​បញ្ជាក់​​​អំពីគេហដ្ឋានពីរ​​​ជាន់ស្អាត​​​មួយខ្នង ដែល​​​នៅ​​​បាំង​​​ពីក្រោយ​​​​​​ខ្លោងទ្វារដែក មានសរសរ​​​​​​​​​ធ្វើពី​​​ថ្មម៉ាប​​​​ស្អាត​​​ប្រណីត​​​​​​រលើប​​​​​​រលង់នៅសង​​​ខាងខ្លោងទ្វារ​និងក៏មាន​អំពូល​​​​ភ្លើង​​​​​​ដែល​​​ស្រោប​​​​​​នឹងលំផូង​​​កញ្ចក់​​​​​​​​​នៅចំ​​​ពីលើ​សសរ​ទៀតផង។ ស្លាក​​​សញ្ញា​​​​​​​​​​​​​​​ដែល​​​ធ្វើពីស្ពាន់មាន​​​សរសេរលេខ​​​ផ្ទះ​។​​ កាម៉ាល់​​​អើត​​​មើល​​​​​​​​​តាមប្រឡោះខ្លោងទ្វារ។ តាមពន្លឺ​ជះ​​ពី​អំពូល​​​ភ្លើង​​​ កាម៉ាល់​​​អាចមើល​​​ឃើញ​​​​​​​​​រថយន្តម៉ាក​​​ឡែនដ៍ រ៉ូវើរ៍ពណ៌​​​សរបស់សុភា រាន​​​ហាល​​​ប្រក់ក្បឿង​​​និងសួនច្បារ​​​មួយ​ដែល​​​បត់​​​បែន​​​ព័ទ្ធជុំវិញ​​​ស្រះ​​​​​​​​​តូចមួយ​​​។ ខាងក្នុងបង្អួច​ពីរ​មានពន្លឺភ្លឺសន្ធៅ។ នៅពីលើ​​​បង្អួច យ៉​​​មាន​​​ពន្លឺ​​​ព្រាលៗ។ ទ្រឹង​​​មួយ​​​​សន្ទុះ កា​​​ម៉ាល់​​​ខំ​​​នឹក​​​គិត​​​ថាតើផ្ទះ​​​នេះថ្លៃប៉ុន្មានទៅហ្ន៎។ សំឡេងឥតឈប់​​​ឈរ​​​មិនចេះ​​​ដាច់ក្នុង​​​ទីក្រុង​​​រសាយ​​​​​​​​​បាត់​​​​​​បន្តិចម្តងៗទៅជាសូររហ៊ឹមៗដ៏ស្រទន់​​​ទៅវិញ។ ដោយលូក​​​យក​​​ក្រដាសចេញ​​​ពីហោ​​​ប៉ៅ អ្នក​​​កំ​​​លោះ​​​ក៏ត្រឡប់​​​ក្រដាស​​​ចុះឡើងៗ។ បន្ទាប់មក អ្នកកំលោះ​​​ឮ សំ​​​ឡេង​​​សុភា​​​​​​អណ្តែត​​​​​​​​​​​​​​​​​​​​​ចេញ​​​​​​​​​ពីក្នុង​​​បង្អួច​​​មួយ។ នេះជា​​​សំឡេង​​​ដែល​​​អ្នកកំលោះ​​​ធ្លាប់ស្គាល់ ហើយ​​​​​​​​​​​​ដំណាល​​​គ្នា​​​នោះ ក៏​​​មាន​​​​​​សំឡេង​​​ដែលអ្នក​​​កំលោះមិនដែលស្គាល់ដែរ។ អ្នកកំលោះ​​​ចងចាំ​​​គ្រប់​​​ម៉ាត់​​​​​​នូវពាក្យ​​​សាសង​​​​​​ផ្តោះផ្តង​​​វាចា​​​​​​​​​ជាមួយ​​​នាងនៅ​​​ក្រោម​​​រោង​​​ការ។ អ្នក​​​កំ​​​លោះ​​​​​​​​​​​​​​​​​​​​​ខំផ្គូផ្គង​​​​សំឡេង​​​ពីមុន​​​​​​ទៅនឹង​​​​​​សំឡេង​​​ដែល​​​អ្នក​​​កំ​​​លោះ​​​បានឮពេល​​​នេះ។

ភ្នែកទាំង​​​គូ​​​របស់​​​អ្នកកំលោះ​​​សម្លឹង​​​មើលបង្អួចនោះ ហើយ​​​​ក៏មានចម្ងល់​​​ថា​​​តើនាង​​​អាច​​​បង្ហាញ​​​ខ្លួន​​​ឬយ៉ាង​​​ណាទេ ប៉ុន្តែអ្វី​​​ដែល​​​​​​អ្នកកំលោះ​​​​​​មើល​​​​​​ឃើញ​​​​​​ត្រឹមតែ​​​ជាស្រមោល​មួយ​​​​កម្រើក​​​​​​​ចុះ​​​ឡើងៗ​​​ប៉ុណ្ណោះ។ តើអ្នកកំលោះ​​​គួរ​​​គោះ​​​ទ្វារ​​​របងឬយ៉ាង​​​ណា? តើនាង​​​ឮសំឡេង​​​អ្នកកំលោះ​​​គោះ​​​របង​​​​​​​​​ឬ​​​យ៉ាងណា? ទីបំផុត​​​​​​​​​​​​ អ្នក កំលោះ​​​យឺត​​​ពេល​​​ហួសច្រើន​​​ម៉ោង​​​ហើយ។ ប្រហែល​​​​​​​​​​​​​ជានាង​​​គិតថា អ្នក​​​កំលោះ​​​ពិតជាពុំបាន​​​មក​ទេ មើល​​​ទៅ។ ឬក៏ប្រហែល​​​ជានាង​​​ក្រឡេក​មកមើល​ឃើញ​​​​អ្នក​​​កំ​​​លោះ​​​​​​​​​​​​នៅ​​​​​​​​​​​​ក្រោម​​​ពន្លឺចង្កៀងគោម ចុះដើរកាត់​​​តាមរាន​​​ហាល​ប្រក់​​​ក្បឿង ហើយមក​​​ទទួលរាក់ទាក់​​​ឬយ៉ាង​​​ណាទេ។ បន្ទាប់​មក តើ​​​នាងហៅ​​​អ្នក​​​កំលោះ​​​​​​ឲ្យ​​​ចូល​​​​​​ទៅក្នុង​​​ផ្ទះ​​​នាង​​​ឬទេ? កាម៉ាល់​​​ឈរធ្មឹង​​​ក្នុង​​​ទី​​​ងងឹត​​​សូន្យឈឹង ផ្ទៀង​​​ត្រចៀក​​​ស្តាប់​​​សំឡេង​​​​​​នាង។ កំពុងតែឈរ​​​​​​រេរ៉នៅទីនោះ ​​​អ្នក​កំលោះ​​​ភ្ញាក់​​​ខ្លួន​​​ព្រើត​​​​​​ទើប​​​​​​ដឹងថា ខ្លួន​​​ពិតជា​​​ភ្លីភ្លើមែន។ អ្នក​​​​កំលោះ​ក៏ចោល​​​​​​​​​ភ្នែកមើល​​​វិថីម្តង​​​ទៀត ទើប​​​ដឹង​​​​​​​​​​​​ថា ​​​​​​វិថី​នោះ​​​រួម​​​តូច​ចង្អៀតមែនទែន ហើយក៏​​​មានពន្លឺ​​​ព្រាលៗ​​​មើល​ពីចម្ងាយ វា​ស្ថិត​​​​នៅ​​​ចន្លោះ​​​​​​បណ​​​្តា​​​​​​​​​គេហដ្ឋាន​​​ដ៏ងងឹតស្លុប ហើយក៏​រលាយ​​​​បាត់ទៅ៕sophea-4

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស