29 C
Phnom Penh

​ប្អូនស្រី​អង្វរ​សុំការ​អត់​ឱនឲ្យ​​​​បង​​​ប្រុស​​​​ដែលត្រូវ​បាន​​​ចោទពីបទ​គំរាម​ដាក់គ្រាប់បែក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​និស្សិត​ម្នាក់​នៃ​សាកលវិទ្យាល័យ សៅស៍ អុីស អេយសៀ (University of South-East Asia)​ ក្នុង​ក្រុង​សៀមរាប ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​​​ចំពោះ​ការ​​ខំមិន​ (comment) លើ​ទំព័រ​ហ្វេសប៊ុកដែល​ក្នុង​នោះ​ បាន​គំរាម​ដាក់​គ្រាប់​បែក​​​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​​ក្រោម​អធិបតី ភាព​លោក ស ខេង រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​ចោទ​ប្រកាន់​និង​ដាក់​ពន្ធនាគារ​កាលពី​ម្សិលមិញ។

​លោក ភឿង ចិន្តារ៉េត ​នាយការិយាល័យ​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​​បាន​មាន​​ប្រសាសន៍​ថា យុវជន​ឈ្មោះ តៅ សាវឿន អាយុ​២៦​ឆ្នាំ ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​នេះ​ក្នុង​ឆ្នាំ​២០១៣ ហើយខឹង​យ៉ាង​ខ្លាំង​​ដោយ​សារ​តែ​កាល​វិភាគ​​ប្រគល់​សញ្ញាបត្រ​​​ត្រូវ​បាន​កែប្រែ​ម្ដង​ហើយ​ម្ដង​ទៀត​នោះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​គំរាម​សម្លាប់។

លោក ចិន្តារ៉េត បាន​ថ្លែង​ថា “យុវជន​​រូប​នេះ​ត្រូវ​បាន​ចោទ​​ប្រកាន់​ពីបទ​គំរាម​សម្លាប់​​តាម​មាត្រា​២៣៣​ [នៃ​ក្រម​ព្រហ្មទណ្ឌ]​ ហើយ​ ត្រូវ​បាន​​បញ្ជូន​ទៅ​ពន្ធនាគារ”​។ការ​ចោទ​ប្រកាន់នេះ​មានទោស​ជាប់ពន្ធនាគារ​អតិ​​​បរមារហូតដល់​ពីរឆ្នាំ។

នគរ​បាល​លើក​ឡើង​ថា សាវឿន សារភាព​ ថា ​ខ្លួន​ពិត​ជា​បាន​គំរាម​មែន ហើយ​​​បាន​ពន្យល់​ ថា ខ្លួន​ខឹង​​ថាពិធី​នេះ​ ​ដែល​បាន​ប្រព្រឹត្ត​​​ទៅ​​​​កាល ពី​ថ្ងៃ​ច័ន្ទ​ដោយ​គ្មាន​​ឧបទ្ទវហេតុ​អ្វីនោះ ​ត្រូវ​បាន​លុប​ចោល​ ហើយ​បន្ទាប់​មក​​​​ត្រូវ​បាន​រក្សា​ទុក​ដដែល​វិញ​ ខណៈ​ដែល​ខ្លួន​​ត្រូវ​រៀបចំ​កាល​វិភាគ​ដើម្បី​សុំ​ច្បាប់​ឈប់​សម្រាក​ពី​ការ​ងារ​​របស់​ខ្លួន​នៅ​សណ្ឋាគារ​។

​នៅ​ក្នុង​រូបភាព​ដែល​​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អុីនធឺណិត​​ដោយបាន​បង្ហាញ​ខំមិន ដែល​​បង្ហោះ​ក្នុង​គណនី​ដែល​ឈ្មោះ “តៅ សាវឿន” សរសេរ​ថា “ចាំ​សម្ដេច​​​ ​​​ [លោក ស ខេង] មក​ដល់​ នាំគ្នា​ដាក់​គ្រាប់​បែក​​ឲ្យ​ងាប់​ទាំង​អស់​គ្នា​ម្ដង​”។ខំមិន​នេះ​​ទទួល​បាន​ការ​​​ចុច​ Like ​ចំនួន​ពីរ​។

​កញ្ញា​ តៅ បូរ៉ា ​អាយុ​២១​ឆ្នាំ ជា​ប្អូន​ស្រី​របស់​ ​​​តៅ សាវឿន បាន​និយាយ​កាលពី​ម្សិលមិញ​ថា បង​ប្រុស​របស់​នាង​​​​ធ្វើ​បែប​នេះ​ដោយ​សារ​តែ​ខឹង ហើយ​គួរ​អត់​ឱន​ ពីព្រោះ​គាត់​មិន​ បាន​ប្រព្រឹត្ត​ធ្ងន់ធ្ងរទេ​។

កញ្ញា​​​ បូរ៉ា បាន​និយាយ​តាម​ទូរស័ព្ទ​ថា “បង​ ប្រុស​របស់​ខ្លួន​បាន​សុំ​ការ​អនុញ្ញាត​ពី​សណ្ឋា​គារ​ ពីរ​បី​លើក​​​ដើម្បី​​សុំ​ឈប់​សម្រាក​ទៅ​ចូល​រួម​ទទួល​សញ្ញាបត្រ។ ដូច្នេះ​​​​ ថៅកែ​របស់​គាត់​ខឹង​​នឹង​​គាត់ ហើយ​បាន​ប្រាប់​គាត់​ថា គាត់​​​ជា​​​មនុស្ស​ក្រឡិចក្រឡុច។ ដូច្នេះគាត់​ខឹង​យ៉ាង​ខ្លាំង ហើយ​បាន​សម្រេច​សរសេរ​ថា គាត់​នឹង​​ដាក់​គ្រាប់​បែក​​សម្លាប់​មនុស្ស​គ្រប់​គ្នា​”។

កញ្ញា​បាន​បន្ថែម​ទៀត​ថា “​បង​ប្រុស​របស់​ខ្ញុំ​​ធ្វើ​ជ្រុល​ហួស ប៉ុន្តែ​សម្ដេច​​​ក៏ជា​មនុស្ស​ក្រឡិច​​​ក្រឡុច​ដែរ​ ដូច្នេះ​យើង​សូម​ឲ្យ​សម្ដេច​បន្ធូរបន្ថយ​ទោស​ដល់​បង​ប្រុស​របស់​ខ្ញុំ​”។

កញ្ញា​បន្ត​ថា ​”ប្រសិន​បើ​​គាត់​ត្រូវ​បាន​ផ្ដន្ទា​​​ទោស​​ វា​នឹង​​បំផ្លាញ​អនាគត​របស់​គាត់​​ និង​ក្រុម​គ្រួសារ​របស់​យើង ពីព្រោះ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​មាន​កូន​ប្រុស​តែ​ម្នាក់ ហើយ​ពួកគាត់​​​ពឹង​​ផ្អែក​លើ​​គាត់​។ ឪពុក​ម្ដាយ​របស់​យើង​​ចិញ្ចឹម​​​​បីបាច់​គាត់ ហើយបាន​​​ចំណាយ​ប្រាក់​ច្រើន​ណាស់​លើ​ការ​សិក្សា​របស់​គាត់​…។ ប៉ុន្តែ​ឥឡូវ​នេះ​គាត់​​ជាប់​គុក​​។​​​យើង​សូម​ឲ្យ​សម្ដេចមេត្តាអត់​ឱន​​ដល់​គាត់​ចំពោះ​ទង្វើ​នេះ​ផង​”៕ សារុន​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស