
ផែកោះទន្សាយ,ខេត្តកែប-ទូកប្រើម៉ាស៊ូតរាប់សិបគ្រឿងបើកកាត់ឈូងសមុទ្រកែបដោយឮសូរលាន់សន្ធឹករហូតដល់វាធ្វើឲ្យកក្រើកផែ។ ទូកទាំងនោះអូសអួនបំពាក់អគ្គិសនីសណ្តូនចុះទៅក្រោមនៅពាសពេញតំបន់ទឹករាក់ក្បែរឆ្នេរសមុទ្រ ដោយប្រមូលយកជីវិតសត្វសមុទ្រមិនថាតូចមិនថាធំ ដោយបំផ្លិចបំផ្លាញកន្លែងបង្កាត់ពូជដ៏សំខាន់។ ហើយទូកទាំងនោះអូសគូយ៉ាងកៀកនឹងឆ្នេររហូតដល់អ្នកអាចស្តាប់ឮការនិយាយឆ្លើយឆ្លងវិទ្យុទាក់ទងរបស់ពួកគេទៀតផង។
វាជាកន្លែងដែលគេធ្លាប់ដឹងសឹងតែរាល់យប់ទៅហើយនៅទីនេះ។ វាបង្កការបំផ្លិចបំផ្លាញបរិស្ថានដែលពុំអាចស្តារបាន និងបង្កើតភាពតានតឹងរវាងសហគមន៍នេសាទក្នុងមូលដ្ឋាន។ ហើយវាខុសច្បាប់ទាំងស្រុង ក៏ប៉ុន្តែ អាជ្ញាធរជាញឹកញាប់ធ្វើមិនដឹងមិនឮ។
លោក គង់ យ៉ន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ដោយងាកក្បាលបង្ហាញក្រុមទូកអូសគូប្រហែល៣០គ្រឿងដែលចតនៅផែរបស់គាត់ក្នុងភូមិព្រែកតានិន ដែលអ្នកស្រុកហៅថា ភូមិឆក់ ព្រោះចំណូលចិត្តរបស់អ្នកភូមិក្នុងការប្រើចរន្តអគ្គិសនីឆក់ចាប់ត្រីនោះថា “ភាគច្រើនបំផុតនៃទូកទាំងនេះនេសាទនៅចន្លោះដីគោក និងកោះទន្សាយ”។
លោកបាននិយាយថា” ពីទីនេះទៅកោះទន្សាយមិនមានទឹកជ្រៅជាង៤ម៉ែត្រទេ”។
តាមមាត្រា៤៩នៃច្បាប់ជលផល ការអូសអួននៅតំបន់ក្បែរឆ្នេរ (ដែលមានជម្រៅមិនដល់២០ម៉ែត្រ) ត្រូវហាមឃាត់។ ក្នុងមាត្រា២០ ការប្រើឧបករណ៍នេសាទអគ្គិសនីគឺហាមប្រាមជាដាច់ខាតនៅគ្រប់តំបន់់ទាំងអស់។ បទល្មើសទាំងពីរនេះអាចមានទោសជាប់ពន្ធនាគារ ហើយអាជ្ញាធរដែលរួមគំនិត ឬធ្វើមិនដឹងមិនឮដោយចេតនា ក៏ប្រឈមនឹងការជាប់ពន្ធនាគារ និងការផាកពិន័យដែរ។
ប៉ុន្តែ បើទោះជាមានច្បាប់ក្តី ទូកនេសាទនៅតាមបណ្តោយតំបន់ឆ្នេរកែបបន្តអូសអួនក្នុងសមុទ្រ ដោយគ្មានឧបសគ្គ ដោយទូកនេសាទជាច្រើនប្រើអួនឆក់។

Matt Blomberg/The Cambodia Daily
លោក យ៉ន បាននិយាយថា “រដ្ឋបាលជលផលមិនមានបញ្ហាទេ។ ពួកគេប្រាប់យើងថា ឲ្យតែយើងស្ថិតនៅចម្ងាយជាងមួយគីឡូម៉ែត្រពីកោះទន្សាយ បើទោះវាមានជម្រៅតែ៤ម៉ែត្រក៏ដោយ ក៏យើងអាចនេសាទបានដែរ”។
“អ៊ីចឹងហើយ ពួកគេមិនដែលព្រមានយើងម្តងណាទេ” ។
ឥឡូវនេះ នៅពេលដែលចំនួនត្រីចាប់បានតិចទៅៗ ការប្រកួតប្រជែងក្នុងចំណោមអ្នកនេសាទនៅទីនេះកាន់តែខ្លាំងជាងមុន។ ការប៉ះទង្គិចគ្នានៅសមុទ្រកើតមានឡើងជាញឹកញាប់។ កាលពីខែកក្កដា អ្នកនេសាទខ្មែរម្នាក់ត្រូវបានគេសម្លាប់ក្នុងដែនទឹកសមុទ្រខេត្តកំពតក្នុងពេលមានការប្រឈមមុខដាក់គ្នាជាមួយទូកអូសគូដ៏ធំរបស់វៀតណាម ដែលហ៊ានឆ្លងព្រំដែនសមុទ្រដោយខុសច្បាប់។
ហើយក្នុងពេលច្រឡំបល់ អ្នកនេសាទកាន់តែប្រើអួនក្រឡាញឹក ហើយមកកាន់តែជិតឆ្នេរ ដងយកកូនត្រីតូចៗ ដែលភាគច្រើនត្រូវគេបោះចោល និងបំផ្លាញស្មៅសមុទ្រ និងផ្កាថ្មតំបន់ទឹករាក់ដែលជាកន្លែងបង្កាត់ពូជដ៏សំខាន់សម្រាប់សត្វសមុទ្រ។
អួនឆក់កៀរបាតសមុទ្រ ធ្វើឲ្យរលើងឫសស្មៅសមុទ្រ និងឆក់ចាប់ត្រីគ្រប់ប្រភេទ ក្តាម បង្កង និងសត្វសមុទ្រផ្សេងទៀតដូចជា ឈ្លើងសមុទ្រ និងក្រចាប់សមុទ្រជាដើម។
អង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាជាតិបានចាត់ទុកការអូសអួនដល់បាតសមុទ្រថា ជារបៀបនេសាទ “ដ៏បំផ្លិចបំផ្លាញបំផុត” នៅលើពិភពលោក ដោយប្រដូចវាទៅនឹងការកាប់រំលំដើមឈើអស់ពីព្រៃអ៊ីចឹង។
លោក ម៉ាត់តេអូ គ្រូជ័រ (Matteo Krueger) អ្នកជីវសាស្ត្រអាល្លឺម៉ង់ដែលកំពុងធ្វើការស្រាវជ្រាវនៅតំបន់កែបតាំងពីខែមករាមក បាននិយាយថា “គ្រប់ពេលដែលអួនអូសលើតំបន់ណាមួយ ប្រព័ន្ធបរិស្ថានត្រូវបំផ្លិចបំផ្លាញទាំងស្រុង ហើយនឹងមិនកកើតមានដូចដើមវិញអស់រយៈពេលជាច្រើនឆ្នាំ”។
“សមុទ្រនៅកែប គឺ ឬធ្លាប់ ជាកន្លែងចិញ្ចឹមដ៏ធំសម្រាប់សត្វសមុទ្រ ប៉ុន្តែ លែងមានទៀតហើយ”។
លោក គ្រូជ័រ ដែលការសិក្សាស្រាវជ្រាវរបស់លោកប្រៀបធៀបស្ថានភាពបរិស្ថានសមុទ្រនៅកែបទៅនឹងបរិស្ថានសមុទ្ររបស់ប្រទេសឥណ្ឌូណេស៊ី ដែលមានមុនឆ្នាំ១៩៨០ នៅពេលបម្រាមមួយហាមមិនឲ្យមានការអូសអួនត្រូវបានចេញ និងអនុវត្តនោះ បាននិយាយថា ឥឡូវចំនួនត្រីចាប់បាននៅទីនេះត្រឹមតែមួយភាគនៃចំនួនត្រីដែលគេចាប់បាននៅពេលការអូសអួនត្រូវបានគេប្រើនៅឆ្នាំ២០០០ប៉ុណ្ណោះ។
លោកបាននិយាយថា ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមល្បាតការពារសមុទ្ររបស់ខ្លួនទាន់ពេលដោយរំពឹងថា ជីវិតសត្វសមុទ្រកកើតមានច្រើនឡើងវិញ។ ប្រទេសកម្ពុជាប្រហែលជាហួសពេលហើយ។
លោកបាននិយាយថា “ធ្លាប់មានថនិកសត្វសមុទ្រ១៣ប្រភេទ និងអណ្តើកប្រាំប្រភេទនៅទីនេះ។ ឥឡូវនេះវាងាប់អស់ ឬជិតផុតពូជ។ ចំនួននេសាទបានដោយទូកអូសគូអាចបំផ្លិចបំផ្លាញប្រព័ន្ធបរិស្ថានទាំងមូល”។
“ឥឡូវនេះគេនេសាទបានតែ២៥ភាគរយនៃអ្វីដែលគេធ្លាប់នេសាទបានតែប៉ុណ្ណោះ។ ចំពោះអ្នកនេសាទដើម្បីមួយរស់ ត្រូវតែមានការផ្លាស់ប្តូរ”។
នៅចុងជួរកោះដែលលាតសន្ធឹងនៅទិសខាងត្បូងពីខេត្តកែបទៅព្រំដែនសមុទ្រជាប់ប្រទេសវៀតណាម ក្រុមអភិរក្សសមុទ្រកម្ពុជា (MCC) រួមជាមួយរដ្ឋបាលជលផល និងអាជ្ញាធរក្រុងកែប កំពុងព្យាយាមអប់រំប្រជាជននៅតំបន់ជុំវិញកោះសេះដើម្បីឲ្យសម្បូរដូចដើមវិញ។
យោងតាមលោក ប៉ូល ហ្វឺប័រ នាយក MCC បានឲ្យដឹងថា ការសម្ភាសន៍ទូទៅជាមួយសហគមន៍នេសាទនៅដីគោកបានរកឃើញថា ការអូសអួនគ្មានចិរភាពដោយទូកប្រហែល៥០គ្រឿងគឺជាការគំរាមផ្ទាល់មួយដល់ការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ១.៥០០គ្រួសារផ្សេងទៀតក្នុងតំបន់ ដែលរស់នៅចិញ្ចឹមជីវិតដោយសារការនេសាទខ្នាតតូច។
លោកបាននិយាយថា “៨០ទៅ៩០ភាគរយនិយាយថា ការអូសអួនដល់បាតសមុទ្រ ទោះមាន ឬគ្មានការឆក់ក៏ដោយ គឺជាបញ្ហាធំបំផុត។ អ្នកនេសាទខ្នាតតូចជាច្រើនបានបោះបង់របរនេសាទហើយចាប់យកការងារខាងសំណង់ ឬសន្តិសុខទៅវិញ។ ពួកគេត្រូវចាកចេញឆ្ងាយពីតំបន់នោះ ពីព្រោះគ្មានអ្វីនៅសេសសល់ដើម្បីនេសាទទៀតទេ។
ក្រុមអភិរក្សសមុទ្រកម្ពុជាបានធ្វើការអប់រំសហគមន៍នេសាទនៅកែបអំពីរបៀបនេសាទប្រកបដោយចិរភាព ក៏ដូចជាច្បាប់នេសាទកម្ពុជា ជាពិសេសមាត្រា៤៩ ដែលចាត់ទុកការអូសអួនក្បែរឆ្នេរសមុទ្រថា ខុសច្បាប់។
លោក ហ្វឺប័រ បាននិយាយថា “ក្នុងចំណោមច្បាប់ជលផលទាំងអស់ ច្បាប់នេះសំខាន់បំផុត ហើយវាដូចជាច្បាប់មួយដែលគេមិនយកចិត្តទុកដាក់បំផុត”។
នៅផែព្រែកតានិន កាលពីថ្ងៃព្រហស្បតិ៍ លោក គង់ ហឿន បានប៉ះអួនរបស់គាត់ដែលមានក្រឡាញឹករហូតដល់ជាប់ថ្ម។ នៅក្បែរជើងគាត់ ខ្សែភ្លើងអគ្គិសនីដ៏វែងមួយភ្ជាប់ទៅនឹងខ្សែស្ពាន់ដែលមានពេញទាំងអួន។ អ្នកនេសាទនៅសមុទ្រយូររូបនេះ បានសើចចំអកចំពោះការលើកឡើងថា ការប្រើប្រាស់ឧបករណ៍របស់គាត់ខុសច្បាប់នោះ។
ដូចអ្នកនេសាទភាគច្រើនបំផុតដែលគេសម្ភាសន៍ដែរ គាត់មានការបង្ហាញភាពត្រឹមត្រូវពីរចំពោះការធ្វើនេសាទរបស់គាត់ គឺអាជ្ញាធរមិនដែលព្យាយាមហាមឃាត់គាត់មិនឲ្យធ្វើទេ ហើយគាត់កំពុងប្រកួតប្រជែងជាមួយទូកអូសគូដ៏ធំរបស់វៀតណាមដែលបើកទៅមកក្នុងដែនទឹកកម្ពុជាស្រេចតែចិត្ត។
គាត់បាននិយាយថា “យើងត្រូវនេសាទប្រាំម៉ោង ដើម្បីចាប់បានអ្វីដែលគេចាប់បានក្នុងមួយម៉ោង។ យើងដឹងថា ទូករបស់ពួកគេបន្សល់ទុកតិចតូចឲ្យយើងចាប់ ប៉ុន្តែ តើយើងអាចធ្វើអ្វីបានទៅ?”។
នគរបាលសមុទ្របានបដិសេធជារហូតមកថា គ្មានទូកបរទេសនេសាទក្នុងដែនទឹកកម្ពុជាទេ ថែមទាំងចង់បដិសេធការស្លាប់ពលរដ្ឋខ្មែរម្នាក់នៅសមុទ្រដែរ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយអ្នកនេសាទវៀតណាមកាលពីខែកក្កដានោះ។ អ្នកនេសាទទាំងកម្ពុជា ទាំងវៀតណាម បានអះអាងដូចគ្នាថា នគរបាលទទួលសំណូក។
កាលពីថ្ងៃសុក្រ លោក ទូច ប៉ូល័ក្ខ អនុប្រធានកងវរសេនាតូចព្រំដែនទឹក បាននិយាយថា លោកអាច “ធានាថា គ្មានទូកវៀតណាមឆ្លងចូលខេត្តកែប ឬដែនទឹកកម្ពុជាទេ”។
ឧត្តមសេនីយ៍ត្រី ប៉ូល័ក្ខ បាននិយាយថា “ហេតុអ្វីពួកគេចាំបាច់ត្រូវនេសាទនៅកែប? កែបតូចណាស់”។

លោកបានបន្ថែមថា អ្នកណាដែលបានរាយការណ៍ថា បានឃើញទូកបរទេសនៅកម្ពុជាប្រាកដជាយល់ច្រឡំហើយ។
នៅពេលដែលមនុស្សមានអំណាចជាច្រើនហាក់ដូចជាកំពុងបណ្តែតបណ្តោយបញ្ហានេសាទដ៏បំផ្លិចបំផ្លាញនេះឲ្យកើតឡើង ខណ្ឌរដ្ឋបាលជលផលកំពត ដែលក៏មើលខុសត្រូវខេត្តកែបដែរ បានព្យាយាមបង្ហាញភាពត្រឹមត្រូវតាមច្បាប់។
កាលពីខែមិថុនា ក្រុមអភិរក្សសមុទ្រកម្ពុជា រួមទាំងមន្ត្រីជលផលបានដុតបំផ្លាញឧបករណ៍នេសាទដ៏ច្រើន មានអួន អន្ទាក់ ខ្សែកាបអគ្គិសនី ដែលរឹបអូសបានពីអ្នកនេសាទខុសច្បាប់ក្នុងពេលប៉ុន្មានខែមុន។
ទាក់ទងកាលពីថ្ងៃសុក្រ នាយខណ្ឌជលផលខេត្តកំពត លោក សៅ សូរិន្ទ បាននិយាយថា មន្ត្រីរបស់លោកនៅតែប្រចាំការក្នុងសមុទ្រ ហើយបានច្រានចោលការអះអាងថា អ្នកនេសាទទទួលបានការអនុញ្ញាតឲ្យរកត្រីដោយខុសច្បាប់ ដូចជានៅតំបន់ទឹករាក់ចន្លោះដីគោក និងកោះទន្សាយជាដើម។
លោកបាននិយាយថា “យើងមិនដែលអនុញ្ញាតទេ។ មិនមានទូកអូសគូទេ មានតែទូកតូចៗប្រើសំណាញ់ប៉ុណ្ណោះ”។
នៅពេលប្រាប់ថា ទូកជាច្រើនគ្រឿងទាំងនោះដែលចតនៅព្រែកតានិន បំពាក់ដោយខ្សែភ្លើងអគ្គិសនីនោះ លោក សូរិន្ទ បានកែប្រែសម្តីដោយនិយាយថា លោកនឹងទៅពិនិត្យមើលផែនោះ ដើម្បីឆែកទូកទាំងនោះ។ ប៉ុន្តែ លោកមិនសូវមានទំនុកចិត្តដែលថា លោកអាចបញ្ឈប់របៀបនេសាទខុសច្បាប់ដែលកំពុងបំផ្លាញបរិស្ថានសមុទ្រកែប ហើយបង្ខំគេឲ្យឈប់ធ្វើអ្វីដែលគ្រាន់តែដើម្បីរស់បានទេ។
លោកបាននិយាយថា “យើងនឹងបន្តពិនិត្យផ្អែកលើព័ត៌មានដែលយើងទទួលបាននៅថ្ងៃនេះ”។
“ពិតហើយដែលយើងមានច្បាប់ ប៉ុន្តែ ប្រជាជនបាននេសាទដូចនេះអស់រយៈពេលយូរមកហើយ ដូច្នេះតើយើងអាចបញ្ឈប់វាបានដោយរបៀបណា?”៕និត