30 C
Phnom Penh

មណ្ឌល​ថែទាំកុមារ​នឹង​បើក​ឡើង​វិញ ​​ទោះ​មាន​ការ​ចោទប្រកាន់ពី​ការ​រំលោភ​បំពាន​កុមារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​ព្រះវិហារ​​បាន​និយាយ​កាលពី​ម្សិលមិញ​ថា មណ្ឌល​ថែទាំ​កុមារ​ដែល​គ្រប់​គ្រង​ដោយ​ព្រះ​​​វិហារ​​​គ្រិស្ត​សាសនា​ក្នុង​ខេត្ត​ក្រចេះ​ ​ទីដែល​​នគរ​បាល​​​លើកឡើង​ថា ក្មេង​​​ស្រី​បី​នាក់​​ត្រូវ​បាន​​​ប្ដី​​​របស់​​ប្រធាន​មណ្ឌល​នេះ​​​រំលោភ​បំពាន​ផ្លូវ​ភេទនោះ គ្រោង​នឹង​បើក​ឡើង​វិញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះក្រោម​ការ​គ្រប់​គ្រង​របស់​អ្នក​គ្រប់គ្រង​ដដែល​។

ព្រះវិហារ​ដំណឹង​ទាំង​បួន​​​ (Four Square Churc) ស្ថិត​ក្នុង​ឃុំឆ្លូង ស្រុក​ឆ្លូង ដែល​គ្រប់​គ្រង​ដោយ​អ្នកស្រី ​​ណាវ សៃហូ អាយុ​៣២​ឆ្នាំ ជា​​មណ្ឌល​ថែទាំ​កុមារ​ប្រហែល​១០​នាក់​​ ដែលដេក​​​ស្នាក់​នៅព្រះ​​វិហារ​នេះ​​ចន្លោះ ពេល​រៀន​សូត្រ​នៅ​សាលា​ក្បែរ​នោះ​ ​។

យោង​តាម​នគរ​បាល​ខេត្ត​​​បាន​ឲ្យ​ដឹង​ថា អ្នកស្រី សៃហូ បាន​ទុក​ឲ្យ​​ប្ដី​របស់​ខ្លួន​​​ឈ្មោះ ញ៉ ធី អាយុ​៣៧​ឆ្នាំ មើល​ការ​ខុស​ត្រូវ​ព្រះ​វិហារ​នោះ ខណៈ​ដែល​អ្នកស្រី​ធ្វើ​ដំណើរ​ទៅ​ ស្រុក​សម្បូរ ដើម្បី​ធ្វើការ​បណ្ដុះ​បណ្ដាល​​​កាលពី​ដើម​ខែ​កញ្ញា។អំឡុង​ពេល​លោកស្រី​មិន​​នៅ លោក ធី ​បាន​​បៀតបៀន​ និង​ប៉ុន​ប៉ង​រំលោភ​​ក្មេងស្រី​បី​នាក់​អាយុ​ចន្លោះ​១០​ឆ្នាំ​ដល់​១២​ឆ្នាំ។ លោក ធី ដែល​គេ​កំពុង​តាម​រក​ចាប់​ខ្លួន​​ កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ។

លោក ពៅ ណារ៉េត អ្នក​គ្រប់​គ្រង​​ព្រះ វិហារ​ដំណឹង​ទាំង​បួននៅ​កម្ពុជា​​បាន​មាន​ប្រសា​សន៍​ថា ព្រះវិហារ​ស្ថិត​ក្នុង​ឃុំ​​ឆ្លូង​នេះ​​ នឹង​បើក​ឡើង​វិញ​មិន​ហួស​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា​ឡើយ ដោយ​​អ្នកស្រី សៃហូ ជា​ប្រធាន​​រហូត​ដល់​ព្រះវិហារ​អាច​រក​តួនាទី​ថ្មី​ឲ្យ​​អ្នកស្រីបាន​​។

​លោក ណារ៉េត បាន​​ថ្លែង​ថា “​យើង​មាន​គម្រោង​ផ្លាស់​អ្នកស្រី​ទៅ​​ព្រះវិហារ​​ផ្សេង ពីព្រោះ​​អ្នក​ស្រី​លែង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​នៅ​ក្នុង​តំបន់​នេះ​ទៀត​ហើយ​”។ លោក​បាន​បន្ថែម​ ថា លោក​មិន​​ជឿ​ថា វា​ចាំបាច់​ត្រូវ​បណ្ដេញ​​អ្នកស្រី​ចេញ​ទេ​​​ ពីព្រោះ​ប្ដី​អ្នកស្រី​​បាន​ប្រព្រឹត្ត​ការ​រំលោភបំពាន​នេះ​​ដោយ​អ្នកស្រី​មិន​បាន​ដឹង​ឡើយ។

ព្រះវិហារ Four Square Gospel ​អន្តរជាតិ​​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​​បើក​ដំណើរ​ការ​​​​៩៩កន្លែង​​​ ដែល​សំដៅ​ដល់​​ “​កន្លែង​ស្នាក់​នៅ​របស់​កុមារ​កំព្រាក្នុង​​​​ព្រះវិហារ” ទូទាំង​ប្រទេស​កម្ពុជា។ លោក​ ថេដ អុលប្រ៊ីជ ​(Ted Olbrich) ប្រធាន​​ព្រះវិហារ​ដំណឹង​ទាំង៤នៅ កម្ពុជា​​​បាន​​និយាយ​ក្នុង​​បទ​សម្ភាស​ន៍កាលពី​ឆ្នាំ​២០១០ជាមួយ​​មណ្ឌល​ Berkley របស់​សាកលវិទ្យាល័យ​ Georgetown សម្រាប់​សាសនា សន្តិភាព និង​កិច្ច​ការ​ពិភព​លោកថា ព្រះវិហារ​នេះ​បាន​បញ្ចៀស​ការ​​គំរាម​កំហែង​​ផ្លូវ​ភេទ​ទៅ​លើ​កុមារ​​​ដោយ​ការ​ដាក់​​ស្ត្រី​វ័យ​ចំណាស់​​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ពួកគេ​។

លោក អុលប្រ៊ីជ បាន​ថ្លែង​ថា “​យើង​ទាំង​អស់​គ្នា​មិន​មាន​បញ្ហា​​ជាមួយ​ជន​រំលោភ​​បំពាន​កុមារ​​ដែល​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ឬ​ព្រះវិហារ​ផ្សេង​ៗ​ទៀត​មាន​នោះ​ឡើយ ពីព្រោះ​យើង​មាន​ស្ត្រី​វ័យ​ចំណាស់​ជា​ច្រើន​នាក់​​មើល​ថែ​ពួកគេ​”។

កាលពី​ម្សិលមិញ​ លោក ណារ៉េត បាន​ទទួល​ស្គាល់​ថា ព្រះវិហារ​បាន​ដឹង​ថា លោក ធី បាន​ចូលរួម​មើល​ថែ​កុមារ​​នៅ​មណ្ឌល​នេះ​ ដែល​ប្រពន្ធ​របស់​គាត់​គ្រប់​គ្រង​ ប៉ុន្តែ​ថា ​​​កុមារ​នៅ​​ព្រះវិហារ​ដំណឹង​ទាំង​បួន​​​នឹង​​ត្រូវ​ទុក​ឲ្យ​នៅ​ជាមួយ​បុគ្គលិក​ជា​ស្ត្រី​ប៉ុណ្ណោះ​។

លោក ណារ៉េត បាន​ថ្លែង​ថា “​ដំណោះ​ស្រាយ​ដែល​យើង​មាន​គឺថា នៅ​ពេល​អនាគត​ យើង​នឹង​ទុក​ឲ្យ​ស្ត្រី​ម្នាក់​នៅ​ចាំ​ព្រះវិហារ​នេះ​ គ្រប់​ពេល​ទាំង​អស់​ ដោយ​មិន​ទុក​ឲ្យ​បុរស​​នៅ​ជាមួយ​ក្មេងៗ​ឡើយ”។

បើ​​ទោះ​ជា​ព្រះវិហារទាំងអស់​របស់​ព្រះ វិហារ​​ដំណឹង​ទាំង​បួន​ ជា​មណ្ឌលថែទាំកុមារ​ក៏ដោយ  ក៏​ភាគ​ច្រើន​នៃព្រះ​​​​វិហារ​ទាំង​នោះ​​មិន​បាន​ចុះ​បញ្ជី​ជាមួយ​​ក្រសួង​សង្គម​កិច្ចដែរ។

លោក អ៊ុំ សុផាន់ណារ៉ា ប្រធាន​នាយក ដ្ឋាន​សុខុមាលភាព​​កុមារ​នៃ​ក្រសួង​សង្គម​កិច្ច​បាន​មាន​ប្រសាសន៍​ថា លោកបាន​​ដឹង​​ពីករណី​​​ ក្នុង​ឃុំ​ឆ្លូង​នេះ ប៉ុន្តែ​ថា ដោយ​សារ​ព្រះវិហារ  ​នេះ​មិន​មែន​ជា​មណ្ឌល​កុមារ​កំព្រា​ផ្លូវ​ការ លោក​មិន​មាន​កាតព្វកិច្ច​ពិនិត្យ​មើល​ឡើយ។

លោក​បាន​ថ្លែង​ថា “​យើង​មិន​ពិនិត្យ​មើល​មណ្ឌល​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហគមន៍​ឡើយ។ នគរ​បាល​ស៊ើបអង្កេត​ករណី​ទាំង​នោះ​ ហើយ​នគរ​បាល​កំពុង​ធ្វើ​ការ​លើ​ករណី​នេះ​”។

លោក​​ សុផាន់ណារ៉ា បាន​បន្ថែម​ថា “​មាន​បញ្ហា​ជាច្រើន​ដែលគ្មាន​ការ​​​ថែទាំ​ត្រឹម​ត្រូវ​ ហើយ​ [មណ្ឌល​ថែទាំសហគមន៍​ទាំងនេះ​] មិន​បាន​ឆ្លើយ​តប​តាម​ស្ដង់ដារ​ឡើយ​។ លោក​​បាន​ថ្លែង​ថា ​នឹង​មានការ​រៀបចំ​​កិច្ច​ប្រជុំ​នៅ​ខែ​ក្រោយ​រវាង​មន្ត្រី​មន្ទីរ​សង្គម​កិច្ច​ខេត្ត និង​មន្ត្រី​​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត​ដើម្បី​កំណត់​ថា នរណា​ទទួល​ខុស​ត្រូវ​ក្នុង​ការ​​ពិនិត្យ​មើល​មណ្ឌល​ទាំង​នេះ”។

លោក តូ ដុង ប្រធាន​មន្ទីរ​សង្គម​កិច្ច​ខេត្ត​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ស៊ើប​អង្កេត ​រួច​ហើយ​​ពី​ការ​រំលោភ​បំពាន​នេះ​ ប៉ុន្តែ​មិន​អាច​ចាត់​វិធានការ​ដាក​់​ទោស​ទណ្ឌបាន​ឡើយ ពីព្រោះ​​ព្រះវិហារ​នេះ​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ធម្មការ​ និង​សាសនា​។

លោក​បាន​លើកឡើង​ថា ”មិន​ថា​​ព្រះវិហារ ​នេះ​នឹង​នៅ​តែ​បើក​ដំណើរការ​ឬ​ក៏បិទ​នោះ​ឡើយ គឺ​អាស្រ័យ​លើ​[ការ​ប្រជុំ] នៅ​ខែ​ក្រោយ​”៕ សារុន​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស