28 C
Phnom Penh

គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​​​​​ឡើង​សវនាការក្នុង​​​ករណី​​​ផ្ទុះ​​​មេរោគ​​​អេដស៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុង​​​បាត់​​​ដំបង-ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​របស់​​​គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ម្នាក់​​​​ដែល​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​ពាក់​​​ព័ន្ធ​​​​​​នឹងការ​ធ្វើ​ឲ្យ​​​​​អ្នក​ភូមិ​ជាង​​​២៧០​​​នាក់​​​ឆ្លង​​​មេរោគ​​​អេដស៍នោះ​ ​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពី​​​ម្សិលមិញ នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​បាត់​​​ដំបង។

cam-photo-front-vuthyនៅក្នុង​​​សាល​​​សវនាការ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ លោក យ៉ែម ជ្រិន បាន​​​បដិសេធ​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ឆ្លង​​​រាលដាល​​​នៃ​មេរោគ​​​អេដស៍​​​ដែល​​​កើត​​​ឡើង​​​ក្នុង​​​ឃុំ​​​រកា ស្រុក​​​សង្កែ​​​ កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុនឡើយ​ដោយ​​​​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​បាន​​​ប្រើ​​​សឺរាំុង​​​ឡើង​​​វិញ​​​ដូច​​​ដែល​​​ព្រះរាជ​​​អាជ្ញា​​បាន​​​ចោទ​​​ប្រកាន់​​នោះទេ​។ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​​​​ មក​ មាន​អ្នក​​​ភូមិ​​​ដែល​ឆ្លង​​​មេរោគ​​​អេដស៍​​​ចំនួន​​​១០​​​នាក់​​​ហើយ​បាន​​​ស្លាប់​​​នៅ​​​ក្នុង​​​ឃុំ​​​នេះ​​​​​​។

ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពីបទ​​​មនុស្ស​​​​​​ ឃាត​​​ដែល​​​មាន​​​ស្ថាន​​​ទម្ងន​​​់ទោស​​​តាម​​​មាត្រា​​​២០៥​​​នៃ​​​ក្រម​​​ព្រហ្មទណ្ឌ​​​មែន​​​នោះ លោក ​​​យ៉ែម ជ្រិន អាច​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ អស់​​​មួយ​​​ជីវិត​​​។គ្រូពេទ្យ​​​អាយុ​​​៥៦​​​ឆ្នាំ​​​រូបនេះ​​​ក៏​​​ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​បើក​​​កន្លែង​​​ ព្យាបាល​​​ដោយ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​​ និង​​​​ធ្វើ​​​ឲ្យ​​​មាន​​​ ការ​​​ឆ្លង​​​មេរោគ​​​អេដស៍​​​ដោយ​​​ចេតនា​​​ផង​ដែរ​​។

ដោយ​​​មាន​​​ការ​​​សួរ​​​សំណួរ ពី​​​លោកស្រី​ យិច ​​​ឈា​​​ណាវី ប្រធាន​​​ក្រុមប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​ដែល​​​ហាម​​​អ្នកយក​​​ព័ត៌មាន​​​មិន​​​ឲ្យ​​​យក​​​សៀវ​​​ភៅ​​​កត់ត្រា និង​​​ប៊ិច ចូល​​​សាល​​​សវនាការ​​​​​​ ​​​និង​​​ពី​​​លោក ហេង លុយ ព្រះរាជ​​​អាជ្ញារង​​​នោះ លោក យ៉ែម ជ្រិន បាន​​​លើក​​​ឡើង​​​ថា ​​​លោក​​​មិន​​​ដឹង​​​ឡើយ​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​មាន​​​អ្នក​​​ភូមិ​​​​ជា​​​ច្រើន​​​​​​​ឆ្លង​​​មេរោគ​​​អេដស៍​​​បែប​​​នេះទេ​​​​។

ក្នុង​ពេល​ដែល​គ្រូពេទ្យ​​​រូបនេះ​​​ទទួល​​​ស្គាល់​​​ថា ​​​បាន​​​ប្រើ​​​ប្រាស់​​​សឺរាំុង​​​និង​​​ម្ជុល​​​ឡើង​​​វិញ​​​ពេល​​​​​​​​​ត្រឡប់​​​មក​ឃុំ​​​រកា​​​វិញ​​​ពី​​​ជំរំ​​​ភៀស​​​ខ្លួន​​​នៅ​តាម​​​ព្រំដែន​​​ថៃ​​​កាល​​​ពី​​​ឆ្នាំ​​​១៩៩៣ លោក​​​ក៏បាន​​​លើក​​​ឡើង​​​ថា លោក​​​ឈប់​​​អនុវត្ត​​​បែប​​​នេះ​​​ត្រឹម​​​ឆ្នាំ​​​១៩៩៧ ឬ​​​១៩៩៨​​​ បន្ទាប់​​​​ពី​​​បរិក្ខា​​​រ​​​ពេទ្យ​​​​​​កាន់តែ​សម្បូរ​​​ទៅៗ​។

ជា​​​ការ​​​ឆ្លើយ​​​តប​​​ លោក ហេង លុយ បាន​​​ប្រាប់​​​ចុង​​​ចោទ​​​ថា ការ​​​អះ​​​អាង​​​របស់​​​គាត់​​​”មិន​​​សម​​​ហេតុ​​​សមផល​​​ទេ” ​​​ដោយ​​​ដក​​​ស្រង់​​​ចម្លើយ​​​ដែល​​​លោក​​​ យ៉ែម ជ្រិន​​​ បាន​​​ផ្តល់​​​ជូន​​​នគរ​​​បាល​​​អំឡុង​​​ការ​​​សាក​​​សួរ​​​កាល​​​ពីខែ​​​ធ្នូ​​​។ ​​​ពេល​​​នោះ​​​លោក​​​ សេង លុច​​​ នាយ​​​រង​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​ខេត្ត​​​នេះ​​​បាន​​​ប្រាប់​​​អ្នកយក​​​ព័ត៌​​​មាន​​​ថា លោក ​​​យ៉ែម ​​​ជ្រិន​​​ បាន​​​ទទួល​​​ស្គាល់​​​ថា ពិតជា​មាន​​​ការ​​​ធ្វេស​​​ប្រហែស​​​ក្នុង​​​ការ​​​ចាក់​​​ថ្នាំ​​​ឲ្យអ្នក​​​ជំងឺ​​​។

លោក សេង លុច បាន​​​និយាយ​​​កាល​​​​​​ពី​​​ខែ​​​ធ្នូ​​​ថា “យោង​​​តាម​​​ចម្លើយ​​​របស់​​​គាត់​​​ គាត់​​​បាន​​​ប្រើ​​​សឺរាំុង​​​ដដែល​​​ៗ។គាត់​​​ប្រើ​​​សឺរាំុង​​​តែ​មួយ​​​ ចាក់​អ្នក​​​ភូមិ​​​​​​​​​ពីរ ឬបីនាក់​​​…គាត់​​​បាន​​​និយាយ​​​ថា គាត់​​​ប្តូរ​​​ម្ជុល​​​ ប៉ុន្តែ​​​ ជួន​​​កាល​​​គាត់​​​មិន​​​បាន​​​ប្តូរ​​​សឺរាំុង​​​ទេ”។

លោក សេង លុយ ក៏​​​បាន​​​បង្ហាញ​​​កាបូប​​​ពេទ្យរបស់​​​លោក​​​ យ៉ែម ជ្រិន ជា​​​ភ័ស្តុ​​​តាង​​​ផង​​​ដែរ​​​ដោយ​​​ប្រាប់​​​តុលាការ​​​ថា អ្នក​​​សើុប​​​អង្កេត​​​ បាន​​​រក​​​ឃើញ​​​សឺរាំុង​​​ប្រើ​​​រួច និង​​​មិនទាន់​​​ប្រើ​​​រួច​​​នៅ​​​លាយ​​​ឡំ​​​ជាមួយ​​​គ្នា​​​ក្នុង​​​ថត​មួយ​​​​នៃ​​​កាបូប​​​ពេទ្យ​​​នេះ​​​។

នៅ​​​ពេល​​​សួរ​​​ថា តើ​​​មានបាន​​​​ដាក់​​​សឺរាុំង​​​ប្រើ​​​រួច និង​​​មិនទាន់​​​ប្រើ​​​រួច​​​ជាមួយ​​​គ្នា​​​ដែរ​​​ ឬទេ គ្រូពេទ្យ​​​រូបនេះ​​​នៅ​​​ស្ងៀម​​​។

ពេលទាក់​​​ទង​​​ក្រោយ​​​មក​នៅ​​​តុលាការ​​​លោក សេង លុយ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​លើ​​​ករណី​​​នេះ​​​ឡើយ ដោយ​​​លើក​​​​​​ឡើង​​​ត្រឹម​​​តែ​​​ថា ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​​​​ ក្តី​​​នឹង​​​បន្ត​​​រយៈបួន​​​ថ្ងៃ​​​ទៀត​​​។

និយាយ​​​ទាក់​​​ទិន​​​នឹង​លោក យ៉ែម ជ្រិន បន្ត​​​ទៀត អ្នក​​​ភូមិ​​​ដែល​​​ឆ្លង​​​មេរោគ​​​អេដស៍​​​ចំនួន​១០នាក់​​​ក៏បាន​​​ផ្តល់​​​សក្ខីកម្ម​​​នៅ​​​ក្នុង​​​តុលាការ​​​ដែរ​​​កាល​​​ពី ម្សិលមិញ ដោយ​​​ភាគ​​​ច្រើន​​​អះ​​​អាង​​​ថា ពួក​​​គាត់​​​ធ្លាប់​​​ជឿ​​​ទុក​​​ចិត្ត​​​​​​ចុង​​​ចោទ​​​ដោយ​​​សារ​​​ចំណះដឹង​​​​ផ្នែក​ពេទ្យ​របស់​​​គាត់​​​។

អ្នក​​​ភូមិ​​​ឆ្លង​​​មេរោគ​​​អេដស៍​​​ជាង​​​១០០​​​នាក់​​​បាន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​លោក យ៉ែម ជ្រិន​​​ ទៅ​​​កាន់​​​តុលាការ​​​។

អ្នកភូមិ​ម្នាក់​ឈ្មោះ​ ជុំ​​​ ផន អាយុ​​​៧៣​​​ឆ្នាំ ​​​បាន​​​ប្រាប់​​​តុលាការ​​​ថា ទាំង​​​គាត់​​​ និង​​​ប្តី​​​ដែល​​​ក៏​​​បាន​​​ផ្តល់​​​សក្ខី​​​កម្ម​​​នៅ​​​ក្នុង​​​ថ្ងៃ​​​​​​តែ​​​មួយ​​​ដែរ​​​នោះ ​​​សុទ្ធ​តែ​​​ធ្វើ​​​តេស្ត​​​ឈាម​​​រកឃើញថា​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍ បន្ទាប់ពី​​​ត្រូវបានព្យាបាល​​​ដោយ​ លោក​​​ យ៉ែម ជ្រិន ដែល​​​អ្នក​​​ស្រី​​​អះ​​​អាង​​​ថា ជា​​​គ្រូពេទ្យ​​​តែ​​​ម្នាក់​​​គត់​​​ធ្លាប់តែ​ព្យាបាល​​​ឲ្យ​​​អ្នកស្រី​​​។

អ្នក​​​ស្រី ជុំ ផន បាន​​​និយាយ​​​ថា នៅពេល​​​អ្នក​​​ស្រី​​​ដឹង​​​ថា លោក យ៉ែម ជ្រិន បាន​​​ធ្វើ​​​ឲ្យ​​​គាត់​​​ឆ្លង​​​មេរោគ​​​អេដស៍ អ្នក​​​ស្រី​​​មិន​​​​​​​ដឹង​​​ថា ​​​គ្រូពេទ្យ​​​រូបនេះ​​​បាន​​​ធ្វើ​​​ឲ្យមានការ​ឆ្លង​ដូច្នេះ​​​​​​តាម​​​របៀប​​​ណា​​​ឡើយ ហើយ​​​ក៏​​​មិន​​​ដែល​​​ចាប់​​​ អារម្មណ៍​​​ពិនិត្យ​​​មើល​​​​​​វិធីសាស្ត្រ​​​ព្យាបាល​​​របស់​​​គាត់ដែរ​​​។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ទៀត​​​ថា ចំពោះ​​​​ប្តី​​​របស់​​​អ្នកស្រី​​​ទាម​​​ទារ​​​សំណងជាប្រាក់​​​​ពី​​​លោក យ៉ែម ជ្រិន តែ​អ្នក​​​ស្រី​​​សុំ​ត្រឹម​​​តែ​​​ឲ្យ​​​ចុង​​​ចោទ​​​ផ្តល់​​​ប្រាក់​​​គ្រប់គ្រាន់​​​សម្រាប់​​​អ្នកស្រី​​​ហូប​​​ចុក​​​រហូត​​​ដល់​​​ស្លាប់​​​ប៉ុណ្ណោះ​​​។

អ្នកភូមិម្នាក់ទៀត​ឈ្មោះ​ លឿម ​​​ឡម ​​​អាយុ​​​៥២​​​ឆ្នាំ​​​ ​​​ជា​​​បុរស​​​ទី​​​១​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​ធ្វើ​​​តេស្ត​​​​​ឈាម​​​រក​​​ឃើញ​​​ថា មាន​​​ផ្ទុក​​​មេ​​​រោគ​​​អេដស៍​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ បាន​​​ប្រាប់​​​តុលាការ​​​ថា លោក​​​ យ៉ែម​​​ ជ្រិន បាន​​​ព្យាបាល​​​​គាត់​​​អស់​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​ មុន​​​ពេល​​​មាន​​​ការ​​ឆ្លង​​​រាល​​​ដាល​​​នេះ​​​។

ខុស​​​ពី​​​អ្នក​​​ស្រី​​​ ជុំ ផន លោក​​​ លឿម ឡម ​​​បាន​​​អះ​​​អាង​​​ថា គាត់​​​បាន​ឃើញ​​​អំពី​​​ការ​​​ធ្វេស​​​ប្រហែស​​​របស់​​​លោក យ៉ែម ជ្រិន។

​​​នៅ​​​ពេល​​​ទាក់ទង​​​​​​ក្រោយ​​​មក​កា​​​លពី​​​ម្សិលមិញ លោក​​​ លឿម ឡម បាន​​​លើក​​​ឡើង​​​ថា គាត់​​​​​​បាន​​​ឃើញ​​​លោក យ៉ែម ជ្រិន ប្រើ​​​ប្រាស់​​​សឺរាុំង​​​ឡើង​​​វិញ​​​មក​ព្យាបាល​ឲ្យ​​​គាត់​ពេល​ចុកពោះ​​​​។

អ្នក​​​ភូមិ​​​រូប​​​នេះ​​​បា​​​ន​​​និយាយ​​​ថា “ខ្ញុំ​​​សង្ស័យ​​​លោក យ៉ែម ជ្រិន បាន​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ភូមិ​​​ឆ្លង​​​មេ​​​រោគ​​​អេដស៍​​​ ព្រោះ​​​នៅ​​​ពេល​​​គាត់​​​ប្រើ​​​ប្រាស់​​​សឺរាុំង​​​ចាក់ថ្នាំ​​​ឲ្យ​​​ខ្ញុំ​​​ កញ្ចប់​​​សឺរាំុង​​​នោះ​​​​​​ហែក​​​រួច​​​ទៅ​ហើយ​​​”។ អ្នកភូមិរូបនេះបាន​បន្ថែមថា​ ចាប់​​​តាំង​​​ពីឆ្លង​​​មេរោគ​​​អេដស៍​​​មក​​​ គាត់​​​​បាន​​​បង្ខំ​ចិត្ត​​​លក់​​​គោ​​​​​​អស់​​​១០​​​ក្បាល​​​ដើម្បី​​​បង់​​​ថ្លៃ​​​​​​ព្យាបាល​​​​​​។

លោក​​​ លឿម ឡម បាន​​​និយាយ​​​ទៀត​​​ថា ​​​”ប្រពន្ធ​​​ កូន​​​ស្រី កូន​​​ប្រសា​​​ប្រុស​​​ ឪពុក​​​ក្មេក ​​​ក្មួយស្រី​​​ពីរ​​​នាក់​​​របស់​​​ខ្ញុំ​​​ ព្រម​​​​​​ទាំង​​​ខ្ញុំ​​​ផង​​​ដែរ ​​​សុទ្ធ​​​តែ​​​ឆ្លង​​​មេរោគ​​​អេដស៍​​​។ យើង​​​ទាំង​​​អស់​​​គ្នា​​​សុទ្ធ​​​តែ​​​​​​​​​ត្រូវបានព្យាបាលដោយ​លោក​​​ យ៉ែម ជ្រិន​​​​​​​”។

ពេល​សម្ភាស​​​នៅ​​​​ក្រៅ​​​តុលាការ​​​ បន្ទាប់​​​ពី​​​ប្តី​​​របស់​​​ខ្លួន​​​​​​ត្រូវ​​​បាន​​​នាំ​​​ទៅ​​​កាន់​​​ពន្ធនាគារ​​​ខេត្ត​​​វិញ​​​ អ្នក​​​ស្រី យ៉ុម​​​​​ ចិន្តា អាយុ​​​៤៥​​​ឆ្នាំ​​​ បាន​​​និយាយ​​​ថា គាត់​​​ជឿ​​​ជាក់​​​ថា ប្តី​​​របស់​​​គាត់​​​គ្មាន​​​ទោស​​​កំហុស​​​ទេ។

អ្នក​​​ស្រី យ៉ុម​ ចិន្តា បាន​​​និយាយ​​​ទៀត​​​ថា ​​​”គាត់​​​មិន​​​បាន​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ភូមិ​​​ឆ្លង​​​មេរោគ​​​អេដស៍ទេ​”។ អ្នកស្រី​​​បាន​​​បន្ថែម​​​ថា ​តឡូវ​​​នេះ ​​​អ្នកស្រី និង​​​កូន​​​ស្រី​​​ចំនួន​​​បួន​​​នាក់​​​ទៀត​​​កំពុង​​​រស់​​​នៅ​​​ជាមួយ​​​ក្មួយ​​​ស្រី​​​របស់​​​ខ្លួន​​​​​​​ក្នុង​ក្រុង​​​​បាត់​​​ដំបង​​​ ដោយសារ​​​ខ្លាច​​​មាន​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​ពី​​​អ្នក​​​ភូមិ​​​​​​ឃុំ​​​រកា។

ពេល​​​រោម​​​ជុំ​​​ជិត​​​ដោ​​​យ​​​​​​សមាជិក​​​គ្រួសារ​​​ ដែល​ក្នុង​​​នោះ​​​មាន​​​អ្នក​​​ខ្លះ​​​​​​ស្រក់ទឹកភ្នែក​ផង​​​នោះ អ្នក​​​ស្រី​​​បាន​​​អះ​​​អាង​​​ថា អ្នក​​​ភូមិ​​​ដែល​​​ចោទ​​​ប្រកាន់​​​ប្តី​​​អ្នក​​​ស្រី​​​ថា បាន​​​ធ្វើ​​​ខុស​​​នោះ​​​គឺ​​​សុទ្ធ​​​តែ​​​ជា​​​ការ​​​អះអាង​​​ដើម្បី​​​ចង់​​​បាន​​​សំណង​​​ប៉ុណ្ណោះ​។

អ្នក​​​ស្រីបាន​​​និយាយ​​​ទៀត​​​ថា ​​​”អ្នកភូមិ​​​ទាំង​​​នោះ​​​ចោទ​​​ប្រកាន់​​​ប្តី​​​របស់​​​ខ្ញុំ ​​​ព្រោះ​​​ពួក​​​គាត់​​​ចង់​​​បាន​​​លុយ​​​។ អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​​​​គ្មាន​​​ការ​​​ងារ​​​ពិត​​​ប្រាកដ​​​ទេ​​​នៅក្នុង​​​ឃុំ​​​រកា​​​។ ពួក​​​គាត់​​​ធ្វើ​​​តាម​​​គ្នាម្តង​​​ម្នាក់​​​ៗ​​​ មក​ចោទ​​​ប្រកាន់​​​ប្តី​​​របស់​​​ខ្ញុំ​​​។ អ្នកស្រី​​​បាន​​​បន្ថែម​​​ទៀត​​​ថា ” គាត់​​​មិន​​​ដែល​​​មាន​​​ជម្លោះ​​​ជាមួយ​​​អ្នក​​​ភូមិ​​​ណា​​​ម្នាក់​​​ឡើយ​​​។ គាត់​​​ព្យាបាល​​​អ្នក​​​ភូមិ​​​ជា​​​យូរ​​​មក​​​ហើយ​​​។ អ្នក​​​ភូមិ​​​ភាគ​​​ច្រើន​​​ស្រឡាញ់​​​ចូល​​​ចិត្ត​​​គាត់​​​មុន​​​ពេល​​​​​​បញ្ហា​​​នេះ​​​កើត​​​​​​ឡើង​​​”៕ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស