30 C
Phnom Penh

ក្រសួង​និយាយ​ថា ពេល​កំណត់​សម្រាប់​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ត្រូវ​លើក​ពេល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ចេញ​ដោយ​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​អង្គារ​ឲ្យ​ដឹង​ថា ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​១៣​នាក់​ដែល​ទទួល​បាន​ឋានៈ​ជន​ភៀស​ខ្លួន​ក្នុង​ក្រុង​ភ្នំពេញ មាន​ពេល​បី​ខែ​បន្ថែម​ទៀត​សម្រាប់​ការ​ស្វែងរក​ប្រទេស​ទី​៣​ណា​មួយ​ដើម្បី​តាំងទី​លំនៅ។

មនុស្ស​មួយ​ក្រុម​មាន​គ្នា​១៣ ដែល​បាន​មក​ដល់​ខេត្ត​រតនគិរី​ក្រោយពី​ឆ្លង​ព្រំដែន ដោយ​អះអាង​ថា​ភៀស​ខ្លួន​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្នុង​ប្រទេស​វៀតណាម​មួយ​ឆ្នាំ​មក​ហើយ បាន​ទទួល​ឋានៈ​ជា​ជនភៀសខ្លួន​នៅ​ខែ​មីនា ហើយ​កំពុង​រស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ នៅ​ពេល​ដែល​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) ខិតខំ​ស្វែងរក​ប្រទេស​អចិន្ត្រៃយ៍​មួយ​ឲ្យ​ពួកគេ។

សេចក្តី​ប្រកាស​ព័ត៌មាន​មាន​ខ្លឹមសារ​ថា ពេល​កំណត់​ចុងក្រោយ​សម្រាប់​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ឲ្យ​ពួកគេ​តាំង​លំនៅ​ជា​ថ្មី​បាន​ផុត​កំណត់​នៅ​ថ្ងៃ​ទី​១០​ខែ​តុលា ប៉ុន្តែ​ដោយសារ “កិច្ច​សហការ​ល្អ” រវាង​រដ្ឋាភិបាល​និង​អង្គការ​សហ​ប្រជាជាតិ មនុស្ស​ទាំង​១៣​នាក់​មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី​១០​ខែ​មករា ដើម្បី​ស្វែងរក​ប្រទេស​ថ្មី​មួយ។ នៅ​មិន​ទាន់​ច្បាស់ ថា​ពួកគេ​នឹង​ប្រឈម​វាសនា​បែប​ណា​ទេ ប្រសិនបើ​មិន​អាច​រក​បាន​ប្រទេស​ទី​៣​នោះ។

ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន ក្រសួង​នេះ​ក៏​បាន​ពន្យារ​ពេល​កំណត់​របស់​ខ្លួន​សម្រាប់​ជនជាតិ​ម៉ុងតាញ៉ា​ជាង​២០០​នាក់​ទៀត ដែល​បាន​ជាប់​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ដោយ​រដ្ឋាភិបាល​មិន​ដំណើរការ​ការ​សុំ​ឋានៈ​ជនភៀសខ្លួន​របស់​ពួកគេ ហើយ​ថែម​ទាំង​ប្រាប់​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​នៅ​ត្រឹម​ថ្ងៃ​ទី​៦​ខែ​កុម្ភៈ។ នៅ​ពាក់​កណ្តាល​ខែ​កញ្ញា រដ្ឋាភិបាល​បាន​និយាយ​ថា ម៉ុងតាញ៉ា​២០០​នាក់​មាន​ពេល​បី​ខែ​ដើម្បី​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ បើ​ពុំ​នោះ​ទេ នឹង​ត្រូវ​បញ្ជូន​ទៅ​វិញ​ទាំង​បង្ខំ។

ក្រសួង​នេះ​ក៏​បាន​ចោទ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ថា​បាន​ជួយ​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា “ចំពោះ​ម៉ុងតាញ៉ា​ជាង​២០០​នាក់​ដែល​UNHCR លួច​ដឹក​ចូល​កម្ពុជា​ដោយ​ខុស​ច្បាប់ ជា​ការ​រំលោភ​អធិបតេយ្យភាព”។

លោកស្រី វីវៀន តាន (Vivian Tan) អ្នក​នាំ​ពាក្យ​ប្រចាំ​តំបន់​របស់​ឧត្តម​ស្នង​​​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន បាន​និយាយ​តាម​រយៈ​អីុម៉េល​ថា អង្គការ​នេះ​កំពុង​បន្ត​ស្វែងរក​ប្រទេស​ទី​៣​ណា​មួយ​សម្រាប់​ជនភៀសខ្លួន​១៣​នាក់ ហើយ​បាន​បដិសេធ​ការ​អះអាង​ដែល​ថា អង្គការ​នេះ​បាន​រំលោភ​ច្បាប់​ណា​មួយ​នោះ។

លោក​ស្រី តាន បាន​និយាយ​ថា “ចំពោះ​មូលហេតុ​សម្ងាត់ យើង​ជា​ធម្មតា​មិន​ប្រាប់​ប្រទេស​ដែល​យើង​ទាក់ទង [សម្រាប់​ការ​តាំង​លំនៅ​ថ្មី​ទេ] ប៉ុន្តែ​នឹង​ស្វែងរក​ជម្រើស​នេះ”។

លោក​ស្រី​បាន​និយាយ​ថា “យើង​មិន​ជួយ​មនុស្ស​ឲ្យ​ចាកចេញ​ពី​ប្រទេស​របស់​ពួកគេ ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​កន្លែង​ផ្សេង​ទេ។ នៅ​ពេល​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​មក​ដល់​ប្រទេស​កម្ពុជា យើង​បញ្ជូន​ពួកគេ​ទៅ​រដ្ឋាភិបាល​ដើម្បី​ចុះ​ឈ្មោះ​និង​ពិនិត្យ​សំណុំ​បែបបទ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស