27 C
Phnom Penh

ប្រធាន​មណ្ឌល​កុមារ​កំព្រា​​​​ដែល​​​ជាប់​ចោទ​ពី​បទ​បៀត​បៀន​​កេរ្តិ៍​ភេទ​​ក្មេង​ប្រុស​ ឡើង​សវនាការ​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សវនាការ​​បិទ​ទ្វារ​​​ដើម្បី​ជំនុំជម្រះ​​ទោស​អតីត​​នាយក​អង្គការ​​​សកម្មភាព​ដើម្បី​កុមារ ​(APLE) ​ជា​អង្គការ​​មិន​មែន​រដ្ឋាភិបាល​ប្រឆាំង​​​ជន​​​រួម​ភេទ​ជាមួយ​កុមារ ដែល​ជាប់​ចោទ​ពី​បទ​​បៀត​បៀន​កេរ្តិ៍​​ភេទ​ក្មេង​ប្រុស​​១១​នាក់​​ក្រោម​ការ​មើល​ថែ​របស់​ខ្លួន​​​នៅ​មណ្ឌល​​កុមារ​​​កំព្រា​មួយ​​កន្លែង​ដែល​​​ខ្លួន​ធ្វើ​​ជា​ប្រធាន​នោះ​​ បាន​​​​ចាប់​ផ្ដើម​កាលពី​ម្សិលមិញ​ ជា​មួយ​នឹង​ការ​ផ្ដល់​សក្ខីកម្ម​​ពី​​ជន​រងគ្រោះ​​អាយុ​២២​ឆ្នាំ​ម្នាក់ នេះ​បើ​​យោង​តាម​ការ​បញ្ជាក់​ពី​មេធាវី​របស់​​ចុង​ចោទ​។

cam-photo-aple-jump-channaលោក ហង្ស វិបុល អាយុ​៤៦​ឆ្នាំ គឺ​ជា​នាយក​​​ដំបូង​របស់​អង្គការ APLE ប៉ុន្តែ​លោក​​បាន​ចាក​ចេញ​ពី​អង្គការ​នេះ​​នៅ​ឆ្នាំ​២០០៥ ​ដើម្បី​​​​​​គ្រប់​គ្រង​ពេញ​ម៉ោង​នៅ​​មណ្ឌល​កុមារ​កំព្រា​​ផ្ទះ​យើង​ (Our Home) ក្នុង​រាជធានី​ភ្នំពេញ ​​​​ដែល​​កើត​មាន​ការ​​បៀត​បៀន​នោះ។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​​​កាលពី​ខែ​មីនា ក្រោយ​​​​ពី​មាន​ការ​ស៊ើបអង្កេត​រាប់​ខែ​​ដោយ​អង្គការ​ APLE និង​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​​ចោទ​ប្រកាន់​​​​ជា​ច្រើន​ករណី​​​ពីបទ​​ប្រព្រឹត្ត​អំពើ​​​អនា​ចារ​លើ​អនីតិជន​។

​លោកបាន​អះអាង​ថា ការ​ចោទ​ប្រកាន់​លើ​​រូប​លោក​គឺ​ជា​ការ​ប្រឌិត​ឡើង​ដោយ​មនុស្ស​មួយ​ក្រុម​​ដឹកនាំ​ដោយ​លោក ធែរី ដាណូដេត (Thierry Darnaudet) ​សហ​ស្ថាប​និក​​អង្គការ​​ APLE និង​ធ្លាប់​ជា​មិត្ត​ជិតស្និទ្ធ​​ដែល​បាន​​​លា​ឈប់​ពី​តំណែង​ប្រធាន​​អង្គការ​នេះ​កាលពី​ឆ្នាំ​មុន​។ ​លោក​បាន​​ប្រាប់​ក្រុម​អ្នក​យក​​​​​​​ព័ត៌មាន​​បន្ទាប់ពី​​សវនាការ​កាល​​ពី​ម្សិល មិញ​ថា ”​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​បទ​ល្មើស​ទេ ហើយ​ករណី​នេះ​​ត្រូវ​គេ​​រៀបចំ​ដើម្បី​ធ្វើ​បាប​ខ្ញុំ។ ខ្ញុំ​គ្រាន់​តែ​ជួយ​មើល​ថែ​ [ក្មេងៗ] ប៉ុណ្ណោះ​ ព្រោះ​​​​​​​​​ខ្ញុំ​ជា​​នាយក​អង្គការ​”។

លោក ស៊ុយ សុខុន មេធាវី​របស់​លោក ហង្ស វិបុល ​មាន​ប្រសាសន៍​ថា ជន​រង​គ្រោះ​ដែល​ពេល​នេះ​មាន​អាយុ​​ចន្លោះ​ពី​១៣​ឆ្នាំ​ដល់​​២៧​ឆ្នាំ​ ត្រូវ​បាន​បង្ខិត​បង្ខំ​ឲ្យ​ផ្ដល់​សក្ខីកម្ម​មិន​ពិត​ ហើយ​​គ្មាន​ភ័ស្តុ​តាង​​សំខាន់​​ដើម្បី​​បង្ហាញ​ថា ​កូនក្ដី​លោក​​មាន​ទោស​​ឡើយ។ លោក​បាន​​បន្ត​ថា ​យុវជន​អាយុ​២២​ឆ្នាំដែល​បាន​ផ្ដល់​សក្ខី​​​កម្ម​កាលពី​ម្សិលមិញ ​បាន​ប្រាប់​តុលាការ​ថា លោក​ ហង្ស វិបុល ​បាន​​ប៉ះ​ពាល់​លិង្គ​របស់​​ខ្លួន ​​​​​កាល​ពី​ខ្លួន​​​មាន​​វ័យ​ក្រោម​២០​ឆ្នាំ​​នៅ​អង្គការ​​​​​​ផ្ទះ​យើង។ “​ខ្ញុំ​គិត​ថា គ្មាន​ភ័ស្តុ​តាង​ដើម្បី​ដាក់​​​បន្ទុក​កូនក្ដី​ខ្ញុំ​ទេ។ ចំណុច​សំខាន់​​គឺ​ថា រឿង​នេះ​​​​​​​​កើត​ឡើង​ដោយ​សារ​​ពួកគេ​មាន​ជម្លោះ​” ​រវាង​​​​​​លោក​​ ហង្ស វិបុល និង​លោក ដាណូដេត។

ចាប់​តាំង​ពី​ត្រូវ​ចាប់​ខ្លួន​មក លោក​​ ហង្ស វិបុល បាន​​លើក​ឡើង​ថា ​ជម្លោះ​ជា​បន្ត​បន្ទាប់​​​​បាន​នាំ​ឲ្យ​មាន​​សំណុំរឿង​​​ប្រឆាំង​រូប​លោក​ដូច​​សព្វ​ថ្ងៃ។ កាលពី​ឆ្នាំ​២០១៣​ លោក​បាន​​ដាក់​​ពាក្យ​ប្ដឹង​​លោក ដាណូដេត ទៅ​ក្រសួង​សង្គម​កិច្ច និង​ក្រសួង​មហាផ្ទៃ​ ដោយ​ចោទ​ថា បុរស​ជនជាតិ​បារាំង ​រូប​នេះ​បាន​​បៀត​បៀន​​​​កេរ្តិ៍​​ភេទ​ក្មេងៗ។ ​នៅ​ទីបំផុត​​ ពាក្យ​បណ្ដឹង​នោះ​ត្រូវ​បាន​​ច្រាន​ចោល​។

លោក ហង្ស វិបុល ក៏​ចោទ​ប្រកាន់​ដែរ​ថា លោក ដាណូដេត ខឹង​នៅ​ពេល​លោក​​​​បដិ​សេធ​​​​ចំណង់​ផ្លូវ​ភេទ​របស់​គាត់ ហើយ​ហេតុ​ការណ៍​ទាំង​នេះ​​​​បាន​នាំ​ឲ្យ​​ស្ថាបនិក​​អង្គការ​​ APLE ​រូប​នេះ​ឃុបឃិត​ជាមួយ​អតីត​​បុគ្គលិក​​​​​ដែល​មាន​ការ​មិន​សប្បាយ​ចិត្ត​​​​ពីរ​នាក់​នៅ​អង្គការ​​ផ្ទះ​យើង​ ដែល​មាន​ឈ្មោះ ហ្សង់ ម៉ារី អានណូ (Jean Marie Anno) និងឈ្មោះ កែវ ពិសិដ្ឋតារា ដើម្បី​​​​​​​​រៀប​ផែន​ការ​ធ្វើ​ឲ្យ​លោក​​ធ្លាក់​ខ្លួន​បែប​នេះ​។

លោក ម៉ារី អានណូ ​​​ធ្វើ​ការ​​ឲ្យ​អង្គការ​ APLE អំឡុង​​ពេល​​លោក ហង្ស វិបុល កាន់​តំណែង​ជា​ប្រធាន ហើយ​​ជា​បុគ្គលិក​ជាន់​ខ្ពស់​​​ម្នាក់​នៅ​​អង្គការ​ផ្ទះ​យើង​។ ចំណែក​ឯ​លោក ពិសិដ្ឋតារា ក៏​ជា​បុគ្គលិក​ជាន់​ខ្ពស់​នៅ​អង្គការ​កុមារ​កំព្រា​នេះ​ដែរ។ សូម​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ អត្តសញ្ញាណ​អ្នក​​ដែល​​​ដាក់​​ពាក្យ​បណ្ដឹង​ដំបូង​​ដើម្បី​ប្ដឹង​លោក ហង្ស វិបុល ​មិន​ត្រូវ​បាន​លាត​ត្រដាង​ទេ​។

កាលពី​ខែ​មីនា លោក ដាណូដេត ​​បាន​និយាយ​​​​​​​​​ពី​ផ្ទះ​របស់​លោក​ក្នុង​ទីក្រុង​​កូល​កាតា (KolKata)​ ប្រទេស​ឥណ្ឌា​ ​ដោយ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​​របស់​លោក ហង្ស វិបុល លើ​​​រូប​លោក ហើយ​បាន​​មាន​​ប្រសាសន៍​​ថា ​អង្គការ​ ​​APLE ដឹង​ថា​មាន​ជម្លោះ​ផល​​ប្រយោជន៍​នៅ​ក្នុង​ការ​ស៊ើបអង្កេត​លើ​អតីត​នាយក​របស់​អង្គការ​នេះ​។

លោក​បាន​​លើក​ឡើង​នៅ​​ពេល​នោះ​ថា “​ខ្ញុំ​យល់​ថា អង្គការ​ APLE មិន​មែន​ជា​ជម្រើស​​​ល្អ​បំផុត​ដែល​ត្រូវ​ស៊ើបអង្កេត​ទេ។ ប៉ុន្តែ​​ ឲ្យ​ធ្វើ​​ម៉េច ​ប្រសិន​បើ​​មាន​ការ​អះអាង​ថា​​វា​ជា​ការ​​​​ពិត ហើយ​យើង​មិន​បាន​ស៊ើបអង្កេត”?។

​ទាក់​ទិន​បញ្ហា​នេះ លោក សំលាង សិលា នាយក​បច្ចុប្បន្ន​របស់​​អង្គការ​ APLE មិន​អាច​ទាក់​ទង​តាម​ទូរស័ព្ទ​បាន​ទេ​​កាលពី​ម្សិលមិញ ហើយ​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​ជាច្រើន​លើក​តាម​រយៈ​ជំនួយ​ការ​របស់​លោក​​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ឡើយ​។​

ទោះ​ជា​យ៉ាង​ណា លោក​​ធ្លាប់​បាន​លើក​ឡើង​​​កាលពី​មុន​ថា ការ​ពាក់​ព័ន្ធ​របស់​អង្គការ​ APLE ក្នុង​រឿង​នេះ​មិន​មែន​ជា​ជម្លោះ​ផល​ប្រយោជន៍​ទេ ព្រោះ​បុគ្គល​​ពាក់​ព័ន្ធ​ក្នុង​សំណុំ​​រឿង​នេះ​​ រួម​ទាំង​​លោក ដាណូដេត ផង​ បាន​ចេញ​ពី​អង្គការ​អស់​ហើយ​ មុន​​ពេល​​ខ្លួន​ចាប់​ផ្ដើម​​ស៊ើបអង្កេត​ពី​លោក ហង្ស វិបុល។

លោក​មាន​ប្រសាសន៍​​កាលពី​ខែ​មីនា​ថា ”ពេល​នេះ​យើង​​ជា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​​​​​ក្នុង​ស្រុក​ដែល​គ្រប់​គ្រង​ដោយ​ខ្ញុំ ហើយ​​ពេល​​​នេះ​យើង​គ្មាន​ទំនាក់​ទំនង​ជា​មួយ​បុគ្គល​ទាំង​នេះ​ទាល់​តែ​សោះ។ សូម្បី​លោក ធេរី ក៏មិន​ស្ថិត​​ក្នុង​ក្រុម​ប្រឹក្សា​​ភិបាល​​ ឬ​ក្នុង​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ដែរ​”។

សូម​​បញ្ជាក់​ថា ជន​រងគ្រោះ​​ដែល​ត្រូវ​បាន​​​​កំណត់​ឲ្យ​ឡើង​ផ្ដល់​សក្ខី​កម្ម​​ប្រឆាំង​លោក ហង្ស វិបុល ក៏​ត្រូវ​​បាន​តំណាង​ដោយ​មេធាវី​មក​ពី​អង្គការ​ APLE ដែរ។ លោក ជា ណារ៉ា ប្រធាន​​​​​​មេធាវី​​នៅ​អង្គការ​ APLE ​ថ្លែង​​កាល​​​​​​​ពី​ម្សិល​​មិញ​ថា ”​ខ្ញុំ​មិន​អាច​ធ្វើ​អត្ថា​ធិប្បាយ​​​​បាន​ទេ​ ពីព្រោះ​សំណុំ​រឿង​នេះ​មិន​​ទាន់​ចប់​”៕សុខុម

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស