ក្រុងបានលុង, ខេត្តរតនគិរី- នៅតៀមកាហ្វេដ៏សាមញ្ញមួយកន្លែងស្ថិតតាមបណ្ដោយផ្លូវមួយដែលមានសភាពចាស់ទ្រុឌទ្រោមនៅជាយភាគឧត្ដរ នៃក្រុងរបស់ខេត្តនេះ មានក្រុមអ្នកកាសែតជួបជុំគ្នា និងរង់ចាំនៅទីនោះ។

ម្នាក់កំពុងកាត់ និងរូសក្រចកដៃរបស់ខ្លួន អ្នកខ្លះទៀតកំពុងជក់បារី ហើយពួកគេទាំងអស់នោះផឹកកាហ្វេ និងនិយាយរឿងកំប្លែងលេងសើច។
អ្នកកាសែតម្នាក់និយាយថា “គាត់រស់នៅក្នុងព្រៃ ចុះម៉េចក៏គាត់រវល់ម៉េះ” ខណៈរថយន្តលុចស៊ីសពណ៌សមួយគ្រឿងបើកកាត់យ៉ាងលឿន ដោយអ្នកជិះម្នាក់នៅក្នុងរថយន្តនោះជាសមាជិកព្រឹទ្ធសភាដែលកំពុងកាន់ទូរស័ព្ទដៃផ្អឹបជាប់នឹងត្រចៀក។
ទោះបីជាពួកគេហាក់ដូចរវល់ជជែកគ្នារឿងប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់របស់កីឡាករ ហ្វ្លយ ម៉េវ៉េឌើ (Floyd Mayweather) ដែលកំពុងផ្សាយតាមកញ្ចក់ទូរទស្សន៍អេក្រង់សំប៉ែតក្ដី ក៏ភ្នែករបស់អ្នកកាសែតនៅក្នុងក្រុងបានលុង ទាំងនេះនៅតែបន្តរំពៃសម្លឹងមើលចរាចរណ៍ជាប់ជានិច្ច។
ខណៈក្រុមអ្នកកាប់ឈើកំពុងកាប់បំផ្លាញព្រៃឈើខៀវស្រងាត់ក្នុងខេត្តរតនគិរី យ៉ាងលឿនដោយគ្មានទោសពៃ ក្រុមអ្នកកាសែតមកជួបជុំគ្នានៅលើផ្លូវដ៏ស្ងាត់នេះ (ដែលភ្ជាប់តំបន់ភាគឧត្ដរនេះទៅនឹងច្រកត្រួតពិនិត្យព្រំដែនអូរយ៉ាដាវ ដែលឈើមានតម្លៃជាច្រើនត្រូវបានដឹកជញ្ជូនចូលទៅក្នុងប្រទេសវៀតណាម) ហើយរង់ចាំអ្នករត់ពន្ធឈើបើកបរកាត់។
លោក កេត សុធី ជាអ្នកយកព័ត៌មានឲ្យទូរទស្សន៍អាស៊ីអាគ្នេយ៍ បាននិយាយថា “យើងដេញតាមឡាន ហើយថតទុកជាភ័ស្តុតាង” ហើយបន្ទាប់មក ពួកគេនឹងទាក់ទងទៅមន្ត្រីខេត្ត ដើម្បីសុំការបញ្ជាក់ថា តើឈើទាំងនោះជារបស់អ្នកណា ហើយវាជាឈើស្របច្បាប់ ឬក៏ខុសច្បាប់។
លោក ផល ដំ ជាអ្នកយកព័ត៌មានឲ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានលើកឡើងថា ”នៅពេលវាជាបញ្ហារសើប [អភិបាលខេត្ត] មិនដែលឆ្លើយតបសំណួររបស់យើងទេ” ហើយបានចោទប្រកាន់ថា ការដឹកឈើនេះមានជាប់ពាក់ព័ន្ធនឹងមន្ត្រីខេត្តមួយចំនួន។ “យើងបានរាយការណ៍ច្រើនណាស់ទាក់ទិនការរត់ពន្ធឈើ។ អាជ្ញាធរចិត្តចង្អៀតចង្អល់”។
កាលពីខែឧសភា អ្នកកាសែតប្រមាណ៣០នាក់មកពីទូទាំងខេត្តរតនគិរី ត្រូវបានលោក ញ៉ែម សំអឿន អភិបាលរងខេត្តនេះកោះហៅទៅសាលាខេត្តដើម្បីប្រាប់ឲ្យឈប់ប្រមូលផ្ដុំគ្នានៅតាមតៀមកាហ្វេទូទាំងក្រុង ពីព្រោះវា “មិនល្អមើល”។
លោក ញ៉ែម សំអឿន មានប្រសាសន៍ថា អ្នកយកព័ត៌មានមួយចំនួន “ធ្វើមើលតែខ្លួនឯងជាកម្លាំងនគរបាល” ហើយគ្មានសេចក្ដីពិស្ដារទេ នៅពេលពួកគេផ្សាយព័ត៌មានរបស់ខ្លួន”។
កាលពីខែមុន អ្នកកាសែតចំនួន៣២នាក់បានផ្ដិតមេដៃលើពាក្យបណ្ដឹងមួយ ហើយបញ្ជូនមកក្លឹបអ្នកកាសែតកម្ពុជា បន្ទាប់ពីលោក ថោង សាវុន អភិបាលខេត្តនេះបានផ្ញើលិខិតមួយច្បាប់ចោទប្រកាន់ពួកគេពីបទកំហែងទារប្រាក់ដោយផ្ទាល់។
លោកបានសរសេរថា ”ខ្ញុំសង្កេតឃើញថា រាល់ថ្ងៃអ្នកកាសែតហាក់ដូចយកបទល្មើសមកធ្វើជារបររបស់ខ្លួនទៅហើយដូចជាពាក់ព័ន្ធការកាប់ឈើជាដើម។ មាន [អ្នកកាសែត] មួយចំនួនដេញតាមឡាន ហើយសុំលុយចាក់សាំង។ បើគេ [អ្នកបើកបរ] មិនឲ្យ ពួកគេនឹងចុះផ្សាយ”។
ពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ អភិបាលខេត្តនេះមានប្រសាសន៍ថា លោកនឹងធ្វើពាក្យបណ្ដឹងមួយដើម្បីបញ្ជូនមករដ្ឋាភិបាលក្នុងរាជធានីភ្នំពេញ។ លោកបានគូសបញ្ជាក់ថា “យើងកំពុងប្រមូលភ័ស្តុតាង ហើយនឹងរាយការណ៍ទៅក្រសួងព័ត៌មាន” ប៉ុន្តែបានបដិសេធមិនរៀបរាប់ពីខ្លឹមសារក្នុងរបាយការណ៍នោះឡើយ។
នៅពេលកីឡាករ ហ្វ្លយ ម៉េវ៉េឌើ ឱនក្បាល ហើយគេចចុះគេចឡើងឆ្ពោះទៅរកជ័យជម្នះកាលពីថ្ងៃអាទិត្យ អ្នកកាសែតទាំងប្រាំបីនាក់ដែលមានវត្តមាននៅតៀមកាហ្វេគ្មានឈ្មោះខាងលើនេះ បានរអ៊ូរទាំចំពោះស្នៀតវ៉ៃរបស់កីឡាកររូបនេះថា ”វាគិតតែពីរត់” និងចំពោះការលើកឡើងថា ពួកគេដេញតាមអ្នកកាប់ឈើខុសច្បាប់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
លោក កេត សុធី បាននិយាយថា “យើងមិនដែលទារលុយទេ។ យើងគ្រាន់តែដេញតាមឡានហើយថតសម្រាប់ការចុះផ្សាយប៉ុណ្ណោះ”។ អ្នកកាសែតរូបនេះបានលើកឡើងបន្តថា ពួកគេធ្វើការជាក្រុមដើម្បីឲ្យមានប្រសិទ្ធភាព និងដើម្បីសុវត្ថិភាព។
កាលពីខែសីហា អ្នកកាសែតបីនាក់ត្រូវបានឃុំខ្លួននៅក្នុងការិយាល័យរដ្ឋបាលព្រៃឈើ បន្ទាប់ពីពួកគេទៅទីនោះដើម្បីប្រមូលភ័ស្តុតាងពាក់ព័ន្ធការកាប់ឈើខុសច្បាប់។ កាលពីឆ្នាំ២០១២ លោក ហង្ស សេរីឧត្ដម ដែលបានរាយការណ៍អំពីបទល្មើសព្រៃឈើឲ្យកាសែតមិនសូវល្បីឈ្មោះមួយ ត្រូវបានប្រទះឃើញស្លាប់ក្នុងឃ្លុបខាងក្រោយនៃរថយន្តរបស់គាត់។
លោក កេត សុធី លើកឡើងបន្តថា “ឃាតករសម្លាប់អ្នកកាសែតរូបនេះមិនទាន់ចាប់ខ្លួនបានទេ ហើយនោះជារឿងគួរឲ្យបារម្ភ”។
នៅម៉ោងប្រហែល៨ជារៀងរាល់ព្រឹក នៅពេលមានភ្លៀងធ្លាក់ ឬចុះអ័ព្ទខ្លាំងដែលធ្វើឲ្យអ្នកដឹកឈើមិនអាចដឹកបាន ពួកគេតែងតែមកជួបជុំគ្នានៅតៀមកាហ្វេនេះ ហើយរង់ចាំព័ត៌មានសម្ងាត់ពីប្រភពនានាដែលពួកគេផ្ដល់កាតទូរស័ព្ទឲ្យនៅតាមបណ្ដោយផ្លូវឆ្ពោះទៅភាគឧត្ដរ។ ហើយពួកគេមិនផ្ដោតលើអ្នកកាប់ឈើឡើយ។
លោក ភួង ផុន ជាអ្នកយកព័ត៌មានមកពីកាសែត ភ្នំពេញដេលី និយាយថា “នៅពេលអ្នកភូមិមានជម្លោះដីធ្លី ហើយចង់ជួបអ្នកកាសែត ពួកគាត់អាចរកយើងឃើញយ៉ាងស្រួល”។
អ្នកកាសែតទាំងនេះនិយាយថា តៀមកាហ្វេដែលប្រើកៅអីជ័រក្រហម តុឈើ និងលក់កាហ្វេដាច់ជាហូរហែដោយមានថែមទឹកតែមិនគិតប្រាក់នេះ ប្រៀបដូចជាការិយាល័យរបស់ពួកគេទៅហើយ។ ហើយពួកគេនឹងមិនឈប់ជួបជុំគ្នាក្នុងពេលឆាប់ៗនេះឡើយ។
ពេលទាក់ទងកាលពីថ្ងៃច័ន្ទ លោកអភិបាលរងខេត្ត ញ៉ែម សំអឿន បានមានប្រសាសន៍ថា រហូតមកទល់ពេលនេះមិនទាន់មានវិធានការផ្លូវការណាមួយទៅលើអ្នកកាសែតទាំងនេះទេ ប៉ុន្តែជាថ្មីម្ដងទៀតលោកបានចាត់ទុកពួកគេថាជាក្រុមទើសភ្នែក។
លោកបានលើកឡើងអំពីផ្លូវនៅជាយក្រុងនេះថា ”មិនមានវិធានការលើពួកគាត់ទេ ប៉ុន្តែពួកគាត់គួរតែផ្លាស់ទៅកន្លែងផ្សេង ពីព្រោះវាប៉ះពាល់ដល់មុខមាត់របស់ខេត្ត ព្រោះមានភ្ញៀវទេសចរ និងអ្នកផ្សេងៗទៀតនៅទីនោះ”។ លោកបានបដិសេធថា អាជ្ញាធរមិនជាប់ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើ ឬការជួញដូរឈើប្រណីតនោះទេ។
ទោះជាយ៉ាងណា លោក ផល ដំ ជាអ្នកយកព័ត៌មានមកពីទូរទស្សន៍ប៉ុស្តិ៍លេខ៣ បាននិយាយថា អ្នកកាសែតធ្វើឲ្យអាជ្ញាធរផ្ទុះកំហឹង បន្ទាប់ពីធ្វើឲ្យពួកគេបាត់បង់ចំណូលមិនស្របច្បាប់។ គាត់បានគូសបញ្ជាក់ថា “ការរាយការណ៍របស់យើងអំពីការរត់ពន្ធឈើ បានប៉ះពាល់ដល់អាជ្ញាធរតូចតាចមួយចំនួន ពីព្រោះថ្នាក់លើរបស់ពួកគេជាអ្នករកស៊ីឈើ។ នោះជាមូលហេតុដែលពួកគេខឹងខ្លាំង”៕ សុខុម