26.6 C
Phnom Penh

ក្រុម​មនុស្ស​ហិង្សា​​វាយដំ​តំណាង​​​​​​​​រាស្ត្រ​គណបក្ស​​សង្គ្រោះ​ជាតិ​​​​​​​​ឲ្យ​រង​របួស​ធ្ងន់​​អំឡុង​​​​​​ពេល​បាតុកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាល​ពី​ម្សិល​មិញ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា បាន​រង​របួស​ជា​ទម្ងន់​ បន្ទាប់ពី​​​ក្រុម​មនុស្ស​​​ហិង្សា​នៅ​​ក្នុង​​បាតុកម្ម​​មួយ​ដឹក​នាំ​ដោយ​​​​ក្រុម​យុវជន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទាញ​​​ពួក​លោក​ចេញ​ពី​រថយន្ត ហើយ​​​​វាយ​​​ដំ​ពួក​លោក​នៅ​ខាង​មុខ​រដ្ឋសភា។

ក្រុម​​​បាតុករ​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​ខាង​​​ក្រៅ​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ម្សិលមិញ ដើម្បី​​​ទាមទារ​​​ឲ្យ​​​លោក កឹម សុខា អនុប្រធាន​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​ចុះ​​​ចេញ​​​ពី​​​តំណែង​​​អនុប្រធាន​​​រដ្ឋ​​​សភា​​​ មុន​​​ពេល​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​លើ​​​តំណាង​​​រាស្ត្រ​​​បក្ស​​​ប្រឆាំង​​​ពីរ​​​រូប។ រូបថតៈ សីុវ  ចាន់ណា​​​/The Cambodia Daily
ក្រុម​​​បាតុករ​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​ខាង​​​ក្រៅ​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ម្សិលមិញ ដើម្បី​​​ទាមទារ​​​ឲ្យ​​​លោក កឹម សុខា អនុប្រធាន​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​ចុះ​​​ចេញ​​​ពី​​​តំណែង​​​អនុប្រធាន​​​រដ្ឋ​​​សភា​​​ មុន​​​ពេល​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​លើ​​​តំណាង​​​រាស្ត្រ​​​បក្ស​​​ប្រឆាំង​​​ពីរ​​​រូប។ រូបថតៈ សីុវ ចាន់ណា​​​/The Cambodia Daily

​នៅ​ពេល​​រដ្ឋសភា​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​នា​ពេល​ព្រឹក ​បាតុករ​រាប់​រយ​នាក់​​​បាន​​បង្ហាញ​​​​វត្តមាន​នៅ​ខាង​មុខ​​វិមាន​រដ្ឋសភា​​​ដើម្បី​ទាម​ទារ​​​​ឲ្យ​លោក កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​​​​​ជាតិ ​ចុះ​ចេញពី​តំណែង​អនុប្រធាន​រដ្ឋសភា​។

ដោយ​​ស្រែក​បន្ទរ​ថា “​ កឹម សុខា ចុះ​ចេញ​ទៅ” ​ដែល​យក​​លំនាំ​តាម​ការ​ស្រែក​​បន្ទរ​ដែល​​​​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្លាប់​បាន​ប្រើ​ប្រាស់​​ក្នុង​​យុទ្ធនាការ​របស់​ខ្លួន​ដើម្បី​ទាម​ទារ​​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញពី​អំណាច​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​នោះ បាតុករ​ទាំង​នេះ​​​​​បាន​រក្សា​​ភាព​អហិង្សា​​​​ភាគ​ច្រើន​នៃ​វេលា​ព្រឹក​នេះ។

​ទោះ​ជា​យ៉ាង​ណា នៅ​ពេល​​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ចាប់​ផ្ដើម​​​ចាក​ចេញ​ពី​រដ្ឋសភា​អំឡុង​ពេល​​ប្រហែល​ពាក់​កណ្ដាល​ថ្ងៃ​ត្រង់​​ ក្រុម​បាតុករ​​បាន​​សំដៅ​ទៅ​រក​រថយន្ត​​របស់​លោក ញ៉យ ចំរើន និង​លោក គង់ សភា ដោយ​ទាញ​​ពួក​លោក​ចេញពី​រថយន្ត​​​​មុន​ពេល​​​​ជាន់​ក្បាល​ និង​រាង​កាយ​របស់​ពួក​លោក​យ៉ាង​​រន្ថើន។

នគរ​បាល​​​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​​ចុង​សងខាង​នៃ​ផ្លូវ​​ខាង​មុខ​វិមាន​រដ្ឋសភា​ មិន​បាន​​អន្តរាគមន៍​ឡើយ ខណៈ​ពេល​ក្រុម​បាតុករ​​​ដែល​រួម​មាន​​​ទាំង​សន្តិសុខ​ខណ្ឌ​ដែល​ល្បី​ខាង​​វាយ​ដំ​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ផង បាន​​វាយ​ប្រហារ​ទៅ​លើ​តំណាង​រាស្ត្រ​ទាំង​ពីរ។

វីដេអូ​ឃ្លីប​​នៃ​អំពើ​ហិង្សា​នោះ​បង្ហាញ​ពី​សកម្មភាព​​លោក ញ៉យ ចំរើន ដែល​មិន​​អាច​ការ​ពារ​ខ្លួន​ឯង​បាន​ និង​ដែល​ប្រឡាក់​ឈាម​​​ស្រោច​ខ្លួន​​រួច​ទៅ​ហើយ​ ត្រូវ​បាន​​ក្រុម​អ្នក​តវ៉ា​​​ជាន់​ដើម​​ទ្រូង ហើយ​បន្ទាប់​មក​ត្រូវ​​ជំនួយ​ការ​ម្នាក់​​ទាញ​លោក​ទៅ​​កន្លែង​មាន​សុវត្ថិភាព ​ហើយ​លោក គង់ សភា ត្រូវ​បាន​ទាញ​ទម្លាក់​ពី​រថ​យន្ត​ជា​លើក​ទី២​ដោយ​​ក្រុម​ហិង្សា​​​ដែល​ទាត់​ធាក់​មុខ​របស់​លោក។

លោក ញ៉យ ចំរើន ​ដែល​​ធ្លាប់​ត្រូវ​សន្តិសុខ​​​​ខណ្ឌ​ដូន​​ពេញ ​​វាយ​ដំ​​អំឡុង​ពេល​តវ៉ា​មួយ​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​​​ កាលពី​ឆ្នាំ​មុន ដែល​​ធ្វើ​ឲ្យ​លោក​ប្រេះ​លលាដ៍​​ក្បាល​ បាន​មាន​ប្រសាសន៍​ថា ​បាតុករ​​បាន​ទាញ​​ទម្លាក់​លោក​ចេញពី​រថយន្ត​​កាលពី​ម្សិលមិញ​ ដោយ​​​គ្មាន​ប្រាប់​ជាមុន​ឡើយ។​

លោក​បាន​លើក​ឡើង​​ថា “​គេ​វាយ​​ខ្ញុំ​នៅ​ខាង​ក្រៅ​រដ្ឋសភា​​ ​បន្ទាប់​ពី​​​ប្រជុំ​រួច។ ពួកគេ​​បាន​​​រុញ​​ខ្ញុំ​ទៅ​​លើ​ស្មៅ ហើយ​វាយ​ដំ​ខ្ញុំ​។ ពួក​គេ​​​ធ្វើ​ឲ្យ​បាក់​ខ្ទង់​ច្រមុះ​ខ្ញុំ ​បាក់​ធ្មេញ ​​និង​បាក់​ស្លឹក​ត្រចៀក ឆ្អឹង​ជំនីរ​ ​និង​បែក​ភ្នែក​ខាង​ស្ដាំ”។

នៅ​ពេល​សួរ​ថា តើ​លោក​​មាន​​ទាស់​ពាក្យ​​​​សម្ដី​ជាមួយ​បាតុករ​​​ដែរ​ឬទេ ​មុន​ពេល​ផ្ទុះ​អំពើ​​ហិង្សា​ លោក ញ៉យ ចំរើន ​​​ឆ្លើយ​​ថា​លោក​មិន​បាន​ធ្វើ​អ្វី​ទាំង​អស់ ​ហើយ​លោក​គ្រាន់​តែ​​​ព្យាយាម​​​ចាក​ចេញពី​រដ្ឋសភា​ប៉ុណ្ណោះ។ លោក​​​​​​បាន​មាន​ប្រសាសន៍​​ថា ”​បាតុករ​​នៅ​ខាង​ក្រៅ ហើយ​​​​ពួកគេ​​គ្រាន់​តែ​​ឡោម​ព័ទ្ធ​ខ្ញុំ។ ពួកគេ​បាន​​​ទាញ​​​​ខ្ញុំ​ចេញពី​ឡាន​”។

cam-front-photoលោក គង់ សភា ដែល​ជិះ​​​ក្នុង​រថយន្ត​ផ្សេង​​​គ្នា ​មាន​ប្រសាសន៍​ថា ​លោក​​ក៏​កំពុង​ព្យាយាម​ចាក​ចេញពី​រដ្ឋសភា​ដែរ នៅ​ពេល​លោក​​ត្រូវ​​​គេ​ទាញ​ទម្លាក់​ចេញ​ពី​ក្នុង​រថយន្ត ហើយ​នគរ​បាល​​មិន​បាន​ប្រឹង​ប្រែង​ជួយ​ឡើយ​។

លោក​ថ្លែង​​​ថា “​ ​ពេល​ខ្ញុំ​​​​ចាក​ចេញ​ពី​សភា​ មាន​បុរស​ម្នាក់​​​និយាយ​តាម​អាយ​កូម​ទៅ​អ្នក​ផ្សេង​ទៀត បន្ទាប់​មក​​មាន​​​​បុរស​ម្នាក់​ឈរ​​នៅ​ពីមុខ​ឡាន​ដើម្បី​​ឲ្យ​យើង​ឈប់។ ពួកគេ​បើក​ទ្វារ​ហើយ​ក៏​អូស​ខ្ញុំ​ចេញ។ ពេល​​គេ​កំពុង​វាយ​​​ខ្ញុំ​​ដួល​ទៅ​លើ​ដី មាន​មនុស្ស​​២០​នាក់​ផ្សេង​ទៀត​បាន​មក​ដល់ ហើយ​ព្យាយាម​ចាប់​ខ្ញុំ ​នៅ​ពេល​ដែល​ខ្ញុំ​​ព្យាយាម​​ចូល​ទៅ​ក្នុង​ឡាន។ ខ្ញុំ​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​ឡាន​បី​ដង ប៉ុន្តែ​គេ​នៅ​តែ​ព្យាយាម​ទាត់ធាក់​ខ្ញុំ”។

លោក​​​​មាន​ប្រសាសន៍​​បន្ត​ថា បាតុករ​​​ក៏​បាន​​លួច​កាបូប​លុយ ទូរស័ព្ទ​ដៃ និង​ប្រាក់​ប្រហែល​​​​៣០០​ដុល្លារ​​របស់​​លោក​ផង​ដែរ អំឡុង​ពេល​វាយ​តប់​នោះ​។ លោក​បញ្ជាក់​ថា “​មាន​ប៉ូលិស​​​ចរាចរ​ពីរ​បី​នាក់​ឈរ​នៅ​​ទីនោះ ហើយ​គ្មាន​អាជ្ញាធរ​ណា​ចូល​មក​ធ្វើ​អន្តរាគមន៍​ទេ។ គេ​គ្រាន់​តែ​ឈរ​មើល ​ហើយ​មិន​បាន​ចូល​មក​ឃាត់​​​ឡើយ។ ​​ខ្ញុំ​គិត​ថា វា​ជា​ការ​រៀប​ចំ​ទុក​ ពីព្រោះ​នៅ​ពេល​មនុស្ស​២០​នាក់​មក​ដល់ បុរស​ម្នាក់​ដែល​ឈរ​​​​កាន់​អាយ​កូម​បាន​ប្រាប់​ទៅ​អ្នក​ផ្សេង​​ទៀត​ឲ្យ​មក​វ៉ៃ​ខ្ញុំ។ ពួកគេ​ប្រហែល​​​​ជា​នគរ​បាល​ ឬ​ទាហាន ហើយ​ពួកគេ​ចំណាំ​ឡាន​​ខ្ញុំ​បាន”។

​លោក សុង លី ​​ស្នង​ការ​​រង​រាជធានី​ភ្នំពេញ​​​បាន​មាន​ប្រសាសន៍​ថា លោក​​ដឹង​ថា តំណាង​រាស្ត្រ​ទាំង​នេះ​ត្រូវ​បាន​វាយ​ដំ​អំឡុង​ពេល​ចាក​​​ចេញពី​រដ្ឋសភា ប៉ុន្តែ​បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​ទេ ដោយ​បង្វែរ​សំណួរ​​ទៅ​​​នគរ​បាល​ខណ្ឌ​​​​ដែល​ឈរ​ជើង​​នៅ​ទី​នោះ​។

លោក ហៀង ថារ៉េត ​អធិការ​រង​នគរ​បាល​​​​​ខណ្ឌ​ចំការ​មន​​​ ដែល​រដ្ឋសភា​​ស្ថិត​​ក្នុង​ខណ្ឌ​នេះ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​​ហេតុ​ការណ៍​នេះ ឬ​ពន្យល់​ថា​ ហេតុ​អ្វី​បាន​​​ជា​នគរ​បាល​មិន​​អន្តរាគមន៍​ឡើយ។

បាតុកម្ម​កាលពី​ម្សិលមិញ​ ​ត្រូវ​បាន​​ដឹកនាំ​ដោយ​លោក ប៉ាន់​ខែម ប៊ុនថន ប្រធាន​​​ក្រុម​​សម្ព័ន្ធ​​សេនា​នាគ​ ជា​ក្រុម​មួយ​ដែល​​កាលពី​ខែ​​​មិថុនា បាន​ស្បថ​​ជា​សាធារណៈ​​ថា​​នឹង​ស្មោះ​ស្ម័គ្រ​​ចំពោះ​​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន។

មុន​ពេល​​​បាតុកម្ម​​នេះ​បាន​​​​​ប្រែក្លាយ​ទៅ​ជា​ហិង្សា​ ​​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បី​រូប​គឺ​លោក​ស្រី ឡោក ខេង ​លោក ហ៊ុន ម៉ានី ​និង​លោក សុខ ឥសាន និង​លោក ជា​ ប៉ូច តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​​ បាន​ទទួល​យក​ញត្តិ​ពី​លោក ប៉ាន់​ខែម ប៊ុនថន ដែល​អំពាវ​នាវ​​​សុំ​ឲ្យ​ដក​លោក កឹម សុខា ចេញ​​​​ពី​តំណែង។ បន្ទាប់​មក ​មេដឹកនាំ​បាតុកម្ម​រូប​​នេះ​បាន​​និយាយ​ទៅ​កាន់​​អ្នក​គ្រប់​គ្នា​​ដែល​នៅ​ជុំវិញ​​ខ្លួន​​​ថា “យើង​ស្នើ​សុំ​ឲ្យ​រដ្ឋសភា​​ដក​លោក កឹម សុខា ចេញ​ពី​តំណែង។ គាត់​ហា៊ន​​ដឹកនាំ​​​​​បាតុកម្ម​ប្រឆាំង​សម្ដេច​របស់​យើង [លោក ហ៊ុន សែន​]។ យើង​មិន​អាច​អត់​ឱន​ឲ្យ​គាត់​បាន​ទេ ហើយ​គាត់​​​ហ៊ាន​ប្រមាថ​ និង​ចោទ​ប្រកាន់​សម្ដេច​​ថា​ជា​​​ជន​​កុម្មុយ​នីស្ត និង​ជន​ក្បត់​ជាតិ។ បើ​សម្ដេច​ជា​ជន​កុម្មុយនីស្ត​មែន ​ម៉្លេះ​​​​លោក កឹម សុខា ​​​មិន​អាច​ឈរ​ជើង​​​លើ​ទឹក​ដី​កម្ពុជា​ ហើយ​ទិញ​ដី​ ចម្ការ​ម្រេច និង​បើក​ឡាន​លុច​ស៊ីស​ដោយ​សេរី​​​បាន​ឡើយ​​។ បក្ស​ប្រឆាំង​មិន​ដែល​ធ្វើ​​​អ្វី​ដើម្បី​​ប្រទេស​​​ទេ ក្រៅ​តែ​ពី​បង្ក​បញ្ហា និង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​​ខ្មែរ​ស្អប់​ខ្ពើម​​គ្នា”។

បន្ទាប់​មក លោកស្រី ​ឡោក ខេង ​​​មាន​ប្រសាសន៍​ក្នុង​ទឹកមុខ​​ញញឹម​រីក​រាយ​​​ទៅ​កាន់​ក្រុម​​បាតុករ​ថា ពួកគេ​ជា​គំរូ​ដ៏​​ល្អ​នៃ​ការ​​ពង្រឹង​​​​លទ្ធិប្រជាធិបតេយ្យ​​ក្នុង​ប្រទេស​​កម្ពុជា។ លោកស្រី​​លើក​ឡើង​​ថា ”​ថ្ងៃ​នេះ​​ជា​​ថ្ងៃ​​ដ៏​ចម្លែក​​​​ដែល​​ទទួល​​ញត្តិ​ពី​បង​ប្អូន​ដើម្បី​​ដក​លោក កឹម សុខា​ ចេញពី​​តំណែង​អនុប្រធាន​រដ្ឋសភា” នៅ​​ពេល​លោក​ស្រី​ទទួល​យក​ញត្តិ​នោះ​ ហើយ​សន្យា​​ប្រគល់​វា​​ជូន​ទៅ​លោក ហេង សំរិន ​ប្រធាន​រដ្ឋសភា។

លោក​ស្រី​​ថ្លែង​​ថា ”​​​អ្វី​ដែល​បង​​ប្អូន​បាន​បង្ហាញ​គឺ​​ឆន្ទៈ​របស់​បង​ប្អូន​ដើម្បី​បង្ហាញ​ដល់​ពិភព​លោក​ថា នេះ​គឺ​ជា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​​កម្ពុជា។ ប្រសិន​បើ​​រដ្ឋសភា​យល់​ស្រប​តាម​សំណើ​របស់​បង​ប្អូន​ នឹង​មាន​ការ​បោះ​ឆ្នោត​ [ជ្រើស​រើស​អនុប្រធាន​ថ្មី]”។ ​​​​​​​​​​​​​​​​

លោក កឹម សុខា មិន​ស្ថិត​​​នៅ​​​ក្នុង​​​សភា​​​ទេ​​​អំឡុង​​​ការ​​​តវ៉ា​​​ ឬក៏​​​នៅ​​​ផ្ទះ​​​របស់​​​លោក​​​ឡើយ​​​នៅ​​​ពេល​​​រសៀល​​​ ពេល​​​ដែល​​​អ្នក​​​តវ៉ា​​​ជា​​​ច្រើន​​​​​​បាន​​​ទៅ​​​ទី​​​នោះ​​​ ដើម្បី​​​បន្ត​​​តវ៉ា​​​ទាមទារ​​​​​​ឲ្យលោក​​​ចុះ​​​ចេញ​​​ពី​​​ត​​​ំណែង​​​។

លោក មុត ចន្ថា​​​ នាយខុទ្ទកាល័យ​​​របស់​​​លោក កឹម សុខា បាន​​​លើក​​​ឡើង​​​ថា ​​​អនុ​​​ប្រធាន​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​រូប​​​នេះ​​​មិន​​​បាន​​​ចូល​​​រួម​​​សម័យ​ប្រជុំ​​​នៅ​​​ក្នុង​​​សភា​​​ឡើយ​​​អំឡុង​​​ពេល​​​ព្រឹក ​​​ ហើយ​​​​មិន​​​បាន​​​ទៅ​​​ផ្ទះ​​​ទេ​​​ដោយសារ​​​​​​ព្រួយ​​​បារម្ភ​​​ពី​​​សុវត្ថិភាព​​​របស់លោក​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិនអាច​​​បង្ហាញ​​​ពី​​​ទី​​​តាំង​​​របស់​​​គាត់​​​បាន​​​ឡើយ​​​នៅ​​​ពេល​​​​​​នេះ ប៉ុន្តែ គាត់​​​មិន​​​បាន​​​ចូល​​​រួម​​​​​​សម័យ​​​ប្រជុំ​​​ពេញ​​​អង្គ​​ទេ​​​​​ព្រឹក​​​មិញ​​​នេះ។ ហេតុ​​​ផល​​​ចម្បង​​​គឺ​​​សុវត្ថិភាព និង​​​សន្តិសុខ​​​របស់​​​គាត់​​​។ ​​​ដូច​​​ដែល​​​អ្នក​​​បាន​​​ដឹង​​​ហើយ​​​ ក្រុម​​​នេះ​​​​​​​រៀប​​​ផែនការ​​​តវ៉ា​​​មាន​​​គោល​​​ដៅ​​​លើ​​​រូប​​​គាត់​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “នៅក្នុង​​​ស្ថាន​​​ភាព​​​នេះ​​​អ្នក​​​គួរ​​​តែ​​​យល់​​​ហើយ​​​ ​កុំ​​​ចាក់​​​សាំង​​​លើ​​​ភ្លើង​​​។ ភ្លើង​​​​​​បាន​​​ឆាប​​​ឆេះ​​​។​ប្រសិន​​​បើ​​​យើង​​​ដាក់​​​អ្វី​​​មួយ​​​​លើ​​​ភ្លើង​​​ វា​​​នឹង​​​ឆាប​​​ឆេះ​​​កាន់​​​តែ​​​ខ្លាំង​​​”។

លោក សុខ ឥសាន​​​​​​ ដែល​​​ក៏ជា​​​អ្នកនាំពាក្យ​​​គណបក្ស​​​មួយ​​​រូបដែរ​​​នោះ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​ច្បាស់​​​ទេ​​​ថា តើ​​​គណបក្ស​​​កាន់​​​អំណាច​​​ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះការ​​​វាយ​​​ដំ​​​លើ​​​តំណាង​​​រាស្ត្រ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ ដោយ​​​ពន្យល់​​​​ថា អ្នក​​​តវ៉ា​​​គ្មាន​​​មេដឹក​​​នាំ​​​ជាក់លាក់​ហើយ​​​ពួកគេ​មិនមែន​សុទ្ធ​តែមាន​ទំនាក់​​​ទំនង​​​ជាមួយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ទាំង​​​អស់​​​នោះ​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​​​​ពី​​​ព្រោះ​​​មាន​​​អ្នក​​​តវ៉ា​​​ចម្រុះ​​​។ ខ្ញុំ​​​សោក​​​ស្តាយ​​​ណាស់​​​ដែល​​​អ្នក​​​តវ៉ា​​​មក​​​​​​សំដែង​​​សិទ្ធិ​​​របស់​​​គេ​​​នៅ​​​ឯ​​​​សភាជាតិ​​​​​​ ប៉ុន្តែ បែរ​​​ជា​​​ប្រើ​​​ហិង្សា​​​ទៅ​​​វិញ​​​​​​។ វា​​​ពិបាក​​​នឹង​​​រក​​​ឲ្យ​​​ឃើញ​​​អ្នក​​​ប្រព្រឹត្តិ​​​​​​ណាស់​​​” ។​​​

លោក​​​បាន​​​បន្ថែម​​​ថា “វា​​​មិនមែន​​​រៀបចំ​​​ដោយ​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​ទេ​​​។ វា​​​ចម្រុះ​​​ ​​​មិន​​​មែន​​​មានតែ​​​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ប៉ុណ្ណោះទេ​។

ពេល​​​ថ្លែង​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​ក្នុង​​​ប្រទេស​​​បារាំង​​​​​​​​​​​​​​​​​​​​​​​​​​ ដែល​​​លោក​​​កំពុងបំពេញ​​​ទស្សនកិច្ច​​​​​​ផ្លូវ​​​រដ្ឋ​​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន សែន បាន​​​​លើកឡើង​ថា លោក​​​បាន​​​​​​ដឹង​​​អំពី​​​ការ​​​តវ៉ា​​​នៅ​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ​​​ ប្រឆាំង​​​លោក ​​​កឹម សុខា ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​ពេលថ្លែង​​​​សុន្ទរកថា​​​ថា​​​​​​”នៅពេល​​​ដែល​​​ទីនេះ​​​​​​[ក្រុង​​​បា៉រីស] ធ្វើ​​​បាតុកម្ម​​​ ខ្ញុំ​​​ក៏​​​បាន​​​ទទួល​​​នូវ​​​សារ​​​ពី​​​ក្រុង​​​ភ្នំពេញ​​​ ស្អែក​​​នេះ​​​សុំ​​​ធ្វើ​​​បាតុកម្ម​​​ដែរ​​​។ ​​​ឥឡូវ​​​​​​​ឲ្យ​​​ខ្ញុំ​​​ត្រូវ​​​ដោះ​​​ស្រាយ​​​រឿង​​​នេះ​​​យ៉ាង​​​ម៉េច​​​?” ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ​​​”ស្អែក​​​​​​នេះ​​​នឹង​​​មាន​​​បាតុកម្ម​​​នៅ​​​ក្រុង​​​ភ្នំពេញ​​​​​​ ដើម្បី​​​ប្រឆាំង​​​បក្ស​​​ប្រឆាំង​​​​​​ ហើយ​​​និង​​​ទាម​​​ទារ​​​ដក​​​អនុប្រធាន​​​សភា​​​ជាតិដែល​​​ចេញ​​​ពី​​​បក្ស​​​ប្រឆាំង​​​​​​ព្រោះ​​​គេ​​​ឡើង​​​តាម​​​​​​សន្លឹក​​​ឆ្នោត​​​គណបក្ស​​​ប្រជា​​​ជន​​​ ដូច្នេះ​​​គេ​​​ត្រូវ​​​ធ្លាក់​​​វិញ​​​តាម​​​​​​សន្លឹក​​​ឆ្នោត​​​គណបក្ស​​​ប្រជា​​​ជន​​​​​​ដែរ​​​”។

កាល​​​ពី​​​ឆ្នាំ​​​មុន​​​លោក ហ៊ុន​​​ សែន និង​​​លោក​​​ ​​​សម​​​ រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​លើកកម្ពស់​​​​ “វប្បធម៌​​​សន្ទនា” ថ្មីមួយ​​​ដែល​​​មាន​​​ន័យ​​​ថា មេដឹក​​​នាំ​​​គណបក្ស​​​ទាំង​​​ពីរ​​​ធ្វើ​​​ការ​​​រកមធ្យោបាយ​ដោះ​​​ស្រាយ​​​ការ​​​ខ្វែង​​​គំនិត​​​​​​គ្នា​​​ដោយ​​​មិន​​​ប្រើ​​​អំពើ​​​ហិង្សា ឬ​​​ពាក្យ​​​មិន​​​សម​​​គួរ​​​។

ទោះជា​​​យ៉ាង​​​ណា​​​ លោក​​​ កែម ​​​ឡី ​​​ស្ថាប​​​និក​​​ ក្រុម​​​ “ខ្មែរ​​​ដើម្បីខ្មែរ​​​” ជា​​​ក្រុម​​​តស៊ូ​​​មតិ​​​ផ្នែក​​​នយោ​​​បាយ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​សង្ស័យ​​​ ថា លោក ហ៊ុន សែន​​​ ស្ថិត​​​នៅ​​​ពីក្រោយ​​​អំពើ​​​ហិង្សា​​​កាល​​​ព​​​ីម្សិលមិញ​​​ ដោយ​​​គូស​​​បញ្ជាក់​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ទំនង​​​ជា​​​ខឹង​មួរ​​​ម៉ៅ​​​ចំពោះ​​​ការ​​​តវ៉ា​​​ដែល​​​តែង​​​តែ​​​ប្រឆាំង​​​រូប​​​លោក​​​នៅក្រៅ​​​ប្រទេស​​​។

លោក​​​បាន​​​​​​ថ្លែង​​​ថា “វា​​​ជា​​​នយោបាយ​​​របស់​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​។ វា​​​ផ្អែក​​​លើ​​​ការ​​​តវ៉ា​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​​​កាល​​​ពី​​​ពីរ​​​បីខែ​​​ចុង​​​ក្រោយ​​​នេះ​​​​​​ និង​​​នៅក្នុង​​​ប្រទេស​​​បារាំង​​​ក្នុង​​​ពេល​​​ឥឡូវ​​​។​​​វា​​​គឺ​​​ជា​​​វប្បធម៌​​​នយោ​​​បាយ​​​របស់​​​ ហ៊ុន សែន។ ​​​គាត់​​​តែង​​​តែ​​​សង​​​សឹក​​​”។

លោក​​​បាន​​​ថ្លែង​​​បន្ថែម​​​ថា “​​​បើ​​​ខ្ញុំអាន​​​សៀវ​​​ភៅ​ ខ្ញុំមិនទាន់បាន​មើល​អ្នកនិពន្ធទេ​ ប៉ុន្តែ​មើល​ខ្លឹមសារ​សៀវភៅហ្នឹង​យើង​​​ដឹងថា​ អ្នកណា​ អ្នកសរសេរ​។ចាប់តាំង​​​​ពី​​​របប​​​ខ្មែរ​​​ក្រហម​​​រហូត​​​ដល់​​​ពេល​​​នេះ… ​​​វប្បធម៌​​​​​​របស​​​់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន ​​​សែន តែង​​​តែ​​​ដូច​​​នេះ​​​។ គាត់​​​រៀន​​​ពី​​​វប្បធម៌​​​យោធា​​​​​​ ពេល​​​គាត់​​​នៅ​​​ក្មេង​​​ ហើយ​​​នេះ​​​គឺជា​​​វប្បធម៌​​​យោធា”។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ឡុង​​​ ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជធានី​​​​​​​ បាន​​​​​​លើក​​​ឡើង​​​ថា អ្នក​​​ដែល​​​វាយ​​​ដំ​​​តំណាង​​​រាស្ត្រ​​​នៅ​​​ខាង​​​មុខ​​​រដ្ឋ​​​សភា​​​​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​តវ៉ា​​​ទាម​​​ទារ​​​ឲ្យ​​​លោក កឹម សុខា ចុះ​​​ចេញ​​​ពី​​​តំណែង​​​អំឡុង​​​ពេល​​​ព្រឹក​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ថា “ការ​​​តវ៉ា​​​នេះ​​​បាន​​​បញ្ចប់​​​នៅ​​​​​​ម៉ោង​​​១១​​​ព្រឹក​​​ ប៉ុន្តែ នៅ​​​ម៉ោង​​​១២​​​ថ្ងៃ​​​ត្រង់​​​​​​ មាន​​​ហេតុ​​​ការណ៍​​​ប្រើ​​​អំពើ​​​ហិង្សា​​​បង្ក​​​ឡើង​​​ដោយ​​​មនុស្ស​​​មួយ​​​ក្រុម​​​តូច​​​ដែល​​​​យើង​​​​​មិន​​​ស្គាល់​​​មុខ​​​​​​ និង​​​ដែល​​​ប្រើ​​​អំពើ​​​ហិង្សាលើតំណាង​រាស្ត្រ​​​​​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​ថ្កោល​​​ទោស​​​ពួក​​​គេ​​​យ៉ាង​​​ដាច់​​​អហង្ការ ហើយ​​​អាជ្ញាធរ​​​នៅ​​​សាលា​​​រាជធានី​​​​​​នឹង​​​សើុប​​​អង្កេត​​​តាម​​​រក​​​អ្នក​​​ប្រព្រឹត្ត ហើយ​​​យក​​​​​​ពួក​​​គេ​​​មក​​​ផ្តន្ទា​​​ទោស​​​តាម​​​ច្បាប់​​​”៕ សុខុម និង​​​ ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ សេក​​​ ឧត្តម​​​ ឃួន ណារីម និង​​​ គុច ណារ៉េន)​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស