យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា អគ្គិភ័យមួយដែលបង្កឡើងដោយខ្សែភ្លើងម៉ាស៊ីនបាញ់ផ្សែងបានបំផ្លាញក្លឹបរាត្រីមួយកន្លែងនៅខណ្ឌមានជ័យ ក្នុងក្រុងភ្នំពេញកាលពីយប់ថ្ងៃច័ន្ទ និងបានបណ្តាលឲ្យស្លាប់ស្ត្រីប្រាំនាក់ ដែលជាការឆេះមានមនុស្សស្លាប់ជាលើកទី២នៅកន្លែងកម្សាន្តនេះក្នុងរយៈពេលមិនដល់ពីរឆ្នាំផង។

យោងតាម លោក ម៉ៅ ស៊ីវ៉ន មេប៉ុស្តិ៍បានឲ្យដឹងថា បុគ្គលិកធ្វើការពីរនាក់ និងអ្នកមកលេងកម្សាន្តក្លឹបបីនាក់បានស្លាប់នៅពេលដែលអណ្តាតភ្លើងបានឆាបឆេះឃីក្លឹប នៅសង្កាត់ចាក់អង្រែក្រោមក្រោយម៉ោង៨យប់ ថ្ងៃច័ន្ទបន្តិច។
លោកបានលើកឡើងថា “អគ្គិភ័យនេះបានកើតឡើងដោយសារការឆ្លងចរន្តអគ្គិសនី ក្នុងម៉ាស៊ីនមួយដែលបាញ់ផ្សែងចេញពីជញ្ជាំងចូលកណ្តាលក្លឹប។ អគ្គិភ័យបាន រាលដាលយ៉ាងលឿនដោយសារក្លឹបនេះពេញទៅដោយសម្ភារដែលងាយឆេះ”។
លោក ស៊ីវ៉ន បាននិយាយថា អគ្គិភ័យបានចាប់ផ្តើមនៅខាងចុងផ្លូវដើរក្នុងក្លឹប ហើយផ្សែងបានរាលដាលពេញអគារភ្លាម ពិបាកនឹងរកច្រកចេញព្រោះមានច្រកតែមួយ។
លោកបាននិយាយថា “ជនរងគ្រោះបានស្លាប់ដោយសារមិនមានអុកសីុហ្សែនដកដង្ហើមនៅក្នុងក្លឹបនេះ។ ពួកគេភិតភ័យខ្លាំង ហើយរកច្រកចេញមិនឃើញ”។
មេប៉ុស្តិ៍រូបនេះបានប្រាប់ថា អ្នកស្លាប់មាន ឈ្មោះ រស់ ថាវរី អាយុ២៨ឆ្នាំ និង ហុក សុខលាង អាយុ៤៤ឆ្នាំ ដែលធ្វើការជាបុគ្គលិកក្នុងក្លឹបនោះ និង សៅ មេសា អាយុ១៨ឆ្នាំ សំ ស្រីស្រស់ អាយុ១៧ឆ្នាំ និង កែ លីយ៉ា អាយុ១៦ឆ្នាំទាំងបីនាក់ជាមិត្តភក្តិ ដែលបានទៅទីនោះជាមួយគ្នា។
លោក ស៊ីវ៉ន បានឲ្យដឹងទៀតថា សន្តិសុខពីរនាក់ឈ្មោះ ឌី លីដា អាយុ៣២ឆ្នាំ និង ខុមចាន់នុត អាយុ២៥ឆ្នាំ បានរងរបួសរលាកខ្លាំងលើដងខ្លួន ហើយកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ លោកបានបន្ថែមថា ចំនួនមនុស្សរងគ្រោះអាចមានច្រើនជាងនេះ ប្រសិនបើអគ្គិភ័យនេះកើតឡើងនៅពេលយប់ជ្រៅបន្តិច ជាពេលដែលក្លឹបមានមនុស្សទៅកម្សាន្តច្រើន។
ឈរនៅខាងក្រោយក្លឹបដែលឆេះខ្លោចកាលពីម្សិលមិញ ជា សុភា ជាសន្តិសុខម្នាក់ទៀតបានរៀបរាប់អំពីរបៀបដែលគាត់បានព្យាយាមជួយមនុស្សបីនាក់មុនពេលគាត់រត់គេចចេញពីអគ្គិភ័យ។ គាត់បាននិយាយថា ”ពួកគេខ្លាច ហើយពួកគេមិនស្តាប់ខ្ញុំទេ ពួកគេចេះតែរត់រកច្រកចេញ។ ខ្ញុំប្រឹងដកដង្ហើម ហើយខ្ញុំវារលើដី ហើយបានរត់ចេញផុតតាមច្រកមុខ”។

លោក ព្រំ យ៉ន ប្រធានផ្នែកពន្លត់អគ្គិភ័យក្រុងបាននិយាយថា ឡានទឹក២២គ្រឿងបានប្រឹងប្រែងពន្លត់ភ្លើងនោះ។
លោកបាននិយាយថា “ក្លឹបកម្សាន្តនេះគួរតែមានច្រកចេញច្រើន និងគួរមានផ្លូវសម្រាប់ ឲ្យផ្សែងចេញ”។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ អគ្គិភ័យមួយបានបណ្តាលឲ្យស្លាប់មនុស្សបីនាក់នៅឃីក្លឹបនេះដែលនៅក្នុងនោះមានម្នាក់ជាម្ចាស់ក្លឹបដោយសារផ្កាភ្លើងនៅពេលកម្មករផ្សារដែក។ នៅពេលនោះអាជ្ញាធរបាននិយាយថា ការខ្វះច្រកចេញជាហេតុបណ្តាលឲ្យមានការ
ស្លាប់។ លោក ឌី រ័ត្នខេមរុណ អភិបាលខណ្ឌមានជ័យបានមានប្រសាសន៍កាលពីម្សិលមិញថា ក្លឹបដែលខូចខាតដោយសារអគ្គិភ័យកាលពីយប់ថ្ងៃច័ន្ទ នឹងមិនអនុញ្ញាតឲ្យបើកជាថ្មីទេ។ លោកបាននិយាយថា “ក្លឹបនេះនឹងត្រូវបិទទាំងស្រុង”។
លោក រ័ត្នខេមរុណ បានមានប្រសាសន៍លើកឡើងថា បេឡាជាតិរបបសន្តិសុខសង្គមនឹងចំណាយ លើការធ្វើបុណ្យសព ឲ្យជនរងគ្រោះទាំងប្រាំនាក់ ហើយបានអំពាវនាវឲ្យគ្រួសារសពដាក់ពាក្យបណ្តឹង ជាផ្លូវការចំពោះម្ចាស់ក្លឹប។
លោកបានឲ្យដឹងទៀតថា “យើងនឹងដំណើរ ការពាក្យបណ្តឹងឲ្យបានឆាប់ ហើយបញ្ជូនពាក្យ បណ្តឹងទៅព្រះរាជអាជ្ញារង[នៅតុលាការក្រុង]” ដើម្បីទទួលបានសំណងសម្រាប់គ្រួសារ របស់ជនរងគ្រោះ”។
ទាំងលោក រ័ត្នខេមរុណ ទាំងលោក ស៊ីវ៉ន មេប៉ុស្តិ៍ បាននិយាយថា ពួកគាត់មិនស្គាល់អត្តសញ្ញាណម្ចាស់ក្លឹបទេ ប៉ុន្តែ អាជ្ញាធរកំពុងស្វះស្វែងដើម្បីកំណត់អត្តសញ្ញាណ និងចាប់ពួកគេមកកាត់ទោស៕និត