
ភាគ2: ស្រូវស្រាល
រយៈពេលបីខែក្រោយពីការដាំ កសិករនៅខេត្តកែបចាប់ផ្តើមច្រូតកាត់ស្រូវស្រាលដែលប្រើរយៈពេលនិងការងារតិចក្នុងការដាំដុះ។ នេះជាផ្នែកទី២នៅក្នុងផ្នែកទាំង១២ស្តីពីវដ្តស្រូវប្រចាំឆ្នាំនៅកម្ពុជាដែលនឹងចេញផ្សាយប្រចាំខែ។
រូបថតដោយ ចន វីង
ស្រុកដំណាក់ចង្អើរ ខេត្តកែប- កសិករទូទាំងប្រទេសបញ្ចប់ការដកស្ទូងនៅពាក់កណ្តាលខែសីហា គឺការដកសំណាបនិងការស្ទូង ចំណែកឯកសិករផ្សេងទៀតច្រូតកាត់ស្រូវស្រាលរបស់ខ្លួន។
អង្គុយក្នុងផ្ទះរបស់គាត់ចម្ងាយប្រហែលពីរបីគីឡូម៉ែត្រពីឆ្នេរខេត្តកែបនៅដើមខែនេះ អ្នកស្រី យិន ងៀន អាយុ៦០ឆ្នាំបាននិយាយថា គ្រួសារគាត់ដោយមានអ្នកជួយបួនឬប្រាំនាក់ ថ្មីៗនេះបានបញ្ចប់ការច្រូតស្រូវស្រាល។

អ្នកស្រី ងៀន បាននិយាយថា “ខ្ញុំដាំតែស្រូវស្រាលតែប៉ុណ្ណោះ”។ កសិកររូបនេះបានពន្យល់ថា ស្រូវស្រាលប្រើរយៈពេលតែបីខែប៉ុណ្ណោះទើបអាចច្រូតបាន បើប្រៀបធៀបទៅនឹងស្រូវធ្ងន់ប្រាំមួយខែឯណោះ។
កសិកររូបនេះបាននិយាយបន្តថា មិនដូចជាស្រូវធ្ងន់ ស្រូវស្រាលមិនត្រូវការការស្ទូងដោយប្រើកម្លាំងច្រើនទេ គឺមានន័យថា គ្រួសារអ្នកស្រីនឹងអាចដាំហើយច្រូតកាត់ស្រូវនេោះបានម្តងទៀតមុននឹងបំណាច់រដូវវស្សានៅចុងខែវិច្ឆិកា។
កសិកររូបនេះបាននិយាយថា “វាមានលក្ខណៈសាមញ្ញជាង គឺយើងគ្រាន់តែភ្ជួរស្រែ ព្រោះស្រូវ ទុកឲ្យវាដុះឡើង ហើយច្រូតកាត់តែម្តង”។
កសិកររូបនេះបាននិយាយបន្តថា គ្រួសារអ្នកស្រីទើបតែច្រូតកាត់បានផលស្រូវ១០បាវទម្ងន់៥០គីឡូក្រាមក្នុងមួយបាវៗ។
ចំពោះកសិករជាច្រើនការច្រូតកាត់ស្រូវស្រាលគឺជាដំណោះស្រាយរវាងការច្រូតកាត់ស្រូវធ្ងន់ដោយផ្តល់នូវស្រូវនៅពេលដែលធនធានពីការច្រូតកាត់កាលពីខែធ្នូឆ្នាំមុនស្ទើរតែហោចអស់ ហើយការច្រូតកាត់នៅរយៈពេលប៉ុន្មានខែខាងមុខទៀត។

អ្នកស្រី ងៀន បានពន្យល់ថា ចំពោះគ្រួសារអ្នកស្រី ការដាំស្រូវស្រាលគឺជាជម្រើសល្អបំផុតសម្រាប់ដីពីក្បាលតូចៗដែលមានទំហំតិចជាង១ហិកតា។ កសិកររូបនេះបាននិយាយថា “ដីខ្ញុំតូចមិនអាចដាំស្រូវធ្ងន់បានទេ ប្រសិនបើខ្ញុំដាំស្រូវធ្ងន់ ខ្ញុំអត់មានពេលគ្រប់គ្រាន់ទេ”។
ខូត ស៊ីនួន មានអាយុ១៧ឆ្នាំ ដែលបានជួយច្រូតស្រូវឲ្យអ្នកស្រី ងៀន បាននិយាយថា ការច្រូតស្រូវស្រាលមិនត្រឹមតែផ្តល់ផលប្រយោជន៍ឲ្យអ្នកដាំប៉ុណ្ណោះទេ ដោយពន្យល់ថា គ្រួសារនាងឆ្លៀតឱកាសនេះប្រមូលចំបើងដែលនៅសេសសល់ពីការបោកស្រូវ។
ស៊ីនួន បាននិយាយថា ប្រជាជនភាគច្រើនច្រូតស្រូវដើម្បីយកលុយ ប៉ុន្តែ គ្រួសារខ្ញុំនិងខ្ញុំយកចំបើងដើម្បីចិញ្ចឹមគោនៅផ្ទះ”។ ដោយមានគោបួនក្បាល ស៊ីនួន បាននិយាយថា នាងនិងឪពុកម្តាយនាងរវល់ច្រូតពីស្រែមួយទៅស្រែមួយដោយជួយច្រូតស្រែឲ្យគេដើម្បីយកចំបើង។
ស៊ីនួន បាននិយាយថា “ជួនកាលយើងដឹងថា កសិករមានគម្រោងនឹងច្រូតស្រូវ យើងគ្រាន់តែដើរទៅកន្លែងនោះ ថាតើគេត្រូវការឲ្យជួយឬអត់។ ឆ្នាំនេះយើងបានជួយច្រូតឲ្យគេបួនទៅប្រាំកន្លែង”៕ រើន
