លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់បងប្អូនជនរួមជាតិខ្មែរមួយក្រុមនៅបុរីញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវឲ្យបញ្ចប់ការលាបពណ៌ដាក់គ្នា និងអះអាងថា លោកនិយាយក្នុងនាមមេដឹកនាំរដ្ឋាភិបាលដែលតំណាងពលរដ្ឋកម្ពុជាទាំងអស់មិនមែនក្នុងនាមអ្នកនយោបាយបក្សទេ។
ទោះជាយ៉ាងនេះក្តី លោកក៏បានឆ្លៀតឱកាសរិះគន់គណបក្សសង្គ្រោះជាតិយ៉ាងខ្លាំងដោយធ្វើការចោទប្រកាន់ជាថ្មីថា គណបក្សប្រឆាំងនេះមានគម្រោងផ្តួលរំលំរូបលោកក្នុង “បដិវត្តពណ៌” នៅអំឡុងពេលបាតុកម្មមហាជន បន្ទាប់ពីការបោះឆ្នោតជាតិដ៏មានជម្លោះនៅឆ្នាំ២០១៣។
លោក ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅបុរីញូវយ៉ក ដែលលោកនឹងថ្លែងទៅកាន់កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិនៅថ្ងៃសៅរ៍។ កាលពីថ្ងៃព្រហស្បតិ៍ លោកបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរប្រហែល២០០នាក់ដែលរស់នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនផ្សេងទៀត។ លោកបានប្រាប់អ្នកចូលរួមស្តាប់ថា ជាកំហុសរបស់អ្នកនយោបាយដែលបានបណ្តាលឲ្យពលរដ្ឋខ្មែរជាច្រើនរត់ចោលស្រុកកំណើតក្នុងពេលអតីតកាល ឥឡូវនេះប្រទេសជាតិមានការរីកចម្រើនក្រោមការដឹកនាំរបស់លោក។
លោកបានមានប្រសាសន៍ថា “ខ្ញុំនិយាយពេលនេះក្នុងនាមជាមេដឹកនាំរាជរដ្ឋាភិបាល មិនមែនក្នុងនាមជាមេដឹកនាំគណបក្សនយោបាយនោះទេ ដើម្បីប្រាប់ឲ្យជនរួមជាតិ ដែលរស់នៅក្រៅប្រទេសដឹងថា ប្រទេសកម្ពុជាកំពុងដើរលើផ្លូវត្រូវ និងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ”។
លោកបានអំពាវនាវឲ្យបញ្ចប់ការលាបពណ៌ដាក់គ្នា ហើយកុំខ្វល់អំពីរឿងអតីតកាល ហើយផ្ដោតទៅលើអនាគតវិញ។
លោកបានមានប្រសាសន៍ថា “សូមបញ្ឈប់លាបពណ៌ដាក់គ្នា គឺយើងកុំខ្វល់ពីអតីតកាល ថាអ្វីនោះទេ ព្រោះយើងទាំងអស់គ្នាជាជាតិសាសន៍ខ្មែរតែមួយ” បន្ទាប់មកលោក ហ៊ុន សែន បានចាប់ផ្តើមធ្វើការរិះគន់គណបក្សសង្គ្រោះជាតិ ដោយនិយាយថា គណបក្សប្រឆាំងនេះបានរំលោភបំពាន “វប្បធម៌សន្ទនា” ដែលរូបលោក និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបង្កើតឡើងឲ្យមានភាពធូរស្រាលខាងនយោបាយ ដោយអ្នកទាំងពីរប្រើដើម្បីចរចាកាលពីដើមឆ្នាំនេះ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “វប្បធម៌សន្ទនា” ដែលបង្កើតឡើងដោយរូបខ្ញុំ និងឯកឧត្ដម សម រង្ស៊ី ហាក់មិនមានភាពល្អប្រសើរទាល់តែសោះ ដោយសារតែភាគីម្ខាងកេងចំណេញខាងនយោបាយបម្រើផលប្រយោជន៍គណបក្ស ជាជាងបម្រើឲ្យផលប្រយោជន៍ប្រទេស និងប្រជាជនកម្ពុជា”។
ដោយចោទលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិថា បានប្រឹងប្រែងបណ្តេញរូបលោកចេញពីតំណែង លោកបានមានប្រសាសន៍ថា “វប្បធម៌សន្ទនាត្រូវបានបង្កើតឡើង [ ពីព្រោះ ] ការផ្តួលរំលំតាមរយៈអំណាចរបស់ប្រជាជនមិនអាចមានជោគជ័យតាមរយៈបដិវត្តពណ៌”។
“កឹម សុខា បាននិយាយថា ‘ប្រសិនបើ [គាត់] មិនចុះ [គាត់] នឹងអង្រួនឲ្យ [គាត់] ធ្លាក់។ នៅពេលខ្ញុំចាប់ដៃជាមួយ លោក កឹម សុខា ខ្ញុំបានសួរថា ‘តើវាមានន័យយ៉ាងម៉េចអង្រួនឲ្យធ្លាក់នោះ?” កឹម សុខា បានឆ្លើយតបមកខ្ញុំវិញថា ‘សម្តេច ខ្ញុំតែងតែសរសើរលោកនៅទីបញ្ចប់’។ ហើយខ្ញុំបានប្រាប់ឯកឧត្តម កឹម សុខា ថា ‘សំណាងហើយដែលឯកឧត្តមមិនបានធ្វើ។ បើឯកឧត្តមធ្វើ ថ្ងៃនេះនឹងក្លាយជាថ្ងៃបុណ្យសពរបស់ឯកឧត្តមហើយ’”។
លោក កឹម សុខា មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា លោកមិនចង់ផ្តល់ការឆ្លើយតបដោយផ្ទាល់ទៅនឹងការអត្ថាធិប្បាយរបស់លោក ហ៊ុន សែន ទេ ប៉ុន្តែ លោកបានបដិសេធថា គណបក្សសង្គ្រោះជាតិមិនដែលបានស្វះស្វែងផ្តួលរំលំរដ្ឋាភិបាលដោយហិង្សានោះទេ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនឆ្លើយតបទៅនរណាម្នាក់ទេ ប៉ុន្តែ ខ្ញុំផ្តល់ទស្សនៈទូទៅ។ ខ្ញុំនិយាយថា គណបក្សសង្គ្រោះជាតិមិនដែលមានចេតនាណាមួយក្នុងការប្រើអំពើហិង្សា ឬលើកទឹកចិត្តឲ្យធ្វើសកម្មភាពខុសច្បាប់ទេ។ យើងចាត់ទុកខ្មែរទាំងអស់ជាខ្មែរតែមួយ ហើយមិនចាត់ទុកខ្មែរណាម្នាក់ជាសត្រូវទេ”៕និត