30 C
Phnom Penh

លោក​ កឹម សុខា ត្រូវ​ដក​ចេញពី​តំណែង​អនុប្រធាន​​​រដ្ឋសភា​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​​បាន​ដក​​​អនុប្រធាន​​គណបក្ស​ប្រឆាំង​គឺ​លោក កឹម សុខា ​ចេញ​ពី​​តំណែង​អនុប្រធាន​ទី១​រដ្ឋសភា​​កាល​ពី​ថ្ងៃ​សុក្រ​​ នៅ​ក្នុង​​ការ​បោះ​ឆ្នោត​​​ធ្វើ​ពហិការ​មិន​ចូល​រួម​​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​រួម​ជាមួយ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​​បាន​​ហៅ​ការ​ទម្លាក់​ចេញពី​តំណែង​នេះ​​ថា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​។

ការ​ប្រជុំ​​នៅ​ព្រឹក​ថ្ងៃ​សុក្រ​​បាន​ធ្វើ​ឡើង​​បួន​ថ្ងៃ​​ បន្ទាប់ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​​ពីរ​រូប​​ត្រូវ​បាន​គេ​វាយ​ដំ​យ៉ាង​​ដំណំ​នៅ​ខាង​ក្រៅ​អគារ​រដ្ឋសភា​​ក្នុង​ពេល​មាន​ការ​តវ៉ា​​​ក្រុម​យុវជន​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ទាម​ទារ​​ឲ្យ​លោក កឹម សុខា ចុះ​ចេញ​ពី​តំណែង។

អ្នកកាសែតប្រមូលផ្ដុំគ្នានៅជុំវិញទូរទស្សន៍នៅក្នុងបន្ទប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋសភា ក្នុង ពេលដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបោះឆ្នោតដកអនុប្រធានគណបក្សប្រឆាំងគឺលោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១រដ្ឋសភាកាលពីព្រឹកថ្ងៃសុក្រ។ រូបថត: Reuters
អ្នកកាសែតប្រមូលផ្ដុំគ្នានៅជុំវិញទូរទស្សន៍នៅក្នុងបន្ទប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋសភា ក្នុង ពេលដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបោះឆ្នោតដកអនុប្រធានគណបក្សប្រឆាំងគឺលោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១រដ្ឋសភាកាលពីព្រឹកថ្ងៃសុក្រ។ រូបថត: Reuters

មុន​នឹង​បោះ​ឆ្នោត​​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​​​បាន​​ណែនាំ​សមាជិក​សភា​អំពី​របៀប​បោះ​ឆ្នោត​។ លោក​បាន​មាន​ប្រសាសន៍​ថា “សូម​បោះ​​យល់​ព្រម​ មិន​មែន​មិន​យល់​ព្រម​ទេ​ ពីព្រោះ​ជួន​កាល​អ្នក​ដែល​បោះ​ភាន់​ច្រឡំ​ ហើយ​គិត​ថា​ពាក្យ​​មិន​យល់​​ព្រម​សំដៅ​លើ​ការ​ដក​”។ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​៦៨​រូប​បាន​បោះ​ឆ្នោត​ទម្លាក់​​លោក កឹម សុខា ចេញពី​តំណែង​ជា​ផ្លូវ​ការ​។

លោក សំរិន បាន​ប្រកាស​នៅ​ម៉ោង​​ប្រហែល​៩ព្រឹក​ថា “​ស្រប​តាម​សន្លឹក​ឆ្នោត​​​បោះ​​​ដក​ឯកឧត្ដម​ កឹម សុខា ចេញពី​​តំណែង​អនុប្រធាន​ទី១​រដ្ឋសភា​ ខ្ញុំ​សូម​ប្រកាស​យ៉ាង​ឱឡារិក​ថា ឯកឧត្ដម​ កឹម សុខា ​ត្រូវ​ដក​ចេញពី​មុខ​តំណែង​ជា​អនុប្រធាន​ទី១​រដ្ឋសភា​​ដោយ​ជោគជ័យ​”។

ការ​ដក​លោក កឹម សុខា ចេញពី​តំណែង​​​គឺ​ជា​​ការ​វាយ​​ប្រហារ​ផ្នែក​នយោបាយ​ថ្មី​បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង​​ចាប់​តាំង​ពីមាន​ភាព​ល្អូកល្អិន​នឹង​គ្នា​ក្នុង​ពាក់​កណ្ដាល​ឆ្នាំ​២០១៤ ដែល​បាន​បញ្ចប់​ពហិការ​​មិន​ចូល​សភា​​រយៈ​ពេល​១ឆ្នាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

កាលពី​ខែ​សីហា សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​​​លោក ហុង សុខហួរ ​ត្រូវ​បាន​នគរ​បាល​ចាប់​ខ្លួន​​ ហើយ​ចោទ​ពីបទ​ក្លែង​បន្លំ​ឯកសារ​​ និង​ញុះញង់​​ដោយសារ​តែ​បង្ហោះ​វីដេអូ​​ ក្នុង​នោះ​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​​បាន​ធ្វើ​បទបង្ហាញ​កិច្ច​ព្រមព្រៀង​ក្លែង​ក្លាយ​​​ដែល​​និយាយ​អំពី​ការ​រម្លាយ​​ព្រំដែន​រួម​​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៧៩​ រវាង​កម្ពុជា​និង​វៀតណាម​​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមប្រជុំសភាកាលពីថ្ងៃសុក្រ។ រូបថត: Reuters
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមប្រជុំសភាកាលពីថ្ងៃសុក្រ។ រូបថត: Reuters

កាលពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​​ថា ​លោក​នឹង​ប្រឈម​ការ​​ផ្ដន្ទាទោស​​​ក្នុង​ករណី​ដូច​គ្នា​នោះ ហើយ​ថា​ប្រសិន​បើ​កាត់​ឲ្យ​ជាប់​ទោស ​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​នឹង​មិន​ទទួល​បាន​​ការ​លើក​លែង​ទោស​ទេ​។

បន្ទាប់​មក នៅ​ថ្ងៃ​ច័ន្ទ​ក្នុង​ពេល​មាន​ការ​តវ៉ា​​ប្រឆាំង​នឹង​លោក សុខា នៅ​ខាង​ក្រៅ​រដ្ឋសភា​​នោះ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​ គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ​ត្រូវ​បាន​គេ​ទាញ​ទម្លាក់​ពី​​រថយន្ត​ Suv របស់​ខ្លួន​ ហើយ​​​ត្រូវ​គេ​ធាក់​ច្រំ​​ទាត់​ចំមុខ​។

ក្រុម​សង្គម​ស៊ីវិល​​បាន​ដាក់ការ​បន្ទោស​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ចំពោះ​អំពើ​ហិង្សា​នេះ​។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​​​ប្រឆាំង​លោក សុខា នៅ​​ក្នុង​សុន្ទរកថា​មួយ​​​​នៅ​រាត្រី​​មុន​នោះ​ ប៉ុន្តែ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​​កាលពី​យប់​ថ្ងៃពុធ លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្កោល​ទោស​អំពើ​ហិង្សា​នោះ​។

ក្នុង​ការ​ប្រជុំ​សភា​កាលពី​ថ្ងៃ​សុក្រ ​តំណាង​រាស្ត្រ​រំពឹង​ថា​ពិភាក្សា និង​អនុម័ត​​ការ​កែប្រែ​​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ និង​ច្បាប់​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ថ្មី។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ​មុន​នឹង​​ប្រជុំ​ពេញអង្គ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​​ដែល​គ្រប់​គ្រង​លើស​លប់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​ជួប​ប្រជុំ​​ ហើយ​ដាក់​របៀប​វារៈ​​ដក​តំណែង​លោក សុខា ដោយ​គណបក្ស​សង្គ្រោះ​​ជាតិ​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​។

ថ្លែង​បន្ទាប់ពី​ការ​បោះ​ឆ្នោត​ ​លោក ជាម យៀប តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា រដ្ឋសភា​មាន​កាតព្វកិច្ច​ពិចារណា​លើ​​​មុខ​តំណែង​​របស់​លោក សុខា ​ពីព្រោះ​មាន​តំណាង​រាស្ត្រ​​គណបក្ស​ប្រជាជន​កម្ពុជា​៦៣​រូប​​ដែល​ធ្វើ​តាម​ការ​ទាម​ទារ​របស់​មណ្ឌល​ខ្លួន​ បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​​ទាមទារ​ឲ្យ​ដក​លោក សុខា។

លោក ជាម យៀប បាន​ចោទ​លោក​ សុខា ថា​​ប្រឹង​ប្រែង​​ធ្វើ​ឲ្យ​ខូច​​ភាព​​ល្អូកល្អិន​​ផ្នែក​នយោបាយ​​ដែល​បាន​​ព្រមព្រៀង​គ្នា​​កាលពី​ឆ្នាំ​មុន។

លោក​​ ជាម យៀប បាន​មាន​ប្រសាសន៍​ថា “​​ឯក​ឧត្ដម​ កឹម សុខា តែង​តែ​ចង់​ធ្វើ​ឲ្យ​ខូច​កិច្ច​ព្រមព្រៀង​​។ ​ពេល​គាត់​ទៅ​ទីណា គាត់​បង្កើត​ភាព​ចលាចល​​ដែល​ប៉ះពាល់​ដល់​សន្តិភាព​ ហើយ​ត្រូវ​​ហាម​ឃាត់​​ដោយ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​។

តំណាង​រាស្ត្រ​​គណបក្ស​ប្រជាជន​​កម្ពុជា​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា “​គាត់​តែង​តែ​និយាយ​អ្វី​ដែល​បង្ក​ជម្លោះ​រវាង​គណបក្ស​ទាំង​ពីរ​។ យើង​មាន​ឯកសារ​បង្ហាញ​ថា ​ពេលដែល​​ឯក​ឧត្ដម​ កឹម សុខា ទៅ​កន្លែង​ណា ​​គាត់​​មួល​បង្កាច់​មេដឹកនាំ​​គណបក្ស​ប្រជាជន​កម្ពុជា​”។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ចំពោះ​ការ​បោះ​ឆ្នោត​កាលពីព្រឹក​ថ្ងៃ​សុក្រ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​​ដែល​ចេញ​​​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ការ​បោះ​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា ​វិធាន​ការ​​បែប​នេះ​មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់​ធ្ងរ​ រួម​មាន​​ការ​រំលោភ​លើ​​រដ្ឋធម្មនុញ្ញ​​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះ​រដ្ឋធម្មនុញ្ញ​​មិន​មាន​ចែង​ស្ដីពី​ការ​អនុម័ត​ញត្តិ​បន្ទោស​ ឬ​ដក​តួនាទី​​ ឬ​តំណែង​របស់​ប្រធាន​ ឬ​អនុប្រធាន​រដ្ឋសភា​ទេ។

​​រដ្ឋធម្មនុញ្ញ​​គ្រាន់​តែ​ចែង​អំពី​មាត្រា​សម្រាប់​ការ​ដាក់​​ជំនួស​ប្រធាន​ ឬ​អនុប្រធាន​រដ្ឋសភា​​ដោយ​មាន​សន្លឹក​ឆ្នោត​​ភាគ​ច្រើន​លើសលប់​នៃ​រដ្ឋសភា​ ក្នុង​ករណី​​ដែល​មាន​ការ​​លាលែង​ពី​តំណែង ឬ​មរណភាព​។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា ​ការ​បោះ​ឆ្នោត​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ក៏​រំលោភ​លើ​កិច្ច​ព្រមព្រៀង​​នយោបាយ​​​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ខែ​កក្កដា​ឆ្នាំ​មុន ​ដែល​​​រួម​មាន​ការ​ធានា​នូវ​មុខ​តំណែង​សំខាន់ៗ​ជាច្រើន​សម្រាប់​គណបក្ស​ប្រឆាំង​​ រួម​ទាំង​​តំណែង​អនុប្រធាន​ទី១​រដ្ឋសភា​ផង​ដែរ។

លោក សុខ សំអឿន មេធាវី​ដ៏​លេចធ្លោ និង​ជា​អ្នក​ការ​ពារ​សិទ្ធិ​ផ្លូវ​ច្បាប់​បាន​​យល់​ស្រប​ជាមួយ​គណបក្ស​ប្រឆាំង​​​​ដែល​ថា ការ​ដក​តំណែង​របស់​លោក កឹម សុខា ទំនង​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​។

លោក​​​បាន​មាន​ប្រសាសន៍​ថា “​ប្រសិន​បើ​យើង​ក្រឡេក​មើល​រដ្ឋធម្មនុញ្ញ​ ខ្ញុំ​មិន​ឃើញ​ថា មាន​មាត្រា​ណាមួយ​ទាក់​ទង​នឹង​ការ​ដក​​អនុប្រធាន​រដ្ឋសភា​នោះ​ទេ។ វា​​ត្រូវ​​​ស្រប​គ្នា​នឹង​រដ្ឋធម្មនុញ្ញ​។ តើ​អ្នក​គិត​យ៉ាង​ដូច​ម្ដេច​​ប្រសិន​បើ​​វា​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​? គឺ​វា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​​ មែន​ឬ​​?។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ ខុមហ្វ្រែល ​​បាន​​មាន​ប្រសាសន៍​ថា ​មិន​មាន​វិធាន​ ឬ​ក៏​ច្បាប់​ណា​​​ក្នុង​ការ​ថ្លឹង​ថ្លែង​វិធានការ​​របស់​គណបក្ស​ប្រជាជន​​​ ដើម្បី​បង្ខំ​ឲ្យ​លោក សុខា ចេញ​ពី​តំណែង​ទេ​។

លោក​ បញ្ញា បាននិយាយ​ថា “​វា​មិន​​ស្រប​ច្បាប់​ទេ។ មិន​ស្រប​ច្បាប់​មាន​ន័យ​ថា គ្មានច្បាប់​ គ្មាន​នីតិវិធី គ្មាន​អ្វី​ទាំង​អស់​។ ក្នុងសង្គម​នីតិរដ្ឋ​ត្រូវ​តែ​មាន​ច្បាប់​ ប៉ុន្តែ​នៅ​កម្ពុជា​គ្មាន​ច្បាប់​…..​ នៅ​ប្រទេស​ខ្លះ​​គេ​និយាយ​ថា ​បើ​គ្មាន​ច្បាប់​គឺ​វា​ខុស​ច្បាប់​។ ប៉ុន្តែ​នៅ​កម្ពុជា​​បើ​គ្មាន​ច្បាប់​គេ​នៅ​តែ​អនុវត្ត​ទៅ​កើត​”។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​គណបក្ស​ប្រជាជន​​កម្ពុជា​បាន​ព្រលយ​ថា តំណែង​អនុប្រធាន​ទី១​​នឹង​​​មាន​បញ្ហា​​ ហើយ​បាន​និយាយ​ថា លោក​អនុប្រធាន​​ទី១​រដ្ឋសភា​អាច​បោះ​ឆ្នោត​ដក​ចេញ​ដោយ​ស្រប​ច្បាប់​ដោយ​សមាជិក​​រដ្ឋសភា​គណបក្ស​​កាន់​អំណាច​ ពីព្រោះ​​​ពួកគេ​បាន​​បោះ​ឆ្នោត​​ឲ្យ​គាត់​កាន់​តំណែង​នេះ​។

ប៉ុន្តែ​លោក បញ្ញា បាន​ច្រាន​ចោល​ទឡ្ហីករណ៍​នេះ​​​ដោយ​និយាយថា​ គណបក្ស​កាន់​អំណាច​ទំនង​​បង្កើត​​ច្បាប់​ខ្លួន​ឯង​​។ លោក​ បញ្ញា បាន​និយាយ​ថា ការ​ដក​លោក សុខា ចេញពី​តំណែង​​បាន​បើក​ផ្លូវ​​ឲ្យ​គណបក្ស​កាន់​អំណាច​​ផ្លាស់​ប្ដូរ​រូប​លោក​ជាមួយ​នឹង​សមាជិក​ផ្ទាល់​​របស់​ខ្លួន​ណាមួយ​ ដោយ​សារ​តែ​មុខ​តំណែង​នេះ​​មិន​មាន​ការ​សន្យា​​ផ្ដល់​ឲ្យ​គណបក្ស​ណាមួយ​ដោយ​ច្បាប់​ទេ​ ឬ​ដាក់​សម្ពាធ​​​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ជ្រើស​តាំង​​​​អ្នក​ដទៃ​ដែល​ងាយ​បញ្ចុះ​បញ្ចូល​បាន​។

លោក​​ បញ្ញា បាន​និយាយ​សំដៅ​ទៅ​លើ​អតីត​ដៃគូ​រដ្ឋាភិបាល​ចម្រុះ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​មាន​តួនាទី​​​​បាន​ធ្លាក់​ចុះ​បន្តិចម្ដងៗ​​រហូត​ស្ទើរ​​តែ​គ្មាន​​តួនាទី​អ្វី​សោះ​ថា នេះ​ជា​វិធីដែល​គេ​លេង​ជាមួយ​ហ្វុ៊នស៊ិនប៉ិច។ គេ​និយាយ​ថា ‘ខ្ញុំ​ត្រូវ​ការ​ម្នាក់​នោះ’។ លោក បញ្ញា បាន​និយាយ​ថា ដោយ​មាន​សមាជិក​​សភា​ភាគ​ច្រើន​លើសលប់​ “​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ជា​គណបក្ស​​ដែល​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​”។

ចាក​ចេញពី​ការ​ប្រជុំ​សភា​កាលពី​រសៀល​ថ្ងៃ​សុក្រ ដើម្បី​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​​លោក ឈាង វុន ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​​ដោយ​ទទូច​ថា​ ការ​បោះ​ឆ្នោត​គឺ​ស្រប​ច្បាប់​ទាំង​ស្រុង​។ ​

លោក ឈាង វុន ​ដែល​ក៏​​ជា​អ្នកនាំពាក្យ​រដ្ឋសភា​បាន​មាន​ប្រសាសន៍​ថា “​​រដ្ឋសភា​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ស្រប​ទៅ​តាម​ច្បាប់​។ ក្នុង​សភា​ មាន​ច្បាប់​សំខាន់​បី​ដែល​យើង​ប្រើ​។ ទី១​មាន​រដ្ឋធម្មនុញ្ញ។ ទី២​​មាន​បទ​បញ្ជា​ផ្ទៃក្នុង។ ទី៣​មាន​​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាង​រាស្ត្រ​”។

ដោយ​​ដក​លោក សុខា ​ចេញពី​តំណែង​ លោក វុន បាន​មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច​​នឹងផ្ដល់​ឱកាស​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​​​ស្នើ​បេក្ខជន​តំណាង​រាស្ត្រ​ម្នាក់​ទៀត​​សម្រាប់​តំណែង​អនុប្រធាន​ទី១ ដោយ​សារ​តែ​តំណែង​នេះ​​​​បាន​សន្យា​ផ្ដល់​ឲ្យ​គណបក្ស​ប្រឆាំង​​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​កាលពី​ឆ្នាំមុន​។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអា៊ង បាន​មាន​ប្រសាសន៍​ថា ​គណបក្ស​ប្រឆាំង​​នឹង​មិន​ស្នើ​បេក្ខជន​ដទៃ​ទៀត​ទេ​ ដោយ​រង់ចាំ​គណបក្ស​ទាំង​ពីរ​​មាន​ឱកាស​​ជួប​ពិភាក្សា​គ្នា​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​​កាលពី​ម្សិលមិញ​ជាមុន​សិន។ លោក ឆៃអ៊ាង បាន​​មាន​ប្រសាសន៍​ថា ​”​ឥឡូវ​គេ​ដក​តំណែង​គាត់​ស្រេច​​តែ​ចិត្ត អ៊ីចឹង​យើង​មិន​អាច​​បន្ត​លេង​ល្បែង​នយោបាយ​បាយឡុកបាយឡ​បាន​ទេ​”។

លោក​ ឆៃអា៊ង បាន​មាន​ប្រសាសន៍​ថា លោក សុខា ដែល​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ គឺ​ស្ថិត​នៅ​ប្រទេស​ថៃ​នៅឡើយ​ ដែល​នៅទីនោះ​​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​​ដែល​ត្រូវ​គេ​វាយ​ដំ​កាលពី​ថ្ងៃ​ច័ន្ទ​កំពុង​ទទួល​ការ​ព្យាបាល​។

ក្នុង​សារ​ខ្លី​មួយ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​​កាលពី​​ល្ងាច​ម្សិលមិញ លោក សុខា បានមាន​ប្រសាសន៍​ថា ​លោក​​និង​លោក រង្ស៊ី ​បាន​សម្រេច​​ថា​​គណបក្ស​នឹង​មិន​ស្នើ​​បេក្ខជន​ថ្មី​ណា​ម្នាក់​​សម្រាប់​តំណែង​អនុប្រធាន​ទី១​ទេ​ ពីព្រោះ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​សុក្រ​”ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ និង​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នយោបាយ​​រវាង​គណបក្ស​ទាំងពីរ​​​”៕រើន​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​(រាយការណ៍​បន្ថែម​ដោយ Zsombor Peter)

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស