27.5 C
Phnom Penh

កង​​ទ័ព​​ចូល​រួម​អំពាវ​នាវ​​ឲ្យ​លោក កឹម សុខា​ ចុះ​ចេញ​ពី​តំណែងជា​​​អនុប្រធាន​រដ្ឋសភា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​​បណ្ដា​អ្នក​សង្កេត​ការណ៍​​​ចោទ​ប្រកាន់​​​​​​​ថា គណបក្ស​ប្រជាជន​កម្ពុជា​ គឺជា​អ្នក​រៀបចំ​​​ឲ្យ​មាន​ការ​វាយ​ដំ​យ៉ាង​សាហាវ​ព្រៃផ្សៃ​ទៅ​លើ​​​​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​កាល​​​ពី​ថ្ងៃ​ច័ន្ទ ​​ស្រាប​់​តែ​បែក​ធ្លាយ​រូប​ភាព​​កាលពី​ម្សិលមិញ ដែល​បង្ហាញ​ពី​សកម្មភាព​​មេ​បញ្ជា​ការ​យោធា​ជាន់​ខ្ពស់​មួយ​រូប​​​កេណ្ឌ​កង​ទ័ព​​​ដើម្បី​​​​គាំទ្រ​ការ​អំពាវ​នាវ​​​ទម្លាក់​លោក កឹម សុខា ចេញ​​​​​ពី​តំណែង​អនុប្រធាន​រដ្ឋសភា​។

​លោក ញ៉យ ចំរើន និង​លោក គង់ សភា ដែល​ជា​​​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​ត្រូវ​បាន​​​ក្រុម​បុរស​​ដែល​ចូល​រួម​បាតុកម្ម​គាំទ្រ​​​​​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទាម​ទារ​​​​ឲ្យ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​​​​ចុះ​ចេញពី​តំណែង​របស់​លោក​នៅ​រដ្ឋសភា ទាញ​​​​ទម្លាក់​ពី​រថយន្ត​​របស់​ពួក​លោក​ និង​ជាន់​ធាក់ ខណៈ​ពេល​ពួក​លោក​ចាក​ចេញពី​រដ្ឋសភា។​

cam-photo-front2បាតុកម្ម​នេះ​​ត្រូវ​បាន​ជំរុញ​​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំឡុង​​ពេល​ថ្លែង​សុន្ទរកថា​​កាលពី​​ល្ងាច​ថ្ងៃ​អាទិត្យ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ​​​បាន​បដិសេធ​ថា ​ការ​​​​វាយ​ដំ​​​នេះ​​មិន​​ត្រូវ​បាន​អនុញ្ញាត​​​ឲ្យ​ប្រព្រឹត្ត​​​​ឡើយ​ ទោះ​បីមាន​ការ​អះអាង​ថា នគរ​បាល​​​​ដែល​ឈរ​ជើង​នៅ​ខាង​ក្រៅ​រដ្ឋសភា​​ ឈរ​មើល ​​ក្នុង​ពេល​ដែល​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​​ត្រូវ​​គេ​ទាញ​ទម្លាក់​ចេញ​ពី​រថ​យន្ត​​​ក្តី​។

កាលពី​ម្សិលមិញ ​បណ្ដា​ស្ថាប័ន​​ផ្សព្វ​ផ្សាយ​​ដែល​គាំទ្រ​រដ្ឋាភិបាល​​ បាន​ចុះ​ផ្សាយ​​រូប​ថត​ទាហាន​​​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ​ កេណ្ឌ​កាលពី​ថ្ងៃ​ច័ន្ទ ​ជាមួយ​នឹង​​បដា​ដែល​សរសេរ​ថា “​កឹម​ សុខា​ ជា​ជន​ញុះញង់” និង    ​​“កឹម សុខា​ ជា​​មនុស្ស​​អាក្រក់​ដែល​បង្ក​បញ្ហា​មិន​​​ចេះ​​ចប់”។

រូប​ថត​ទាំង​នេះ​​​​​មាន​អម​ដោយ​ញត្តិ​ស្នើ​សុំ​មួយ​ច្បាប់​​ពី​លោក គន់ គីម អគ្គ​មេបញ្ជាការ​រង​​នៃ​កង​យោធពល​ខេមរភូមិន្ទ ​និង​ជា​មនុស្ស​ជំនិត​​របស់​លោក ហ៊ុន សែន ចាប់​តាំង​ពី​ចុង​​​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដែល​បាន​ផ្ដល់​ប្រឹក្សា​ដល់​លោក​ជា​ផ្លូវ​ការ​​ចាប់​ពី​ឆ្នាំ​១៩៩៧​មក ​ដោយ​អំពាវ​នាវ​ឲ្យ​ដក​លោក កឹម សុខា ចេញ​ពី​តំណែង​។ ​

លោក គន់ គីម បាន​សរសេរ​ថា “​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​ទាហាន​​​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​សមរភូមិ​ព្រំដែន​កម្ពុជា​-ថៃ សូម​គោរព​ស្នើ​សុំ​សម្ដេច​ ហេង សំរិន ​ប្រធាន​រដ្ឋសភា​ និង​តំណាង​រាស្ត្រ​ទាំង​អស់​ដក​លោក កឹម សុខា​ ចេញពី​អនុប្រធាន​រដ្ឋសភា​។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​អំពី​សភាព​ការណ៍​​នយោបាយ​របស់​ប្រទេស​ និង​បាន​មើល​ឃើញ​សកម្មភាព​ដ៏​ពិស​ពុល​របស់​លោក កឹម សុខា អនុប្រធាន​រដ្ឋសភា​​ដែល​កំពុង​ធ្វើ​ការ​ឃោសនា​​​បោក​ប្រាស់​​ ញុះញង់​អុច​អាល​​ដែល​ឈាន​​ទៅ​រក​សង្គ្រាម​​​ស៊ីវិល​”។

​​លោក​បាន​បញ្ចប់​​ថា ត្រូវ​តែ​ទម្លាក់​លោក កឹម សុខា ​ចេញពី​តំណែង “​ដើម្បី​​សន្តិសុខ​ជាតិ​ និង​​ដើម្បី​​ឲ្យ​ប្រជាពលរដ្ឋ​​អាច​រស់​នៅ​ដោយ​ភាព​សម្បូរ​សប្បាយ​”។

លោក យឹម ផាន់ណា ​​មេ​បញ្ជាការ​រង​​យោធភូមិភាគ​​៤​​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ដែល​គ្រប​ដណ្ដប់​ខេត្ត​​ជាប់​ព្រំដែន​​​ដូច​ជា​ខេត្ត​​​ឧត្ដរ​មាន​ជ័យ និង​ខេត្ត​ព្រះវិហារ បាន​បញ្ជាក់​ថា ទាហាន​​ត្រូវ​បាន​​កេណ្ឌ​ជា​ផ្នែក​នៃ​ការ​​តវ៉ា​ទូទៅ​មួយ​​ប្រឆាំង​នឹង​លោក​ កឹម សុខា។

លោក​បាន​បន្ថែម​ថា “​ដោយ​មាន​ញត្តិ​ធ្វើ​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ដើម្បី​ទាម​ទារ​​ឲ្យ​សម្ដេច​ ហេង សំរិន ​​ដក​លោក​ កឹម សុខា ចេញ​ពី​តំណែង​​​ចំពោះ​​​ការ​បង្ក​​បញ្ហា កង​ទ័ព​​មាន​នៅ​​ពាស​ពេញ​​​ព្រំដែន​កម្ពុជា-ថៃ។ ពួក​គេ​​ទាម​ទារ​ឲ្យ​​​ដក​គាត់​ចេញពី​តំណែង​ដោយ​សារ​តែ​គាត់​តែង​តែ​ចង់​ធ្វើ​ឲ្យ​ប្រទេស​មាន​សង្គ្រាម​”។

លោក គល់ បញ្ញា ​នាយក​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ (ខុម​ហ្វ្រែល) ​មាន​ប្រសាសន៍​​កាលពី​ម្សិល​​​មិញ​ថា ​យុទ្ធនាការ​បែប​នេះ​​រំលោភ​បំពាន​ទាំង​​​​រដ្ឋធម្មនុញ្ញ និង​ការ​ហាម​ប្រាម​​​​ដាច់​ខាត​​លើ​ការ​បង្ហាញ​​ពី​ការ​​ប្រកាន់​​បក្ខ​ពួក​ក្នុង​ច្បាប់​​គ្រប់​គ្រង​កង​កម្លាំង​ប្រដាប់​អាវុធ។

លោក​លើក​ឡើង​ទៀត​ថា ”​តួនាទី​របស់​យោធា​មាន​សារៈ​សំខាន់​ណាស់​​ក្នុង​ការ​​​​ការ​ពារ​​​​ដំណើរ​ការ​​ប្រជាធិបតេយ្យ​​ដែល​មាន​គណ​​បក្ស​នយោបាយ​ជា​ច្រើន​ប្រកួត​ប្រជែង​គ្នា ដូច្នេះ​យោធា​ត្រូវ​តែ​ឯករាជ្យ​ និង​មិន​ប្រកាន់​បក្ខពួក​ ហើយ​មិន​​ត្រូវ​​បង្ហាញ​​ថា​ខ្លួន​ឯង​ស្នើ​សុំ​ជួស​មុខ​ឲ្យ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​​។ យោធា​គ្មាន​តួនាទី​បន្ទោស​សមាជិក​សភា​ ឬគណ​បក្ស​ប្រឆាំង​​​​នោះ​ទេ។ ប្រសិន​បើ​ពួកគាត់​ [តំណាង​រាស្ត្រ] ត្រូវ​បាន​​បិទ​​សិទ្ធិ​មិន​ឲ្យ​បញ្ចេញ​មតិ ​​នោះ​យើង​គ្មាន​លទ្ធិប្រជា​ធិតេយ្យ​សេរីនិយម​ឡើយ”។

ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បដិសេធ​​ថា​ខ្លួន​​មិន​បាន​រៀបចំ​​បាតុកម្ម​ប្រឆាំង​​​​​លោក កឹម សុខា ដែល​អំឡុង​ពេល​នោះ​តំណាង​​​​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​​​ត្រូវ​គេ​វាយ​ដំ​ក៏ដោយ ក៏​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ដោយ​ចាត់​ទុក​​​ការ​វាយ​ប្រហារ​នេះ​​​ជា​គំរូ​​នៃ​ ”​វិធី​សាស្ត្រ​​ហ្វាស៊ីស​” របស់​លោក ហ៊ុន សែន។

លោក​ សម​ រង្ស៊ី បាន​សរសេរ​ក្នុង​សេចក្ដី​ថ្លែងការណ៍​​ចេញ​ពី​អឺរ៉ុប​ដែល​មាន​ខ្លឹម​សារ​ដូច្នេះ​​ថា “​អំពើ​ហិង្សា​​នៅ​ភ្នំពេញ​​ ព្រឹក​មិញ​នេះ​ គឺ​ជា​ការ​ឆ្លើយ​តប​​ពី​សំណាក់​គណបក្ស​កាន់​​អំណាច​​ទៅ​នឹង​បាតុកម្ម​​ប្រឆាំង​លោក ហ៊ុន សែន កាលពី​រសៀល​​​ [ថ្ងៃ​អាទិត្យ] នៅ​ទីក្រុង​បា៉រីស​ ដែល​ធ្វើ​​ឲ្យ​​បុរស​ខ្លាំង​នៅ​កម្ពុជា​​ មាន​កំហឹង​យ៉ាង​ខ្លាំង​។ លោក ហ៊ុន សែន បាន​​​​ព្រមាន​​ថា បើ​ក្រុម​ប្រឆាំង​​ធ្វើ​បាតុកម្ម​ប្រឆាំង​​លោក​នៅ​ទីក្រុង​ប៉ារីស​ អ្នក​គាំទ្រ​លោក​​​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​​អ្នក​គាំទ្រ​​របស់​លោក​ សម រង្ស៊ី វិញ​នៅ​ប្រទេស​កម្ពុជា​។ ដូច​ថាមែន!”។

លោក​ កឹម សុខា ដែល​​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​ ដើម្បី​សួរ​សុខ​ទុក្ខ​តំណាង​រាស្ត្រ​ដែល​រង​របួស​​ បាន​ថ្កោល​ទោស​​ការ​វាយ​ប្រហារ​នេះ​តាម​រយៈ​សារ​បង្ហោះ​លើ​ហ្វេស​​ប៊ុក ដោយ​គូស​បញ្ជាក់​ថា ក្រុម​បាតុករ​ក៏​បាន​គប់​ដុំថ្ម​ទៅ​លើ​ផ្ទះ​របស់​លោក​អស់​រយៈ​ពេល​​៦​ម៉ោង​​​ផង​ដែរ​នៅ​ពេល​រសៀល​នោះ ខណៈ​​ភរិយា​របស់​លោក​អង្គុយ​ក្នុង​ផ្ទះ ហើយ​នគរ​បាល​​​មិន​​បាន​អើ​ពើ​នឹង​ការ​ទូរស័ព្ទ​សុំ​ជំនួយ​​ទេ​។

លោក​បាន​សរសេរ​ថា ”​នេះ​គឺ​ជា​ភាព​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​​របស់​សមត្ថកិច្ច និង​រាជ​រដ្ឋា​ភិបាល​​ដែល​មាន​តួនាទី​ការ​ពារ​​សុវត្ថិភាព​សាធា​រណៈ​​ដោយ​មិន​រើស​អើង​និន្នាការ​។ ខ្ញុំ​សំណូម​​​ពរ​ឲ្យ​សមត្ថកិច្ច​ស្វែង​រក​ជន​ដៃដល់​ និង​ស៊ើបអង្កេត​រក​ជន​នៅ​ពីក្រោយ​ខ្នង​ និង​​ពាក់​ព័ន្ធ​អំពើ​ហិង្សា​នេះ​មក​ផ្ដន្ទាទោស​ដើម្បី​ចៀស​វាង​​កុំ​ឲ្យ​ប្រជាពលរដ្ឋ​​កាន់​តែ​អស់​ជំនឿ​​​លើ​ប្រព័ន្ធ​យុត្តិធម៌​​ និង​រាជរដ្ឋាភិបាល​”។

បាតុកម្ម​កាលពី​ថ្ងៃ​ច័ន្ទ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​យុវជន​​​គាំទ្រ​គណបក្ស​ប្រជា​​ជន​កម្ពុជា​ ដែល​កាលពី​ដើម​ឆ្នាំ​នេះ​បាន​ស្បថ​ស្មោះ​ស្ម័គ្រ​នឹង​លោក​ ហ៊ុន សែន ​ក្នុង​ពិធី​មួយ​នៅ​មាត់​​ទន្លេ​ (មុខ​​ព្រះ​បរម​រាជ​វាំង) ក្នុង​រាជ​ធានី​ភ្នំពេញ​។ ក្រុម​នេះ​បាន​ច្រាន​ចោល​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​​អំពើ​ហិង្សា​នេះ​​ ដោយ​អះអាង​ថា ​បាតុកម្ម​របស់​ខ្លួន​បាន​បញ្ចប់​​១​ម៉ោង​​​​មុន​​​ផ្ទុះ​អំពើ​ហិង្សា​​នេះ​។

អង្គការ​​មិន​មែន​​រដ្ឋាភិបាល​​ក្នុង​ស្រុក​មួយ​ក្រុម ​រួម​មាន​​ទាំង​អង្គការ​សិទ្ធិ​មនុស្ស​​អាដ​ហុក និង​​​​អង្គការ​លីកាដូ ដែល​តែង​តែ​បញ្ជូន​បុគ្គលិក​​​​របស់​ខ្លួន​​​ទៅ​កាន់​កន្លែង​បាតុកម្ម​នានា​រួម​​ទាំង​នៅ​រដ្ឋសភា​កាលពី​ថ្ងៃ​ច័ន្ទ​​ផង​នោះ បាន​​ចេញ​សេចក្ដី​ថ្លែងការណ៍​​រួម​មួយ​ដោយ​គូស​បញ្ជាក់​ថា ​​មនុស្ស​ជា​ច្រើន​ក្នុង​ចំណោម​អ្នក​​​ដែល​ចូល​​​​​​រួម​​បាតុកម្ម​គឺ​ជា​នគរ​បាល​ និង​មន្ត្រី​ស្លៀក​ពាក់​ស៊ីវិល។សេចក្ដី​ថ្លែងការណ៍​នេះ​​មាន​ខ្លឹមសារ​បន្ត​ថា ​”​​បណ្ដា​អ្នក​សង្កេត​ការណ៍​បាន​​​កំណត់​​អត្ត​សញ្ញាណ​​នគរ​បាល​​​ស្លៀក​ពាក់​ស៊ីវិល​​មួយ​ចំនួន​ដែល​គេ​ស្គាល់​ថា​ជា​សន្តិសុខ​​​ និង​មន្ត្រី​នគរ​​បាល​​នៅ​ក្នុង​​​​​ក្រុម​​មនុស្ស​ដែល​រួម​ទាំង​សមាជិក​​យុវជន​​ និង​មន្ត្រី​សាធារណៈ​របស់​​គណបក្ស​ប្រជាជន​កម្ពុជា ផង​ដែរ​”។ ​​​​​​

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “អ្នក​​​អង្កេតការណ៍​​​​កំណត់ថា ​​​​​​នគរ​​​បាល​​​ប៉ារ៉ា​​​ស្លៀក​​​ពាក់​​​ស៊ីវិល​​​ ដែល​​​ក៏​​​ហៅ​​​ថា ​​​ជា​កង​​​សន្តិសុខដែរនោះ​​​​ និង​​​មន្ត្រី​​​នគ​​​របាល​​​មួយ​​​ចំនួន​​​ស្ថិត​​​​ក្នុង​​​ចំណោម​​​ក្រុម​​​មនុស្ស​​​ទាំង​​​​​​នោះ​​​ ដែល​​​ក៏​​​រួម​​​មាន​​​ទាំង​​​សមាជិក​​​យុវជន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​មន្ត្រី​​​សាធា​​​រណៈ​​​ផង​​​ដែរ​​​​​​”។​

សេចក្តី​​​ថ្លៃង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សា​​​រ​​​បន្ត​​​ថា “ក្នុងរយៈពេ​ល​​​​ពីរ​​​បី​​​ឆ្នាំ​​​ចុងក្រោយ​នេះ​​​​យើង​​​បាន​​​ឃើញ​​​ការ​​​តវ៉ា​​​អហិង្សា​​​រាប់​​​មិន​​​អស់​​​ត្រូវ​​​បាន​​​បំបែក​​​​នៅ​ក្នុង​​​រាជធានី​ដោយ​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ពីសំណាក់​កង​​​សន្តិសុខ​​​រដ្ឋា​​​ភិ​​​បាល​​​​​​ ដែល​​​ត្រូវ​​​បាន​​​ដាក់​​​ពង្រាយ​​​មិន​​​សម​​​ហេតុ​ផល​​​​ និង​​​ដែល​​​មិន​​​ឃើញ​​​វត្ត​​​មាន​​​ឡើយ​​​ពេល​​​តំណាង​​​រាស្ត្រ​​​ពីរ​​​រូប​​​ត្រូវ​​​បាន​​​វាយ​​​ដំ​​​កាល​​​​​​ពី​​​ម្សិលមិញ”។

លោក ខៀវ សុភ័គ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា នគ​​​របាល​​​គ្មាន​​​ចេតនា​​បណ្តោយ​​​ឲ្យ​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​គេ​​​វាយ​​​ដំ​​​នៅ​​​ខ្លោង​​​​​​​ទ្វារ​​​មុខ​​​រដ្ឋ​​​សភា​​​ឡើយ​​​ ដោយ​​​និយាយ​​​​ថា ​​​ហេតុ ការណ៍​​​េនះ​​​បង្ក​​​បញ្ហា​​​ដល់​​​អាជ្ញាធរ​​​ទៅ​​​វិញ​​​ទេ​​​។

នាយ​ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ មាន​​​ប្រសាសន៍ ​​​​​​ថា “អាជ្ញាធរ​​​មិន​​​ឆ្កួត​​​អ៊ីចឹង​​​ទេ​​​។ វា​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​លំបាក​​​ដល់​​​អាជ្ញាធរ​​​ ពេល​​​តំណាង​​​រាស្ត្រ​​​ទាំង​​​នេះ​​​​​​រង​​​ការ​​​វាយ​​​ដំ​​​ និង​​​រង​​​របួស​​​ ហើយ​​​វា​​​ធ្វើ​​​ឲ្យ​​​អាជ្ញាធរ​​​របស់​​​យើង​​​ព្រួយ​​​បារម្ភ​​​ទៅ​​​វិញ​​​ទេ។ អាជ្ញាធរ​​​សប្បាយ​​​ចិត្ត​​​ ពេល​​​លោក ​​​កឹម ​​​សុខា មាន​​​សុវត្ថិភាព​​​”។

នាយ​ឧត្តម​​​សេនីយ៍​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​​ថា គេបាន​បង្កើត​គណៈកម្មការ​​​មួយ​​​​ដើម្បី​​​សើុប​​​អង្កេត​​​ករណី​​​​វាយ​​​ដំ​​​លើ​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ព្រឹក​​​មិញ​​​នេះ ​​​[លោក ​​​ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ]​​​ បាន​​​សម្រេច ​​​បង្កើត​​​គណៈកម្មការ​​​មួយ​​​ដើម្បី​​​សើុ​​​ប​​​អង្កេត​​​ក្នុង​​​គោល​​​បំណង​​​តាម​​​ចាប់ខ្លួន​​​​​​អ្នក​​​ប្រព្រឹត្ត​​​ដើម្បី​​​បញ្ជូន​​​ទៅ​​​ឲ្យ​​​តុលាការ​​​ដាក់​​​ទោស​​​ទណ្ឌ​​​”។​​​

លោក​​​​​​បន្ថែម​​​ថា “គណៈកម្មការ​​​នេះ​​​នឹង​​​ដឹក​​​នាំ​​​ដោយ​​​ឯកឧត្តម​​​ ឧត្តម​​​សេនីយ៍ ​​​ឯម សំអាន រដ្ឋលេខា​​​ធិការ​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​មន្ត្រី​​​ជំនាញ​​​ ប្រាំពីរ​​​រូបផ្សេង​​​ទៀត​​​។ អ្នក​​​ទាំង​​​អស់​​​សុទ្ធ​​​តែ​​​ជា​នគរ​​​បាល ដែល​​​​រួម​​​មាន​​​ដូច​​​ជា​​​ស្នង​​​ការ​​​រង​​​នគ​​​របាល​​​រាជ​​​ធានី​​​មួយ​​​រូប​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​​​​និង​​​​​​អគ្គ​​​ស្នង​​​ការ​​​រង​​​នគរ​​​បាល​ជាតិ​​​មួយ​​​រូប​​​”។

ប៉ុន្តែ អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​មិន​​​សូវ​​​ជា​​​ជឿ​​​ជាក់​​​លើ​​​គណៈកម្មការ​​​នេះ​​​ក្នុង​​​ការ​​​តាម​​​រក​​​អ្នក​​បង្ក​​​ការ​​​វាយ​​​ដំ​​​នោះឡើយ​​​ ដោយ​​​គូស​​​បញ្ជាក់​​​ថា ការ​​​វាយ​​​ដំ​​​កាល​​​ពីថ្ងៃ​​​ច័ន្ទ លើ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​យក​​​គំរូ​​​​​​តាម​​​ការ​​​បញ្ចេញ​​​ប្រតិកម្ម​​​របស់​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​លើ​ក្រុមប្រឆាំង​។

អង្គការ​​​នេះ​​​បាន​​​សរសេរ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​​របស់ខ្លួន​ថា “​​​គំរូ​​​ដដែលៗ​អំឡុង​​​ការ​​​ដាក់​​​ពង្រាយ​​​​​​កង​​​កម្លាំង​​​ប្រតិកម្ម​​​ គឺ​​​ដាក់​​​ឲ្យ​​​មាន​​​ការ​​​​​​​​​​ប្រើ​អំពើ​​​ហិង្សា​​​ ខណៈ​​​អ្នក​​​ផ្សេង​​​ៗ​​​ទៀត​​​ដាក់​​​ឲ្យ​​​ប្រើ​​​ពាក្យ​​​រំលោភ​​​បំពាន​​​ និង​​​​​​ធ្វើ​​​ការ​​​គំរាម​​​កំហែង​​​”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះមាន​​​ខ្លឹម​​​សារ​​​បន្ថែម​​​ដូច្នេះ​​​ថា “ផ្នែក​​​ផ្សេង​​​មួយ​​​ទៀត​​​នៃ​​​រូប​​​មន្ត​​​កង​​​កម្លាំង​​​ប្រតិកម្ម​​​ដែល​​​កត់ត្រា​​​ទុក​ម្តង​​​ទៀត​​​ដោយ​​​អង្គការ​​​សហប្រជាជាតិ និង​​​បណ្តា​​​អង្គការ​​​ផ្សេង​​​ៗ​​​នោះ​​​ គឺ​​​សម្រាប់​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ធ្វើ​​​ពុត​​​ជា​​​សើុប​​​អង្កេត​​​លើ​​​ការប្រើ​​​អំពើ​​​ហិង្សា​​​របស់​​​កង​​​កម្លាំង​​​ប្រតិកម្ម​​​ ប៉ុន្តែ គ្រាន់​​​តែ​​​ដើម្បី​​​បិទ​​​បា​​ំង​​​ការ​​​ជាប់ពាក់​​​ព័ន្ធ​​​របស់​​​ខ្លួន​​​ប៉ុណ្ណោះ​​​។ ការ​​​ប្រើ​​​ប្រាស់​​​ក្រុម​​​មនុស្ស​​​ទៅ​​​វាយ​​​ប្រហារ​​​លើ​​​សមា​​​ជិក​​សភា​​​មក​​​ពី​​​​គណបក្ស​​​ប្រឆាំង​​​​​​​​​បញ្ជូន​​​​សញ្ញា​​​បំភ័យ​ដល់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ថា រលកថ្មី​នៃ​អំពើ​​​ហិង្សា​​​ផ្នែក​​​នយោបាយ​​​អាច​​​កើត​​​​ឡើង​​​គ្រប់​​​ពេល​​​ និង​​​គ្រប់​​​ទី​​​កន្លែង​​​ទាំង​​​អស់​​​៕​​​ សុខុម និង ស៊ុយឈាង​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស