
ប្រឹងប្រកបមុខរបរជាវិចិត្រករល្មមតែមួយរស់ៗ លោក ផេ សុផុន លក់ភេសជ្ជៈនៅលើរ៉ឺម៉កម៉ូតូ ទន្ទឹមនឹងបង្ហាញពិព័រណ៍ថ្មីៗដែរ
នាពេលរសៀលដ៏ក្តៅស្អុះស្អាប់មួយនៅផ្សារចោមចៅនៃក្រុងភ្នំពេញក្នុងសប្តាហ៍នេះ មានមនុស្សម្នាជាច្រើនជិះម៉ូតូទៅឈប់ជុំវិញរ៉ឺម៉កពណ៌បៃតងខ្ចីមួយគ្រឿង។
ព័ទ្ធជុំវិញដោយតូបលក់ទូរស័ព្ទនិងគ្រឿងអេឡិចត្រូនិកផ្សេងទៀត ផេ សុផុន កំពុងលក់កាហ្វេទឹកកក សូដា និងការ៉េម។ ប្អូនថ្លៃស្រីរបស់គាត់ជួយលាយភេសជ្ជៈ។
គាត់បាននិយាយថា “ឥឡូវនេះ យើងកំពុងរង់ចាំម៉ូយ។ វាស្ងាត់ម៉ូយណាស់”។
លោក សុផុន បានចតនៅផ្សារនេះតាំងពីម៉ោង៣ល្ងាច និយាយលេងសើចជាមួយអ្នកលក់ដូរផ្សេងទៀត នៅពេលមិនសូវមានម៉ូយមកទិញ។ នៅម៉ោង៥ល្ងាច គាត់បើករ៉ឺម៉ករបស់គាត់ទៅកន្លែងមួយទៀត គឺផ្សារឯករាជ្យ បន្ទាប់មកទៅវត្តពោធិញាណ ទៅតាមទម្លាប់ប្រចាំថ្ងៃធម្មតារបស់គាត់ មុនពេលត្រឡប់មកផ្ទះរបស់គាត់វិញនៅសង្កាត់ស្ទឹងមានជ័យ។
រ៉ឺម៉កម៉ូតូនេះគឺជាការរចនាតុបតែងដោយខ្លួនគាត់ផ្ទាល់។ គាត់បាននិយាយថា “យើងបានរៀបចំធ្វើវាយូរមកហើយ ប៉ុន្តែយើងមិនមានប្រាក់គ្រប់គ្រាន់ដើម្បីធ្វើវា ដូច្នេះយើងត្រូវសន្សំប្រាក់សិន”។
នៅពេលលោក សុផុន សន្សំបានប្រាក់គ្រប់គ្រាន់ហើយ គាត់បានយកការរចនារបស់គាត់ទៅជួបអ្នកធ្វើនៅផ្លូវលេខ២៧១ ហើយបានលាបពណ៌បៃតង។ ដោយពន្យល់ថា ចំពោះរូបគាត់ ពណ៌តំណាងជីវិត និងការចម្រើនលូតលាស់នោះ គាត់បាននិយាយទាំងញញិមស្ញាញថា “ខ្ញុំចូលចិត្តពណ៌បៃតង”។
ប៉ុន្តែ រ៉ឺម៉កនេះមិនមែនជាការច្នៃប្រឌិតតែមួយរបស់គាត់ទេ។ បុរសអាយុ៣២ឆ្នាំរូបនេះក៏ជាវិចិត្រករម្នាក់ដែរ ហើយការតាំងពិព័រណ៍តែម្នាក់ឯងលើកដំបូងរបស់គាត់បានបើកនៅការិយាល័យប្រចាំប្រទេសរបស់មូលនិធិអាស៊ីកាលពីថ្ងៃអង្គារ។
កើតក្នុងត្រកូលគ្រួសារក្រីក្រនៅខេត្តកំពង់ធំ លោក សុផុន បាននិយាយថា គាត់មិនដែលគិតថារៀនអំពីរបៀបលាបពណ៌ទេ កុំថាឡើយដល់ទៅបង្កើតអាជីពជាវិចិត្រករនោះ។ គាត់បានមកភ្នំពេញដំបូងនៅឆ្នាំ១៩៩៩ ដោយសង្ឃឹមថានឹងក្លាយជាជាងជួសជុលម៉ូតូនិងម៉ាស៊ីនឡាន។
លោកបាននិយាយថា “ប៉ុន្តែ ខ្ញុំគ្មានទេពកោសល្យខាងជួសជុលគ្រឿងយន្ត ដូច្នេះ ខ្ញុំមិនអាចយកវាធ្វើជាអាជីពបានទេ”។
ទោះជាយ៉ាងនេះក្តី គាត់ប៉ិនប្រសប់ខាងគូរ។ តាំងពីនៅក្មេងជំទង់ គាត់ចូលចិត្តគូសលើដី ឬក្នុងសៀវភៅសរសេររបស់គាត់។ ប៉ុន្តែ នៅជនបទ មិនមានឱកាសរៀនសិល្បៈទេ។

ក្នុងក្រុងភ្នំពេញ មានមិត្តម្នាក់បានឲ្យយោបល់ឲ្យគាត់ពិចារណាអំពីវិទ្យាស្ថានសិល្បៈនិងវប្បធម៌ រៃយំ ជាសាលាមួយដែលបានបិទហើយ។ គាត់បានចំណាយពេលប្រាំឆ្នាំនៅទីនោះ ដោយបានរៀនចប់នៅឆ្នាំ២០០៥។
ស្នាដៃរបស់គាត់ ដែលមានចាប់ពីការគូរគំនូររហូតដល់ការឆ្លាក់ ត្រូវគេតាំងឲ្យមើលក្នុងពិព័រណ៍ជាក្រុម ក្នុងនោះមាននៅសណ្ឋាគារសូហ្វីតែល ក្នុងក្រុងភ្នំពេញកាលពីឆ្នាំមុនផងដែរ។
ប៉ុន្តែ លោក សុផុន បាននិយាយថា វាលំបាកទ្រទ្រង់គ្រួសាររបស់គាត់ណាស់នៅពេលបន្តការងារសិល្បៈនោះ ជាពិសេសចាប់តាំងពីកំណើតកូនប្រុសរបស់លោកមក។ ប្រពន្ធរបស់លោកឥឡូវនេះមានទម្ងន់បីខែ ជាកូនទី២។
គាត់បាននិយាយថា “ពិតជាពិបាករស់ណាស់ធ្វើជាវិចិត្រករពេញម៉ោងនោះ ជាពិសេស ខ្ញុំមានប្រពន្ធនិងកូន ដូច្នេះវាសំខាន់ណាស់ ត្រូវរកការងារបន្ថែមធ្វើដើម្បីចិញ្ចឹមជីវិត”។
ពីរឆ្នាំមុននេះ គាត់ទិញបានម៉ូតូរ៉ឺម៉ក ហើយបានចាប់ផ្តើមលក់ភេសជ្ជៈមួយកែវតម្លៃ៣.០០០រៀល (ប្រហែល០,៧៥ដុល្លារ)។ ក្នុងមួយថ្ងៃ គាត់អាចលក់បានរាប់សិបកែវ។ នៅពេលទូទាត់ចំណាយចេញហើយ គាត់នៅសល់ប្រហែល៤០០ដុល្លារក្នុងមួយខែ។
គាត់បាននិយាយថា “កូនប្រុសរបស់ខ្ញុំឥឡូវនេះមានអាយុបួនឆ្នាំ ដូច្នេះខ្ញុំសង្ឃឹមថា ខ្ញុំអាចរកប្រាក់ពីការលក់ភេសជ្ជៈនៅតាមផ្លូវ ដើម្បីទ្រទ្រង់ការសិក្សារបស់វា”។
លោក សុផុន បែងចែកពេលវេលារបស់គាត់រវាងការលក់ភេសជ្ជៈឲ្យសិស្សនិងកម្មករនៅពេលសម្រាករបស់ពួកគេ និងការគូរគំនូរនៅស្ទូឌីយោបណ្តោះអាសន្នរបស់គាត់នៅឯផ្ទះ។
គាត់បាននិយាយថា “ខ្ញុំបានចំណាយពេលព្រឹកនិងពេលយប់គូរគំនូរ ពីព្រោះខ្ញុំស្រឡាញ់សិល្បៈ”។
ចំពោះពិព័រណ៍តែឯងលើកដំបូងនេះ ដែលមានឈ្មោះថា “បំណែកពេលវេលា៖ ជីវភាពនៅក្រុងភ្នំពេញ” លោក សុផុន កំពុងបង្ហាញគំនូរអាគ្រីលិកប្រាំបួនផ្ទាំង ដែលបានគូរជាងបីខែមកហើយ។
ផ្ទាំងគំនូរមានពណ៌ឆើត ពណ៌នាអំពីទិដ្ឋភាពតាមដងផ្លូវនៅក្រុងភ្នំពេញ គឺមានអ្នកលក់ដូង អ្នកលក់ចេក កម្មករឈរប្រជ្រៀតគ្នាលើឡាន។ ទាំងអស់សុទ្ធតែគូរបង្ហាញអំពីសោភ័ណភាពពិតៗ។ លោក សុផុន ខ្លួនឯង បង្ហាញខ្លួនក្នុងផ្ទាំងគំនូរមួយ កំពុងបើករ៉ឺម៉កម៉ូតូរបស់ខ្លួននៅមុខផ្សារទំនើបអីុអនក្នុងក្រុងភ្នំពេញ។
វិចិត្រកររូបនេះបាននិយាយថា “វាសឹងតែជាជីវិតប្រចាំថ្ងៃក្នុងក្រុងទៅហើយ។ មនុស្សក្នុងផ្ទាំងគំនូររបស់ខ្ញុំជាមនុស្សពិត ដែលខ្ញុំឃើញពេលលក់ដូរតាមផ្លូវរបស់ខ្ញុំ ឧទាហរណ៍ បុរសលក់ចេកនៅវត្តលង្កា ស្ត្រីចំណាស់លក់នំបញ្ចុកនៅតាមបណ្តោយផ្លូវនេះជាដើម”។

ផ្នែកខ្លះនៃផ្ទាំងគំនូរមានការតុបតែង ជាការគោរពចំពោះសិល្បៈបុរាណខ្មែរ។ តួភាគច្រើនរបស់លោក សុផុន រុំឈ្នួតក្បាល ដែលវិចិត្រកររូបនេះនិយាយថា តំណាងឲ្យសេចក្តីស្មោះត្រង់។
ប៉ុន្តែនៅខាងក្រោមពណ៌រស់រវើក មានពណ៌តូចខ្មៅ។ ឧទាហរណ៍ ការពិពណ៌នាអំពីវត្តភ្នំ មានរូប គំនូរស្រមោលស្ត្រី តំណាងឲ្យពេស្សាចារនៅតំបន់នោះ។
វិចិត្រកររូបនេះនិយាយថា “វាឆ្លុះបញ្ចាំងជីវិតពិតនៃជនក្រីក្រតោកយ៉ាក ដែលខ្ញុំសង្កេតឃើញពេលលក់ភេសជ្ជៈតាមផ្លូវ”។
វិចិត្រកររូបនេះនិយាយទាក់ទងនឹងក្រុងភ្នំពេញថា “ដោយសារតែទីក្រុងមានការលូតលាស់ឆាប់រហ័ស និងផ្លាស់ប្តូរលឿន ដោយមានអគារខ្ពស់ៗច្រូងច្រាងដូចផ្សិត និងបច្ចេកវិទ្យាទំនើប ក៏នៅតែមានគម្លាតធំរវាងអ្នកក្រ និងអ្នកមាន”។
គំនូររបស់លោក សុផុន ឲ្យតម្លៃទៅលើអ្នកដែលរកស៊ីចិញ្ចឹមជីវិតដោយសុចរិត ជាជាងការប្រព្រឹត្តបទល្មើស។
លោក សុផុន បាននិយាយថា “អ្នកក្រប្រឹងត្រដររស់នៅទីក្រុង ប៉ុន្តែគេនៅតែធ្វើការសមរម្យ ដើម្បីរកប្រាក់កាស”។
ពិព័រណ៍មានចំណងជើងថា “បំណែកពេលវេលា: ជីវភាពក្នុងក្រុងភ្នំពេញ” ដាក់តាំងរហូតដល់ថ្ងៃទី ២៩ ខែធ្នូ នៅវិចិត្រសាលសិល្បៈសហគមន៍ នៃមូលនិធិអាស៊ីនៅក្រុងភ្នំពេញ៕និត