26 C
Phnom Penh

ឧទ្ទាម​ចាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ជន​ជាតិ​ចាម​ជជែក​គ្នា​នៅខាង​ក្រៅ​វិហារ​មូស្លីម​ នៅភូមិ​ស្វាយឃ្លាំង ខេត្ត​ត្បូងឃ្មុំ​ បន្ទាប់​ពី​ថ្វាយបង្គំរួច។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily
បុរស​ជន​ជាតិ​ចាម​ជជែក​គ្នា​នៅខាង​ក្រៅ​វិហារ​មូស្លីម​ នៅភូមិ​ស្វាយឃ្លាំង ខេត្ត​ត្បូងឃ្មុំ​ បន្ទាប់​ពី​ថ្វាយបង្គំរួច។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

ខណៈ​​​ដែល​​​​​​ខ្មែរ​​​ក្រហម​​​​​​ប៉ុនប៉ង​​​​​​កែ​​​ប្រែ​​​ប្រទេស​​​កម្ពុជា មាន​​​ការ​​​តស៊ូ​​​ប្រឆាំង​​​ដ៏​​​ខ្លាំងក្លា​​​​​​ដែល​​​ពួក​​​គេ​​​បាន​​​ជួប​​​ប្រទះ គឺ​​​មក​​​ពី​​​សហគមន៍​អិុស្លាម

ភូមិ​ស្វាយ​ឃ្លាំង​​​, ខេត្ត​ត្បូង​ឃ្មុំ-លោក ស្លាយម៉ាន់ មីន អាយុ​៥៨​ឆ្នាំ ជា​ប្រធាន​ភូមិ​បាន​និយាយ​ថា ភូមិ​ស្ងាត់​ជ្រងំ​នេះ​​​​ស្ថិត​នៅ​​​​តាម​បណ្តោយ​ទន្លេ​មេគង្គ ជា​ស្រុក​កំណើត​បង​ប្អូន​ប្រជាជន​ចាម​រាប់​ជំនាន់​មក​ហើយ នៅ​ពេល​ដែល​​​​ខ្មែរ​ក្រហម​​​​​​​​​​​បាន​ត្រួតត្រា​​​​ក្នុង​ឆ្នាំ​១៩៧០។ ពី​ដំបូង ពួក​ទ័ពព្រៃ​​​​កុម្មុយនិស្ត​ដែល​កំពុង​ច្បាំង​បាន​ត្រាប្រណី​ដល់​របៀប​រស់​នៅ​របស់​អ្នក​ភូមិ​ទាំង​នោះ ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​បន្ត​​​​គោរព​សក្ការៈ​នៅ​តាម​ព្រះវិហារ​មូស្លីម​ក្នុង​មូលដ្ឋាន និង​ស្លៀក​ពាក់​សម្លៀក​បំពាក់​ប្រពៃណី​អិុស្លាម​របស់​ពួកគេ។

លោក មីន បាន​រៀបរាប់​​​​​ក្នុង​បទសម្ភាសន៍​មួយ​កាលពី​សប្តាហ៍​មុន​នៅ​ផ្ទះ​របស់​គាត់​ក្បែរ​ផ្លូវ​ធំ​ដែល​ពុះ​ភូមិ​នេះ​ជា​ពីរ ដែល​កាល​ពីដើម​ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម ប៉ុន្តែ​ឥឡូវ​ស្ថិត​នៅ​ក្នុង​ខេត្ត​ថ្មី​បំផុត​របស់​ប្រទេស​នេះ គឺ​ខេត្ត​ត្បូងឃ្មុំ នោះ​ថា “នៅ​ពេល​ពួកគេ​មក​ដំបូង​ក្នុង​ឆ្នាំ​១៩៧០ ពួកគេ​ធ្វើ​ល្អ​នឹង​យើង​ណាស់ បើ​ទោះជា​ពួកគេ​បាន​បញ្ឈប់​យើង​មិន​ឲ្យ​លក់​ដូរ​ក៏​ដោយ។ ពួកគេ​បាន​ប្រាប់​យើង​ថា លន់ នល់ បាន​ដណ្តើម​អំណាច​ពី សីហនុ ហើយ​ពួកគេ​នឹង​ប្រគល់​វា​ទៅ​ឲ្យ​ស្តេច​វិញ”។

ក៏​ប៉ុន្តែ ការ​ត្រាប្រណី​នេះ​បាន​រលាយ​បាត់​ទៅ​វិញ​នៅ​ត្រឹម​ឆ្នាំ​១៩៧៣ ខណៈ​ដែល​ពួក​កុម្មុយនិស្ត​បាន​ចាប់​ផ្តើម​លុប​បំបាត់​សេរីភាព​សាសនា។ ពួកគេ​បាន​បង្ខំ​ឲ្យ​ស្ត្រី​ដោះ​ស្បៃ​គ្រប​ក្បាល​របស់​ខ្លួន​ចេញ និង​កាត់​សក់​វែង​របស់​ស្ត្រី ហើយ​គ្រប់​គ្នា​ត្រូវ​គេ​បង្ខំ​ឲ្យ​ស៊ី​សាច់​ជ្រូក​នៅ​រោង​បាយ​ថ្មី​របស់​ភូមិ​នេះ ហើយ​ឲ្យ​ស្លៀក​ពាក់​ខោ​អាវ​ខ្មៅ​របស់​ពួក​ទ័ព​ព្រៃ​ជំនួស​សម្លៀក​បំពាក់​​ប្រពៃណី​ចាម​វិញ។ ពីរ​ឆ្នាំ​បន្ទាប់​មក ការ​បាត់​ខ្លួន​បាន​ចាប់​ផ្តើម​កើត​មាន​ឡើង។

លោក មីន បាន​និយាយ​ថា “នៅ​ឆ្នាំ​១៩៧៥ សេរីភាព​របស់​យើង​លែង​មាន​ទាំង​ស្រុង។ ប្រសិនបើ​អ្នក​ភូមិ​នៅ​តែ​បន្ត​គោរព​​​ប្រណិប័តន៍​សាសនា​របស់​ខ្លួន​ទៀត ពួកគេ​នឹង​ត្រូវ​គេ​នាំ​យក​ទៅ​សម្លាប់​ចោល”។

“ខ្មែរ​ក្រហម មាន​ឈ្លប​សម្ងាត់​ច្រើន​ដើម្បី​តាម​ឃ្លាំមើល​ព្រះវិហារ​មូស្លីម។ នៅ​ពេល​ពួកគេ​ឃើញ​នរណា​ម្នាក់​ដើរ​ទៅ​ទីនោះ ពួកគេ​នឹង​មក​ដល់​ផ្ទះ ចាប់ខ្លួន​អ្នក​ទាំង​នោះ បិទ​មាត់​អ្នក​ទាំង​នោះ ហើយ​នាំ​យក​ទៅ​កន្លែង​ឃុំឃាំង​ស្រុក។ បង​ប្អូន​ទាំង​នោះ​មិន​ដែល​បាន​ត្រឡប់​មក​វិញ​ទេ”។

នៅ​ខែ​នេះ មាន​សក្ខីកម្ម​លើក​ដំបូង​របស់​សាលាក្តី​ខ្មែរ​ក្រហម​អំពី​បទ​ចោទ​ប្រកាន់​ថា​”បងធំ​ទី២” នួន ជា និង​អតីត​ប្រមុខរដ្ឋ ខៀវ សំផន របស់​របប​នេះ​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ក្រុម​ចាម។ សប្តាហ៍​ទី១​នៃ​ដំណាក់កាល​ជំនុំ​ជម្រះ​នេះ​រួម​មាន​ការ​ផ្តល់​សក្ខីកម្ម​លើ​ការ​បះបោរ​ដោយ​ចាម​និង​ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់​ដោយ​កម្លាំង​ខ្មែរ​ក្រហម​ក្នុង​ខេត្ត​កំពង់ចាម​ នៅ​ខែ​កញ្ញា​ ឆ្នាំ​១៩៧៥។

អ្នក​ប្រវត្តិសាស្ត្រ​ លោក បែន គាណាន (Ben Kiernan) សរសេរ​ក្នុង​សៀវភៅ​របស់​លោក​ ដែល​មាន​ចំណង​ជើង​ថា “របប​ខ្មែរ​ក្រហម” ថា ការ​បះបោរ​ប្រដាប់​អាវុធ​កម្រ​កើត​មាន​ណាស់​ក្នុង​របប​ខ្មែរ​ក្រហម ព្រោះ​ជា​របប​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​សូម្បីតែ​ពាក្យ​​​​ខ្សឹបខ្សៀវ​ក៏ដោយ។ ទោះជា​បែប​នេះ​ក្តី​ ក៏​មាន​ឧទាហរណ៍​នៃ​ការ​ងើប​បះបោរ​ជាច្រើន​ដោយ​ក្រុម​ចាម​ នៅ​ពេល​ដែល​របប​នេះ​បាន​ប្រឹង​ប្រែង​មិន​ត្រឹមតែ​ត្រួតត្រា​ជន​មូស្លីម​របស់​ប្រទេស​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​​ថែមទាំង​រំលាយ​អត្តសញ្ញាណ​របស់​ក្រុម​នេះ​ទាំងស្រុង​ទៀត​ផង។

ប្រទេស​កំណើត​ដើម​របស់​ក្រុម​នេះ​គឺ​ប្រទេស​ចម្ប៉ា ធ្លាប់​ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ហិណ្ឌូ-ព្រះពុទ្ធ​សាសនា​ដំបូង​ក្នុង​តំបន់ មុន​ពេល​ច្បាំង​ដណ្តើម​យក​ដោយ​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​១៤៧១។ ចំណាកស្រុក​ចាម​ភាគច្រើន​បំផុត​មក​ប្រទេស​កម្ពុជា​បាន​កើតឡើង​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៧៩០ ដោយ​មាន​​​ជន​ចំណាកស្រុក​ភាគ​ច្រើន​បំផុត​កាន់​សាសនា​អិុស្លាម ហើយ​ព្រះវិហារ​មូស្លីម​ដំបូង​គេ​ក្នុង​ប្រទេស​នេះ​​​​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៨១៣។

លោក គាណាន ប៉ាន់​ប្រមាណ​ថា នៅ​ឆ្នាំ​១៩៧៥​ ចាម​ដែល​កាន់​សាសនា​អិុស្លាម​និកាយ​ស៊ុននី​ មាន​ចំនួន​ប្រហែល​២៥០.០០០​នាក់។ ទំនាក់ទំនង​រវាង​សហគមន៍​ចាម​និង​ខ្មែរ ជា​ញឹកញាប់​ជិតស្និទ្ធ ហើយ​អាពាហ៍ពិពាហ៍​ឆ្លង​សាសន៍​បាន​កើត​មាន​ជា​ធម្មតា ប៉ុន្តែ ចាម​​​​​ជាទូទៅ​ទទួលរង​​​ការ​​​​ធ្វើ​ទុក្ខបុកម្នេញ​នៅ​អំឡុង​របប​ខ្មែរ​ក្រហម ហើយ​ជាង​មួយ​ភាគ​បី​នៃ​ជនជាតិ​ចាម​នៅ​ប្រទេស​កម្ពុជា​បាន​ស្លាប់​គិត​ត្រឹម​ឆ្នាំ​១៩៧៩។

នៅ​អំឡុង​ពេល​ដដែល​នោះ នៅ​ពេល​ដែល​ពួក​កុម្មុយនិស្ត​បាន​ចាប់​ផ្តើម​អនុវត្ត​កម្មវិធី​សង្កត់​សង្កិន​របស់​ពួកគេ​នៅ​ស្វាយឃ្លាំង ព្រឹត្តិការណ៍​ស្រដៀង​គ្នា​បាន​កើត​ឡើង​នៅ​ភូមិ​កោះ​ផល ជា​កោះ​មួយ​នៅ​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​នៅ​​​ខ្សែ​ទឹក​ខាង​ក្រោម។

លោក សុះ ប៉ូនយ៉ាមីន​ ជាអីុម៉ាំ​ នៅភូមិ​ស្វាយឃ្លាំង​ ចាក់ទឹកតែ​។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily
លោក សុះ ប៉ូនយ៉ាមីន​ ជាអីុម៉ាំ​ នៅភូមិ​ស្វាយឃ្លាំង​ ចាក់ទឹកតែ​។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

យោង​តាម​សៀវភៅ​ “ឧទ្ទាម​កម្ម​ចាម” របស់​លោក អុីសា អូស្មាន់​ ជា​អ្នក​ស្រាវជ្រាវ​និង​ជា​នាយក​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​ ការ​ហូរ​ច្រោះ​ដី​​​រាប់​សិប​ឆ្នាំ​បាន​ធ្វើ​ឲ្យ​បាក់​ស្រុត​កន្លែង​រស់នៅ​នោះ​ចូល​ទឹក​ទន្លេ​មេគង្គ។ ប៉ុន្តែ មុន​ឆ្នាំ​១៩៧៥​ កោះ​ផល​ជា​ស្រុក​កំណើត​របស់​អ្នក​ស្រុក​ជាង​១៨០០​នាក់។ ក្រោយពី​របប​ខ្មែរ​ក្រហម នៅ​សល់​មនុស្ស​តែ​១៨៣​នាក់​ប៉ុណ្ណោះ។

លោក អូស្មាន់ សរសេរ​ថា បន្ទាប់ពី​ខ្មែរ​ក្រហម​ចូល​ភូមិ​កោះ​ផល​ក្នុង​ឆ្នាំ​១៩៧៣ ចាម​បាន​បដិសេធ​មិន​សហការ​ជាមួយ​ពួក​មេដឹកនាំ​ថ្មី​របស់​ពួកគេ​ ដែល​បណ្តាល​ឲ្យ​ពួក​កម្មុយនិស្ត​បោះបង់​ការ​ប៉ុន​ប៉ង​របស់​ពួកគេ​ក្នុង​ការ​គ្រប់គ្រង​ភូមិ​នោះ។ អំឡុង​ពេល​មាន​សេរីភាព​នេះ​មិន​បាន​ស្ថិត​​​ស្ថេរ​​​​យូរ​ទេ ព្រោះ​ខ្មែរ​ក្រហម​បាន​វិល​មក​វិញ ហើយ​មួយ​ឆ្នាំ​បន្ទាប់​មក បាន​ចាប់​ផ្តើម​ការ​បង្ក្រាប​ជាថ្មី។

យោង​តាម​លោក អូស្មាន់ បាន​ឲ្យ​ដឹង​ទៀត​ថា បើ​ទោះជា​មាន​ការ​ខិតខំ​របស់​ខ្មែរ​ក្រហម​ដើម្បី​បង្ខំ​ចាម​នៅ​កោះ​ផល​ឲ្យ​រស់នៅ​លាយឡំ​ជាមួយ​វប្បធម៌​ខ្មែរ​ក៏ដោយ ក៏​អ្នកស្រុក​នៅ​តែ​រឹង​ទទឹង ដោយ​អ្នកភូមិ​មួយ​ចំនួន​បន្ត​គោរព​តាម​ការ​ហៅ​របស់​បព្វជិត​មូស្លីម​មក​សូត្រ​ធម៌។ ទាហាន​ខ្មែរ​ក្រហម​នៅ​ពេល​នោះ បាន​សម្លាប់​យុវជន​ចាម​ម្នាក់ និង​បាន​ចាប់​ពង្រត់​ម្នាក់ទៀត បន្ទាប់មក​បាន​ដោះលែង​គាត់​ជាមួយ​និង​សារ​មួយ​ដែល​ប្រាប់​អ្នកភូមិ​ថា ភូមិ​នេះ​នឹង​ត្រូវ​កម្ទេច​ចោល។

បន្ទាប់ពី​អ្នកភូមិ​ព្រងើយ​កន្តើយ​នឹង​ការ​អំពាវនាវ​ឲ្យ​ចុះចាញ់​ ខ្មែរ​ក្រហម​បាន​វាយ​ប្រហារ​តែ​ម្តង។

លោក អូស្មាន់ សរសេរ​ថា “នៅ​ពេល​ព្រឹក​បន្ទាប់ ទូក​មួយ​បាន​ត្រឡប់​មក​វិញ​ជាមួយ​និង​ទាហាន​ប្រដាប់​អាវុធ​គ្រប់​ដៃ​រាប់​សិប​នាក់។ ទូក​នោះ​ឡើង​គោក​នៅ​ខាង​កើត​ភូមិ។ អ្នក​ភូមិ​ប្រាំ​មួយ​នាក់​បាន​តទល់​នឹង​ក្រុម​ខ្មែរ​ក្រហម​ដែល​ចូល​មក ប៉ុន្តែ អ្នក​ទាំង​ប្រាំមួយ​នាក់​ត្រូវ​បាន​បាញ់​សម្លាប់។ ទាហាន​ដែល​ចូល​មក​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ភូមិ​នោះ ហើយ​បាន​ជួប​អ្នកភូមិ​មួយ​ក្រុម​មាន​គ្នា​១០​នាក់។ ការ​ប៉ះទង្គិច​គ្នា​មួយ​លើក​ទៀត​បាន​កើត​ឡើង។ អ្នក​ការពារ​ភូមិ​ទាំង​អស់​ត្រូវ​បាន​សម្លាប់​ចោល រស់​តែ​ម្នាក់​ប៉ុណ្ណោះ”។

នៅ​ថ្ងៃ​ក្រោយមក​ទៀត ចាម​ក្នុង​តំបន់​បាន​ប៉ុនប៉ង​ប្រយុទ្ធ​ប្រឆាំង​កម្មាភិបាល​ដោយ​ប្រើ​ដាវ​និង​កាំបិត ប៉ុន្តែ ត្រូវ​បាន​គ្រប់គ្រង​​​​ នៅ​ពេល​ទាហាន​កុម្មុយនិស្ត​បាន​វាយ​ប្រហារ​ភូមិ​នោះ​ដោយ​កាំភ្លើង​ធំ​ ដុត​បំផ្លាញ​ភូមិ​ និង​សម្លាប់​បុរស​ ស្ត្រី​ និង​ក្មេង​រាប់​រយ​នាក់។

លោក ទា ស៊លប៊ីន អាយុ​៦៨ឆ្នាំ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែរ បាន​និយាយ​ថា ពីរ​សប្តាហ៍​ក្រោយពី​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​កោះ​ផល នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​រ៉ាម៉ាដាន​ យុវជន​ចាម​នៅ​ស្វាយ​ឃ្លាំង​​​ បាន​ទទួល​បញ្ជី​មួយ​ដែល​មាន​បញ្ជាក់​ឈ្មោះ​អ្នក​ភូមិ​៨០​នាក់ ដែល​ខ្មែរ​ក្រហម​មាន​គម្រោង​នឹង​ចាប់​ខ្លួន។

អស់​កម្លាំង​កាន់តែ​ខ្លាំង​ឡើង​ដោយសារតែ​ការ​ឈ្លប​យក​ការណ៍​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្នុង​កណ្តាប់​ដៃ “អង្គការ” ពួកគេ​មាន​ផែនការ​ធ្វើការ​បះបោរ។

លោក ស៊លប៊ីន អង្គុយ​នៅ​ខាង​ក្រៅ​ព្រះវិហារ​មូស្លីម​ស្វាយ​ឃ្លាំង​​​ ក្រោយពី​ពិធី​សូត្រ​ធម៌​ពេលល្ងាច​កាលពី​សប្តាហ៍​មុន បាន​និយាយ​ថា “ខ្មែរ​ក្រហម​បាន​ចាប់​ចាម​យក​ទៅ ហើយ​យើង​បាន​ឮ​ដំណឹង​ថា ពួកគេ​នឹង​មក​ចាប់​ខ្លួន​៨០​នាក់​ទៀត ដូច្នេះ​នៅ​ពេល​ដែល​យើង​បាន​ដឹង​ថា ពួកគេ​នឹង​មក​ចាប់​មនុស្ស យើង​បាន​សម្រេច​ចិត្ត​ក្រោក​​​​ឈរ​ប្រឆាំង”។

លោក​បាន​និយាយ​ថា អ្នក​ភូមិ​បាន​មក​ជុំ​គ្នា ហើយ​បាន​ត្រៀម​ដាវ​កាំបិត​ដើម្បី​វាយ​ប្រហារ​ពួក​ទាហាន​ដែល​កាន់​កាំភ្លើង នៅ​ពេល​ពួក​ទាំង​នោះ​ចូល​ភូមិ។ ការ​ទូង​ស្គរ​ដ៏​ធំ​មួយ​នឹង​ឲ្យ​សញ្ញា​សម្រែក​ចូល​ប្រយុទ្ធ។

លោក ស៊លប៊ីន បាន​រៀបរាប់​ទៀត​ថា “នៅ​ពេល​ថ្ងៃ យើង​បាន​ជួបជុំ​គ្នា​ពិភាក្សា​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច។ យើង​បាន​សម្រេច​ថា នៅ​ពេល​យើង​ឮ​សូរ​សំឡេង​ទូង​ស្គរ​ យើង​នឹង​ចេញ​ទៅ។ យើង​បាន​ឮ​សំឡេង​ស្គរ ហើយ​យើង​បាន​ត្រៀម​ដាវ​របស់​យើង”។

លោក​បាន​និយាយ​ថា នៅ​ពេល​នោះ អ្នក​ភូមិ​រាប់​រយ​នាក់​បាន​ចាប់​ផ្តើម​សម្រុក​លើ​ខ្មែរ​ក្រហម​ក្នុង​មូលដ្ឋាន ដោយ​ប្រើ​ដាវ​របស់​ខ្លួន ប៉ុន្តែ ទាហាន​ប្រដាប់​ដោយ​កាំភ្លើង​បាន​បង្ក្រាប​ការ​វាយ​តដៃ​នោះ​បាន​ភ្លាមៗ។

លោក​បាន​ឲ្យដឹង​ទៀត​ថា “ពួកគេ​បាន​ចាប់​ផ្តើម​បាញ់។ ខ្ញុំ​បាន​ឃើញ​មនុស្ស​១០​ទៅ​២០​នាក់​ស្លាប់​នៅ​ពីមុខ​ខ្ញុំ ប៉ុន្តែ មាន​ច្រើន​ទៀត។ មាន​រាប់​រយ​នាក់ ពួកគេ​បាន​ចេញ​មក​ខណៈ​ដែល​យើង​បាន​វាយ​ប្រហារ”។

លោក​ ណូ មីន នៅ​ពេល​នោះ​មាន​អាយុ​ត្រឹម​១៦​ឆ្នាំ បាន​រៀបរាប់​​​​អំពី​​​​ការ​ប្រយុទ្ធ​នោះ​ថា​​​ បងប្អូន​ចាម​បាន​បាត់​បង់​ជីវិត​យ៉ាង​ច្រើន ជាពិសេស​នៅ​ពេល​ដែល​កម្លាំង​កុម្មុយនិស្ត​ច្រើន​ទៀត​ចូល​ភូមិ​តាម​ផ្លូវ​គោក​និង​ផ្លូវ​ទឹក។

លោក មីន បាន​និយាយ​ថា “យើង​គ្រាន់តែ​ចង់​រារាំង​ការ​ចាប់​ខ្លួន​ប៉ុណ្ណោះ។ ប្រជាជន​បាន​ចាប់​កាន់​ដាវ ហើយ​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​ខ្មែរ​ក្រហម។ គ្រប់គ្នា​បាន​ចូលរួម សូម្បី​មនុស្ស​ចាស់ៗ​ក៏បាន​ជួយ​ស្រែក​ដែរ”។

លោក​បាន​បន្ថែម​ទៀត​ថា “ខ្ញុំ​ដឹង​ថា ទាហាន​ម្នាក់​បាន​ស្លាប់។ ខ្ញុំ​ភ្ញាក់​​​ផ្អើល​ដែល​ទាហាន​តែ​ម្នាក់​ស្លាប់។ តើ​យើង​តស៊ូ​ជាមួយ​ពួកគេ​យ៉ាង​ម៉េច​កើត? ពួកគេ​បាញ់​ កាត់​ក និង​ចាក់​សម្លាប់​ប្រជាជន”។

នៅ​ពេល​នោះ ​លោក មីន បាន​រត់​ភៀស​ខ្លួន​ទៅ​ព្រះវិហារ​មូស្លីម​ស្វាយ​ឃ្លាំង​​​ មុន​ពេល​វិល​ត្រឡប់​មក​ផ្ទះ​របស់​គាត់​វិញ​មួយ​រយៈ​ពេល​ខ្លី។

អ្នក​ផ្សេង​ទៀត​បាន​បោះ​ចោល​ដាវ​របស់​ខ្លួន​ក្នុង​ចម្ការ​ចេក​ជុំវិញ​ភូមិ។

ក្នុង​សៀវភៅ​របស់​លោក លោក អូស្មាន់ និយាយ​ថា ពួក​ទាហាន​បាន​បន្ត​កាប់​សម្លាប់​អ្នក​ស្រុក នៅ​ពេល​ដែល​ការ​បះបោរ​នោះ​ត្រូវ​បាន​បង្ក្រាប ហើយ​អ្នក​នៅ​រស់​តែ​ម្នាក់​គត់​បាន​ប្រឹង​ចាក់​ទាហាន​ម្នាក់​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​គាត់​មុន​ពេល​ត្រូវ​គេ​ដុត​ផ្ទះ​​​នោះ​ចោល។

លោក អូស្មាន់ បាន​និយាយ​ថា ខ្មែរ​ក្រហម​ប្រមូល​ផ្តុំ​អ្នក​នៅ​រស់​ ហើយ​បាន​ចាប់​ផ្តើម​បណ្តើរ​ពួកគេ​ទៅ​ទិស​ខាង​លិច មុន​ពេល​បំបែក​បុរស​មួយ​ក្រុម ស្ត្រី​មួយ​ក្រុម​ និង​ក្មេង​មួយ​ក្រុម​ផ្សេង​ទៀត។ ក្រុម​បុរស​ដែល​របួស​ក្នុង​ការ​ប្រយុទ្ធ​ត្រូវ​បាន​គេ​ប្រាប់​ថា ពួកគេ​ត្រូវ​គេ​នាំ​យក​ទៅ​ព្យាបាល​មុន​ពេល​ត្រូវ​សម្លាប់​ចោល រីឯ​នៅ​សល់​ពី​នោះ​ត្រូវ​ឃុំ​ខ្លួន​នៅ​ខាង​ក្នុង​ឃ្លាំង​សម្ងួត​ថ្នាំ​ជក់។

លោក ណូ មីន អង្គុយ​ក្នុង​ផ្ទះ​របស់​គាត់។​ រូបថតៈ Jens Welding Ollgaard/The Cambodia Daily
លោក ណូ មីន អង្គុយ​ក្នុង​ផ្ទះ​របស់​គាត់។​ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

លោក មីន បាន​និយាយ​ថា គេ​ឃុំ​​​​គាត់​នៅ​ឃ្លាំង​នោះ​រយៈ​ពេល​មួយ​ខែ​មុន​ពេល​ផ្ទេរ​ទៅ​ឃុំ​ពើស​២ ក្បែរ​នោះ ជា​ទី​ដែល​មាន​​​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ចាម​បន្ត​​​​​ទៀត។

លោក​បាន​និយាយ​ថា “នៅ​ពេល​ខ្ញុំ​ត្រូវ​គេ​ជម្លៀស​ឲ្យ​មក​រស់នៅ​ទីនោះ​ ខ្មែរ​ក្រហម បាន​បំភិត​បំភ័យ​យើង។ ពួកគេ​ឃាត់​យើង​មិន​ឲ្យ​និយាយ​ភាសា​ចាម មិន​ឲ្យ​ទាក់ទង​គ្នា​ទាល់តែ​សោះ។ ពួកគេ​បាន​និយាយ​ថា ប្រសិន​បើ​អ្នក​ឯង​មិន​ស្តាប់ គ្រួសារ​អ្នក​ឯង​ទាំងអស់​នឹង​ត្រូវ​សម្លាប់​ចោល”។

លោក អូស្មាន់ សរសេរ​ក្នុង​សៀវភៅ​របស់​លោក​ថា អ្នក​នៅ​មាន​ជីវិត​ភាគ​ច្រើន​ត្រូវ​បាន​គេ​ជម្លៀស​ទៅ​ស្រុក​ដំបែរ និង​ស្រុក​ស្ទឹង​ត្រង់។ នៅ​ពេល​ពួកគេ​បាន​ទៅ​ដល់​គោលដៅ​របស់​ខ្លួន គ្រួសារ​ចាម​ទាំង​នោះ​ត្រូវ​រស់នៅ​លាយឡំ​ជាមួយ​គ្រួសារ​ខ្មែរ។ មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​នៅ​ពេល​ធ្វើ​ពលកម្ម​ធ្ងន់​នៅ​ស្រែ។

លោក មីន បាន​និយាយ​ថា ក្នុង​ឆ្នាំ​១៩៧៨ លោក​បាន​ព្យាយាម​រត់​ភៀស​ខ្លួន​ចេញពី​សហករណ៍​របស់​គាត់​ដើម្បី​ចូលរួម​ជាមួយ​ការ​បះបោរ​មួយ​ផ្សេងទៀត ដែល​ដឹកនាំ​ដោយ​អតីត​ទាហាន​ខ្មែរ​ក្រហម​ម្នាក់​នៅ​ក្នុង​ព្រៃ​មួយ​ក្បែរ​ស្វាយ​ឃ្លាំង​​​។ អង្គភាព​ដែល​មាន​មនុស្ស​១០០នាក់​ មាន​កាំភ្លើង​ត្រឹមត្រូវ​បាន​ព្យាយាម​ការពារ​ការ​វាយ​ប្រហារ​ពី​អង្គភាព​ក្នុង​មូលដ្ឋាន ហើយ​នៅ​ទី​បញ្ចប់​បាន​ជួប​ទាហាន​វៀតណាម​ដែល​ចូល​មក​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម។

ការ​បះបោរ​នៅ​ស្វាយឃ្លាំង​ និង​ភូមិ​កោះ​ផល​ជា​ការបះបោរ​ពីរ​របស់​ក្រុម​ចាម​មាន​ឯកសារ​ច្បាស់លាស់​ប្រឆាំង​ខ្មែរ​ក្រហម។ ក៏ប៉ុន្តែ ក្នុង​សៀវភៅ​របស់​​​​អ្នកស្រាវជ្រាវ​ ហ្វារីណា សូ ដែល​មាន​ចំណង​ជើង​ថា​ “The Hijab of Cambodia” បាន​លើក​ឡើង​នូវ​ការបះបោរ​មួយ​ចំនួន​ផ្សេងទៀត។

លោកស្រី​សរសេរ​ថា ភូមិ​ទ្រា​នៅ​ក្បែរ​នោះ​ក្នុង​ខេត្ត​កំពង់ចាម​ ជា​កន្លែង​នៃ​ការ​បះបោរ​របស់​ចាម​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៧៣​ ដែល​នៅ​ពេលនោះ​យុវជន​មួយ​ក្រុម​មាន​គ្នា​ប្រហែល​១២នាក់​បាន​បំផ្លាញ​ស្នាក់ការ​ខ្មែរក្រហម​ក្នុង​មូលដ្ឋាន​ ជា​ការ​សងសឹក​ប្រឆាំង​របប​នេះ​ចំពោះ​ការ​រឹតត្បិត​លើ​សាសនា។​ ការ​ចាប់​ខ្លួន​គ្មាន​សល់​បាន​កើតមានឡើង។

ក្នុង​ឆ្នាំ​ដដែល​នោះ​ បុរសៗ​នៅ​ភូមិ​ជ្រោយ​មេត្រី​ ខេត្ត​កណ្តាល​ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​បញ្ជា​របស់​ខ្មែរក្រហម​ ដែល​ឲ្យ​ស្ត្រី​ចាម​កាត់សក់​ និង​ដោះ​កន្សែង​រុំ​ក្បាល​ចេញ។ ទោះ​ជាយ៉ាង​នេះ​ក្តី​ ក្រុម​នេះ​បាន​ខ្នះខ្នែង​ជៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ចំៗ។

លោកស្រី សូ បាន​សរសេរ​ថា “សា រ៉ាសាត​ មេដឹកនាំ​ក្រុម​ បាន​ចរចា​ជាមួយ​ខ្មែរ​ក្រហម​សុំ​ពេល​បន្ថែម​ទៀត ដើម្បី​ឲ្យ​ស្ត្រី​សម្រប​តាម​គោល​នយោបាយ​ថ្មី​នេះ។ ខ្មែរ​ក្រហម​បាន​យល់ព្រម​តាម​សំណើ​ដោយ​មាន​លក្ខខណ្ឌ​ថា ប្រជាជន​អនុវត្ត​តាម​គោល​នយោបាយ​នេះ​ក្នុង​ពេល​ឆាប់ៗ។

ស្ត្រីខ្មែរ​អីុស្លាម​បោសសំរាម​​ខាង​ក្រៅផ្ទះរបស់​គាត់​។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily
ស្ត្រីខ្មែរ​អីុស្លាម​បោសសំរាម​​ខាង​ក្រៅផ្ទះរបស់​គាត់​។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

យោង​តាម​លោកស្រី​ សូ​ បាន​ឲ្យ​ដឹង​ថា ការ​បះបោរ​ប្រដាប់​អាវុធ​ក្រោយមក​ទៀត ដែល​មាន​ទាំង​ឧទ្ទាម​ចាម ទាំង​ឧទ្ទាម​ខ្មែរ​ និង​អតីត​ឈ្លប​ខ្មែរក្រហម​ផង​ បាន​កើត​ឡើង​នៅ​ឃុំ​ទួល​ទទឹង​ ក្នុង​ខេត្ត​ព្រះសីហនុ​ នៅ​ឆ្នាំ​១៩៧៦។ ឧទ្ទាម​ប្រហែល​៤០នាក់​បាន​បែងចែក​ជា​ពីរ​ក្រុម​ ដោយ​មួយ​ក្រុម​ធំ​មាន​ទីតាំង​សម្ងំ​នៅ​តាម​ភ្នំ​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤។

លោកស្រី សូ​ បាន​សរសេរ​ថា “ជួនកាល​ពួកគេ​បាន​វាយ​ប្រហារ​ខ្មែរក្រហម​នៅ​ចុង​ខ្សាច់​ និង​ភូមិ​ផ្សេងទៀត​ក្បែរ​នោះ ហើយ​បន្ទាប់​មក​ទៀត​បាន​សម្ងំ​នៅ​តាម​ភ្នំ​វិញ។​ ឆ្លើយ​តប​នឹង​ហេតុការណ៍​នេះ​ ខ្មែរក្រហម​បាន​ស្រាវជ្រាវ​រក​នរណា​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ពួក​បះបោរ​ ជាពិសេស​ប្រពន្ធ​និង​សាច់ញាតិ​របស់​ពួកគេ​ដែល​រស់​នៅ​ក្នុង​ភូមិ។ អ្នក​ទាំង​នោះ​នឹង​ត្រូវ​គេ​សម្លាប់​ចោល”។

យោង​តាម​លោក អូស្មាន់ បាន​ឲ្យ​ដឹង​ថា ក្រោយពី​ការ​ដួល​រលំ​របប​នេះ​ អ្នក​នៅ​រស់​មួយ​ចំនួន​តូច​មកពី​ស្វាយឃ្លាំង​ បាន​ចាប់​ផ្តើម​ត្រឡប់​មក​ភូមិ​ដែល​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​របស់​ពួកគេ​វិញ។ ក្នុង​ចំណោម​ប្រជាជន​ប្រហែល​៦.២០០​នាក់​ដែល​រស់នៅ​ទីនោះ​ក្នុង​ឆ្នាំ​១៩៧០ មាន​តែ​៦០០​នាក់​ប៉ុណ្ណោះ​បាន​នៅ​រស់​សល់​ពី​របប​នេះ។ អ្នក​ភូមិ​ដែល​ផ្តល់​សម្ភាស​បាន​រៀបរាប់​អំពី​ការ​វិល​ត្រឡប់​មក​ផ្ទះសំបែង​ដែល​ត្រូវ​គេ​ដុត​បំផ្លាញ​ អាហារ​តិចតួច​ និង​ការ​បាត់បង់​សាច់ញាតិ​ដ៏​ជា​ទី​ស្រឡាញ់។

អង្គុយ​នៅ​ខាង​ក្រៅ​ព្រះវិហារ​មូស្លិម កាលពី​សប្តាហ៍​មុន សុះ ពុនយ៉ាមីន អាយុ​៦១​ឆ្នាំ​ ជា​មេដឹកនាំ​មូស្លិម​ដែល​មាន​លក្ខណៈ​សម្បត្តិ​ ដែល​បាន​ផ្តល់​សក្ខីកម្ម​អំពី​ការ​បះបោរ​នេះ​នៅ​សាលាក្តី​ក្រហម​កាលពី​ដើម​ខែ​នេះ​ បាន​និយាយ​ថា ការ​បះបោរ​នោះ​បាន​ត្រឹមតែ​នាំ​មក​នូវ​ការ​វាយ​ប្រហារ​របស់​របប​ខ្មែរ​ក្រហម​លើ​អិុស្លាម​ប៉ុណ្ណោះ។

លោក​បាន​និយាយ​ថា “មូលហេតុ​ដែល​យើង​វាយ​ប្រហារ​គឺ​មិនមែន​តែ​ដើម្បី​ចាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ដើម្បី​ប្រទេស​កម្ពុជា​ និង​ដើម្បី​សេរីភាព​សាសនា”៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស